អត្ថបទសិក្សា ៤៦
របៀបព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំដោយមានអំណរ
«ព្រះយេហូវ៉ាកំពុងរង់ចាំដោយចិត្តអត់ធ្មត់ដើម្បីបង្ហាញការពេញចិត្តដល់អ្នករាល់គ្នា ហើយលោកនឹងក្រោកឡើងដើម្បីបង្ហាញសេចក្ដីមេត្តាករុណាចំពោះអ្នករាល់គ្នា»។—អេ. ៣០:១៨
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
សេចក្ដីសង្ខេប a
១-២. (ក) តើយើងនឹងរកចម្លើយចំពោះសំណួរណាខ្លះ? (ខ) តើអ្វីបង្ហាញថាព្រះយេហូវ៉ាមានបំណងចិត្តយ៉ាងខ្លាំងដើម្បីជួយយើង?
ព្រះយេហូវ៉ាអាចជួយយើងឲ្យស៊ូទ្រាំនឹងការពិបាកផ្សេងៗក្នុងជីវិត និងមានអំណរក្នុងកិច្ចបម្រើពិសិដ្ឋរបស់យើង។ តើលោកជួយយើងតាមរបៀបណាខ្លះ ហើយតើតាមរបៀបណាយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីជំនួយដែលព្រះយេហូវ៉ាផ្ដល់ឲ្យ? សំណួរទាំងនេះនឹងត្រូវឆ្លើយក្នុងអត្ថបទនេះ។ ប៉ុន្តែមុនដំបូង សូមយើងពិចារណាអំពីសំណួរដែលជាប់ទាក់ទងនឹងសំណួរទាំងនេះគឺថា តើព្រះយេហូវ៉ាពិតជាចង់ជួយយើងឬទេ?
២ ពាក្យដែលសាវ័កប៉ូលបានប្រើក្នុងសំបុត្ររបស់គាត់ទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ អាចជួយយើងឲ្យរកចម្លើយចំពោះសំណួរនេះ។ ប៉ូលបានសរសេរថា៖ «ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?»។ (ហេ. ១៣:៦) ឯកសារយោងអំពីគម្ពីរចែងថា អត្ថន័យនៃពាក្យ«អ្នកជួយ»ក្នុងខនេះ សំដៅលើបុគ្គលម្នាក់ដែលរត់ទៅជួយបុគ្គលម្នាក់ទៀតដែលកំពុងស្រែករកជំនួយ។ សូមស្រមៃគិតថា ព្រះយេហូវ៉ាកំពុងប្រញាប់រត់ទៅសង្គ្រោះបុគ្គលដែលមានការពិបាក។ អ្នកប្រាកដជាយល់ស្របថាការពិពណ៌នានេះបញ្ជាក់អំពីបំណងចិត្តយ៉ាងខ្លាំងរបស់ព្រះយេហូវ៉ាដើម្បីជួយយើង។ ដោយមានជំនួយពីព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកដោយអំណរ។
៣. តើព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដោយអំណរតាមរបៀបបីយ៉ាងអ្វី?
៣ តើព្រះយេហូវ៉ាជួយយើងឲ្យស៊ូទ្រាំនឹងទុក្ខលំបាកដោយអំណរតាមរបៀបណាខ្លះ? ដើម្បីឆ្លើយ សូមយើងមើលសៀវភៅអេសាយ។ ហេតុអ្វី? ពីព្រោះទំនាយជាច្រើនដែលអេសាយបានសរសេរក្រោមការដឹកនាំរបស់ព្រះ ជាប់ទាក់ទងនឹងរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ។ បន្ថែមទៅទៀត អេសាយច្រើនតែប្រើពាក្យពណ៌នាអំពីព្រះយេហូវ៉ាដែលយើងស្រួលយល់។ នៅអេសាយ ជំពូក៣០ មានឧទាហរណ៍ខ្លះ។ ក្នុងជំពូក នោះ អេសាយបានប្រើឧទាហរណ៍ដ៏ល្អដើម្បីរៀបរាប់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយរាស្ត្រលោក។ គាត់បានសរសេរថាព្រះយេហូវ៉ាជួយយើងដោយ (១) ស្ដាប់យ៉ាងយកចិត្តទុកដាក់និងតបឆ្លើយសេចក្ដីអធិដ្ឋានរបស់យើង (២) ផ្ដល់ការណែនាំផ្សេងៗ និង(៣) ផ្ដល់ពរដល់យើងនៅឥឡូវនេះនិងនៅថ្ងៃអនាគត។ សូមយើងពិចារណាអំពីរបៀបបីយ៉ាងនេះដែលព្រះយេហូវ៉ាជួយយើង។
ព្រះយេហូវ៉ាស្ដាប់យើង
៤. (ក) តើព្រះយេហូវ៉ារៀបរាប់យ៉ាងណាអំពីជនជាតិយូដានៅសម័យអេសាយ ហើយតើលោកបានឲ្យពួកគេជួបរឿងអ្វី? (ខ) តើព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់ពួកអ្នកស្មោះត្រង់? (អេសាយ ៣០:១៨, ១៩)
៤ នៅពាក្យផ្ដើមនៃអេសាយ ជំពូក៣០ ព្រះយេហូវ៉ាហៅជនជាតិយូដាថា៖ «កូនដែលរឹងចចេស» ដែល«ប្រព្រឹត្តអំពើខុសឆ្គងកាន់តែធ្ងន់ឡើងៗ»។ លោកបានមានប្រសាសន៍បន្តទៀតថា៖ «ពួកគេជាប្រជាជាតិដែលបះបោរប្រឆាំង . . . មិនព្រមធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា»។ (អេ. ៣០:១, ៩) ដោយសារបណ្ដាជនមិនព្រមស្ដាប់តាមព្រះ អេសាយបានប្រាប់ទុកជាមុនថាព្រះយេហូវ៉ានឹងឲ្យពួកគេជួបទុក្ខវេទនា។ (អេ. ៣០:៥, ១៧; យេ. ២៥:៨-១១) នេះបានកើតឡើងពិតមែន ពេលជនជាតិបាប៊ីឡូនចាប់ពួកគេធ្វើជាឈ្លើយសឹក។ ប៉ុន្តែ នៅក្នុងចំណោមជនជាតិយូដាទាំងនោះ ក៏មានបុគ្គលខ្លះដែលស្មោះត្រង់ ហើយអេសាយមានដំណឹងនៃសេចក្ដីសង្ឃឹមសម្រាប់ពួកគេ។ គាត់បានប្រាប់ពួកគេថានៅថ្ងៃណាមួយព្រះយេហូវ៉ានឹងឲ្យពួកគេត្រឡប់មករស់នៅក្រុងយេរូសាឡិមម្ដងទៀត។ (សូមអាន អេសាយ ៣០:១៨, ១៩) នោះគឺជាអ្វីដែលបានកើតឡើងមែន។ ព្រះយេហូវ៉ាបានរំដោះពួកគេពីស្រុកបាប៊ីឡូន។ ប៉ុន្តែ ពួកគេត្រូវចាំអស់ជាច្រើនឆ្នាំមុនដែលពួកគេបានត្រូវដោះលែង។ ពាក្យ«ព្រះយេហូវ៉ាកំពុងរង់ចាំដោយចិត្តអត់ធ្មត់ ដើម្បីបង្ហាញការពេញចិត្តដល់អ្នករាល់គ្នា» បញ្ជាក់ថានឹងត្រូវការមួយរយៈពេលកន្លងទៅ មុនដែលបុគ្គលស្មោះត្រង់បានត្រូវសង្គ្រោះ។ តាមពិត ជនជាតិអ៊ីស្រាអែលបានរស់នៅស្រុកបាប៊ីឡូនធ្វើជាឈ្លើយសឹកអស់រយៈពេល៧០ឆ្នាំ មុនដែលបណ្ដាជនមួយចំនួនតូចអាចត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ (អេ. ១០:២១; យេ. ២៩:១០) ពេលពួកគេត្រឡប់ទៅស្រុកកំណើតវិញ ទឹកភ្នែកដែលមកពីការឈឺចាប់នៃការធ្វើជាឈ្លើយសឹកនៅបាប៊ីឡូន បានប្រែក្លាយទៅជាទឹកភ្នែកដែលមកពីអំណរ។
៥. តើអេសាយ ៣០:១៩ពង្រឹងទំនុកចិត្តយើងយ៉ាងណា?
៥ សព្វថ្ងៃនេះ យើងអាចទទួលការសម្រាលទុក្ខពីពាក្យដែលថា៖ «ពេលដែលលោកឮអ្នករាល់គ្នាស្រែកសុំឲ្យលោកជួយ លោកនឹងបង្ហាញសេចក្ដីមេត្តាចំពោះអ្នករាល់គ្នាជាមិនខាន»។ (អេ. ៣០:១៩) អេសាយពង្រឹងទំនុកចិត្តយើងថា ព្រះយេហូវ៉ានឹងស្ដាប់យ៉ាងយកចិត្តទុកដាក់ពេលយើងសុំឲ្យលោកជួយ ហើយនឹងតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើងដោយមិនបង្អែបង្អង់។ ព្រោះអេសាយនិយាយបន្តទៀតថា៖ «លោកនឹងតបឆ្លើយភ្លាមៗ»។ ពាក្យទាំងនេះរំលឹកយើងថាបិតារបស់យើងពិតជាចង់ជួយពួកអ្នកដែលសុំជំនួយពីលោក។ ការដឹងដូច្នេះជួយយើងឲ្យស៊ូទ្រាំដោយអំណរ។
៦. តើពាក្យរបស់អេសាយបញ្ជាក់យ៉ាងណាថាព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់អ្នកបម្រើលោកម្នាក់ៗ?
៦ តើយើងរៀនអ្វីទៀតពីខនេះអំពីសេចក្ដីអធិដ្ឋានរបស់យើង? ព្រះយេហូវ៉ាស្ដាប់សេចក្ដីអធិដ្ឋានរបស់យើងម្នាក់ៗយ៉ាងយកចិត្តទុកដាក់។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? តាមភាសាដើម នៅផ្នែកដំបូងនៃអេសាយ ជំពូក៣០ ប្រើពាក្យ«អ្នករាល់គ្នា» ដោយសារព្រះយេហូវ៉ាកំពុងសំដៅលើរាស្ត្ររបស់លោកជាក្រុម ប៉ុន្តែនៅក្នុងខ១៩ បានប្រើពាក្យ«អ្នក»ដើម្បីសំដៅលើបុគ្គលម្នាក់ៗ។ នៅខនោះ អេសាយសរសេរថា៖ ‹អ្នកនឹងមិនយំសោកទៀតទេ› ‹លោកនឹងបង្ហាញសេចក្ដីមេត្តាចំពោះអ្នកជាមិនខាន ហើយលោកនឹងតបឆ្លើយ›។ ក្នុងនាមជាបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ព្រះយេហូវ៉ាមិនប្រាប់កូនប្រុសកូនស្រីរបស់លោកដែលធ្លាក់ទឹកចិត្តថា «កូនគួរតែរឹងមាំដូចបងៗ»នោះទេ។ ផ្ទុយទៅវិញ លោកយកចិត្តទុកដាក់ចំពោះយើង ហើយប្រុងស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង។—ចសព. ១១៦:១; អេ. ៥៧:១៥
៧. តើអេសាយនិងលោកយេស៊ូបានបង្ហាញយ៉ាងណាថាគឺសំខាន់ឲ្យអធិដ្ឋានឥតឈប់?
៧ ពេលយើងអធិដ្ឋានទៅព្រះ និងប្រាប់លោកអំពីអ្វីដែលធ្វើឲ្យយើងព្រួយបារម្ភ ដំបូងព្រះយេហូវ៉ាប្រហែលជាតបឆ្លើយ ភ្លាមៗដោយផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីស៊ូទ្រាំនឹងស្ថានភាពនោះ។ បើទុក្ខលំបាករបស់យើងមិនបាត់ភ្លាមៗដូចដែលយើងសង្ឃឹមទេ យើងប្រហែលជាត្រូវសុំកម្លាំងពីព្រះយេហូវ៉ាម្ដងហើយម្ដងទៀតដើម្បីស៊ូទ្រាំនឹងស្ថានភាពនោះ។ តាមពិត លោកអញ្ជើញយើងឲ្យធ្វើដូច្នេះ។ ពាក្យ«ចូរកុំសម្រាកឡើយ»នៅអេសាយ ៦២:៧ សំដៅទៅលើការមិនឲ្យព្រះយេហូវ៉ាសម្រាក។ តើនេះមានន័យអ្វី? គឺមានន័យថាយើងគួរអធិដ្ឋានទៅព្រះយេហូវ៉ាឥតឈប់ គឺហាក់ដូចជាយើងមិនទុកឲ្យព្រះយេហូវ៉ាមានពេលទំនេរដើម្បីសម្រាក។ ពាក្យរបស់អេសាយរំលឹកយើងអំពីឧទាហរណ៍របស់លោកយេស៊ូស្ដីអំពីការអធិដ្ឋាននៅលូកា ១១:៨-១០, ១៣។ នៅទីនោះ លោកយេស៊ូលើកទឹកចិត្តយើងឲ្យអធិដ្ឋានសុំឫទ្ធានុភាពបរិសុទ្ធដោយ«ទទូចសុំឥតខ្លាចចិត្ត» និង«សុំឥតឈប់»។ យើងក៏អាចអង្វរសុំព្រះយេហូវ៉ាឲ្យផ្ដល់ការណែនាំដែលយើងត្រូវការដើម្បីធ្វើការសម្រេចចិត្តល្អ។
ព្រះយេហូវ៉ាណែនាំយើង
៨. នៅសម័យបុរាណ តើពាក្យនៅអេសាយ ៣០:២០, ២១បានសម្រេចយ៉ាងដូចម្ដេច?
៨ សូមអាន អេសាយ ៣០:២០, ២១។ ពេលកងទ័ពបាប៊ីឡូនបានឡោមព័ទ្ធក្រុងយេរូសាឡិមអស់មួយឆ្នាំកន្លះ បណ្ដាជនមានការពិបាកយ៉ាងខ្លាំងជាញឹកញយ រហូតដល់វាទៅជាធម្មតាដូចជានំប៉័ងនិងទឹក។ ប៉ុន្តែយោងទៅតាមខ២០និង២១ ព្រះយេហូវ៉ាបានសន្យានឹងពួកយូដាថា បើពួកគេប្រែចិត្តនិងកែចរិតលក្ខណៈរបស់ខ្លួន លោកនឹងសង្គ្រោះពួកគេ។ អេសាយបានហៅព្រះយេហូវ៉ាថា៖ «គ្រូបង្រៀនដ៏ឧត្ដមបំផុត» ហើយបានសន្យានឹងបណ្ដាជនថាព្រះយេហូវ៉ានឹងបង្រៀនពួកគេអំពីរបៀបគោរពប្រណិប័តន៍លោកដែលនាំឲ្យលោកពេញចិត្ត។ ពាក្យទាំងនេះបានសម្រេចនៅពេលដែលជនជាតិយូដាបានត្រូវដោះលែងពីការធ្វើជាឈ្លើយសឹក។ ព្រះយេហូវ៉ាបានធ្វើជាគ្រូបង្រៀនដ៏ឧត្ដមបំផុតរបស់ពួកគេ ហើយនៅក្រោមការណែនាំពីលោក រាស្ត្ររបស់លោកបានស្ថាបនាការគោរពប្រណិប័តន៍ពិតឡើងវិញ។ យើងសប្បាយចិត្តដែលយើងមានព្រះយេហូវ៉ាជាគ្រូបង្រៀនដ៏ឧត្ដមបំផុតនៅសព្វថ្ងៃនេះ។
៩. នៅសព្វថ្ងៃនេះ តើយើងទទួលការណែនាំពីព្រះយេហូវ៉ាតាមរបៀបណា?
៩ ក្នុងខទាំងនេះអេសាយពណ៌នាថា យើងប្រៀបដូចជាសិស្សដែលទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាតាមរបៀបពីរយ៉ាង។ ទី១ អេសាយនិយាយថា៖ «អ្នករាល់គ្នានឹងឃើញគ្រូបង្រៀនដ៏ឧត្ដមបំផុតដោយផ្ទាល់ភ្នែក»។ ក្នុងឧទាហរណ៍នេះ អេសាយពណ៌នាថាគ្រូបង្រៀនកំពុងឈរនៅមុខសិស្ស។ យើងមានឯកសិទ្ធិទទួលប្រយោជន៍ពីការបង្រៀនរបស់លោកនៅសព្វថ្ងៃនេះ។ តើព្រះយេហូវ៉ាបង្រៀនយើងតាមរបៀបណា? គឺតាមរយៈអង្គការលោក។ យើងសប្បាយចិត្តណាស់ដែលយើងទទួលការណែនាំយ៉ាងច្បាស់ពីអង្គការលោក! ការណែនាំដែលយើងទទួលនៅកិច្ចប្រជុំគ្រិស្តសាសនិកនិងមហាសន្និបាត ព្រមទាំងតាមរយៈសៀវភៅផ្សេងៗ JWទូរទស្សន៍ និងអ្វីជាច្រើនទៀត ជួយយើងឲ្យស៊ូទ្រាំក្នុងអំឡុងគ្រាលំបាកដោយមានអំណរ។
១០. តើយើង«ឮពាក្យពីក្រោយ[យើង]»តាមរបៀបណា?
១០ អេសាយប្រាប់អំពីរបៀបទី២ដែលព្រះយេហូវ៉ាបង្រៀនយើងដោយនិយាយថា៖ «ត្រចៀករបស់អ្នករាល់គ្នានឹងឮពាក្យពីក្រោយអ្នករាល់គ្នា»។ នៅខនេះ អ្នកប្រកាសទំនាយរៀបរាប់អំពីព្រះយេហូវ៉ាថាលោកជាគ្រូបង្រៀនម្នាក់ដែលដើរពីក្រោយសិស្សរបស់គាត់ ហើយចង្អុលបង្ហាញផ្លូវខាងមុខ ព្រមទាំងណែនាំពួកគេ។ សព្វថ្ងៃនេះ យើងឮសំឡេងរបស់ព្រះនៅពីក្រោយយើង។ តើតាមរបៀបណា? ប្រសាសន៍របស់លោកបានត្រូវកត់ទុកនៅក្នុងគម្ពីរអស់រយៈពេលជាយូរមុន។ ដូច្នេះ ពេលយើងអានគម្ពីរ គឺហាក់ដូចជាយើងឮសំឡេងរបស់ព្រះនៅពីក្រោយយើង។—អេ. ៥១:៤
១១. ដើម្បីស៊ូទ្រាំដោយមានអំណរ តើយើងត្រូវធ្វើអ្វី ហើយហេតុអ្វី?
១១ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍យ៉ាងពេញលេញពីការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យតាមរយៈអង្គការនិងបណ្ដាំរបស់លោក? សូមកត់សម្គាល់ថា អេសាយបាននិយាយអ្វីពីរយ៉ាង។ ទី១ «គឺផ្លូវនេះហើយ»។ ទី២ «ចូរដើរតាមផ្លូវនេះចុះ»។ (អេ. ៣០:២១) គឺមិនគ្រប់គ្រាន់ឲ្យយើងស្គាល់«ផ្លូវ»ប៉ុណ្ណោះទេ។ យើងក៏ត្រូវ«ដើរតាមផ្លូវនេះ»ដែរ។ បណ្ដាំរបស់ព្រះនិងការពន្យល់ពីអង្គការលោក បង្រៀនយើងអំពីអ្វីដែលព្រះយេហូវ៉ាតម្រូវពីយើង។ យើងក៏រៀនអំពីរបៀបអនុវត្តអ្វីដែលយើងរៀន។ ដើម្បីស៊ូទ្រាំដោយមានអំណរក្នុងកិច្ចបម្រើព្រះយេហូវ៉ា យើងត្រូវធ្វើតាមជំហានទាំងពីរនេះ។ ទាល់តែយើងធ្វើដូច្នេះ ទើបយើងអាចជឿជាក់ថាព្រះយេហូវ៉ានឹងឲ្យពរយើង។
ព្រះយេហូវ៉ាឲ្យពរយើង
១២. យោងទៅតាមអេសាយ ៣០:២៣-២៦ តើព្រះយេហូវ៉ាឲ្យពរដល់រាស្ត្រលោកយ៉ាងដូចម្ដេច?
១២ សូមអាន អេសាយ ៣០:២៣-២៦។ តើទំនាយនេះបានសម្រេចចំពោះជនជាតិយូដាដែលត្រឡប់មកស្រុកអ៊ីស្រាអែលវិញបន្ទាប់ពីធ្វើជាឈ្លើយសឹកនៅបាប៊ីឡូនយ៉ាងដូចម្ដេច? ពួកគេបានទទួលពរយ៉ាងបរិបូរ ទាំងខាងការរស់នៅទាំងខាងជំនឿ។ ព្រះយេហូវ៉ាបានផ្ដល់អាហារយ៉ាងច្រើនក្រៃលែងដល់រាស្ត្រលោក។ ប៉ុន្តែសំខាន់ជាងនេះទៀត លោកបានផ្ដល់អ្វីដែលពួកគេត្រូវការដើម្បីចូលទៅជិតលោក និងចាប់ផ្ដើមគោរពប្រណិប័តន៍លោកយ៉ាងត្រឹមត្រូវម្ដងទៀត។ រាស្ត្ររបស់ព្រះនៅសម័យនោះមិនដែលទទួលអ្វីល្អៗជាច្រើនពីព្រះដូចនេះពីមុនទេ។ ខ២៦ បង្ហាញថាព្រះយេហូវ៉ាបានជួយពួកគេឲ្យកាន់តែមានពន្លឺ ក្នុងន័យថាលោកជួយពួកគេឲ្យយល់បណ្ដាំរបស់លោក។ (អេ. ៦០:២) ពរដែលអ្នកបម្រើរបស់ព្រះទទួលពីព្រះយេហូវ៉ាបានជួយពួកគេឲ្យបន្តបម្រើលោកដោយអំណរនិងដោយមានកម្លាំងចិត្ត «ដោយសារមានចិត្តរីករាយ»។—អេ. ៦៥:១៤
១៣. តើទំនាយអំពីការស្ថាបនាឡើងវិញនៃការគោរពប្រណិប័តន៍ពិតបានសម្រេចនៅសម័យយើងយ៉ាងដូចម្ដេច?
១៣ តើទំនាយអំពីការស្ថាបនាឡើងវិញនៃការគោរពប្រណិប័តន៍ពិតជាប់ទាក់ទងនឹងយើងសព្វថ្ងៃនេះឬទេ? ពិតជាជាប់ទាក់ទងមែន! តើតាមរបៀបណា? តាំងពីឆ្នាំ១៩១៩ គ.ស. មនុស្សរាប់លាននាក់លែងធ្វើជាខ្ញុំបម្រើនៃបាប៊ីឡូនដ៏ខ្លាំងក្លា ពោលគឺ សាសនាមិនពិតទាំងឡាយនៅទូទាំងពិភពលោក។ មនុស្សទាំងនោះបានត្រូវនាំទៅកន្លែងល្អប្រសើរជាងស្រុកដែលព្រះបានសន្យាឲ្យអ៊ីស្រាអែល។ ពួកគេបានត្រូវនាំទៅសួនឧទ្យានក្នុងន័យធៀប។ (អេ. ៥១:៣; ៦៦:៨) តើសួនឧទ្យានក្នុងន័យធៀបនោះជាអ្វី?
១៤. តើសួនឧទ្យានក្នុងន័យធៀបគឺជាអ្វី ហើយតើអ្នកណានៅទីនោះនាសព្វថ្ងៃនេះ? (សូមមើលការពន្យល់ពាក្យ)
១៤ តាំងពីឆ្នាំ១៩១៩ គ.ស. ពួកអ្នកដែលបានត្រូវរើសតាំងបានរស់នៅក្នុងសួនឧទ្យានក្នុងន័យធៀប។ b ពួកអ្នកដែលមានសេចក្ដីសង្ឃឹមនៅផែនដី ពោលគឺ«ចៀមឯទៀត» ក៏បានចូលក្នុងសួនឧទ្យានក្នុងន័យធៀបនេះដែរ ហើយបានទទួលពរយ៉ាងបរិបូរពីព្រះយេហូវ៉ា។—យ៉ូន. ១០:១៦; អេ. ២៥:៦; ៦៥:១៣
១៥. តើសួនឧទ្យានក្នុងន័យធៀបមានទីតាំងនៅឯណា?
១៥ នៅសព្វថ្ងៃនេះ តើសួនឧទ្យានក្នុងន័យធៀបមានទីតាំងនៅឯណា? អ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ាមាននៅគ្រប់កន្លែងទូទាំងផែនដី។ ដូច្នេះ សួនឧទ្យានក្នុងន័យធៀបក៏មាននៅទូទាំងពិភពលោកដែរ។ នៅសព្វថ្ងៃនេះ មិនថាយើងរស់នៅកន្លែងណាក៏ដោយ យើងអាចនៅក្នុងសួនឧទ្យានក្នុងន័យធៀប ដរាបណាយើងគាំទ្រការគោរពប្រណិប័តន៍ពិតយ៉ាងសកម្ម។
១៦. តើយើងអាចបន្តផ្ដោតអារម្មណ៍ទៅលើភាពស្រស់ស្អាតរបស់សួនឧទ្យានក្នុងន័យធៀបតាមរបៀបណា?
១៦ ដើម្បីនៅសួនឧទ្យានក្នុងន័យធៀបតទៅទៀត អ្វីមួយដែលយើងត្រូវធ្វើគឺបន្តមានចិត្តកតញ្ញូចំពោះក្រុមជំនុំគ្រិស្តសាសនិកនៅទូទាំងពិភពលោក។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គឺដោយផ្ដោតអារម្មណ៍ទៅលើភាពស្រស់ស្អាត មិនមែនទៅលើភាពមិនល្អឥតខ្ចោះរបស់ពួកអ្នកដែលនៅក្នុងសួនឧទ្យាននេះ។ (យ៉ូន. ១៧:២០, ២១) ហេតុអ្វីនេះសំខាន់ម្ល៉េះ? សូមគិតអំពីការប្រៀបប្រដូចនេះ៖ ធម្មតា យើងដឹងថានៅសួនដ៏ស្អាតមួយមានដើមឈើផ្សេងៗ។ ស្រដៀងគ្នាដែរ នៅក្នុងក្រុមជំនុំរបស់យើងនៅសព្វថ្ងៃនេះ មានបុគ្គលផ្សេងៗពីគ្នាដែលប្រៀបដូចជាដើមឈើ។ (អេ. ៤៤:៤; ៦១:៣) យើងត្រូវធ្វើឲ្យប្រាកដថា យើងបន្តផ្ដោតអារម្មណ៍ទៅលើភាពស្រស់ស្អាតនៃព្រៃឈើទាំងមូល មិនមែនទៅលើស្នាមផ្សេងៗដែលមាននៅលើដើមឈើនីមួយៗដែលនៅជិតយើងជាងគេនោះទេ។ យើងមិនអាចអនុញ្ញាតឲ្យភាពមិនល្អឥតខ្ចោះរបស់ខ្លួនឬរបស់អ្នកឯទៀតក្នុងក្រុមជំនុំ ធ្វើឲ្យយើងលែងឃើញភាពស្រស់ស្អាតនៃ សាមគ្គីភាពរបស់ក្រុមជំនុំគ្រិស្តសាសនិកនៅទូទាំងពិភពលោកឡើយ។
១៧. តើយើងម្នាក់ៗអាចធ្វើអ្វីដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ?
១៧ តើយើងម្នាក់ៗអាចធ្វើអ្វីដើម្បីរក្សាសាមគ្គីភាពក្នុងក្រុមជំនុំ? យើងអាចធ្វើជាអ្នកដែលធ្វើឲ្យមានសន្តិភាព។ (ម៉ាថ. ៥:៩; រ៉ូម ១២:១៨) រាល់ដងដែលយើងចាត់វិធានការដើម្បីធ្វើឲ្យមានសន្តិភាពជាមួយអ្នកឯទៀតនៅក្នុងក្រុមជំនុំ យើងបន្ថែមភាពស្រស់ស្អាតដល់សួនឧទ្យានក្នុងន័យធៀប។ យើងចាំថាព្រះយេហូវ៉ាជាអ្នកដែលបានទាញនាំបុគ្គលម្នាក់ៗដែលនៅក្នុងសួនឧទ្យានក្នុងន័យធៀបដើម្បីឲ្យចូលរួមការគោរពប្រណិប័តន៍ពិត។ (យ៉ូន. ៦:៤៤) សូមស្រមៃគិតថា ព្រះយេហូវ៉ាសប្បាយរីករាយយ៉ាងណាពេលលោកឃើញយើងខំព្យាយាមពង្រឹងសាមគ្គីភាពនិងសន្តិភាពក្នុងចំណោមអ្នកបម្រើលោកដែលជាបុគ្គលដ៏មានតម្លៃចំពោះលោក។—អេ. ២៦:៣; ហាក. ២:៧
១៨. តើយើងគួររំពឹងគិតអំពីអ្វីជាញឹកញយ ហើយហេតុអ្វី?
១៨ តើតាមរបៀបណាយើងអាចទទួលប្រយោជន៍ឲ្យបានពេញលេញពីពរដែលយើងទទួលក្នុងនាមជាអ្នកបម្រើព្រះ? យើងអាចគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងសិក្សាក្នុងបណ្ដាំរបស់ព្រះ និងសៀវភៅផ្សេងៗរបស់យើងដែលមានមូលដ្ឋានលើគម្ពីរ។ ការសិក្សានិងការរំពឹងគិតបែបនេះនឹងជួយយើងឲ្យមានគុណសម្បត្តិជាគ្រិស្តសាសនិកដែលជំរុញចិត្តយើងឲ្យ«ស្រឡាញ់គ្នាជាបងប្អូន» និងបង្ហាញ«មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ»ចំពោះគ្នានៅក្នុងក្រុមជំនុំ។ (រ៉ូម ១២:១០) ពេលយើងរំពឹងគិតអំពីពរដែលយើងទទួលនៅពេលថ្មីៗនេះ យើងពង្រឹងចំណងមិត្តភាពជាមួយព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពេលយើងគិតអំពីអ្វីល្អៗដែលព្រះយេហូវ៉ាសន្យាថានឹងឲ្យយើងនៅថ្ងៃអនាគត សេចក្ដីសង្ឃឹមអំពីការបម្រើលោកជារៀងរហូតកាន់តែពិតប្រាកដចំពោះយើង។ អ្វីទាំងអស់នេះនឹងជួយយើងឲ្យមានអំណរកាន់តែខ្លាំងក្នុងការបម្រើព្រះយេហូវ៉ានៅឥឡូវនេះ។
ចូរតាំងចិត្តស៊ូទ្រាំ
១៩. (ក) យោងទៅតាមអេសាយ ៣០:១៨ តើយើងអាចជឿជាក់អំពីអ្វី? (ខ) តើអ្វីនឹងជួយយើងឲ្យស៊ូទ្រាំដោយអំណរ?
១៩ ព្រះយេហូវ៉ា«នឹងក្រោកឡើង»ដើម្បីយើង ពេលដែលលោកបំផ្លាញពិភពលោកដ៏ទុច្ចរិតនេះចោល។ (អេ. ៣០:១៨) យើងអាចមានទំនុកចិត្តថាព្រះយេហូវ៉ាដែល«ជាព្រះនៃយុត្តិធម៌»នឹងមិនអនុញ្ញាតឲ្យពិភពលោករបស់សាថានបន្តនៅយូរ ហួសពីតម្រូវការយុត្តិធម៌របស់លោកឡើយ។ (អេ. ២៥:៩) យើងរង់ចាំដោយចិត្តអត់ធ្មត់ជាមួយព្រះយេហូវ៉ាឲ្យថ្ងៃនៃសេចក្ដីសង្គ្រោះនោះមកដល់។ ទម្រាំដល់ពេលនោះ យើងតាំងចិត្តបន្តឲ្យតម្លៃចំពោះឯកសិទ្ធិអធិដ្ឋាន សិក្សានិងធ្វើតាមបណ្ដាំរបស់ព្រះ ព្រមទាំងរំពឹងគិតអំពីពរផ្សេងៗ។ ពេលយើងធ្វើដូច្នេះ ព្រះយេហូវ៉ានឹងជួយយើងឲ្យស៊ូទ្រាំដោយអំណរក្នុងការគោរពប្រណិប័តន៍លោក។
ចម្រៀងលេខ១៤២ ចូររក្សាសេចក្ដីសង្ឃឹមជានិច្ច
a ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបបីយ៉ាងដែលព្រះយេហូវ៉ាជួយអ្នកគោរពប្រណិប័តន៍របស់លោកឲ្យស៊ូទ្រាំនឹងការពិបាកក្នុងជីវិតដោយមានអំណរ។ យើងនឹងពិចារណាអំពីអេសាយ ជំពូក៣០ ដើម្បីរៀនថែមទៀតអំពីអ្វីទាំងនេះ។ កាលដែលយើងពិចារណាជំពូកនេះ យើងនឹងទទួលការរំលឹកអំពីសារៈសំខាន់នៃការអធិដ្ឋានទៅព្រះយេហូវ៉ា ការសិក្សាបណ្ដាំលោក និងការរំពឹងគិតអំពីពរដែលយើងទទួលនៅឥឡូវនេះ ព្រមទាំងនៅថ្ងៃអនាគត។
b ការពន្យល់ពាក្យ៖ «សួនឧទ្យានក្នុងន័យធៀប» សំដៅទៅលើបរិយាកាសសុខសាន្តដែលយើងគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយសាមគ្គីភាព។ ក្នុងបរិយាកាសនោះ យើងទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារយ៉ាងបរិបូរពីព្រះយេហូវ៉ាដោយមិនលាយឡំការកុហកពីសាសនា ហើយយើងក៏មានកិច្ចការដ៏ស្កប់ចិត្តជាច្រើនក្នុងការផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ យើងមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះយេហូវ៉ា ហើយរស់នៅដោយសន្តិភាពជាមួយបងប្អូនរួមជំនឿជាទីស្រឡាញ់របស់យើង ដែលជួយយើងឲ្យស៊ូទ្រាំនឹងបញ្ហាក្នុងជីវិតដោយអំណរ។ យើងចូលក្នុងសួនឧទ្យានក្នុងន័យធៀបនេះ នៅពេលដែលយើងចាប់ផ្ដើមគោរពប្រណិប័តន៍ព្រះយេហូវ៉ាតាមរបៀបត្រឹមត្រូវ និងនៅពេលដែលយើងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោក។