លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៥

របៀបព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង

របៀបព្រះយេហូវ៉ាជួយយើងឲ្យបំពេញកិច្ចបម្រើផ្សាយរបស់យើង

​«​ពួក​គេ​នឹង​ដឹង​ច្បាស់​ថា​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​»។—អេគ. ២:៥

ចម្រៀង​លេខ​៦៧ ​«​ចូរ​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​

សេចក្ដី​សង្ខេប a

១. តើ​យើង​អាច​រំពឹង​អ្វី ហើយ​តើ​យើង​អាច​ជឿ​ជាក់​យ៉ាង​ណា?

 យើង​អាច​រំពឹង​ថា​យើង​នឹង​ទទួល​ការ​ប្រឆាំង​ពេល​យើង​ផ្សព្វ​ផ្សាយ។ ការ​ប្រឆាំង​នោះ​ទំនង​ជា​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​នៅ​ថ្ងៃ​អនាគត។ (​ដាន. ១១:៤៤; ២ធី. ៣:១២; បប. ១៦:២១​) ប៉ុន្តែ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ជំនួយ​ដែល​យើង​ត្រូវ​ការ។ ហេតុ​អ្វី? ពីព្រោះ​លោក​តែង​តែ​បាន​ជួយ​អ្នក​បម្រើ​លោក​ឲ្យ​សម្រេច​ភារកិច្ច​របស់​ពួក​គេ មិន​ថា​ភារកិច្ច​នោះ​ពិបាក​យ៉ាង​ណា​ក៏​ដោយ។ ជា​ឧទាហរណ៍ សូម​យើង​ពិចារណា​អំពី​ព្រឹត្តិការណ៍​ខ្លះ​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​អ្នក​ប្រកាស​ទំនាយ​អេសេគាល ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដល់​និរទេស​ជន​ជន​ជាតិ​យូដា​នៅ​ស្រុក​បាប៊ីឡូន។

២. តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អេសេគាល ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ? (​អេសេគាល ២:៣​-​៦​)

តើ​អេសេគាល​ត្រូវ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​បែប​ណា​ខ្លះ? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​ជា​អ្នក​ដែល​«​មាន​ចិត្ត​មានះ​»​ ​«​ក្បាល​រឹង​»​ និង​«​បះ​បោរ​ប្រឆាំង​»។ ពួក​គេ​ប្រៀប​ដូច​ជា​បន្លា​និង​ខ្យា​ដំរី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ម្ដង​ហើយ​ម្ដង​ទៀត​ថា​៖ ‹ចូរ​កុំ​ខ្លាច​ឡើយ›! (​សូម​អាន អេសេគាល ២:៣​-​៦) អេសេគាល​អាច​បំពេញ​ភារកិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់​ដោយ​សារ (​១​)​ព្រះ​យេហូវ៉ា​ចាត់​គាត់ (​២​)​ឫទ្ធានុភាព​របស់​ព្រះ​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ និង​(​៣​)​បណ្ដាំ​ព្រះ​ពង្រឹង​ជំនឿ​របស់​គាត់។ តើ​អ្វី​ទាំង​បី​នេះ​បាន​ជួយ​អេសេគាល​យ៉ាង​ដូច​ម្ដេច ហើយ​តើ​អ្វី​ទាំង​នេះ​ក៏​អាច​ជួយ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា? យើង​នឹង​ពិចារណា​ព័ត៌មាន​ទាំង​នេះ​នៅ​ក្នុង​អត្ថបទ​នេះ។

ព្រះ​យេហូវ៉ា​បាន​ចាត់​អេសេគាល

៣. តើ​ពាក្យ​អ្វី​ខ្លះ​ច្បាស់​ជា​បាន​ពង្រឹង​កម្លាំង​អេសេគាល ហើយ​តើ​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​គាត់​ទៅ​លើ​ការ​គាំទ្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ខ្ញុំ​ចាត់​អ្នក​»។ (​អេគ. ២:៣, ៤​) ពាក្យ​ទាំង​នេះ​ច្បាស់​ជា​បាន​ពង្រឹង​កម្លាំង​អេសេគាល។ ហេតុ​អ្វី? ពីព្រោះ​គាត់​ទំនង​ជា​ចាំ​ថា​ព្រះ​យេហូវ៉ា​ធ្លាប់​ប្រើ​ពាក្យ​ស្រដៀង​នឹង​នេះ​ពេល​លោក​បាន​តែង​តាំង​ម៉ូសេ​និង​អេសាយ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក។ (​ដច. ៣:១០; អេ. ៦:៨​) អេសេគាល​ក៏ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ប្រកាស​ទំនាយ​ទាំង​ពីរ​នាក់​នេះ​ឲ្យ​យក​ឈ្នះ​ការ​ពិបាក​ផ្សេង​ៗ។ ដូច្នេះ ពេលព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ពីរ​ដង​ថា​៖ ​«​ខ្ញុំ​ចាត់​អ្នក​»​ នេះ​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​មូលហេតុ​ទុក​ចិត្ត​លើ​ការ​គាំទ្រ​ពី​លោក។ ម្យ៉ាង​ទៀត ក្នុង​សៀវភៅ​អេសេគាល យើង​ឃើញ​ពាក្យ​ថា​៖ ​«​ព្រះយេហូវ៉ា​ក៏​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​»​អស់​ជា​ច្រើន​ដង។ (​អេគ. ៣:​១៦​) មួយ​វិញ​ទៀត ពាក្យ​«​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ម្ដង​ទៀត​»​ក៏​មាន​ច្រើន​ដង​ក្នុង​សៀវភៅ​អេសេគាល។ (​អេគ. ៦:១​) អេសេគាល​ច្បាស់​ជា​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​គាត់។ បន្ថែម​ទៅ​ទៀត ដោយ​សារ​ឪពុក​គាត់​ជា​សង្ឃ​ម្នាក់ គាត់​ទំនង​ជា​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ពី​ឪពុក​ថា ព្រះ​យេហូវ៉ា​តែង​តែ​ប្រាប់​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ថា​លោក​នឹង​ជួយ​ពួក​គេ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ៊ីសាក យ៉ាកុប និង​យេរេមា​ថា​៖ ​«​ខ្ញុំ​នៅ​ជា​មួយអ្នក​»។—ដក. ២៦:២៤; ២៨:១៥; យេ. ១:៨

៤. តើ​អេសេគាល​ប្រាកដ​ជា​ទទួល​កម្លាំង​ចិត្ត​ពី​ពាក្យ​សម្រាល​ទុក្ខ​អ្វី?

តើ​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​អេសេគាល? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពូជ​ពង្ស​អ៊ីស្រាអែល . . . នឹង​មិន​ព្រម​ស្ដាប់​អ្នក​ទេ ព្រោះ​ពួក​គេ​មិន​ចង់​ស្ដាប់​ខ្ញុំ​ឡើយ​»។ (​អេគ. ៣:៧​) ដោយ​បដិសេធ​អេសេគាល បណ្ដា​ជន​កំពុង​បដិសេធ​ព្រះ​យេហូវ៉ា។ ប្រសាសន៍​នោះ​របស់​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​ទំនុក​ចិត្ត​អេសេគាល​ថា ការ​បដិសេធ​របស់​បណ្ដា​ជន​មិន​មែន​មាន​ន័យ​ថា​គាត់​ជា​អ្នក​ប្រកាស​ទំនាយ​មិន​ល្អ​ឡើយ។ ព្រះ​យេហូវ៉ា​ក៏​បាន​ពង្រឹង​ទំនុក​ចិត្ត​អេសេគាល​ថា ពេល​ការ​វិនិច្ឆ័យ​ដែល​គាត់​បាន​ប្រកាស​ក្លាយ​ជា​ការ​ពិត បណ្ដា​ជន​នឹង​ដឹង​ថា​«​មាន​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​»។ (​អេគ. ២:៥; ៣៣:៣៣​) ពាក្យ​សម្រាល​ទុក្ខ​ទាំង​នោះ ច្បាស់​ជា​បាន​ផ្ដល់​កម្លាំង​ដែល​អេសេគាល​ត្រូវ​ការ​ដើម្បី​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់។

នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ចាត់​យើង

ដូច​អេសេគាល យើង​ប្រហែល​ជា​ជួប​អ្នក​មិន​ចាប់​អារម្មណ៍ ហើយ​មាន​ការ​ប្រឆាំង ប៉ុន្តែ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​យើង (​សូម​មើល​វគ្គ​៥​-​៦​)

៥. យោង​ទៅ​តាម​អេសាយ ៤៤:៨ តើ​យើង​ទទួល​កម្លាំង​ពី​អ្វី?

ដូច​អេសេគាល យើង​មាន​ចិត្ត​ក្លាហាន​ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ។ លោក​លើក​កិត្តិយស​យើង​ដោយ​ហៅ​យើង​ថា​«​សាក្សី​»​របស់​លោក។ (​អេ. ៤៣:១០​) នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន! ដូច​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ‹ចូរ​កុំ​ខ្លាច​ឡើយ› លោក​ក៏​ប្រាប់​យើង​ថា​៖ ​«​ចូរ​កុំ​ភ័យ​ខ្លាច​ឡើយ​»។ ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​ពួក​អ្នក​ប្រឆាំង? ពីព្រោះ​ព្រះ​យេហូវ៉ា​ចាត់​យើង ហើយ​លោក​គាំទ្រ​យើង ដូច​លោក​បាន​គាំទ្រ​អេសេគាល​ដែរ។—សូម​អាន អេសាយ ៤៤:៨

៦. (​ក​) តើ​ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ជួយ​យើង​យ៉ាង​ណា? (​ខ​) តើ​យើង​ទទួល​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ពី​អ្វី?

ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ជួយ​យើង។ ជា​ឧទាហរណ៍ មុន​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​របស់​ខ្ញុំ​»​ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​អ្នក​ឆ្លង​កាត់​ទឹក ខ្ញុំ​នឹង​នៅ​ជា​មួយ​អ្នក ពេល​អ្នក​ឆ្លង​កាត់​ទន្លេ ទឹក​ក៏​មិន​ជន់​លិច​អ្នក​ដែរ។ ពេល​អ្នក​ដើរ​កាត់​ភ្លើង អ្នក​នឹង​មិន​រលាក​ទេ ហើយ​អណ្ដាត​ភ្លើង​មិន​ឆាប​ឆេះ​អ្នក​ឡើយ​»។ (​អេ. ៤៣:២​) ជួន​កាល ពេល​ដែល​យើង​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង យើង​ជួប​ឧបសគ្គ​ដែល​ប្រៀប​ដូច​ជា​ទឹក​ជំនន់ និង​ជួប​ទុក្ខ​លំបាក​ដែល​ប្រៀប​ដូច​ជា​ភ្លើង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​បន្ដ​ផ្សព្វ​ផ្សាយ។ (​អេ. ៤១:១៣​) ដូច​នៅ​សម័យ​អេសេគាល មនុស្ស​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បដិសេធ​ដំណឹង​ដែល​យើង​ផ្សាយ។ យើង​ចាំ​ថា​ការ​បដិសេធ​របស់​ពួក​គេ​មិន​មាន​ន័យ​ថា​យើង​ជា​សាក្សី​មិន​ល្អ​នោះ​ទេ។ យើង​ទទួល​ការ​សម្រាល​ទុក្ខ​និង​កម្លាំង​ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ដែល​យើង​បន្ដ​ប្រកាស​ដំណឹង​របស់​លោក​យ៉ាង​ស្មោះ​ត្រង់។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ‹បុគ្គល​ម្នាក់​ៗ​នឹង​ទទួល​រង្វាន់​តាម​ការ​ខំប្រឹងរបស់​ពួក​គេ​រៀង​ៗ​ខ្លួន›។ (​១កូ. ៣:៨; ៤:១, ២​) បង​ស្រី​ម្នាក់​ដែល​ជាអ្នក​ត្រួស​ត្រាយ​អស់​រយៈ​ពេល​ជា​យូរ​និយាយ​ថា​៖ ​«​ខ្ញុំ​សប្បាយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ឲ្យ​រង្វាន់​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​»។     

ឫទ្ធានុភាព​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង ដែល​អេសេគាល​ត្រូវ​ការ

អេសេគាល​ឃើញ​ក្នុង​គំនិត​នូវ​រទេះ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌។ នេះ​ពង្រឹង​ការ​ជឿ​ជាក់​របស់​គាត់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​គាត់​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ ​(​សូម​មើល​វគ្គ​៧​)

៧. តើ​អេសេគាល​ច្បាស់​ជា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​គិត​អំពី​អ្វី​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

អេសេគាល​បាន​ឃើញ​ថា​ឫទ្ធានុភាព​របស់​ព្រះ​គឺ​ខ្លាំង​ក្លា​យ៉ាង​ណា។ អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា​ឫទ្ធានុភាព​បរិសុទ្ធ​កំពុង​ជួយ​បណ្ដា​ទេវតា​ដ៏​ខ្លាំង​ក្លា ហើយ​ជំរុញ​កង់​ធំ​ៗ​នៃ​រទេះ​នៅ​ស្ថាន​សួគ៌។ (​អេគ. ១:២០, ២១​) តើ​អេសេគាល​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​បាន​កត់​ទុក​អ្វី​ដែល​បាន​កើត​ឡើង​ថា​៖ ​«​ពេល​ឃើញ​ភ្លាម ខ្ញុំ​ក៏​ក្រាប​មុខ​ចុះ​»។ អេសេគាល​បាន​កោត​ស្ងើច​ជា​ខ្លាំង​បាន​ជា​គាត់​ក្រាប​មុខ​ដល់​ដី។ (​អេគ. ១:២៨​) ក្រោយ​មក ពេល​ដែល​អេសេគាល​គិត​អំពី​អ្វី​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ​ក្នុង​គំនិត​នេះ នោះ​ច្បាស់​ជា​បាន​ពង្រឹង​ការ​ជឿ​ជាក់​របស់​គាត់​ថា ដោយ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ គាត់​អាច​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​បាន។

៨​-​៩. (​ក​) តើ​បង្គាប់​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​អេសេគាល? (​ខ​) តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​ពង្រឹង​កម្លាំង​ថែម​ទៀត​ដល់​អេសេគាល​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ផ្សាយ​ដ៏​ពិបាក?

ព្រះ​យេហូវ៉ា​បាន​បង្គាប់​អេសេគាល​ថា​៖ ​«​កូន​មនុស្ស​អើយ! ចូរ​ក្រោក​ឈរ​ឡើង ខ្ញុំ​ចង់​និយាយ​ជា​មួយ​អ្នក​»។ បង្គាប់​នោះ​និង​ឫទ្ធានុភាព​របស់​ព្រះ​បាន​ឲ្យ​កម្លាំង​ដែល​អេសេគាល​ត្រូវ​ការ​ដើម្បី​ក្រោក​ឈរ​ឡើង។ អេសេគាល​បាន​សរសេរ​ថា​៖ ​«​ឫទ្ធានុភាព​លោក​ក៏​មក​សណ្ឋិត​លើ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ក្រោក​ឈរ​ឡើង​»។ (​អេគ. ២:១, ២​) បន្ទាប់​ពី​នោះ​និង​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ អេសេគាល​បាន​ទទួល​ការ​ណែនាំ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ។ (​អេគ. ៣:២២; ៨:១; ៣៣:២២; ៣៧:១; ៤០:១​) ឫទ្ធានុភាព​របស់​ព្រះ​ពង្រឹង​កម្លាំង​អេសេគាល​ដើម្បី​គាត់​អាច​បំពេញ​ភារកិច្ច​ដែល​គាត់​បាន​ទទួល ពោល​គឺ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​គាត់​ដែល​មាន​«​ចិត្ត​រឹង​ចចេស​និង​ក្បាល​រឹង​ណាស់​»។ (​អេគ. ៣:៧​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ខ្ញុំ​បាន​ធ្វើ​ឲ្យ​មុខ​អ្នក​រឹង​ដូច​ជា​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ថ្ងាស​អ្នក​រឹង​ដូច​ជា​ថ្ងាស​ពួក​គេ​ដែរ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ថ្ងាស​អ្នក​រឹង​ដូច​ជា​គ្រាប់​ពេជ្រ គឺ​រឹង​ជាង​ថ្ម​ទៅ​ទៀត។ កុំ​ខ្លាច​ពួក​គេ​ឡើយ ហើយ​ក៏​កុំ​ភ័យ​តក់​ស្លុត​នឹង​ទឹក​មុខ​ពួក​គេ​ដែរ​»។ (​អេគ. ៣:៨, ៩​) គឺ​ហាក់​ដូច​ជា​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ‹កុំ​ឲ្យ​ការ​រឹង​ចចេស​របស់​មនុស្ស​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ ខ្ញុំ​នឹង​ពង្រឹង​កម្លាំង​អ្នក›។

ក្រោយ​ពី​នោះ ឫទ្ធានុភាព​របស់​ព្រះ​បាន​លើក​អេសេគាល​យក​ទៅ​តំបន់​ផ្សាយ​របស់​គាត់។ អេសេគាល​បាន​សរសេរ​ថា​៖ ​«​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​មក​លើ​ខ្ញុំ​»។ គឺ​ត្រូវ​ការ​ពេល​មួយ​សប្តាហ៍​ឲ្យ​អ្នក​ប្រកាស​ទំនាយ​នេះ​រៀន​និង​យល់​ទាំង​ស្រុង​អំពី​ដំណឹង​ដែល​គាត់​ត្រូវ​ប្រកាស​ផ្សាយ ដើម្បី​គាត់​អាច​ផ្សាយ​ដោយ​មាន​ការ​ជឿ​ជាក់។ (​អេគ. ៣:១៤, ១៥​) ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ទៅ​ជ្រលង​ភ្នំ​មួយ ហើយ​នៅ​ទី​នោះ​‹ឫទ្ធានុភាព​របស់​លោក​មក​សណ្ឋិត​លើ​គាត់›។ (​អេគ. ៣:២៣, ២៤​) ឥឡូវ​អេសេគាល​ប្រុង​ប្រៀប​ចាប់​ផ្ដើម​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។

ឫទ្ធានុភាព​របស់​ព្រះ​ផ្ដល់​កម្លាំង ដែល​យើង​ត្រូវ​ការ​នៅ​សព្វ​ថ្ងៃ​នេះ

ដូច​អេសេគាល តើ​អ្វី​ជួយ​យើង​នៅ សព្វ​ថ្ងៃ​នេះ​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ? (​សូម​មើល​វគ្គ​១០​)

១០. តើ​យើង​ត្រូវ​ការ​ជំនួយ​អ្វី​ដើម្បី​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង ហើយ​ហេតុ​អ្វី?

១០ តើ​យើង​ត្រូវ​ការ​ជំនួយ​អ្វី​ដើម្បី​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង? ដើម្បី​ដឹង​ចម្លើយ សូម​គិត​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​អេសេគាល។ មុន​គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ ឫទ្ធានុភាព​របស់​ព្រះ​បាន​ផ្ដល់​កម្លាំង​ដែល​គាត់​ត្រូវ​ការ។ ដូច​ក្នុង​ករណី​របស់​អេសេគាល នៅ​សព្វ​ថ្ងៃ​នេះ​យើង​អាច​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ ដោយ​សារ​តែ​មាន​ជំនួយ​ពី​ឫទ្ធានុភាព​របស់​ព្រះ។ ហេតុ​អ្វី? ពីព្រោះ​សាថាន​ច្បាំង​នឹង​យើង​ដើម្បី​បញ្ឈប់​សកម្មភាព​ផ្សព្វ​ផ្សាយ​របស់​យើង។ (​បប. ១២:១៧​) មនុស្ស​ជា​ច្រើន​គិត​ថា​សាថាន​គឺ​ខ្លាំង​ក្លា​ដល់​ម្ល៉េះ រហូត​ដល់​យើង​មិន​អាច​ច្បាំង​ឈ្នះ​វា​បាន។ ប៉ុន្តែ តាម​រយៈ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង យើង​យក​ឈ្នះ​វា​បាន! (​បប. ១២:៩​-​១១​) តើ​តាម​របៀប​ណា? ពេល​យើង​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ យើង​បង្ហាញ​ថា​យើង​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​គំរាម​កំហែង​របស់​វា​ឡើយ។ រាល់​ដង​ដែល​យើង​ផ្សព្វ​ផ្សាយ សាថាន​បរាជ័យ។ ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា​ពេល​យើង​ឃើញ​ថា​យើង​អាច​បន្ដ​ផ្សព្វ​ផ្សាយ ទោះ​ជា​មាន​ការ​ប្រឆាំង​ក្ដី? យើង​អាច​ឃើញ​ច្បាស់​ថា​ឫទ្ធានុភាព​របស់​ព្រះ​ផ្ដល់​កម្លាំង​ឲ្យ​យើង ហើយ​ថា​យើង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។—ម៉ាថ. ៥:១០​-​១២; ១ពេ. ៤:១៤

១១. តើ​ឫទ្ធានុភាព​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ចំពោះ​យើង ហើយ​តើ​យើង​អាច​បន្ដ​ទទួល​ឫទ្ធានុភាព​នោះ​តាម​របៀប​ណា?

១១ តើ​យើង​រៀន​អ្វី​ទៀត ពេល​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ដែល​អេសេគាល​ត្រូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ? ឫទ្ធានុភាព​របស់​ព្រះ​អាច​ផ្ដល់​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ការ​ពិបាក​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​២កូ. ៤:៧​-​៩​) ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​បន្ដ​ទទួល​ឫទ្ធានុភាព​របស់​ព្រះ? គឺ​យើង​ត្រូវ​អធិដ្ឋាន​សុំ​ឫទ្ធានុភាព​របស់​លោក​ឥត​ឈប់ ដោយ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។ លោក​យេស៊ូ​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ . . . ចូរ​រក​ឥត​ឈប់ . . . ចូរ​គោះ​ទ្វារ​ឥត​ឈប់​»។ យ៉ាង​នេះ ព្រះ​យេហូវ៉ា​នឹង​«​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​»។—លូក. ១១:៩, ១៣; សកម្ម. ១:១៤; ២:៤

ប្រសាសន៍​របស់​ព្រះ​ពង្រឹង​ជំនឿ​អេសេគាល

១២. យោង​ទៅ​តាម​អេសេគាល ២:៩–៣:៣ តើ​រមូរ​មក​ពី​ណា ហើយ​តើ​មាន​ដំណឹង​អ្វី​ក្នុង​រមូរ​នោះ?

១២ អេសេគាល​បាន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ ពី​ឫទ្ធានុភាព​របស់​ព្រះ។ តែ​គាត់​មិន​គ្រាន់​តែ​ទទួល​ជំនួយ​នេះ​ប៉ុណ្ណោះ​ទេ។ ជំនឿ​របស់​គាត់​ក៏​បាន​ត្រូវ​ពង្រឹង​ដោយ​បណ្ដាំ​របស់​ព្រះ​ផង​ដែរ។ ក្នុង​គំនិត អេសេគាល​បាន​ឃើញ​ដៃ​មួយ​កាន់​រមូរ។ (​សូម​អាន អេសេគាល ២:៩–៣:៣) តើ​រមូរ​នោះ​មក​ពី​ណា? តើ​មាន​ដំណឹង​អ្វី​ក្នុង​រមូរ​នោះ? តើ​វា​ពង្រឹង​ជំនឿ​អេសេគាល​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។ រមូរ​នោះ​មក​ពី​បល្ល័ង្ក​របស់​ព្រះ។ ព្រះ​យេហូវ៉ា​ទំនង​ជា​បាន​ប្រើ​ទេវតា​មួយ​រូប​ក្នុង​ចំណោម​ទេវតា​បួន​រូប​ដែល​អេសេគាល​ធ្លាប់​ឃើញ​ពី​មុន ដើម្បី​ហុច​រមូរ​នោះ​មក​ឲ្យ​គាត់។ (​អេគ. ១:៨; ១០:៧, ២០​) រមូរ​នោះ​មាន​ពាក្យ​របស់​ព្រះ ពោល​គឺ​ដំណឹង​ដ៏​វែង​អំពី​ការ​វិនិច្ឆ័យ​ដែល​អេសេគាល​ត្រូវ​ប្រកាស​ដល់​និរទេស​ជន​ដែល​បះ​បោរ​ប្រឆាំង។ (​អេគ. ២:៧​) ដំណឹង​នោះ​បាន​ត្រូវ​សរសេរ​ទាំង​ខាង​មុខ​ទាំង​ខាង​ក្រោយ​លើ​រមូរ។

១៣. តើ​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ឲ្យ​ធ្វើ​អ្វី​ចំពោះ​រមូរ ហើយ​ហេតុ​អ្វី​រមូរ​នោះ​មាន​រស​ជាតិ​ផ្អែម?

១៣ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ឲ្យ​បរិភោគ​រមូរ​នោះ ហើយ​«​លេប​ចូល​ទៅ​ក្នុង​ពោះ​»។ អេសេគាល​បាន​ស្ដាប់​បង្គាប់ ហើយ​បាន​បរិភោគ​រមូរ​នោះ​អស់។ តើ​អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​មួយ​ផ្នែក​នេះ​មាន​ន័យ​យ៉ាង​ណា? អេសេគាល​ត្រូវ​យល់​ច្បាស់​អំពី​ដំណឹង​ដែល​គាត់​ត្រូវ​ប្រកាស​ផ្សាយ។ គាត់​ត្រូវ​ជឿ​ដំណឹង​នោះ ដើម្បី​នោះ​អាច​ជំរុញ​ចិត្ត​គាត់​ឲ្យ​ផ្សព្វ​ផ្សាយ។ ក្រោយ​មក មាន​អ្វី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង។ អេសេគាល​បាន​ឃើញ​ថា​រមូរ​នោះ​«​មាន​រស​ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ​»។ (​អេគ. ៣:៣​) ហេតុ​អ្វី? ព្រោះ​ចំពោះ​អេសេគាល ឯកសិទ្ធិ​ធ្វើ​ជា​តំណាង​ព្រះ​យេហូវ៉ា​គឺ​ជា​បទ​ពិសោធន៍​ផ្អែម​ឬ​ជា​ទី​ពេញ​ចិត្ត។ (​ចសព. ១៩:៨​-​១១​) គាត់​សប្បាយ​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ឲ្យ​គាត់​បម្រើ​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក។

១៤. តើ​អ្វី​បាន​ជួយ​អេសេគាល​ឲ្យ​ប្រុង​ប្រៀប​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​គាត់?

១៤ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ថា​៖ ​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រាប់​អ្នក ហើយ​ចាំទុក​ក្នុង​ចិត្ត​ចុះ​»។ (​អេគ. ៣:១០​) តាម​រយៈ​ការ​ណែនាំ​នោះ ព្រះ​យេហូវ៉ា​បាន​ប្រាប់​អេសេគាល​ឲ្យ​ព្យាយាម​ចាំ​អំពី​អ្វី​ដែល​បាន​ត្រូវ​សរសេរ​ក្នុង​រមូរ​នោះ ហើយ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​អ្វី​នោះ។ ដោយ​ធ្វើ​ដូច្នេះ ជំនឿ​របស់​អេសេគាល​កាន់​តែ​មាំ​មួន​ឡើង ហើយ​នោះ​ក៏​ផ្ដល់​ឲ្យ​គាត់​នូវ​ដំណឹង​ដែល​អាច​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​បណ្ដា​ជន​ដើម្បី​ប្រកាស​ផ្សាយ​ដល់​ពួក​គេ។ (​អេគ. ៣:១១​) ដោយ​មាន​បណ្ដាំ​ព្រះ​នៅ​ក្នុង​ចិត្ត​និង​នៅ​លើ​បបូរ​មាត់​របស់​គាត់ អេសេគាល​បាន​ប្រុង​ប្រៀប​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​គាត់ ហើយ​បន្ដ​បំពេញ​ភារកិច្ច​នោះ​រហូត​ដល់​ហើយ​រួច​រាល់។—សូម​ពិនិត្យ​បន្ថែម ចម្រៀង​សរសើរ​ព្រះ ១៩:១៤

ប្រសាសន៍​របស់​ព្រះ​ពង្រឹង​ជំនឿ​របស់​យើង នៅ​សព្វ​ថ្ងៃ​នេះ

១៥. ដើម្បី​ស៊ូ​ទ្រាំ តើ​យើង​ត្រូវ​«​ចាំ​ទុក​ក្នុង​ចិត្ត​»​នូវ​អ្វី?

១៥ ដើម្បី​ស៊ូ​ទ្រាំ​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​ក៏​ត្រូវ​បន្ដ​ឲ្យ​ប្រសាសន៍​របស់​ព្រះ​ពង្រឹង​ជំនឿ​របស់​យើង។ យើង​ត្រូវ​«​ចាំ​ទុក​ក្នុង​ចិត្ត​»​នូវ​ពាក្យ​សម្ដី​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង។ សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​និយាយ​មក​កាន់​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក​ជា​លាយ​លក្ខណ៍​អក្សរ។ តើ​តាម​របៀប​ណា​យើង​អាច​ប្រាកដ​ថា​បណ្ដាំ​ព្រះ​បន្ដ​មាន​ឥទ្ធិពល​លើ​គំនិត អារម្មណ៍ និង​បំណង​ចិត្ត​របស់​យើង?

១៦. តើ​យើង​ត្រូវ​ធ្វើ​អ្វី​នឹង​បណ្ដាំ​របស់​ព្រះ ហើយ​តើ​យើង​អាច​ឲ្យ​បណ្ដាំ​នោះ​ជ្រាប​ចូល​ក្នុង​ចិត្ត​យើង​តាម​របៀប​ណា?

១៦ ពេល​យើង​បរិភោគ​អាហារ ហើយ​អាហារ​នោះ​រំលាយ​ទៅ រូប​កាយ​របស់​យើង​កាន់​តែ​មាំ​មួន។ ស្រដៀង​គ្នា​ដែរ ពេល​យើង​សិក្សា​បណ្ដាំ​ព្រះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ជំនឿ​យើង​កាន់​តែ​មាំ​មួន​ឡើង។ យើង​ចង​ចាំ​មេ​រៀន​អំពី​រមូរ​នោះ។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​«​លេប​[​បណ្ដាំ​លោក​]​ចូល​ទៅ​ក្នុង​ពោះ​»​យើង ពោល​គឺ​យល់​ច្បាស់​អំពី​បណ្ដាំ​នោះ។ យើង​អាច​ធ្វើ​ដូច្នេះ​តាម​រយៈ​ការ​អធិដ្ឋាន ការ​អាន និង​ការ​រំពឹង​គិត។ ដំបូង យើង​អធិដ្ឋាន​ដើម្បី​ត្រៀម​ចិត្ត​ទទួល​យក​គំនិត​របស់​ព្រះ។ បន្ទាប់​មក យើង​អាន​គម្ពីរ។ បន្ទាប់​មក​ទៀត យើង​ផ្អាក​ដើម្បី​រំពឹង​គិត ពោល​គឺ​គិត​ឲ្យ​បាន​ជ្រាល​ជ្រៅ​អំពី​អ្វី​ដែល​យើង​បាន​អាន។ តើ​នោះ​នឹង​មាន​លទ្ធផល​អ្វី? កាល​ដែល​យើង​កាន់​តែ​រំពឹង​គិត យើង​នឹង​កាន់​តែ​យល់​ច្បាស់​អំពី​បណ្ដាំ​ព្រះ ហើយ​នោះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

១៧. ហេតុ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ឲ្យ​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ?

១៧ ហេតុ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ឲ្យ​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន? ពីព្រោះ​ការ​ធ្វើ​ដូច្នេះ​ផ្ដល់​កម្លាំង​ចិត្ត​ដែល​យើង​ត្រូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​នៅ​ឥឡូវ​នេះ និង​ដើម្បី​ប្រកាស​អំពី​ដំណឹង​វិនិច្ឆ័យ​ចំ​ៗ​ដែល​យើង​ប្រហែល​ជា​ផ្សាយ​នៅ​ពេល​អនាគត​ឆាប់​ៗ​នេះ។ ម្យ៉ាង​ទៀត ពេល​យើង​រំពឹង​គិត​អំពី​គុណ​សម្បត្តិ​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​របស់​ព្រះ​យេហូវ៉ា ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​នឹង​កាន់​តែ​រឹង​មាំ។ ជា​លទ្ធផល យើង​នឹង​មាន​អ្វី​ដែល​ផ្អែម​ឬ​ជា​ទី​ពេញ​ចិត្ត​ណាស់ ពោល​គឺ​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត និង​ការ​ស្កប់​ចិត្ត។—ចសព. ១១៩:១០៣

ការ​ជំរុញ​ចិត្ត​ឲ្យ​ស៊ូ​ទ្រាំ

១៨. តើ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​នឹង​ត្រូវ​ទទួល​ស្គាល់​អ្វី ហើយ​ហេតុ​អ្វី?

១៨ ខុស​ពី​អេសេគាល យើង​មិន​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ​ដល់​មនុស្ស​ទេ។ ប៉ុន្តែ យើង​តាំង​ចិត្ត​បន្ដ​ប្រកាសផ្សាយ​ដំណឹង​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​បណ្ដាំ​លោក​ជា​លាយ​លក្ខណ៍​អក្សរ រហូត​ដល់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​បង្ហើយ​តាម​ការ​ស្កប់​ចិត្ត​របស់​លោក។ ពេល​ដែល​គ្រា​វិនិច្ឆ័យ​មក​ដល់ មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​នឹង​គ្មាន​ហេតុ​និយាយ​ថា ពួក​គេ​មិន​បាន​ទទួល​ការ​ព្រមាន ឬ​ថា​ព្រះ​មិន​អើពើ​នឹង​ពួក​គេ​ឡើយ។ (​អេគ. ៣:១៩; ១៨:២៣​) ផ្ទុយ​ទៅ​វិញ ពួក​គេ​នឹង​ត្រូវ​ទទួល​ស្គាល់​ថា​ដំណឹង​ដែល​យើង​ផ្សាយ​គឺ​មក​ពី​ព្រះ។

១៩. តើ​អ្វី​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

១៩ តើ​អ្វី​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង? គឺ​អ្វី​បី​យ៉ាង​ដូច​ដែល​បាន​ពង្រឹង​កម្លាំង​អេសេគាល។ យើង​បន្ដ​ផ្សព្វ​ផ្សាយ​ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​ចាត់​យើង យើង​ទទួល​កម្លាំង​ដែល​យើង​ត្រូវ​ការ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​ព្រះ ហើយ​បណ្ដាំ​ព្រះ​ពង្រឹង​ជំនឿ​របស់​យើង។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​ចង់​បំពេញ​កិច្ច​បម្រើ​ផ្សាយ ហើយ​ស៊ូ​ទ្រាំ​«​រហូត​ដល់​ទី​បញ្ចប់​»។—ម៉ាថ. ២៤:១៣

ចម្រៀង​លេខ​៦៥ ឈាន​ទៅ​មុខ!

a ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​បាន​ជួយ​អ្នក​ប្រកាស​ទំនាយ​អេសេគាល​ឲ្យ​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​គាត់។ កាល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ប្រកាស​ទំនាយ​នោះ យើង​នឹង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។