អត្ថបទសិក្សា ៤៨
ចូរដឹងខ្លួនជានិច្ចក្នុងកាលៈទេសៈដែលសាកល្បងភក្ដីភាពរបស់អ្នក
«ចូរដឹងខ្លួនជានិច្ចក្នុងគ្រប់ការទាំងអស់»។—២ធី. ៤:៥
ចម្រៀងលេខ១២៣ ចុះចូលដោយស្មោះក្រោមការរៀបចំរបស់ព្រះ
សេចក្ដីសង្ខេប a
១. តើការដឹងខ្លួនជានិច្ចមានន័យយ៉ាងណា? (ធីម៉ូថេទី២ ៤:៥)
ពេលយើងជួបបញ្ហាផ្សេងៗ យើងប្រហែលជាពិបាករក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការលោក។ តើយើងអាចយកឈ្នះការពិបាកទាំងនេះយ៉ាងដូចម្ដេច? យើងត្រូវដឹងខ្លួនជានិច្ច ហើយកាន់ជំហរមាំមួនក្នុងជំនឿ។ (សូមអាន ធីម៉ូថេទី២ ៤:៥) យើងដឹងខ្លួនជានិច្ចដោយរក្សាចិត្តស្ងប់ គិតច្បាស់លាស់ និងព្យាយាមមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ ពេលយើងធ្វើដូច្នេះ យើងនឹងមិនឲ្យអារម្មណ៍កាន់កាប់គំនិតរបស់យើងទេ។
២. តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
២ ក្នុងអត្ថបទមុន យើងបានពិចារណាការពិបាកបីពីខាងក្រៅក្រុមជំនុំ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាការពិបាកបីពីខាងក្នុងក្រុមជំនុំដែលអាចសាកល្បងភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាគឺ (១) ពេលយើងមានអារម្មណ៍ថាបងប្អូនរួមជំនឿធ្វើខុសមកលើយើង (២) ពេលយើងទទួលការប្រៀនប្រដៅ និង(៣) ពេលយើងពិបាកធ្វើតាមការផ្លាស់ប្ដូរពីអង្គការ។ តើយើងអាចដឹងខ្លួនជានិច្ច និងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការលោកពេលជួបការពិបាកបែបនេះយ៉ាងដូចម្ដេច?
ពេលបងប្អូនរួមជំនឿធ្វើខុសនឹងយើង
៣. តើយើងប្រហែលជាមានប្រតិកម្មយ៉ាងណា បើយើងមានអារម្មណ៍ថាបងប្អូនណាម្នាក់ធ្វើខុសនឹងយើង?
៣ តើអ្នកធ្លាប់មានអារម្មណ៍ថាបងប្អូនណាម្នាក់ធ្វើខុសនឹងអ្នកឬទេ? ប្រហែលជាគាត់ថែមទាំងជាបុគ្គលដែលមានភារកិច្ច។ គាត់ទំនងជាគ្មានចេតនាធ្វើបាបអ្នកទេ។ (រ៉ូម ៣:២៣; យ៉ា. ៣:២) ប៉ុន្តែ ការប្រព្រឹត្តរបស់គាត់ប្រហែលជាធ្វើឲ្យអ្នកឈឺចិត្ត។ អ្នកប្រហែលជាគិតរហូតដល់ដេកមិនលក់អំពីរឿងនោះ។ អ្នកប្រហែលជាថែមទាំងឆ្ងល់ថា ‹បើបងប្អូនណាម្នាក់អាចប្រព្រឹត្តបែបនេះ តើនេះពិតជាអង្គការព្រះឬទេ?›។ សាថានចង់ឲ្យអ្នកគិតដូច្នេះ។ (២កូ. ២:១១) ការគិតអវិជ្ជមានបែបនេះអាចធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ានិងអង្គការលោក។ ដូច្នេះ បើយើងមានអារម្មណ៍ថាបងប្អូនណាម្នាក់ធ្វើខុសនឹងយើង តើតាមរបៀបណាយើងអាចដឹងខ្លួនជានិច្ច និងជៀសវាងពីការគិតមិនត្រឹមត្រូវ?
៤. តើតាមរបៀបណាយ៉ូសែបបានដឹងខ្លួនជានិច្ចពេលត្រូវគេធ្វើបាប ហើយតើយើងអាចរៀនអ្វីពីគំរូរបស់គាត់? (ដើមកំណើត ៥០:១៩-២១)
៤ សូមកុំក្ដៅក្រហាយចិត្ត។ ពេលយ៉ូសែបនៅជាយុវជន បងប្រុសៗរបស់គាត់បានធ្វើបាបគាត់។ ពួកគេស្អប់គាត់ ហើយខ្លះថែមទាំងចង់សម្លាប់គាត់ទៀតផង។ (ដក. ៣៧:៤, ១៨-២២) នៅទីបំផុត ពួកគេបានលក់គាត់ឲ្យធ្វើជាខ្ញុំបម្រើ។ ជាលទ្ធផល យ៉ូសែបបានរងទុក្ខលំបាកអស់រយៈពេលប្រហែលជា១៣ឆ្នាំ។ យ៉ូសែបអាចសង្ស័យថា ព្រះយេហូវ៉ាមិនស្រឡាញ់គាត់ទេ។ គាត់ក៏អាចឆ្ងល់ថា តើព្រះយេហូវ៉ាបានបោះបង់ចោលគាត់ពេលដែលគាត់ត្រូវការជំនួយឬយ៉ាងណា។ ប៉ុន្តែ យ៉ូសែបមិនបានក្ដៅក្រហាយចិត្តទេ។ ផ្ទុយទៅវិញ គាត់បានដឹងខ្លួនជានិច្ច ដោយរក្សាចិត្តស្ងប់។ ពេលគាត់មានឱកាសដើម្បីសងសឹកបងៗរបស់គាត់ គាត់មិនបានធ្វើដូច្នេះទេ តែគាត់បានបង្ហាញសេចក្ដីស្រឡាញ់និងអភ័យទោសឲ្យពួកគេ។ (ដក. ៤៥:៤, ៥) យ៉ូសែបអាចប្រព្រឹត្តយ៉ាងនេះបាន ដោយសារគាត់បានគិតយ៉ាងច្បាស់លាស់។ ជាជាងផ្ដោតអារម្មណ៍ទៅលើបញ្ហារបស់ខ្លួន គាត់បានផ្ដោតអារម្មណ៍ទៅលើគោលបំណងរបស់ព្រះយេហូវ៉ា។ (សូមអាន ដើមកំណើត ៥០:១៩-២១) តើយើងអាចទាញយកមេរៀនអ្វី? បើអ្នកបានត្រូវគេធ្វើបាប សូមកុំក្ដៅក្រហាយចិត្តទាស់នឹងព្រះយេហូវ៉ា ឬឆ្ងល់ថាតើលោកបានបោះបង់ចោលអ្នកឬយ៉ាងណា។ ផ្ទុយទៅវិញ សូមរំពឹងគិតអំពីរបៀបដែលលោកកំពុងជួយអ្នកឲ្យស៊ូទ្រាំនឹងបញ្ហានោះ។ បន្ថែមទៅទៀត ពេលអ្នកឯទៀតធ្វើខុសនឹងអ្នក សូមព្យាយាមគ្របបាំងភាពមិនល្អឥតខ្ចោះរបស់ពួកគេដោយសេចក្ដីស្រឡាញ់។—១ពេ. ៤:៨
៥. តើតាមរបៀបណាបងមីខេអាបានដឹងខ្លួនជានិច្ចពេលគាត់មានអារម្មណ៍ថាគាត់បានត្រូវគេប្រព្រឹត្តដោយឥតមេត្តា?
៥ សូមពិចារណាបទពិសោធន៍របស់អ្នកចាស់ទុំម្នាក់នៅសម័យយើងពីទ្វីបអាម៉េរិកខាងត្បូង ដែលមានឈ្មោះមីខេអា។ b គាត់បាននឹកចាំអំពីពេលមួយដែលគាត់មានអារម្មណ៍ថា អ្នកចាស់ទុំខ្លះបានប្រព្រឹត្តដោយឥតមេត្តាមកលើគាត់។ គាត់បាននិយាយថា៖ «ខ្ញុំមិនដែលតានតឹងចិត្តដូចនេះពីមុនទេ។ ខ្ញុំខ្វល់ចិត្ត។ យប់ឡើង ខ្ញុំដេកមិនលក់ ហើយស្រក់ទឹកភ្នែកមិនដឹងថាអាចធ្វើអ្វីទេ»។ ប៉ុន្តែ បងមីខេអាបន្ដដឹងខ្លួនជានិច្ច ហើយខំប្រឹងគ្រប់គ្រងអារម្មណ៍របស់គាត់។ គាត់បានអធិដ្ឋានជាទៀងទាត់សុំព្រះយេហូវ៉ាផ្ដល់ឫទ្ធានុភាពបរិសុទ្ធនិងកម្លាំងដើម្បីឲ្យគាត់ស៊ូទ្រាំ។ គាត់ក៏បានស្រាវជ្រាវព័ត៌មានក្នុងសៀវភៅរបស់យើងដែលអាចជួយគាត់។ តើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់គាត់? បើអ្នកមានអារម្មណ៍ថាបងប្អូនណាម្នាក់ធ្វើខុសនឹងអ្នក សូមរក្សាចិត្តស្ងប់និងព្យាយាមគ្រប់គ្រងគំនិតអវិជ្ជមានដែលអ្នកប្រហែលជាមាន។ អ្នកប្រហែលជាមិនដឹងអំពីស្ថានភាពដែលបាននាំឲ្យបងប្អូននោះនិយាយឬប្រព្រឹត្តដូចនេះទេ។ ដូច្នេះ សូមអធិដ្ឋានទៅព្រះយេហូវ៉ាដើម្បីឲ្យលោកជួយអ្នកមើលបញ្ហានោះតាមទស្សនៈរបស់បងប្អូននោះ។ ការធ្វើដូច្នេះ ប្រហែលជានឹងជួយអ្នកឲ្យគិតថាបងប្អូននោះគ្មានបំណងធ្វើអាក្រក់មកលើអ្នក ហើយជួយអ្នកឲ្យអភ័យទោសឲ្យគាត់ដែរ។ (សុភ. ១៩:១១) សូមចាំថាព្រះយេហូវ៉ាស្គាល់ស្ថានភាពរបស់អ្នក ហើយលោកនឹងផ្ដល់កម្លាំងដែលអ្នកត្រូវការដើម្បីស៊ូទ្រាំ។—២ប្រ. ១៦:៩; អទ. ៥:៨
ពេលយើងទទួលការប្រៀនប្រដៅ
៦. ហេតុអ្វីគឺសំខាន់ឲ្យយើងយល់ថាការប្រៀនប្រដៅរបស់ព្រះយេហូវ៉ាជារបៀបដែលលោកបង្ហាញសេចក្ដីស្រឡាញ់? (ហេប្រឺ ១២:៥, ៦, ១១)
៦ ការប្រៀនប្រដៅអាចនាំឲ្យយើងឈឺចិត្ត។ ប៉ុន្តែ បើយើងផ្ដោតអារម្មណ៍តែលើការឈឺចិត្តប៉ុណ្ណោះ យើងប្រហែល ជាចាប់ផ្ដើមមើលស្រាលការប្រៀនប្រដៅនោះ ដោយគិតថាវាមិនជាប់ទាក់ទងនឹងយើង ឬថាការប្រៀនប្រដៅនោះគឺសាហាវពេក។ ជាលទ្ធផល យើងប្រហែលជាបាត់បង់អ្វីពិសេសមួយ គឺយើងមិនយល់ថាការប្រៀនប្រដៅនោះជារបៀបដែលព្រះយេហូវ៉ាបង្ហាញសេចក្ដីស្រឡាញ់ចំពោះយើង។ (សូមអាន ហេប្រឺ ១២:៥, ៦, ១១) បើយើងអនុញ្ញាតឲ្យអារម្មណ៍របស់យើងកាន់កាប់លើយើង យើងឲ្យឱកាសសាថានយកអារម្មណ៍យើងធ្វើជាអន្ទាក់។ វាចង់ឲ្យយើងបដិសេធមិនព្រមទទួលយកការប្រៀនប្រដៅនោះ ហើយអាក្រក់ជាងនេះទៅទៀត វាចង់ឲ្យយើងរសាត់ចេញពីព្រះយេហូវ៉ានិងក្រុមជំនុំ។ ដូច្នេះ បើអ្នកទទួលការប្រៀនប្រដៅ តើតាមរបៀបណាអ្នកអាចដឹងខ្លួនជានិច្ច?
៧. (ក) ដូចឃើញក្នុងរូបភាព តើព្រះយេហូវ៉ាបានប្រើពេត្រុសយ៉ាងដូចម្ដេចក្រោយពីគាត់បានទទួលការប្រៀនប្រដៅ? (ខ) តើយើងរៀនអ្វីពីគំរូរបស់ពេត្រុស?
៧ ចូរទទួលយកការប្រៀនប្រដៅនិងធ្វើការកែប្រែដែលចាំបាច់។ លោកយេស៊ូធ្លាប់កែតម្រង់ពេត្រុសនៅមុខសាវ័កឯទៀត។ (ម៉ាក. ៨:៣៣; លូក. ២២:៣១-៣៤) នេះច្បាស់ជាធ្វើឲ្យពេត្រុសខ្មាសគេ! ទោះជាយ៉ាងនេះក្ដី ពេត្រុសបានរក្សាចិត្តស្មោះត្រង់ចំពោះលោកយេស៊ូជានិច្ច។ គាត់ព្រមទទួលការប្រៀនប្រដៅ ហើយរៀនពីកំហុសរបស់គាត់។ ជាលទ្ធផល ព្រះយេហូវ៉ាបានឲ្យពរគាត់ចំពោះចិត្តស្មោះត្រង់របស់គាត់ ហើយបានឲ្យគាត់មានភារកិច្ចដ៏សំខាន់ក្នុងក្រុមជំនុំ។ (យ៉ូន. ២១:១៥-១៧; សកម្ម. ១០:២៤-៣៣; ១ពេ. ១:១) តើយើងអាចរៀនអ្វីពីគំរូរបស់ពេត្រុស? យើងទទួលប្រយោជន៍ ហើយអ្នកឯទៀតក៏ទទួលប្រយោជន៍ដែរ ពេលយើងមិនផ្ដោតអារម្មណ៍ទៅលើការអាម៉ាស់មុខរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញយើងទទួលយកការកែតម្រង់និងធ្វើការកែប្រែដែលចាំបាច់។ ពេលយើងធ្វើដូច្នេះ យើងកាន់តែមានប្រយោជន៍ចំពោះព្រះយេហូវ៉ានិងបងប្អូនរបស់យើង។
៨-៩. ក្រោយទទួលការប្រៀនប្រដៅ តើដំបូងបងបឺណាដូមានអារម្មណ៍យ៉ាងណា ប៉ុន្តែតើអ្វីបានជួយគាត់ឲ្យកែប្រែទស្សនៈរបស់គាត់?
៨ សូមពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះបងប្រុសម្នាក់ឈ្មោះបឺណាដូ នៅប្រទេសម៉ូសំប៊ិក។ គាត់បានបាត់បង់ឯកសិទ្ធិជាអ្នកចាស់ទុំ។ នៅដំបូង តើបងបឺណាដូមានអារម្មណ៍បែបណា? គាត់និយាយថា៖ «ខ្ញុំក្ដៅចិត្តដោយសារខ្ញុំមិនចូលចិត្តការប្រដៅដែលខ្ញុំបានទទួលនោះទេ»។ គាត់ព្រួយបារម្ភថាអ្នកឯទៀតនឹងគិតមិនល្អមកលើគាត់។ គាត់សារភាពថា៖ «ខ្ញុំត្រូវការពេលប៉ុន្មានខែដើម្បីមានទស្សនៈត្រឹមត្រូវចំពោះស្ថានភាពនោះ ហើយទុកចិត្តព្រះយេហូវ៉ានិងអង្គការលោកម្ដងទៀត»។ តើអ្វីបានជួយបងបឺណាដូឲ្យមានទស្សនៈត្រឹមត្រូវ?
៩ បងបឺណាដូបានកែប្រែរបៀបគិតគូររបស់គាត់។ គាត់ ពន្យល់ថា៖ «ពេលខ្ញុំនៅជាអ្នកចាស់ទុំ ខ្ញុំធ្លាប់ប្រើហេប្រឺ ១២:៧ដើម្បីជួយអ្នកឯទៀតឲ្យមានទស្សនៈត្រឹមត្រូវចំពោះការប្រៀនប្រដៅពីព្រះយេហូវ៉ា។ ឥឡូវខ្ញុំសួរខ្លួនឯងថា ‹តើអ្នកណាខ្លះត្រូវធ្វើតាមខគម្ពីរនេះ?› គឺអ្នកបម្រើទាំងអស់របស់ព្រះ រួមទាំងខ្ញុំដែរ»។ ក្រោយមក បងបឺណាដូក៏បានធ្វើអ្វីផ្សេងទៀតដើម្បីមានទំនុកចិត្តឡើងវិញទៅលើព្រះយេហូវ៉ានិងអង្គការលោក។ គាត់អានគម្ពីរកាន់តែច្រើន និងចំណាយពេលច្រើនជាងក្នុងការរំពឹងគិតអំពីអ្វីដែលគាត់អាន។ គាត់នៅតែបារម្ភអំពីទស្សនៈរបស់បងប្អូនចំពោះគាត់ ប៉ុន្តែគាត់ទៅផ្សព្វផ្សាយជាមួយពួកគេនិងឆ្លើយនៅកិច្ចប្រជុំ។ ក្រោយមក បងបឺណាដូបានត្រូវតែងតាំងឲ្យធ្វើជាអ្នកចាស់ទុំម្ដងទៀត។ ដូចបងបឺណាដូ បើអ្នកបានទទួលការប្រៀនប្រដៅ សូមព្យាយាមកុំគិតច្រើនពេកអំពីភាពអាម៉ាស់របស់ខ្លួន តែសូមទទួលយកការប្រៀនប្រដៅនោះនិងធ្វើការកែប្រែដែលចាំបាច់។ (សុភ. ៨:៣៣; ២២:៤) បើអ្នកធ្វើដូច្នេះ អ្នកអាចប្រាកដថាព្រះយេហូវ៉ានឹងឲ្យពរអ្នកដោយសារអ្នកនៅជាប់យ៉ាងស្មោះត្រង់នឹងលោកនិងអង្គការលោក។
ពេលយើងពិបាកធ្វើតាមការផ្លាស់ប្ដូរពីអង្គការ
១០. តើការផ្លាស់ប្ដូរអ្វីប្រហែលជាល្បងលភក្ដីភាពរបស់បុរសជនជាតិអ៊ីស្រាអែលខ្លះ?
១០ ការផ្លាស់ប្ដូរពីអង្គការអាចល្បងលភក្ដីភាពរបស់យើង។ បើយើងមិនប្រយ័ត្នទេ យើងថែមទាំងអាចអនុញ្ញាតឲ្យអ្វីទាំងនេះធ្វើឲ្យយើងឃ្លាតចេញពីព្រះយេហូវ៉ា។ ជាឧទាហរណ៍ សូមគិតអំពីការផ្លាស់ប្ដូរក្នុងអង្គការព្រះដែលបានកើតឡើងចំពោះជនជាតិអ៊ីស្រាអែល។ មុនមានច្បាប់ម៉ូសេ ប្រមុខគ្រួសារបំពេញភារកិច្ចរបស់សង្ឃ។ ពួកគេសង់ទីបូជា និងជូនគ្រឿងបូជាទៅព្រះយេហូវ៉ាតំណាងក្រុមគ្រួសាររបស់ពួកគេ។ (ដក. ៨:២០, ២១; ១២:៧; ២៦:២៥; ៣៥:១, ៦, ៧; យ៉ូប ១:៥) ប៉ុន្តែ ពេលមានច្បាប់ម៉ូសេ ប្រមុខគ្រួសារលែងអាចធ្វើដូច្នេះទៀត។ ព្រះយេហូវ៉ាបានតែងតាំងពួកសង្ឃពីក្រុមគ្រួសាររបស់អេរ៉ុនឲ្យជូនគ្រឿងបូជា។ ចាប់តាំងពីពេលនោះ បើប្រមុខគ្រួសារណាដែលមិនមែនជាកូនចៅរបស់អេរ៉ុនប្រព្រឹត្តដូចជាសង្ឃ ពួកគេអាចនឹងត្រូវស្លាប់។ c (ចល. ១៧:៣-៦, ៨, ៩) តើការផ្លាស់ប្ដូរនេះប្រហែលជាមូលហេតុមួយដែលកូរ៉ា ដាថាន អាបាយរ៉ាម និងមេដឹកនាំ២៥០នាក់បានបះបោរប្រឆាំងម៉ូសេនិងអេរ៉ុនឬ? (ជប. ១៦:១-៣) យើងមិនអាចនិយាយយ៉ាងច្បាស់បានឡើយ។ ទោះជាមានមូលហេតុអ្វីក៏ដោយ កូរ៉ានិងគ្នីគ្នារបស់គាត់មិនបានរក្សាចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ាទេ។ បើការផ្លាស់ប្ដូររបស់អង្គការល្បងលភក្ដីភាពរបស់អ្នក តើអ្នកអាចធ្វើអ្វី?
១១. តើយើងរៀនអ្វីពីគំរូរបស់ពួកលេវីខ្លះដែលជាកូនចៅរបស់កូហាត?
១១ ចូរគាំទ្រទាំងស្រុងចំពោះការផ្លាស់ប្ដូររបស់អង្គការព្រះ។ ក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលធ្វើដំណើរនៅតំបន់ស្ងាត់ជ្រងំ ពួកវង្សត្រកូលកូហាតមានភារកិច្ចដ៏ពិសេសណាស់។ រាល់ដងដែលជនជាតិអ៊ីស្រាអែលរើជំរំ កូនចៅខ្លះរបស់កូហាតបានសែងហឹបនៃកិច្ចព្រមព្រៀងនៅមុខបណ្ដាជនទាំងអស់។ (ជប. ៣:២៩, ៣១; ១០:៣៣; យ៉ូស. ៣:២-៤) នេះពិតជាឯកសិទ្ធិណាស់! ប៉ុន្តែ នេះបានផ្លាស់ប្ដូរពេលជនជាតិអ៊ីស្រាអែលបានចូលស្រុកដែលព្រះបានសន្យា។ ហឹបនោះលែងត្រូវរើទៅកន្លែងផ្សេងៗជាញឹកញាប់ទៀតហើយ។ ដូច្នេះ នៅសម័យស្ដេចសាឡូម៉ូន កូនចៅកូហាតបានត្រូវចាត់ឲ្យធ្វើជាអ្នកចម្រៀង អ្នកខ្លះជាអ្នកយាមទ្វារ ហើយខ្លះទៀតធ្វើជាអ្នកមើលថែឃ្លាំង។ (១ប្រ. ៦:៣១-៣៣; ២៦:១, ២៤) គ្មានកំណត់ហេតុណាដែលបញ្ជាក់ថាកូនចៅកូហាតបានត្អូញត្អែរឬទាមទារតួនាទីពិសេសជាង ដោយសារពួកគេធ្លាប់មានឯកសិទ្ធិដ៏ពិសេសពីមុនឡើយ។ តើយើងអាចទាញយកមេរៀនអ្វី? ចូរគាំទ្រយ៉ាងអស់ពីចិត្តចំពោះការផ្លាស់ប្ដូររបស់អង្គការព្រះយេហូវ៉ា មិនថាការផ្លាស់ប្ដូរនោះមានឥទ្ធិពលលើភារកិច្ចរបស់អ្នកក្ដី។ ចូរមានអំណរទោះជាអ្នកមានភារកិច្ចណាក៏ដោយ។ សូមចាំថាភារកិច្ចរបស់អ្នក មិនមែនធ្វើឲ្យអ្នកមានតម្លៃចំពោះព្រះយេហូវ៉ាទេ។ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះការស្ដាប់បង្គាប់របស់អ្នកខ្លាំងជាងភារកិច្ចណាក៏ដោយដែលអ្នកមាន។—១សាំ. ១៥:២២
១២. តើបងសាអ៊ីណាមានអារម្មណ៍យ៉ាងណាពេលគាត់លែងបម្រើនៅបេតអែល?
១២ សូមពិចារណាគំរូរបស់បងស្រីម្នាក់ឈ្មោះសាអ៊ីណានៅមជ្ឈិមបូព៌ាប្រទេសដែលបានត្រូវផ្លាស់ប្ដូរភារកិច្ច និងបាត់បង់ឯកសិទ្ធិដែលគាត់ឲ្យតម្លៃ។ គាត់បានត្រូវចាត់ឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសក្រោយពីបម្រើនៅបេតអែលជាង២៣ឆ្នាំ។ គាត់និយាយថា៖ «ការផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។ ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានប្រយោជន៍ ហើយចេះតែសួរខ្លួនឯងថា ‹តើខ្ញុំបានធ្វើអីខុស?›»។ គួរឲ្យស្ដាយ អ្នកខ្លះនៅក្នុងក្រុមជំនុំបានធ្វើឲ្យគាត់កាន់តែឈឺចិត្តដោយនិយាយប្រាប់គាត់ថា៖ «បើបងល្អគ្រប់គ្រាន់ក្នុងកិច្ចបម្រើបេតអែល អង្គការឲ្យបងបន្តនៅទីនោះហើយ»។ អស់មួយរយៈពេល បងសាអ៊ីណាបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងបានជាគាត់យំជារៀងរាល់យប់។ ប៉ុន្តែ គាត់និយាយថា៖ «ខ្ញុំមិនដែលសង្ស័យអង្គការរបស់ព្រះយេហូវ៉ា ឬឆ្ងល់ថាព្រះយេហូវ៉ាស្រឡាញ់ខ្ញុំឬអត់ទេ»។ តើអ្វីបានជួយបងសាអ៊ីណាឲ្យបន្ដដឹងខ្លួនជានិច្ច?
១៣. តើបងសាអ៊ីណាបានធ្វើអ្វីដើម្បីយកឈ្នះអារម្មណ៍អវិជ្ជមាន?
១៣ បងសាអ៊ីណាបានយកឈ្នះអារម្មណ៍អវិជ្ជមានរបស់គាត់។ តើតាមរបៀបណា? គាត់បានអានអត្ថបទផ្សេងៗក្នុងសៀវភៅរបស់យើងដែលបានជួយគាត់ឲ្យស៊ូទ្រាំ។ ជាឧទាហរណ៍ គាត់បានរកឃើញអត្ថបទមួយដែលពន្យល់ថាម៉ាកុសដែលជាអ្នកសរសេរគម្ពីរប្រហែលជាបានតយុទ្ធនឹងអារម្មណ៍ស្រដៀងគ្នាពេលភារកិច្ចរបស់គាត់បានផ្លាស់ប្ដូរ។ បងសាអ៊ីណានឹកចាំថា៖ «គំរូរបស់ម៉ាកុសប្រៀបដូចជាថ្នាំផ្សះដែលជួយខ្ញុំឲ្យយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្ត»។ បងសាអ៊ីណាក៏បន្ដនៅជិតស្និទ្ធនឹងមិត្តភក្ដិរបស់គាត់។ គាត់មិនញែកខ្លួនចេញពីអ្នកឯទៀត ហើយមិនមានអារម្មណ៍អាណិតខ្លួនឯងទេ។ គាត់បានទទួលស្គាល់ថាឫទ្ធានុភាពបរិសុទ្ធរបស់ព្រះណែនាំការសម្រេចចិត្តរបស់អង្គការព្រះយេហូវ៉ា ហើយថាបងប្អូនប្រុសៗដែលនាំមុខយកចិត្តទុកដាក់ចំពោះគាត់យ៉ាងខ្លាំង។ ប៉ុន្តែគាត់ក៏ទទួលស្គាល់ថាអ្វីដ៏សំខាន់បំផុតចំពោះអង្គការព្រះយេហូវ៉ាគឺការសម្រេចកិច្ចការរបស់លោក។
១៤. តើបងវឡាដូពិបាកសម្របខ្លួនតាមការផ្លាស់ប្ដូរអ្វីពីអង្គការ ហើយតើអ្វីបានជួយគាត់?
១៤ អ្នកចាស់ទុំម្នាក់ឈ្មោះវឡាដូដែលមានអាយុ៧៣ឆ្នាំនៅប្រទេសស្លូវេនី មានការពិបាកពេលក្រុមជំនុំរបស់គាត់បានត្រូវបញ្ចូលជាមួយក្រុមជំនុំមួយទៀត ហើយសាលប្រជុំដែលគាត់ធ្លាប់ចូលរួមបានត្រូវបិទ។ គាត់និយាយថា៖ «ខ្ញុំមិនយល់ទេ ហេតុអ្វីសាលប្រជុំស្អាតត្រូវបិទទ្វារ។ ខ្ញុំឈឺចិត្តដោយសារយើងទើបតែកែលម្អសាលនោះថ្មីៗនេះ។ ខ្ញុំជាជាងឈើ ហើយខ្ញុំបានធ្វើគ្រឿងសង្ហារិមថ្មីខ្លះដាក់នៅទីនោះ។ ណាមួយទៀត ការបញ្ចូលក្រុមជំនុំចូលគ្នាគឺតម្រូវឲ្យមានការផ្លាស់ប្ដូរជាច្រើនដែលពិបាកសម្រាប់យើងដែលជាអ្នកផ្សាយវ័យ ចាស់»។ ប៉ុន្តែ តើអ្វីបានជួយបងវឡាដូឲ្យគាំទ្រការណែនាំនេះ? គាត់ពន្យល់ថា៖ «ការសម្របខ្លួននឹងការផ្លាស់ប្ដូររបស់អង្គការព្រះយេហូវ៉ាតែងតែនាំឲ្យមានពរ។ ការផ្លាស់ប្ដូរទាំងនេះជួយយើងឲ្យត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូរធំជាងនៅថ្ងៃអនាគត»។ តើអ្នកពិបាកដោយសារការផ្លាស់ប្ដូរដែលមកពីការបញ្ចូលក្រុមជំនុំឬការផ្លាស់ប្ដូរភារកិច្ចឬទេ? បើដូច្នេះ សូមដឹងប្រាកដថាព្រះយេហូវ៉ាយល់អារម្មណ៍របស់អ្នក។ ពេលអ្នកគាំទ្រការផ្លាស់ប្ដូរបែបនេះ ហើយនៅជាប់យ៉ាងស្មោះត្រង់នឹងព្រះយេហូវ៉ានិងអង្គការដែលលោកកំពុងប្រើ អ្នកប្រាកដជានឹងទទួលពរ។—ចសព. ១៨:២៥
ចូរដឹងខ្លួនជានិច្ចក្នុងគ្រប់ការទាំងអស់
១៥. តើយើងអាចដឹងខ្លួនជានិច្ចយ៉ាងដូចម្ដេចពេលយើងជួបការពិបាកផ្សេងៗពីខាងក្នុងក្រុមជំនុំ?
១៥ កាលដែលយើងចូលកាន់តែជិតដល់ទីបញ្ចប់នៃរបៀបរបបពិភពលោកនេះ យើងអាចរំពឹងថាយើងនឹងជួបការពិបាកផ្សេងៗដែលមកពីខាងក្នុងក្រុមជំនុំ។ ការពិបាកទាំងនោះអាចសាកល្បងភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា។ ដូច្នេះយើងត្រូវដឹងខ្លួនជានិច្ច។ បើអ្នកមានអារម្មណ៍ថាបងប្អូនរួមជំនឿធ្វើខុសនឹងអ្នក សូមគ្រប់គ្រងអារម្មណ៍ដើម្បីកុំឲ្យក្ដៅចិត្ត។ បើអ្នកទទួលការប្រៀនប្រដៅ សូមកុំផ្ដោតអារម្មណ៍ទៅលើការអៀនខ្មាស តែចូរទទួលយកយោបល់ ហើយធ្វើការកែប្រែដែលចាំបាច់។ ម្យ៉ាងទៀត ពេលអង្គការព្រះយេហូវ៉ាធ្វើការផ្លាស់ប្ដូរដែលមានឥទ្ធិពលមកលើអ្នកផ្ទាល់ សូមទទួលយកការផ្លាស់ប្ដូរទាំងនោះយ៉ាងអស់ពីចិត្ត ហើយធ្វើតាមការណែនាំ។
១៦. តើអ្នកអាចរក្សាទំនុកចិត្តរបស់អ្នកទៅលើព្រះយេហូវ៉ានិងអង្គការលោកយ៉ាងដូចម្ដេច?
១៦ ពេលភក្ដីភាពរបស់អ្នកបានត្រូវល្បងល អ្នកអាចរក្សាទំនុកចិត្តទៅលើព្រះយេហូវ៉ានិងអង្គការរបស់លោកបាន។ ប៉ុន្តែដើម្បីធ្វើដូច្នេះ អ្នកត្រូវដឹងខ្លួនជានិច្ចក្នុងន័យថារក្សាចិត្តស្ងប់ គិតឲ្យបានច្បាស់លាស់ និងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ។ សូមតាំងចិត្តសិក្សាអំពីបុគ្គលក្នុងគម្ពីរដែលបានយកឈ្នះបញ្ហាដែលស្រដៀងនឹងអ្នក ហើយរំពឹងគិតអំពីគំរូរបស់ពួកគេ។ សូមអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា។ សូមកុំញែកខ្លួនចេញពីក្រុមជំនុំ។ យ៉ាងនេះ មិនថាមានរឿងអ្វីកើតឡើងក្ដី សាថាននឹងមិនអាចធ្វើឲ្យអ្នកឃ្លាតចេញពីព្រះយេហូវ៉ាឬអង្គការរបស់លោកឡើយ។—យ៉ា. ៤:៧
ចម្រៀងលេខ១២៦ ត្រូវដឹងខ្លួន រឹងមាំ ហើយខ្លាំងក្លា
a ភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ានិងអង្គការរបស់លោកអាចត្រូវសាកល្បង ជាពិសេសពេលយើងជួបការពិបាកពីខាងក្នុងក្រុមជំនុំ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាការពិបាកបីនិងអ្វីដែលយើងអាចធ្វើដើម្បីរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ានិងអង្គការលោក។
b ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។