លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៩

ប្អូនប្រុសៗវ័យក្មេង តើប្អូនអាចធ្វើអ្វីដើម្បីឲ្យអ្នកឯទៀតទុកចិត្តប្អូន?

ប្អូនប្រុសៗវ័យក្មេង តើប្អូនអាចធ្វើអ្វីដើម្បីឲ្យអ្នកឯទៀតទុកចិត្តប្អូន?

​«​ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម​»។—ទំនុក. ១១០:៣

ចម្រៀង​លេខ​៣៩ សាង​ឈ្មោះ​ល្អ​ចំពោះ​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​ប្អូន​ប្រុស​វ័យ​ក្មេង​ជា​មនុស្ស​បែប​ណា?

ប្អូន​ប្រុស​វ័យ​ក្មេង​ទាំង​ឡាយ មាន​អ្វី​ជា​ច្រើន​ដែល​ប្អូន​អាច​ធ្វើ​ចំពោះ​ក្រុម​ជំនុំ។ ប្អូន​ៗ​ភាគ​ច្រើន​រឹង​មាំ​និង​ពេញ​កម្លាំង។ (​សុភ. ២០:២៩​) ប្អូន​ប្រហែល​ជា​រំភើប​ចិត្ត​ចង់​ទទួល​ឯកសិទ្ធិ​ដោយ​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ ប៉ុន្តែ​ប្អូន​ប្រហែល​ជា​មាន​អារម្មណ៍​ថា អ្នក​ឯ​ទៀត​មើល​មក​ប្អូន​ថា​ក្មេង​ពេក ឬ​មិន​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់​ដើម្បី​បំពេញ​កិច្ច​ការ​សំខាន់​ៗ​បាន​ទេ។ ទោះ​ជា​ប្អូន​នៅ​វ័យ​ក្មេង​ក្ដី មាន​អ្វី​មួយ​ចំនួន​ដែល​ប្អូន​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​ដើម្បី​ធ្វើ​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​គោរព​និង​ទុក​ចិត្ត​ប្អូន។

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ជីវិត​របស់​ស្ដេច​ដាវីឌ។ យើង​ក៏​នឹង​គិត​អំពី​រឿង​រ៉ាវ​ខ្លះ​ៗ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ស្ដេច​អេសា​និង​ស្ដេច​យេហូសាផាត​នៃ​ស្រុក​យូដា។ ម្យ៉ាង​ទៀត យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​ដែល​បុរស​ទាំង​បី​នាក់​នេះ​បាន​ជួប​ប្រទះ​និង​អំពី​ប្រតិកម្ម​របស់​ពួក​គេ ព្រម​ទាំង​អ្វី​ដែល​ប្អូន​ប្រុស​ៗ​វ័យ​ក្មេង​អាច​រៀន​ពី​គំរូ​របស់​ពួក​គេ។

ចូរ​រៀន​ពី​ស្ដេច​ដាវីឌ

៣. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​ជួយ​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ​តាម​របៀប​ណា?

ពេល​ដាវីឌ​នៅ​វ័យ​ក្មេង គាត់​បាន​បង្កើន​សមត្ថភាព​ផ្សេង​ៗ​របស់​ខ្លួន​គាត់ ហើយ​អ្នក​ឯ​ទៀត​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​ទាំង​នោះ​ផង​ដែរ។ គាត់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ គាត់​ក៏​ខំ​រៀន​លេង​ភ្លេង​ឲ្យ​បាន​ពូកែ ហើយ​គាត់​បាន​ប្រើ​ទេព​កោសល្យ​នោះ​ដើម្បី​ជួយ​ស្ដេច​សុល​ដែល​ព្រះ​បាន​តែង​តាំង។ (​១សាំ. ១៦:១៦, ២៣​) តើ​ប្អូន​ៗ​មាន​សមត្ថភាព​ណា​មួយ​ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? យើង​ឃើញ​ថា​ប្អូន​ប្រុស​ៗ​ជា​ច្រើន​នាក់​មាន។ ជា​ឧទាហរណ៍ ប្អូន​ៗ​ប្រហែល​ជា​ឃើញ​ថា​បង​ប្អូន​វ័យ​ចាស់​ខ្លះ​សប្បាយ​ចិត្ត ពេល​មាន​អ្នក​ឯ​ទៀត​បង្រៀន​ពួក​គេ​អំពី​របៀប​ប្រើ​គ្រឿង​អេឡិចត្រូនិក​របស់​ខ្លួន​ឲ្យ​បាន​ស្ទាត់ ដើម្បីពួក​គេ​អាច​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​រៀបចំ​កិច្ច​ប្រជុំ។ ចំណេះ​ដឹង​បែប​នេះ​របស់​ប្អូន​ៗ​អំពី​គ្រឿង​អេឡិចត្រូនិក អាច​ផ្ដល់​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​បង​ប្អូន​វ័យ​ចាស់។

ដាវីឌ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និង​ចេះ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ថែ​រក្សា​ហ្វូង​ចៀម​របស់​ឪពុក​គាត់ ហើយ​គាត់​ថែម​ទាំង​ការ​ពារ​ចៀម​ពី​ការ​វាយ​ប្រហារ​របស់​សត្វ​ខ្លា​ឃ្មុំ​ទៀត​ផង (​សូម​មើល​វគ្គ​៤​)

៤. ដូច​ដាវីឌ តើ​ប្អូន​ប្រុស​វ័យ​ក្មេង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ដាវីឌ គាត់​បង្ហាញ​ថា​គាត់​ចេះ​ទទួល​ខុស​ត្រូវ​និង​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ ជា​ឧទាហរណ៍ ពេល​នៅ​ក្មេង គាត់​បាន​មើល​ថែ​ចៀម​របស់​ឪពុក​គាត់​ដោយ​ឧស្សាហ៍​ខ្នះ​ខ្នែង។ តាម​ពិត កិច្ច​ការ​នោះ​មាន​គ្រោះ​ថ្នាក់​ចំពោះ​គាត់។ ក្រោយ​មក ដាវីឌ​បាន​ពន្យល់​ស្ដេច​សុល​ថា​៖ ​«​ពី​ដើម​ដែល​ទូល​បង្គំ​ជា​បាវ​បំរើ​ទ្រង់ ធ្លាប់​ឃ្វាល​ចៀម​របស់​ឪ​ពុក នោះ​វេលា​ណា​ដែល​មាន​សិង្ហ ឬ​ខ្លា​ឃ្មុំ​មក​ចាប់​យក​កូន​ចៀម​ពី​ហ្វូង​ទៅ ទូល​បង្គំ​ក៏​ដេញ​តាម​ប្រហារ​វា ដោះ​ចៀម​នោះ​ឲ្យ​រួច​ចេញ​ពី​មាត់​វា​មក​»។ (​១សាំ. ១៧:៣៤, ៣៥​) ដាវីឌ​មាន​អារម្មណ៍​ថា គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​របៀប​ដែល​គាត់​ថែ​ចៀម​របស់​ឪពុក ហើយ​គាត់​បាន​ការ​ពារ​វា​ដោយ​ចិត្ត​អង់អាច​ក្លាហាន។ ប្អូន​ប្រុស​វ័យ​ក្មេង​អាច​យក​តម្រាប់​ដាវីឌ ដោយ​ខំ​ព្យាយាម​បំពេញ​ភារកិច្ច​ណា​ដែល​ពួក​គេ​ទទួល។

៥. តើ​ទំនុក​តម្កើង ២៥:១៤ បង្រៀន​ថា​ប្អូន​ប្រុស​វ័យ​ក្មេង​គួរ​ធ្វើ​អ្វី?

ពេល​ដាវីឌ​នៅ​ក្មេង គាត់​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ចំណង​មិត្តភាព​នោះ​គឺ​សំខាន់​ជាង​ចិត្ត​ក្លាហាន ឬ​សមត្ថភាព​ខាង​លេង​ភ្លេង​របស់​ដាវីឌ។ ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ជា​ព្រះ​របស់​ដាវីឌ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មិត្ត​សម្លាញ់​ដ៏​ជិត​ស្និទ្ធ​របស់​គាត់​ផង​ដែរ។ (​សូម​អាន ទំនុក​តម្កើង ២៥:១៤) ប្អូន​ប្រុស​វ័យ​ក្មេង​អើយ អ្វី​ដ៏​សំខាន់​បំផុត​ដែល​ប្អូន​អាច​ធ្វើ​គឺ​ពង្រឹង​ចំណង​មិត្តភាព​របស់​ប្អូន​ជា​មួយ​បិតា​នៅ​ស្ថាន​សួគ៌ ហើយ​នេះ​ប្រហែល​ជា​បើក​ឱកាស​ឲ្យ​ប្អូន​ទទួល​ឯកសិទ្ធិ​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ។

៦. តើ​អ្នក​ខ្លះ​មាន​ទស្សនៈ​មិន​ល្អ​អ្វី​ចំពោះ​ដាវីឌ?

ដាវីឌ​ត្រូវ​យក​ឈ្នះ​ទស្សនៈ​មិន​ល្អ​ដែល​អ្នក​ឯ​ទៀត​មាន​ចំពោះ​គាត់។ ជា​ឧទាហរណ៍ ពេល​ដាវីឌ​ចង់​ទៅ​ប្រយុទ្ធ​នឹង​កូលីយ៉ាត ស្ដេច​សុល​បាន​ព្យាយាម​ឃាត់​គាត់​ដោយ​និយាយ​ថា​៖ ​«​ឯង​នៅ​ក្មេង​ណាស់​»។ (​១សាំ. ១៧:៣១​-​៣៣​) មុន​នោះ​បង​ប្រុស​របស់​ដាវីឌ​បាន​ចោទ​ប្រកាន់​គាត់​ថា ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ។ (​១សាំ. ១៧:២៦​-​៣០​) ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​ដាវីឌ​ថា ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ ឬ​មិន​មាន​ភាព​ចាស់​ទុំ​ទេ។ លោក​ស្គាល់​បុរស​វ័យ​ក្មេង​នេះ​យ៉ាង​ច្បាស់ ហើយ​ដាវីឌ​អាច​សម្លាប់​កូលីយ៉ាត​បាន ដោយ​សារ​គាត់​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​មិត្ត​សម្លាញ់​របស់​គាត់។—១សាំ. ១៧:៤៥, ៤៨​-​៥១

៧. តើ​ប្អូន​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​មួយ​អំពី​ដាវីឌ?

តើ​ប្អូន​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ដាវីឌ? គឺ​ប្អូន​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់។ ប្រហែល​ជា​ត្រូវ​ការ​ពេល​ឲ្យ​ពួក​អ្នក​ដែល​ធ្លាប់​ស្គាល់​ប្អូន​តាំង​ពី​ក្មេង ទទួល​ស្គាល់​ថា​ប្អូន​ធំ​ហើយ។ ប៉ុន្តែ ប្អូន​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​មិន​មើល​តែ​សម្បក​ក្រៅ​របស់​ប្អូន​ប៉ុណ្ណោះ​ទេ។ លោក​ស្គាល់​ប្អូន​យ៉ាង​ច្បាស់ ហើយ​ដឹង​ថា​ប្អូន​មាន​សមត្ថភាព​អ្វី​ខ្លះ។ (​១សាំ. ១៦:៧​) ចូរ​ពង្រឹង​ចំណង​មិត្តភាព​របស់​ប្អូន​ជា​មួយ​នឹង​ព្រះ។ ដាវីឌ​បាន​ធ្វើ​ដូច្នេះ ដោយ​សង្កេត​មើល​ការ​បង្កើត​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដិត​ដល់។ ដាវីឌ​បាន​គិត​យ៉ាង​ជ្រាល​ជ្រៅ​ថា តើ​អ្វី​ទាំង​នោះ​បង្ហាញ​យ៉ាង​ណា​អំពី​អ្នក​បង្កើត។ (​ទំនុក. ៨:៣, ៤; ១៣៩:១៤; រ៉ូម ១:២០​) មួយ​វិញ​ទៀត ប្អូន​អាច​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដែល​ប្អូន​ត្រូវ​ការ។ ជា​ឧទាហរណ៍ តើ​សិស្ស​រួម​ថ្នាក់​ខ្លះ​របស់​ប្អូន​សើច​ចំអក​ប្អូន​ដោយ​សារ​ប្អូន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ ចូរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​នេះ។ ចូរ​ធ្វើ​តាម​យោបល់​ក្នុង​បណ្ដាំ​របស់​ព្រះ ព្រម​ទាំង​សៀវភៅ​និង​វីដេអូ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ រាល់​ដង​ដែល​ប្អូន​ឃើញ​ព្រះ​យេហូវ៉ា​ជួយ​ប្អូន​ឲ្យ​ស៊ូ​ទ្រាំ និង​យក​ឈ្នះ​ការ​ពិបាក​ណា​មួយ ប្អូន​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​លើ​លោក។ បន្ថែម​ទៅ​ទៀត កាល​ដែល​អ្នក​ឯ​ទៀត​ឃើញ​ថា​ប្អូន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​កាន់​តែ​ទុក​ចិត្ត​ប្អូន។

ប្អូន​ប្រុស​ៗ​អាច​ជួយ​អ្នក​ឯ​ទៀត​តាម​របៀប​ជា​ច្រើន (​សូម​មើល​វគ្គ​៨​-​៩​)

៨​-​៩. តើ​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​រង់​ចាំ​យ៉ាង​អត់​ធ្មត់​រហូត​ដល់​គាត់​ទៅ​ជា​ស្ដេច ហើយ​តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​គំរូ​របស់​គាត់?

សូម​គិត​អំពី​បញ្ហា​មួយ​ទៀត​ដែល​ដាវីឌ​មាន។ ក្រោយ​ពី​គាត់​បាន​ត្រូវ​រើស​តាំង​ឲ្យ​ធ្វើ​ជា​ស្ដេច គាត់​ត្រូវ​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ មុន​ដែល​គាត់​ឡើង​គ្រង​រាជ្យ​ជា​ស្ដេច​នៃ​ស្រុក​យូដា។ (​១សាំ. ១៦:១៣; ២សាំ. ២:៣, ៤​) តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​រង់​ចាំ​ដោយ​អត់​ធ្មត់? ជា​ជាង​ធ្លាក់​ទឹក​ចិត្ត​រហូត​ដល់​មិន​ធ្វើ​អ្វី​សោះ ដាវីឌ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​អាច​ធ្វើ។ ជា​ឧទាហរណ៍ ពេល​ដែល​ដាវីឌ​រត់​គេច​ទៅ​តំបន់​ភីលីស្ទីន គាត់​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រាអែល។ យ៉ាង​នេះ គាត់​បាន​ការ​ពារ​ព្រំ​ដែន​នៃ​ទឹក​ដី​យូដា។—១សាំ. ២៧:១​-​១២

តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដាវីឌ? ចូរ​ប្រើ​គ្រប់​ឱកាស​ដែល​ប្អូន​មាន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​និង​បង​ប្អូន​រួម​ជំនឿ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​រីខាដូ។ * គាត់​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល តាំង​ពី​គាត់​នៅ​ក្មេង។ ប៉ុន្តែ​គាត់​មិន​ទាន់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទេ។ ជា​ជាង​អស់​សង្ឃឹម​ឬ​ខឹង បង​រីខាដូ​បាន​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ គាត់​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​យល់​ថា​នៅ​ពេល​នោះ​ខ្ញុំ​ត្រូវ​រីក​ចម្រើន​ថែម​ទៀត។ ដូច្នេះ ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ត្រឡប់​ទៅ​ជួប​អស់​អ្នក​ដែល​ចាប់​អារម្មណ៍ ហើយ​រៀបចំ​យ៉ាង​ល្អ​រាល់​ការ​ត្រឡប់​ទៅ​ជួប​នី​មួយ​ៗ។ ខ្ញុំ​ថែម​ទាំង​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ​ជា​លើក​ដំបូង​ទៀត​ផង។ ពេល​ខ្ញុំ​កាន់​តែ​ផ្សព្វ​ផ្សាយ ខ្ញុំ​មាន​ទំនុក​ចិត្ត​កាន់​តែ​ច្រើន​»។ ឥឡូវ បង​រីខាដូ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ដ៏​ប៉ិន​ប្រសប់ និង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។

១០. តើ​ដាវីឌ​បាន​ធ្វើ​អ្វី​មុន​ធ្វើ​ការ​សម្រេច​ចិត្ត?

១០ សូម​គិត​អំពី​បញ្ហា​មួយ​ទៀត​ក្នុង​ជីវិត​របស់​ដាវីឌ។ ក្នុង​អំឡុង​ពេល​គាត់​និង​ពួក​បុរស​របស់​គាត់​រត់​គេច​ខ្លួន ពួក​គេ​បាន​ទុក​ក្រុម​គ្រួសារ​នៅ​ក្រុង​មួយ ហើយ​ចេញ​ទៅ​ប្រយុទ្ធ។ នៅ​ពេល​នោះ ពួក​សត្រូវ​បាន​ចូល​លុក​លុយ ហើយ​បាន​ចាប់​យក​ទ្រព្យ​របឹប​របស់​ពួក​គេ ព្រម​ទាំង​ចាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ។ ដាវីឌ​អាច​គិត​ថា ដោយ​សារ​គាត់​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ គាត់​អាច​ចាត់​វិធានការ​យ៉ាង​ស្រួល​ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់។ តែ​ផ្ទុយ​ទៅ​វិញ ដាវីឌ​បាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ ដោយ​មាន​ជំនួយ​ពី​សង្ឃ​ម្នាក់​ឈ្មោះ​អាប៊ីយ៉ាថារ ដាវីឌ​បាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​តើ​ត្រូវ​ឲ្យ​ទូល​បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី?​»។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ដាវីឌ​ថា​គាត់​គួរ​ទៅ ហើយ​ថា​គាត់​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​បាន​ត្រូវ​ចាប់​យក​ទៅ។ (​១សាំ. ៣០:៧​-​១០​) តើ​ប្អូន​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

ប្អូន​ប្រុស​វ័យ​ក្មេង​គួរ​សុំ​យោបល់​ពី​អ្នក​ចាស់​ទុំ (​សូម​មើល​វគ្គ​១១​)

១១. តើ​ប្អូន​អាច​ធ្វើ​អ្វី​មុន​ធ្វើ​ការ​សម្រេច​ចិត្ត?

១១ ចូរ​សុំ​យោបល់​ពី​អ្នក​ឯ​ទៀត​មុន​ប្អូន​ធ្វើ​ការ​សម្រេច​ចិត្ត។ ចូរ​និយាយ​ជា​មួយ​ឪពុក​ម្ដាយ​របស់​ប្អូន។ ប្អូន​ក៏​អាច​ទទួល​យោបល់​ល្អ​ពី​អ្នក​ចាស់​ទុំ​ដែល​មាន​បទ​ពិសោធន៍។ ព្រះ​យេហូវ៉ា​ទុក​ចិត្ត​បុរស​ទាំង​នេះ​ដែល​លោក​បាន​តែង​តាំង ហើយ​ប្អូន​ក៏​អាច​ទុក​ចិត្ត​ពួក​គេ​ដែរ។ លោក​ចាត់​ទុក​ថា​ពួក​គេ​ជា​«​អំណោយ​»​សម្រាប់​ក្រុម​ជំនុំ។ (​អេភ. ៤:៨​) ប្អូន​នឹង​ទទួល​ប្រយោជន៍ បើ​ប្អូន​មាន​ជំនឿ​ដូច​ពួក​គេ ហើយ​ស្ដាប់​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ពួក​គេ​ផ្ដល់​ឲ្យ។ ឥឡូវ សូម​យើង​គិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​ស្ដេច​អេសា។

ចូរ​រៀន​ពី​ស្ដេច​អេសា

១២. តើ​ស្ដេច​អេសា​មាន​គុណ​សម្បត្តិ​អ្វី​ខ្លះ​ពេល​គាត់​ចាប់​ផ្ដើម​គ្រប់​គ្រង?

១២ ពេល​ស្ដេច​អេសា​នៅ​ក្មេង គាត់​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​ក្លាហាន។ ជា​ឧទាហរណ៍ ពេល​គាត់​បាន​ស្នង​តំណែង​ពី​អ័ប៊ីយ៉ា​ដែល​ជា​ឪពុក​របស់​គាត់ គាត់​ចាប់​ផ្ដើម​បំបាត់​ចោល​ការ​គោរព​បូជា​រូប​ព្រះ​ចេញ​ពី​ស្រុក។ គាត់​ក៏​បាន​«​បង្គាប់​ដល់​ពួក​យូដា​ឲ្យ​គេ​ស្វែង​រក​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ ហើយ​ឲ្យ​ប្រព្រឹត្ត​តាម​ក្រិត្យ​វិន័យ នឹង​បញ្ញត្ត​ទាំង​ប៉ុន្មាន​ដែរ​»។ (​២រប. ១៤:១​-​៧​) ពេល​សេរ៉ា​ដែល​ជា​ជន​ជាតិ​អេចូពី​បាន​នាំ​កង​ទ័ព​១​លាន​នាក់​មក​វាយលុក​ស្រុក​យូដា អេសា​បាន​បង្ហាញ​ប្រាជ្ញា​ដោយ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ អេសា​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ ការ​ជួយ​ឲ្យ​មាន​ជ័យ​ជំនះ​ដល់​ពួក​មាន​គ្នា​ច្រើន ឬ​ដល់​ពួក​កំសោយ នោះ​ស្រេច​នៅ​លើ​ទ្រង់​ទេ។ ឱ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​អើយ សូម​ជួយ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ផ្អែក​លើ​ទ្រង់​ជា​ទី​ពឹង​»។ ពាក្យ​ដ៏​ពីរោះ​នេះ​បង្ហាញ​ថា អេសា​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ដើម្បី​សង្គ្រោះ​គាត់​និង​ប្រជារាស្ត្រ​របស់​គាត់។ អេសា​បាន​ទុក​ចិត្ត​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌ ហើយ​«​ព្រះ​យេហូវ៉ា​ទ្រង់​ក៏​វាយ​ពួក​អេធីអូពី​[​អេចូពី​]​»។—២រប. ១៤:៨​-​១២

១៣. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​អេសា​នៅ​ពេល​ក្រោយ​មក ហើយ​ហេតុ​អ្វី?

១៣ ប្អូន​ច្បាស់​ជា​យល់​ស្រប​ថា ការ​ប្រឈម​មុខ​នឹង​កង​ទ័ព​១​លាន​នាក់​គឺ​ពិបាក​ណាស់ តែ​ដោយ​សារ​អេសា​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា គាត់​បាន​ទទួល​ជោគ​ជ័យ។ ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ ពេល​មាន​បញ្ហា​ផ្សេង​ដែល​តូច​ជាង អេសា​មិន​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា​ទេ។ ពេល​ប្អាសា​ដែល​ជា​ស្ដេច​អាក្រក់​នៃ​អ៊ីស្រាអែល​បាន​គំរាម​កំហែង​គាត់ គាត់​បែរ​ជា​សុំ​ជំនួយ​ពី​ស្ដេច​ស្រុក​ស៊ីរី។ ការ​សម្រេច​ចិត្ត​នោះ​នាំ​ឲ្យ​អន្តរាយ! ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​អេសា តាម​រយៈ​ហាណានី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​អំពី​មូលហេតុ​ដែល​នេះ​បាន​កើត​ឡើង ថា​៖ ​«​ដោយ​ព្រោះ​ទ្រង់​បាន​ពឹង​ដល់​ស្ដេច​ស៊ីរី មិន​បាន​ពឹង​ដល់​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ នោះ​ពួក​ពល​ទ័ព​របស់​ស្ដេច​ស៊ីរី បាន​រួច​ពី​កណ្ដាប់​ព្រះ​ហស្ត​ទ្រង់​ហើយ​»។ តាំង​ពី​ពេល​នោះ​មក អេសា​មាន​សង្គ្រាម​ឥត​ដាច់។ (​២រប. ១៦:៧, ៩; ១ព. ១៥:៣២​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​រឿង​នេះ?

១៤. តើ​ប្អូន​អាច​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? យោង​ទៅ​តាម​ធីម៉ូថេ​ទី​១ ៤:១២ តើ​អ្វី​នឹង​កើត​ឡើង​បើ​ប្អូន​ពឹង​ផ្អែក​លើ​លោក?

១៤ ចូរ​រក្សា​ចិត្ត​រាប​ទាប​និង​បន្ត​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ពេល​ប្អូន​បាន​ទទួល​ការ​ជ្រមុជ​ទឹក ប្អូន​បង្ហាញ​ជំនឿ​យ៉ាង​ខ្លាំង​និង​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​ទទួល​ស្វាគមន៍​ប្អូន​ជា​សមាជិក​នៃ​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ អ្វី​ដែល​ប្អូន​ត្រូវ​ធ្វើ​នៅ​ឥឡូវ​នេះ គឺ​បន្ត​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ ប្រហែល​ជា​មើល​ទៅ​គឺ​ស្រួល​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ពេល​ប្អូន​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ធំ​ៗ​ក្នុង​ជីវិត ប៉ុន្តែ​ចុះ​យ៉ាង​ណា​ពេល​ផ្សេង​ទៀត​វិញ? គឺ​សំខាន់​ណាស់​ដែល​ប្អូន​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា​រាល់​ពេល​ដែល​ប្អូន​ធ្វើ​ការ​សម្រេច​ចិត្ត មិន​ថា​នោះ​ជា​ការ​សម្រេច​ចិត្ត​អំពី​ការ​កម្សាន្ត ឬ​ការងារ និង​គោល​ដៅ​ក្នុង​ជីវិត​ក្ដី! សូម​កុំ​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ ចូរ​ស្វែង​រក​គោល​ការណ៍​គម្ពីរ​ដែល​ជាប់​ទាក់​ទង​នឹង​ស្ថានភាព​របស់​ប្អូន រួច​មក​ធ្វើ​តាម​ការ​ណែនាំ​នោះ។ (​សុភ. ៣:៥, ៦​) បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីករាយ ហើយ​ប្អូន​នឹង​ទទួល​ការ​គោរព​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។—សូម​អាន ធីម៉ូថេ​ទី​១ ៤:១២

ចូរ​រៀន​ពី​ស្ដេច​យេហូសាផាត

១៥. ដូច​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​របាក្សត្រ​ទី​២ ១៨:១​-​៣; ១៩:២ តើ​ស្ដេច​យេហូសាផាត​បាន​ធ្វើ​ខុស​អ្វី​ខ្លះ?

១៥ ដូច​យើង​ទាំង​អស់​គ្នា ប្អូន​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ជួន​កាល​ប្អូន​នឹង​ធ្វើ​ខុស។ ប៉ុន្តែ​នេះ​មិន​គួរ​រា​រាំង​ប្អូន​ឲ្យ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ សូម​គិត​អំពី​គំរូ​របស់​ស្ដេច​យេហូសាផាត។ គាត់​មាន​គុណ​សម្បត្តិ​ជា​ច្រើន។ ពេល​គាត់​នៅ​ក្មេង គាត់​«​បាន​ស្វែង​រក​តាម​តែ​ព្រះ​នៃ​ពួក​ឰយុកោ​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​បញ្ញត្ត​ទ្រង់​»។ បន្ថែម​ទៅ​ទៀត គាត់​បាន​ចាត់​ពួក​អ្នក​ដែល​ជា​ប្រធាន​ឲ្យ​ទៅ​ក្រុង​នា​នា​នៃ​ស្រុក​យូដា ដើម្បី​បង្រៀន​បណ្ដា​ជន​អំពី​ព្រះ​យេហូវ៉ា។ (​២រប. ១៧:៤,​) ប៉ុន្តែ​ជួន​កាល គាត់​នៅ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ​មួយ​ចំនួន។ ដោយ​សារ​ការ​សម្រេច​ចិត្ត​មួយ​របស់​គាត់ យេហូសាផាត​បាន​ទទួល​ឱវាទ​ពី​តំណាង​ម្នាក់​របស់​ព្រះ​យេហូវ៉ា។ (​សូម​អាន របាក្សត្រ​ទី​២ ១៨:១​-​៣; ១៩:២) តើ​ប្អូន​អាច​រៀន​អ្វី​ពី​កំណត់​ហេតុ​នោះ?

ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​ឧស្សាហ៍​និង​គួរ​ឲ្យ​ទុក​ចិត្ត នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ប្អូន​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​រ៉ាជីវ?

១៦ ចូរ​ព្រម​ទទួល​និង​ធ្វើ​តាម​យោបល់​ពី​អ្នក​ឯ​ទៀត។ ដូច​បុរស​វ័យ​ក្មេង​ជា​ច្រើន ប្អូន​ប្រហែល​ជា​ពិបាក​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ប្អូន។ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​រ៉ាជីវ។ គាត់​និយាយ​អំពី​ពេល​គាត់​នៅ​វ័យ​ជំទង់​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ក្មេង ជួន​កាល​ខ្ញុំ​គ្មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត​ទេ។ ដូច​មនុស្ស​វ័យ​ក្មេង​ឯ​ទៀត ខ្ញុំ​ចូល​ចិត្ត​កីឡា​និង​ការ​កម្សាន្ត​សប្បាយ ជាង​ទៅ​កិច្ច​ប្រជុំ​ឬ​ផ្សព្វ​ផ្សាយ​»។ តើ​អ្វី​បាន​ជួយ​បង​រ៉ាជីវ? អ្នក​ចាស់​ទុំ​ម្នាក់​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ បាន​ឲ្យ​យោបល់​ដល់​គាត់។ បង​រ៉ាជីវ​និយាយ​ថា​៖ ​«​គាត់​បាន​ជួយ​ខ្ញុំ​ឲ្យ​វែក​ញែក​អំពី​គោល​ការណ៍​នៅ​ធីម៉ូថេ​ទី​១ ៤:៨​»។ បង​រ៉ាជីវ​បាន​ធ្វើ​តាម​យោបល់​នោះ​ដោយ​ចិត្ត​រាប​ទាប ហើយ​បាន​គិត​ឡើង​វិញ​អំពី​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិតរបស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​ការ​បម្រើ​ព្រះ​យេហូវ៉ា​ទៅ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ខ្ញុំ​»។ តើ​នោះ​មាន​លទ្ធផល​អ្វី? បង​រ៉ាជីវ​ពន្យល់​ថា​៖ ​«​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ទទួល​យោបល់​នោះ ខ្ញុំ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»។

ចូរ​ធ្វើ​ឲ្យ​បិតា​របស់​ប្អូន​នៅ​ស្ថាន​សួគ៌​មាន​មោទនភាព​ចំពោះ​ប្អូន

១៧. តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​បម្រើ​ព្រះ​យេហូវ៉ា?

១៧ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​តម្លៃ​ប្អូន​ប្រុស​ៗ​វ័យ​ក្មេង​ដែល​បម្រើ​ព្រះ​យេហូវ៉ា ដោយ​«​ព្រម​ចិត្ត​»​ជា​មួយ​ពួក​គេ! (​សេផ. ៣:៩​) ពួក​គេ​ចូល​ចិត្ត​ភាព​ស្វាហាប់ ចិត្ត​ខ្នះ​ខ្នែង និង​ចិត្ត​រំភើប​ដែល​ប្អូន​មាន​ក្នុង​ការ​បំពេញ​កិច្ចការ​ដែល​ប្អូន​បាន​ទទួល។ ប្អូន​ជា​ទី​ពេញ​ចិត្ត​របស់​ពួក​គេ។—១យ៉ូន. ២:១៤

១៨. តើ​សុភាសិត ២៧:១១ បង្ហាញ​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​បម្រើ​លោក?

១៨ ប្អូន​ប្រុស​វ័យ​ក្មេង​ទាំង​ឡាយ សូម​កុំ​ភ្លេច​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​ទុក​ចិត្ត​ប្អូន។ លោក​បាន​ប្រាប់​ទុក​ជា​មុន​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ ប្អូន​ប្រុស​វ័យ​ក្មេង​ដែល​ប្រៀប​ដូច​ជា​កង​ទ័ព​នឹង​ស្ម័គ្រ​ចិត្ត​បម្រើ​លោក។ (​ទំនុក. ១១០:១​-​៣​) លោក​ដឹង​ថា​ប្អូន​ស្រឡាញ់​លោក ហើយ​ចង់​បម្រើ​លោក​អស់​ពី​សមត្ថភាព។ ដូច្នេះ សូម​មាន​ចិត្ត​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត​និង​ចំពោះ​ខ្លួន​ឯង។ ពេល​ប្អូន​ធ្វើ​ខុស សូម​ទទួល​យក​ការ​បង្ហាត់​បង្រៀន​និង​ការ​ប្រដៅ​ដែល​ប្អូន​ទទួល ដោយ​ចាត់​ទុក​ថា​នោះ​មក​ពី​ព្រះ​យេហូវ៉ា។ (​ហេ. ១២:៦​) សូម​បំពេញ​ភារកិច្ច​របស់​ប្អូន​ដោយ​ចិត្ត​ខ្នះ​ខ្នែង។ សំខាន់​បំផុត សូម​ធ្វើ​ឲ្យ​បិតា​របស់​ប្អូន​ដែល​នៅ​ស្ថាន​សួគ៌​មាន​មោទនភាព​ចំពោះ​ប្អូន​ក្នុង​គ្រប់​ការ​ទាំង​អស់។—សូម​អាន សុភាសិត ២៧:១១

ចម្រៀង​លេខ​១៣៥ ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា​៖ ‹កូន​អើយ ចូរ​បង្ហាញ​ប្រាជ្ញា›

^ វគ្គ 5 កាល​ណា​ប្អូន​ប្រុស​វ័យ​ក្មេង​កាន់​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​ចង់​បម្រើ​លោក​ឲ្យ​បាន​ច្រើន​ជាង។ ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ៗ​ដែល​នឹង​នាំ​ឲ្យ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​គោរព​ពួក​គេ និង​បន្ត​គោរព​ពួក​គេ។ តើ​ប្អូន​ប្រុស​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​ខ្លះ?

^ វគ្គ 9 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។