អត្ថបទសិក្សា ១២
ចូររៀនថែមទៀតអំពីព្រះយេហូវ៉ាតាមរយៈការបង្កើតរបស់លោក
«ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ»។—រ៉ូម ១:២០
ចម្រៀងលេខ៦ អ្វីៗនៅលើមេឃបង្ហាញសិរីរុងរឿងរបស់ព្រះ
សេចក្ដីសង្ខេប a
១. តើយ៉ូបបានស្គាល់ព្រះយេហូវ៉ាច្រើនជាងតាមរបៀបណា?
ក្នុងចំណោមការសន្ទនាជាច្រើនដែលយ៉ូបមានក្នុងជីវិតរបស់គាត់ មានការសន្ទនាមួយដែលច្បាស់ជាពិសេសសម្រាប់គាត់ គឺការសន្ទនាជាមួយព្រះយេហូវ៉ា។ ក្នុងការសន្ទនានោះ ព្រះយេហូវ៉ាបានឲ្យយ៉ូបសង្កេតមើលអ្វីដ៏អស្ចារ្យខ្លះដែលលោកបានបង្កើតដើម្បីជួយគាត់ឲ្យដឹងថាព្រះយេហូវ៉ាមានប្រាជ្ញាច្រើនយ៉ាងណា ព្រមទាំងពង្រឹងទំនុកចិត្តគាត់ថាលោកអាចផ្គត់ផ្គង់អ្វីទាំងអស់ដែលអ្នកបម្រើរបស់លោកត្រូវការ។ ជាឧទាហរណ៍ ព្រះបានរំលឹកយ៉ូបថាលោកផ្គត់ផ្គង់សត្វនានា ដូច្នេះលោកក៏អាចថែរក្សាយ៉ូបបានដែរ។ (យ៉ូប ៣៨:៣៩-៤១; ៣៩:១, ៥, ១៣-១៦) ដោយពិចារណាអ្វីដែលព្រះបានបង្កើត យ៉ូបបានរៀនច្រើនអំពីគុណសម្បត្តិរបស់ព្រះ។
២. ហេតុអ្វីជួនកាលពិបាកឲ្យយើងពិនិត្យមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត?
២ យើងក៏អាចរៀនថែមទៀតអំពីព្រះរបស់យើងពេលដែលយើងពិនិត្យមើលអ្វីៗដែលលោកបានបង្កើត។ ប៉ុន្តែ ជួនកាលគឺមិនស្រួលឲ្យយើងធ្វើដូច្នេះទេ។ បើយើងរស់នៅក្នុងទីក្រុង យើងប្រហែលជាកម្រឃើញអ្វីដែលព្រះបានបង្កើតក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ ទោះជាយើងរស់នៅក្នុងជនបទក្ដី យើងប្រហែលជាមានអារម្មណ៍ថាយើងមិនសូវមានពេលដើម្បីពិនិត្យមើលអ្វីៗដែលលោកបានបង្កើតឡើយ។ ដូច្នេះ សូមយើងពិចារណាអំពីមូលហេតុដែលការលៃទុកពេលនិងការខំប្រឹងសង្កេតមើលអ្វីដែលព្រះបានបង្កើតគឺមានប្រយោជន៍។ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូបានប្រើការបង្កើតដើម្បីបង្រៀន ហើយអ្វីដែលយើងអាចធ្វើដើម្បីរៀនថែមទៀតពីធម្មជាតិ។
ហេតុអ្វីយើងគួរសង្កេតមើលអ្វីដែលព្រះបានបង្កើត?
៣. តើអ្វីបង្ហាញថាព្រះយេហូវ៉ាចង់ឲ្យអាដាមរីករាយនឹងអ្វីដែលលោកបានបង្កើត?
៣ ព្រះយេហូវ៉ាចង់ឲ្យមនុស្សដំបូងរីករាយនឹងអ្វីដែលលោកបានបង្កើត។ ពេលព្រះ បង្កើតអាដាម លោកបានឲ្យគាត់រស់នៅក្នុងសួនឧទ្យានដ៏ស្រស់ស្អាត ហើយបានឲ្យគាត់មានភារកិច្ចថែទាំនិងពង្រីកសួននោះ។ (ដក. ២:៨, ៩, ១៥) សូមស្រមៃគិតថាអាដាមរំភើបចិត្តយ៉ាងណា ពេលដែលគាត់ឃើញគ្រាប់ពូជចេញពន្លកនិងផ្ការីកស្គុសស្គាយ។ ការថែទាំសួនអេដែនគឺជាឯកសិទ្ធិដ៏ធំមួយសម្រាប់អាដាម! ព្រះយេហូវ៉ាក៏បានឲ្យអាដាមដាក់ឈ្មោះសត្វនានាដែរ។ (ដក. ២:១៩, ២០) ព្រះយេហូវ៉ាអាចដាក់ឈ្មោះសត្វទាំងនោះដោយខ្លួនលោកក៏បាន ប៉ុន្តែលោកបានឲ្យភារកិច្ចនោះទៅអាដាម។ មុនអាដាមដាក់ឈ្មោះឲ្យសត្វនីមួយៗ គាត់ច្បាស់ជាបានសិក្សាយ៉ាងដិតដល់អំពីសត្វទាំងនោះដោយសង្កេតមើលរូបរាងរបស់ពួកវានិងរបៀបដែលពួកវាប្រព្រឹត្ត។ អាដាមប្រាកដជាចូលចិត្តធ្វើកិច្ចការនោះ។ នេះច្បាស់ជាបានជួយគាត់ឲ្យយល់អំពីប្រាជ្ញាដ៏លើសលប់របស់ព្រះយេហូវ៉ា ហើយថាអ្វីដែលលោកបានបង្កើតគឺគួរឲ្យចាប់អារម្មណ៍និងស្រស់ស្អាតយ៉ាងខ្លាំង។
៤. (ក) តើអ្វីជាមូលហេតុមួយដែលយើងគួរពិនិត្យមើលអ្វីដែលព្រះបានបង្កើត? (ខ) តើអ្នកចូលចិត្តអ្វីជាពិសេសពីការបង្កើតរបស់ព្រះ?
៤ មូលហេតុមួយដែលយើងគួរពិនិត្យមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើតគឺថាលោកចង់ឲ្យយើងធ្វើដូច្នេះ។ លោកប្រាប់យើងថា៖ «ចូរងើយទៅលើមេឃ ហើយសម្លឹងមើលចុះ»។ បន្ទាប់មក លោកសួរថា៖ «តើអ្នកណាបានបង្កើតអ្វីៗទាំងនោះ?»។ យើងដឹងចម្លើយ។ (អេ. ៤០:២៦) ព្រះយេហូវ៉ាបានបង្កើតអ្វីទាំងអស់នៅលើមេឃ ព្រមទាំងអ្វីៗនៅផែនដីនិងក្នុងសមុទ្រ ហើយអ្វីទាំងអស់នោះបង្រៀនយើងអំពីលោក។ (ចសព. ១០៤:២៤, ២៥) ម្យ៉ាងទៀត សូមគិតអំពីរបៀបដែលព្រះបានបង្កើតយើង។ លោកបង្កើតយើងឲ្យចេះសប្បាយមើលអ្វីដ៏ស្រស់ស្អាតក្នុងធម្មជាតិ។ លោកក៏បង្កើតយើងឲ្យរីករាយនឹងអ្វីផ្សេងៗដែលលោកបានបង្កើតតាមរយៈវិញ្ញាណទាំងប្រាំគឺ មើលឃើញ ស្ដាប់ឮ ប៉ះពាល់ ភ្លក់រសជាតិ និងហិតក្លិន។
៥. យោងទៅតាមរ៉ូម ១:២០ តើយើងទទួលប្រយោជន៍យ៉ាងណាពីការសិក្សាអ្វីដែលព្រះយេហូវ៉ាបានបង្កើត?
៥ គម្ពីរប្រាប់យើងអំពីមូលហេតុសំខាន់មួយទៀតដែលយើងគួរពិនិត្យមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត។ មូលហេតុនោះគឺអ្វីទាំងនេះបង្រៀនយើងអំពីគុណសម្បត្តិរបស់លោក។ (សូមអាន រ៉ូម ១:២០) ជាឧទាហរណ៍ សូមមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត ហើយអ្នកនឹងឃើញថាអ្វីទាំងនោះបានត្រូវបង្កើតឡើងតាមរបៀបដ៏អស្ចារ្យ។ នេះបង្រៀនយើងថាព្រះយេហូវ៉ាមានប្រាជ្ញាខ្លាំងណាស់ មែនទេ? សូមគិតផងដែរអំពីអាហារជាច្រើនប្រភេទ។ នេះជាភ័ស្តុតាងយ៉ាងច្បាស់ថាព្រះយេហូវ៉ាស្រឡាញ់មនុស្សជាតិ។ ពេលយើងឃើញគុណសម្បត្តិរបស់ព្រះយេហូវ៉ាពីអ្វីដែលលោកបានបង្កើត យើងកាន់តែស្គាល់លោកថែមទៀត ហើយនោះទាក់ទាញចិត្តយើងឲ្យចូលកាន់តែជិតលោក។ ឥឡូវ សូមយើងពិចារណាអំពីរបៀបខ្លះដែលព្រះយេហូវ៉ាបានប្រើអ្វីដែលលោកបានបង្កើតដើម្បីបង្រៀនមនុស្សអំពីមេរៀនដ៏សំខាន់ៗ។
ព្រះប្រើការបង្កើតដើម្បីបង្រៀនយើងអំពីលោកផ្ទាល់
៦. តើយើងរៀនអ្វីពីការសង្កេតមើលបក្សីបន្លាស់ទី?
៦ ព្រះយេហូវ៉ាមានពេលកំណត់។ ជារៀងរាល់ឆ្នាំ នៅ ចន្លោះចុងខែកុម្ភៈនិងពាក់កណ្ដាលខែឧសភា ជនជាតិអ៊ីស្រាអែលអាចឃើញសត្វកុកធ្វើដំណើរឆ្ពោះទៅទិសខាងជើង។ ព្រះបានប្រាប់ជនជាតិអ៊ីស្រាអែលថា៖ «សត្វកុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល»។ (យេ. ៨:៧) ដូចព្រះយេហូវ៉ាបានកំណត់ពេលឲ្យបក្សីទាំងនេះបន្លាស់ទី លោកក៏កំណត់ពេលដើម្បីសម្រេចការវិនិច្ឆ័យរបស់លោក។ សព្វថ្ងៃ កាលដែលយើងឃើញការបន្លាស់ទីរបស់បក្សី នេះរំលឹកយើងថាយើងអាចទុកចិត្តថាព្រះយេហូវ៉ាមាន«គ្រាកំណត់»ដើម្បីបំផ្លាញពិភពលោកដ៏ទុច្ចរិតនេះ។—ហាប. ២:៣
៧. តើយើងអាចរៀនអ្វីពីការមើលបក្សីហោះហើរ? (អេសាយ ៤០:៣១)
៧ ព្រះយេហូវ៉ាឲ្យកម្លាំងដល់អ្នកបម្រើលោក។ តាមរយៈអេសាយ ព្រះយេហូវ៉ាបានសន្យាថាលោកនឹងពង្រឹងកម្លាំងរាស្ត្រលោកឲ្យ«ត្រដាងស្លាបហោះដូចជាឥន្ទ្រី»ពេលដែលពួកគេទន់ខ្សោយឬធ្លាក់ទឹកចិត្ត។ (សូមអាន អេសាយ ៤០:៣១) ជនជាតិអ៊ីស្រាអែលច្រើនតែឃើញឥន្ទ្រីហោះហើរឡើងលើអាកាសសំកាំងតាមខ្យល់ដោយមិនចាំបាច់បក់ស្លាបច្រើន។ នេះរំលឹកយើងថាដូចព្រះយេហូវ៉ាឲ្យកម្លាំងដល់បក្សីទាំងនោះ លោកក៏អាចឲ្យកម្លាំងដល់អ្នកបម្រើលោកដែរ។ ពេលអ្នកឃើញបក្សីដ៏ខ្លាំងក្លាត្រដាងស្លាបកាន់តែខ្ពស់ក្នុងអាកាសដោយមិនបក់ច្រើន សូមចាំថាព្រះយេហូវ៉ាអាចឲ្យអ្នកមានកម្លាំងដើម្បីយកឈ្នះបញ្ហារបស់អ្នក។
៨. តើយ៉ូបបានរៀនអ្វីពីការពិនិត្យមើលអ្វីដែលព្រះបានបង្កើត ហើយតើយើងអាចរៀនអ្វី?
៨ ព្រះយេហូវ៉ាគឺសមឲ្យយើងទុកចិត្ត។ ព្រះយេហូវ៉ាបានជួយយ៉ូបឲ្យកាន់តែទុកចិត្តលោក។ (យ៉ូប ៣២:២; ៤០:៦-៨) ក្នុងការសន្ទនាជាមួយយ៉ូប លោកបានលើកឡើងអំពីអ្វីជាច្រើនដែលលោកបានបង្កើតរួមមានដួងតារា ពពក និងផ្លេកបន្ទោរ។ ព្រះយេហូវ៉ាក៏បានលើកឡើងអំពីសត្វផ្សេងៗដូចជាគោព្រៃនិងសេះផងដែរ។ (យ៉ូប ៣៨:៣២-៣៥; ៣៩:៩, ១៩, ២០) អ្វីទាំងនេះមិនគ្រាន់តែបង្ហាញអំពីឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ព្រះប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញអំពីសេចក្ដីស្រឡាញ់និងប្រាជ្ញាដ៏អស្ចារ្យរបស់លោកដែរ។ ដោយសារការសន្ទនានេះ យ៉ូបបានទុកចិត្តព្រះយេហូវ៉ាកាន់តែខ្លាំងជាងពេលមុនៗ។ (យ៉ូប ៤២:១-៦) ស្រដៀងគ្នាដែរ ពេលយើងសិក្សាអំពីអ្វីដែលព្រះយេហូវ៉ាបានបង្កើត នេះរំលឹកយើងថាព្រះយេហូវ៉ាមានប្រាជ្ញានិងឫទ្ធានុភាពជាងយើងឆ្ងាយណាស់។ លោកក៏អាចបំបាត់ចោលទុក្ខលំបាកទាំងអស់របស់យើង ហើយលោកនឹងធ្វើដូច្នេះ។ ការពិតនេះអាចជួយពង្រឹងទំនុកចិត្តរបស់យើងទៅលើលោក។
លោកយេស៊ូប្រើការបង្កើតដើម្បីបង្រៀនអំពីបិតាលោក
៩-១០. តើដួងអាទិត្យនិងភ្លៀងបង្រៀនយើងអ្វីអំពីព្រះយេហូវ៉ា?
៩ លោកយេស៊ូដឹងច្រើនអំពីធម្មជាតិ។ ក្នុងនាមជា«មេជាងដ៏ជំនាញម្នាក់» លោកមានឯកសិទ្ធិរួមចំណែកជាមួយបិតាលោកក្នុងការបង្កើតសកលលោក។ (សុភ. ៨:៣០) ក្រោយមក កាលដែលលោកយេស៊ូនៅផែនដី លោកបានប្រើការបង្កើតដើម្បីបង្រៀនពួកអ្នកកាន់តាមលោកអំពីបិតាលោក។ សូមពិចារណាមេរៀនមួយចំនួនដែលលោកបានបង្រៀន។
១០ ព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា។ ក្នុងសុន្ទរកថារបស់លោកយេស៊ូនៅលើភ្នំ លោកបាននិយាយប្រាប់អ្នកកាន់តាមលោកអំពីដួងអាទិត្យនិងភ្លៀង ជាអ្វីដែលមនុស្សជាច្រើនមិនគិតថាពិសេសនោះទេ។ អ្វីទាំងពីរនេះគឺសំខាន់ចាំបាច់ដើម្បីទ្រទ្រង់ជីវិតយើង។ ព្រះយេហូវ៉ាអាចមិនឲ្យអ្វីទាំងនេះដល់បុគ្គលដែលមិនបម្រើលោកក៏បាន។ តែផ្ទុយទៅវិញ ដោយក្ដីស្រឡាញ់ លោកផ្ដល់ដួងអាទិត្យនិងភ្លៀងដល់មនុស្សគ្រប់រូប។ (ម៉ាថ. ៥:៤៣-៤៥) លោកយេស៊ូបានប្រើមេរៀននេះដើម្បីបង្រៀនពួកអ្នកកាន់តាមលោកថា ព្រះយេហូវ៉ាចង់ឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សគ្រប់គ្នា។ ពេលយើងមើលថ្ងៃលិចដ៏ស្រស់ស្អាតឬឃើញមេឃភ្លៀងដ៏ស្រស់ស្រាយ យើងអាចរំពឹងគិតអំពីសេចក្ដីស្រឡាញ់មិនរើសមុខរបស់ព្រះយេហូវ៉ា។ គំរូរបស់លោកអាចជំរុញចិត្តយើងឲ្យបង្ហាញសេចក្ដីស្រឡាញ់ស្រដៀងនឹងនេះដោយផ្សព្វផ្សាយដល់មនុស្សទាំងអស់។
១១. តើការសង្កេតមើលសត្វស្លាបអាចលើកទឹកចិត្តយើងយ៉ាងដូចម្ដេច?
១១ ព្រះយេហូវ៉ាផ្គត់ផ្គង់យើង។ ក្នុងសុន្ទរកថាដដែលនោះ លោកយេស៊ូក៏បានមានប្រសាសន៍ថា៖ «ចូរសង្កេតមើលសត្វស្លាបនៅលើមេឃ ព្រោះវាមិនសាបព្រោះ ច្រូតកាត់ ឬប្រមូលផល ទុកក្នុងជង្រុកឡើយ តែបិតារបស់អ្នករាល់គ្នាដែលស្ថិតនៅស្ថានសួគ៌ផ្ដល់ចំណីឲ្យវា»។ អ្នកដែលស្ដាប់លោកយេស៊ូនៅពេលនោះប្រហែលជាអាចឃើញសត្វចាបហោះកាត់ពួកគេ ពេលដែលលោកសួរពួកគេថា៖ «តើអ្នករាល់គ្នាមិនមានតម្លៃជាងសត្វស្លាបទាំងនោះទេឬ?»។ (ម៉ាថ. ៦:២៦) តាមរបៀបដ៏កក់ក្ដៅនេះ លោកយេស៊ូបានជួយយើងឲ្យយល់ថាព្រះយេហូវ៉ានឹងថែរក្សាយើង។ (ម៉ាថ. ៦:៣១, ៣២) អ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះនៅតែទទួលការលើកទឹកចិត្តពីការទាញមេរៀនក្នុងធម្មជាតិ។ ប្អូនស្រីវ័យក្មេងម្នាក់ដែលជាអ្នកត្រួសត្រាយនៅប្រទេសអេស្ប៉ាញបានធ្លាក់ទឹកចិត្ត ដោយសារគាត់មិនអាចរកកន្លែងស្នាក់នៅដ៏សមរម្យមួយបានទេ។ ប៉ុន្តែ ក្រោយពីគាត់សង្កេតមើលសត្វចាបស៊ីគ្រាប់ធញ្ញជាតិនិងផ្លែឈើ គាត់ទទួលការលើកទឹកចិត្ត។ គាត់និយាយថា៖ «ពេលឃើញសត្វចាបទាំងនោះ នេះរំលឹកខ្ញុំថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះពួកវា អ៊ីចឹងលោកក៏នឹងយកចិត្តទុកដាក់ចំពោះខ្ញុំដែរ»។ មិនយូរក្រោយមក ប្អូនស្រីនោះបានរកឃើញកន្លែងស្នាក់នៅ។
១២. យោងទៅតាមម៉ាថាយ ១០:២៩-៣១ តើចាបពូកបង្ហាញយ៉ាងណាអំពីព្រះយេហូវ៉ា?
១២ ព្រះយេហូវ៉ាឲ្យតម្លៃយើងម្នាក់ៗ។ មុនលោកយេស៊ូចាត់ពួកសាវ័កលោកឲ្យទៅផ្សព្វផ្សាយ លោកបានជួយពួកគេមិនឲ្យភ័យខ្លាចចំពោះពួកអ្នកដែលប្រឆាំងពួកគេ។ (សូមអាន ម៉ាថាយ ១០:២៩-៣១) លោកបានធ្វើដូច្នេះដោយលើកឡើងអំពីសត្វចាបមួយប្រភេទដែលមានជាទូទៅនៅស្រុកអ៊ីស្រាអែលគឺចាបពូក។ សត្វចាបទាំងនោះមានតម្លៃថោកនៅសម័យរបស់លោកយេស៊ូ។ ប៉ុន្តែ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «គ្មានចាបពូកណាមួយធ្លាក់ដល់ដី ដែលបិតារបស់អ្នកដែលស្ថិតនៅស្ថានសួគ៌មិនជ្រាបឡើយ»។ ក្រោយមក លោកបានបន្ថែមទៀតថា៖ «អ្នករាល់គ្នាមានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ លោកយេស៊ូបានពង្រឹងទំនុកចិត្តពួកអ្នកកាន់តាមលោកថាព្រះយេហូវ៉ាឲ្យតម្លៃពួកគេម្នាក់ៗ ដូច្នេះគ្មានហេតុឲ្យពួកគេភ័យខ្លាចចំពោះការបៀតបៀនឡើយ។ ពួកអ្នកកាន់តាមច្បាស់ជានឹកចាំប្រសាសន៍របស់លោកយេស៊ូ ពេលពួកគេឃើញសត្វចាបកាលដែលពួកគេផ្សព្វផ្សាយតាមភូមិនានា។ ពេលណាអ្នកឃើញចាប សូមចាំថាព្រះយេហូវ៉ាឲ្យតម្លៃអ្នកផ្ទាល់ ដោយសារអ្នកក៏«មានតម្លៃជាងចាបពូកជាច្រើនទៅទៀត»។ ដោយមានការគាំទ្រពីលោក អ្នកមិនចាំបាច់ភ័យខ្លាចពេលអ្នកឯទៀតប្រឆាំងអ្នកឡើយ។—ចសព. ១១៨:៦
តើយើងអាចរៀនថែមទៀតអំពីព្រះតាមរយៈការបង្កើតយ៉ាងដូចម្ដេច?
១៣. តើអ្វីនឹងជួយយើងឲ្យរៀនពីការបង្កើត?
១៣ យើងអាចទាញយកមេរៀនជាច្រើនទៀតអំពីព្រះយេហូវ៉ាពីការបង្កើត។ តើតាមរបៀបណា? ដំបូង យើងត្រូវលៃទុកពេលសង្កេតមើលអ្វីៗដែលលោកបានបង្កើត។ បន្ទាប់មក យើងត្រូវគិតអំពីរបៀបដែលវាបង្រៀនយើងអំពីព្រះយេហូវ៉ា។ យើងប្រហែលជាមិនតែងតែស្រួលឲ្យធ្វើដូច្នេះទេ។ បងស្រីជេរោលឌីនពីប្រទេសកាមេរូននិយាយថា៖ «ខ្ញុំធំឡើងក្នុងទីក្រុង ដូច្នេះខ្ញុំត្រូវខំប្រឹងខ្លាំងជាងដើម្បីសង្កេតមើលធម្មជាតិ»។ អ្នកចាស់ទុំម្នាក់ឈ្មោះអាល់ហ្វុនសូពន្យល់ថា៖ «ខ្ញុំយល់ថាខ្ញុំត្រូវកំណត់ពេលនៅម្នាក់ឯងដើម្បីសង្កេតមើលអ្វីដែលព្រះយេហូវ៉ាបានបង្កើត និងរំពឹងគិតអំពីអ្វីដែលនោះបង្រៀនខ្ញុំអំពីលោក»។
១៤. តើដាវីឌបានរៀនអ្វីពេលគាត់រំពឹងគិតអំពីការបង្កើតរបស់ព្រះ?
១៤ ដាវីឌបានគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលព្រះបានបង្កើត។ គាត់បាននិយាយទៅកាន់ព្រះយេហូវ៉ាថា៖ «ពេលខ្ញុំសម្លឹងមើលមេឃជាស្នាដៃរបស់លោក ហើយមើលដួងចន្ទ និងដួងតារា ដែលលោកបានបង្កើត ខ្ញុំនឹកក្នុងចិត្តថា តើមនុស្សជាតិជាអ្វីដែលលោកត្រូវគិតដល់?»។ (ចសព. ៨:៣, ៤) ពិតមែនហើយ ពេលដាវីឌសម្លឹងមើលមេឃនាពេលយប់ គាត់មិនគ្រាន់តែសប្បាយមើលផ្កាយជាច្រើនប៉ុណ្ណោះទេ។ ប៉ុន្តែ គាត់ក៏រំពឹងគិតអ្វីដែលគាត់អាចរៀនអំពីព្រះយេហូវ៉ាតាមរយៈផ្កាយទាំងនោះ។ គាត់បានរៀនថាព្រះយេហូវ៉ាគឺអស្ចារ្យយ៉ាងណា។ នៅពេលផ្សេងទៀត គាត់បានរំពឹងគិតអំពីរបៀបដែលរូបកាយរបស់គាត់លូតលាស់នៅក្នុងផ្ទៃម្ដាយគាត់។ កាលដែលគាត់រំពឹងគិតអំពីអ្វីដ៏អស្ចារ្យទាំងនេះ គាត់កាន់តែឲ្យតម្លៃចំពោះប្រាជ្ញារបស់ព្រះយេហូវ៉ា។—ចសព. ១៣៩:១៤-១៧
១៥. សូមលើកឧទាហរណ៍អំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ាដែលអ្នកបានរកឃើញក្នុងការបង្កើត។ (ចម្រៀងសរសើរព្រះ ១៤៨:៧-១០)
១៥ ដូចដាវីឌ អ្នកមិនចាំបាច់ទៅឆ្ងាយដើម្បីរកឃើញអ្វីណាមួយក្នុងការបង្កើតយកមករំពឹងគិតនោះទេ។ បើអ្នកមើលជុំវិញខ្លួនអ្នក អ្នកអាចស្វែងយល់អំពីគុណសម្បត្តិជាច្រើនរបស់ព្រះយេហូវ៉ា។ ជាឧទាហរណ៍ អ្នកអាចដឹងអំពីឫទ្ធានុភាពរបស់ព្រះពេលស្បែករបស់អ្នកត្រូវកម្ដៅថ្ងៃ។ (យេ. ៣១:៣៥) អ្នកអាចគិតអំពីប្រាជ្ញារបស់ព្រះពេលអ្នកឃើញបក្សីធ្វើសម្បុក។ អ្នកអាចគិតអំពីអារម្មណ៍សប្បាយរបស់ព្រះយេហូវ៉ាពេលអ្នកឃើញកូនឆ្កែដេញខាំកន្ទុយវាលេង។ ម្យ៉ាងទៀត អ្នកអាចអរគុណព្រះយេហូវ៉ាចំពោះសេចក្ដីស្រឡាញ់របស់លោក ពេលណាដែលអ្នកឃើញម្ដាយប្រឡែងលេងជាមួយកូនង៉ែតរបស់គាត់។ យើងមានឱកាសជាច្រើនដើម្បីរៀនអំពីព្រះយេហូវ៉ា ដោយសារអ្វីទាំងអស់ដែលលោកបានបង្កើតសរសើរលោក មិនថាអ្វីទាំងនោះធំ តូច ជិត ឬឆ្ងាយក្ដី។—សូមអាន ចម្រៀងសរសើរព្រះ ១៤៨:៧-១០
១៦. តើយើងគួរតាំងចិត្តធ្វើអ្វី?
១៦ ព្រះរបស់យើងមានប្រាជ្ញា សេចក្ដីស្រឡាញ់ និងឫទ្ធានុភាព ហើយអ្វីទាំងអស់ដែលលោកបានបង្កើតគឺស្រស់ស្អាត។ គុណសម្បត្តិទាំងនេះនិងគុណសម្បត្តិជាច្រើនទៀតសឲ្យឃើញក្នុងធម្មជាតិ បើយើងពិនិត្យមើលអ្វីទាំងនោះ។ សូមយើងទាំងអស់គ្នាលៃទុកពេលជាទៀងទាត់ដើម្បីសប្បាយនឹងអ្វីៗដែលព្រះបានបង្កើត ហើយរំពឹងគិតអំពីអ្វីដែលនោះបង្រៀនយើងអំពីព្រះយេហូវ៉ា។ ដោយធ្វើដូច្នេះ យើងនឹងចូលកាន់តែជិតព្រះដែលជាអ្នកបង្កើតរបស់យើង។ (យ៉ា. ៤:៨) ក្នុងអត្ថបទបន្ទាប់ យើងនឹងឃើញរបៀបដែលឪពុកម្ដាយអាចប្រើការបង្កើតដើម្បីជួយកូនរបស់ពួកគេឲ្យចូលទៅជិតព្រះយេហូវ៉ា។
ចម្រៀងលេខ៥ ស្នាដៃដ៏អស្ចារ្យរបស់ព្រះ
a ការបង្កើតរបស់ព្រះយេហូវ៉ាគឺអស្ចារ្យ។ ចាប់ពីថាមពលដ៏ខ្លាំងលើសលប់នៃដួងអាទិត្យរហូតដល់ស្រទាប់ផ្កាមួយទងដ៏ស្រទន់ ស្នាដៃរបស់លោកធ្វើឲ្យយើងកោតស្ងើច។ មេរៀនពីការបង្កើតក៏អាចជួយយើងឲ្យរៀនអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលយើងគួរលៃទុកពេលដើម្បីពិនិត្យមើលអ្វីដែលព្រះបានបង្កើត និងរបៀបដែលការធ្វើដូច្នេះអាចជួយយើងឲ្យចូលកាន់តែជិតព្រះរបស់យើង។