លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១២

សេចក្ដីស្រឡាញ់ជួយយើងឲ្យស៊ូទ្រាំនឹងការស្អប់

សេចក្ដីស្រឡាញ់ជួយយើងឲ្យស៊ូទ្រាំនឹងការស្អប់

​«​ការ​ទាំង​នេះ​ជា​បង្គាប់​របស់​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​ពិភព​លោក​នេះ​ស្អប់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​ដឹង​ថា​គេ​បាន​ស្អប់​ខ្ញុំ មុន​គេ​ស្អប់​អ្នក​រាល់​គ្នា​»។—យ៉ូន. ១៥:១៧, ១៨

ចម្រៀង​លេខ​១២៩ យើង​នឹង​ស៊ូ​ទ្រាំ

សេចក្ដី​សង្ខេប *

១. យោង​ទៅ​តាម​ម៉ាថាយ ២៤:៩ ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ពេល​ពិភព​លោក​ស្អប់​យើង?

ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទៅ​អ្នក​ឯ​ទៀត ហើយ​ចង់​ឲ្យ​ពួក​គេ​ស្រឡាញ់​យើង​វិញ។ ដូច្នេះ​ពេល​គេ​ស្អប់​យើង យើង​ឈឺ​ចិត្ត​និង​ប្រហែល​ជា​ភ័យ​ខ្លាច។ ជា​ឧទាហរណ៍ បង​ស្រី​ឈ្មោះ​ជជីណា​ *​ដែល​រស់​នៅ​ទ្វីប​អឺរ៉ុប​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អាយុ​១៤​ឆ្នាំ ម្ដាយ​ខ្ញុំ​ចាប់​ផ្ដើម​ស្អប់​ខ្ញុំ​ដោយ​សារ​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា។ ខ្ញុំ​កើត​ទុក្ខ​និង​ឯកោ ហើយ​ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​ខ្ញុំ​ជា​មនុស្ស​មិន​ល្អ​ទេ​ដឹង​»។ បង​ប្រុស​ម្នាក់​ឈ្មោះ​ដានីឡូ​រៀប​រាប់​ថា​៖ ​«​ពេល​ពួក​ទាហាន​វាយ​ខ្ញុំ ប្រមាថ​មើល​ងាយ​ខ្ញុំ និង​គំរាម​កំហែង​ខ្ញុំ​ដោយ​សារ​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា ខ្ញុំ​ភ័យ​ខ្លាច​និង​មាន​អារម្មណ៍​ថា​គេ​កំពុង​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ​»។ ពេល​មនុស្ស​ស្អប់​យើង យើង​ឈឺ​ចិត្ត ប៉ុន្តែ​យើង​មិន​ភ្ញាក់​ផ្អើល​ទេ។ នេះ​គឺ​ដូច​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន។—សូម​អាន ម៉ាថាយ ២៤:៩

២​-​៣. ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​គេ​ស្អប់?

ពិភព​លោក​នេះ​ស្អប់​អ្នក​កាន់​តាម​លោក​យេស៊ូ។ ហេតុ​អ្វី? ពី​ព្រោះ​ដូច​លោក​យេស៊ូ យើង​«​មិន​រួម​ចំណែក​ក្នុង​ពិភព​លោក​»​ទេ។ (​យ៉ូន. ១៥:១៧​-​១៩​) យ៉ាង​នេះ ទោះ​ជា​យើង​គោរព​ពួក​អាជ្ញាធរ​ក្ដី យើង​មិន​គាំទ្រ​ខាង​ណា​មួយ​ក្នុង​រឿង​នយោបាយ គោរព​ទង់​ជាតិ ឬ​ច្រៀង​ចម្រៀង​ជាតិ​ឡើយ។ យើង​មាន​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ។ យើង​គាំទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា​លើ​មនុស្សជាតិ។ ប៉ុន្តែ សាថាន​និង​«​ពូជ​»​របស់​វា​ចោទ​ប្រកាន់​ថា​ព្រះ​គ្មាន​សិទ្ធិ​នោះ​ទេ។ (​លោ. ៣:១​-​៥, ១៥​) យើង​ផ្សព្វ​ផ្សាយ​ថា​រាជាណាចក្រ​របស់​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​មនុស្សជាតិ ហើយ​ថា​មិន​យូរ​ទៀត​រាជាណាចក្រ​នោះ​នឹង​បំផ្លាញ​អ្នក​ប្រឆាំង​ទាំង​អស់។ (​ដាន. ២:៤៤; បប. ១៩:១៩​-​២១​) ដំណឹង​នេះ​ជា​ដំណឹង​ល្អ​ចំពោះ​មនុស្ស​រាប​ទាប ប៉ុន្តែ​ជា​ដំណឹង​មិន​ល្អ​ចំពោះ​មនុស្ស​អាក្រក់។—ទំនុក. ៣៧:១០, ១១

យើង​ក៏​បាន​ត្រូវ​គេ​ស្អប់ ដោយ​សារ​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​ព្រះ។ ខ្នាត​តម្រា​របស់​ព្រះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ខ្នាត​តម្រា​សីលធម៌​ថោក​ទាប​របស់​ពិភព​លោក​នេះ។ ជា​ឧទាហរណ៍ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ប្រកាន់​ចំពោះ​អំពើ​ប្រាស​ចាក​សីលធម៌​ដ៏​ស្មោក​គ្រោក​ដែល​ស្រដៀង​នឹង​អំពើ​របស់​ពួក​អ្នក​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា ដែល​ព្រះ​យេហូវ៉ា​បាន​បំផ្លាញ។ (​យូ. ៧​) ដោយ​សារ​យើង​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​អំពី​ទង្វើ​ទាំង​នោះ មនុស្ស​ជា​ច្រើន​ចំអក​មើល​ងាយ​យើង​និង​ចាត់​ទុក​យើង​ជា​មនុស្ស​ចង្អៀត​ចង្អល់។—១ពេ. ៤:៣, ៤

៤. ដើម្បី​ពង្រឹង​កម្លាំង​ចិត្ត​យើង​ពេល​មនុស្ស​ស្អប់​យើង តើ​យើង​ត្រូវ​ការ​គុណ​សម្បត្តិ​អ្វី​ខ្លះ?

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​មនុស្ស​ស្អប់​យើង​និង​ជេរ​ប្រមាថ​យើង? យើង​ត្រូវ​មាន​ជំនឿ​រឹង​មាំ​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង។ ដូច​ខែល ជំនឿ​របស់​យើង​អាច​«​ពន្លត់​អស់​ទាំង​ព្រួញ​ឆេះ​របស់​មេកំណាច​»។ (​អេភ. ៦:១៦​) ប៉ុន្តែ​យើង​មិន​គ្រាន់​តែ​ត្រូវ​ការ​ជំនឿ​ប៉ុណ្ណោះ​ទេ យើង​ក៏​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​ផង​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​«​មិន​ឆាប់​ខឹង​»​ ហើយ​ក៏​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ និង​ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់។ (​១កូ. ១៣:៤​-​៧, ១៣​) ឥឡូវ​សូម​យើង​ពិចារណា​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​បង​ប្អូន​រួម​ជំនឿ និង​ថែម​ទាំង​ចំពោះ​សត្រូវ ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​យើង​បាន​ត្រូវ​គេ​ស្អប់។

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់

៥. ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​បិតា​លោក តើ​លោក​អាច​ធ្វើ​អ្វី?

នៅ​យប់​មុន​ដែល​សត្រូវ​របស់​លោក​យេស៊ូ​សម្លាប់​លោក លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​លោក​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ [​ដូច្នេះ​]​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​បង្គាប់​ខ្ញុំ​ឲ្យ​ធ្វើ​»។ (​យ៉ូន. ១៤:៣១​) ដោយ​សារ​លោក​យេស៊ូ​ស្រឡាញ់​ព្រះ​យេហូវ៉ា លោក​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ខ្លាំង។ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ក៏​អាច​ជួយ​យើង ដូច​ដែល​បាន​ជួយ​លោក​យេស៊ូ​ដែរ។

៦. យោង​ទៅ​តាម​រ៉ូម ៥:៣​-​៥ តើ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ស្អប់​ពី​ពិភព​លោក​នេះ?

សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​តែង​តែ​ជួយ​អ្នក​បម្រើ​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន។ ជា​ឧទាហរណ៍ ពេល​តុលាការ​កំពូល​នៃ​ជនជាតិ​យូដា​បង្គាប់​ពួក​សាវ័ក​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ សេចក្ដី​ស្រឡាញ់​របស់​ពួក​សាវ័ក​ចំពោះ​ព្រះ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​«​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្ម. ៥:២៩; ១យ៉ូន. ៥:៣​) សេចក្ដី​ស្រឡាញ់​មាំ​មួន​បែប​នេះ​ដែល​យើង​មាន​ចំពោះ​ព្រះ ក៏​ជួយ​យើង​ឲ្យ​នៅ​ស្មោះ​ត្រង់​ដែរ ពេល​ទទួល​ការ​បៀត​បៀន​ពី​រដ្ឋាភិបាល​ដ៏​ខ្លាំង​ក្លា​និង​ឃោរ​ឃៅ។ ជា​ជាង​ធ្លាក់​ទឹក​ចិត្ត យើង​ចាត់​ទុក​ការ​ស្អប់​ពី​ពិភព​លោក​នេះ​ជា​ឯកសិទ្ធិ។—សកម្ម. ៥:៤១; សូម​អាន រ៉ូម ៥:៣​-​៥

៧. តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​ក្រុម​គ្រួសារ​ប្រឆាំង​យើង?

ពេល​ក្រុម​គ្រួសារ​របស់​យើង​ប្រឆាំង​យើង នេះ​គឺ​ពិបាក​ខ្លាំង​ណាស់។ ពេល​យើង​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​សេចក្ដី​ពិត សមាជិក​ក្រុម​គ្រួសារ​យើង​ខ្លះ​ប្រហែល​ជា​គិត​ថា​យើង​បាន​ត្រូវ​គេ​បញ្ឆោត។ អ្នក​ឯ​ទៀត​ប្រហែល​ជា​គិត​ថា​យើង​បាន​វង្វេង​ស្មារតី។ (​សូម​ពិនិត្យ​បន្ថែម ម៉ាកុស ៣:២១​) ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ប្រឆាំង​យើង​យ៉ាង​ខ្លាំង​ទៀត​ផង។ ប្រតិកម្ម​មិន​ល្អ​ទាំង​នេះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​ពួក​គេ​»។ (​ម៉ាថ. ១០:៣៦​) យ៉ាង​នេះ មិន​ថា​សាច់​ញាតិ​របស់​យើង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​យើង​ក៏​ដោយ យើង​មិន​ស្អប់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា យើង​កាន់​តែ​ស្រឡាញ់​មនុស្ស​ផង​ដែរ។ (​ម៉ាថ. ២២:៣៧​-​៣៩​) ប៉ុន្តែ​យើង​នឹង​មិន​ឈប់​ធ្វើ​តាម​ច្បាប់​និង​គោល​ការណ៍​ក្នុង​គម្ពីរ​ដើម្បី​ផ្គាប់​ចិត្ត​មនុស្ស​ឡើយ។

យើង​ប្រហែល​ជា​រង​ទុក្ខ​អស់​មួយ​រយៈ​ពេល តែ​ព្រះ​យេហូវ៉ា​នឹង​នៅ​ក្បែរ​យើង​ជា​និច្ច​ដើម្បី​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​យើង (​សូម​មើល​វគ្គ​៨​-​១០​)

៨​-​៩. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​កាន់​ជំហរ​មាំ​មួន ទោះ​ជា​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ក្ដី?

បង​ជជីណា​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ បាន​កាន់​ជំហរ​មាំ​មួន​ទោះ​ជា​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​ម្ដាយ​របស់​គាត់​ក្ដី។ បង​ជជីណា​ពន្យល់​ថា​៖ ​«​ដំបូង​ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​សាក្សី។ ប៉ុន្តែ​៦​ខែ​ក្រោយ ពេល​ខ្ញុំ​ចង់​ចូល​រួម​កិច្ច​ប្រជុំ ម្ដាយ​ខ្ញុំ​ចាប់​ផ្ដើម​ប្រឆាំង​ខ្ញុំ។ ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​គាត់​ទាក់​ទង​ជា​មួយ​ពួក​អ្នក​ក្បត់​ជំនឿ ហើយ​បាន​ប្រើ​ការ​ចោទ​ប្រកាន់​មិន​ពិត​របស់​ពួក​គេ​មក​និយាយ​ជា​មួយ​ខ្ញុំ។ គាត់​ក៏​បាន​ប្រមាថ​មើល​ងាយ​ខ្ញុំ បោច​សក់​ខ្ញុំ ច្របាច់​ក​ខ្ញុំ ហើយ​បោះ​ចោល​សៀវភៅ​របស់​ខ្ញុំ។ ពេល​ខ្ញុំ​មាន​អាយុ​១៥​ឆ្នាំ ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ម្ដាយ​ខ្ញុំ​បាន​ព្យាយាម​បញ្ឈប់​ខ្ញុំ​មិន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ដោយ​យក​ខ្ញុំ​ដាក់​មណ្ឌល​មួយ​ជា​មួយ​យុវវ័យ​ឯ​ទៀត ដែល​រួម​មាន​អ្នក​ខ្លះ​ជា​អ្នក​ញៀន​ថ្នាំ​និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ ការ​ប្រឆាំង​គឺ​រឹត​តែ​ពិបាក​ពេល​វា​មក​ពី​បុគ្គល​ដែល​គួរ​តែ​ស្រឡាញ់​យើង​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​»។

តើ​អ្វី​បាន​ជួយ​បង​ជជីណា​ឲ្យ​ស៊ូ​ទ្រាំ? គាត់​និយាយ​ថា​៖ ​«​ថ្ងៃ​ដែល​ម្ដាយ​ខ្ញុំ​ចាប់​ផ្ដើម​ប្រឆាំង​ខ្ញុំ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ទើប​តែ​អាន​គម្ពីរ​ទាំង​មូល​ចប់។ ពេល​នោះ ខ្ញុំ​ជឿ​ជាក់​ទាំង​ស្រុង​ថា​ខ្ញុំ​បាន​រក​ឃើញ​សេចក្ដី​ពិត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ណាស់​នឹង​ព្រះ​យេហូវ៉ា។ ខ្ញុំ​អធិដ្ឋាន​ទៅ​លោក​ជា​រឿយ​ៗ ហើយ​លោក​ស្ដាប់​ខ្ញុំ។ ពេល​ខ្ញុំ​រស់​នៅ​មណ្ឌល​នោះ បង​ស្រី​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​លេង​ផ្ទះ​គាត់ ហើយ​យើង​បាន​សិក្សា​គម្ពីរ​ជា​មួយ​គ្នា។ ក្នុង​អំឡុង​គ្រា​នោះ ខ្ញុំ​ទទួល​កម្លាំង​ចិត្ត​ពី​បង​ប្អូន​នៅ​សាល​ប្រជុំ។ ពួក​គេ​ចាត់​ទុក​ខ្ញុំ​ដូច​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ។ ខ្ញុំ​ឃើញ​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ខ្លាំង​ក្លា​ជាង​អ្នក​ប្រឆាំង មិន​ថា​អ្នក​នោះ​ជា​អ្នក​ណា​ក្ដី​»។

១០. តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី​លើ​ព្រះ​យេហូវ៉ា?

១០ សាវ័ក​ប៉ូល​បាន​សរសេរ​ថា គ្មាន​អ្វី​អាច​«​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ត្រូវ​សម្ដែង​តាម​រយៈ​គ្រិស្ត​យេស៊ូ ជា​ម្ចាស់​របស់​យើង​ឡើយ​»។ (​រ៉ូម ៨:៣៨, ៣៩​) ទោះ​ជា​យើង​ប្រហែល​ជា​រង​ទុក្ខ​អស់​មួយ​រយៈ​ពេល​ក្ដី ព្រះ​យេហូវ៉ា​នឹង​នៅ​ក្បែរ​យើង​ជា​និច្ច​ដើម្បី​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​យើង។ ម្យ៉ាង​ទៀត ដូច​យើង​ឃើញ​ពី​បទ​ពិសោធន៍​របស់​បង​ជជីណា ព្រះ​យេហូវ៉ា​ក៏​ជួយ​យើង​តាម​រយៈ​បង​ប្អូន​រួម​ជំនឿ​ជា​ទី​ស្រឡាញ់។

សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់

១១. តើ​ពាក្យ​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ១៥:១២, ១៣​អំពី​សេចក្ដី​ស្រឡាញ់​នឹង​ជួយ​អ្នក​កាន់​តាម​លោក​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១១ នៅ​យប់​មុន​ដែល​លោក​យេស៊ូ​ស្លាប់ លោក​បាន​រំលឹក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក។ (​សូម​អាន យ៉ូហាន ១៥:១២, ១៣) លោក​ដឹង​ថា​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​នឹង​ជួយ​ពួក​គេ​ឲ្យ​រក្សា​សាមគ្គីភាព ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់​ពី​ពិភព​លោក។ សូម​គិត​អំពី​គំរូ​របស់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច។ បង​ប្អូន​នៅ​ទី​នោះ​ទទួល​ការ​បៀត​បៀន​ចាប់​តាំង​ពី​ពេល​ដែល​ក្រុម​ជំនុំ​នោះ​បាន​ត្រូវ​បង្កើត​ឡើង។ ពួក​គេ​ជា​គំរូ​អំពី​ចិត្ត​ស្មោះ​ឥត​ងាក​រេ​និង​សេចក្ដី​ស្រឡាញ់។ (​១ថែ. ១:៣,៦,៧​) ប៉ូល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់​«​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​»។ (​១ថែ. ៤:៩, ១០​) សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​និយាយ​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត និង​គាំ​ពារ​ពួក​អ្នក​ដែល​ខ្សោយ។ (​១ថែ. ៥:១៤​) យើង​ដឹង​ថា ពួក​គេ​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ប៉ូល ព្រោះ​ក្នុង​សំបុត្រ​ទី​២​របស់​គាត់​ដែល​សរសេរ​ប្រហែល​ជា​មួយ​ឆ្នាំ​ក្រោយ​មក ប៉ូល​អាច​និយាយ​ទៅ​កាន់​ពួក​គេ​ថា​៖ ​«​អ្នក​ទាំង​អស់​គ្នា​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង​»។ (​២ថែ. ១:៣​-​៥​) សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​និង​ការ​បៀត​បៀន។

សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ត​សាសនិក​ពិត​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់ (​សូម​មើល​វគ្គ​១២​) *

១២. ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម តើ​បង​ប្អូន​នៅ​ប្រទេស​មួយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

១២ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ដានីឡូ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ​និង​ប្រពន្ធ​របស់​គាត់។ ពេល​សង្គ្រាម​រាល​ដាល​ដល់​ក្រុង​ដែល​ពួក​គាត់​រស់​នៅ ពួក​គាត់​បន្ត​ចូល​រួម​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ​អស់​ពី​សមត្ថភាព និង​ចែក​រំលែក​ម្ហូប​អាហារ​ដែល​ពួក​គាត់​មាន​ជា​មួយ​បង​ប្អូន។ ស្រាប់​តែ​ថ្ងៃ​មួយ ពួក​ទាហាន​ប្រដាប់​ដោយ​កាំភ្លើង​មក​ផ្ទះ​របស់​បង​ដានីឡូ។ បង​ដានីឡូ​និយាយ​ថា​៖ ​«​ពួក​គេ​បាន​ទាម​ទារ​ឲ្យ​ខ្ញុំ​លះ​ចោល​ជំនឿ។ ពេល​ខ្ញុំ​មិន​ព្រម ពួក​គេ​វាយ​ខ្ញុំ ហើយ​ជន្ល​បាញ់​កាំភ្លើង​ហួស​ក្បាល​ខ្ញុំ។ មុន​ចាក​ចេញ ពួក​គេ​គំរាម​ថា​នឹង​មក​វិញ​រំលោភ​ប្រពន្ធ​ខ្ញុំ។ ប៉ុន្តែ​ភ្លាម​ៗ បង​ប្អូន​របស់​យើង​នាំ​យើង​ទៅ​រថ​ភ្លើង​ដើម្បី​ជិះ​ទៅ​ក្រុង​ផ្សេង។ ខ្ញុំ​នឹង​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន​ជា​ទី​ស្រឡាញ់​ទាំង​នោះ​ទេ។ ពេល​យើង​ទៅ​ដល់​ក្រុង​ថ្មី បង​ប្អូន​បាន​ឲ្យ​អាហារ​យើង ហើយ​បាន​ជួយ​យើង​ឲ្យ​រក​ផ្ទះ​ស្នាក់​នៅ និង​ជួយ​ខ្ញុំ​ឲ្យ​រក​ការងារ។ ដូច្នេះ​ក្រោយ​មក យើង​អាច​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម ឲ្យ​ស្នាក់​នៅ​ជា​មួយ​យើង​»។ បទ​ពិសោធន៍​នេះ​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​ជា​គ្រិស្ត​សាសនិក​ពិត​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់។

សេចក្ដី​ស្រឡាញ់​ចំពោះ​សត្រូវ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់

១៣. តើ​តាម​របៀប​ណា​សកម្មពល​បរិសុទ្ធ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​គេ​ស្អប់​យើង​ក្ដី?

១៣ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​សត្រូវ។ (​ម៉ាថ. ៥:៤៤, ៤៥​) តើ​នោះ​ស្រួល​ធ្វើ​ឬ​ទេ? មិន​មែន​ទេ! តែ​យើង​អាច​ធ្វើ​បាន​ដោយ​មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​រួម​មាន​សេចក្ដី​ស្រឡាញ់ ចិត្ត​ធ្ងន់ សេចក្ដី​សប្បុរស ចិត្ត​ស្លូត​បូត និង​ការ​ចេះ​ទប់​ចិត្ត។ (​កាឡ. ៥:២២, ២៣​) គុណ​សម្បត្តិ​ទាំង​នេះ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​គេ​ស្អប់​យើង។ ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​ឈប់​ប្រឆាំង​យើង ដោយ​សារ​ប្ដី ប្រពន្ធ កូន ឬ​អ្នក​ជិត​ខាង​បាន​បង្ហាញ​គុណ​សម្បត្តិ​ទាំង​នេះ​របស់​ព្រះ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ថែម​ទាំង​បាន​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ផង​ដែរ។ ដូច្នេះ បើ​គេ​ស្អប់​អ្នក ដោយ​សារ​តែ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ហើយ​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​គេ សូម​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ (​លូក. ១១:១៣​) ម្យ៉ាង​ទៀត សូម​ជឿ​ជាក់​ទាំង​ស្រុង​ថា​ការ​ស្ដាប់​បង្គាប់​ព្រះ​តែង​តែ​ល្អ​បំផុត។—សុភ. ៣:៥​-​៧

១៤​-​១៥. តើ​តាម​របៀប​ណា​រ៉ូម ១២:១៧​-​២១​ជួយ​បង​យ៉ាស្មីន​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ប្ដី​គាត់ ទោះ​ជា​ប្ដី​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​ក្ដី?

១៤ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​យ៉ាស្មីន​ដែល​រស់​នៅ​មជ្ឈិមបូព៌ា។ ពេល​គាត់​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ប្ដី​របស់​គាត់​បាន​គិត​ថា​គាត់​ចាញ់​បោក​គេ ហើយ​ព្យាយាម​បញ្ឈប់​គាត់​មិន​ឲ្យ​បម្រើ​ព្រះ។ ប្ដី​គាត់​បាន​ប្រមាថ​មើល​ងាយ​គាត់ ហើយ​ញុះញង់​សាច់​ញាតិ គ្រូ​គង្វាល និង​គ្រូ​មន្តអាគម​ឲ្យ​គំរាម​ធ្វើ​បាប​គាត់ ព្រម​ទាំង​ចោទ​ប្រកាន់​ថា​គាត់​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា។ ប្ដី​របស់​គាត់​ថែម​ទាំង​ជេរ​ប្រមាថ​បង​ប្អូន​ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ទៀត​ផង! បង​យ៉ាស្មីន​យំ​ជា​រឿយ​ៗ ដោយ​សារ​គេ​បាន​ប្រព្រឹត្ត​យ៉ាង​អាក្រក់​មក​លើ​គាត់។

១៥ នៅ​សាល​ប្រជុំ បង​ប្អូន​រួម​ជំនឿ​បាន​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​បង​យ៉ាស្មីន។ អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ធ្វើ​តាម​យោបល់​នៅ​រ៉ូម ១២:១៧​-​២១។ (​សូម​អាន​) បង​យ៉ាស្មីន​និយាយ​ថា​៖ ​«​នោះ​គឺ​ពិបាក តែ​ខ្ញុំ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ដូច្នេះ​ពេល​ប្ដី​ខ្ញុំ​បាច​ដី​ចូល​ក្នុង​ផ្ទះ​បាយ ខ្ញុំ​សម្អាត។ ពេល​គាត់​និយាយ​ប្រមាថ​មើល​ងាយ​ខ្ញុំ ខ្ញុំ​តប​ឆ្លើយ​ដោយ​ស្លូត​បូត ហើយ​ពេល​គាត់​ឈឺ ខ្ញុំ​មើល​ថែ​គាត់​»។

ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ពួក​អ្នក​ប្រឆាំង​យើង យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​ទន់​ចិត្ត​ជាង (​សូម​មើល​វគ្គ​១៦​-​១៧​) *

១៦​-​១៧. តើ​អ្នក​រៀន​អ្វី​ពី​គំរូ​របស់​បង​យ៉ាស្មីន?

១៦ បង​យ៉ាស្មីន​បាន​ទទួល​ពរ​ចំពោះ​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ប្ដី​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ប្ដី​ខ្ញុំ​ចាប់​ផ្ដើម​ទុក​ចិត្ត​ខ្ញុំ​ជាង ដោយ​សារ​គាត់​ដឹង​ថា​ខ្ញុំ​តែង​តែ​និយាយ​ពិត​ត្រង់។ គាត់​ចាប់​ផ្ដើម​ស្ដាប់​ខ្ញុំ​ដោយ​ការ​គោរព​ពេល​យើង​និយាយ​គ្នា​អំពី​សាសនា ហើយ​គាត់​យល់​ព្រម​មិន​ចង់​បង្ក​រឿង​ក្នុង​ក្រុម​គ្រួសារ។ ឥឡូវ​គាត់​លើក​ទឹក​ចិត្ត​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ ជីវិត​គ្រួសារ​របស់​យើង​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់ ហើយ​ក្នុង​ផ្ទះ​មាន​សេចក្ដី​សុខ។ ខ្ញុំ​សង្ឃឹម​ថា​ប្ដី​ខ្ញុំ​នឹង​បើក​ចិត្ត​ទទួល​យក​សេចក្ដី​ពិត ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ខ្ញុំ​»។

១៧ គំរូ​របស់​បង​យ៉ាស្មីន​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​«​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ . . . សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ (​១កូ. ១៣:៤,​) ការ​ស្អប់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​និង​ធ្វើ​ឲ្យ​ឈឺ​ចិត្ត តែ​សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ស្អប់។ សេចក្ដី​ស្រឡាញ់​អាច​យក​ឈ្នះ​ចិត្ត​របស់​មនុស្ស។ ពេល​យើង​បន្ត​បង្ហាញ​សេចក្ដី​ស្រឡាញ់ នោះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ។ ប៉ុន្តែ​ទោះ​ជា​អ្នក​ប្រឆាំង​បន្ត​ស្អប់​យើង​ក៏​ដោយ យើង​នៅ​តែ​អាច​សប្បាយ​រីករាយ​បាន។ តើ​តាម​របៀប​ណា?

សប្បាយ​ទោះ​ជា​ត្រូវ​គេ​ស្អប់

១៨. ហេតុ​អ្វី​យើង​អាច​សប្បាយ​ពេល​គេ​ស្អប់?

១៨ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ណា​មនុស្ស​ស្អប់​អ្នក​រាល់​គ្នា . . . នោះ​អ្នក​មាន​សុភមង្គល​ហើយ!​»។ (​លូក. ៦:២២​) បើ​មាន​ជម្រើស យើង​មិន​មែន​ឲ្យ​គេ​ស្អប់​យើង​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​ឲ្យ​គេ​បៀត​បៀន​យើង​ដែរ។ ដូច្នេះ ហេតុ​អ្វី​យើង​អាច​អរ​សប្បាយ​ពេល​គេ​ស្អប់? សូម​គិត​អំពី​មូលហេតុ​បី។ ទី​១ ពេល​យើង​ស៊ូ​ទ្រាំ យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ (​១ពេ. ៤:១៣, ១៤​) ទី​២ ជំនឿ​របស់​យើង​បាន​ត្រូវ​សម្រិត​សម្រាំង​ឲ្យ​មាន​តម្លៃ​ជាង​និង​មាំ​មួន​ជាង។ (​១ពេ. ១:៧​) ទី​៣ យើង​នឹង​ទទួល​រង្វាន់​ដ៏​អស្ចារ្យ ពោល​គឺ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—រ៉ូម ២:៦, ៧

១៩. ហេតុ​អ្វី​ពួក​សាវ័ក​ត្រេក​អរ​ក្រោយ​ពី​បាន​ត្រូវ​វាយ​នឹង​រំពាត់?

១៩ មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​សាវ័ក​បាន​ទទួល​សុភមង្គល​ដូច​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។ ក្រោយ​ពី​ពួក​គាត់​បាន​ត្រូវ​គេ​វាយ​នឹង​រំពាត់​និង​បង្គាប់​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ពួក​គាត់​ត្រេក​អរ។ ហេតុ​អ្វី? ​«​ពី​ព្រោះ​ពួក​គាត់​បាន​ត្រូវ​រាប់​ជា​សម​នឹង​ទទួល​ការ​មើល​ងាយ ដោយ​សារ​នាម​របស់​លោក​[​យេស៊ូ​]​»។ (​សកម្ម. ៥:៤០​-​៤២​) សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​ម្ចាស់​របស់​ពួក​គាត់​ខ្លាំង​ជាង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្អប់​ពី​ពួក​សត្រូវ។ ពួក​គាត់​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​ប្រកាស​ដំណឹង​ល្អ​«​ឥត​ឈប់​»។ បង​ប្អូន​របស់​យើង​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បន្ត​បម្រើ​ព្រះ​ដោយ​ស្មោះ​ត្រង់ ទោះ​ជា​មាន​ការ​ពិបាក​ផ្សេង​ៗ​ក្ដី។ ពួក​គេ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​ការ​ដែល​ពួក​គេ​ធ្វើ​និង​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​បង្ហាញ​ចំពោះ​នាម​របស់​លោក​ឡើយ។—ហេ. ៦:១០

២០. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

២០ មនុស្ស​នឹង​ស្អប់​យើង ដរាប​ណា​ដែល​នៅ​តែ​មាន​របៀប​របប​ពិភព​លោក​នេះ។ (​យ៉ូន. ១៥:១៩​) ប៉ុន្តែ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ទេ។ ដូច​ដែល​យើង​នឹង​ពិចារណា​នៅ​អត្ថបទ​បន្ទាប់ ព្រះ​យេហូវ៉ា​នឹង​«​ធ្វើ​ឲ្យ​[​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក​]​មាំ​មួន ព្រម​ទាំង​ការ​ពារ​»​ពួក​គេ។ (​២ថែ. ៣:៣​) ដូច្នេះ សូម​យើង​បន្ត​ស្រឡាញ់​ព្រះ​យេហូវ៉ា ស្រឡាញ់​បង​ប្អូន​របស់​យើង និង​ស្រឡាញ់​សត្រូវ​របស់​យើង។ ពេល​យើង​ធ្វើ​តាម​យោបល់​នេះ យើង​នឹង​រក្សា​ឲ្យ​មាន​សាមគ្គីភាព លើក​កិត្តិយស​ព្រះ​យេហូវ៉ា និង​មាន​ជំនឿ​មាំ​មួន។ យើង​ក៏​នឹង​បង្ហាញ​ថា​សេចក្ដី​ស្រឡាញ់​គឺ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ការ​ស្អប់​ឆ្ងាយ​ណាស់។

ចម្រៀង​លេខ​១០៦ បណ្ដុះ​សេចក្ដី​ស្រឡាញ់

^ វគ្គ 5 ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា ចំពោះ​បង​ប្អូន​រួម​ជំនឿ និង​ថែម​ទាំង​ចំពោះ​សត្រូវ​របស់​យើង ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ស្អប់​ពី​ពិភព​លោក​នេះ។ យើង​ក៏​នឹង​ស្វែង​យល់​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា យើង​អាច​សប្បាយ​ទោះ​ជា​គេ​ស្អប់​យើង​ក្ដី។

^ វគ្គ 1 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​ពួក​ទាហាន​បាន​គំរាម​កំហែង​បង​ដានីឡូ បង​ប្អូន​បាន​ជួយ​គាត់​និង​ប្រពន្ធ​របស់​គាត់​ឲ្យ​រើ​ទៅ​កន្លែង​ផ្សេង ហើយ​បង​ប្អូន​នៅ​ទី​នោះ​បាន​ទទួល​ស្វាគមន៍​ពួក​គាត់​យ៉ាង​កក់​ក្ដៅ។

^ វគ្គ 60 ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​របស់​បង​យ៉ាស្មីន​បាន​ប្រឆាំង​គាត់ ប៉ុន្តែ​អ្នក​ចាស់​ទុំ​បាន​ឲ្យ​យោបល់​ល្អ​ដល់​គាត់។ គាត់​ធ្វើ​ជា​ប្រពន្ធ​ល្អ ហើយ​មើល​ថែ​ប្ដី​គាត់​ពេល​ឈឺ។