លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៧

ចូរកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ា

ចូរកុំឲ្យអ្វីធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ា

​«​ព្រះ​យេហូវ៉ា ខ្ញុំ​ទុក​ចិត្ត​លោក​»។—ចសព. ៣១:១៤

ចម្រៀង​លេខ​១២២ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង!

សេចក្ដី​សង្ខេប a

១. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ចូល​មក​ជិត​យើង?

 ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​ចូល​មក​ជិត​លោក។ (​យ៉ា. ៤:៨​) លោក​ចង់​ធ្វើ​ជា​ព្រះ ជា​បិតា និង​ជា​មិត្ត​សម្លាញ់​របស់​យើង។ លោក​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង និង​ជួយ​យើង​ពេល​យើង​មាន​ការ​ពិបាក។ លោក​ប្រើ​អង្គការ​របស់​លោក​ដើម្បី​បង្រៀន​និង​ការ​ពារ​យើង។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា?

២. តើ​យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

យើង​អាច​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក ព្រម​ទាំង​ដោយ​អាន​បណ្ដាំ​របស់​លោក​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ នោះ​យើង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​ចំពោះ​លោក។ យើង​ចង់​ស្ដាប់​បង្គាប់​លោក​និង​ជូន​លោក​នូវ​ការ​សរសើរ​ដែល​លោក​សម​នឹង​ទទួល។ (​បប. ៤:១១​) កាល​ដែល​យើង​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា យើង​នឹង​កាន់​តែ​ទុក​ចិត្ត​លោក​និង​អង្គការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​យើង។

៣. តើ​មេ​កំណាច​ព្យាយាម​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ប៉ុន្តែ​តើ​អ្វី​នឹង​ជួយ​យើង​មិន​ឲ្យ​បោះ​បង់​ចោល​ព្រះ​របស់​យើង​និង​អង្គការ​របស់​លោក? (​ចម្រៀង​សរសើរ​ព្រះ ៣១:​១៣, ១៤​)

មេ​កំណាច​ព្យាយាម​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា ជា​ពិសេស​ពេល​យើង​ជួប​ការ​ពិបាក។ តើ​វា​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​ឈប់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ យើង​អាច​ទប់​ទល់​នឹង​កល​ល្បិច​របស់​វា​បាន។ ពេល​យើង​មាន​ជំនឿ​មាំ​មួន​និង​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ព្រះ​យេហូវ៉ា យើង​នឹង​មិន​បោះ​បង់​ចោល​ព្រះ​របស់​យើង​និង​អង្គការ​របស់​លោក​ទេ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣១:១៣, ១៤

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​បី​ដែល​ប្រហែល​ជា​មក​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ។ ការ​ពិបាក​នីមួយ​ៗ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​យើង​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។ តើ​ការ​ពិបាក​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក?

ពេល​យើង​មាន​ការ​ពិបាក

៥. តើ​ការ​ពិបាក​អាច​ធ្វើ​ឲ្យ​យើង​លែង​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

ជួន​កាល យើង​មាន​ការ​ពិបាក​ផ្សេង​ៗ​ដូច​ជា​ការ​ប្រឆាំង​ពី​ក្រុម​គ្រួសារ ឬ​យើង​បាត់​បង់​ការ​ងារ​ធ្វើ។ តើ​ការ​ពិបាក​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​ឈប់​ទុក​ចិត្ត​អង្គការ​ព្រះ​យេហូវ៉ា​និង​ឃ្លាត​ចេញ​ពី​លោក​យ៉ាង​ដូច​ម្ដេច? ពេល​យើង​ជួប​ការ​ពិបាក​អស់​រយៈ​ពេល​ជា​យូរ យើង​ប្រហែល​ជា​អស់​សង្ឃឹម​និង​ធ្លាក់​ទឹក​ចិត្ត។ សាថាន​ទាញ​ប្រយោជន៍​ពី​ឱកាស​នេះ​ដើម្បី​ធ្វើ​ឲ្យ​យើង​គិត​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​យើង​ទេ។ មេ​កំណាច​ចង់​ឲ្យ​យើង​គិត​ថា​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​នាំ​ទុក្ខ​ដល់​យើង។ អ្វី​ស្រដៀង​នឹង​នេះ​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​នៅ​ស្រុក​អេហ្ស៊ីប។ ដំបូង ពួក​គេ​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​បាន​តែង​តាំង​ម៉ូសេ​និង​អេរ៉ុន​ឲ្យ​សង្គ្រោះ​ពួក​គេ​ពី​ការ​ធ្វើ​ជា​ខ្ញុំ​បម្រើ។ (​ដច. ៤:២៩​-​៣១​) ប៉ុន្តែ​ក្រោយ​មក​ពេល​ដែល​ផារ៉ូ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​កាន់​តែ​ពិបាក ពួក​គេ​បន្ទោស​ម៉ូសេ​និង​អេរ៉ុន​ដោយ​និយាយ​ថា​៖ ​«​ដោយ​សារ​តែ​ពួក​អ្នក បាន​ជា​ផារ៉ូ​និង​ពួក​អ្នក​បម្រើ​គាត់​ស្អប់​ខ្ពើម​ពួក​យើង ថែម​ទាំង​មាន​ហេតុ​សម្លាប់​ពួក​យើង​ទៀត​ផង​»។ (​ដច. ៥:១៩​-​២១​) ពួក​គេ​បាន​បន្ទោស​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា។ នេះ​គឺ​គួរ​ឲ្យ​ស្ដាយ​មែន! បើ​អ្នក​ជួប​ការ​ពិបាក​អស់​រយៈ​ពេល​យូរ តើ​អ្នក​អាច​រក្សា​ទំនុក​ចិត្ត​មាំ​មួន​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

៦. តើ​យើង​រៀន​អ្វី​ពី​អ្នក​ប្រកាស​ទំនាយ​ហាបាគុក​អំពី​របៀប​ស៊ូ​ទ្រាំ​នឹង​បញ្ហា? (​ហាបាគុក ៣:១៧​-​១៩​)

ចូរ​អធិដ្ឋាន​ប្រាប់​អំពី​អារម្មណ៍​ទាំង​អស់​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា និង​ពឹង​លោក​ឲ្យ​ជួយ។ ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ជួប​ការ​ពិបាក​ជា​ច្រើន។ នៅ​ពេល​មួយ តាម​មើល​ទៅ​គាត់​បាន​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​គាត់​ទេ។ ដូច្នេះ គាត់​បាន​អធិដ្ឋាន​ប្រាប់​អំពី​អារម្មណ៍​ទាំង​អស់​របស់​គាត់​ទៅ​ព្រះ​យេហូវ៉ា។ គាត់​និយាយ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ! តើ​ឲ្យ​ខ្ញុំ​ស្រែក​សុំ​លោក​ជួយ​ដល់​កាល​ណា​ទៅ ទើប​លោក​ព្រម​ស្ដាប់? . . . ហេតុ​អ្វី​ក៏​លោក​បណ្ដោយ​ឲ្យ​មាន​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ដូច្នេះ?​»។ (​ហាប. ១:២, ៣​) ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​អស់​ពី​ចិត្ត​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​នេះ។ (​ហាប. ២:២, ៣​) ក្រោយ​ពី​រំពឹង​គិត​អំពី​ការ​សង្គ្រោះ​របស់​ព្រះ​យេហូវ៉ា ហាបាគុក​បាន​ទទួល​អំណរ​ឡើង​វិញ។ គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់ ហើយ​នឹង​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ណា​ទាំង​អស់។ (​សូម​អាន ហាបាគុក ៣:១៧​-​១៩) តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ពេល​អ្នក​មាន​ការ​ពិបាក សូម​អធិដ្ឋាន​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក។ បន្ទាប់​មក សូម​ពឹង​លោក​ឲ្យ​ជួយ។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ ម្យ៉ាង​ទៀត ពេល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​ទទួល​ការ​គាំទ្រ​ពី​លោក ជំនឿ​របស់​អ្នក​ទៅ​លើ​លោក​នឹង​កាន់​តែ​មាំ​មួន​ឡើង។

៧. តើ​សាច់​ញាតិ​របស់​បង​ស៊ើលី​បាន​ព្យាយាម​វែក​ញែក​ឲ្យ​គាត់​ជឿ​អ្វី ហើយ​តើ​អ្វី​បាន​ជួយ​គាត់​មិន​ឲ្យ​បាត់​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា?

ចូរ​បន្ត​ធ្វើ​អ្វី​ដែល​ជួយ​អ្នក​ឲ្យ​រក្សា​ភាព​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ នេះ​ជា​អ្វី​ដែល​បាន​ជួយ​បង​ស្រី​ម្នាក់​ឈ្មោះ​ស៊ើលី b​ពី​ប្រទេស​ប៉ាពូអាស៊ី​នូវែល​ហ្គីណេ ពេល​ដែល​គាត់​ជួប​ការ​ពិបាក។ ក្រុម​គ្រួសារ​របស់​បង​ស៊ើលី​ក្រី​ក្រ ហើយ​ជួន​កាល​ពួក​គេ​មិន​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ទេ។ សាច់​ញាតិ​ម្នាក់​របស់​គាត់​បាន​ព្យាយាម​ធ្វើ​ឲ្យ​គាត់​ឈប់​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ដោយ​និយាយ​ថា​៖ ​«​ក្រែង​ឯង​ថា​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ​កំពុង​ជួយ​ឯង តែ​ជំនួយ​នោះ​នៅ​ឯ​ណា? គ្រួសារ​ឯង​នៅ​តែ​ក្រ​ដដែល។ អ៊ីចឹង​ហេតុ​អី​ទៅ​ចំណាយ​ពេល​ផ្សព្វ​ផ្សាយ​ឥត​ប្រយោជន៍?​»។ បង​ស៊ើលី​សារភាព​ថា​៖ ​«​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា ‹តើ​ព្រះ​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ឬ​អត់?›។ ដូច្នេះ ភ្លាម​ៗ​ខ្ញុំ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រាប់​លោក​អ្វី​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ចិត្ត​ខ្ញុំ។ ខ្ញុំ​មិន​បាន​ឈប់​អាន​គម្ពីរ​ឬ​សៀវភៅ​របស់​យើង​ទេ ហើយ​បាន​បន្ត​ផ្សព្វ​ផ្សាយ​និង​ចូល​រួម​កិច្ច​ប្រជុំ​»។ មិន​យូរ​ក្រោយ​មក បង​ស៊ើលី​បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​បាន​មើល​ថែ​ក្រុម​គ្រួសារ​គាត់​កន្លង​មក។ ក្រុម​គ្រួសារ​របស់​គាត់​មិន​ដែល​ដេក​ទាំង​អត់​បាយ​ទេ ហើយ​ពួក​គេ​សប្បាយ​រីករាយ។ បង​ស៊ើលី​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​ខ្ញុំ​»។ (​១ធី. ៦:៦​-​៨​) បើ​អ្នក​រក្សា​ទម្លាប់​ល្អ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ អ្នក​ក៏​នឹង​មិន​ឲ្យ​ការ​ពិបាក​ឬ​ការ​សង្ស័យ​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​បាន​ដែរ។

ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​បាន​ត្រូវ​គេ​ធ្វើ​បាប

៨. តើ​អ្វី​អាច​កើត​ឡើង​ចំពោះ​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា?

តាម​រយៈ​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​និង​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត ពួក​សត្រូវ​ផ្សាយ​ពាក្យ​កុហក​ឬ​ព័ត៌មាន​មិន​ពិត​អំពី​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ក្នុង​អង្គការ​ព្រះ​យេហូវ៉ា។ (​ចសព. ៣១:១៣​) បង​ប្អូន​ប្រុស​ខ្លះ​បាន​ត្រូវ​គេ​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ថា​ជា​ឧក្រិដ្ឋជន។ គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​បាន​ជួប​ស្ថានភាព​ស្រដៀង​នឹង​នេះ​ពេល​ដែល​សាវ័ក​ប៉ូល​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​និង​ចាប់​ខ្លួន។ តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា?

៩. តើ​គ្រិស្ត​សាសនិក​ខ្លះ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​សាវ័ក​ប៉ូល​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក?

គ្រិស្ត​សាសនិក​ខ្លះ​នៅ​សតវត្សរ៍​ទី​១​បាន​ឈប់​គាំទ្រ​សាវ័ក​ប៉ូល​ពេល​ដែល​គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​នៅ​រ៉ូម។ (​២ធី. ១:៨, ១៥​) ហេតុ​អ្វី? តើ​ពួក​គេ​ខ្មាស​គេ​ដោយ​សារ​ប៉ូល​បាន​ត្រូវ​សាធារណៈ​ជន​ចាត់​ទុក​ជា​ឧក្រិដ្ឋជន​ឬ? (​២ធី. ២:៨, ៩​) ឬ​តើ​ពួក​គេ​ខ្លាច​ថា​ពួក​គេ​នឹង​ទទួល​ការ​បៀតបៀន​ដែរ? ទោះ​ជា​ពួក​គេ​មាន​មូលហេតុ​អ្វី​ក៏​ដោយ សូម​ស្រមៃ​គិត​អំពី​អារម្មណ៍​របស់​ប៉ូល។ គាត់​បាន​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ជា​ច្រើន ហើយ​ថែម​ទាំង​បាន​ប្រថុយ​ជីវិត​ដើម្បី​ពួក​គេ​ទៀត​ផង។ (​សកម្ម. ២០:១៨​-​២១; ២កូ. ១:៨​) យើង​មិន​គួរ​ធ្វើ​ដូច​បុគ្គល​ដែល​មិន​ព្រម​ជួយ​ប៉ូល​នៅ​ពេល​ដែល​គាត់​ត្រូវ​ការ​នោះ​ទេ។ តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​បាន​ត្រូវ​គេ​បៀតបៀន?  

១០. តើ​យើង​គួរ​ចាំ​អំពី​អ្វី​ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​ទទួល​ការ​បៀតបៀន ហើយ​ហេតុ​អ្វី?

១០ សូម​ចាំ​អំពី​មូលហេតុ​ដែល​យើង​ទទួល​ការ​បៀតបៀន​និង​អ្នក​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​បៀតបៀននោះ។ ធីម៉ូថេ​ទី២ ៣:១២​ចែង​ថា​៖ ​«​អស់​អ្នក​ដែល​ចង់​រស់​នៅដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀតបៀន​»។ ដូច្នេះ យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ​ដែល​សាថាន​វាយ​ប្រហារ​លើ​បង​ប្អូន​ប្រុស​ដែល​នាំ​មុខ។ វា​ចង់​ឲ្យ​បង​ប្អូន​ទាំង​នេះ​ឈប់​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​វា​ក៏​ចង់​ឲ្យ​យើង​ភ័យ​ខ្លាច​ដែរ។—១ពេ. ៥:៨ 

ទោះ​ជា​ប៉ូល​ជាប់​គុក​ក្ដី អូណេស៊ីផឺ​បាន​គាំទ្រ​គាត់​យ៉ាង​ក្លាហាន។ សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​យើង​គាំ​ទ្រ​បង​ប្អូន​រួម​ជំនឿ​ដែល​ជាប់​គុក ដូច​បាន​បង្ហាញ​ក្នុង​រូប​ភាព​នេះ (​សូម​មើល​វគ្គ​១១​-​១២​)

១១. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​អូណេស៊ីផឺ? (​ធីម៉ូថេ​ទី២ ១:១៦​-​១៨​)

១១ ចូរ​បន្ត​គាំ​ទ្រ​បង​ប្អូន​របស់​អ្នក​និង​នៅ​ជាប់​នឹង​ពួក​គេ។ (​សូម​អាន ធីម៉ូថេ​ទី២ ១:១៦​-​១៨) នៅ​សតវត្សរ៍​ទី១ គ្រិស្ត​សាសនិក​ម្នាក់​ឈ្មោះ​អូណេស៊ីផឺ​បាន​ប្រព្រឹត្ត​ផ្សេង​ពី​អ្នក​ឯ​ទៀត​ពេល​ប៉ូល​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ គម្ពីរ​ចែង​ថា​៖ ​«​គាត់​មិន​ដែល​អៀន​ខ្មាស​ដោយ​សារ​[​ប៉ូល​]​ជាប់​ច្រវាក់​ទេ​»។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ស្វែង​រក​ប៉ូល ហើយ​ពេល​ដែល​គាត់​រក​ប៉ូល​ឃើញ គាត់​បាន​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​ប៉ូល។ ដោយ​ធ្វើ​ដូច្នេះ អូណេស៊ីផឺ​បាន​ប្រថុយ​ជីវិត​របស់​ខ្លួន។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? យើង​មិន​ត្រូវ​ឲ្យ​ការ​ភ័យ​ខ្លាច​មនុស្ស​បញ្ឈប់​យើង​ឬ​រា​រាំង​យើង​ពី​ការ​គាំ​ទ្រ​បង​ប្អូន​ដែល​ទទួល​ការ​បៀតបៀន​ឡើយ។ ផ្ទុយ​ទៅ​វិញ សូម​យើង​ការ​ពារ​ពួក​គេ​និង​ជួយ​ពួក​គេ។ (​សុភ. ១៧:១៧​) ពួក​គេ​ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ពី​យើង។

១២. តើ​យើង​រៀន​អ្វី​ពី​បង​ប្អូន​យើង​នៅ​ប្រទេស​រុស្ស៊ី?

១២ សូម​ពិចារណា​អំពី​របៀប​ដែល​បង​ប្អូន​នៅ​ប្រទេស​រុស្ស៊ី​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក។ ពេល​បង​ប្អូន​ខ្លះ​ត្រូវ​ឡើង​តុលាការ បង​ប្អូន​ជា​ច្រើន​ទៅ​ទី​នោះ​ដើម្បី​គាំទ្រ​ពួក​គេ។ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​បាន​ត្រូវ​គេ​បង្កាច់​បង្ខូច ចាប់​ខ្លួន ឬ​បៀតបៀន សូម​កុំ​ភ័យ​ខ្លាច។ ចូរ​អធិដ្ឋាន​ឲ្យ​ពួក​គេ ថែ​រក្សា​សមាជិក​ក្រុម​គ្រួសារ​របស់​ពួក​គេ និង​ស្វែង​រក​វិធី​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​ថា​អ្នក​គាំទ្រ​ពួក​គេ។—សកម្ម. ១២:៥; ២កូ. ១:​១០, ១១

ពេល​យើង​ត្រូវ​គេ​សើច​ចំអក

១៣. តើ​ការ​សើច​ចំអក​អាច​ធ្វើ​ឲ្យ​យើង​លែង​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៣ សាច់​ញាតិ អ្នក​រួម​ការ​ងារ ឬ​សិស្ស​រួម​ថ្នាក់​ដែល​មិន​មែន​ជា​អ្នក​ជឿ ប្រហែល​ជា​សើច​ចំអក​យើង ដោយ​សារ​យើង​ផ្សព្វ​ផ្សាយ​ឬ​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា។ (​១ពេ. ៤:៤​) ពួក​គេ​ប្រហែល​ជា​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ឯង តែ​សាសនា​ឯង​តឹង​រ៉ឹង​ពេក ហើយ​ចាស់​គំរឹល​»។ អ្នក​ខ្លះ​ប្រហែល​ជា​រិះ​គន់​យើង​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព ដោយ​និយាយ​ថា​៖ ​«​បើ​ធ្វើ​អ៊ីចឹង ម៉េច​អាច​ហៅ​ខ្លួន​ឯង​ជា​មនុស្ស​ដែល​មាន​សេចក្ដី​ស្រឡាញ់​បាន?​»។ ពាក្យ​សម្ដី​បែប​នេះ​អាច​ធ្វើ​ឲ្យ​យើង​កើត​ចិត្ត​សង្ស័យ។ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ឆ្ងល់​ថា ‹តើ​ព្រះ​យេហូវ៉ា​តម្រូវ​ច្រើន​ពេក​ពី​ខ្ញុំ​ឬ? តើ​អង្គការ​របស់​លោក​តឹង​តែង​ពេក​ឬ​ទេ?›។ បើ​អ្នក​ជួប​ស្ថានភាព​បែប​នេះ តើ​តាម​របៀប​ណា​អ្នក​អាច​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​និង​អង្គការ​របស់​លោក?

យ៉ូប​មិន​ព្រម​ជឿ​ពាក្យ​កុហក​របស់​មិត្ត​ក្លែង​ក្លាយ​ដែល​បាន​ចំអក​មើល​ងាយ​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​តាំង​ចិត្ត​រក្សា​ចិត្ត​ស្មោះ ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៤​)

១៤. តើ​យើង​គួរ​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អ្នក​ឯ​ទៀត​សើច​ចំអក​យើង​ដោយ​សារ​យើង​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា? (​ចម្រៀង​សរសើរ​ព្រះ ១១៩:៥០​-​៥២​)

១៤ ចូរ​តាំង​ចិត្ត​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ យ៉ូប​គឺ​ជា​បុរស​ម្នាក់​ដែល​បាន​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា ទោះ​ជា​គាត់​ត្រូវ​គេ​សើច​ចំអក​ក៏​ដោយ។ មិត្ត​ក្លែង​ក្លាយ​ម្នាក់​របស់​គាត់​ថែម​ទាំង​ព្យាយាម​ធ្វើ​ឲ្យ​គាត់​ជឿ​ថា ព្រះ​មិន​ខ្វល់​ថា​យ៉ូប​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ឬ​មិន​ធ្វើ​តាម​នោះ​ទេ។ (​យ៉ូប ៤:១៧, ១៨; ២២:៣​) ប៉ុន្តែ យ៉ូប​មិន​ព្រម​ជឿ​ពាក្យ​កុហក​ទាំង​នេះ​ឡើយ។ គាត់​ដឹង​ថា​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ គឺ​ត្រឹម​ត្រូវ ហើយ​គាត់​តាំង​ចិត្ត​ធ្វើ​តាម​ខ្នាត​តម្រា​ទាំង​នោះ។ គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​គាត់​លែង​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​ឡើយ។ (​យ៉ូប ២៧:៥, ៦​) តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? សូម​កុំ​ឲ្យ​ការ​សើច​ចំអក​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ទៅ​លើ​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​ឡើយ។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​អ្នក​ផ្ទាល់។ អ្នក​ទំនង​ជា​ឃើញ​ច្រើន​ដង​ថា ជីវិត​របស់​អ្នក​ប្រសើរ​ជាង​ពេល​ដែល​អ្នក​ធ្វើ​តាម​អ្វី​ដែល​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​គឺ​ត្រឹម​ត្រូវ។ ចូរ​តាំង​ចិត្ត​គាំទ្រ​អង្គការ​ដែល​កាន់​ខ្ជាប់​តាម​ខ្នាត​តម្រា​ទាំង​នោះ។ យ៉ាង​នេះ មិន​ថា​មាន​ការ​សើច​ចំអក​ច្រើន​យ៉ាង​ណា​ពី​កន្លែង​ណា​ក៏​ដោយ នោះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា​ឡើយ។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៥០​-​៥២

១៥. ហេតុ​អ្វី​បង​ព្រីជីត​បាន​ត្រូវ​គេ​ចំអក​មើល​ងាយ?

១៥ សូម​ពិចារណា​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ព្រីជីត​ដែល​នៅ​ប្រទេស​ឥណ្ឌា។ គាត់​បាន​ត្រូវ​សមាជិក​ក្រុម​គ្រួសារ​ចំអក​មើល​ងាយ ដោយ​សារ​ជំនឿ​របស់​គាត់។ មិន​យូរ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៩៧ ប្ដី​របស់​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​បាត់​បង់​ការ​ងារ​ធ្វើ។ ដូច្នេះ ប្ដី​បង​ព្រីជីត​បាន​សម្រេច​ចិត្ត​ថា​គាត់ បង​ព្រីជីត និង​កូន​ស្រី​ៗ គួរ​រើ​ទៅ​នៅ​ជា​មួយ​ឪពុក​ម្ដាយ​របស់​គាត់ ដែល​រស់​នៅ​ក្រុង​ផ្សេង។ ប៉ុន្តែ​ក្រោយ​មក បង​ព្រីជីត​មាន​ការ​ពិបាក​ថែម​ទៀត។ ដោយ​សារ​ប្ដី​របស់​គាត់​គ្មាន​ការ​ងារ​ធ្វើ គាត់​ត្រូវ​ធ្វើ​ការ​ពេញ​ពេល​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ។ បន្ថែម​ទៅ​ទៀត ក្រុម​ជំនុំ​ដែល​នៅ​ជិត​ជាង​គេ មាន​ចម្ងាយ​ប្រហែល​ជា​៣៥០​គីឡូ​ម៉ែត្រ​ពី​ផ្ទះ​របស់​គាត់។ គួរ​ឲ្យ​ស្ដាយ ក្រុម​គ្រួសារ​របស់​ប្ដី​គាត់​ប្រឆាំង​គាត់ ដោយ​សារ​ជំនឿ​របស់​គាត់។ ពួក​គេ​ប្រឆាំង​បង​ព្រីជីត​យ៉ាង​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​ក្រុម​គ្រួសារ​របស់​គាត់​ត្រូវ​រើ​ផ្ទះ​ម្ដង​ទៀត។ ក្រោយ​មក ដោយ​មិន​បាន​រំពឹង​ទុក ប្ដី​របស់​គាត់​បាន​ស្លាប់។ ក្រោយ​មក​ទៀត កូន​ស្រី​ម្នាក់​របស់​គាត់​ក៏​បាន​ស្លាប់​ត្រឹម​តែ​អាយុ​១២​ឆ្នាំ​ដោយ​សារ​ជំងឺ​មហា​រីក។ សាច់​ញាតិ​បង​ព្រីជីត​បន្ថែម​ទុក្ខ​លើ​គាត់ ដោយ​បន្ទោស​គាត់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ទាំង​នេះ។ ពួក​គេ​និយាយ​ថា បើ​គាត់​មិន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា រឿង​ខ្លោច​ផ្សា​ទាំង​អស់​នេះ​នឹង​មិន​កើត​ឡើង​ទេ។ ប៉ុន្តែ បង​ព្រីជីត​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​នៅ​ជាប់​នឹង​អង្គការ​របស់​លោក។

១៦. តើ​បង​ព្រីជីត​បាន​ទទួល​ពរ​អ្វី​ចំពោះ​ការ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក?

១៦ ដោយ​សារ​បង​ព្រីជីត​រស់​នៅ​ឆ្ងាយ​ពី​ក្រុម​ជំនុំ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​គាត់​រស់​នៅ ហើយ​ដឹក​នាំ​កិច្ច​ប្រជុំ​នៅ​ផ្ទះ​របស់​គាត់។ ដំបូង គាត់​មាន​អារម្មណ៍​ថា​ការ​ធ្វើ​តាម​ការ​ណែនាំ​នោះ​គឺ​ពិបាក​ពេក ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត ធ្វើ​កិច្ច​ប្រជុំ​នៅ​ផ្ទះ​របស់​គាត់ និង​លៃ​ទុក​ពេល​ដើម្បី​ធ្វើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​កូន​ស្រី​ៗ​របស់​គាត់។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​បាន​ចាប់​ផ្ដើម​និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ជា​ច្រើន ហើយ​សិស្ស​គម្ពីរ​ជា​ច្រើន​នាក់​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ នៅ​ឆ្នាំ​២០០៥ បង​ព្រីជីត​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ ការ​ទុក​ចិត្ត​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​ភក្ដី​ភាព​របស់​គាត់​ចំពោះ​អង្គការ​លោក​បាន​នាំ​ឲ្យ​គាត់​ទទួល​ពរ។ កូន​ស្រី​ៗ​របស់​គាត់​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ហើយ​ឥឡូវ​មាន​ក្រុម​ជំនុំ​ពីរ​នៅ​តំបន់​ដែល​គាត់​រស់​នៅ​នោះ។ បង​ព្រីជីត​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​កម្លាំង​ដល់​គាត់​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក ព្រម​ទាំង​ការ​ចំអក​មើល​ងាយ​ពី​ក្រុម​គ្រួសារ​របស់​គាត់។

ចូរ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក

១៧. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ សាថាន​ចង់​ឲ្យ​យើង​ជឿ​ថា ព្រះ​យេហូវ៉ា​បោះ​បង់​ចោល​យើង​ពេល​យើង​មាន​ការ​ពិបាក ហើយ​ថា​ការ​បន្ត​នៅ​ក្នុង​អង្គការ​លោក នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​កាន់​តែ​ពិបាក។ វា​ចង់​ឲ្យ​យើង​ភ័យ​ខ្លាច​ពេល​បង​ប្អូន​ប្រុស​ដែល​មាន​ភារកិច្ច​បាន​ត្រូវ​គេ​បង្កាច់​បង្ខូច បៀតបៀន ឬ​ចាប់​ដាក់​គុក។ ម្យ៉ាង​ទៀត តាម​រយៈ​ការ​ចំអក​មើល​ងាយ សាថាន​ចង់​ឲ្យ​យើង​ឈប់​ទុក​ចិត្ត​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ យើង​ដឹង​ច្បាស់​អំពី​កល​ល្បិច​ដ៏​អាក្រក់​របស់​វា ហើយ​យើង​មិន​ចាញ់​បោក​វា​ទេ។ (​២កូ. ២:១១​) សូម​តាំង​ចិត្ត​បដិសេធ​ពាក្យ​កុហក​របស់​សាថាន ហើយ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​អ្នក​ឡើយ។ (​ចសព. ២៨:៧​) ដូច្នេះ សូម​កុំ​ឲ្យ​អ្វី​ធ្វើ​ឲ្យ​អ្នក​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា!—រ៉ូម ៨:៣៥​-​៣៩

១៨. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៨ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​ការ​ពិបាក​ដែល​យើង​ប្រហែល​ជា​ជួប​ពី​ខាង​ក្រៅ​ក្រុម​ជំនុំ។ ប៉ុន្តែ ទំនុក​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក ក៏​អាច​ត្រូវ​សាក​ល្បង​ដោយ​ការ​ពិបាក​ដែល​មក​ពី​ក្នុង​ក្រុម​ជំនុំ​ដែរ។ តើ​យើង​អាច​ធ្វើ​យ៉ាង​ណា​ពេល​មាន​ការ​ពិបាក​បែប​នេះ? យើង​នឹង​ពិចារណា​សំណួរ​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

ចម្រៀង​លេខ​១១៨ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»​

a ដើម្បី​ស៊ូ​ទ្រាំ​ដោយ​ស្មោះ​ត្រង់​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ យើង​ត្រូវ​បន្ត​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។ មេ​កំណាច​ព្យាយាម​ប្រើ​ទុក្ខ​លំបាក​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​យើង​លែង​មាន​ទំនុក​ចិត្ត​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​ការ​ពិបាក​បី​ដែល​មេ​កំណាច​ប្រើ និង​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​និង​អង្គការ​លោក។

b ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។