លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១១

របៀបត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹក

របៀបត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹក

​«​តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?​»។—សកម្ម. ៨:៣៦

ចម្រៀង​លេខ​៥០ ខ្ញុំ​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ

សេចក្ដី​សង្ខេប a

ទាំង​ចាស់​ទាំង​ក្មេង​នៅ​ទូទាំង​ផែនដី​កំពុង​រីក​ចម្រើនហើយ​ទទួល​ការ​ជ្រមុជ​ទឹក​ (​សូម​មើល​វគ្គ​១​-​២​)

១​-​២. បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ហេតុ​អ្វី​អ្នក​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

 បើ​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បាន​កំណត់​គោល​ដៅ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ខ្លួន​ឯង។ តើ​អ្នក​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឥឡូវ​នេះ​ឬ​ទេ? បើ​អ្នក​គិត​ថា​អ្នក​បាន​ត្រៀម​ខ្លួន​ហើយ ហើយ​ពួក​អ្នក​ចាស់​ទុំ​យល់​ព្រម សូម​កុំ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឱកាស​ក្រោយ​ឡើយ។ បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​មាន​ជីវិត​ដ៏​សប្បាយ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។

ចុះ​យ៉ាង​ណា បើ​ពួក​គេ​ប្រាប់​អ្នក​ឲ្យ​រីក​ចម្រើន​ថែម​ទៀត​មុន​ទទួល​ការ​ជ្រមុជ​ទឹក? ឬ​តើ​អ្នក​ទទួល​ស្គាល់​ចំណុច​នេះ​ដោយ​ខ្លួន​ឯង​ឬ​ទេ? បើ​ដូច្នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ អ្នក​អាច​រីក​ចម្រើន​ឈាន​ទៅ​រក​គោល​ដៅ​ដ៏​សំខាន់​នេះ មិន​ថា​អ្នក​ក្មេង​ឬ​ចាស់​ក្ដី។

​«​តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ?​»​

៣. តើ​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី​បាន​សួរ​ភីលីព​នូវ​សំណួរ​អ្វី ហើយ​តើ​នេះ​នាំ​ឲ្យ​មាន​សំណួរ​អ្វី? (​សកម្មភាព ៨:៣៦, ៣៨​)

សូម​អាន សកម្មភាព ៨:៣៦, ៣៨ មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ពី​ស្រុក​អេត្យូពី​បាន​សួរ​ភីលីព​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ថា​៖ ​«​តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការជ្រមុជ​ទឹក?​»។ បុរស​ជន​ជាតិ​អេត្យូពី​នោះ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ប៉ុន្តែ​តើ​គាត់​ពិតជា​បាន​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​តាម​ជំហាន​ដ៏​សំខាន់​នេះ​ឬ​ទេ?

មន្ត្រី​ជន​ជាតិ​អេត្យូពី​បាន​តាំង​ចិត្ត​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៤​)

៤. តើ​មន្ត្រី​ជន​ជាតិ​អេត្យូពី​បង្ហាញ​យ៉ាង​ណា​ថា​គាត់​តាំង​ចិត្ត​បន្ត​រៀន?

បុរស​ជន​ជាតិ​អេត្យូពី​«​បាន​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​គោរព​បូជា​»។ (​សកម្ម. ៨:២៧​) ដូច្នេះ គាត់​ទំនង​ជា​អ្នក​ចូល​សាសនា​យូដា។ គាត់​ច្បាស់​ជា​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​សំណេរ​ដ៏​ពិសិដ្ឋ​នៃ​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ប៉ុន្តែ​គាត់​ចង់​រៀន​ថែម​ទៀត។ តាម​ពិត ពេល​ដែល​ភីលីព​បាន​ជួប​មន្ត្រី​នោះ​នៅ​តាម​ផ្លូវ តើ​ភីលីព​បាន​ឃើញ​បុរស​នោះ​កំពុង​ធ្វើ​អ្វី? គឺ​គាត់​កំពុង​អាន​រមូរ​អំពី​សំណេរ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ។ (​សកម្ម. ៨:២៨​) នោះ​គឺ​ជា​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ពី​គម្ពីរ។ មន្ត្រី​ជាន់​ខ្ពស់​នោះ​មិន​គ្រាន់​តែ​ពេញ​ចិត្ត​នឹង​ការ​រៀន​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ​ប៉ុណ្ណោះ​ទេ តែ​គាត់​ក៏​ចង់​បន្ត​រៀន​ថែម​ទៀត​ដែរ។

៥. តើ​បុរស​ជន​ជាតិ​អេត្យូពី​បាន​ធ្វើ​អ្វី​ចំពោះ​អ្វី​ដែល​គាត់​បាន​រៀន?

បុរស​នោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​មហា​ក្សត្រី​ខាន់ឌីស​នៃ​ស្រុក​អេត្យូពី។ គាត់​‹ជា​អ្នក​មើល​ការ​ខុស​ត្រូវ​លើ​ឃ្លាំង​ទ្រព្យ​ទាំង​អស់​របស់​មហា​ក្សត្រី​នោះ›។ (​សកម្ម. ៨:២៧​) ដូច្នេះ គាត់​ច្បាស់​ជា​ជាប់​រវល់ ហើយ​មាន​ភារកិច្ច​ជា​ច្រើន។ ប៉ុន្តែ គាត់​បាន​លៃ​ទុក​ពេល​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ គាត់​មិន​ស្កប់​ចិត្ត​គ្រាន់​តែ​រៀន​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ គាត់​ក៏​ប្រព្រឹត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន​ដែរ។ ដូច្នេះ គាត់​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​អេត្យូពី​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​នៅ​ឯ​វិហារ​នា​ក្រុង​យេរូសាឡិម។ ការ​ធ្វើ​ដំណើរ​នោះ​តម្រូវ​ឲ្យ​ចំណាយ​ពេល​និង​ធន​ធាន​ជា​ច្រើន ប៉ុន្តែ​បុរស​នោះ​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​ត្រូវ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ។

៦​-​៧. តើ​សេចក្ដី​ស្រឡាញ់​របស់​បុរស​ជន​ជាតិ​អេត្យូពី​ចំពោះ​ព្រះ​យេហូវ៉ា​បាន​បន្ត​កើន​ឡើង​យ៉ាង​ដូច​ម្ដេច?

មន្ត្រី​ជន​ជាតិ​អេត្យូពី​នេះ​បាន​រៀន​ពី​ភីលីព​នូវ​សេចក្ដី​បង្រៀន​ខ្លះ​ដ៏​សំខាន់​ដែល​ថ្មី​សម្រាប់​គាត់ រួម​មាន​អត្តសញ្ញាណ​របស់​មេស្ស៊ី។ (​សកម្ម. ៨:៣៤, ៣៥​) មន្ត្រី​ជាន់​ខ្ពស់​នេះ​ទំនង​ជា​សប្បាយ​ចិត្ត​រៀន​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​សម្រាប់​គាត់។ តើ​គាត់​បាន​ធ្វើ​អ្វី​ក្រោយ​ពី​គាត់​បាន​រៀន​អ្វី​ទាំង​នោះ? គាត់​អាច​បន្ត​ធ្វើ​ជា​អ្នក​ចូល​សាសនា​យូដា​ដែល​មាន​គេ​គោរព​ក៏​បាន។ ប៉ុន្តែ សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បាន​កើន​ឡើង។ នេះ​បាន​ជំរុញ​ចិត្ត​គាត់​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ គឺ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ដោយ​ឃើញ​ថា​បុរស​នោះ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ភីលីព​បាន​ជ្រមុជ​ទឹក​ឲ្យ​គាត់។

បើ​អ្នក​ធ្វើ​តាម​គំរូ​របស់​មន្ត្រី​ជន​ជាតិ​អេត្យូពី​នោះ អ្នក​អាចត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​ក៏​នឹង​អាច​និយាយ​ដោយ​ជឿ​ជាក់​ថា​៖ ​«​តើ​មាន​អ្វី​ដែល​រា​រាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក?​»។ សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​អ្វី​ដែល​បុរស​ជន​ជាតិ​អេត្យូពី​ម្នាក់​នោះ​បាន​ធ្វើ គឺ​គាត់​បាន​បន្ត​រៀន បាន​ប្រព្រឹត្ត​តាម​អ្វី​ដែល​គាត់​រៀន ហើយ​បន្ត​បង្កើន​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ព្រះ។

ចូរ​បន្ត​រៀន

៨. តើ​យ៉ូហាន ១៧:៣​ចែង​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី?

សូម​អាន យ៉ូហាន ១៧:៣និង​កំណត់​សម្គាល់។ តើ​ពាក្យ​ទាំង​នេះ​របស់​លោក​យេស៊ូ​បាន​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​សិក្សា​គម្ពីរ​ឬ​ទេ? ពាក្យ​ទាំង​នេះ​បាន​ជួយ​យើង​ជា​ច្រើន​នាក់​ឲ្យ​ធ្វើ​ដូច្នេះ។ ប៉ុន្តែ តើ​ពាក្យ​ទាំង​នេះ​ក៏​ប្រាប់​យើង​ឲ្យ​បន្ត​រៀន​ឬ​ទេ? គឺ​មែន។ យើង​នឹង​មិន​ឈប់​ទទួល​«​ចំណេះ​អំពី . . . ព្រះ​ពិត​តែ​មួយ​»​ឡើយ។ (​អទ. ៣:១១​) យើង​នឹង​បន្ត​រៀន​ជា​រៀង​រហូត។ កាល​ដែល​យើង​កាន់​តែ​រៀន យើង​នឹង​កាន់​តែ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។—ចសព. ៧៣:២៨

៩. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ក្រោយ​ពី​បាន​រៀន​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ?

ពេល​យើង​ចាប់​ផ្ដើម​រៀន​អំពី​ព្រះ​យេហូវ៉ា យើង​រៀន​តែ​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ​ប៉ុណ្ណោះ។ ក្នុង​សំបុត្រ​របស់​សាវ័ក​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ គាត់​បាន​ហៅ​សេចក្ដី​បង្រៀន​នេះ​ថា​៖ ​«​បឋម​សេចក្ដី​»។ គាត់​មិន​មើល​ងាយ​«​សេចក្ដី​បង្រៀន​ជា​មូលដ្ឋាន​»​ទេ ផ្ទុយ​ទៅ​វិញ​គាត់​បាន​ប្រដូច​សេចក្ដី​បង្រៀន​ទាំង​នោះ​ទៅ​នឹង​ទឹក​ដោះ​ដែល​បំប៉ន​ទារក។ (​ហេ. ៥:១២; ៦:១​) ប៉ុន្តែ គាត់​ក៏​បាន​ដាស់​តឿន​គ្រិស្ត​សាសនិក​ទាំង​អស់​ឲ្យ​បន្ត​រៀន​លើស​ពី​សេចក្ដី​បង្រៀន​បឋម​ទាំង​នោះ​ដោយ​រៀន​សេចក្ដី​បង្រៀន​ដ៏​ជ្រាល​ជ្រៅ​ជាង​ក្នុង​បណ្ដាំ​ព្រះ។ តើ​អ្នក​ចង់​រៀន​សេចក្ដី​បង្រៀន​ជ្រាល​ជ្រៅ​ជាង​ក្នុង​គម្ពីរ​ឬ​ទេ? តើ​អ្នក​ចង់​បន្ត​រីក​ចម្រើន​និង​បន្ត​រៀន​អំពី​ព្រះ​យេហូវ៉ា ព្រម​ទាំង​គោល​បំណង​របស់​លោក​ឬ​ទេ?

១០. ហេតុ​អ្វី​ការ​សិក្សា​គឺ​មិន​ស្រួល​សម្រាប់​អ្នក​ខ្លះ?

១០ ប៉ុន្តែ​ចំពោះ​យើង​ជា​ច្រើន​នាក់ ការ​សិក្សា​គឺ​មិន​ស្រួល​ទេ។ ចុះ​យ៉ាង​ណា​អ្នក​វិញ? នៅ​សាលា តើ​អ្នក​បាន​រៀន​អាន​និង​សិក្សា​យ៉ាង​ពូកែ​ឬ​ទេ? តើ​អ្នក​ចូល​ចិត្ត​សិក្សា ហើយ​មាន​អារម្មណ៍​ថា​អ្នក​បាន​រៀន​ច្រើន​ឬ​ទេ? ឬ​តើ​អ្នក​គិត​ថា​អ្នក​មិន​ពូកែ​រៀន​សៀវភៅ​ផ្សេង​ៗ​ឬ? បើ​ដូច្នេះ សូម​ដឹង​ថា​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ដូច​អ្នក​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​បាន។ លោក​ជា​បុគ្គល​ដ៏​ល្អ​ឥត​ខ្ចោះ និង​ជា​គ្រូ​បង្រៀន​ដ៏​ល្អ​បំផុត។

១១. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​ថា​លោក​ជា​«​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​»​?

១១ ព្រះ​យេហូវ៉ា​ហៅ​ខ្លួន​លោក​ថា​៖ ​«​គ្រូ​បង្រៀន​ដ៏​ឧត្ដម​បំផុត​»​របស់​អ្នក។ (​អេ. ៣០:២០, ២១​) លោក​ជា​គ្រូ​បង្រៀន​ដែល​មាន​ចិត្ត​អត់​ធ្មត់ សប្បុរស និង​យល់​អារម្មណ៍។ លោក​រក​មើល​ចំណុច​ល្អ​របស់​សិស្ស​លោក។ (​ចសព. ១៣០:៣​) ម្យ៉ាង​ទៀត លោក​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​យើង​ឡើយ។ សូម​ចាំ​ថា លោក​បាន​បង្កើត​ខួរ​ក្បាល​របស់​យើង​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ។ (​ចសព. ១៣៩:១៤​) យើង​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​ចង់​រៀន​តាំង​ពី​យើង​កើត​មក។ អ្នក​បង្កើត​របស់​យើង​ចង់​ឲ្យ​យើង​បន្ត​រៀន​ជា​រៀង​រហូត ហើយ​សប្បាយ​នឹង​ការ​រៀន​នោះ។ ដូច្នេះ គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​«​បណ្ដុះ​ការ​ស្រេក​ឃ្លាន​»​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​នៅ​ឥឡូវ​នេះ។ (​១ពេ. ២:២​) សូម​កំណត់​គោល​ដៅ​ដែល​អ្នក​អាច​សម្រេច​បាន ព្រម​ទាំង​អាន​និង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់។ (​យ៉ូស. ១:៨​) ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា អ្នក​នឹង​រៀន​ឲ្យ​ចេះ​ចូល​ចិត្ត​អាន​និង​សិក្សា​អំពី​លោក​កាន់​តែ​ច្រើន​ឡើង។

១២. ហេតុ​អ្វី​យើង​គួរ​សិក្សា​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ?

១២ សូម​ចំណាយ​ពេល​ជា​ទៀង​ទាត់​ដើម្បី​រំពឹង​គិត​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដិត​ដល់ បើ​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ជា​ពិសេស​ក្នុង​អំឡុង​គ្រា​ដ៏​ពិបាក​នេះ។ (​១ពេ. ២:២១​) លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​លោក​ថា ពួក​គេ​នឹង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ។ (​លូក. ១៤:២៧, ២៨​) ប៉ុន្តែ លោក​ជឿ​ជាក់​ថា​ពួក​អ្នក​កាន់​តាម​ពិត​លោក​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ដូច​លោក​យេស៊ូ​ដែរ។ (​យ៉ូន. ១៦:៣៣​) សូម​សិក្សា​ព័ត៌មាន​អំពី​ជីវិត​របស់​លោក​យេស៊ូ​និង​កំណត់​គោល​ដៅ​ធ្វើ​តាម​គំរូ​របស់​លោក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​អ្នក។

១៣. តើ​អ្នក​គួរ​បន្ត​សុំ​អ្វី​ពី​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី?

១៣ ការ​មាន​ចំណេះ​គឺ​មិន​គ្រប់​គ្រាន់​ទេ។ មូលហេតុ​ដែល​អ្នក​ត្រូវ​ការ​ចំណេះ​គឺ​ដើម្បី​អ្នក​អាច​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​ជា​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​និង​ជំនឿ​លើ​លោក។ (​១កូ. ៨:១​-​៣​) កាល​ដែល​អ្នក​បន្ត​រៀន សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ជំនឿ​ថែម​ទៀត។ (​លូក. ១៧:៥​) លោក​មិន​កំណាញ់​នឹង​ការ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​បែប​នេះ​ទេ។ ជំនឿ​ពិត​ប្រាកដ​ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ​អំពី​ព្រះ​របស់​យើង​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន។—យ៉ា. ២:២៦

ចូរ​បន្ត​ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន

មុន​ទឹក​ជំនន់ ណូអេ​និង​ក្រុម​គ្រួសារ​គាត់​បាន​ប្រព្រឹត្ត​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន​យ៉ាង​ស្មោះ​ត្រង់ (​សូម​មើល​វគ្គ​១៤​)

១៤. តើ​សាវ័ក​ពេត្រុស​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១៤ សាវ័ក​ពេត្រុស​បាន​លើក​បញ្ជាក់​ថា គឺ​សំខាន់​ណាស់​ឲ្យ​ពួក​អ្នក​កាន់​តាម​គ្រិស្ត​បន្ត​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​រៀន។ គាត់​បាន​លើក​ឡើង​នូវ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ណូអេ។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា​តាម​រយៈ​ទឹក​ជំនន់ លោក​នឹង​បំផ្លាញ​មនុស្ស​អាក្រក់​នៅ​សម័យ​នោះ។ ការ​គ្រាន់​តែ​ដឹង​ថា​ទឹក​ជំនន់​នឹង​កើត​ឡើង​គឺ​មិន​អាច​សង្គ្រោះ​ណូអេ​និង​ក្រុម​គ្រួសារ​គាត់​ទេ។ សូម​កត់​សម្គាល់​ថា​ពេត្រុស​កំពុង​និយាយ​អំពី​គ្រា​មុន​ទឹក​ជំនន់ និង​«​ខណៈ​ដែល​ទូក​ធំ​កំពុង​ត្រូវ​សង់​»។ (​១ពេ. ៣:២០​) មែន​ហើយ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​បាន​រៀន​ពី​ព្រះ​ដោយ​សង់​ទូក​ធំ​មួយ។ (​ហេ. ១១:៧​) បន្ទាប់​មក ពេត្រុស​បាន​ប្រដូច​អ្វី​ដែល​ណូអេ​បាន​ធ្វើ​ទៅ​នឹង​ការ​ជ្រមុជ​ទឹក ដោយ​សរសេរ​ថា​៖ ​«​ព្រឹត្តិការណ៍​នោះ​ជា​និមិត្តរូប​នៃ​អ្វី​ដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​នៅ​ឥឡូវ​នេះ ពោល​គឺ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​»។ (​១ពេ. ៣:២១​) ដូច្នេះ យើង​អាច​ប្រដូច​កិច្ច​ការ​ដែល​អ្នក​កំពុង​ធ្វើ​នៅ​ឥឡូវ​នេះ​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក ទៅ​នឹង​កិច្ច​ការ​សង់​ទូក​ធំ​ដែល​ណូអេ​និង​ក្រុម​គ្រួសារគាត់​បាន​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក?

១៥. តើ​យើង​បង្ហាញ​ថា​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​យ៉ាង​ដូច​ម្ដេច?

១៥ ក្នុង​ចំណោម​អ្វី​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ គឺ​យើង​ត្រូវ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ​ពី​ការ​ខុស​ឆ្គង​របស់​យើង។ (​សកម្ម. ២:៣៧, ៣៨​) ពេល​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ យើង​នឹង​ធ្វើ​ការ​កែ​ប្រែ​ពិត​ប្រាកដ។ តើ​អ្នក​បាន​លះ​ចោល​ការ​ប្រព្រឹត្ត​ណា​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត ដូច​ជា​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌ ការ​ប្រើ​ថ្នាំ​ជក់ ឬ​ការ​ប្រើ​ពាក្យ​គម្រក់​ឬ​ពាក្យ​ប្រមាថ​មើល​ងាយ​ហើយ​ឬ​នៅ? (​១កូ. ៦:៩, ១០; ២កូ. ៧:១; អេភ. ៤:២៩​) បើ​អ្នក​មិន​ទាន់​ធ្វើ​ដូច្នេះ​ទេ សូម​បន្ត​ព្យាយាម​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ សូម​និយាយ​ជា​មួយ​អ្នក​បង្រៀន​គម្ពីរ ឬ​សុំ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​ជួយ​និង​ផ្ដល់​ការ​ណែនាំ​ដល់​អ្នក។ បើ​អ្នក​នៅ​ក្មេង​និង​រស់​នៅ​ក្នុង​បន្ទុក​គ្រួសារ សូម​បន្ត​សុំ​ជំនួយ​ពី​ឪពុក​ម្ដាយ​របស់​អ្នក​ដើម្បី​លះ​ចោល​ទម្លាប់​អាក្រក់​ណា​ដែល​អាច​រា​រាំង​អ្នក​មិន​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។

១៦. តើ​ការ​មាន​កាល​វិភាគ​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​រួម​បញ្ចូល​អ្វី​ខ្លះ?

១៦ ការ​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក៏​សំខាន់​ដែរ។ នេះ​នឹង​រួម​បញ្ចូល​ការ​ចូល​រួម​កិច្ច​ប្រជុំ​គ្រិស្ត​សាសនិក និង​ការ​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​នោះ។ (​ហេ. ១០:២៤, ២៥​) ម្យ៉ាង​ទៀត នៅ​ពេល​ដែល​អ្នក​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​គ្រិស្ត​សាសនិក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​ចូល​រួម​ជា​ទៀង​ទាត់។ កាល​ដែល​អ្នក​កាន់​តែ​រួម​ចំណែក​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ អ្នក​នឹង​កាន់​តែ​ចូល​ចិត្ត​កិច្ច​ការ​នោះ។ (​២ធី. ៤:៥​) បើ​អ្នក​នៅ​ក្មេង​និង​រស់​នៅ​ក្នុង​បន្ទុក​គ្រួសារ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ឪពុក​ម្ដាយ​ខ្ញុំ​ត្រូវ​រំលឹក​ខ្ញុំ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ឬ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឬ​ទេ ឬ​តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្លួន​ឯង?›។ ការ​ដែល​អ្នក​ចាត់​វិធានការ​ធ្វើ​ដូច្នេះ​ដោយ​ខ្លួន​អ្នក​ផ្ទាល់ អ្នក​បង្ហាញ​ជំនឿ ព្រម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​កតញ្ញូ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា។ អ្វី​ទាំង​នេះ​គឺ​ជា​អំណោយ​ដែល​អ្នក​ជូន​ទៅ​ព្រះ​យេហូវ៉ា​ដែល​«​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»។ (​២ពេ. ៣:១១; ហេ. ១៣:១៥​) អំណោយ​ទាំង​អស់​ដែល​យើង​ជូន​ទៅ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត គឺ​នាំ​ឲ្យ​លោក​ពេញ​ចិត្ត។ (​សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី២ ៩:៧​) យើង​ធ្វើ​ដូច្នេះ ដោយ​សារ​យើង​សប្បាយ​ជូន​អ្វី​ដ៏​ល្អ​បំផុត​ទៅ​ព្រះ​របស់​យើង។

ចូរ​បន្ត​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង

១៧​-​១៨. តើ​គុណ​សម្បត្តិ​ដ៏​សំខាន់​ចាំ​បាច់​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​រីក​ចម្រើន​ឈាន​ទៅ​រក​ការ​ជ្រមុជ​ទឹក ហើយ​ហេតុ​អ្វី? (​សុភាសិត ៣:៣​-​៦​)

១៧ កាល​ដែល​អ្នក​បន្ត​រីក​ចម្រើន​ឈាន​ទៅ​ដល់​ការ​ជ្រមុជ​ទឹក អ្នក​នឹង​ជួប​ការ​ពិបាក​ផ្សេង​ៗ។ អ្នក​ខ្លះ​ប្រហែល​ជា​សើច​ចំអក​អ្នក​ដោយ​សារ​ជំនឿ​ថ្មី​របស់​អ្នក។ ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ប្រឆាំង​ឬ​បៀតបៀន​អ្នក។ (​២ធី. ៣:១២​) កាល​ដែល​អ្នក​ខំ​ប្រឹង​យក​ឈ្នះ​ទម្លាប់​អាក្រក់ អ្នក​ប្រហែល​ជា​នៅ​តែ​ធ្វើ​ខុស​នោះ​ម្ដង​ម្កាល ឬ​អ្នក​ប្រហែល​ជា​ខ្វះ​ចិត្ត​អត់​ធ្មត់​និង​ធុញ​ទ្រាន់​ដោយ​សារ​គោល​ដៅ​របស់​អ្នក​ហាក់​ដូច​ជា​នៅ​ឆ្ងាយ។ តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ? គុណ​សម្បត្តិ​ដ៏​សំខាន់​មួយ ពោល​គឺ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

១៨ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជា​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​បំផុត​ដែល​អ្នក​មាន។ (​សូម​អាន សុភាសិត ៣:៣​-​៦) សេចក្ដី​ស្រឡាញ់​ខ្លាំង​ក្លា​ចំពោះ​ព្រះ​អាច​ជួយ​អ្នក​ឲ្យ​មិន​ឈប់​ព្យាយាម​ពេល​មាន​ការ​ពិបាក​ក្នុង​ជីវិត។ គម្ពីរ​ច្រើន​តែ​លើក​ឡើង​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​បម្រើ​លោក។ សេចក្ដី​ស្រឡាញ់​នេះ​មាន​ន័យ​ថា​លោក​នឹង​មិន​បោះ​បង់​ចោល​ពួក​អ្នក​បម្រើ​របស់​លោក ឬ​ឈប់​ស្រឡាញ់​ពួក​គេ​ទេ។ (​ចសព. ១០០:៥​) អ្នក​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​ភាព​ដូច​លោក។ (​ដក. ១:២៦​) ដូច្នេះ តើ​អ្នក​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​យ៉ាង​ដូច​ម្ដេច?

អ្នក​អាច​ប្រាប់​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ​អំពី​ចិត្ត​កតញ្ញូ​របស់​អ្នក (​សូម​មើល​វគ្គ​១៩​) b

១៩. តើ​អ្នក​អាច​មាន​ចិត្ត​កតញ្ញូ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​អ្នក​តាម​របៀប​ណា? (​កាឡាទី ២:២០​)

១៩ ដំបូង សូម​មាន​ចិត្ត​កតញ្ញូ។ (​១ថែ. ៥:១៨​) រាល់​ថ្ងៃ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ខ្ញុំ​តាម​របៀប​ណា​ខ្លះ?›។ បន្ទាប់​មក សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​អធិដ្ឋាន​អរគុណ​ព្រះ​យេហូវ៉ា​ដោយ​លើក​ឡើង​អំពី​អ្វី​ជាក់​លាក់​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក។ សូម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក​ផ្ទាល់​ដោយ​សារ​លោក​ស្រឡាញ់​អ្នក ដូច​ដែល​សាវ័ក​ប៉ូល​បាន​ទទួល​ស្គាល់​ចំណុច​នេះ។ (​សូម​អាន កាឡាទី ២:២០) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចង់​បង្ហាញ​លោក​ថា​ខ្ញុំ​ស្រឡាញ់​លោក​វិញ​ឬ​ទេ?›។ សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​បន្ត​ត​យុទ្ធ​នឹង​សេចក្ដី​ល្បួង ហើយ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ផ្សេង​ៗ​ដោយ​មិន​រួញ​រា។ នេះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​ដោយ​បង្ហាញ​លោក​ដែល​ជា​បិតា​របស់​អ្នក​ថា​អ្នក​ស្រឡាញ់​លោក​រាល់​ថ្ងៃ។

២០. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ ហើយ​តើ​ការ​សម្រេច​ចិត្ត​នេះ​គឺ​សំខាន់​យ៉ាង​ណា?

២០ នៅ​ពេល​ក្រោយ​មក សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ពោល​ការ​អធិដ្ឋាន​ពិសេស​មួយ គឺ​អ្នក​នឹង​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​នេះ​គឺ​៖ អ្នក​ជា​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា អ្នក​សន្យា​ថា​អ្នក​នឹង​បម្រើ​លោក​ទាំង​ពេល​សប្បាយ ទាំង​ពេល​លំបាក។ នេះ​ជា​សេចក្ដី​សន្យា​ដែល​អ្នក​ធ្វើ​តែ​ម្ដង មិន​មែន​ម្ដង​ហើយ​ម្ដង​ទៀត​ទេ។ ពិត​មែន​ថា ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ យើង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​ណាស់។ ប៉ុន្តែ សូម​គិត​អំពី​ចំណុច​នេះ​៖ ក្នុង​មួយ​ជីវិត អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជា​ច្រើន ហើយ​មាន​ការ​សម្រេច​ចិត្ត​ខ្លះ​ល្អ​មែន ប៉ុន្តែ​គ្មាន​ការ​សម្រេច​ចិត្ត​ណា​ដែល​ល្អ​ជាង​ការ​សម្រេច​ចិត្ត​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឡើយ។ (​ចសព. ៥០:១៤​) សាថាន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បិតា​អ្នក​ថយ​ចុះ ដោយ​សង្ឃឹម​ថា​អ្នក​នឹង​លះ​ចោល​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​លោក។ ប៉ុន្តែ​សូម​កុំ​ឲ្យ​វា​ឈ្នះ​អ្នក​ឡើយ! (​យ៉ូប ២៧:៥​) ពេល​អ្នក​មាន​សេចក្ដី​ស្រឡាញ់​ជា​ខ្លាំង​ចំពោះ​ព្រះ​យេហូវ៉ា នោះ​នឹង​ជួយ​អ្នក​ឲ្យ​រស់​នៅ​ស្រប​តាម​ការ​ប្រគល់​ខ្លួន​ជូន​លោក ហើយ​ចូល​កាន់​តែ​ជិត​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌។

២១. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ការ​ជ្រមុជ​ទឹក​មិន​មែន​ជា​ទី​បញ្ចប់ តែ​ជា​ទី​ចាប់​ផ្ដើម​វិញ?

២១ ក្រោយ​ពី​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា សូម​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​អំពី​ការ​ធ្វើ​តាម​ជំហាន​បន្ទាប់​ដ៏​សំខាន់​ចាំ​បាច់។ ប៉ុន្តែ សូម​ចាំ​ជា​និច្ច​ថា​ការ​ជ្រមុជ​ទឹក​មិន​មែន​ជា​ទី​បញ្ចប់​ទេ តែ​ជា​ទី​ចាប់​ផ្ដើម​វិញ។ នេះ​ជា​ទី​ចាប់​ផ្ដើម​នៃ​វិថី​ជីវិត​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ជា​ដរាប​ត​ទៅ។ ដូច្នេះ សូម​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​បិតា​អ្នក​នៅ​ឥឡូវ​នេះ។ សូម​កំណត់​គោល​ដៅ​ដើម្បី​អ្នក​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ការ​ធ្វើ​ដូច្នេះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ នោះ​នឹង​ជា​ថ្ងៃ​ដ៏​អស្ចារ្យ! ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម។ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក​បន្ត​កើន​ឡើង​ជា​រៀង​រហូត!

ចម្រៀង​លេខ​១៣៥ ពាក្យ​អង្វរ​របស់​ព្រះ​យេហូវ៉ា​៖ ​«​កូន​អើយ ចូរ​មាន​ប្រាជ្ញា​»​

a ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក យើង​ត្រូវ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ។ យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ដែរ។ ដោយ​ប្រើ​គំរូ​របស់​មន្ត្រី​ជាន់​ខ្ពស់​ជន​ជាតិ​អេត្យូពី យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​ការ​ជ្រមុជ​ទឹក។

b ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​វ័យ​ក្មេង​ម្នាក់​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​ចិត្ត​កតញ្ញូ​របស់​គាត់​ចំពោះ​អ្វី​ដែល​លោក​បាន​ផ្ដល់​ឲ្យ។