លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៣

ព្រះយេហូវ៉ានឹងការពារអ្នក តើតាមរបៀបណា?

ព្រះយេហូវ៉ានឹងការពារអ្នក តើតាមរបៀបណា?

​«​លោក​ម្ចាស់​ស្មោះ​ត្រង់ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន ព្រម​ទាំង​ការ​ពារ​ពី​មេ​កំណាច​»។—២ថែ. ៣:៣

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

សេចក្ដី​សង្ខេប *

១. ហេតុ​អ្វី​លោក​យេស៊ូ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ពារ​ពួក​អ្នក​កាន់​តាម​លោក?

នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​ជា​មនុស្ស លោក​បាន​គិត​អំពី​ការ​ពិបាក​ផ្សេង​ៗ​ដែល​ពួក​អ្នក​កាន់​តាម​លោក​នឹង​ជួប​ប្រទះ។ ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​ពួក​អ្នក​កាន់​តាម​លោក នោះ​លោក​បាន​សុំ​បិតា​របស់​លោក​ឲ្យ​«​ការ​ពារ​ពួក​គាត់ ឲ្យ​រួច​ពី​មេ​កំណាច​»។ (​យ៉ូន. ១៧:១៤, ១៥​) លោក​យេស៊ូ​ដឹង​ថា​ក្រោយ​ពី​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ មេ​កំណាច​សាថាន​នឹង​បន្ត​ប្រយុទ្ធ​នឹង​អស់​អ្នក​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ត្រូវ​ទទួល​ការ​ការ​ពារ។

២. ហេតុ​អ្វី​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង?

ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​លោក​យេស៊ូ​ដោយ​សារ​លោក​ស្រឡាញ់​បុត្រ​របស់​លោក។ បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត លោក​ក៏​នឹង​ស្រឡាញ់​យើង​ដែរ ហើយ​ពេល​យើង​អធិដ្ឋាន​សុំ​ជំនួយ​និង​ការ​ការ​ពារ​ពី​លោក លោក​នឹង​តប​ឆ្លើយ។ ព្រះ​យេហូវ៉ា​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ដូច្នេះ​លោក​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូន​ៗ​របស់​លោក។ បើ​លោក​មិន​ធ្វើ​ដូច្នេះ​ទេ នោះ​នឹង​បង្អាប់​នាម​របស់​លោក ឬ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក។

៣. ហេតុ​អ្វី​យើង​ត្រូវ​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ?

ឥឡូវ​នេះ យើង​ត្រូវ​ទទួល​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា​លើស​ជាង​មុន​ទៅ​ទៀត។ សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌​«​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង​»។ (​បប. ១២:១២​) វា​បាន​បណ្ដាល​ឲ្យ​អ្នក​ខ្លះ​ដែល​បៀត​បៀន​យើង ជឿ​ថា​ពួក​គេ​កំពុង​ធ្វើ​«​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​ព្រះ​»។ (​យ៉ូន. ១៦:២​) អ្នក​ខ្លះ​ទៀត​ដែល​មិន​ជឿ​ទៅ​លើ​ព្រះ បៀត​បៀន​យើង​ដោយ​សារ​យើង​ខុស​ពី​គេ​ក្នុង​ពិភព​លោក​នេះ។ ទោះ​ជា​មនុស្ស​បៀត​បៀន​យើង​ដោយ​មូលហេតុ​អ្វី​ក៏​ដោយ យើង​មិន​ភ័យ​ខ្លាច​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​លោក​ម្ចាស់​ស្មោះ​ត្រង់ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាំ​មួន ព្រម​ទាំង​ការ​ពារ​ពី​មេ​កំណាច​»។ (​២ថែ. ៣:៣​) តើ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​របៀប​ពីរ​យ៉ាង។

ព្រះ​យេហូវ៉ា​ផ្ដល់​គ្រឿង​ចម្បាំង

៤. យោង​ទៅ​តាម​អេភេសូរ ៦:១៣​-​១៧ តើ​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ដើម្បី​ការ​ពារ​យើង?

ព្រះ​យេហូវ៉ា​ផ្ដល់​គ្រឿង​ចម្បាំង​ដើម្បី​ការ​ពារ​យើង​ពី​ការ​វាយ​ប្រហារ​របស់​សាថាន។ (​សូម​អាន អេភេសូរ ៦:១៣​-​១៧) គ្រឿង​ចម្បាំង​នេះ​ដែល​មក​ពី​ព្រះ​គឺ​មាំ​និង​មាន​ប្រសិទ្ធភាព! ប៉ុន្តែ យើង​នឹង​ទទួល​ការ​ការ​ពារ លុះ​ត្រា​តែ​យើង​ពាក់​គ្រប់​គ្រឿង​ចម្បាំង​ជា​និច្ច។ តើ​គ្រឿង​ចម្បាំង​នី​មួយ​ៗ​នោះ​ជា​តំណាង​អ្វី​ខ្លះ? សូម​យើង​គិត​អំពី​វា​ម្ដង​មួយ​ៗ។

៥. តើ​សេចក្ដី​ពិត​ជា​ខ្សែ​ក្រវាត់​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ពាក់​វា?

សេចក្ដី​ពិត​ជា​ខ្សែ​ក្រវាត់។ នេះ​ជា​តំណាង​សេចក្ដី​ពិត​ដែល​មាន​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ ហេតុ​អ្វី​យើង​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​នេះ? ពី​ព្រោះ​សាថាន​ជា​«​ឪពុក​នៃ​ការ​ភូត​ភរ​»។ (​យ៉ូន. ៨:៤៤​) វា​និយាយ​កុហក​អស់​រាប់​ពាន់​ឆ្នាំ​មក​ហើយ ព្រម​ទាំង​បាន​«​បំភាន់​ពិភព​លោក​ទាំង​មូល​»។ (​បប. ១២:៩​) ប៉ុន្តែ សេចក្ដី​ពិត​ក្នុង​គម្ពីរ​ការ​ពារ​យើង​ពី​ការ​បោក​បញ្ឆោត។ តើ​យើង​ពាក់​សេចក្ដី​ពិត​ជា​ខ្សែ​ក្រវាត់​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​រៀន​សេចក្ដី​ពិត​អំពី​ព្រះ​យេហូវ៉ា និង​គោរព​ប្រណិប័តន៍​លោក​ដោយ​«​មាន​ការ​ដឹក​នាំ​ពី​សកម្មពល​របស់​លោក​និង​ដោយ​សេចក្ដី​ពិត​»​ ព្រម​ទាំង​ធ្វើ​ការ​ទាំង​អស់​ដោយ​ទៀង​ត្រង់។—យ៉ូន. ៤:២៤; អេភ. ៤:២៥; ហេ. ១៣:១៨

ខ្សែ​ក្រវាត់: សេចក្ដី​ពិត​ក្នុង​បណ្ដាំ​របស់​ព្រះ

៦. តើ​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ពាក់​វា?

សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង។ នេះ​ជា​តំណាង​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី​យើង​ត្រូវ​ពាក់​គ្រឿង​ចម្បាំង​នេះ? ដូច​អាវ​ការ​ពារ​ដើម​ទ្រូង​ការ​ពារ​បេះ​ដូង​របស់​ទាហាន នោះ​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង ការ​ពារ​យើង​មិន​ឲ្យ​អ្វី​ដ៏​អាក្រក់​ក្នុង​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​លើ​បុគ្គលិក​លក្ខណៈ​របស់​យើង។ (​សុភ. ៤:២៣​) ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ស្រឡាញ់ និង​បម្រើ​លោក​ដោយ​អស់​ពី​ដួង​ចិត្ត។ (​ម៉ាថ. ២២:៣៦, ៣៧​) ដូច្នេះ សាថាន​ព្យាយាម​ធ្វើ​ឲ្យ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​ដួង​ចិត្ត​ដោយ​ល្បួង​យើង​ឲ្យ​ស្រឡាញ់​អ្វី​ៗ​ក្នុង​ពិភព​លោក​របស់​វា ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ (​យ៉ា. ៤:៤; ១យ៉ូន. ២:១៥, ១៦​) ម្យ៉ាង​ទៀត បើ​វិធី​សាស្ត្រ​នេះ​មិន​ជោគ​ជ័យ វា​នឹង​ព្យាយាម​គំរាម​កំហែង​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត។

អាវ​ការ​ពារ​ដើម​ទ្រូង: ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ​យេហូវ៉ា

៧. តើ​យើង​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង​យ៉ាង​ដូច​ម្ដេច?

យើង​ពាក់​សេចក្ដី​សុចរិត​ជា​អាវ​ការ​ពារ​ដើម​ទ្រូង ដោយ​ទទួល​យក​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ ហើយ​ដោយ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ទាំង​នោះ។ (​ទំនុក. ៩៧:១០​) អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​មិន​សូវ​ផ្ដល់​សេរី​ភាព​ទេ។ ប៉ុន្តែ បើ​យើង​ឈប់​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​យើង យើង​គឺ​ដូច​ជា​ទាហាន​ដែល​ដោះ​អាវ​ការ​ពារ​ដើម​ទ្រូង​នៅ​ពាក់​កណ្ដាល​ទី​ក្នុង​ពេល​ប្រយុទ្ធ ដោយ​សារ​គាត់​គិត​ថា​អាវ​នោះ​ធ្ងន់​ពេក។ នោះ​ជា​ការ​ប្រព្រឹត្ត​ដ៏​ឆោត​ល្ងង់​មែន! ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ​«​បញ្ញត្ដិ​របស់​លោក​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ​»​ តែ​ជា​អ្វី​ដែល​សង្គ្រោះ​ជីវិត។—១យ៉ូន. ៥:៣

៨. តើ​ការ​មាន​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ស្បែក​ជើង​មាន​ន័យ​យ៉ាង​ណា?

ប៉ូល​ក៏​លើក​ទឹក​ចិត្ត​យើង​ឲ្យ​មាន​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សុខ​សាន្ត​ទុក​ជា​ស្បែក​ជើង ក្នុង​ន័យ​ថា​យើង​គួរ​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ ពេល​យើង​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ក្នុង​គម្ពីរ ជំនឿ​របស់​យើង​មាំ​មួន​ឡើង។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត ពេល​យើង​ឃើញ​របៀប​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូទាំង​ផែនដី ប្រើ​គ្រប់​ឱកាស​ដែល​ពួក​គេ​មាន​ដើម្បី​ផ្សព្វ​ផ្សាយ មិន​ថា​នៅ​ទី​ណា​ក៏​ដោយ។ ជា​ឧទាហរណ៍ ពួក​គេ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​នៅ​តំបន់​ពាណិជ្ជកម្ម។ ពួក​គេ​ក៏​ផ្សព្វ​ផ្សាយ​ពេល​ពួក​គេ​ទៅ​ផ្សារ ទៅ​សួរ​សុខ​ទុក្ខ​សាច់​ញាតិ​ដែល​មិន​មែន​ជា​សាក្សី ឬ​និយាយ​ជា​មួយ​អ្នក​ដែល​ពួក​គេ​ស្គាល់។ បើ​យើង​ភ័យ​ខ្លាច​ខ្លាំង​រហូត​ដល់​ឈប់​ផ្សព្វ​ផ្សាយ យើង​ប្រៀប​ដូច​ជា​ទាហាន​ម្នាក់​ដែល​ដោះ​ស្បែក​ជើង​របស់​គាត់​ចេញ​ក្នុង​អំឡុង​ពេល​ប្រយុទ្ធ។ នោះ​ជើង​របស់​គាត់​នឹង​ងាយ​រង​របួស។ ជា​លទ្ធផល គាត់​នឹង​ពិបាក​ការ​ពារ​ខ្លួន​ពេល​មាន​ការ​វាយ​ប្រហារ ហើយ​គាត់​នឹង​មិន​អាច​ធ្វើ​តាម​បង្គាប់​របស់​មេ​បញ្ជាការ​គាត់​ទេ។

ស្បែក​ជើង: ប្រុង​ប្រៀប​ផ្សាយ​ដំណឹង​ល្អ

៩. ហេតុ​អ្វី​យើង​ត្រូវ​កាន់​ខែល​ធំ​នៃ​ជំនឿ​ឲ្យ​ជាប់?

ខែល​ធំ​នៃ​ជំនឿ​ជា​តំណាង​ជំនឿ​ដែល​យើង​មាន​ទៅ​លើ​ព្រះ​យេហូវ៉ា។ យើង​ទុក​ចិត្ត​ថា​លោក​នឹង​សម្រេច​អស់​ទាំង​សេចក្ដី​សន្យា​របស់​លោក។ ជំនឿ​នេះ​នឹង​ជួយ​យើង​ឲ្យ​«​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេ​កំណាច​»។ ហេតុ​អ្វី​យើង​ត្រូវ​កាន់​ខែល​ធំ​នេះ​ឲ្យ​ជាប់? ដោយ​សារ​វា​ការ​ពារ​យើង​មិន​ឲ្យ​សេចក្ដី​បង្រៀន​របស់​អ្នក​ក្បត់​ជំនឿ​បោក​បញ្ឆោត​យើង ហើយ​ជួយ​យើង​មិន​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ពេល​អ្នក​ឯ​ទៀត​សើច​ចំអក​ជំនឿ​របស់​យើង។ បើ​គ្មាន​ជំនឿ យើង​នឹង​មិន​មាន​កម្លាំង​ដើម្បី​ទប់​ទល់​ពេល​អ្នក​ឯ​ទៀត​ព្យាយាម​បង្ខិត​បង្ខំ​យើង​មិន​អើពើ​នឹង​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្តែ រាល់​ដង​ដែល​យើង​កាន់​ជំហរ​មាំ​មួន​ចំពោះ​ជំនឿ​របស់​យើង​នៅ​កន្លែង​ធ្វើ​ការ​ឬ​នៅ​សាលា យើង​កំពុង​កាន់​ខែល​របស់​យើង​យ៉ាង​ជាប់។ (​១ពេ. ៣:១៥​) រាល់​ដង​ដែល​យើង​បដិសេធ​ការងារ​ដែល​ទទួល​ប្រាក់​ខែ​ខ្ពស់​ជាង តែ​វា​រា​រាំង​យើង​ពី​ការ​គោរព​ប្រណិប័តន៍​ព្រះ យើង​កំពុង​កាន់​ខែល​របស់​យើង​យ៉ាង​ជាប់។ (​ហេ. ១៣:៥, ៦​) ម្យ៉ាង​ទៀត យើង​មាន​ការ​ការ​ពារ​ពី​ខែល​នៅ​រាល់​ដង​ដែល​យើង​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី។—១ថែ. ២:២

ខែល: ជំនឿ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក

១០. តើ​សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​ការ​ពារ​ក្បាល​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ពាក់​វា?

១០ សេចក្ដី​សង្គ្រោះ​ទុក​ជា​មួក​ការ​ពារ​ក្បាល​គឺ​ជា​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង ពោល​គឺ​សេចក្ដី​សង្ឃឹម​ដែល​លោក​នឹង​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់ និង​ឲ្យ​រង្វាន់​ដល់​អស់​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​១ថែ. ៥:៨; ១ធី. ៤:១០; ទីត. ១:១, ២​) ដូច​មួក​ការ​ពារ​ក្បាល​របស់​ទាហាន នោះ​សេចក្ដី​សង្ឃឹម​អំពី​សេចក្ដី​សង្គ្រោះ​ការ​ពារ​សមត្ថភាព​គិត​គូរ​របស់​យើង។ តើ​តាម​របៀប​ណា? សេចក្ដី​សង្ឃឹម​នោះ​ជួយ​យើង​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ ហើយ​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​យើង។ តើ​យើង​ពាក់​មួក​នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​បន្ត​ធ្វើ​ឲ្យ​ប្រាកដ​ថា​របៀប​គិត​គូរ​របស់​យើង​សម​ស្រប​នឹង​គំនិត​របស់​ព្រះ។ ជា​ឧទាហរណ៍ យើង​មាន​សង្ឃឹម​មិន​មែន​លើ​ទ្រព្យ​ដែល​មិន​ទៀង តែ​មាន​សង្ឃឹម​លើ​ព្រះ។—ទំនុក. ២៦:២; ១០៤:៣៤; ១ធី. ៦:១៧

មួក​ការ​ពារ: សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត

១១. តើ​ដាវ​នៃ​សកម្មពល​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​យើង​ត្រូវ​ប្រើ​វា?

១១ ដាវ​នៃ​សកម្មពល​គឺ​ជា​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ។ ដាវ​នោះ​មាន​ឫទ្ធានុភាព​បក​អាក្រាត​ការ​កុហក​ទាំង​អស់ និង​រំដោះ​មនុស្ស​ពី​សេចក្ដី​បង្រៀន​មិន​ពិត​និង​ទម្លាប់​អាក្រក់។ (​២កូ. ១០:៤, ៥; ២ធី. ៣:១៦, ១៧; ហេ. ៤:១២​) យើង​រៀន​ប្រើ​ដាវ​នោះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​បង្ហាត់​បង្រៀន​ដែល​យើង​ទទួល​ពី​អង្គការ​របស់​ព្រះ។ (​២ធី. ២:១៥​) ក្រៅ​ពី​គ្រឿង​ចម្បាំង​នោះ ព្រះ​យេហូវ៉ា​ផ្ដល់​ការ​ការ​ពារ​ដ៏​ខ្លាំង​ក្លា​មួយ​ទៀត​ដល់​យើង។ តើ​នោះ​ជា​អ្វី?

ដាវ: គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​ព្រះ

យើង​មិន​មែន​ត​យុទ្ធ​តែ​ម្នាក់​ឯង

១២. តើ​យើង​ត្រូវ​ការ​អ្វី​ទៀត ហើយ​ហេតុ​អ្វី?

១២ ទាហាន​ដែល​មាន​បទ​ពិសោធន៍​ដឹង​ថា​គាត់​មិន​អាច​យក​ឈ្នះ​កង​ទ័ព​ដ៏​ធំ​តែ​ម្នាក់​ឯង​បាន​ទេ។ គាត់​ត្រូវ​ការ​ជំនួយ​ពី​ទាហាន​ឯ​ទៀត។ ស្រដៀង​គ្នា​ដែរ យើង​មិន​អាច​ត​យុទ្ធ​នឹង​សាថាន​និង​គ្នី​គ្នា​របស់​វា​តែ​ម្នាក់​ឯង​បាន​ទេ តែ​យើង​ត្រូវ​ការ​ការ​គាំទ្រ​ពី​បង​ប្អូន​របស់​យើង។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​«​បង​ប្អូន​រួម​ជំនឿ​»​នៅ​ទូទាំង​ពិភព​លោក​ដើម្បី​ជួយ​យើង។—១ពេ. ២:១៧

១៣. យោង​ទៅ​តាម​ហេប្រឺ ១០:២៤, ២៥ តើ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ​ដល់​យើង?

១៣ របៀប​មួយ​ដែល​យើង​ទទួល​ការ​គាំទ្រ​គឺ​ដោយ​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។ (​សូម​អាន ហេប្រឺ ១០:២៤, ២៥) ជួន​កាល​យើង​ទាំង​អស់​គ្នា​ចេះ​ធ្លាក់​ទឹក​ចិត្ត ដូច្នេះ​កិច្ច​ប្រជុំ​អាច​លើក​ទឹក​ចិត្ត​យើង។ យើង​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ចម្លើយ​ដ៏​អស់​ពី​ចិត្ត​របស់​បង​ប្អូន។ សុន្ទរកថា​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ និង​ការ​សម្ដែង​នៅ​កិច្ច​ប្រជុំ​ជំរុញ​ចិត្ត​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ការ​សំណេះសំណាល​គ្នា​ដ៏​មាន​ប្រយោជន៍​មុន​និង​ក្រោយ​កិច្ច​ប្រជុំ។ (​១ថែ. ៥:១៤​) បន្ថែម​ទៅ​ទៀត កិច្ច​ប្រជុំ​របស់​យើង​ផ្ដល់​ឱកាស​ឲ្យ​យើង​មាន​អំណរ​ដែល​មក​ពី​ការ​ជួយ​អ្នក​ឯ​ទៀត។ (​សកម្ម. ២០:៣៥; រ៉ូម ១:១១, ១២​) កិច្ច​ប្រជុំ​របស់​យើង​ក៏​ជួយ​យើង​តាម​របៀប​ផ្សេង​ទៀត​ដែរ ដូច​ជា​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​ផ្សាយ​និង​អ្នក​បង្រៀន​ដែល​ប៉ិន​ប្រសប់​ជាង។ ជា​ឧទាហរណ៍ យើង​រៀន​ប្រើ​ឧបករណ៍​ដើម្បី​បង្រៀន​គម្ពីរ​ដោយ​មាន​ប្រសិទ្ធភាព។ ដូច្នេះ សូម​រៀបចំ​កិច្ច​ប្រជុំ​ឲ្យ​បាន​ល្អ។ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​កិច្ច​ប្រជុំ។ ក្រោយ​កិច្ច​ប្រជុំ សូម​ធ្វើ​តាម​ការ​បង្ហាត់​បង្រៀន​ដែល​អ្នក​ទទួល។ ដោយ​ធ្វើ​អ្វី​ទាំង​នេះ អ្នក​នឹង​ទៅ​ជា​«​ទាហាន​ល្អ​ប្រសើរ​របស់​គ្រិស្ត​យេស៊ូ​»។—២ធី. ២:៣

១៤. តើ​យើង​មាន​ជំនួយ​អ្វី​ទៀត?

១៤ យើង​ក៏​មាន​ការ​គាំទ្រ​ពី​បណ្ដា​ទេវតា​ខ្លាំង​ក្លា​ដ៏​ច្រើន​អនេក។ សូម​គិត​អំពី​អ្វី​ដែល​ទេវតា​មួយ​រូប​ប៉ុណ្ណោះ​អាច​ធ្វើ។ (​អេ. ៣៧:៣៦​) ចុះ​ទម្រាំ​ទេវតា​ដ៏​ខ្លាំង​ក្លា​មួយ​កង​ទ័ព​អាច​ធ្វើ​លើស​ជាង​នេះ​យ៉ាង​ណា​ទៅ! គ្មាន​មនុស្ស​ឬ​វិញ្ញាណ​អាក្រក់​ណា អាច​យក​ឈ្នះ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​យេហូវ៉ា​បាន​ទេ។ គេ​ធ្លាប់​និយាយ​ថា សាក្សី​ដ៏​ស្មោះ​ត្រង់​ម្នាក់​បូក​និង​ព្រះ​យេហូវ៉ា ស្មើ​នឹង​គ្នា​ដ៏​ច្រើន​អនេក លើស​ជាង​ពួក​សត្រូវ។ (​ចៅ. ៦:១៦​) យើង​អាច​ជឿ​ជាក់​ថា​នេះ​ជា​ការ​ពិត! សូម​ចាំ​ជា​និច្ច​អំពី​អ្វី​ទាំង​នេះ​ពេល​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្វី​ដែល​អ្នក​រួម​ការងារ សិស្ស​រួម​ថ្នាក់ ឬ​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ​និយាយ​ឬ​ធ្វើ។ សូម​កុំ​ភ្លេច​ថា​អ្នក​មិន​មែន​ត​យុទ្ធ​ម្នាក់​ឯង​ទេ។ អ្នក​កំពុង​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​អ្នក​មាន​ការ​គាំទ្រ​ពី​លោក។

ព្រះ​យេហូវ៉ា​នឹង​បន្ត​ការ​ពារ​យើង

១៥. យោង​ទៅ​តាម​អេសាយ ៥៤:១៥, ១៧ ហេតុ​អ្វី​គ្មាន​អ្នក​ណា​អាច​បញ្ឈប់​រាស្ត្រ​របស់​ព្រះ​ពី​ការ​ផ្សព្វ​ផ្សាយ?

១៥ ពិភព​លោក​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​ស្អប់​យើង ដូច​ជា​យើង​កាន់​ជំហរ​អព្យាក្រឹត​ចំពោះ​រឿង​នយោបាយ ហើយ​មិន​ចូល​រួម​ក្នុង​សង្គ្រាម​ទេ។ យើង​ប្រកាស​អំពី​នាម​របស់​ព្រះ ផ្សព្វ​ផ្សាយ​ថា​មាន​តែ​រាជាណាចក្រ​របស់​លោក​ប៉ុណ្ណោះ​អាច​នាំ​មក​នូវ​សន្តិភាព និង​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ យើង​បក​អាក្រាត​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​ថា​ជា​អ្នក​ភូត​ភរ​ដ៏​ទុច្ចរិត​និង​ជា​ឃាតករ។ (​យ៉ូន. ៨:៤៤​) ម្យ៉ាង​ទៀត យើង​ប្រកាស​ថា​មិន​យូរ​ទៀត ពិភព​លោក​របស់​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ ប៉ុន្តែ សាថាន​និង​គ្នី​គ្នា​របស់​វា​នឹង​មិន​អាច​បញ្ឈប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​នឹង​បន្ត​សរសើរ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​បាន។ ទោះ​ជា​សាថាន​មាន​អំណាច​ខ្លាំង​ក្លា​ក្ដី វា​មិន​អាច​រា​រាំង​មនុស្ស​នៅ​ទូទាំង​ពិភព​លោក​ពី​ការ​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ឡើយ។ នេះ​គឺ​ដោយ​សារ​តែ​យើង​មាន​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា។—សូម​អាន អេសាយ ៥៤:១៥, ១៧

១៦. តើ​ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​រាស្ត្រ​របស់​លោក​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​តាម​របៀប​ណា​ខ្លះ?

១៦ តើ​អ្វី​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត? ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង ព្រះ​យេហូវ៉ា​នឹង​សង្គ្រោះ​យើង​តាម​របៀប​ដ៏​អស្ចារ្យ​ពីរ​យ៉ាង។ ទី​១ លោក​នឹង​សង្គ្រោះ​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​ក្នុង​អំឡុង​ពេល​ដែល​លោក​បណ្ដាល​ឲ្យ​ពួក​ស្ដេច​នៅ​ផែនដី​បំផ្លាញ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ពោល​គឺ​សាសនា​មិន​ពិត​ទាំង​ឡាយ។ (​បប. ១៧:១៦​-​១៨; ១៨:២,​) ទី​២ លោក​នឹង​សង្គ្រោះ​រាស្ត្រ​របស់​លោក​ពេល​ដែល​លោក​បំផ្លាញ​ផ្នែក​សេស​សល់​នៃ​ពិភព​លោក​របស់​សាថាន​នៅ​សង្គ្រាម​ហាម៉ាគេដូន។—បប. ៧:៩, ១០; ១៦:១៤, ១៦

១៧. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា?

១៧ ពេល​យើង​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា នោះ​សាថាន​មិន​អាច​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​រហូត​ទេ។ តាម​ពិត វា​ជា​បុគ្គល​ដែល​នឹង​ត្រូវ​បំផ្លាញ​ចោល​ជា​រៀង​រហូត។ (​រ៉ូម ១៦:២០​) ដូច្នេះ សូម​ទទួល​យក​គ្រប់​គ្រឿង​ចម្បាំង​ពី​ព្រះ ហើយ​ពាក់​វា​ជា​និច្ច! សូម​កុំ​ព្យាយាម​ត​យុទ្ធ​នឹង​សាថាន​និង​ពិភព​លោក​របស់​វា​តែ​ម្នាក់​ឯង​ឡើយ។ ចូរ​គាំ​ទ្រ​បង​ប្អូន​រួម​ជំនឿ ហើយ​ចូរ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ នឹង​ធ្វើ​ឲ្យ​អ្នក​មាំ​មួន ព្រម​ទាំង​ការ​ពារ​អ្នក។—អេ. ៤១:១០

ចម្រៀង​លេខ​១៤៩ ចម្រៀង​ជ័យ​ជម្នះ

^ វគ្គ 5 គម្ពីរ​សន្យា​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​យើង​មាំ​មួន ព្រម​ទាំង​ការ​ពារ​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ ហេតុ​អ្វី​យើង​ត្រូវ​ទទួល​ការ​ការ​ពារ? តើ​ព្រះ​យេហូវ៉ា​ការ​ពារ​យើង​តាម​របៀប​ណា? តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ?