អត្ថបទសិក្សា ១៦
ចូរបន្តមានចិត្តកតញ្ញូចំពោះថ្លៃលោះ
«កូនមនុស្សបានមក . . . ដើម្បី . . . ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។—ម៉ាក. ១០:៤៥
ចម្រៀងលេខ១៨ ចូរដឹងគុណព្រះសម្រាប់ថ្លៃលោះ
សេចក្ដីសង្ខេប *
១-២. តើថ្លៃលោះគឺជាអ្វី ហើយហេតុអ្វីយើងត្រូវការថ្លៃលោះ?
ពេលអាដាមដែលជាមនុស្សល្អឥតខ្ចោះបានប្រព្រឹត្តអំពើខុសឆ្គង គាត់បានបាត់បង់ឱកាសរស់ជារៀងរហូត។ មិនគ្រាន់តែគាត់ម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែកូនចៅរបស់គាត់ក្រោយៗមក ក៏បាត់បង់ឱកាសនោះផងដែរ។ អាដាមមិនអាចដោះសារចំពោះអ្វីដែលគាត់បានធ្វើនោះទេ។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងដោយចេតនា។ អាដាមសមនឹងស្លាប់ចំពោះអ្វីដែលគាត់បានធ្វើ។ ប៉ុន្តែចុះយ៉ាងណាកូនៗរបស់គាត់វិញ? ពួកគេមិនបានធ្វើអ្វីខុស ហើយមិនបានបញ្ចុះបញ្ចូលអាដាមឲ្យប្រព្រឹត្តអំពើខុសឆ្គងដែរ។ (រ៉ូម ៥:១២, ១៤) តើមានអ្វីដែលព្រះយេហូវ៉ាអាចធ្វើ ដើម្បីឲ្យកូនចៅរបស់គាត់អាចរស់ជារៀងរហូតឬទេ? គឺមាន! មិនយូរក្រោយពីអាដាមបានប្រព្រឹត្តអំពើខុសឆ្គង ព្រះយេហូវ៉ាចាប់ផ្ដើមបង្ហាញអំពីរបៀបដែលលោកនឹងសង្គ្រោះកូនចៅរបស់អាដាមរាប់លាននាក់ពីការខុសឆ្គងនិងសេចក្ដីស្លាប់។ (លោ. ៣:១៥) នៅពេលកំណត់ ព្រះយេហូវ៉ាចាត់បុត្ររបស់លោកពីស្ថានសួគ៌ ដើម្បី«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។—ម៉ាក. ១០:៤៥; យ៉ូន. ៦:៥១
២ តើថ្លៃលោះគឺជាអ្វី? ក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិច ថ្លៃលោះគឺជាតម្លៃដែលលោកយេស៊ូបង់ដើម្បីទិញអ្វីដែលអាដាមបានបាត់បង់មកវិញ។ (១កូ. ១៥:២២) ហេតុអ្វីយើងត្រូវការថ្លៃលោះ? ពីព្រោះខ្នាតតម្រាដ៏យុត្តិធម៌របស់ព្រះយេហូវ៉ាដែលមានក្នុងច្បាប់ព្រះតម្រូវឲ្យជីវិតសងដោយជីវិត។ (និក្ខ. ២១:២៣, ២៤) អាដាមបានបាត់បង់ជីវិតដ៏ល្អឥតខ្ចោះរបស់គាត់។ លោកយេស៊ូបានជូនជីវិតដ៏ល្អឥតខ្ចោះរបស់លោកជាគ្រឿងបូជា ដើម្បីធ្វើតាមខ្នាតតម្រាយុត្តិធម៌របស់ព្រះ។ (រ៉ូម ៥:១៧) ដូច្នេះ លោកបានទៅជា«ព្រះវរបិតាដ៏គង់នៅអស់កល្ប»ចំពោះអស់អ្នកដែលបង្ហាញជំនឿលើថ្លៃលោះ។—អេ. ៩:៦; រ៉ូម ៣:២៣, ២៤
៣. យោងទៅតាមយ៉ូហាន ១៤:៣១ និង១៥:១៣ ហេតុអ្វីលោកយេស៊ូសុខចិត្តជូនជីវិតដ៏ល្អឥតខ្ចោះរបស់លោកជាគ្រឿងបូជា?
៣ លោកយេស៊ូសុខចិត្តជូនជីវិតជាគ្រឿងបូជា ដោយសារលោកស្រឡាញ់យើងនិងបិតារបស់លោកនៅស្ថានសួគ៌ខ្លាំងណាស់។ (សូមអាន យ៉ូហាន ១៤:៣១; ១៥:១៣) សេចក្ដីស្រឡាញ់នោះជំរុញចិត្តលោកយេស៊ូឲ្យតាំងចិត្តរក្សាចិត្តស្មោះឥត ងាករេរបស់លោកពេញមួយជីវិត ហើយធ្វើឲ្យបំណងប្រាថ្នារបស់បិតាលោកបានសម្រេច។ លោកធ្វើដូច្នេះ ដោយរក្សាចិត្តស្មោះត្រង់រហូតដល់ស្លាប់។ ហេតុនេះ គោលបំណងដើមរបស់ព្រះយេហូវ៉ាចំពោះមនុស្សជាតិនិងផែនដីនឹងត្រូវសម្រេច។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីមូលហេតុដែលព្រះបានអនុញ្ញាតឲ្យលោកយេស៊ូរងទុក្ខយ៉ាងខ្លាំងមុនលោកទទួលមរណភាព។ យើងក៏នឹងមើលឡើងវិញអំពីគំរូរបស់អ្នកសរសេរគម្ពីរម្នាក់ដែលមានចិត្តកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះថ្លៃលោះ។ ក្រោយមក យើងនឹងពិចារណាអំពីរបៀបដែលយើងអាចបង្ហាញអំណរគុណនិងមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះថ្លៃលោះ ដែលព្រះយេហូវ៉ានិងលោកយេស៊ូបានផ្ដល់ឲ្យជាប្រយោជន៍យើង។
ហេតុអ្វីលោកយេស៊ូត្រូវរងទុក្ខ?
៤. សូមរៀបរាប់អំពីរបៀបដែលលោកយេស៊ូទទួលមរណភាព។
៤ សូមស្រមៃគិតអំពីថ្ងៃចុងក្រោយនៃជីវិតរបស់លោកយេស៊ូជាមនុស្សជាតិ។ ទោះជាលោកអាចហៅទេវតារាប់កងពលឲ្យមកការពារលោកក្ដី លោកអនុញ្ញាតឲ្យទាហានរ៉ូមចាប់ខ្លួនលោក ហើយវាយលោកដោយគ្មានមេត្តាប្រណី។ (ម៉ាថ. ២៦:៥២-៥៤; យ៉ូន. ១៨:៣; ១៩:១) ពួកគេប្រើខ្សែតីវាយលោកឲ្យរលាត់ស្បែក។ ក្រោយមក ពួកគេបានបង្ខំលោកឲ្យលីបង្គោលដ៏ធ្ងន់មួយនៅលើខ្នងដែលរលាត់ស្បែកហើយ។ លោកយេស៊ូព្យាយាមលីបង្គោលនោះទៅកន្លែងប្រហារជីវិត ប៉ុន្តែមិនយូរក្រោយមក ទាហានរ៉ូមបានបញ្ជាបុរសម្នាក់ទៀតឲ្យលីជំនួសលោក។ (ម៉ាថ. ២៧:៣២) ពេលលោកយេស៊ូទៅដល់កន្លែងដែលគេនឹងប្រហារជីវិតលោក ទាហានបានដំដែកគោលចូលដៃនិងជើងរបស់លោកភ្ជាប់នឹងបង្គោល។ ពេលលោកយេស៊ូបានត្រូវព្យួរនៅលើបង្គោល ទម្ងន់ខ្លួនរបស់លោកធ្វើឲ្យរបួសនោះកាន់តែហែករយះ។ មិត្តរបស់លោកកើតទុក្ខ ហើយម្ដាយលោកយំសោក ប៉ុន្តែអ្នកគ្រប់គ្រងជនជាតិយូដាចំអកមើលងាយលោកយេស៊ូ។ (លូក. ២៣:៣២-៣៨; យ៉ូន. ១៩:២៥) លោកយេស៊ូបានរងទុក្ខអស់ជាច្រើនម៉ោង។ បេះដូងនិងសួតរបស់លោកពិបាកដំណើរការ ដូច្នេះលោកកាន់តែពិបាកដកដង្ហើម។ ពេលលោកហៀបនឹងស្លាប់ លោកបានអធិដ្ឋានជាលើកចុងក្រោយទៅព្រះយេហូវ៉ាដោយដឹងថាលោកបានរក្សាចិត្តស្មោះត្រង់។ បន្ទាប់មក លោកឱនក្បាល ហើយលះបង់ជីវិតខ្លួន។ (ម៉ាក. ១៥:៣៧; លូក. ២៣:៤៦; យ៉ូន. ១០:១៧, ១៨; ១៩:៣០) លោកស្លាប់ដោយសន្សឹមៗ ឈឺចាប់ ហើយយ៉ាងអាម៉ាស់មែន!
៥. ចំពោះលោកយេស៊ូ តើអ្វីធ្វើឲ្យលោកឈឺចាប់ជាងរបៀបដែលលោកបានត្រូវគេសម្លាប់?
៥ ចំពោះលោកយេស៊ូ របៀបដែលគេប្រហារជីវិតលោកមិនមែនជាអ្វីដ៏អាក្រក់បំផុតទេ។ អ្វីដែលធ្វើឲ្យលោកឈឺចាប់បំផុតគឺមូលហេតុដែលពួកគេប្រហារជីវិតលោក។ គេបានចោទប្រកាន់មិនពិតថាលោកជាអ្នកប្រមាថព្រះ ពោលគឺបុគ្គលដែលគ្មានការគោរពចំពោះព្រះ ឬចំពោះនាមលោក។ (ម៉ាថ. ២៦:៦៤-៦៦) ការគិតអំពីការចោទប្រកាន់នេះធ្វើឲ្យលោកឈឺចិត្តខ្លាំងដល់ម្ល៉េះបានជាលោកសង្ឃឹមថា បិតាលោកនឹងមិនអនុញ្ញាតឲ្យលោកស្លាប់ដោយហេតុដ៏គួរឲ្យអាម៉ាស់នេះឡើយ។ (ម៉ាថ. ២៦:៣៨, ៣៩, ៤២) ហេតុអ្វីព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្រជាទីស្រឡាញ់របស់លោករងទុក្ខនិងស្លាប់? សូមយើងគិតអំពីមូលហេតុបី។
៦. ហេតុអ្វីលោកយេស៊ូបានត្រូវព្យួរនៅលើបង្គោលទារុណកម្ម?
៦ ទី១ លោកយេស៊ូត្រូវព្យួរលើបង្គោលឈើដើម្បីរំដោះជនជាតិយូដាឲ្យរួចពីបណ្ដាសាមួយ។ (កាឡ. ៣:១០, ១៣) ពួកគេជាប់បណ្ដាសានេះ ដោយសារពួកគេបានសន្យាថាពួកគេនឹងធ្វើតាមច្បាប់របស់ព្រះ តែពួកគេមិនបានធ្វើតាមទេ។ តាមពិត ពួកគេជាប់បណ្ដាសាមួយរួចហើយ ហើយសមនឹងស្លាប់ ដោយសារពួកគេជាកូនចៅរបស់អាដាមដែលមានភាពខុសឆ្គង តែពួកគេជាប់បណ្ដាសានេះមួយទៀត ដោយសារពួកគេមិនបានធ្វើតាមច្បាប់របស់ព្រះ។ (រ៉ូម ៥:១២) ច្បាប់របស់ព្រះសម្រាប់ជនជាតិអ៊ីស្រាអែលចែងថា បុគ្គលដែលប្រព្រឹត្តអំពើខុសឆ្គងសមនឹងស្លាប់ គួរតែទទួលទោសប្រហារជីវិត ហើយក្រោយមកគេយកសាកសពរបស់គាត់ទៅព្យួរលើបង្គោលឈើ។ * (ចោ. ២១:២២, ២៣; ២៧:២៦) ដោយ សារលោកយេស៊ូបានត្រូវព្យួរនៅលើបង្គោលឈើ ជនជាតិយូដាអាចរួចពីបណ្ដាសានេះ ហើយគ្រឿងបូជារបស់លោកអាចមានប្រយោជន៍ចំពោះពួកគេ ទោះជាពួកគេបានបដិសេធលោកក្ដី។
៧. តើអ្វីជាមូលហេតុទី២ដែលព្រះបានអនុញ្ញាតឲ្យបុត្ររបស់លោករងទុក្ខវេទនា?
៧ សូមគិតអំពីមូលហេតុទី២ដែលព្រះអនុញ្ញាតឲ្យបុត្រលោករងទុក្ខវេទនា។ លោកកំពុងបង្ហាត់បង្រៀនលោកយេស៊ូឲ្យបំពេញតួនាទីរបស់លោកជាអនាគតសម្ដេចសង្ឃរបស់យើង។ តាមបទពិសោធន៍របស់លោកយេស៊ូ លោកបានដឹងថាការស្ដាប់បង្គាប់ព្រះពេលដែលជួបការល្បងលខ្លាំងគឺពិបាកយ៉ាងណា។ លោកមានសម្ពាធក្រៃលែងរហូតដល់លោកបានអធិដ្ឋានសុំជំនួយ «ដោយទឹកភ្នែកនិងបន្លឺសំឡេងយ៉ាងខ្លាំង»។ ដោយសារលោកយេស៊ូបានឆ្លងកាត់ការឈឺចាប់យ៉ាងខ្លាំង លោកយល់អំពីសេចក្ដីត្រូវការរបស់យើង ហើយ‹អាចចូលមកជួយយើង› ពេលដែលយើង«ទទួលការល្បងល»។ យើងសប្បាយចិត្តណាស់ដែលព្រះយេហូវ៉ាតែងតាំងសម្ដេចសង្ឃដែលមានចិត្តមេត្តាចំពោះយើង និងដែលអាច«យល់ភាពទន់ខ្សោយរបស់យើង»។—ហេ. ២:១៧, ១៨; ៤:១៤-១៦; ៥:៧-១០
៨. តើអ្វីជាមូលហេតុទី៣ដែលព្រះបានអនុញ្ញាតឲ្យលោកយេស៊ូទទួលការល្បងលដ៏ខ្លាំង?
៨ ទី៣ ព្រះយេហូវ៉ាបានអនុញ្ញាតឲ្យលោកយេស៊ូរងទុក្ខយ៉ាងខ្លាំង ដើម្បីផ្ដល់ចម្លើយចំពោះសំណួរដ៏សំខាន់មួយគឺ តើមនុស្សអាចរក្សាភក្ដីភាពផ្ដាច់មុខចំពោះព្រះឬទេ ទោះជាពេលទទួលការល្បងលខ្លាំងយ៉ាងណាក្ដី? សាថានឆ្លើយថាមិនអាចទេ! វាអះអាងថាមនុស្សបម្រើព្រះដើម្បីជាប្រយោជន៍ខ្លួនតែប៉ុណ្ណោះ។ វាជឿថាដូចអាដាមដែលជាបុព្វបុរស ពួកគេមិនមានភក្ដីភាពចំពោះព្រះយេហូវ៉ាទេ។ (យ៉ូប ១:៩-១១; ២:៤, ៥) ប៉ុន្តែព្រះយេហូវ៉ាជឿជាក់ថាបុត្ររបស់លោកនឹងបង្ហាញភក្ដីភាព ហេតុនេះលោកអនុញ្ញាតឲ្យលោកយេស៊ូទទួលការល្បងលដ៏ខ្លាំងបំផុត។ ទោះជាយ៉ាងនោះក៏ដោយ លោកយេស៊ូបានរក្សាចិត្តស្មោះឥតងាករេ ហើយបង្ហាញថាសាថានជាអ្នកភូតភរ។
អ្នកសរសេរគម្ពីរម្នាក់ដែលមានចិត្តកតញ្ញូយ៉ាងខ្លាំងចំពោះថ្លៃលោះ
៩. តើសាវ័កយ៉ូហានបានទុកគំរូអ្វីឲ្យយើង?
៩ សេចក្ដីបង្រៀនអំពីថ្លៃលោះបានពង្រឹងជំនឿរបស់គ្រិស្តសាសនិកជាច្រើននាក់។ ពួកគេបានបន្តផ្សព្វផ្សាយ ទោះជាមានការប្រឆាំងក្ដី ហើយបានស៊ូទ្រាំនឹងទុក្ខលំបាកគ្រប់បែបយ៉ាងអស់មួយជីវិត។ សូមគិតអំពីគំរូរបស់សាវ័កយ៉ូហាន។ គាត់បានផ្សព្វផ្សាយសេចក្ដីពិតយ៉ាងស្មោះត្រង់អំពីគ្រិស្តនិងថ្លៃលោះ ហើយគាត់ទំនងជាធ្វើដូច្នេះអស់រយៈពេល៦០ឆ្នាំជាង។ ពេលគាត់មានអាយុជិត១០០ឆ្នាំ រដ្ឋាភិបាលរ៉ូមបានចាត់ទុកគាត់ថាជាជនបង្ករឿងក្នុងសង្គម។ ដូច្នេះគេបាននិរទេសគាត់ទៅគុកនៅកោះប៉ាត់ម៉ុស។ តើគាត់ជាប់ទោសអ្វី? គឺគាត់«និយាយអំពីព្រះនិងធ្វើជាសាក្សីបញ្ជាក់អំពីលោកយេស៊ូ»។ (បប. ១:៩) យ៉ូហានទុកគំរូដ៏ប្រសើរអំពីជំនឿនិងការស៊ូទ្រាំ!
១០. តើសៀវភៅដែលយ៉ូហានសរសេរបង្ហាញយ៉ាងណាថាគាត់មានចិត្តកតញ្ញូចំពោះថ្លៃលោះ?
១០ ក្នុងសៀវភៅគម្ពីរដែលយ៉ូហានបានសរសេរ គាត់រៀបរាប់អំពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅដែលគាត់មានចំពោះលោកយេស៊ូ និងចិត្តកតញ្ញូដែលគាត់មានចំពោះថ្លៃលោះ។ ក្នុងសៀវភៅទាំងនោះ គាត់រៀបរាប់ជាង១០០ដងអំពីថ្លៃលោះ ឬប្រយោជន៍ដែលមនុស្សទទួលពីថ្លៃលោះ។ ជាឧទាហរណ៍ យ៉ូហានបានសរសេរថា៖ «ប្រសិនបើមានអ្នកណាភ្លាត់ធ្វើខុសអ្វីមួយ នោះលោកយេស៊ូគ្រិស្តដែលនៅជាមួយនឹងបិតាដែលស្ថិតនៅស្ថានសួគ៌ និងជាអ្នកសុចរិត នឹងជួយយើង»។ (១យ៉ូន. ២:១, ២) សៀវភៅដែលយ៉ូហានសរសេរក៏លើកបញ្ជាក់អំពីសារៈសំខាន់នៃ«ការធ្វើជាសាក្សីអំពីលោកយេស៊ូ»។ (បប. ១៩:១០) យ៉ូហានពិតជាមានចិត្តកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះថ្លៃលោះ។ តើយើងអាចបង្ហាញថាយើងមានអារម្មណ៍ដូចគាត់យ៉ាងដូចម្ដេច?
តើអ្នកអាចបង្ហាញអំណរគុណចំពោះថ្លៃលោះយ៉ាងដូចម្ដេច?
១១. តើអ្វីអាចជួយយើងឲ្យទប់ទល់នឹងការល្បួង?
១១ ចូរទប់ទល់នឹងការល្បួងឲ្យប្រព្រឹត្តអំពើខុសឆ្គង។ បើយើងពិតជាមានចិត្តកតញ្ញូចំពោះថ្លៃលោះ យើងនឹងមិនគិតថា ម៉ាថ. ៦:១៣
‹ខ្ញុំមិនចាំបាច់ខំប្រឹងទប់ទល់នឹងការល្បួងទេ។ ខ្ញុំអាចធ្វើខុស ហើយក្រោយមកចាំសុំការអភ័យទោសពីព្រះក៏បាន›។ ផ្ទុយទៅវិញ ពេលយើងបានត្រូវល្បួងឲ្យធ្វើខុស យើងនឹងនិយាយថា ‹ទេ! ព្រះយេហូវ៉ានិងលោកយេស៊ូបានធ្វើអ្វីផ្សេងៗជាច្រើនដើម្បីខ្ញុំ តើខ្ញុំអាចប្រព្រឹត្តរឿងដូចនេះម្ដេចបាន?›។ យើងក៏អាចសុំកម្លាំងពីព្រះយេហូវ៉ាដោយអង្វរលោកថា ‹សូមកុំឲ្យខ្ញុំចាញ់សេចក្ដីល្បួងឡើយ›។—១២. តើយើងអាចធ្វើតាមយោបល់នៅយ៉ូហានទី១ ៣:១៦-១៨តាមរបៀបណា?
១២ ចូរស្រឡាញ់បងប្អូន។ ពេលយើងធ្វើដូច្នេះ យើងក៏បង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះដែរ។ ហេតុអ្វី? ពីព្រោះលោកយេស៊ូបានលះបង់ជីវិតមិនគ្រាន់តែចំពោះយើងប៉ុណ្ណោះទេ តែក៏ចំពោះបងប្អូនរបស់យើងដែរ។ បើលោកយេស៊ូសុខចិត្តស្លាប់ដើម្បីពួកគេ នោះបង្ហាញថាលោកស្រឡាញ់ពួកគេយ៉ាងខ្លាំង។ (សូមអាន យ៉ូហានទី១ ៣:១៦-១៨) យើងបង្ហាញដោយការប្រព្រឹត្តថាយើងស្រឡាញ់បងប្អូនរបស់យើង។ (អេភ. ៤:២៩, ៣១–៥:២) ជាឧទាហរណ៍ យើងជួយពួកគេពេលដែលពួកគេឈឺ ឬរងទុក្ខវេទនា រួមទាំងពេលពួកគេរងគ្រោះមហន្តរាយធម្មជាតិផងដែរ។ ប៉ុន្តែ តើយើងគួរធ្វើអ្វីពេលបងប្អូនរួមជំនឿធ្វើ ឬនិយាយអ្វីដែលនាំឲ្យយើងឈឺចិត្ត?
១៣. ហេតុអ្វីយើងគួរអភ័យទោសឲ្យអ្នកឯទៀត?
១៣ ជួនកាល តើអ្នកពិបាកអភ័យទោសឲ្យបងប្អូនរួមជំនឿឬទេ? (លេវី. ១៩:១៨) បើដូច្នេះ សូមធ្វើតាមយោបល់នេះ ថា៖ «ចូរទ្រាំទ្រគ្នាទៅវិញទៅមក ហើយអភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ បើអ្នកណាមានហេតុត្អូញត្អែរអំពីអ្នកណាម្នាក់។ ព្រះយេហូវ៉ាបានអភ័យទោសឲ្យអ្នករាល់គ្នាដោយគ្មានល័ក្ខខ័ណ្ឌ ម្ល៉ោះហើយ ចូរអ្នករាល់គ្នាធ្វើដូច្នោះដែរ»។ (កូឡ. ៣:១៣) រាល់ដងដែលយើងអភ័យទោសឲ្យបងប្អូនរបស់យើង យើងបង្ហាញបិតារបស់យើងនៅស្ថានសួគ៌ថា យើងពិតជាមានចិត្តកតញ្ញូចំពោះថ្លៃលោះ។ តើយើងអាចមានចិត្តកតញ្ញូកាន់តែខ្លាំងឡើងៗចំពោះអំណោយនេះពីព្រះយ៉ាងដូចម្ដេច?
តើអ្នកអាចមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះថ្លៃលោះតាមរបៀបណា?
១៤. តើអ្វីជារបៀបមួយដែលយើងអាចមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះថ្លៃលោះ?
១៤ ចូរអរគុណព្រះយេហូវ៉ាសម្រាប់ថ្លៃលោះ។ បងស្រីចូអាណាដែលមានអាយុ៨៣ឆ្នាំ ហើយរស់នៅប្រទេសឥណ្ឌានិយាយថា៖ «ចំពោះខ្ញុំ ការលើកឡើងអំពីថ្លៃលោះរាល់ថ្ងៃក្នុងសេចក្ដីអធិដ្ឋាន ព្រមទាំងអរគុណព្រះយេហូវ៉ាចំពោះអំណោយនោះ គឺសំខាន់»។ រាល់ថ្ងៃពេលអ្នកអធិដ្ឋានផ្ទាល់ខ្លួន សូមប្រាប់ព្រះយេហូវ៉ាអំពីអ្វីដែលអ្នកបានធ្វើខុស ហើយសុំការអភ័យទោសពីលោក។ ក៏ប៉ុន្តែ បើអ្នកបានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរ អ្នកក៏នឹងត្រូវការជំនួយពីអ្នកចាស់ទុំផងដែរ។ ពួកគេនឹងស្ដាប់អ្នក ហើយផ្ដល់ឱវាទពីបណ្ដាំរបស់ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់។ ពួកគេនឹងអធិដ្ឋានជាមួយអ្នក ដោយសុំព្រះយេហូវ៉ាយ៉ា. ៥:១៤-១៦
អភ័យទោសឲ្យអ្នក ដើម្បីអ្នកអាចមានចំណងមិត្តភាពជាមួយព្រះយេហូវ៉ាឡើងវិញ។—១៥. ហេតុអ្វីយើងគួរលៃទុកពេលដើម្បីអាននិងរំពឹងគិតអំពីថ្លៃលោះ?
១៥ ចូររំពឹងគិតអំពីថ្លៃលោះ។ បងស្រីរ៉ាចាម៉ានីដែលមានអាយុ៧៣ឆ្នាំ និយាយថា៖ «រាល់ដងដែលខ្ញុំអានអំពីការឈឺចាប់របស់លោកយេស៊ូ ខ្ញុំរលីងរលោងទឹកភ្នែក»។ អ្នកក៏ប្រហែលជារំជួលចិត្ត ពេលគិតអំពីការឈឺចាប់ក្រៃលែងរបស់បុត្រព្រះ។ ប៉ុន្តែ កាលដែលអ្នកកាន់តែរំពឹងគិតអំពីគ្រឿងបូជារបស់លោកយេស៊ូ អ្នកនឹងកាន់តែស្រឡាញ់លោកនិងបិតាលោក។ ដើម្បីជួយអ្នកឲ្យរំពឹងគិតអំពីថ្លៃលោះ ប្រហែលជាអ្នកអាចសិក្សាដោយខ្លួនឯងអំពីប្រធានបទនេះ។
១៦. តើការបង្រៀនអ្នកឯទៀតអំពីថ្លៃលោះអាចមានប្រយោជន៍យ៉ាងណាចំពោះយើង? (សូមមើលរូបភាពនៅក្រប)
១៦ ចូរបង្រៀនអ្នកឯទៀតអំពីថ្លៃលោះ។ រាល់ដងដែលយើងប្រាប់អ្នកឯទៀតអំពីថ្លៃលោះ យើងនឹងកាន់តែមានចិត្តកតញ្ញូខ្លាំងឡើងចំពោះអំណោយនេះ។ យើងមានឧបករណ៍ដ៏ល្អមួយចំនួនដែលជួយយើងឲ្យពន្យល់អ្នកឯទៀតអំពីមូលហេតុដែលលោកយេស៊ូត្រូវទទួលមរណភាពដើម្បីយើង។ ជាឧទាហរណ៍ យើងអាចប្រើមេរៀនទី៤នៃសៀវភៅស្ដើងព្រះមានដំណឹងល្អសម្រាប់យើង! ដែលមានចំណងជើងថា«តើលោកយេស៊ូគ្រិស្តជាអ្នកណា?»។ ឬយើងអាចប្រើជំពូកទី៥នៃសៀវភៅតើគម្ពីរអាចបង្រៀនយើងអំពីអ្វី? ដែលមានចំណងជើងថា«ថ្លៃលោះជាអំណោយវិសេសបំផុតពីព្រះ»។ រាល់ឆ្នាំដែលយើងចូលរួមពិធីរំលឹកមរណភាពរបស់លោកយេស៊ូ និងអញ្ជើញអ្នកឯទៀតយ៉ាងខ្នះខ្នែងឲ្យចូលរួមជាមួយយើង នោះយើងមានចិត្តកតញ្ញូកាន់តែខ្លាំងចំពោះថ្លៃលោះ។ ការបង្រៀនអ្នកឯទៀតអំពីបុត្ររបស់ព្រះយេហូវ៉ា គឺជាឯកសិទ្ធិដ៏អស្ចារ្យមួយពីព្រះ!
១៧. ហេតុអ្វីថ្លៃលោះជាអំណោយដ៏វិសេសវិសាលបំផុតពីព្រះចំពោះមនុស្សជាតិ?
១៧ យើងមានមូលហេតុល្អជាច្រើនដើម្បីបណ្ដុះឲ្យមានចិត្តកតញ្ញូ និងរក្សាចិត្តកតញ្ញូនេះឲ្យកាន់តែខ្លាំងចំពោះថ្លៃលោះ។ ដោយសារថ្លៃលោះ យើងអាចមានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក្ដី។ ដោយសារថ្លៃលោះ ស្នាដៃរបស់មេកំណាចនឹងត្រូវបំផ្លាញចោលទាំងស្រុង។ (១យ៉ូន. ៣:៨) ដោយសារថ្លៃលោះ គោលបំណងដើមរបស់ព្រះយេហូវ៉ាចំពោះផែនដីនឹងត្រូវសម្រេច។ ផែនដីទាំងមូលនឹងទៅជាសួនឧទ្យាន។ មនុស្សគ្រប់រូបនឹងស្រឡាញ់និងបម្រើព្រះយេហូវ៉ា។ ដូច្នេះរាល់ថ្ងៃ សូមយើងរកវិធីផ្សេងៗដើម្បីបង្ហាញចិត្តកតញ្ញូចំពោះថ្លៃលោះដែលជាអំណោយដ៏វិសេសវិសាលបំផុតពីព្រះចំពោះមនុស្សជាតិ!
ចម្រៀងលេខ២០ លោកបានឲ្យបុត្រជាទីស្រឡាញ់
^ វគ្គ 5 ហេតុអ្វីលោកយេស៊ូបានត្រូវគេសម្លាប់យ៉ាងព្រៃផ្សៃ? ក្នុងអត្ថបទនេះ យើងនឹងទទួលចម្លើយចំពោះសំណួរនេះ ហើយក៏នឹងរៀនអំពីរបៀបដែលយើងអាចកាន់តែមានចិត្តកតញ្ញូចំពោះថ្លៃលោះ។
^ វគ្គ 6 ជនជាតិរ៉ូមមានទម្លាប់ព្យួរឧក្រិដ្ឋជនទាំងរស់ដោយចងភ្ជាប់ឬដំដែកគោលនៅលើបង្គោលឈើ ហើយព្រះយេហូវ៉ាបានអនុញ្ញាតឲ្យបុត្រលោកស្លាប់តាមរបៀបនេះ។
^ វគ្គ 55 ការពណ៌នាអំពីរូបភាព: បងប្អូនប្រុសម្នាក់ៗទប់ទល់នឹងការល្បួង។ បងប្រុសម្នាក់ទប់ទល់នឹងការល្បួងឲ្យមើលរូបមិនសមរម្យ ប្អូនប្រុសម្នាក់ទប់ទល់នឹងការល្បួងឲ្យជក់បារី រីឯបងប្រុសម្នាក់ទៀតទប់ទល់នឹងការល្បួងឲ្យទទួលសំណូក។