លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៧

អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!

អ្នកមានតម្លៃចំពោះព្រះយេហូវ៉ា!

​«​ព្រះ​យេហូវ៉ា​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ដ្រ​ទ្រង់​»។—ទំនុក. ១៤៩:៤

ចម្រៀង​លេខ​១០៨ សេចក្ដី​ស្រឡាញ់​ស្មោះ​ត្រង់​របស់​ព្រះ

សេចក្ដី​សង្ខេប *

បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​«​សព្វ​ព្រះ​ហឫទ័យ​»​នឹង​យើង​ម្នាក់​ៗ​ (​សូម​មើល​វគ្គ​១​)

១. ស្ដី​អំពី​រាស្ត្រ​លោក តើ​ព្រះ​យេហូវ៉ា​ឃើញ​អ្វី?

ព្រះ​យេហូវ៉ា​«​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ដ្រ​ទ្រង់​»។ (​ទំនុក. ១៤៩:៤​) នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់! ព្រះ​យេហូវ៉ា​ឃើញ​គុណ​សម្បត្តិ​របស់​យើង លោក​ដឹង​ថា​យើង​នឹង​ទៅ​ជា​បុគ្គល​បែប​ណា ហើយ​ទាញ​យើង​ឲ្យ​ចូល​មក​ជិត​លោក។ បើ​យើង​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​លោក លោក​នឹង​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​យើង​ជា​រៀង​រហូត!—យ៉ូន. ៦:៤៤

២. ហេតុ​អ្វី​អ្នក​ខ្លះ​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ?

អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា​៖ ‹ខ្ញុំ​ដឹង​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​រាស្ត្រ​របស់​លោក​ជា​ក្រុម ប៉ុន្តែ​តើ​ខ្ញុំ​អាច​ដឹង​យ៉ាង​ណា​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ខ្ញុំ​ផ្ទាល់?›។ ហេតុ​អ្វី​អ្នក​ខ្លះ​សួរ​សំណួរ​នេះ? បង​ស្រី​អុកសាណា *មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង​ពេល​នៅ​ក្មេង ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ណាស់​ពេល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក​និង​ចាប់​ផ្ដើម​ត្រួស​ត្រាយ។ ប៉ុន្តែ​១៥​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ចាប់​ផ្ដើម​នឹក​ចាំ​អនុស្សាវរីយ៍​ដ៏​ឈឺ​ចាប់។ ខ្ញុំ​បាន​គិត​ថា​ព្រះ​យេហូវ៉ា​លែង​ពេញ​ចិត្ត​ខ្ញុំ ហើយ​ខ្ញុំ​មិន​សម​នឹង​ទទួល​ការ​ស្រឡាញ់​ពី​លោក​ទេ​»។ បង​ស្រី​យូអា​ដែល​ជា​អ្នក​ត្រួស​ត្រាយ ក៏​មាន​បញ្ហា​ជា​ច្រើន​ពេល​នៅ​កុមារភាព។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា ដោយ​សារ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​លោក​រីករាយ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​ថា​លោក​មិន​អាច​ស្រឡាញ់​ខ្ញុំ​បាន​ទេ​»។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ដូច​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ដែល​ទើប​តែ​បាន​ត្រូវ​រៀប​រាប់ តែ​អ្នក​ប្រហែល​ជា​សង្ស័យ​ថា​លោក​មិន​ស្រឡាញ់​អ្នក​ទេ។ ហេតុ​អ្វី​អ្នក​ត្រូវ​ជឿ​ជាក់​ថា​លោក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក? តើ​អ្វី​អាច​ជួយ​អ្នក​ពេល​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​អ្នក? សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

ការ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់

៤. ហេតុ​អ្វី​ការ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់?

សេចក្ដី​ស្រឡាញ់​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ការ​ជំរុញ​ចិត្ត​មនុស្ស​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ៗ។ បើ​យើង​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​គាំទ្រ​យើង នោះ​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​បម្រើ​លោក​យ៉ាង​អស់​ពី​ចិត្ត ទោះ​ជា​មាន​ការ​ពិបាក​ក្នុង​ជីវិត​យ៉ាង​ណា​ក្ដី។ ប៉ុន្តែ​បើ​យើង​សង្ស័យ​ថា​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង យើង​នឹង​មាន​«​កំឡាំង​តិច​»។ (​សុភ. ២៤:១០​) ពេល​យើង​ធ្លាក់​ទឹក​ចិត្ត​និង​ចាប់​ផ្ដើម​គិត​ថា​ព្រះ​មិន​ស្រឡាញ់​យើង យើង​នឹង​មិន​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ពី​សាថាន​បាន​ឡើយ។—អេភ. ៦:១៦

៥. តើ​ការ​សង្ស័យ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្អូន​ខ្លះ?

បង​ប្អូន​ខ្លះ​ចាប់​ផ្ដើម​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ហេតុ​នេះ ជំនឿ​របស់​ពួក​គេ​បាន​ទៅ​ជា​ខ្សោយ។ ជា​ឧទាហរណ៍ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ជេម​និយាយ​ថា​៖ ​«​ទោះ​ជា​ខ្ញុំ​បម្រើ​នៅ​បេតអែល​និង​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​នៅ​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​បរទេស​ក្ដី មាន​ពេល​មួយ​ដែល​ខ្ញុំ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​កិច្ច​បម្រើ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ថែម​ទាំង​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​ទៀត​ផង​»។ បង​ស្រី​អ៊ីវឺ​ដែល​ជា​អ្នក​បម្រើ​ពេញ​ពេល​ដែរ​និយាយ​ថា​៖ ​«​តាម​ដែល​ខ្ញុំ​បាន​ឃើញ ការ​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដោយ​សារ​នោះ​មាន​ឥទ្ធិពល​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក។ ដូច​ជា​យើង​លែង​ចង់​ធ្វើ​អ្វី​ផ្សេង​ៗ​ចំពោះ​លោក ហើយ​យើង​បាត់​បង់​អំណរ​ក្នុង​ការ​បម្រើ​លោក​»។ បង​ម៉ៃឃឺល​ដែល​ជា​អ្នក​ត្រួស​ត្រាយ​និង​ជា​អ្នក​ចាស់​ទុំ​ម្នាក់​និយាយ​ថា​៖ ​«​បើ​យើង​សង្ស័យ​ថា​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង យើង​នឹង​ឃ្លាត​ចេញ​ពី​លោក​»។

៦. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ពេល​យើង​ចាប់​ផ្ដើម​សង្ស័យ​ថា​ព្រះ​មិន​ស្រឡាញ់​យើង?

បទ​ពិសោធន៍​ទាំង​នេះ​បង្ហាញ​ថា បើ​យើង​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង នោះ​អាច​បង្ខូច​ជំនឿ​របស់​យើង។ ដូច្នេះ តើ​យើង​គួរ​ធ្វើ​អ្វី​ពេល​យើង​ចាប់​ផ្ដើម​មាន​គំនិត​បែប​នេះ? យើង​ត្រូវ​ឈប់​គិត​បែប​នេះ​ភ្លាម​ៗ។ ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ជំនួស​គំនិត​«​នឿយ​ព្រួយ​»​ទាំង​នេះ​ទៅ​នឹង​‹សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់​អ្នក​រាល់​គ្នា›។ (​ទំនុក. ២៥:១៨; ភី. ៤:៦, ៧​) ម្យ៉ាង​ទៀត សូម​ចាំ​ថា​មិន​មែន​តែ​អ្នក​ប៉ុណ្ណោះ​ទេ​មាន​គំនិត​បែប​នេះ។ បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ឯ​ទៀត​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ដែរ។ សូម្បី​តែ​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល ក៏​ត្រូវ​ត​យុទ្ធ​នឹង​អារម្មណ៍​បែប​នេះ។ សូម​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​សាវ័ក​ប៉ូល។

អ្វី​ដែល​យើង​រៀន​ពី​បទ​ពិសោធន៍​របស់​ប៉ូល

៧. តើ​ប៉ូល​មាន​បញ្ហា​អ្វី​ខ្លះ?

ជួន​កាល តើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​ភារកិច្ច​ច្រើន​ពេក ហើយ​មាន​អារម្មណ៍​ថា​មិន​អាច​ធ្វើ​បាន​ទាំង​អស់​ឬ​ទេ? បើ​ដូច្នេះ អ្នក​នឹង​យល់​អារម្មណ៍​របស់​ប៉ូល។ គាត់​មាន​កង្វល់​មិន​គ្រាន់​តែ​អំពី​ក្រុម​ជំនុំ​មួយ​ទេ តែ​«​អំពី​ក្រុម​ជំនុំ​ទាំង​ឡាយ​»។ (​២​កូ. ១១:២៣​-​២៨​) តើ​បញ្ហា​សុខភាព​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​អំណរ​ឬ? ប៉ូល​មាន​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ ដែល​ប្រហែល​ជា​សំដៅ​ទៅ​លើ​បញ្ហា​សុខភាព ហើយ​គាត់​ពិត​ជា​ចង់​បំបាត់​វា​ចោល។ (​២​កូ. ១២:៧​-​១០​) តើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ឬ​ទេ? ជួន​កាល ប៉ូល​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ គាត់​និយាយ​ថា​៖ ​«​ពិបាក​ចិត្ត​ណាស់​ខ្ញុំ!​»​ ដោយ​សារ​គាត់​ត្រូវ​ត​យុទ្ធ​ជា​និច្ច​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។—រ៉ូម ៧:២១​-​២៤

៨. តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​ស៊ូ​ទ្រាំ​ទោះ​ជា​មាន​បញ្ហា​ក្ដី?

ទោះ​ជា​ប៉ូល​ជួប​ការ​ល្បង​ល​និង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត​ក្ដី គាត់​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​មាន​កម្លាំង​ធ្វើ​ដូច្នេះ? ទោះ​ជា​គាត់​ដឹង​ច្បាស់​អំពី​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ខ្លួន​ក៏​ដោយ គាត់​មាន​ជំនឿ​ដ៏​មុត​មាំ​ទៅ​លើ​ថ្លៃ​លោះ។ គាត់​ក៏​ដឹង​អំពី​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អស់​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​[​លោក​យេស៊ូ​]​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»។ (​យ៉ូន. ៣:១៦; រ៉ូម ៦:២៣​) ប៉ូល​ច្បាស់​ជា​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បង្ហាញ​ជំនឿ​លើ​ថ្លៃ​លោះ។ គាត់​ជឿ​ជាក់​ថា​សូម្បី​តែ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ក៏​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​នឹង​អភ័យ​ទោស​ឲ្យ បើ​គាត់​ប្រែ​ចិត្ត។—ទំនុក. ៨៦:៥

៩. តើ​យើង​រៀន​អ្វី​ពី​ពាក្យ​របស់​ប៉ូល​នៅ​កាឡាទី ២:២០?

ប៉ូល​ក៏​មាន​ជំនឿ​ថា ព្រះ​ស្រឡាញ់​គាត់​យ៉ាង​ខ្លាំង ដោយ​សារ​គាត់​ដឹង​ថា​ព្រះ​បាន​ចាត់​លោក​យេស៊ូ​ឲ្យ​ស្លាប់​ដើម្បី​គាត់។ (​សូម​អាន កាឡាទី ២:២០) សូម​កត់​សម្គាល់​ពាក្យ​ដ៏​លើក​ទឹក​ចិត្ត​នៅ​ចុង​ខ​នោះ។ ប៉ូល​បាន​និយាយ​ថា​៖ ​«​បុត្រ​ព្រះ . . . បាន​ស្រឡាញ់​ខ្ញុំ ហើយ​បាន​ប្រគល់​ខ្លួន​ដើម្បី​ខ្ញុំ​»។ ប៉ូល​មិន​ដាក់​កម្រិត​លើ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហាក់​ដូច​ជា​គាត់​និយាយ​ថា ‹ខ្ញុំ​អាច​យល់​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់​បង​ប្អូន ប៉ុន្តែ​លោក​មិន​អាច​ស្រឡាញ់​ខ្ញុំ​បាន​ទេ›។ ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​គ្រិស្ត​ស្លាប់​ដើម្បី​យើង កាល​ដែល​យើង​នៅ​ជា​អ្នក​ធ្វើ​ខុស​នៅ​ឡើយ​»។ (​រ៉ូម ៥:៨​) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​គ្មាន​កម្រិត​ទេ!

១០. តើ​យើង​រៀន​អ្វី​ពី​រ៉ូម ៨:៣៨, ៣៩?

១០ សូម​អាន រ៉ូម ៨:៣៨, ៣៩ប៉ូល​បាន​ដឹង​ថា សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​អំណាច​ខ្លាំង​ក្លា។ គាត់​សរសេរ​ថា​៖ ​«​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​»​បាន​ឡើយ។ ប៉ូល​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​អត់​ធ្មត់​យ៉ាង​ខ្លាំង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល។ គាត់​ក៏​ដឹង​ថា ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​គាត់។ ដូច្នេះ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ហាក់​ដូច​ជា​ប៉ូល​និយាយ​ថា ‹ដោយ​សារ​ព្រះ​យេហូវ៉ា​ចាត់​បុត្រ​របស់​លោក​ឲ្យ​ស្លាប់​ដើម្បី​ខ្ញុំ ខ្ញុំ​មិន​គួរ​សង្ស័យ​ថា​លោក​មិន​ស្រឡាញ់​ខ្ញុំ​ទេ›។—រ៉ូម ៨:៣២

អ្វី​ដ៏​សំខាន់​ចំពោះ​ព្រះ​គឺ​អ្វី​ដែល​យើង​ធ្វើ​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត មិន​មែន​កំហុស​ដែល​យើង​ធ្វើ​នៅ​អតីតកាល​ទេ (​សូម​មើល​វគ្គ​១១​) *

១១. ហេតុ​អ្វី​ប៉ូល​ដឹង​ថា​ព្រះ​ស្រឡាញ់​គាត់ ទោះ​ជា​គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ធីម៉ូថេ​ទី​១ ១:១២​-​១៥​ក្ដី?

១១ សូម​អាន ធីម៉ូថេ​ទី​១ ១:១២​-​១៥ជួន​កាល ប៉ូល​ច្បាស់​ជា​បន្ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល។ ប៉ូល​បាន​ហៅ​ខ្លួន​ឯង​ថា​ជា​អ្នក​ធ្វើ​«​ខុស​ធ្ងន់​ជាង​គេ​»​ ហើយ​យើង​អាច​យល់​អំពី​មូលហេតុ​ដែល​គាត់​និយាយ​ដូច្នេះ។ មុន​ប៉ូល​ស្គាល់​សេចក្ដី​ពិត គាត់​បាន​បៀត​បៀន​គ្រិស្ត​សាសនិក​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ចាប់​អ្នក​ខ្លះ​ដាក់​គុក ហើយ​បោះ​ឆ្នោត​គាំទ្រ​ការ​ប្រហារ​ជីវិត​អ្នក​ខ្លះ​ទៀត។ (​សកម្ម. ២៦:១០, ១១​) តើ​អ្នក​អាច​ស្រមៃ​ឃើញ​ថា​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា ពេល​គាត់​ជួប​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ដែល​ជា​កូន​របស់​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​សម្លាប់​ដោយ​សារ​គាត់? ប៉ូល​ស្ដាយ​ក្រោយ​ចំពោះ​កំហុស​របស់​គាត់ ប៉ុន្តែ​គាត់​ដឹង​ថា​គាត់​មិន​អាច​ផ្លាស់​ប្ដូរ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល​ទេ។ គាត់​ជឿ​ជាក់​ថា គ្រិស្ត​បាន​ស្លាប់​ដើម្បី​គាត់ ហើយ​គាត់​បាន​សរសេរ​ថា ព្រះ​មាន​«​គុណ​ដ៏​វិសេស​លើស​លប់​»​ចំពោះ​ខ្ញុំ។ (​១​កូ. ១៥:៣, ១០​) តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ចូរ​ទទួល​ស្គាល់​ថា គ្រិស្ត​បាន​ស្លាប់​ដើម្បី​អ្នក ហើយ​បើក​ឱកាស​ឲ្យ​អ្នក​មាន​ចំណង​មិត្តភាព​ផ្ទាល់​ដ៏​កក់​ក្ដៅ​ជា​មួយ​ព្រះ​យេហូវ៉ា។ (​សកម្ម. ៣:១៩​) អ្វី​ដ៏​សំខាន់​ចំពោះ​ព្រះ​គឺ​អ្វី​ដែល​យើង​ធ្វើ​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត មិន​មែន​កំហុស​ដែល​យើង​ធ្វើ​នៅ​អតីតកាល​ទេ មិន​ថា​នៅ​ពេល​នោះ​យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​មិន​មែន​ក្ដី។—អេ. ១:១៨

១២. តើ​ពាក្យ​នៅ​យ៉ូហាន​ទី​១ ៣:១៩, ២០​អាច​ជួយ​យើង​យ៉ាង​ណា​បើ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ឬ​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់?

១២ ពេល​អ្នក​គិត​អំពី​ការ​ស្លាប់​របស់​លោក​យេស៊ូ​ដើម្បី​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​អ្នក អ្នក​ប្រហែល​ជា​និយាយ​ថា ‹ខ្ញុំ​មិន​សម​នឹង​ទទួល​អំណោយ​ដ៏​វិសេស​នេះ​ទេ›។ តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​បែប​នេះ? ចិត្ត​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​ប្រហែល​ជា​បញ្ឆោត​យើង ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ឬ​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់។ (​សូម​អាន យ៉ូហាន​ទី​១ ៣:១៩, ២០) បើ​យើង​មាន​អារម្មណ៍​ដូច្នេះ យើង​ត្រូវ​ចាំ​ថា​«​ព្រះ​ធំ​ជាង​ចិត្ត​របស់​យើង​»។ សេចក្ដី​ស្រឡាញ់​និង​ការ​អភ័យ​ទោស​របស់​បិតា​យើង​នៅ​ស្ថាន​សួគ៌​គឺ​ខ្លាំង​ជាង​ឆ្ងាយ​ណាស់​ពី​អារម្មណ៍​មិន​ត្រឹម​ត្រូវ​ណា​ក៏​ដោយ​ដែល​មាន​នៅ​ក្នុង​ចិត្ត​យើង។ យើង​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ជឿ​ជាក់​ថា ព្រះ​ស្រឡាញ់​យើង។ ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​សិក្សា​បណ្ដាំ​របស់​លោក​ជា​ញឹក​ញាប់ អធិដ្ឋាន​ទៅ​លោក​ជា​រឿយ​ៗ និង​ចំណាយ​ពេល​ជា​មួយ​បុគ្គល​ដែល​គោរព​ប្រណិប័តន៍​លោក។ ហេតុ​អ្វី​ការ​ធ្វើ​អ្វី​ទាំង​នេះ​គឺ​សំខាន់​ម្ល៉េះ?

របៀប​ដែល​ការ​សិក្សា​គម្ពីរ ការ​អធិដ្ឋាន និង​មិត្ត​ស្មោះ​ត្រង់​អាច​ជួយ

១៣. តើ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​អាច​ជួយ​យើង​យ៉ាង​ណា? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ របៀប​ដែល​បណ្ដាំ​របស់​ព្រះ​ជួយ​ពួក​គាត់​»​)

១៣ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ យ៉ាង​នេះ អ្នក​នឹង​ឃើញ​បុគ្គលិក​លក្ខណៈ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​កាន់​តែ​ច្បាស់។ អ្នក​នឹង​ឃើញ​អំពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​អ្នក។ បើ​អ្នក​រំពឹង​គិត​អំពី​បទ​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ នោះ​អាច​ជួយ​អ្នក​ឲ្យ​គិត​បាន​ច្បាស់​លាស់​ជាង ពីព្រោះ​គម្ពីរ​នឹង​កែ​តម្រង់​របៀប​គិត​គូរ​និង​បំណង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ​របស់​អ្នក។ (​២​ធី. ៣:១៦​) អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ខេវិន​ដែល​ព្យាយាម​យក​ឈ្នះ​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ និយាយ​ថា​៖ ​«​ការ​អាន​ទំនុក​តម្កើង ១០៣ និង​ការ​រំពឹង​គិត​អំពី​ទំនុក​នោះ បាន​ជួយ​ខ្ញុំ​ឲ្យ​កែ​តម្រូវ​ការ​គិត​គូរ​របស់​ខ្ញុំ ហើយ​យល់​ថា​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ខ្ញុំ​»។ បង​អ៊ីវឺ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​មុន​ចូល​ដេក ខ្ញុំ​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​គំនិត​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​និង​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​»។

១៤. តើ​ការ​អធិដ្ឋាន​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ ចូរ​អធិដ្ឋាន​ជា​រឿយ​ៗ។ (​១​ថែ. ៥:១៧​) បុគ្គល​ពីរ​នាក់​ជិត​ស្និទ្ធ​គ្នា ដោយ​សារ​ពួក​គេ​បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​អស់​ពី​ចិត្ត​ជា​រឿយ​ៗ។ ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ក៏​ដូច​គ្នា​ដែរ។ ពេល​យើង​ប្រាប់​លោក​អំពី​អារម្មណ៍ គំនិត និង​កង្វល់​របស់​យើង​ក្នុង​សេចក្ដី​អធិដ្ឋាន យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​លោក ហើយ​ដឹង​ថា​លោក​ស្រឡាញ់​យើង។ (​ទំនុក. ៩៤:១៧​-​១៩; ១​យ៉ូន. ៥:១៤, ១៥​) បង​យូអា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​អធិដ្ឋាន ខ្ញុំ​មិន​គ្រាន់​តែ​ប្រាប់​ព្រះ​យេហូវ៉ា​ថា​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ​នៅ​ថ្ងៃ​នោះ​ប៉ុណ្ណោះ​ទេ តែ​ខ្ញុំ​ប្រាប់​លោក​អំពី​គំនិត​និង​អារម្មណ៍​របស់​ខ្ញុំ។ យូរ​ៗ​ទៅ ខ្ញុំ​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​ថៅកែ​ក្រុម​ហ៊ុន​ធំ​មួយ​ទេ ប៉ុន្តែ​ជា​ឪពុក​ដែល​ពិត​ជា​ស្រឡាញ់​កូន​ៗ​»​ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​បាន​អាន​សៀវភៅ​នេះ​ឬ​ទេ?​»​)។

១៥. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ផ្ទាល់​តាម​របៀប​ណា?

១៥ ចូរ​សេព​គប់​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ស្មោះ​ត្រង់។ ពួក​គេ​ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា។ (​យ៉ា. ១:១៧​) បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ផ្ទាល់ ដោយ​ផ្ដល់​ឲ្យ​យើង​នូវ​ក្រុម​គ្រួសារ​រួម​ជំនឿ​មួយ​ដែល​«​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា​»។ (​សុភ. ១៧:១៧​) ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូឡុស គាត់​បាន​លើក​ឡើង​អំពី​គ្រិស្ត​សាសនិក​ខ្លះ​ដែល​បាន​គាំទ្រ​គាត់ ដោយ​ហៅ​ពួក​គេ​ថា​ជា​‹ជំនួយ​និង​អ្នក​ពង្រឹង​កម្លាំង›។ (​កូឡ. ៤:១០, ១១​) សូម្បី​តែ​លោក​យេស៊ូ​គ្រិស្ត ក៏​ត្រូវ​ការ​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​គាំទ្រ​ដែល​លោក​បាន​ទទួល​ពី​មិត្ត​សម្លាញ់​របស់​លោក គឺ​ពី​ពួក​ទេវតា​ផង​និង​ពី​មនុស្សជាតិ​ផង។—លូក. ២២:២៨, ៤៣

១៦. តើ​មិត្ត​ស្មោះ​ត្រង់​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៦ តើ​អ្នក​ស្វែង​រក​និង​ព្រម​ទទួល​ជំនួយ​ពី​មិត្ត​នៅ​ក្នុង​ក្រុម​ជំនុំ​ឬ​ទេ? ការ​ប្រាប់​អំពី​កង្វល់​របស់​យើង​ទៅ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ​មិន​មាន​ន័យ​ថា​ជំនឿ​របស់​យើង​ខ្សោយ​ទេ តែ​ជួយ​ការ​ពារ​យើង​វិញ។ សូម​គិត​អំពី​អ្វី​ដែល​បង​ជេម​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ គាត់​ថា​៖ ​«​ខ្ញុំ​ទទួល​ជំនួយ​ច្រើន​ណាស់​ពី​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​ដែល​ជា​គ្រិស្ត​សាសនិក​មាន​ភាព​ចាស់​ទុំ។ ពេល​ខ្ញុំ​មាន​គំនិត​មិន​ល្អ​ចំពោះ​ខ្លួន​ឯង មិត្ត​ខ្ញុំ​ទាំង​នេះ​អត់​ធ្មត់​ស្ដាប់​ខ្ញុំ ហើយ​រំលឹក​ខ្ញុំ​ថា​ពួក​គេ​ស្រឡាញ់​ខ្ញុំ។ តាម​រយៈ​ពួក​គេ ខ្ញុំ​អាច​យល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​»។ គឺ​សំខាន់​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​និង​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​បង​ប្អូន​រួម​ជំនឿ​របស់​យើង!

ចូរ​រក្សា​ខ្លួន​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់

១៧​-​១៨. តើ​យើង​ត្រូវ​ស្ដាប់​អ្នក​ណា ហើយ​ហេតុ​អ្វី?

១៧ សាថាន​ចង់​ឲ្យ​យើង​ឈប់​ព្យាយាម​ធ្វើ​អ្វី​ត្រឹម​ត្រូវ។ វា​ចង់​ឲ្យ​យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង ហើយ​ថា​យើង​មិន​សម​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ។ ប៉ុន្តែ ដូច​ដែល​យើង​បាន​ឃើញ នេះ​មិន​មែន​ជា​ការ​ពិត​ទាល់​តែ​សោះ។

១៨ ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក។ អ្នក​មាន​តម្លៃ​ដ៏​វិសេស​ចំពោះ​លោក។ បើ​អ្នក​ស្ដាប់​បង្គាប់​លោក អ្នក​នឹង​«​រក្សា​ខ្លួន​ជា​អ្នក​ដែល​លោក​ស្រឡាញ់​»​ជា​រៀង​រហូត ដូច​លោក​យេស៊ូ​ដែរ។ (​យ៉ូន. ១៥:១០​) ដូច្នេះ សូម​កុំ​ស្ដាប់​សាថាន​ឬ​ចិត្ត​របស់​អ្នក​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ស្ដាប់​ព្រះ​យេហូវ៉ា​ជា​អ្នក​ដែល​ឃើញ​គុណ​សម្បត្តិ​របស់​យើង​ម្នាក់​ៗ។ ចូរ​ជឿ​ជាក់​ថា​លោក​«​សព្វ​ព្រះ​ហឫទ័យ​នឹង​រាស្ដ្រ​ទ្រង់​»​ រួម​ទាំង​អ្នក​ដែរ!

ចម្រៀង​លេខ​១៤១ ភាព​អស្ចារ្យ​នៃ​ជីវិត

^ វគ្គ 5 បង​ប្អូន​យើង​ខ្លះ​ពិបាក​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​ពួក​គេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​ម្នាក់​ៗ។ យើង​ក៏​នឹង​រៀន​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​ដែល​យើង​សង្ស័យ​ថា​លោក​មិន​ស្រឡាញ់​យើង។

^ វគ្គ 2 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 67 ការ​ពណ៌នា​អំពី​រូប​ភាព: មុន​ប៉ូល​រៀន​សេចក្ដី​ពិត គាត់​បាន​ចាប់​គ្រិស្ត​សាសនិក​ជា​ច្រើន​ដាក់​គុក។ ពេល​គាត់​ទទួល​យក​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​គាត់ គាត់​បាន​កែ​ប្រែ​និង​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ឯ​ទៀត។ ក្នុង​ចំណោម​គ្រិស្ត​សាសនិក​ទាំង​នោះ​ប្រហែល​ជា​មាន​អ្នក​ខ្លះ​ជា​សាច់​ញាតិ​របស់​ពួក​អ្នក​ដែល​គាត់​ធ្លាប់​បៀត​បៀន។