លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១០

ហេតុអ្វីអ្នកគួរទទួលការជ្រមុជទឹក?

ហេតុអ្វីអ្នកគួរទទួលការជ្រមុជទឹក?

​«​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក​»។—សកម្ម. ២:៣៨

ចម្រៀង​លេខ​៣៤ ចូរ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ជា​និច្ច

សេចក្ដី​សង្ខេប a

១​-​២. តើ​អ្វី​ច្រើន​តែ​កើត​ឡើង​ពេល​មនុស្ស​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​តើ​អ្នក​គួរ​ពិចារណា​អំពី​អ្វី?

 តើ​អ្នក​ធ្លាប់​ឃើញ​ក្រុម​បង​ប្អូន​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? អ្នក​ឮ​ពួក​គេ​និយាយ​ទាំង​ជឿ​ជាក់​ពេល​ដែល​ឆ្លើយ​សំណួរ​ពីរ មុន​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​ឃើញ​សមាជិក​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​ពួក​គេ​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ពួក​គេ។ ពេល​ដែល​ពួក​អ្នក​ទាំង​នោះ​ងើប​ឡើង​ពី​ទឹក អ្នក​ឮ​សំឡេង​ទះ​ដៃ ហើយ​ឃើញ​ទឹក​មុខ​ពួក​គេ​ពេញ​ដោយ​អំណរ។ ជា​មធ្យម រៀង​រាល់​សប្តាហ៍​មនុស្ស​រាប់​ពាន់​នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​របស់​លោក។

ចុះ​យ៉ាង​ណា​អ្នក​វិញ? បើ​អ្នក​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​គឺ​ជា​បុគ្គល​ពិសេស​ណាស់​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ដោយ​សារ​អ្នក​«​កំពុង​ស្វែង​រក​ព្រះ​យេហូវ៉ា​»។ (​ចសព. ១៤:១, ២​) អត្ថបទ​នេះ​បាន​ត្រូវ​សរសេរ​សម្រាប់​អ្នក មិន​ថា​អ្នក​ក្មេង​ឬ​ចាស់​ក្ដី។ ប៉ុន្តែ យើង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ ក៏​ចង់​ពង្រឹង​ការ​តាំង​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត​ដែរ។ ដូច្នេះ សូម​យើង​ពិចារណា​ជា​មួយ​គ្នា​អំពី​មូលហេតុ​បី​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា។

អ្នក​ស្រឡាញ់​សេចក្ដី​ពិត​និង​សេចក្ដី​សុចរិត

សាថាន​បាន​បង្កាច់​បង្ខូច​នាម​ដ៏​ល្អ​របស់​ព្រះ​យេហូវ៉ា​អស់​រាប់​ពាន់​ឆ្នាំ ហើយ​វា​បន្ដ​ធ្វើ​ដូច្នេះ (​សូម​មើល​វគ្គ​៣​-​៤​)

៣. ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្វី​ដែល​ពិត​និង​សុចរិត?(​ចម្រៀង​សរសើរ​ព្រះ ១១៩:១២៨, ១៦៣​)

ព្រះ​យេហូវ៉ា​បាន​បង្គាប់​រាស្ត្រ​លោក​ឲ្យ​«​ស្រឡាញ់​សេចក្ដី​ពិត​»។ (​សាក. ៨:១៩​) លោក​យេស៊ូ​បាន​ដាស់​តឿន​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្វែង​រក​សេចក្ដី​សុចរិត។ (​ម៉ាថ. ៥:៦​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​មាន​បំណង​ប្រាថ្នា​ខ្លាំង​ដើម្បី​ធ្វើ​អ្វី​ដែល​ល្អ ត្រឹម​ត្រូវ និង​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ។ តើ​អ្នក​ស្រឡាញ់​អ្វី​ដែល​ពិត​និង​សុចរិត​ឬ​ទេ? យើង​ប្រាកដ​ថា​អ្នក​ស្រឡាញ់។ អ្នក​ស្អប់​ពាក្យ​កុហក ព្រម​ទាំង​អ្វី​ទាំង​អស់​ដែល​ខុស​និង​អាក្រក់។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:១២៨, ១៦៣) ការ​កុហក​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​របស់​សាថាន​ដែល​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។ (​យ៉ូន. ៨:៤៤; ១២:៣១​) គោល​ដៅ​មួយ​របស់​សាថាន​គឺ​បង្កាច់​បង្ខូច​នាម​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ សាថាន​បាន​ផ្សាយ​ពាក្យ​កុហក​អំពី​ព្រះ​របស់​យើង​តាំង​ពី​ការ​បះ​បោរ​ក្នុង​សួន​អេដែន។ វា​បាន​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​គិត​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​និង​មិន​ទៀង​ត្រង់ ហើយ​ថា​លោក​លាក់​របស់​ល្អ​ពី​មនុស្សជាតិ។ (​ដក. ៣:១, ៤, ៥​) ការ​កុហក​របស់​សាថាន​អំពី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​មនុស្ស​គិត​អាក្រក់​អំពី​លោក។ ពេល​មនុស្ស​សម្រេច​ចិត្ត​មិន​«​ស្រឡាញ់​សេចក្ដី​ពិត​»​ សាថាន​អាច​នាំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​និង​អាក្រក់​គ្រប់​បែប​យ៉ាង។—រ៉ូម ១:២៥​-​៣១

៤. តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»​? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»​ ហើយ​ដោយ​ចិត្ត​ទូលាយ​លោក​បង្រៀន​សេចក្ដី​ពិត​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ (​ចសព. ៣១:៥​) ដោយ​ធ្វើ​ដូច្នេះ លោក​ជួយ​ពួក​គេ​ឲ្យ​លែង​ចាញ់​បោក​ការ​កុហក​ពី​សាថាន។ ព្រះ​យេហូវ៉ា​ក៏​បង្រៀន​អ្នក​បម្រើ​លោក​ឲ្យ​ធ្វើ​ជា​មនុស្ស​ទៀង​ត្រង់​និង​សុចរិត​ដែរ។ នេះ​ជួយ​ពួក​គេ​ឲ្យ​តម្លៃ​ខ្លួន​ឯង​និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​ច្រើន​ជាង។ (​សុភ. ១៣:៥, ៦​) តើ​លោក​បាន​ធ្វើ​អ្វី​ទាំង​នេះ​ចំពោះ​អ្នក​កាល​ដែល​អ្នក​សិក្សា​គម្ពីរ​ឬ​ទេ? អ្នក​បាន​រៀន​ថា​ផ្លូវ​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​បំផុត​សម្រាប់​មនុស្ស​ទាំង​អស់​និង​សម្រាប់​អ្នក​ផ្ទាល់។ (​ចសព. ៧៧:១៣​) ដូច្នេះ អ្នក​ចង់​គាំទ្រ​សេចក្ដី​សុចរិត​របស់​ព្រះ។ (​ម៉ាថ. ៦:៣៣​) អ្នក​ចង់​ការ​ពារ​សេចក្ដី​ពិត ហើយ​បង្ហាញ​ថា​អ្វី​ដែល​សាថាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង​គឺ​មិន​ពិត​ទេ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៥. តើ​អ្នក​អាច​គាំទ្រ​ការ​ពិត​និង​សេចក្ដី​សុចរិត​តាម​របៀប​ណា?

អ្នក​អាច​ជ្រើស​រើស​វិថី​ជីវិត​ដែល​ហាក់​ដូច​ជា​អ្នក​និយាយ​ថា ​«​ខ្ញុំ​បដិសេធ​ការ​កុហក​របស់​សាថាន និង​កាន់​ជំហរ​មាំ​មួន​ចំពោះ​ការ​ពិត។ ខ្ញុំ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ចង់​ធ្វើ​តាម​អ្វី​ដែល​លោក​មាន​ប្រសាសន៍​ថា​គឺ​ត្រឹម​ត្រូវ​»។ តើ​អ្នក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ប្រគល់​ខ្លួន​ជូន​លោក​ក្នុង​ការ​អធិដ្ឋាន ហើយ​បន្ទាប់​មក​បង្ហាញ​អំពី​ការ​ប្រគល់​ខ្លួន​នោះ​ជា​សាធារណៈ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ការ​ស្រឡាញ់​អ្វី​ដែល​ពិត​និង​សុចរិត ជំរុញ​ចិត្ត​យើង​ជា​ខ្លាំង​ឲ្យ​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក។

អ្នក​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត

៦. តើ​ចម្រៀង​សរសើរ​ព្រះ ៤៥:៤​ផ្ដល់​មូលហេតុ​អ្វី​ខ្លះ​ឲ្យ​អ្នក​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត?

ហេតុ​អ្វី​អ្នក​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត? សូម​កត់​សម្គាល់​អំពី​មូលហេតុ​ល្អ​ខ្លះ​ៗ​ដែល​មាន​នៅ​ចម្រៀង​សរសើរ​ព្រះ ៤៥:៤។ (​សូម​អាន​) លោក​យេស៊ូ​ស្រឡាញ់​អ្វី​ដែល​ពិត សុភាព​រាប​ទាប និង​សុចរិត។ បើ​អ្នក​ស្រឡាញ់​អ្វី​ដ៏​ពិត​និង​សុចរិត គឺ​ស្រួល​យល់​ថា​អ្នក​ក៏​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត​ដែរ។ សូម​គិត​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ដើម្បី​ការ​ពារ​អ្វី​ដែល​ពិត​និង​សុចរិត។ (​យ៉ូន. ១៨:៣៧​) ប៉ុន្តែ តើ​លោក​យេស៊ូ​លើក​ស្ទួយ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

៧. តើ​អ្វី​ទាក់​ទាញ​ចិត្ត​អ្នក​អំពី​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ?

លោក​យេស៊ូ​លើក​ស្ទួយ​ចិត្ត​រាប​ទាប​តាម​រយៈ​គំរូ​របស់​លោក។ ជា​ឧទាហរណ៍ លោក​ឲ្យ​ការ​សរសើរ​តម្កើង​ទាំង​អស់​ទៅ​បិតា​លោក មិន​មែន​ខ្លួន​លោក​ទេ។ (​ម៉ាក. ១០:១៧, ១៨; យ៉ូន. ៥:១៩​) តើ​ចិត្ត​រាប​ទាប​របស់​លោក​យេស៊ូ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? នេះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ស្រឡាញ់​លោក​ដែល​ជា​បុត្រ​របស់​ព្រះ​និង​កាន់​តាម​លោក មែន​ទេ? ច្បាស់​ជា​មែន។ ហេតុ​អ្វី​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប? ពីព្រោះ​លោក​ស្រឡាញ់​និង​យក​តម្រាប់​បិតា​លោក​ដែល​មាន​ចិត្ត​រាប​ទាប។ (​ចសព. ១៨:៣៥; ហេ. ១:៣​) តើ​អ្នក​ចង់​ចូល​ទៅ​ជិត​លោក​យេស៊ូ​ដែល​បង្ហាញ​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឬ​ទេ?

៨. ហេតុ​អ្វី​យើង​ស្រឡាញ់​លោក​យេស៊ូ​ជា​ស្ដេច​របស់​យើង?

យើង​ស្រឡាញ់​លោក​យេស៊ូ​ជា​ស្ដេច​របស់​យើង​ដោយ​សារ​លោក​ជា​អ្នក​គ្រប់​គ្រង​ដ៏​ល្អ​បំផុត។ ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​បង្ហាត់​បង្រៀន​និង​តែង​តាំង​បុត្រ​លោក​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង។ (​អេ. ៥០:៤, ៥​) សូម​គិត​ផង​ដែរ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដែល​លោក​យេស៊ូ​បាន​បង្ហាញ។ (​យ៉ូន. ១៣:១​) ក្នុង​នាម​ជា​ស្ដេច​របស់​យើង លោក​យេស៊ូ​ពិត​ជា​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​អ្នក។ លោក​បាន​ពន្យល់​ថា​ពួក​អ្នក​ដែល​ពិត​ជា​ស្រឡាញ់​លោក ពោល​គឺ​ពួក​អ្នក​ដែល​លោក​ហៅ​ថា​ជា​មិត្ត​សម្លាញ់​របស់​លោក បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ដោយ​ប្រព្រឹត្ត​តាម​បញ្ញត្តិ​របស់​លោក។ (​យ៉ូន. ១៤:១៥; ១៥:១៤, ១៥​) ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​បុត្រ​ព្រះ​យេហូវ៉ា​ពិត​ជា​កិត្តិយស​មែន!

៩. តើ​ការ​ជ្រមុជ​ទឹក​របស់​គ្រិស្ត​សាសនិក​គឺ​ស្រដៀង​នឹង​ការ​ជ្រមុជ​ទឹក​របស់​គ្រិស្ត​តាម​របៀប​ណា?

បញ្ញត្តិ​មួយ​របស់​លោក​យេស៊ូ​គឺ​ថា​ពួក​អ្នក​កាន់​តាម​លោក​ទទួល​ការ​ជ្រមុជ​ទឹក។ (​ម៉ាថ. ២៨:១៩, ២០​) លោក​បាន​ទុក​គំរូ​ឲ្យ​យើង។ ការ​ជ្រមុជ​ទឹក​របស់​លោក​ខុស​ពី​ការ​ជ្រមុជ​ទឹក​របស់​ពួក​អ្នក​កាន់​តាម​លោក​តាម​របៀប​ខ្លះ​ៗ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ​និង​ការ​ជ្រមុជ​ទឹក​របស់​ពួក​អ្នក​កាន់​តាម​លោក​ខុស​គ្នា​យ៉ាង​ណា?​»​) ប៉ុន្តែ​មាន​ភាព​ស្រដៀង​គ្នា​ខ្លះ។ ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បង្ហាញ​ថា​លោក​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ (​ហេ. ១០:៧​) ស្រដៀង​គ្នា​ដែរ ពេល​ពួក​អ្នក​កាន់​តាម​គ្រិស្ត​ទទួល​ការ​ជ្រមុជ​ទឹក នោះ​បង្ហាញ​ជា​សាធារណៈ​ថា​ពួក​គេ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ឥឡូវ អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ​គឺ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ មិន​មែន​ខ្លួន​ឯង​ឡើយ។ ដូច្នេះ ពួក​គេ​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​ម្ចាស់​ពួក​គេ។

១០. ហេតុ​អ្វី​អ្នក​ស្រឡាញ់​លោក​យេស៊ូ ហើយ​តើ​សេចក្ដី​ស្រឡាញ់​នេះ​គួរ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ធ្វើ​អ្វី?

១០ អ្នក​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​បុត្រ​តែ​មួយ​គត់​របស់​ព្រះ​យេហូវ៉ា និង​ជា​ស្ដេច​ដែល​ព្រះ​បាន​តែង​តាំង​ឲ្យ​គ្រប់​គ្រង​លើ​យើង។ អ្នក​ដឹង​ថា​លោក​យេស៊ូ​មាន​ចិត្ត​រាប​ទាប និង​យក​តម្រាប់​បិតា​លោក​យ៉ាង​ល្អ​ឥត​ខ្ចោះ។ អ្នក​បាន​រៀន​ថា​លោក​បាន​ផ្ដល់​អាហារ​ឲ្យ​អ្នក​ដែល​ស្រេក​ឃ្លាន សម្រាល​ទុក្ខ​អ្នក​ដែល​ធ្លាក់​ទឹក​ចិត្ត ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ដែល​ឈឺ​ជា​សះ​ស្បើយ។ (​ម៉ាថ. ១៤:១៤​-​២១​) អ្នក​បាន​ឃើញ​របៀប​ដែល​លោក​ដឹក​នាំ​ក្រុម​ជំនុំ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ (​ម៉ាថ. ២៣:១០​) ម្យ៉ាង​ទៀត អ្នក​ដឹង​ថា​លោក​នឹង​ធ្វើ​ច្រើន​ជាង​នេះ​ទៅ​ទៀត​នៅ​ថ្ងៃ​អនាគត​ក្នុង​នាម​ជា​ស្ដេច​នៃ​រាជាណាចក្រ​ព្រះ។ តើ​អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក​តាម​របៀប​ណា? គឺ​ដោយ​ធ្វើ​តាម​គំរូ​របស់​លោក។ (​យ៉ូន. ១៤:២១​) អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​ដូច្នេះ​ដោយ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។

អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា

១១. តើ​អ្វី​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ហេតុ​អ្វី?

១១ តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? លោក​យេស៊ូ​បាន​រៀប​រាប់​ថា​បញ្ញត្តិ​ដ៏​សំខាន់​បំផុត​របស់​ព្រះ​គឺ​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ជីវិត អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់​ពី​កម្លាំង​កាយ​»។ (​ម៉ាក. ១២:៣០​) តើ​អ្នក​ស្រឡាញ់​ព្រះ​ដូច​ដែល​ពាក្យ​ទាំង​នេះ​រៀប​រាប់​ឬ​ទេ?

ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​គ្រប់​ទាំង​របស់​ល្អ​ដែល​អ្នក​បាន​ទទួល ហើយ​នឹង​ទទួល​នៅ​ថ្ងៃ​ខាង​មុខ (​សូម​មើល​វគ្គ​១២​-​១៣​)

១២. ហេតុ​អ្វី​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា? (​សូម​មើល​រូប​ភាព​ផង​ដែរ​)

១២ មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ អ្នក​បាន​យល់​ថា​លោក​ជា​«​ប្រភព​នៃ​ជីវិត​»​ ហើយ​ថា​លោក​ជា​អ្នក​ផ្ដល់​«​គ្រប់​ទាំង​របស់​ល្អ​និង​អំណោយ​ដ៏​ល្អ​ឥត​ខ្ចោះ​»។ (​ចសព. ៣៦:៩; យ៉ា. ១:១៧​) គ្រប់​ទាំង​របស់​ល្អ​ដែល​អ្នក​ទទួល​គឺ​មក​ពី​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​ទូលាយ។

១៣. ហេតុ​អ្វី​ថ្លៃ​លោះ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ?

១៣ ថ្លៃ​លោះ​គឺ​ជា​អំណោយ​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​គិត​អំពី​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​រវាង​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ​»​ ហើយ​«​ខ្ញុំ​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌​»។ (​យ៉ូន. ១០:១៧; ១៤:៣១​) ចំណង​មិត្តភាព​រវាង​លោក​ទាំង​ពីរ​កាន់​តែ​ជិត​ស្និទ្ធ ពេល​ដែល​លោក​ទាំង​ពីរ​នៅ​ជា​មួយ​គ្នា​អស់​រាប់​ពាន់​លាន​ឆ្នាំ។ (​សុភ. ៨:២២, ២៣, ៣០​) ឥឡូវ សូម​គិត​ថា​តើ​ព្រះ​ឈឺ​ចាប់​យ៉ាង​ណា​ពេល​លោក​បាន​អនុញ្ញាត​ឲ្យ​បុត្រ​លោក​រង​ទុក្ខ​និង​ស្លាប់។ ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្សជាតិ​ខ្លាំង​ដល់​ម្ល៉េះ​រួម​ទាំង​អ្នក​ផង​ដែរ បាន​ជា​លោក​សុខ​ចិត្ត​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ជា​គ្រឿង​បូជា​ដើម្បី​អ្នក​និង​អ្នក​ឯ​ទៀត​អាច​រស់​ជា​រៀង​រហូត។ (​យ៉ូន. ៣:១៦; កាឡ. ២:២០​) នេះ​ជា​មូលហេតុ​ដ៏​សំខាន់​បំផុត​ដែល​យើង​ស្រឡាញ់​ព្រះ។

១៤. តើ​អ្នក​អាច​សម្រេច​ចិត្ត​មាន​គោល​ដៅ​ជីវិត​ដ៏​ល្អ​បំផុត​អ្វី?

១៤ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​បាន​កើន​ឡើង​កាល​ដែល​អ្នក​រៀន​ថែម​ទៀត​អំពី​លោក។ អ្នក​ទំនង​ជា​ចង់​ចូល​កាន់​តែ​ជិត​លោក​នៅ​ឥឡូវ​នេះ​និង​ជា​រៀង​រហូត ហើយ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន។ ដោយ​សេចក្ដី​សប្បុរស លោក​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​ធ្វើ​ឲ្យ​ចិត្ត​របស់​លោក​រីករាយ​ត្រេក​អរ។ (​សុភ. ២៣:១៥, ១៦​) អ្នក​អាច​ធ្វើ​ដូច្នេះ មិន​គ្រាន់​តែ​តាម​រយៈ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ក៏​តាម​រយៈ​ការ​ប្រព្រឹត្ត​ផង​ដែរ។ របៀប​រស់​នៅ​របស់​អ្នក​នឹង​បង្ហាញ​ថា​អ្នក​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​១យ៉ូន. ៥:៣​) ការ​ជ្រើស​រើស​របៀប​រស់​នៅ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គឺ​ជា​គោល​ដៅ​ជីវិត​ដ៏​ល្អ​បំផុត។

១៥. តើ​អ្នក​អាច​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

១៥ តើ​អ្នក​អាច​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា? ដំបូង អ្នក​ជម្រាប​លោក​តាម​រយៈ​សេចក្ដី​អធិដ្ឋាន​ពិសេស​មួយ​ថា​អ្នក​ប្រគល់​ខ្លួន​ជូន​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ។ (​ចសព. ៤០:៨​) បន្ទាប់​មក អ្នក​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​ប្រគល់​ខ្លួន​របស់​អ្នក​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ ដូច​យើង​បាន​ពិចារណា​នៅ​ខាង​លើ​ក្នុង​អត្ថបទ​នេះ ការ​ជ្រមុជ​ទឹក​របស់​អ្នក​គឺ​ជា​ពេល​ដ៏​សប្បាយ​និង​សំខាន់​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​តាម​ជីវិត​ថ្មី មិន​មែន​សម្រាប់​ខ្លួន​ឯង​ទេ តែ​សម្រាប់​ព្រះ​យេហូវ៉ា។ (​រ៉ូម ១៤:៨; ១ពេ. ៤:១, ២​) នេះ​ប្រហែល​ជា​ស្ដាប់​ទៅ​ដូច​ជា​ការ​សម្រេច​ចិត្ត​ដ៏​ធំ ហើយ​នោះ​គឺ​ពិត​មែន។ ប៉ុន្តែ នេះ​បើក​ផ្លូវ​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​ល្អ​បំផុត។ តើ​តាម​របៀប​ណា?

១៦. តើ​ចម្រៀង​សរសើរ​ព្រះ ៤១:១២​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អ្វី​សម្រាប់​ពួក​អ្នក​ដែល​ប្រើ​ជីវិត​របស់​ពួក​គេ​ដើម្បី​បម្រើ​លោក?

១៦ ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​មាន​ចិត្ត​ទូលាយ​ជាង​គេ​បំផុត។ មិន​ថា​អ្នក​ឲ្យ​អ្វី​ទៅ​លោក​ក៏​ដោយ លោក​នឹង​តែង​តែ​ឲ្យ​អ្នក​វិញ​នូវ​អ្វី​ច្រើន​ជាង​នោះ​ទៅ​ទៀត។ (​ម៉ាក. ១០:២៩, ៣០​) លោក​នឹង​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដ៏​សប្បាយ និង​ដែល​មាន​ន័យ​ខ្លឹម​សារ​បំផុត​ដែល​អ្នក​អាច​មាន​នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ ហើយ​នេះ​គ្រាន់​តែ​ជា​ទី​ចាប់​ផ្ដើម។ ជីវិត​ដែល​ចាប់​ផ្ដើម​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក មិន​មែន​ត្រូវ​តែ​មាន​ទី​បញ្ចប់​ទេ។ អ្នក​អាច​បន្ដ​បម្រើ​បិតា​ជា​ទី​ស្រឡាញ់​របស់​អ្នក​ជា​រៀង​រហូត។ សេចក្ដី​ស្រឡាញ់​រវាង​អ្នក​និង​បិតា​អ្នក​នឹង​បន្ដ​កើន​ឡើង ហើយ​អ្នក​នឹង​រស់​ជា​រៀង​រហូត​ដូច​លោក។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤១:១២

១៧. តើ​អ្នក​អាច​ឲ្យ​អ្វី​ដល់​ព្រះ​យេហូវ៉ា​ដែល​លោក​មិន​ទាន់​មាន​រួច​ហើយ?

១៧ ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​មាន​ឯកសិទ្ធិ​ឲ្យ​អ្វី​ដែល​ពិត​ជា​មាន​តម្លៃ​ដល់​បិតា​របស់​អ្នក។ គ្រប់​ទាំង​របស់​ល្អ​និង​គ្រា​ដ៏​សប្បាយ​ដែល​អ្នក​ធ្លាប់​មាន​ក្នុង​ជីវិត​របស់​អ្នក គឺ​មក​ពី​លោក។ យ៉ាង​នេះ អ្នក​អាច​ឲ្យ​ម្ចាស់​នៃ​មេឃ​និង​ផែនដី​នូវ​អ្វី​ដែល​លោក​មិន​ទាន់​មាន គឺ​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​និង​ស្ម័គ្រ​ពី​ចិត្ត​របស់​អ្នក។ (​យ៉ូប ១:៨; ៤១:១១; សុភ. ២៧:១១​) នេះ​ជា​របៀប​រស់​នៅ​ដ៏​ល្អ​បំផុត។ ច្បាស់​ណាស់ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​ជា​មូលហេតុ​ល្អ​បំផុត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។

តើ​អ្នក​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?

១៨. តើ​អ្នក​អាច​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

១៨ ដូច្នេះ តើ​អ្នក​នឹង​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? មាន​តែ​អ្នក​ប៉ុណ្ណោះ​អាច​ឆ្លើយ​សំណួរ​នេះ។ ប៉ុន្តែ អ្វី​មួយ​ដែល​ប្រហែល​ជា​នឹង​ជួយ​អ្នក​គឺ​បើ​អ្នក​សួរ​ខ្លួន​ឯង​ថា ‹តើ​ខ្ញុំ​ត្រៀម​ខ្លួន​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?›។ (​សកម្ម. ៨:៣៦​) សូម​ចាំ​អំពី​មូលហេតុ​បី​ដែល​យើង​បាន​ពិចារណា។ ទី​១ អ្នក​ស្រឡាញ់​អ្វី​ដែល​ពិតនិង​សុចរិត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចង់​ឃើញ​ថ្ងៃ​ដែល​មនុស្ស​ទាំង​អស់​នឹង​និយាយ​អ្វី​ដែល​ពិត​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឬ​ទេ?›។ ទី​២ អ្នក​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំចង់​ឲ្យ​បុត្រ​របស់​ព្រះ​ធ្វើ​ជា​ស្ដេច​របស់​ខ្ញុំ ហើយ​តើ​ខ្ញុំ​ចង់​ធ្វើ​តាម​គំរូ​របស់​លោក​ឬ?›។ ទី​៣ អ្វី​ដ៏​សំខាន់​បំផុត អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ចិត្ត​ត្រេក​អរ ដោយ​បម្រើ​លោក​ជា​ព្រះ​របស់​ខ្ញុំ​ឬ​ទេ?›។ បើ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​នេះ​គឺ​មែន តើ​អ្នក​មាន​មូលហេតុ​អ្វី​មិន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឥឡូវ​នេះ?—សកម្ម. ១៦:៣៣

១៩. ហេតុ​អ្វី​អ្នក​មិន​គួរ​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក? សូម​លើក​ឧទាហរណ៍។ (​យ៉ូហាន ៤:៣៤​)

១៩ បើ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក សូម​គិត​អំពី​ឧទាហរណ៍​មួយ​ដែល​លោក​យេស៊ូ​បាន​ប្រើ។ (​សូម​អាន យ៉ូហាន ៤:៣៤) សូម​កត់​សម្គាល់​ថា​លោក​យេស៊ូ​បាន​ប្រដូច​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​ទៅ​នឹង​អាហារ។ ហេតុ​អ្វី? ពីព្រោះ​អាហារ​គឺ​ល្អ​សម្រាប់​យើង។ លោក​យេស៊ូ​ដឹង​ថា​អ្វី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​ធ្វើ​គឺ​ល្អ​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​ធ្វើ​អ្វី​ដែល​នឹង​នាំ​ទុក្ខ​ដល់​យើង​ទេ។ តើ​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​រួម​បញ្ចូល​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? គឺ​មែន។ (​សកម្ម. ២:៣៨​) ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ការ​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក នឹង​មាន​ប្រយោជន៍​ដល់​អ្នក។ បើ​អ្នក​មិន​ស្ទាក់​ស្ទើរ​បរិភោគ​ម្ហូប​អាហារ​ដ៏​ល្អ​បំផុត តើ​មាន​ហេតុ​ឲ្យ​អ្នក​ស្ទាក់​ស្ទើរ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

២០. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក? ពួក​គេ​ជា​ច្រើន​នាក់​ប្រហែល​ជា​ឆ្លើយ​ថា ​«​ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​ទេ​»។ តាម​ពិត ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​នឹង​ធ្វើ។ ដូច្នេះ អ្នក​ត្រូវ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ ហើយ​នេះ​នឹង​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង​ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់។ ប៉ុន្តែ បើ​អ្នក​មាន​បំណង​ចិត្ត​យ៉ាង​ស្មោះ​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

a ការ​ជ្រមុជ​ទឹក​គឺ​ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​សិស្ស​គម្ពីរ​ទាំង​អស់។ តើ​អ្វី​អាច​ជំរុញ​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​ធ្វើ​តាម​ជំហាន​នេះ? គឺ​សេចក្ដី​ស្រឡាញ់។ ប៉ុន្តែ តើ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្វី និង​ចំពោះ​អ្នក​ណា? ក្នុង​អត្ថបទ​នេះ យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ ហើយ​ពិចារណា​ថា តើ​យើង​អាច​មាន​ជីវិត​បែប​ណា​ពេល​ដែល​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ជា​គ្រិស្ត​សាសនិក?