លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​ម៉ាដេកាយ​ជា​បុគ្គល​ពិត​ឬ​ទេ?

ជន​ជាតិ​យូដា​ម្នាក់​ឈ្មោះ​ម៉ាដេកាយ​មាន​តួ​នាទី​សំខាន់​ក្នុង​ព្រឹត្តិការណ៍​នៃ​សៀវភៅ​អេសធើរ​ក្នុង​គម្ពីរ។ គាត់​ជា​និរទេស​ជន​ជន​ជាតិ​យូដា​ដែល​បាន​ធ្វើ​ការ​នៅ​វិមាន​របស់​ស្ដេច​ស្រុក​ពើស៊ី។ នេះ​គឺ​មិន​យូរ​ក្រោយ​ពី​ឆ្នាំ​៥០០ មុន​គ.ស. ​«​នៅ​គ្រា​ដែល​ស្ដេច​អាហាស៊ូរុស​គ្រង​រាជ្យ​»​(​ស្ដេច​នោះ​បាន​ត្រូវ​គេ​ស្គាល់​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ​ថា​ស៊ើកសេស​ទី​១​)។ ម៉ាដេកាយ​បាន​រា​រាំង​គម្រោង​ការ​សម្លាប់​ស្ដេច​នោះ។ ស្ដេច​នោះ​ដឹង​គុណ​ម៉ាដេកាយ​ដូច្នេះ​បាន​រៀបចំ​ឲ្យ​គាត់​ទទួល​កិត្តិយស​នៅ​សាធារណៈ។ ក្រោយ​មក ពេល​ហាម៉ាន​ដែល​ជា​សត្រូវ​របស់​ម៉ាដេកាយ​និង​របស់​ជន​ជាតិ​យូដា​បាន​ស្លាប់ ស្ដេច​បាន​តែង​តាំង​ម៉ាដេកាយ​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។ ឋានៈ​នេះ​បាន​អនុញ្ញាត​ឲ្យ​ម៉ាដេកាយ​ចេញ​បង្គាប់​មួយ​ដែល​សង្គ្រោះ​ជន​ជាតិ​យូដា​នៅ​ចក្រភព​ពើស៊ី​ពី​ការ​ប្រល័យ​ពូជ​សាសន៍។—អេធ. ១:១; ២:៥, ២១​-​២៣; ៨:១, ២; ៩:១៦

ប្រវត្តិ​វិទូ​ខ្លះ​នៅ​ដើម​សតវត្សរ៍​ទី​២០​បាន​អះអាង​ថា សៀវភៅ​អេសធើរ​គឺ​ជា​រឿង​ប្រឌិត ហើយ​ថា​ម៉ាដេកាយ​មិន​មែន​ជា​បុគ្គល​ពិត​ទេ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៤១ បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​អ្វី​ដែល​គេ​គិត​ថា​ជា​ទី​សំអាង​ដែល​គាំទ្រ​ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​ម៉ាដេកាយ។ តើ​ពួក​គេ​បាន​រក​ឃើញ​អ្វី?

អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​អក្សរ​ខូនីហ្វម​ពើស៊ី​ដែល​រៀប​រាប់​អំពី​បុរស​ម្នាក់​ឈ្មោះ​ម៉ាឌូកា​(​ភាសា​ខ្មែរ​ហៅ​ថា​ម៉ាដេកាយ​)។ គាត់​បាន​ធ្វើ​ជា​អ្នក​ចាត់​ចែង ប្រហែល​ជា​ខាង​គណនេយ្យ ក្នុង​ក្រុង​ស៊ូសាន។ នៅ​ពេល​ដែល​ឯកសារ​នេះ​បាន​ត្រូវ​រក​ឃើញ អាថឺ អិនខ្នត​ដែល​ជា​អ្នក​ជំនាញ​ខាង​ប្រវត្តិសាស្ត្រ​នៅ​តំបន់​នោះ​បាន​សរសេរ​ថា ​«​នេះ​គឺ​ជា​លើក​ទី​១​ដែល​ម៉ាដេកាយ​បាន​ត្រូវ​រៀប​រាប់​ក្នុង​ឯកសារ​មួយ​ដែល​មិន​មែន​ជា​ផ្នែក​នៃ​គម្ពីរ​»។

តាំង​ពី​ការ​រៀប​រាប់​របស់​អាថឺ អិនខ្នត បណ្ឌិត​ផ្សេង​ៗ​បាន​បក​ប្រែ​ឯកសារ​ខូនីហ្វម​ពើស៊ី​រាប់​ពាន់​ទៀត។ ក្នុង​ចំណោម​ឯកសារ​ទាំង​នោះ មាន​ផ្ទាំង​ថ្ម​ពី​ក្រុង​ពើស៊ិពើលិស ដែល​គេ​បាន​រក​ឃើញ​ក្នុង​សំណង់​បាក់​បែក​នៃ​ឃ្លាំង​ទ្រព្យ​ដែល​នៅ​ជិត​កំពែង​ក្រុង។ ផ្ទាំង​ថ្ម​ទាំង​នោះ​មាន​អាយុ​កាល​តាំង​ពី​ការ​គ្រប់​គ្រង​របស់​ស៊ើកសេស​ទី១។ ផ្ទាំង​ថ្ម​ទាំង​នោះ​ជា​ភាសា​អេឡាំ ហើយ​មាន​ឈ្មោះ​ជា​ច្រើន​ដែល​មាន​ក្នុង​សៀវភៅ​អេសធើរ។ a

ឈ្មោះ​ម៉ាដេកាយ​(​ម៉ាឌូកា​)​ជា​អក្សរ​ខូនីហ្វម​ពើស៊ី

ផ្ទាំង​ថ្ម​មួយ​ចំនួន​ពី​ក្រុង​ពើស៊ិពើលិស មាន​ឈ្មោះ​ម៉ាឌូកា ដែល​បម្រើ​ជា​លេខាធិការ​ឲ្យ​ស្ដេច​នៅ​វិមាន​ក្រុង​ស៊ូសាន ក្នុង​អំឡុង​ការ​គ្រប់​គ្រង​របស់​ស៊ើកសេស​ទី​១។ នៅ​លើ​ផ្ទាំង​ថ្ម​មួយ មាន​អក្សរ​ដែល​រៀប​រាប់​ថា​ម៉ាឌូកា​ជា​អ្នក​បក​ប្រែ។ ព័ត៌មាន​នេះ​ស៊ី​គ្នា​នឹង​ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​ម៉ាដេកាយ។ គាត់​ជា​មន្ត្រី​ដែល​បម្រើ​នៅ​វិមាន​ស្ដេច​អាហាស៊ូរុស​(​ស៊ើកសេស​ទី​១​) ហើយ​ដែល​ចេះ​និយាយ​យ៉ាង​ហោច​ណាស់​ពីរ​ភាសា។ ម៉ាដេកាយ​ច្រើន​តែ​អង្គុយ​នៅ​មុខ​ខ្លោង​ទ្វារ​វិមាន​ស្ដេច​នា​ក្រុង​ស៊ូសាន។ (​អេធ. ២:១៩, ២១; ៣:៣​) ខ្លោង​ទ្វារ​នោះ​ជា​អគារ​ដ៏​ធំ​ស្កឹមស្កៃ ហើយ​ជា​កន្លែង​ធ្វើ​ការ​របស់​ពួក​មន្ត្រី​វិមាន។

មាន​ភាព​ស្រដៀង​គ្នា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​រវាង​ម៉ាឌូកា ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​លើ​ផ្ទាំង​ថ្ម​ទាំង​នោះ និង​ម៉ាដេកាយ​ដែល​មាន​ក្នុង​គម្ពីរ។ ពួក​គាត់​រស់​នៅ​គ្រា​ដូច​គ្នា និង​កន្លែង​ដូច​គ្នា ហើយ​បម្រើ​ជា​មន្ត្រី​នៅ​កន្លែង​ដូច​គ្នា។ ភាព​ស្រដៀង​គ្នា​ទាំង​នេះ​មើល​ទៅ​បង្ហាញ​ថា​ម៉ាឌូកា​និង​ម៉ាដេកាយ​គឺ​ជា​បុគ្គល​តែ​មួយ។

a នៅ​ឆ្នាំ​១៩៩២ សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ​អេដវីន យ៉ាម៉ាអ៊ូជី​បាន​សរសេរ​អត្ថបទ​មួយ​ដែល​មាន​ឈ្មោះ​១០​ពី​ឯកសារ​ក្រុង​ពើស៊ិពើលិស។ ឈ្មោះ​ទាំង​នោះ​ក៏​មាន​ក្នុង​សៀវភៅ​អេសធើរ​ដែរ។