លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣២

ចូរពង្រឹងជំនឿទៅលើអ្នកបង្កើត

ចូរពង្រឹងជំនឿទៅលើអ្នកបង្កើត

​«​ជំនឿ . . . ជា​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។—ហេ. ១១:១

ចម្រៀង​លេខ​១១ អ្វី​ៗ​ដែល​ព្រះ​បង្កើត​លើក​សរសើរ​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​អ្នក​បង្កើត​យើង?

បើ​អ្នក​ធំ​ឡើង​ក្នុង​សេចក្ដី​ពិត អ្នក​ទំនង​ជា​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​តាំង​ពី​តូច​មក។ អ្នក​បាន​រៀន​ថា​លោក​ជា​អ្នក​បង្កើត លោក​មាន​បុគ្គលិក​លក្ខណៈ​ដែល​ទាក់​ទាញ​ចិត្ត និង​ថា​លោក​មាន​គោល​បំណង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្សជាតិ។—ដក. ១:១; សកម្ម. ១៧:២៤​-​២៧

២. តើ​មនុស្ស​ខ្លះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​អ្នក​ដែល​ជឿ​ថា​មាន​អ្នក​បង្កើត?

ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​មាន​ព្រះ​ទេ ហើយ​ក៏​មិន​ជឿ​ថា​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​ដែរ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ជឿ​ថា​ជីវិត​កើត​មក​ដោយ​ចៃដន្យ ហើយ​បន្ទាប់​មក អ្វី​ៗ​សាមញ្ញ​ដែល​មាន​ជីវិត​វិវត្តន៍​ទៅ​ជា​សាំញ៉ាំ​ជាង។ មនុស្ស​ខ្លះ​ដែល​ជឿ​បែប​នេះ​គឺ​ជា​អ្នក​ចេះ​ដឹង​ខ្ពង់​ខ្ពស់។ ពួក​គេ​ប្រហែល​ជា​អះអាង​ថា​វិទ្យា​សាស្ត្រ​បង្ហាញ​ថា​គម្ពីរ​បង្រៀន​ខុស ហើយ​ថា​ជំនឿ​លើ​អ្នក​បង្កើត​គឺ​សម្រាប់​មនុស្ស​ដែល​មិន​ទទួល​ការ​អប់រំ ល្ងង់ ឬ​ឆោត។

៣. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​ពង្រឹង​ជំនឿ​របស់​ខ្លួន?

តើ​ទស្សនៈ​របស់​អ្នក​ចេះ​ដឹង​មួយ​ចំនួន​នឹង​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ឬ​ទេ? នេះ​អាស្រ័យ​លើ​មូលហេតុ​ដែល​យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត។ បើ​យើង​ចេះ​តែ​ជឿ​តាម​គេ នោះ​ជំនឿ​របស់​យើង​នឹង​ចុះ​ខ្សោយ​ទៅ​ៗ។ ប៉ុន្តែ​បើ​យើង​ជឿ ដោយ​សារ​យើង​បាន​លៃ​ទុក​ពេល​ដើម្បី​ពិចារណា​អំពី​ភ័ស្តុតាង​ដោយ​ខ្លួន​ឯង នោះ​ជំនឿ​របស់​យើង​នឹង​មិន​ចុះ​ខ្សោយ​ទេ។ (​១កូ. ៣:១២​-​១៥​) មិន​ថា​យើង​បាន​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ យើង​ទាំង​អស់​គ្នា​ត្រូវ​បន្ត​ពង្រឹង​ជំនឿ​របស់​យើង។ យ៉ាង​នេះ យើង​នឹង​មិន​ឲ្យ​«​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ​»​ដែល​មនុស្ស​ប្រឆាំង​បណ្ដាំ​របស់​ព្រះ​បង្រៀន បំភាន់​យើង​បាន​ទេ។ (​កូឡ. ២:៨; ហេ. ១១:៦​) ដើម្បី​ជួយ​យើង យើង​នឹង​ពិចារណា​ចំណុច​បី​យ៉ាង​ក្នុង​អត្ថបទ​នេះ​គឺ (​១​) មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​មាន​អ្នក​បង្កើត (​២​) របៀប​ដែល​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អ្នក និង​(​៣​) របៀប​ដែល​អ្នក​អាច​រក្សា​ជំនឿ​របស់​អ្នក​ឲ្យ​រឹង​មាំ។

មូលហេតុ​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​មាន​អ្នក​បង្កើត

៤. យោង​ទៅ​តាម​ហេប្រឺ ១១:១ តើ​ជំនឿ​ពិត​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី?

អ្នក​ខ្លះ​គិត​ថា​ការ​មាន​ជំនឿ​មាន​ន័យ​ថា​យើង​ជឿ​អ្វី​មួយ​ដោយ​គ្មាន​ភ័ស្តុតាង។ ប៉ុន្តែ យោង​ទៅ​តាម​គម្ពីរ នោះ​មិន​មែន​ជា​ជំនឿ​ពិត​ប្រាកដ​ទេ។ (​សូម​អាន ហេប្រឺ ១១:១) សូម​កត់​សម្គាល់​ថា​ជំនឿ​ទៅ​លើ​អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ដូច​ជា ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​រាជាណាចក្រ​នៅ​ស្ថាន​សួគ៌​គឺ​មាន​មូលដ្ឋាន​លើ​ការ​ឃើញ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់។ (​ហេ. ១១:៣​) សាក្សី​ម្នាក់​ដែល​ជា​អ្នក​វិទ្យា​សាស្ត្រ​ខាង​គីមី​វិទ្យា​និយាយ​ថា​៖ ​«​ជំនឿ​របស់​យើង​មិន​មែន​ដោយ​ងងឹត​ងងល់ ហើយ​យើង​មិន​មែន​មិន​អើពើ​នឹង​រឿង​វិទ្យា​សាស្ត្រ​ទេ​»។

៥. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​មិន​ជឿ​ថា​ជីវិត​មាន​អ្នក​បង្កើត?

យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹បើ​មាន​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា​មាន​អ្នក​បង្កើត​មែន ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ជឿ​ថា​ព្រះ​មិន​មែន​ជា​ដើម​កំណើត​នៃ​ជីវិត?›។ នេះ​អាច​មក​ពី​អ្នក​ខ្លះ​មិន​ដែល​ពិនិត្យ​មើល​អំពី​ភ័ស្តុតាង​ដោយ​ខ្លួន​ឯង។ បង​ប្រុស​រ៉ូបឺត​ដែល​ឥឡូវ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ និយាយ​ថា​៖ ​«​នៅ​សាលា គ្រូ​មិន​ដែល​បង្រៀន​ថា​អ្វី​ៗ​ទាំង​អស់​មាន​អ្នក​បង្កើត​ទេ ដូច្នេះ​ខ្ញុំ​សន្និដ្ឋាន​ថា​គ្មាន​អ្នក​បង្កើត​ឡើយ។ ទាល់​តែ​ខ្ញុំ​អាយុ​២០​ឆ្នាំ​ជាង ទើប​ខ្ញុំ​បាន​និយាយ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា ហើយ​រៀន​ថា​គម្ពីរ​ផ្ដល់​មូលហេតុ​សម​ហេតុ​ផល​ឲ្យ​យើង​ជឿ​ថា​ព្រះ​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»​ * (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ សំណូម​ពរ​មួយ​ចំពោះ​ឪពុក​ម្ដាយ​»​)។

៦. ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ជឿ​ថា​មាន​អ្នក​បង្កើត?

អ្នក​ខ្លះ​មិន​ជឿ​ថា​មាន​អ្នក​បង្កើត ដោយ​សារ​ពួក​គេ​និយាយ​ថា​ពួក​គេ​ជឿ​ទៅ​លើ​តែ​អ្វី​ដែល​ពួក​គេ​អាច​មើល​ឃើញ​ប៉ុណ្ណោះ។ ប៉ុន្តែ តាម​ពិត​ពួក​គេ​ក៏​ជឿ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​មិន​អាច​មើល​ឃើញ​ដែរ ដូច​ជា​ទំនាញ​ផែនដី​ជា​ដើម ដោយ​សារ​ពួក​គេ​មាន​ទី​សំអាង​ថា​វា​គឺ​មាន​ពិត​មែន។ ជំនឿ​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​រួម​បញ្ចូល​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា​អ្វី​ឯ​ទៀត​«​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន​»។ (​ហេ. ១១:១​) ការ​សិក្សា​អំពី​ភ័ស្តុតាង​ដោយ​ខ្លួន​ឯង​គឺ​ត្រូវ​ការ​ពេល​និង​ការ​ខំ​ប្រឹង ហើយ​មនុស្ស​ជា​ច្រើន​ខ្ជិល​ធ្វើ​អ្វី​ទាំង​នោះ។ បុគ្គល​ដែល​មិន​ពិនិត្យ​ពិចារណា​អំពី​ភ័ស្តុតាង​ដោយ​ខ្លួន​ឯង​ប្រហែល​ជា​សន្និដ្ឋាន​ថា​គ្មាន​ព្រះ​ទេ។

៧. តើ​មនុស្ស​ចេះ​ដឹង​ទាំង​អស់​និយាយ​ថា​ព្រះ​មិន​បាន​បង្កើត​សកល​លោក​ឬ​ទេ? សូម​ពន្យល់។

ក្រោយ​ពី​សិក្សា​អំពី​ភ័ស្តុតាង អ្នក​វិទ្យា​សាស្ត្រ​ខ្លះ​បាន​ជឿ​ជាក់​ថា ព្រះ​បាន​បង្កើត​សកល​លោក។ * ដូច​បង​រ៉ូបឺត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ អ្នក​ខ្លះ​ប្រហែល​ជា​សន្និដ្ឋាន​ថា​គ្មាន​អ្នក​បង្កើត ដោយ​សារ​នៅ​សកល​វិទ្យាល័យ​គេ​មិន​បង្រៀន​ថា​អ្វី​ៗ​ទាំង​អស់​មាន​អ្នក​បង្កើត​ទេ។ ប៉ុន្តែ អ្នក​វិទ្យា​សាស្ត្រ​ជា​ច្រើន​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ យើង​ក៏​ត្រូវ​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ ដូច​ដែល​អ្នក​វិទ្យា​សាស្ត្រ​ទាំង​នេះ​បាន​ធ្វើ​ដែរ មិន​ថា​យើង​បាន​ទទួល​ការ​អប់រំ​យ៉ាង​ណា​ក៏​ដោយ។ គ្មាន​អ្នក​ណា​អាច​ធ្វើ​ដូច្នេះ​ជំនួស​យើង​បាន​ឡើយ។

របៀប​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​អ្នក​បង្កើត

៨​-​៩. (​ក​) តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​នៅ​ឥឡូវ​នេះ? (​ខ​) តើ​ការ​សិក្សា​អំពី​ការ​បង្កើត​របស់​ព្រះ​នឹង​ផ្ដល់​ប្រយោជន៍​យ៉ាង​ណា​ដល់​អ្នក?

តើ​អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​អ្នក​បង្កើត​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​អំពី​របៀប​បួន​យ៉ាង។

ចូរ​សិក្សា​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត។ អ្នក​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​អ្នក​បង្កើត​ដោយ​សង្កេត​មើល​សត្វ រុក្ខជាតិ និង​ដួង​តារា។ (​ចសព. ១៩:១; អេ. ៤០:២៦​) កាល​ដែល​អ្នក​កាន់​តែ​សិក្សា​អំពី​អ្វី​បែប​នោះ អ្នក​នឹង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត។ សៀវភៅ​របស់​យើង​ច្រើន​តែ​មាន​អត្ថបទ​ដែល​ពន្យល់​អំពី​ចំណុច​ផ្សេង​ៗ​នៃ​ការ​បង្កើត។ សូម​កុំ​រំលង​អត្ថបទ​ទាំង​នេះ ទោះ​ជា​ពិបាក​យល់​ក៏​ដោយ។ សូម​រៀន​ឲ្យ​ច្រើន​បំផុត​ពី​អត្ថបទ​ទាំង​នោះ។ ម្យ៉ាង​ទៀត សូម​មើល​ឡើង​វិញ​វីដេអូ​ដ៏​ល្អ​ៗ​អំពី​ការ​បង្កើត ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​នៅ​មហា​សន្និបាត​តាម​ភូមិ​ភាគ​អស់​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ នៅ​គេហទំព័រ​របស់​យើង​jw.org។

១០. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​មាន​អ្នក​បង្កើត។ (​រ៉ូម ១:២០​)

១០ ពេល​សិក្សា​អំពី​អ្វី​ដែល​ព្រះ​បាន​បង្កើត សូម​ស្វែង​យល់​ថា តើ​នេះ​អាច​បង្រៀន​អ្វី​អំពី​អ្នក​បង្កើត? (​សូម​អាន រ៉ូម ១:២០) ជា​ឧទាហរណ៍ អ្នក​ប្រហែល​ជា​ដឹង​ថា​ដួង​អាទិត្យ​របស់​យើង​មិន​គ្រាន់​តែ​ផ្ដល់​កម្ដៅ​ដើម្បី​ទ្រ​ទ្រង់​ជីវិត​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​បញ្ចេញ​ថាមពល​គ្រោះ​ថ្នាក់​មួយ​គឺ កាំរស្មី​ស្វាយ​អ៊ុលត្រា​ដែរ។ មនុស្ស​យើង​ត្រូវ​ការ​ការ​ការ​ពារ​ពី​កាំរស្មី​នោះ ហើយ​យើង​បាន​ទទួល​មែន! តើ​តាម​របៀប​ណា? ផែនដី​យើង​មាន​របាំង​ការ​ពារ​មួយ គឺ​ស្រទាប់​អូហ្សូន​ដែល​ការ​ពារ​មិន​ឲ្យ​កាំរស្មី​ដែល​មាន​គ្រោះ​ថ្នាក់​នោះ​ចាំង​ចូល​ដល់​ផែនដី​ឡើយ។ កាល​ដែល​បរិមាណ​កាំរស្មី​ស្វាយ​អ៊ុលត្រា​ពី​ដួង​អាទិត្យ​កាន់​តែ​ខ្លាំង​ឡើង នោះ​បរិមាណ​អូហ្សូន​កាន់​តែ​កើន​ឡើង​ដែរ។ អ្នក​ច្បាស់​ជា​យល់​ស្រប​ថា​ប្រាកដ​ជា​មាន​បុគ្គល​ណា​ម្នាក់​រៀបចំ​អ្វី​ទាំង​នេះ ហើយ​ថា​លោក​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់ មែន​ទេ?

១១. តើ​អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ដែល​ពង្រឹង​ជំនឿ​អំពី​អ្វី​ៗ​ដែល​ព្រះ​បាន​បង្កើត​នៅ​ឯ​ណា​ខ្លះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ប្រភព​ព័ត៌មាន​ខ្លះ​ៗ​ដែល​ពង្រឹង​ជំនឿ​»​)

១១ អ្នក​អាច​រក​ឃើញ​ព័ត៌មាន​ជា​ច្រើន​ដែល​ពង្រឹង​ជំនឿ​ថា ព្រះ​ជា​អ្នក​បង្កើត​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​យើង​នៅ​កម្ម​វិធី​JW​បណ្ណាល័យ * និង​ដោយ​ធ្វើ​ការ​ស្រាវ​ជ្រាវ​នៅ​គេហទំព័រ​jw.org។ អ្នក​ប្រហែល​ជា​ចង់​ចាប់​ផ្ដើម​ដោយ​មើល​វីដេអូ​ត​ភាគ​«​តើ​មាន​អ្នក​គ្រោង​បង្កើត​ឬ​ទេ?​»។ វីដេអូ​ទាំង​នេះ​គឺ​ខ្លី ហើយ​មាន​ព័ត៌មាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​សត្វ​និង​រុក្ខជាតិ ព្រម​ទាំង​មាន​ឧទាហរណ៍​អំពី​របៀប​ដែល​អ្នក​វិទ្យា​សាស្ត្រ​ខំ​ព្យាយាម​ចម្លង​អ្វី​ដែល​ពួក​គេ​ឃើញ​ក្នុង​ធម្មជាតិ។

១២. ពេល​សិក្សា​គម្ពីរ តើ​យើង​គួរ​កត់​សម្គាល់​អំពី​អ្វី​ខ្លះ?

១២ ចូរ​សិក្សា​គម្ពីរ។ នៅ​ដំបូង អ្នក​វិទ្យា​សាស្ត្រ​ខាង​គីមី​វិទ្យា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ មិន​ជឿ​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត​ទេ។ ប៉ុន្តែ​ក្រោយ​មក គាត់​ជឿ​ថា​មាន​អ្នក​បង្កើត​យើង។ គាត់​និយាយ​ថា​៖ ​«​ជំនឿ​របស់​ខ្ញុំ​មិន​គ្រាន់​តែ​មាន​មូលដ្ឋាន​ទៅ​លើ​អ្វី​ដែល​ខ្ញុំ​សិក្សា​ខាង​វិទ្យា​សាស្ត្រ​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​មូលដ្ឋាន​ទៅ​លើ​ការ​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​»។ អ្នក​ប្រហែល​ជា​មាន​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​រួច​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដើម្បី​ពង្រឹង​ជំនឿ​របស់​អ្នក​ទៅ​លើ​អ្នក​បង្កើត អ្នក​ត្រូវ​បន្ត​សិក្សា​បណ្ដាំ​របស់​ព្រះ។ (​យ៉ូស. ១:៨; ចសព. ១១៩:៩៧​) សូម​កត់​សម្គាល់​អំពី​របៀប​ដែល​គម្ពីរ​ពណ៌នា​យ៉ាង​ល្អិត​ល្អន់​អំពី​ព្រឹត្តិការណ៍​ក្នុង​ប្រវត្តិសាស្ត្រ។ សូម​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ទំនាយ​ផ្សេង​ៗ​និង​ភាព​ស្រប​គ្នា​នៃ​គម្ពីរ។ ការ​ធ្វើ​ដូច្នេះ​អាច​ពង្រឹង​ជំនឿ​របស់​អ្នក​ថា​មាន​ព្រះ​ជា​អ្នក​បង្កើត​ដែល​ប្រកប​ដោយ​ប្រាជ្ញា​និង​សេចក្ដី​ស្រឡាញ់ ហើយ​ថា​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ *២ធី. ៣:១៤; ២ពេ. ១:២១

១៣. សូម​លើក​ឧទាហរណ៍​មួយ​អំពី​ប្រាជ្ញា​ដែល​មាន​នៅ​ក្នុង​បណ្ដាំ​របស់​ព្រះ។

១៣ ពេល​សិក្សា​បណ្ដាំ​របស់​ព្រះ សូម​កត់​សម្គាល់​ថា​យោបល់​ក្នុង​បណ្ដាំ​នោះ​មាន​ប្រយោជន៍​យ៉ាង​ណា។ ជា​ឧទាហរណ៍ គម្ពីរ​បាន​ព្រមាន​ជា​យូរ​មុន​មក​ហើយ​ថា ការ​ស្រឡាញ់​ប្រាក់​នាំ​ឲ្យ​អន្តរាយ ហើយ​បណ្ដាល​ឲ្យ​មាន​«​ទុក្ខ​វេទនា​ជា​ច្រើន​»។ (​១ធី. ៦:៩, ១០; សុភ. ២៨:២០; ម៉ាថ. ៦:២៤​) តើ​ការ​ព្រមាន​នេះ​នៅ​តែ​ជា​ការ​ពិត​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? សៀវភៅ​មួយ​ដែល​និយាយ​អំពី​ចិត្ត​គំនិត​របស់​មនុស្ស​នៅ​សម័យ​យើង ចែង​ថា​៖ ​«​មនុស្ស​ភាគ​ច្រើន​ដែល​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ មិន​សូវ​សប្បាយ​ចិត្ត​និង​ធ្លាក់​ទឹក​ចិត្ត​ច្រើន​ជាង​អ្នក​ឯ​ទៀត។ សូម្បី​តែ​មនុស្ស​ដែល​ចង់​បាន​លុយ​ថែម​ទៀត ក៏​មាន​បញ្ហា​ខាង​សតិ​អារម្មណ៍​និង​មាន​បញ្ហា​សុខភាព​ច្រើន​ជាង​ដែរ​»។ ដូច្នេះ ការ​ព្រមាន​ពី​គម្ពីរ​អំពី​ការ​ស្រឡាញ់​ប្រាក់​គឺ​ពិត​ជា​ល្អ​ណាស់! តើ​អ្នក​អាច​នឹក​ឃើញ​អំពី​គោល​ការណ៍​គម្ពីរ​ឯ​ទៀត​ដែល​មាន​ប្រយោជន៍​ឬ​ទេ? កាល​ដែល​យើង​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​យោបល់​ក្នុង​គម្ពីរ យើង​នឹង​កាន់​តែ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​បង្កើត​ដែល​ស្រឡាញ់​យើង​និង​ផ្ដល់​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា។ (​យ៉ា. ១:៥​) ជា​លទ្ធផល យើង​នឹង​មាន​ជីវិត​កាន់​តែ​សប្បាយ​រីករាយ។—អេ. ៤៨:១៧, ១៨

១៤. ពេល​អ្នក​សិក្សា​គម្ពីរ តើ​អ្នក​នឹង​រៀន​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

១៤ ចូរ​សិក្សា​គម្ពីរ​ដោយ​មាន​គោល​ដៅ​ត្រឹម​ត្រូវ គឺ​ស្គាល់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្បាស់​ជាង។ (​យ៉ូន. ១៧:៣​) កាល​ដែល​អ្នក​សិក្សា​បទ​គម្ពីរ អ្នក​នឹង​ឃើញ​បុគ្គលិក​លក្ខណៈ​និង​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា ហើយ​ថា​អ្វី​ទាំង​នេះ​ក៏​ស​ឲ្យ​ឃើញ​ក្នុង​ការ​បង្កើត​របស់​លោក​ផង​ដែរ។ ការ​រៀន​អំពី​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ពិត​ជា​មាន​ព្រះ​យេហូវ៉ា​មែន! (​ដច. ៣៤:៦, ៧; ចសព. ១៤៥:៨, ៩​) កាល​ដែល​អ្នក​កាន់​តែ​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ទៅ​ៗ ជំនឿ​និង​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​លោក​នឹង​កាន់​តែ​ខ្លាំង​ឡើង ហើយ​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​លោក​នឹង​កាន់​តែ​រឹង​មាំ។

១៥. តើ​អ្នក​នឹង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក?

១៥ ចូរ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក​ទៅ​លើ​ព្រះ។ កាល​ដែល​អ្នក​ធ្វើ​ដូច្នេះ ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​មាំ​មួន។ ប៉ុន្តែ​ចុះ​បើ​អ្នក​និយាយ​ជា​មួយ​បុគ្គល​ដែល​សង្ស័យ​ថា​គ្មាន​ព្រះ ហើយ​អ្នក​មិន​ដឹង​ថា​គួរ​ឆ្លើយ​យ៉ាង​ណា? សូម​ស្វែង​រក​ចម្លើយ​ពី​បទ​គម្ពីរ​ចំពោះ​សំណួរ​នោះ​ក្នុង​សៀវភៅ​របស់​យើង។ (​១ពេ. ៣:១៥​) អ្នក​ក៏​អាច​សុំ​ជំនួយ​ពី​សាក្សី​ម្នាក់​ទៀត​ដែល​មាន​បទ​ពិសោធន៍។ យ៉ាង​នេះ អ្នក​អាច​តប​ឆ្លើយ​បុគ្គល​ដែល​សង្ស័យ​ថា​គ្មាន​ព្រះ​នោះ។ ទោះ​ជា​គាត់​ព្រម​ស្ដាប់​ឬ​មិន​ព្រម​ស្ដាប់​ចម្លើយ​របស់​អ្នក​ពី​គម្ពីរ​ក្ដី អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​ស្រាវ​ជ្រាវ​របស់​អ្នក។ ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​មាំ​មួន។ យ៉ាង​នេះ អ្នក​នឹង​មិន​ជឿ​ពួក​អ្នក​ដែល​មើល​ទៅ​ជា​អ្នក​ប្រាជ្ញ​ឬ​ជា​អ្នក​ចេះ​ដឹង ដែល​និយាយ​ថា​គ្មាន​អ្នក​បង្កើត​ឡើយ។

ចូរ​រក្សា​ជំនឿ​របស់​អ្នក​ឲ្យ​មាំ​មួន!

១៦. តើ​អ្វី​អាច​កើត​ឡើង​បើ​យើង​មិន​បន្ត​ពង្រឹង​និង​រក្សា​ជំនឿ​របស់​យើង?

១៦ ទោះ​ជា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី យើង​ត្រូវ​បន្ត​ពង្រឹង​និង​រក្សា​ជំនឿ​របស់​យើង​ទៅ​លើ​លោក។ ហេតុអ្វី? ដោយ​សារ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន ជំនឿ​របស់​យើង​អាច​ចុះ​ខ្សោយ។ សូម​ចាំ​ថា​ជំនឿ​មាន​មូលដ្ឋាន​ទៅ​លើ​ភ័ស្តុតាង​ដែល​នាំ​ឲ្យ​ជឿ​ជាក់​ថា អ្វី​ដែល​ភ្នែក​មើល​មិន​ឃើញ​ពិត​ជា​មាន​មែន។ យើង​ប្រហែល​ជា​ងាយ​ភ្លេច​អ្វី​ដែល​យើង​មើល​មិន​ឃើញ។ យ៉ាង​នេះ ប៉ូល​បាន​ហៅ​ការ​ខ្វះ​ជំនឿ​ថា​«​ការ​ខុស​ឆ្គង​ដែល​ទាក់​យើង​យ៉ាង​ងាយ​»។ (​ហេ. ១២:១​) តើ​យើង​អាច​ជៀស​វាង​ពី​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?—២ថែ. ១:៣

១៧. តើ​យើង​ត្រូវ​ការ​ជំនួយ​អ្វី​ដើម្បី​រក្សា​ជំនឿ​របស់​យើង?

១៧ ទី​១ ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក ហើយ​ធ្វើ​ដូច្នេះ​ជា​រឿយ​ៗ។ ហេតុ​អ្វី? ពីព្រោះ​ជំនឿ​គឺ​ជា​លក្ខណៈ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​ឫទ្ធានុភាព​របស់​ព្រះ។ (​កាឡ. ៥:២២, ២៣​) យើង​មិន​អាច​ពង្រឹង​និង​រក្សា​ជំនឿ​ទៅ​លើ​អ្នក​បង្កើត​យើង ដោយ​គ្មាន​ជំនួយ​ពី​ឫទ្ធានុភាព​បរិសុទ្ធ​របស់​លោក​ឡើយ។ បើ​យើង​បន្ត​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​ឫទ្ធានុភាព​របស់​លោក នោះ​លោក​នឹង​ផ្ដល់​ឲ្យ​យើង។ (​លូក. ១១:១៣​) យើង​ថែម​ទាំង​អាច​អធិដ្ឋាន​ថា​៖ ​«​សូម​ជួយ​យើង​ឲ្យ​មាន​ជំនឿ​ថែម​ទៀត​»។—លូក. ១៧:៥

១៨. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ១:២, ៣ តើ​យើង​អាច​មាន​ឯកសិទ្ធិ​អ្វី?

១៨ ទី​២ ចូរ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១:២, ៣) ពេល​ទំនុក​នោះ​បាន​ត្រូវ​សរសេរ មាន​តែ​ជន​ជាតិ​អ៊ីស្រាអែល​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ច្បាប់​របស់​ព្រះ​ទាំង​មូល​ដែល​បាន​ត្រូវ​សរសេរ​ចម្លង។ ស្ដេច​និង​ពួក​សង្ឃ​អាច​មើល​ឯកសារ​ចម្លង​នេះ ហើយ​រាល់​៧​ឆ្នាំ​មាន​ការ​រៀបចំ​ឲ្យ​«​ទាំង​បុរស ទាំង​ស្ត្រី ទាំង​កូន​ក្មេង​»​ និង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ជួប​ជុំ​គ្នា​ដើម្បី​ស្ដាប់​ការ​អាន​ច្បាប់​របស់​ព្រះ។ (​បច. ៣១:១០​-​១២​) នៅ​សម័យ​លោក​យេស៊ូ មាន​មនុស្ស​តិច​ណាស់​ដែល​មាន​រមូរ​បទ​គម្ពីរ។ ឯកសារ​ភាគ​ច្រើន​បាន​ត្រូវ​រក្សា​ទុក​នៅ​សាលា​ប្រជុំ។ ផ្ទុយ​ទៅ​វិញ នៅ​សព្វ​ថ្ងៃ​នេះ​មនុស្ស​ភាគ​ច្រើន​អាច​អាន​ផ្នែក​ខ្លះ​នៃ​គម្ពីរ ឬ​បណ្ដាំ​របស់​ព្រះ​ទាំង​មូល។ នេះ​ពិត​ជា​ឯកសិទ្ធិ​មែន! តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​នេះ?

១៩. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន?

១៩ យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​មាន​បណ្ដាំ​របស់​ព្រះ​ដោយ​អាន​បណ្ដាំ​នោះ​ជា​រឿយ​ៗ។ យើង​គួរ​មាន​កាល​វិភាគ​អាន​និង​សិក្សា​គម្ពីរ ហើយ​មិន​គ្រាន់​តែ​ធ្វើ​ដូច្នេះ​នៅ​ពេល​ទំនេរ​ប៉ុណ្ណោះ​ទេ។ បើ​យើង​ធ្វើ​តាម​កាល​វិភាគ​របស់​យើង​ជា​ទៀង​ទាត់ យើង​អាច​រក្សា​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ។

២០. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ផ្ទុយ​ពី​«​អ្នក​ប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​»​នៃ​ពិភព​លោក​នេះ យើង​មាន​ជំនឿ​រឹង​មាំ​ដែល​មាន​មូលដ្ឋាន​ទៅ​លើ​បណ្ដាំ​របស់​ព្រះ។ (​ម៉ាថ. ១១:២៥, ២៦​) គម្ពីរ​ពន្យល់​យើង​អំពី​មូលហេតុ​ដែល​ស្ថានភាព​នៅ​ផែនដី​កាន់​តែ​អាក្រក់​ទៅ​ៗ និង​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ ដូច្នេះ សូម​យើង​តាំង​ចិត្ត​ពង្រឹង​ជំនឿ​របស់​យើង និង​ជួយ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​មាន​ជំនឿ​ទៅ​លើ​អ្នក​បង្កើត​យើង។ (​១ធី. ២:៣, ៤​) ម្យ៉ាង​ទៀត សូម​យើង​បន្ត​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​មនុស្ស​គ្រប់​រូប​ដែល​រស់​នៅ​ផែនដី​នឹង​សរសើរ​ព្រះ​យេហូវ៉ា ហើយ​និយាយ​ពាក្យ​នៅ​ការ​បើក​បង្ហាញ ៤:១១ ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង . . . ពីព្រោះ​លោក​បាន​បង្កើត​អ្វី​ៗ​ទាំង​អស់​»។

ចម្រៀង​លេខ​២ នាម​លោក​គឺ​យេ​ហូ​វ៉ា

^ វគ្គ 5 បទ​គម្ពីរ​បង្រៀន​យ៉ាង​ច្បាស់​ថា ព្រះ​យេហូវ៉ា​ជា​អ្នក​បង្កើត។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​មិន​ជឿ​ដូច្នេះ​ទេ។ ពួក​គេ​ជឿ​ជាក់​ថា​ជីវិត​កើត​មក​ដោយ​ឯកឯង។ ទោះ​ជា​ពួក​គេ​អះអាង​យ៉ាង​នេះ​ក្ដី យើង​នឹង​មិន​សង្ស័យ​ទេ បើ​យើង​ខំ​ប្រឹង​ពង្រឹង​ជំនឿ​របស់​យើង​ទៅ​លើ​ព្រះ​និង​គម្ពីរ។ អត្ថបទ​នេះ​នឹង​មាន​ការ​ពន្យល់​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 5 នៅ​សាលា​រដ្ឋ​ជា​ច្រើន គ្រូ​មិន​ទាំង​លើក​ឡើង​ថា​ព្រះ​អាច​ជា​អ្នក​បង្កើត​ជីវិត​ទាំង​ឡាយ​ទេ។ គ្រូ​ខ្លះ​មាន​អារម្មណ៍​ថា​បើ​ពួក​គេ​បង្រៀន​ដូច្នេះ នោះ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​របស់​សិស្ស​ខាង​សាសនា។

^ វគ្គ 7 ទស្សនៈ​ពី​សាស្ត្រាចារ្យ​ខ្លះ​ដែល​ជឿ​ទៅ​លើ​អ្នក​បង្កើត គឺ​មាន​នៅ​គេហទំព័រ​jw.org/km។ សូម​ចុច​«​បណ្ណាល័យ​»​ ▸ ​«​វីដេអូ​»​ ▸ ​«​បទ​សម្ភាសន៍​និង​បទ​ពិសោធន៍​»​ ▸ ​«​ទស្សនៈ​ផ្សេង​ៗ​អំពី​ដើម​កំណើត​នៃ​ជីវិត​»។

^ វគ្គ 11 ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ សូម​ចុច​«​ឯកសារ​»​(​Media​) ▸ ​«​គម្ពីរ​»​ ▸ ​«​ការ​បង្កើត​»។

^ វគ្គ 12 ជា​ឧទាហរណ៍ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​គម្ពីរ​ស្រប​គ្នា​នឹង​វិទ្យា​សាស្ត្រ​ឬ​ទេ?​»​នៅ​ក្នុង​គេហទំព័រ​jw.org/km។ សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ ▸ ​«​សំណួរ​និង​ចម្លើយ​ពី​គម្ពីរ​»​ ▸ ​«​គម្ពីរ​»។ សូម​មើល​ផង​ដែរ​នូវ​អត្ថបទ​«​ទំនាយ​ដែល​បាន​ក្លាយ​ជា​ការ​ពិត​»​ និង​«​សាក្សី​សម្ងាត់​ដែល​បញ្ជាក់​ថា​ទំនាយ​ក្នុង​គម្ពីរ​គឺ​ត្រឹម​ត្រូវ​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​លេខ​២ ឆ្នាំ​២០១៨។