លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

ហេតុ​អ្វី​«​បុរស​ដែល . . . ជា​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​»​និយាយ​ថា​នឹង​«​មាន​ផល​ប៉ះ​ពាល់​»​ដល់​មត៌ក​របស់​គាត់​បើ​គាត់​រៀប​ការ​ជា​មួយ​រូថ? (​រូថ ៤:១,​)

នៅ​សម័យ​គម្ពីរ បើ​បុរស​ដែល​បាន​រៀប​ការ​ហើយ ស្លាប់​ដោយ​គ្មាន​កូន នោះ​នាំ​ឲ្យ​មាន​សំណួរ​ខ្លះ​គឺ​ថា​៖ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់? តើ​ត្រកូល​របស់​គាត់​នឹង​បាត់​បង់​រហូត​ឬ? យើង​អាច​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​តាម​រយៈ​ច្បាប់​ម៉ូសេ។

តើ​មាន​អ្វី​កើត​ឡើង​ចំពោះ​ដី​របស់​បុរស​ដែល​បាន​ស្លាប់ ឬ​ដែល​ធ្លាក់​ខ្លួន​ក្រ​និង​លក់​ដី​របស់​គាត់? បង​ប្អូន​ប្រុស​ឬ​សាច់​ញាតិ​ជិត​ដិត​របស់​គាត់ អាច​លោះ​ឬ​ទិញ​ដី​នោះ​មក​វិញ។ យ៉ាង​នេះ ក្រុម​គ្រួសារ​របស់​បុរស​នោះ​នៅ​តែ​មាន​ដី​នោះ។—ចល. ២៥:២៣​-​២៨; ជប. ២៧:៨​-​១១

តើ​តាម​របៀប​ណា​ការ​រៀបចំ​នោះ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ត្រកូល​របស់​បុរស​ដែល​បាន​ស្លាប់​នោះ​មិន​សាប​សូន្យ​ទៅ? គឺ​តាម​រយៈ​ការ​រៀបចំ​ឲ្យ​រៀប​ការ​ជា​មួយ​បង​ឬ​ប្អូន​ថ្លៃ ដូច​ក្នុង​ករណី​របស់​រូថ។ បុរស​ម្នាក់​នឹង​រៀប​ការ​ជា​មួយ​បង​ឬ​ប្អូន​ថ្លៃ​របស់​គាត់​ដើម្បី​នាង​អាច​មាន​កូន​ជា​មួយ​គាត់ តែ​កូន​នោះ​នឹង​រាប់​តាម​ឈ្មោះ​របស់​បុរស​ដែល​បាន​ស្លាប់ ហើយ​ក៏​នឹង​ទទួល​មត៌ក​របស់​បុរស​ដែល​បាន​ស្លាប់​នោះ។ ការ​រៀបចំ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ក៏​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ត្រី​មេម៉ាយ​ដែរ។—បច. ២៥:៥​-​៧; ម៉ាថ. ២២:២៣​-​២៨

សូម​គិត​អំពី​គំរូ​របស់​ណាអូមី។ គាត់​បាន​រៀប​ការ​ជា​មួយ​បុរស​ម្នាក់​ឈ្មោះ​អេលីម៉ាឡេក។ ពេល​អេលីម៉ាឡេក​និង​កូន​ប្រុស​ពីរ​នាក់​ស្លាប់ ណាអូមី​មិន​មាន​បុរស​ណា​ដែល​គាត់​អាច​ពឹង​ពាក់​បាន​ទៀត​ទេ។ (​រូថ ១:១​-​៥​) ក្រោយ​ពី​ត្រឡប់​ទៅ​ស្រុក​យូដា​វិញ ណាអូមី​បាន​ប្រាប់​រូថ​ដែល​ជា​កូន​ប្រសា​ស្រី​របស់​គាត់​ឲ្យ​សុំ​បូអូស​ទិញ​ដី​របស់​ពួក​គាត់​វិញ។ បូអូស​គឺ​ជា​សាច់​ញាតិ​ជិត​ដិត​ម្នាក់​របស់​អេលីម៉ាឡេក។ (​រូថ ២:១, ១៩, ២០; ៣:១​-​៤​) ប៉ុន្តែ បូអូស​ដឹង​ថា​មាន​សាច់​ញាតិ​ម្នាក់​ទៀត​ដែល​ជិត​ដិត​ជាង​គាត់។ ដូច្នេះ បុរស​នោះ​មាន​ឱកាស​មុន​ដើម្បី​សម្រេច​ចិត្ត​ថា​គាត់​ចង់​ធ្វើ​ជា​អ្នក​ដែល​មាន​សិទ្ធិ​លោះ​ឬ​យ៉ាង​ណា។—រូថ ៣:៩, ១២, ១៣

ដំបូង ​«​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​»​សុខ​ចិត្ត​ជួយ។ (​រូថ ៤:១​-​៤​) ទោះ​ជា​នោះ​នឹង​តម្រូវ​ឲ្យ​គាត់​ចំណាយ​លុយ​ក្ដី គាត់​ដឹង​ថា​ណាអូមី​នឹង​មិន​អាច​មាន​កូន​ដែល​នឹង​ទទួល​ដី​ជា​មត៌ក​ពី​អេលីម៉ាឡេក​ទេ។ បុរស​ជា​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​នោះ​នឹង​ទទួល​ដី ហើយ​ដី​នោះ​នឹង​ទៅ​ជា​ចំណែក​នៃ​មត៌ក​របស់​គាត់។ ដូច្នេះ នេះ​មើល​ទៅ​ចំណេញ​ដល់​គាត់​ដែរ។

ប៉ុន្តែ សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​នោះ​បាន​ប្ដូរ​ចិត្ត​របស់​គាត់​វិញ ពេល​ដែល​គាត់​ដឹង​ថា​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​រូថ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​អាច​លោះ​បាន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ថា​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​មត៌ក​របស់​ខ្ញុំ​»។ (​រូថ ៤:៥, ៦​) ហេតុ​អ្វី​គាត់​ផ្លាស់​ប្ដូរ​ចិត្ត​ដូច្នេះ?

បើ​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​ឬ​បុគ្គល​ផ្សេង​ទៀត បាន​រៀប​ការ​ជា​មួយ​នឹង​រូថ ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ កូន​នោះ​នឹង​ទទួល​ដី​របស់​អេលីម៉ាឡេក​ជា​មត៌ក។ តើ​នេះ​នឹង​«​មាន​ផល​ប៉ះ​ពាល់​»​យ៉ាង​ណា​ដល់​«​មត៌ក​»​របស់​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ? គម្ពីរ​មិន​ចែង​ទេ ប៉ុន្តែ​អាច​មាន​មូលហេតុ​មួយ​ចំនួន។

  • ទី​១ មើល​ទៅ​លុយ​ដែល​គាត់​ប្រើ​ដើម្បី​ទិញ​ដី​របស់​អេលីម៉ាឡេក​ត្រូវ​ខាត ដោយ​សារ​នៅ​ទី​បំផុត​ដី​នោះ​នឹង​មិន​ទៅ​ជា​របស់​គាត់​ទេ។ ប៉ុន្តែ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​កូន​ប្រុស​រូថ​វិញ។

  • ទី​២ គាត់​នឹង​មាន​ភារកិច្ច​ផ្គត់​ផ្គង់​និង​ថែ​រក្សា​ទាំង​ណាអូមី​ទាំង​រូថ។

  • ទី​៣ បើ​រូថ​មាន​កូន​ផ្សេង​ទៀត​ជា​មួយ​បុរស​នោះ ពួក​គេ​នឹង​ត្រូវ​ចែក​កេរ្តិ៍​មត៌ក​ជា​មួយ​កូន​របស់​គាត់។

  • ទី​៤ បើ​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​មិន​មាន​កូន​បង្កើត​ផ្សេង​ទៀត កូន​ប្រុស​របស់​រូថ​នឹង​មាន​សិទ្ធិ​ទទួល​ទាំង​ដី​របស់​អេលីម៉ាឡេក ទាំង​ដី​របស់​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​នោះ។ ដូច្នេះ ពេល​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​ស្លាប់ ដី​របស់​គាត់​នឹង​ទៅ​ជា​ដី​របស់​កូន​ដែល​មាន​ឈ្មោះ​របស់​អេលីម៉ាឡេក មិន​មែន​ឈ្មោះ​របស់​គាត់​ទេ។ សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​នោះ មិន​សុខ​ចិត្ត​ប្រថុយ​បាត់​បង់​មត៌ក​របស់​គាត់​ដើម្បី​ជួយ​ណាអូមី​ឡើយ។ គាត់​ចង់​ឲ្យ​បូអូស​ដែល​ជា​សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​បន្ទាប់​ក្នុង​សែស្រឡាយ​បំពេញ​ភារកិច្ច​នោះ​វិញ។ បូអូស​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​គាត់​ចង់​ឲ្យ​‹នាង​អាច​មាន​កូន​ស្នង​ត្រកូល​និង​ស្នង​មត៌ក​របស់​បុរស​ដែល​បាន​ស្លាប់​ទៅ​នោះ›។—រូថ ៤:១០

តាម​មើល​ទៅ សាច់​ញាតិ​ដែល​មាន​សិទ្ធិ​លោះ​នោះ​ចាប់​អារម្មណ៍​ចង់​រក្សា​ឈ្មោះ​និង​កេរ្តិ៍​មត៌ក​របស់​គាត់​ច្រើន​ជាង។ គាត់​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប៉ុន្តែ ទោះ​ជា​បុរស​នោះ​ខំ​ព្យាយាម​រក្សា​ឈ្មោះ​របស់​គាត់​យ៉ាង​ណា​ក្ដី សព្វ​ថ្ងៃ​នេះ​យើង​មិន​ទាំង​ស្គាល់​ឈ្មោះ​របស់​គាត់​ផង។ គាត់​ក៏​បាន​បាត់​បង់​ឯកសិទ្ធិ​ពិសេស​ដែល​បូអូស​បាន​ទទួល​ដែរ ពោល​គឺ​ការ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នៃ​ពូជ​ពង្ស​ដែល​នាំ​ទៅ​ដល់​មេស្ស៊ី គឺ​លោក​យេស៊ូ​គ្រិស្ត។ ដោយ​សារ​បុរស​នោះ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដោយ​មិន​ព្រម​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ នោះ​គាត់​បាន​ទទួល​លទ្ធផល​ដ៏​សោកសៅ​មែន!—ម៉ាថ. ១:៥; លូក. ៣:២៣, ៣២