លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១១

របៀបទទួលកម្លាំងចិត្តពីការអានបទគម្ពីរ

របៀបទទួលកម្លាំងចិត្តពីការអានបទគម្ពីរ

​«​ព្រះ . . . ផ្ដល់​សមត្ថភាព​ស៊ូ​ទ្រាំ​»។—រ៉ូម ១៥:៥

ចម្រៀង​លេខ​៩៤ ចូរ​ថ្លែង​អំណរ​គុណ​ដល់​ព្រះ​ដែល​បាន​ឲ្យ​បណ្ដាំ​លោក

សេចក្ដី​សង្ខេប *

១. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ?

តើ​អ្នក​កំពុង​ជួប​ទុក្ខ​លំបាក​ណា​មួយ​ឬ​ទេ? ប្រហែល​ជា​នោះ​មក​ពី​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត។ (​យ៉ា. ៣:២​) ប្រហែល​ជា​អ្នក​រួម​ការងារ ឬ​សិស្ស​រួម​ថ្នាក់​សើច​ចំអក​អ្នក ដោយ​សារ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ (​១ពេ. ៤:៣, ៤​) ឬ​ក៏​ប្រហែល​ជា​សមាជិក​ក្រុម​គ្រួសារ​ព្យាយាម​ឃាត់​អ្នក​មិន​ឲ្យ​ទៅ​កិច្ច​ប្រជុំ ឬ​មិន​ឲ្យ​និយាយ​អំពី​ជំនឿ​របស់​អ្នក​ទៅ​អ្នក​ឯ​ទៀត។ (​ម៉ាថ. ១០:៣៥, ៣៦​) បើ​ទុក្ខ​លំបាក​ណា​មួយ​ធ្វើ​ឲ្យ​អ្នក​ពិបាក​យ៉ាង​ខ្លាំង អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ចង់​ឈប់​ព្យាយាម។ ប៉ុន្តែ​មិន​ថា​អ្នក​ជួប​ការ​ពិបាក​ណា​ក្ដី អ្នក​អាច​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ប្រាជ្ញា​ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ និង​ផ្ដល់​កម្លាំង​ដល់​អ្នក​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ស្ថានភាព​នោះ។

២. យោង​ទៅ​តាម​រ៉ូម ១៥:៤ តើ​ការ​អាន​បណ្ដាំ​របស់​ព្រះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ​យេហូវ៉ា មាន​ការ​រៀប​រាប់​អំពី​របៀប​ដែល​បុគ្គល​មិន​ល្អ​ឥត​ខ្ចោះ​បាន​ប្រព្រឹត្ត​ពេល​ជួប​ទុក្ខ​លំបាក។ ហេតុ​អ្វី? គឺ​ដើម្បី​យើង​អាច​ទាញ​យក​មេ​រៀន​ពី​ពួក​គេ ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​បណ្ដាល​ឲ្យ​សាវ័ក​ប៉ូល​សរសេរ។ (​សូម​អាន រ៉ូម ១៥:៤) ការ​អាន​កំណត់​ហេតុ​ទាំង​នេះ​អាច​សម្រាល​ទុក្ខ​និង​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យ​យើង។ ប៉ុន្តែ​ដើម្បី​ទទួល​ប្រយោជន៍ យើង​មិន​គ្រាន់​តែ​ត្រូវ​អាន​គម្ពីរ​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ឲ្យ​បទ​គម្ពីរ​កែ​ប្រែ​គំនិត និង​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​យើង។ តើ​យើង​អាច​ធ្វើ​អ្វី​បើ​យើង​ត្រូវ​ការ​ការ​ណែនាំ​អំពី​បញ្ហា​ណា​មួយ? មាន​វិធី​បួន​យ៉ាង ដូច​ជា​៖ (​១​) អធិដ្ឋាន (​២​) ស្រមៃ​គិត (​៣​) រំពឹង​គិត និង​(​៤​) អនុវត្ត។ សូម​យើង​ពិចារណា​អំពី​របៀប​ធ្វើ​តាម​វិធី​ទាំង​បួន​នេះ។ * បន្ទាប់​មក យើង​នឹង​ប្រើ​វិធី​សិក្សា​នេះ​ដើម្បី​រៀន​ពី​កំណត់​ហេតុ​ក្នុង​ជីវិត​របស់​ស្ដេច​ដាវីឌ​និង​សាវ័ក​ប៉ូល។

១. អធិដ្ឋាន

មុន​ចាប់​ផ្ដើម​អាន​គម្ពីរ ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​អ្នក​អាន (​សូម​មើល​វគ្គ​៣​)

៣. មុន​ចាប់​ផ្ដើម​អាន​គម្ពីរ តើ​អ្នក​គួរ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

៣ ​(​១​) អធិដ្ឋាន។ មុន​ចាប់​ផ្ដើម​អាន​គម្ពីរ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ឃើញ​របៀប​ដែល​អ្នក​អាច​ទទួល​ប្រយោជន៍​ពី​អ្វី​ដែល​អ្នក​អាន។ ជា​ឧទាហរណ៍ បើ​អ្នក​កំពុង​ស្វែង​រក​ការ​ណែនាំ​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ចំពោះ​បញ្ហា​ណា​មួយ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​រក​ឃើញ​គោល​ការណ៍​ក្នុង​បណ្ដាំ​របស់​លោក​ដែល​អាច​ណែនាំ​អ្នក។—ភី. ៤:៦, ៧; យ៉ា. ១:៥

២. ស្រមៃ​គិត

ចូរ​ព្យាយាម​ដាក់​ខ្លួន​អ្នក​ជា​តួ​អង្គ​សំខាន់​ក្នុង​កំណត់​ហេតុ​គម្ពីរ​នោះ (​សូម​មើល​វគ្គ​៤​)

៤. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​កំណត់​ហេតុ​ក្នុង​គម្ពីរ​រស់​រវើក?

៤ ​(​២​) ស្រមៃ​គិត។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ គឺ​ការ​ស្រមៃ​គិត។ ដើម្បី​ធ្វើ​ឲ្យ​កំណត់​ហេតុ​នៅ​ក្នុង​គម្ពីរ​រស់​រវើក សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អ្វី​ដែល​កើត​ឡើង ហើយ​ដាក់​ខ្លួន​អ្នក​ជា​បុគ្គល​សំខាន់​ក្នុង​សាច់​រឿង​នោះ។ សូម​ព្យាយាម​ឃើញ​អ្វី​ដែល​តួ​អង្គ​នោះ​ឃើញ ហើយ​ដាក់​អារម្មណ៍​តាម​តួ​អង្គ​នោះ។

៣. រំពឹង​គិត

ចូរ​គិត​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​អ្នក​អាន ហើយ​អំពី​របៀប​ដែល​ព័ត៌មាន​នោះ​ជាប់​ទាក់​ទង​នឹង​អ្នក (​សូម​មើល​វគ្គ​៥​)

៥. តើ​ការ​រំពឹង​គិត​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​អ្នក​អាច​រំពឹង​គិត​យ៉ាង​ដូច​ម្ដេច?

៥ ​(​៣​) រំពឹង​គិត។ ការ​រំពឹង​គិត​មាន​ន័យ​ថា​យើង​គិត​យ៉ាង​ស៊ី​ជម្រៅ​អំពី​អ្វី​ដែល​យើង​អាន និង​អំពី​របៀប​ដែល​ព័ត៌មាន​នោះ​ទាក់​ទង​នឹង​យើង​ផ្ទាល់។ ការ​រំពឹង​គិត​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​ព័ត៌មាន​ផ្សេង​ៗ​ជាប់​ទាក់​ទង​គ្នា ហើយ​យល់​កាន់​តែ​ច្បាស់​អំពី​សាច់​រឿង​ណា​មួយ។ ការ​អាន​គម្ពីរ​ដោយ​មិន​រំពឹង​គិត​គឺ​ប្រៀប​ដូច​ជា​ការ​មើល​បំណែក​រូប​ផ្គុំ​ដែល​រាត់​រាយ​នៅ​លើ​តុ។ ប៉ុន្តែ​ការ​រំពឹង​គិត​គឺ​ប្រៀប​ដូច​ជា​ការ​ផ្គុំ​បំណែក​ទាំង​នោះ​ចូល​គ្នា​ដើម្បី​យើង​អាច​ឃើញ​រូប​ភាព​ទាំង​មូល។ ដើម្បី​ជួយ​អ្នក​ឲ្យ​រំពឹង​គិត អ្នក​អាច​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដូច​ត​ទៅ​៖ ‹តើ​តួ​អង្គ​សំខាន់​ក្នុង​កំណត់​ហេតុ​នេះ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ខ្លួន​ឯង? តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​ខ្ញុំ​អាច​អនុវត្ត​មេ​រៀន​ដែល​ខ្ញុំ​បាន​រៀន​នេះ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក?›។

៤. អនុវត្ត

ចូរ​ឲ្យ​ព័ត៌មាន​ដែល​អ្នក​បាន​រៀន ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រសើរ​ជាង មាន​សេចក្ដី​សុខ​សាន្ត​ច្រើន​ជាង និង​ពង្រឹង​ជំនឿ​របស់​អ្នក (​សូម​មើល​វគ្គ​៦​)

៦. ហេតុ​អ្វី​យើង​ត្រូវ​អនុវត្ត​អ្វី​ដែល​យើង​រៀន?

៦ ​(​៤​) អនុវត្ត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​បើ​យើង​មិន​អនុវត្ត​អ្វី​ដែល​យើង​រៀន យើង​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ដែល​សង់​ផ្ទះ​នៅ​លើ​ខ្សាច់។ គាត់​ខំ​ប្រឹង​ព្យាយាម ប៉ុន្តែ​ការ​ខំ​ប្រឹង​របស់​គាត់​គឺ​អសារ​ឥត​ការ។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​មាន​ទឹក​ជន់​ឡើង​និង​ខ្យល់​ព្យុះ​បក់​បោក​មក​លើ​ផ្ទះ​របស់​គាត់ វា​ក៏​បាក់​ស្រុត។ (​ម៉ាថ. ៧:២៤​-​២៧​) ស្រដៀង​គ្នា​ដែរ បើ​យើង​អធិដ្ឋាន ស្រមៃ​គិត និង​រំពឹង​គិត ប៉ុន្តែ​យើង​មិន​អនុវត្ត​អ្វី​ដែល​យើង​រៀន នោះ​ការ​ខំ​ប្រឹង​របស់​យើង​នឹង​ទៅ​ជា​អសារ​ឥត​ការ។ យ៉ាង​នេះ ពេល​យើង​ជួប​បញ្ហា​ឬ​ទទួល​ការ​បៀត​បៀន ជំនឿ​របស់​យើង​នឹង​មិន​រឹង​មាំ​គ្រប់​គ្រាន់​ដើម្បី​ទប់​ទល់​នឹង​អ្វី​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​សិក្សា​និង​អនុវត្ត​អ្វី​ដែល​យើង​រៀន យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រសើរ​ជាង មាន​សេចក្ដី​សុខ​សាន្ត​ច្រើន​ជាង និង​មាន​ជំនឿ​មាំ​មួន​ជាង។ (​អេ. ៤៨:១៧, ១៨​) ដោយ​ប្រើ​វិធី​ទាំង​បួន​ដែល​យើង​បាន​ពិចារណា​ខាង​លើ សូម​យើង​គិត​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​កំណត់​ហេតុ​មួយ​ក្នុង​ជីវិត​របស់​ស្ដេច​ដាវីឌ។

តើ​អ្នក​អាច​រៀន​អ្វី​ពី​ស្ដេច​ដាវីឌ?

៧. តើ​យើង​នឹង​ពិចារណា​កំណត់​ហេតុ​អ្វី​ក្នុង​គម្ពីរ?

តើ​មិត្ត​ភក្ដិ​ឬ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក​បាន​ក្បត់​អ្នក​ឬ​ទេ? បើ​ដូច្នេះ អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​ឡើង​វិញ​អំពី​កំណត់​ហេតុ​នៃ​អាប់សាឡំម​ដែល​ជា​អ្នក​ក្បត់​ស្ដេច​ដាវីឌ​ជា​ឪពុក​ខ្លួន​ឯង ហើយ​ព្យាយាម​ដណ្ដើម​យក​រាជាណាចក្រ​ពី​គាត់។—២សាំ. ១៥:៥​-​១៤, ៣១; ១៨:៦​-​១៤

៨. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា?

៨ ​(​១​) អធិដ្ឋាន។ ដោយ​នឹក​ចាំ​អំពី​កំណត់​ហេតុ​នេះ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក​ចំពោះ​អំពើ​មិន​ល្អ​ដែល​គេ​បាន​ប្រព្រឹត្ត​មក​លើ​អ្នក។ (​ទំនុក. ៦:៦​-​៩​) សូម​និយាយ​ចំ​ៗ​ទៅ​ព្រះ​យេហូវ៉ា។ បន្ទាប់​មក ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​រក​ឃើញ​គោល​ការណ៍​ដែល​អាច​ណែនាំ​អ្នក​កាល​ដែល​អ្នក​ប្រឈម​មុខ​នឹង​ការ​ពិបាក​នោះ។

៩. សូម​សង្ខេប​អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​រវាង​ដាវីឌ​និង​អាប់សាឡំម។

៩ ​(​២​) ស្រមៃ​គិត។ សូម​គិត​អំពី​ព្រឹត្តិការណ៍​ក្នុង​កំណត់​ហេតុ​នេះ ហើយ​ស្រមៃ​គិត​ថា​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​ដាវីឌ។ អាប់សាឡំម​ដែល​ជា​កូន​ដាវីឌ​ខំ​អស់​ជា​ច្រើន​ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​បណ្ដា​ជន​ស្រឡាញ់​គាត់។ (​២សាំ. ១៥:៧​) ពេល​អាប់សាឡំម​មាន​អារម្មណ៍​ថា​គឺ​ដល់​ពេល គាត់​ចាត់​ពួក​បុរស​របស់​គាត់​ដោយ​សម្ងាត់​ឲ្យ​ទៅ​ទូទាំង​ស្រុក​អ៊ីស្រាអែល​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​បណ្ដា​ជន​ទទួល​យក​គាត់​ជា​ស្ដេច​របស់​ពួក​គេ។ គាត់​ថែម​ទាំង​បញ្ចុះ​បញ្ចូល​អ័ហ៊ីថូផែល​ដែល​ជា​អ្នក​ប្រឹក្សា​និង​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​ដាវីឌ​ឲ្យ​រួម​ដៃ​ក្នុង​ការ​បះ​បោរ​នោះ។ អាប់សាឡំម​តាំង​ខ្លួន​ជា​ស្ដេច ហើយ​ក្រោយ​មក​ព្យាយាម​ចាប់​និង​សម្លាប់​ដាវីឌ​ដែល​ប្រហែល​ជា​ឈឺ​ធ្ងន់​នៅ​ពេល​នោះ។ (​ទំនុក. ៤១:១​-​៩​) ដាវីឌ​ឮ​អំពី​គម្រោង​ការ​អាក្រក់​នោះ ហើយ​រត់​ចេញ​ពី​ក្រុង​យេរូសាឡិម។ ក្រោយ​មក កង​ទ័ព​របស់​អាប់សាឡំម​បាន​ច្បាំង​នឹង​កង​ទ័ព​ដែល​ស្មោះ​ត្រង់​ចំពោះ​ដាវីឌ។ កង​ទ័ព​បះ​បោរ​នោះ​ចាញ់​ចម្បាំង ហើយ​អាប់សាឡំម​ជា​កូន​របស់​ដាវីឌ​បាន​ត្រូវ​គេ​សម្លាប់។

១០. តើ​ស្ដេច​ដាវីឌ​អាច​មាន​ប្រតិកម្ម​យ៉ាង​ណា?

១០ រួច​មក សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ដាវីឌ​កាល​ដែល​រឿង​ទាំង​អស់​នេះ​កើត​ឡើង​ចំពោះ​គាត់។ ដាវីឌ​ស្រឡាញ់​អាប់សាឡំម​និង​ទុក​ចិត្ត​អ័ហ៊ីថូផែល ប៉ុន្តែ​បុគ្គល​ជិត​ស្និទ្ធ​ទាំង​ពីរ​នាក់​នេះ​បាន​ក្បត់​គាត់ ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង និង​ថែម​ទាំង​ព្យាយាម​សម្លាប់​គាត់។ ហេតុ​នេះ ដាវីឌ​អាច​សង្ស័យ​មិត្ត​ភក្តិ​ឯ​ទៀត​ថា​ពួក​គេ​ក៏​រួម​ដៃ​ជា​មួយ​នឹង​អាប់សាឡំម​ដែរ។ គាត់​អាច​គិត​តែ​អំពី​ខ្លួន​ឯង ហើយ​ចង់​រត់​គេច​តែ​ម្នាក់​ឯង ឬ​គាត់​អាច​លែង​ត​ស៊ូ​ព្យាយាម​ទៀត។ ប៉ុន្តែ​ដាវីឌ​មិន​បាន​ធ្វើ​អ្វី​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​យក​ឈ្នះ​ទុក្ខ​លំបាក​នេះ។ ហេតុ​អ្វី​គាត់​អាច​ធ្វើ​ដូច្នេះ​បាន?

១១. តើ​ដាវីឌ​បាន​ធ្វើ​អ្វី?

១១ ​(​៣​) រំពឹង​គិត។ តើ​អ្នក​អាច​រៀន​គោល​ការណ៍​អ្វី​ខ្លះ​ពី​កំណត់​ហេតុ​នោះ? សូម​ឆ្លើយ​សំណួរ​ថា ​«​តើ​ដាវីឌ​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ខ្លួន​ឯង?​»។ ដាវីឌ​មិន​បាន​ស្លន់​ស្លោ ហើយ​មិន​បាន​ឆាប់​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា​ទេ។ គាត់​ក៏​មិន​បាន​បង្អែ​បង្អង់ ហាក់​ដូច​ជា​ភ័យ​រហូត​ដល់​ទាល់​គំនិត​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ឡើយ។ តែ​គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ គាត់​ក៏​បាន​សុំ​ជំនួយ​ពី​មិត្ត​ភក្តិ​ផង​ដែរ។ ម្យ៉ាង​ទៀត គាត់​បាន​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​គាត់។ ទោះ​ជា​ដាវីឌ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ក្ដី គាត់​មិន​ចេះ​តែ​សង្ស័យ​អ្នក​ឯ​ទៀត និង​មាន​អារម្មណ៍​ថា​ជីវិត​ខ្លួន​ល្វីង​ជូរ​ចត់​ឡើយ។ គាត់​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​មិត្ត​សម្លាញ់​របស់​គាត់។

១២. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​ជួយ​ដាវីឌ?

១២ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ដាវីឌ​យ៉ាង​ដូច​ម្ដេច? បើ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ថែម​ទៀត អ្នក​នឹង​រៀន​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​កម្លាំង​ដល់​ដាវីឌ​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នេះ។ (​ទំនុក. ៣:១​-​៨; ពាក្យ​ផ្ដើម​) ព្រះ​យេហូវ៉ា​ក៏​បាន​ឲ្យ​ពរ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ដាវីឌ​ដែរ។ ម្យ៉ាង​ទៀត លោក​បាន​គាំទ្រ​មិត្ត​ភក្តិ​ដ៏​ស្មោះ​ត្រង់​របស់​ដាវីឌ​កាល​ដែល​ពួក​គេ​ត​ស៊ូ​ដើម្បី​ការ​ពារ​ស្ដេច​របស់​ពួក​គេ។

១៣. បើ​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចិត្ត តើ​អ្នក​អាច​យក​តម្រាប់​ដាវីឌ​តាម​របៀប​ណា? (​ម៉ាថាយ ១៨:១៥​-​១៧​)

១៣ ​(​៤​) អនុវត្ត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​យក​តម្រាប់​ដាវីឌ​យ៉ាង​ដូច​ម្ដេច?›។ ចូរ​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ដោះ​ស្រាយ​បញ្ហា។ អាស្រ័យ​លើ​ស្ថានភាព​របស់​អ្នក អ្នក​អាច​យក​ឱវាទ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ជំពូក​១៨ មក​អនុវត្ត​ជា​គោល​ការណ៍ ឬ​អនុវត្ត​ចំ​ៗ។ (​សូម​អាន ម៉ាថាយ ១៨:១៥​-​១៧) ប៉ុន្តែ អ្នក​មិន​គួរ​ធ្វើ​ការ​សម្រេច​ចិត្ត​លឿន ទៅ​តាម​អារម្មណ៍​ទេ។ អ្នក​គួរ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ស្ងប់ និង​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ។ សូម​បន្ត​ទុក​ចិត្ត​មិត្ត​ភក្តិ​របស់​អ្នក ហើយ​ទទួល​ជំនួយ​ពី​ពួក​គេ។ (​សុភ. ១៧:១៧​) សំខាន់​បំផុត ចូរ​ធ្វើ​តាម​យោបល់​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​អ្នក​ក្នុង​បណ្ដាំ​របស់​លោក។—សុភ. ៣:៥, ៦

តើ​អ្នក​អាច​រៀន​អ្វី​ពី​ប៉ូល?

១៤. តើ​ធីម៉ូថេ​ទី​២ ១:១២​-​១៦; ៤:៦​-​១១, ១៧​-​២២ អាច​លើក​ទឹក​ចិត្ត​អ្នក​នៅ​ពេល​ណា​ខ្លះ?

១៤ តើ​ក្រុម​គ្រួសារ​របស់​អ្នក​កំពុង​ប្រឆាំង​អ្នក​ដោយ​សារ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​អ្នក​រស់​នៅ​ប្រទេស​ដែល​សកម្មភាព​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​ត្រូវ​ដាក់​កម្រិត​យ៉ាង​តឹង​រ៉ឹង ឬ​ថែម​ទាំង​ដាក់​បម្រាម​ឬ​ទេ? បើ​មែន អ្នក​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ការ​អាន​ធីម៉ូថេ​ទី​២ ១:១២​-​១៦ និង​៤:៦​-​១១, ១៧​-​២២ * ប៉ូល​បាន​សរសេរ​ខ​គម្ពីរ​ទាំង​នេះ​ពេល​គាត់​ជាប់​គុក។

១៥. តើ​អ្នក​អាច​សុំ​អ្វី​ពី​ព្រះ​យេហូវ៉ា?

១៥ ​(​១​) អធិដ្ឋាន។ មុន​អាន​បទ​គម្ពីរ​ទាំង​នោះ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​បញ្ហា​របស់​អ្នក ហើយ​ថា​បញ្ហា​នោះ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា។ សូម​និយាយ​ចំ​ៗ​ទៅ​លោក។ បន្ទាប់​មក ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​រក​ឃើញ​គោល​ការណ៍​ពី​កំណត់​ហេតុ​ទាំង​នោះ​អំពី​ទុក្ខ​លំបាក​របស់​ប៉ូល ដែល​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​គួរ​ធ្វើ​អ្វី។

១៦. សូម​សង្ខេប​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប៉ូល។

១៦ ​(​២​) ស្រមៃ​គិត។ សូម​ស្រមៃ​គិត​ថា​ខ្លួន​អ្នក​នៅ​ក្នុង​ស្ថានភាព​របស់​ប៉ូល។ គាត់​ជាប់​ច្រវាក់​នៅ​ក្នុង​គុក​មួយ​នា​ក្រុង​រ៉ូម។ ទោះ​ជា​នេះ​មិន​មែន​ជា​លើក​ទី​១​ដែល​គាត់​ជាប់​គុក​ក្ដី តែ​លើក​នេះ​ខុស​គ្នា ព្រោះ​គាត់​ដឹង​ថា​គេ​នឹង​ប្រហារ​ជីវិត​គាត់។ បង​ប្អូន​ខ្លះ​បាន​បោះ​បង់​ចោល​គាត់ ហើយ​គាត់​នឿយ​ហត់​ណាស់។—២ធី. ១:១៥

១៧. តើ​ប៉ូល​អាច​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៧ ប៉ូល​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​អតីតកាល ដោយ​គិត​ថា​បើ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ផ្សេង គេ​ប្រហែល​ជា​នឹង​មិន​ចាប់​ខ្លួន​គាត់​ទេ។ គាត់​អាច​ខឹង​ពួក​បុរស​នៅ​តំបន់​អាស៊ី​ដែល​បោះ​បង់​ចោល​គាត់ ហើយ​ឈប់​ទុក​ចិត្ត​មិត្ត​ភក្តិ​ផ្សេង​ទៀត។ ប៉ុន្តែ​ប៉ូល​មិន​បាន​ធ្វើ​ដូច្នេះ​ឡើយ។ ហេតុ​អ្វី​គាត់​នៅ​តែ​អាច​មាន​ការ​ជឿ​ជាក់​និង​សេចក្ដី​សង្ឃឹម?

១៨. តើ​ប៉ូល​បាន​ធ្វើ​អ្វី?

១៨ ​(​៣​) រំពឹង​គិត។ សូម​ឆ្លើយ​សំណួរ​ថា ​«​តើ​ប៉ូល​បាន​ជួយ​ខ្លួន​ឯង​យ៉ាង​ដូច​ម្ដេច?​»។ ទោះ​ជា​ប៉ូល​ហៀប​នឹង​ស្លាប់​ក្ដី គាត់​មិន​បាន​ភ្លេច​រឿង​ដ៏​សំខាន់ ពោល​គឺ​ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​លើក​តម្កើង។ គាត់​បាន​បន្ត​គិត​អំពី​របៀប​ដែល​គាត់​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ គាត់​ក៏​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ជា​ទៀង​ទាត់។ (​២ធី. ១:៣​) ជា​ជាង​គិត​ច្រើន​ពេក​អំពី​ពួក​អ្នក​ដែល​បោះ​បង់​ចោល​គាត់ គាត់​បាន​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ការ​គាំទ្រ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ ពី​មិត្ត​ភក្តិ​ដែល​បាន​ជួយ​គាត់​យ៉ាង​ស្មោះ​តាម​របៀប​ផ្សេង​ៗ។ បន្ថែម​ទៅ​ទៀត ប៉ូល​បន្ត​សិក្សា​បណ្ដាំ​របស់​ព្រះ។ (​២ធី. ៣:១៦, ១៧; ៤:១៣​) សំខាន់​បំផុត គាត់​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​គាត់ ហើយ​មិន​បាន​បោះ​បង់​ចោល​គាត់​ទេ។ គាត់​ក៏​ជឿ​ជាក់​ថា លោក​ទាំង​ពីរ​នឹង​ផ្ដល់​រង្វាន់​ចំពោះ​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​គាត់។

១៩. តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១៩ ព្រះ​យេហូវ៉ា​បាន​ព្រមាន​ប៉ូល​ថា​គាត់​នឹង​ទទួល​ការ​បៀត​បៀន​ដោយ​សារ​គាត់​ជា​គ្រិស្ត​សាសនិក។ (​សកម្ម. ២១:១១​-​១៣​) តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ប៉ូល​យ៉ាង​ដូច​ម្ដេច? លោក​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ហើយ​បាន​ពង្រឹង​កម្លាំង​គាត់។ (​២ធី. ៤:១៧​) ប៉ូល​បាន​ទទួល​ការ​បញ្ជាក់​ថា​គាត់​នឹង​ទទួល​រង្វាន់​ដែល​គាត់​បាន​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​ចាប់​យក។ ព្រះ​យេហូវ៉ា​ក៏​បាន​ជំរុញ​ចិត្ត​មិត្ត​ដ៏​ស្មោះ​ត្រង់​របស់​ប៉ូល​ឲ្យ​ផ្ដល់​ជំនួយ​ដល់​គាត់​ដែរ។

២០. ដូច​បាន​បង្ហាញ​នៅ​រ៉ូម ៨:៣៨, ៣៩ តើ​អ្នក​អាច​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

២០ ​(​៤​) អនុវត្ត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាច​យក​តម្រាប់​ប៉ូល​តាម​របៀប​ណា?›។ ដូច​ប៉ូល យើង​គួរ​រំពឹង​ថា​យើង​នឹង​ទទួល​ការ​បៀត​បៀន​ដោយ​សារ​ជំនឿ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត។ (​ម៉ាក. ១០:២៩, ៣០​) ដើម្បី​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ពេល​មាន​ទុក្ខ​លំបាក យើង​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន ហើយ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​បណ្ដាំ​របស់​លោក។ យើង​ក៏​ត្រូវ​ចាំ​ជា​និច្ច​ថា​អ្វី​ដ៏​សំខាន់​បំផុត​មួយ​ដែល​យើង​អាច​ធ្វើ គឺ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង ហើយ​ថា​គ្មាន​អ្វី​ដែល​អ្នក​ឯ​ទៀត​អាច​ធ្វើ​ដើម្បី​កាត់​ផ្ដាច់​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​យើង​ឡើយ។—សូម​អាន រ៉ូម ៨:៣៨, ៣៩; ហេ. ១៣:៥, ៦

ចូរ​រៀន​ពី​បុគ្គល​ឯ​ទៀត​ក្នុង​គម្ពីរ

២១. តើ​អ្វី​បាន​ជួយ​បង​អៃយ៉ា​និង​ប្អូន​ហិចតឺ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ដែល​ពួក​គាត់​ជួប?

២១ មិន​ថា​យើង​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ យើង​អាច​ទទួល​កម្លាំង​ពី​គំរូ​របស់​បុគ្គល​ផ្សេង​ៗ​ក្នុង​គម្ពីរ។ ជា​ឧទាហរណ៍ បង​ស្រី​អៃយ៉ា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​ជប៉ុន​និយាយ​ថា រឿង​យ៉ូណាស​បាន​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​សាធារណៈ។ ប្អូន​ប្រុស​យុវវ័យ​ម្នាក់​ឈ្មោះ​ហិចតឺ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​ឪពុក​ម្ដាយ​មិន​បម្រើ​ព្រះ​យេហូវ៉ា និយាយ​ថា​គំរូ​របស់​រូថ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក។

២២. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ឈុត​សម្ដែង​អំពី​គម្ពីរ ឬ​អត្ថបទ​ត​ភាគ​«​ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់​»​?

២២ តើ​អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ថែម​ទៀត​អំពី​បុគ្គល​ក្នុង​គម្ពីរ​ដែល​អាច​ពង្រឹង​កម្លាំង​អ្នក​នៅ​ឯ​ណា? វីដេអូ អំណាន​គម្ពីរ​បែប​ល្ខោន​និយាយ និង​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់​»​ជួយ​ធ្វើ​ឲ្យ​កំណត់​ហេតុ​ក្នុង​គម្ពីរ​រស់​រវើក។ * មុន​មើល ស្ដាប់ ឬ​អាន​កំណត់​ហេតុ​ទាំង​នេះ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​រក​ឃើញ​មេ​រៀន​សំខាន់​ដែល​អ្នក​អាច​អនុវត្ត។ សូម​ស្រមៃ​គិត​ថា​អ្នក​ជា​តួ​អង្គ​សំខាន់​ក្នុង​កំណត់​ហេតុ​នោះ។ សូម​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ទាំង​នេះ​បាន​ធ្វើ និង​របៀប​ដែល​លោក​បាន​ជួយ​ពួក​គេ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក។ បន្ទាប់​មក សូម​ស្វែង​យល់​ថា​តើ​មេ​រៀន​នោះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ស្ថានភាព​របស់​អ្នក។ ចូរ​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​ជំនួយ​ដែល​លោក​កំពុង​ផ្ដល់​ឲ្យ​អ្នក។ ចូរ​បង្ហាញ​ថា​អ្នក​ឲ្យ​តម្លៃ​ចំពោះ​ជំនួយ​នោះ ដោយ​រក​មើល​ឱកាស​ដើម្បី​លើក​ទឹក​ចិត្ត​និង​គាំទ្រ​អ្នក​ឯ​ទៀត។

២៣. យោង​ទៅ​តាម​អេសាយ ៤១:១០, ១៣ តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ធ្វើ​អ្វី​ចំពោះ​យើង?

២៣ ជីវិត​ក្នុង​ពិភព​លោក​នេះ​ដែល​គ្រប់​គ្រង​ដោយ​សាថាន​អាច​លំបាក​ណាស់ ហើយ​ជួន​កាល​យើង​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ទេ។ (​២ធី. ៣:១​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ឬ​ភ័យ​ខ្លាច​ឡើយ។ ព្រះ​យេហូវ៉ា​ដឹង​ថា​យើង​កំពុង​ជួប​រឿង​អ្វី​ខ្លះ។ ពេល​យើង​ត្រូវ​ការ​ជំនួយ លោក​សន្យា​ថា​លោក​នឹង​ទ្រ​យើង​ឬ​កាន់​ដៃ​យើង​ដោយ​ដៃ​ស្ដាំ​ដ៏​ខ្លាំង​ក្លា​របស់​លោក។ (​សូម​អាន អេសាយ ៤១:១០, ១៣) ដោយ​ជឿ​ជាក់​ទាំង​ស្រុង​លើ​ការ​គាំទ្រ​ពី​លោក យើង​អាច​ទទួល​កម្លាំង​ពី​បទ​គម្ពីរ ហើយ​យក​ឈ្នះ​ការ​ពិបាក​ណា​ក៏​ដោយ។

ចម្រៀង​លេខ​៩៦ សៀវភៅ​របស់​ព្រះ​ជា​សម្បត្តិ​វិសេស

^ វគ្គ 5 កំណត់​ហេតុ​ជា​ច្រើន​ក្នុង​គម្ពីរ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​បម្រើ​របស់​លោក ហើយ​ថា​លោក​នឹង​ជួយ​ពួក​គេ​ឲ្យ​ឆ្លង​កាត់​ទុក្ខ​លំបាក​ណា​ក៏​ដោយ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ការ​សិក្សា​ផ្ទាល់​ខ្លួន​ដែល​នឹង​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ថែម​ទៀត​ពី​កំណត់​ហេតុ​គម្ពីរ​ដែល​យើង​អាន។

^ វគ្គ 2 វិធី​សិក្សា​ដែល​បាន​ត្រូវ​លើក​ឡើង​នៅ​ទី​នេះ​គ្រាន់​តែ​ជា​របៀប​មួយ​ដែល​អ្នក​អាច​ធ្វើ​តាម វិធី​ឯ​ទៀត​សម្រាប់​សិក្សា​គម្ពីរ​អាច​រក​ឃើញ​នៅ​ជំនួយ​ស្រាវ​ជ្រាវ​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា ក្រោម​ប្រធានបទ​«​គម្ពីរ​បរិសុទ្ធ​»​ និង​ចំណង​ជើង​តូច​«​ការ​អាន​និង​ការ​យល់​គម្ពីរ​»។

^ វគ្គ 14 សូម​កុំ​អាន​បទ​គម្ពីរ​ទាំង​នេះ​ក្នុង​អំឡុង​ពេល​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ក្នុង​ក្រុម​ជំនុំ​ឡើយ។

^ វគ្គ 22 សូម​មើល​អត្ថបទ​ត​ភាគ​«​ចូរ​យក​តម្រាប់​ជំនឿ​របស់​ពួក​គាត់​»​ បុរស​និង​ស្ត្រី​នៅ​សម័យ​គម្ពីរ នៅ​គេហទំព័រ​jw.org/km។ (​សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ ▸ ​«​ជំនឿ​លើ​ព្រះ​»​)