លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១០

សូមឲ្យក្រុមជំនុំទាំងមូលជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹក

សូមឲ្យក្រុមជំនុំទាំងមូលជួយសិស្សគម្ពីរឲ្យទទួលការជ្រមុជទឹក

​«​អវយវៈ​នី​មួយ​ៗ . . . ធ្វើ​ឲ្យ​រូប​កាយ​ទាំង​មូល​ធំ​លូត​លាស់​»។—អេភ. ៤:១៦

ចម្រៀង​លេខ​៨៥ ចូរ​ទទួល​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក

សេចក្ដី​សង្ខេប *

១​-​២. តើ​អ្នក​ណា​ខ្លះ​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក?

បង​ស្រី​អេមី​ដែល​រស់​នៅ​កោះ​ហ្វីជី​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ការ​សិក្សា​គម្ពីរ​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ដឹង​ថា​នោះ​ជា​សេចក្ដី​ពិត។ ប៉ុន្តែ​គឺ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ ទើប​ខ្ញុំ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក​»។ បទ​ពិសោធន៍​នេះ​បង្ហាញ​យើង​អំពី​អ្វី​ដ៏​សំខាន់​មួយ​គឺ សិស្ស​គម្ពីរ​នឹង​ទំនង​ជា​បន្ត​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក ពេល​គាត់​ទទួល​ជំនួយ​ពី​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។

អ្នក​ផ្សាយ​ម្នាក់​ៗ​អាច​ជួយ​អ្នក​ថ្មី​ឲ្យ​ចូល​ក្នុង​ក្រុម​ជំនុំ។ (​អេភ. ៤:១៦​) បង​ស្រី​ឡេឡានី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ដែល​រស់​នៅ​កោះ​វ៉ានូទូ និយាយ​ថា​៖ ​«​មាន​សុភាសិត​មួយ​ចែង​ថា គឺ​ត្រូវ​ការ​មនុស្ស​មួយ​ភូមិ​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ម្នាក់។ ខ្ញុំ​គិត​ថា ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ក៏​ដូច​គ្នា​ដែរ។ តាម​ធម្មតា​គឺ​ត្រូវ​ការ​បង​ប្អូន​មួយ​ក្រុម​ជំនុំ​ដើម្បី​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ចូល​សេចក្ដី​ពិត​»។ ជា​ឧទាហរណ៍ កូន​ក្មេង​ត្រូវ​ការ​ជំនួយ​ពី​ឪពុក​ម្ដាយ សាច់​ញាតិ មិត្ត​ភក្តិ និង​គ្រូ​បង្រៀន​ដើម្បី​គាត់​អាច​ទៅ​ជា​មនុស្ស​ធំ​ដឹង​ក្ដី។ បុគ្គល​ទាំង​នោះ​លើក​ទឹក​ចិត្ត​គាត់​និង​បង្រៀន​មេ​រៀន​ដ៏​សំខាន់​ដល់​គាត់។ ស្រដៀង​គ្នា​ដែរ អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ៗ​អាច​ផ្ដល់​ការ​ណែនាំ ការ​លើក​ទឹក​ចិត្ត ហើយ​ទុក​គំរូ​ល្អ​ឲ្យ​សិស្ស​គម្ពីរ។ នេះ​នឹង​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។—សុភ. ១៥:២២

៣. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​អាណា ដូរិន និង​ឡេឡានី?

ហេតុ​អ្វី​អ្នក​បង្រៀន​គម្ពីរ​សប្បាយ​ចិត្ត​ពេល​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជួយ​សិស្ស​គម្ពីរ​របស់​គាត់? សូម​គិត​អំពី​ពាក្យ​របស់​បង​ស្រី​អាណា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​ម៉ុលដាវី។ គាត់​និយាយ​ថា​៖ ​«​គឺ​ពិបាក​ណាស់​ឲ្យ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​បំពេញ​សេចក្ដី​ត្រូវ​ការ​ទាំង​អស់​ដែល​សិស្ស​គម្ពីរ​មាន​ពេល​គាត់​ចាប់​ផ្ដើម​រីក​ចម្រើន​»។ បង​ប្រុស​ដូរិន​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​នោះ​ដែរ និយាយ​ថា​៖ ​«​ច្រើន​ដង​អ្នក​ផ្សាយ​ឯ​ទៀត​និយាយ​អ្វី​ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​សិស្ស ជា​អ្វី​ដែល​ខ្ញុំ​មិន​បាន​នឹក​ឃើញ​ទាល់​តែ​សោះ​»។ បង​ឡេឡានី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ លើក​ឡើង​ចំណុច​មួយ​ទៀត​ថា​៖ ​«​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ដែល​បង​ប្អូន​ឯ​ទៀត​បង្ហាញ​ដល់​សិស្ស​គម្ពីរ​អាច​ជួយ​គាត់​ឲ្យ​ចេះ​សម្គាល់​ថា​អ្នក​ណា​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។—យ៉ូន. ១៣:៣៥

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច បើ​ខ្ញុំ​មិន​មែន​ជា​អ្នក​បង្រៀន​គម្ពីរ​ដល់​គាត់?›។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​យើង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ និង​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​សិស្ស​គម្ពីរ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ។ យើង​ក៏​នឹង​គិត​ដែរ​អំពី​របៀប​ដែល​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

ពេល​ចូល​រួម​ការ​សិក្សា​គម្ពីរ

ពេល​ចូល​រួម​ការ​សិក្សា​របស់​បង​ប្អូន​ណា​ម្នាក់ ចូរ​រៀបចំ​ទុក​ជា​មុន (​សូម​មើល​វគ្គ​៥​-​៧​)

៥. បើ​អ្នក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ តើ​អ្នក​មាន​តួ​នាទី​អ្វី?

ក្នុង​អំឡុង​ការ​សិក្សា​គម្ពីរ អ្នក​បង្រៀន​មាន​ភារកិច្ច​ដ៏​សំខាន់​ចម្បង​ក្នុង​ការ​ជួយ​សិស្ស​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ។ បើ​អ្នក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ អ្នក​គួរ​មាន​ទស្សនៈ​ថា​អ្នក​ជា​ជំនួយ​របស់​អ្នក​បង្រៀន។ តួ​នាទី​របស់​អ្នក​គឺ​គាំទ្រ​គាត់។ (​សាស្ដ. ៤:៩, ១០​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ធ្វើ​ជា​អ្នក​ជួយ​ដ៏​ល្អ​ក្នុង​អំឡុង​ការ​សិក្សា​នោះ?

៦. ពេល​អ្នក​ចូល​រួម​ការ​សិក្សា​គម្ពីរ តើ​អ្នក​អាច​ធ្វើ​តាម​គោល​ការណ៍​នៅ​សុភាសិត ២០:១៨​តាម​របៀប​ណា?

ចូរ​រៀបចំ​ទុក​ជា​មុន។ ដំបូង ចូរ​សុំ​អ្នក​បង្រៀន​ឲ្យ​រៀប​រាប់​ខ្លះ​ៗ​អំពី​សិស្ស​គម្ពីរ​នោះ។ (​សូម​អាន សុភាសិត ២០:១៨) អ្នក​អាច​សួរ​គាត់​ថា​៖ ​«​តើ​សិស្ស​គម្ពីរ​នោះ​ជា​នរណា? តើ​បង​នឹង​សិក្សា​មេ​រៀន​អ្វី​ជា​មួយ​គាត់? តើ​បង​ចង់​ឲ្យ​គាត់​រៀន​អ្វី​ពី​ការ​សិក្សា​នេះ? តើ​មាន​អ្វី​ដែល​ខ្ញុំ​គួរ​ឬ​មិន​គួរ​និយាយ​ឬ​ធ្វើ​នៅ​ពេល​បង្រៀន​គាត់​ឬ​ទេ? តើ​អ្វី​ប្រហែល​ជា​នឹង​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន?​»។ សាសនទូត​ម្នាក់​ឈ្មោះ​ជយ​និយាយ​ជា​មួយ​ពួក​អ្នក​ដែល​ចូល​រួម​ការ​សិក្សា​គម្ពីរ​ជា​មួយ​គាត់​អំពី​រឿង​ទាំង​នេះ។ គាត់​និយាយ​ថា​៖ ​«​ការ​និយាយ​គ្នា​អំពី​រឿង​បែប​នេះ ជួយ​ដៃ​គូ​ខ្ញុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិស្ស​គម្ពីរ ហើយ​ដឹង​ថា​គាត់​អាច​ជួយ​យ៉ាង​ណា​ខ្លះ​ក្នុង​ការ​សិក្សា​នោះ​»។ ពិត​មែន​ថា​អ្នក​បង្រៀន​នឹង​មិន​ប្រាប់​រឿង​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​សិស្ស​គម្ពីរ​ទេ តែ​អ្វី​ដែល​គាត់​ប្រាប់​អាច​មាន​ប្រយោជន៍។

៧. ហេតុ​អ្វី​អ្នក​ត្រូវ​រៀបចំ​ទុក​ជា​មុន​ដើម្បី​ចូល​រួម​ការ​សិក្សា​របស់​បង​ប្អូន​ឯ​ទៀត?

បើ​អ្នក​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ការ​សិក្សា​គម្ពីរ គឺ​ជា​ការ​ល្អ​ដែល​អ្នក​រៀបចំ​មេ​រៀន​ទុក​ជា​មុន។ (​អែស. ៧:១០​) បង​ដូរិន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដៃ​គូ​រៀបចំ​ទុក​ជា​មុន។ យ៉ាង​នេះ គាត់​អាច​មាន​ចំណែក​ដែល​ពិត​ជា​មាន​ប្រយោជន៍​»។ ម្យ៉ាង​ទៀត សិស្ស​គម្ពីរ​ទំនង​ជា​នឹង​ឃើញ​ថា​អ្នក​ទាំង​ពីរ​បាន​រៀបចំ​យ៉ាង​ល្អ ហើយ​នេះ​នឹង​ទុក​គំរូ​ល្អ​ឲ្យ​គាត់។ ទោះ​ជា​អ្នក​មិន​បាន​រៀបចំ​មេ​រៀន​យ៉ាង​ដិត​ដល់​ក្ដី សូម​លៃ​ទុក​ពេល​ដើម្បី​រក​ចំណុច​សំខាន់​ៗ។

៨. ពេល​ចូល​រួម​ការ​សិក្សា​គម្ពីរ តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​សេចក្ដី​អធិដ្ឋាន​របស់​អ្នក​កាន់​តែ​មាន​ន័យ?

សេចក្ដី​អធិដ្ឋាន​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​សិក្សា​គម្ពីរ។ ដូច្នេះ សូម​គិត​ទុក​ជា​មុន​អំពី​អ្វី​ដែល​អ្នក​នឹង​និយាយ បើ​អ្នក​បាន​ត្រូវ​សុំ​ឲ្យ​អធិដ្ឋាន។ យ៉ាង​នេះ សេចក្ដី​អធិដ្ឋាន​របស់​អ្នក​នឹង​កាន់​តែ​មាន​ន័យ។ (​ទំនុក. ១៤១:២​) បង​ស្រី​ហាណាអេ​ដែល​រស់​នៅ​ប្រទេស​ជប៉ុន​នៅ​តែ​នឹក​ចាំ​អំពី​សេចក្ដី​អធិដ្ឋាន​របស់​បង​ស្រី​ម្នាក់​ដែល​បាន​ចូល​រួម​ការ​សិក្សា​របស់​គាត់​ជា​មួយ​អ្នក​បង្រៀន​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ថា​គាត់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ខ្ញុំ​ចង់​ដូច​គាត់។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា​គាត់​ស្រឡាញ់​ខ្ញុំ​ពេល​គាត់​លើក​ឈ្មោះ​ខ្ញុំ​ក្នុង​សេចក្ដី​អធិដ្ឋាន​»។

៩. យោង​ទៅ​តាម​យ៉ាកុប ១:១៩ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជា​ជំនួយ​ដ៏​ល្អ​នៅ​ពេល​ចូល​រួម​ការ​សិក្សា​គម្ពីរ?

ចូរ​គាំទ្រ​អ្នក​បង្រៀន​ក្នុង​អំឡុង​ពេល​សិក្សា។ បង​ស្រី​អម៉ាម្យូវី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​នីហ្សេរីយ៉ា​និយាយ​ថា​៖ ​«​ដៃ​គូ​ដែល​ជួយ​ច្រើន​បំផុត គឺ​ជា​បុគ្គល​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក្នុង​អំឡុង​ការ​សិក្សា។ គាត់​លើក​ចំណុច​ល្អ ប៉ុន្តែ​មិន​និយាយ​ច្រើន​ពេក ដោយ​សារ​គាត់​ទទួល​ស្គាល់​ថា​អ្នក​បង្រៀន​គួរ​តែ​នាំ​មុខ​»។ ដូច្នេះ តើ​អ្នក​គួរ​និយាយ​អ្វី និង​នៅ​ពេល​ណា? (​សុភ. ២៥:១១​) ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពេល​ដែល​អ្នក​បង្រៀន​និង​សិស្ស​និយាយ។ (​សូម​អាន យ៉ាកុប ១:១៩) យ៉ាង​នេះ អ្នក​អាច​ជួយ​ពួក​គេ​តាម​ត្រូវ​ពេល។ អ្នក​ក៏​ត្រូវ​ចេះ​គិត​ពិចារណា​ដែរ។ ជា​ឧទាហរណ៍ អ្នក​នឹង​មិន​និយាយ​ច្រើន​ពេក​ឬ​និយាយ​កាត់​ពេល​អ្នក​បង្រៀន​កំពុង​ពន្យល់​អ្វី​មួយ ហើយ​អ្នក​ក៏​មិន​គួរ​ចាប់​ផ្ដើម​និយាយ​បង្វែរ​សាច់​រឿង​ដែរ។ តែ​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​ចំណុច​ណា​មួយ​កាន់​តែ​ស្រួល​យល់ ដោយ​និយាយ​ចំណុច​ខ្លី​មួយ លើក​ឧទាហរណ៍ ឬ​សួរ​សំណួរ។ ជួន​កាល​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មិន​សូវ​មាន​អ្វី​ដែល​អ្នក​អាច​និយាយ​បន្ថែម​ទេ ប៉ុន្តែ​បើ​អ្នក​សរសើរ​សិស្ស​គម្ពីរ​និង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ អ្នក​នឹង​ជួយ​គាត់​យ៉ាង​ច្រើន​ឲ្យ​រីក​ចម្រើន។

១០. តើ​បទ​ពិសោធន៍​របស់​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១០ ចូរ​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​អ្នក។ បើ​សមរម្យ អ្នក​អាច​ប្រាប់​យ៉ាង​ខ្លី​អំពី​របៀប​ដែល​អ្នក​បាន​រៀន​សេចក្ដី​ពិត របៀប​ដែល​អ្នក​យក​ឈ្នះ​ការ​ពិបាក​ណា​មួយ ឬ​របៀប​ដែល​អ្នក​បាន​ឃើញ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់។ (​ទំនុក. ៧៨:៤,​) បទ​ពិសោធន៍​របស់​អ្នក​ប្រហែល​ជា​ចំ​នឹង​អ្វី​ដែល​សិស្ស​ត្រូវ​ការ ហើយ​អាច​ពង្រឹង​ជំនឿ​របស់​គាត់ លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក ឬ​បង្ហាញ​គាត់​អំពី​របៀប​យក​ឈ្នះ​ទុក្ខ​លំបាក​ណា​មួយ។ (​១ពេ. ៥:៩​) អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ហ្គាប្រៀល​ដែល​រស់​នៅ​ប្រទេស​ប្រេស៊ីល​នឹក​ចាំ​អំពី​ប្រយោជន៍​ដែល​គាត់​បាន​ទទួល​ពេល​គាត់​ជា​សិស្ស​គម្ពីរ។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឮ​បទ​ពិសោធន៍​របស់​បង​ប្អូន ខ្ញុំ​រៀន​ថា​ព្រះ​យេហូវ៉ា​ឃើញ​ការ​ពិបាក​ដែល​យើង​ជួប​ប្រទះ ហើយ​ថា​បើ​បង​ប្អូន​អាច​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ ខ្ញុំ​ក៏​អាច​យក​ឈ្នះ​វា​បាន​ដែរ​»។

ពេល​សិស្ស​គម្ពីរ​ចូល​រួម​កិច្ច​ប្រជុំ

យើង​ទាំង​អស់​គ្នា​អាច​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​បន្ត​ចូល​រួម​កិច្ច​ប្រជុំ (​សូម​មើល​វគ្គ​១១​)

១១​-​១២. ពេល​សិស្ស​គម្ពីរ​ចូល​រួម​កិច្ច​ប្រជុំ ហេតុ​អ្វី​យើង​គួរ​ទទួល​ស្វាគមន៍​គាត់​យ៉ាង​កក់​ក្ដៅ?

១១ ដើម្បី​ឲ្យ​សិស្ស​គម្ពីរ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក គាត់​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ ហើយ​ទទួល​ប្រយោជន៍​ពី​កិច្ច​ប្រជុំ​ទាំង​នោះ។ (​ហេ. ១០:២៤, ២៥​) អ្នក​បង្រៀន​ទំនង​ជា​នឹង​អញ្ជើញ​គាត់​ឲ្យ​មក​កិច្ច​ប្រជុំ​ជា​លើក​ដំបូង។ ពេល​គាត់​ចូល​រួម យើង​ទាំង​អស់​គ្នា​អាច​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បន្ត​មក​សាល​ប្រជុំ។ ប៉ុន្តែ តើ​យើង​អាច​ធ្វើ​ដូច្នេះ​តាម​របៀប​ណា​ខ្លះ?

១២ ចូរ​ទទួល​ស្វាគមន៍​សិស្ស​យ៉ាង​កក់​ក្ដៅ។ (​រ៉ូម ១៥:៧​) បើ​យើង​ស្វាគមន៍​សិស្ស​យ៉ាង​កក់​ក្ដៅ​នៅ​កិច្ច​ប្រជុំ គាត់​ទំនង​ជា​នឹង​ចង់​មក​សាល​ប្រជុំ​ទៀត។ ម្ល៉ោះ​ហើយ ចូរ​សួរ​សុខ​ទុក្ខ​គាត់​យ៉ាង​កក់​ក្ដៅ ហើយ​ណែនាំ​គាត់​ឲ្យ​ស្គាល់​បង​ប្អូន​ឯ​ទៀត។ ប្រហែល​ជា​អ្នក​បង្រៀន​របស់​គាត់​មិន​ទាន់​មក​ដល់ ឬ​ប្រហែល​ជា​ជាប់​រវល់​ធ្វើ​កិច្ច​ការ​ផ្សេង​នៅ​សាល​ប្រជុំ ដូច្នេះ​សូម​ទៅ​និយាយ​ជា​មួយ​គាត់។ សូម​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​សិស្ស​គម្ពីរ​និយាយ និង​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​គាត់។ តើ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បែប​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​គាត់? សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ឌីមីទ្រី ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ប៉ុន្មាន​ឆ្នាំ​មុន និង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ គាត់​បាន​រៀប​រាប់​អំពី​ពេល​ដែល​គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ទី​១​ថា​៖ ​«​ពេល​បង​ប្រុស​ម្នាក់​ឃើញ​ខ្ញុំ​រង់​ចាំ​ភ័យ​ៗ​នៅ​ក្រៅ​សាល​ប្រជុំ គាត់​ក៏​នាំ​ខ្ញុំ​ចូល​ទៅ។ បង​ប្អូន​ជា​ច្រើន​មក​ស្វាគមន៍​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់។ ខ្ញុំ​ចូល​ចិត្ត​កិច្ច​ប្រជុំ​ខ្លាំង​ដល់​ម្ល៉េះ​រហូត​ដល់​ខ្ញុំ​ចង់​ឲ្យ​មាន​កិច្ច​ប្រជុំ​រាល់​ថ្ងៃ។ ខ្ញុំ​មិន​ដែល​ពិសោធ​អ្វី​ដូច​នោះ​ទាល់​តែ​សោះ​»។

១៣. តើ​ការ​ប្រព្រឹត្ត​របស់​អ្នក​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​សិស្ស​គម្ពីរ?

១៣ ចូរ​ទុក​គំរូ​ល្អ។ ការ​ប្រព្រឹត្ត​របស់​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ជឿ​ជាក់​ថា​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត។ (​ម៉ាថ. ៥:១៦​) បង​ប្រុស​វិថាលី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​ប្រទេស​ម៉ុលដាវី​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​សង្កេត​មើល​របៀប​រស់​នៅ ការ​ប្រព្រឹត្ត និង​របៀប​គិត​គូរ​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ពិត​ជា​ដើរ​ជា​មួយ​នឹង​ព្រះ​»។

១៤. តើ​គំរូ​របស់​អ្នក​ប្រហែល​ជា​ជួយ​សិស្ស​គម្ពីរ​ឲ្យ​បន្ត​រីក​ចម្រើន​យ៉ាង​ដូច​ម្ដេច?

១៤ មុន​សិស្ស​គម្ពីរ​អាច​ទទួល​ការ​ជ្រមុជ​ទឹក គាត់​ត្រូវ​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន។ នេះ​មិន​តែង​តែ​ស្រួល​ទេ។ ប៉ុន្តែ ពេល​គាត់​ឃើញ​ប្រយោជន៍​ដែល​អ្នក​ទទួល​ពី​ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ នោះ​ប្រហែល​ជា​ជំរុញ​ចិត្ត​គាត់​ឲ្យ​យក​តម្រាប់​អ្នក។ (​១កូ. ១១:១​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ហាណាអេ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ។ គាត់​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​កំពុង​រៀន​គឺ​ដូច​អ្វី​ដែល​បង​ប្អូន​កំពុង​ធ្វើ​ក្នុង​ជីវិត​របស់​ពួក​គេ។ ខ្ញុំ​ឃើញ​អំពី​របៀប​ដែល​ខ្ញុំ​អាច​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត អភ័យ​ទោស​ឲ្យ​គេ និង​បង្ហាញ​សេចក្ដី​ស្រឡាញ់។ បង​ប្អូន​ក៏​តែង​តែ​និយាយ​ល្អ​អំពី​អ្នក​ឯ​ទៀត​ដែរ។ ខ្ញុំ​ចង់​ធ្វើ​តាម​ពួក​គេ​»។

១៥. ស្ដី​អំពី​សិស្ស​គម្ពីរ តើ​យើង​អាច​ធ្វើ​តាម​សុភាសិត ២៧:១៧​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​ធ្វើ​ជា​មិត្ត​របស់​សិស្ស​គម្ពីរ។ កាល​ដែល​សិស្ស​បន្ត​ចូល​រួម​កិច្ច​ប្រជុំ ចូរ​បន្ត​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។ (​ភី. ២:៤​) សូម​និយាយ​ជា​មួយ​គាត់​ដើម្បី​ស្គាល់​គាត់​ឲ្យ​កាន់​តែ​ច្បាស់។ ដោយ​មិន​ធ្វើ​ឲ្យ​គាត់​អៀន​ខ្មាស អ្នក​អាច​សរសើរ​គាត់​ចំពោះ​ការ​រីក​ចម្រើន​របស់​គាត់ ហើយ​សួរ​គាត់​អំពី​ក្រុម​គ្រួសារ ការ​សិក្សា​គម្ពីរ និង​ការងារ​របស់​គាត់។ ការ​និយាយ​គ្នា​បែប​នេះ​អាច​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​ចូល​ទៅ​ជិត​គ្នា។ ពេល​អ្នក​ក្លាយ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​សិស្ស​គម្ពីរ អ្នក​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ (​សូម​អាន សុភាសិត ២៧:១៧) ឥឡូវ​បង​ហាណាអេ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​និយាយ​អំពី​ពេល​ដែល​គាត់​បាន​ចាប់​ផ្ដើម​មក​កិច្ច​ប្រជុំ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​កាន់​តែ​មាន​មិត្ត​ក្នុង​ក្រុម​ជំនុំ ខ្ញុំ​ចាប់​ផ្ដើម​ទន្ទឹង​រង់​ចាំ​ចូល​រួម​កិច្ច​ប្រជុំ ហើយ​ខ្ញុំ​ទៅ​ទោះ​ជា​ហត់​ក្ដី។ ខ្ញុំ​សប្បាយ​សេព​គប់​ជា​មួយ​មិត្ត​ភក្ដិ​ថ្មី ហើយ​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ផ្ដាច់​មិត្តភាព​ចាស់​ៗ​ដែល​មិន​មាន​ជំនឿ​ដូច​ខ្ញុំ។ ខ្ញុំ​ចង់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​បង​ប្អូន។ ដូច្នេះ ខ្ញុំ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក​»។

១៦. តើ​អ្នក​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​សិស្ស​គម្ពីរ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​ក្នុង​ក្រុម​ជំនុំ?

១៦ កាល​ដែល​សិស្ស​គម្ពីរ​បន្ត​រីក​ចម្រើន​និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ សូម​ជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​គាត់​ជា​បុគ្គល​សំខាន់​ក្នុង​ក្រុម​ជំនុំ។ អ្នក​អាច​ធ្វើ​ដូច្នេះ​បាន​ដោយ​ទទួល​ស្វាគមន៍​គាត់​យ៉ាង​រាក់​ទាក់។ (​ហេ. ១៣:២​) បង​ប្រុស​ឌែននីស​ដែល​បម្រើ​នៅ​ប្រទេស​ម៉ុលដាវី នឹក​ចាំ​ពេល​គាត់​ធ្លាប់​ជា​សិស្ស​គម្ពីរ​ថា​៖ ​«​បង​ប្អូន​បាន​អញ្ជើញ​ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ឲ្យ​សេព​គប់​ជា​មួយ​គ្នា​អស់​ប៉ុន្មាន​ដង។ យើង​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ស្ដាប់​ពួក​គេ​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ។ ការ​សេព​គប់​ទាំង​នោះ​បាន​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ថា​នោះ​នឹង​នាំ​ឲ្យ​យើង​មាន​ជីវិត​សប្បាយ​រីករាយ​»។ ពេល​សិស្ស​គម្ពីរ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សាយ អ្នក​ក៏​អាច​អញ្ជើញ​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​អ្នក​ដែរ។ បង​ប្រុស​ឌីយេហ្គោ​ដែល​ជា​អ្នក​ផ្សាយ​ពី​ប្រទេស​ប្រេស៊ីល​និយាយ​ថា​៖ ​«​បង​ប្អូន​ជា​ច្រើន​ណាត់​ខ្ញុំ​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​មួយ​ពួក​គេ។ នោះ​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ស្គាល់​ពួក​គេ​យ៉ាង​ច្បាស់។ ខ្ញុំ​បាន​រៀន​ច្រើន ហើយ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​ជា​មួយ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​»។

តើ​អ្នក​ចាស់​ទុំ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

អ្នក​ចាស់​ទុំ​ទាំង​ឡាយ ការ​យក​ចិត្ត​ទុក​ដាក់​របស់​អ្នក​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន (​សូម​មើល​វគ្គ​១៧​)

១៧. តើ​អ្នក​ចាស់​ទុំ​អាច​ជួយ​សិស្ស​គម្ពីរ​យ៉ាង​ដូច​ម្ដេច?

១៧ ចូរ​លៃ​ទុក​ពេល​ឲ្យ​សិស្ស​គម្ពីរ។ ពួក​អ្នក​ចាស់​ទុំ​ទាំង​ឡាយ ពេល​អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សិស្ស​គម្ពីរ អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្នក​អាច​និយាយ​ជា​មួយ​សិស្ស​គម្ពីរ​ជា​ទៀង​ទាត់​នៅ​កិច្ច​ប្រជុំ​ឬ​ទេ? ពួក​គេ​នឹង​ដឹង​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​បើ​អ្នក​ចាំ​ឈ្មោះ​ពួក​គេ ជា​ពិសេស​ពេល​ពួក​គេ​ចាប់​ផ្ដើម​លើក​ដៃ​ឆ្លើយ។ តើ​អ្នក​អាច​លៃ​ទុក​ពេល​ម្ដង​ម្កាល​ដើម្បី​ទៅ​ជា​មួយ​អ្នក​ផ្សាយ​ពេល​គាត់​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ឬ​ទេ? អ្នក​ប្រហែល​ជា​អាច​ជួយ​សិស្ស​គម្ពីរ​ច្រើន​ជាង​អ្នក​នឹក​ស្មាន។ អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ចាគី​ដែល​រស់​នៅ​ប្រទេស​នីហ្សេរីយ៉ា​និយាយ​ថា​៖ ​«​សិស្ស​គម្ពីរ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ពេល​ដឹង​ថា​បង​ប្រុស​ដែល​មក​ការ​សិក្សា​គម្ពីរ​របស់​ពួក​គេ​ជា​មួយ​ខ្ញុំ គឺ​ជា​អ្នក​ចាស់​ទុំ។ សិស្ស​គម្ពីរ​ម្នាក់​និយាយ​ថា​៖ ‹គ្រូ​គង្វាល​របស់​ខ្ញុំ​មិន​ដែល​ធ្វើ​អ៊ីចឹង​ទេ។ គាត់​ទៅ​លេង​តែ​អ្នក​មាន​ដែល​បង់​លុយ​ឲ្យ​គាត់​ប៉ុណ្ណោះ!›​»។ ឥឡូវ​សិស្ស​នោះ​ចូល​រួម​កិច្ច​ប្រជុំ។

១៨. ដូច​ដែល​បាន​ចែង​នៅ​សកម្មភាព ២០:២៨ តើ​អ្នក​ចាស់​ទុំ​អាច​បំពេញ​ភារកិច្ច​ដែល​ពួក​គេ​បាន​ទទួល​តាម​របៀប​ណា?

១៨ ចូរ​បង្ហាត់​បង្រៀន​និង​លើក​ទឹក​ចិត្ត​អ្នក​បង្រៀន​គម្ពីរ។ អ្នក​ចាស់​ទុំ​ទាំង​ឡាយ អ្នក​មាន​ភារកិច្ច​សំខាន់​ណាស់​ក្នុង​ការ​ជួយ​អ្នក​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ រួម​ទាំង​ក្នុង​ការ​បង្រៀន​គម្ពីរ​ផង​ដែរ។ (​សូម​អាន សកម្មភាព ២០:២៨) បើ​អ្នក​ផ្សាយ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ការ​ដឹក​នាំ​ការ​សិក្សា​ពេល​អ្នក​ទៅ​ជា​មួយ អ្នក​អាច​ស្នើ​សុំ​ដឹក​នាំ​ការ​បង្រៀន​នៅ​ថ្ងៃ​នោះ។ បង​ចាគី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​អ្នក​ចាស់​ទុំ​សួរ​ខ្ញុំ​អំពី​សិស្ស​គម្ពីរ​ជា​រឿយ​ៗ។ ពេល​ខ្ញុំ​មាន​បញ្ហា​ផ្សេង​ៗ​ក្នុង​ការ​បង្រៀន​សិស្ស​គម្ពីរ ពួក​គេ​ឲ្យ​យោបល់​ល្អ​ៗ​ដល់​ខ្ញុំ​»។ អ្នក​ចាស់​ទុំ​អាច​ធ្វើ​ច្រើន​ដើម្បី​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​អ្នក​បង្រៀន​គម្ពីរ។ (​១ថែ. ៥:១១​) បង​ចាគី​និយាយ​បន្ថែម​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ពេល​អ្នក​ចាស់​ទុំ​លើក​ទឹក​ចិត្ត​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​ខ្ញុំ។ ពាក្យ​បែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រស់ស្រាយ ដូច​ផឹក​ទឹក​ត្រជាក់​នៅ​ថ្ងៃ​ក្ដៅ។ ការ​សរសើរ​របស់​ពួក​គេ​ពង្រឹង​ទំនុក​ចិត្ត​របស់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​មាន​អំណរ​ពី​កិច្ច​ការ​បង្រៀន​គម្ពីរ​»។—សុភ. ២៥:២៥

១៩. តើ​យើង​ទាំង​អស់​គ្នា​អាច​មាន​អំណរ​ពី​រឿង​អ្វី?

១៩ ទោះ​ជា​ឥឡូវ​នេះ​យើង​មិន​មាន​សិស្ស​គម្ពីរ​ក្ដី យើង​នៅ​តែ​អាច​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ជា​ជាង​និយាយ​ច្រើន​ពេក យើង​អាច​គាំទ្រ​អ្នក​បង្រៀន​គម្ពីរ​ក្នុង​អំឡុង​ពេល​សិក្សា​ដោយ​រៀប​ពាក្យ​និយាយ​ឲ្យ​បាន​ល្អ។ យើង​អាច​ធ្វើ​ជា​មិត្ត​នឹង​សិស្ស​គម្ពីរ​ពេល​ពួក​គេ​មក​សាល​ប្រជុំ ព្រម​ទាំង​ធ្វើ​ជា​គំរូ​ល្អ​ឲ្យ​ពួក​គេ។ អ្នក​ចាស់​ទុំ​អាច​លើក​ទឹក​ចិត្ត​សិស្ស​ដោយ​លៃ​ទុក​ពេល​ឲ្យ​ពួក​គេ ហើយ​លើក​ទឹក​ចិត្ត​អ្នក​បង្រៀន​ដោយ​បង្ហាត់​បង្រៀន​និង​សរសើរ​ពួក​គេ។ យើង​សប្បាយ​ខ្លាំង​ណាស់​ដែល​យើង​អាច​មាន​ចំណែក​សូម្បី​តែ​តិច​តួច ក្នុង​ការ​ជួយ​បុគ្គល​ណា​ម្នាក់​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង។

ចម្រៀង​លេខ​៧៩ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

^ វគ្គ 5 ប្រហែល​ជា​នៅ​ឥឡូវ​នេះ​យើង​មិន​មាន​សិស្ស​គម្ពីរ​ផ្ទាល់​ខ្លួន​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ យើង​ទាំង​អស់​គ្នា​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ក្នុង​អត្ថបទ​នេះយើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​ម្នាក់​ៗ​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​សម្រេច​គោល​ដៅ​នេះ។