លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៤

ចូរ«ភ្លក់»គុណធម៌របស់ព្រះយេហូវ៉ា តើតាមរបៀបណា?

ចូរ«ភ្លក់»គុណធម៌របស់ព្រះយេហូវ៉ា តើតាមរបៀបណា?

​«​ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ អ្នក​ណា​ដែល​ពឹង​ជ្រក​លោក អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។—ចសព. ៣៤:៨

ចម្រៀង​លេខ​១១៧ គុណធម៌​របស់​ព្រះ

សេចក្ដី​សង្ខេប *

១​-​២. យោង​ទៅ​តាម​ចម្រៀង​សរសើរ​ព្រះ ៣៤:៨ តើ​យើង​អាច​រៀន​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

សូម​ស្រមៃ​គិត​ថា​គេ​ឲ្យ​អាហារ​ទៅ​អ្នក​ដែល​អ្នក​មិន​ធ្លាប់​ភ្លក់។ អ្នក​អាច​ដឹង​អ្វី​ខ្លះ​អំពី​អាហារ​នោះ​ដោយ​មើល​វា ហិត​ក្លិន មើល​រូបមន្ត ឬ​ដោយ​សួរ​មតិ​អ្នក​ឯ​ទៀត។ ប៉ុន្តែ វិធី​តែ​មួយ​គត់​ដើម្បី​ដឹង​ប្រាកដ​ថា​អ្នក​ចូល​ចិត្ត​អាហារ​នោះ​ឬ​ក៏​មិន​ចូល​ចិត្ត គឺ​ភ្លក់​វា​ដោយ​ខ្លួន​ឯង។

យើង​អាច​រៀន​ខ្លះ​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា​ដោយ​អាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង ព្រម​ទាំង​ដោយ​ស្ដាប់​អ្នក​ឯ​ទៀត​និយាយ​អំពី​ពរ​ដែល​ពួក​គេ​បាន​ទទួល​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្តែ យើង​នឹង​យល់​ច្បាស់​ថា​ព្រះ​យេហូវ៉ា​គឺ​ល្អ​យ៉ាង​ណា ពេល​យើង​ភ្លក់​ឬ​ពិសោធ​គុណធម៌​របស់​លោក​ដោយ​ខ្លួន​ឯង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៤:៨) សូម​គិត​អំពី​ឧទាហរណ៍​មួយ ប្រហែល​ជា​យើង​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ ប៉ុន្តែ ដើម្បី​សម្រេច​គោល​ដៅ​នោះ យើង​ត្រូវ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង។ យើង​ប្រហែល​ជា​បាន​អាន​ច្រើន​ដង​នូវ​សេចក្ដី​សន្យា​របស់​លោក​យេស៊ូ​ដែល​ថា បើ​យើង​ស្វែង​រក​រាជាណាចក្រ​ជា​មុន ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ។ ប៉ុន្តែ យើង​មិន​ដែល​ពិសោធ​ដោយ​ខ្លួន​ឯង​ថា​សេចក្ដី​សន្យា​នោះ​ក្លាយ​ទៅ​ជា​ការ​ពិត​ចំពោះ​យើង​ផ្ទាល់​ទេ។ (​ម៉ាថ. ៦:៣៣​) ទោះ​ជា​យ៉ាង​នេះ​ក្ដី ដោយ​បង្ហាញ​ជំនឿ​ទៅ​លើ​សេចក្ដី​សន្យា​នោះ​របស់​លោក​យេស៊ូ យើង​កាត់​បន្ថយ​ថ្លៃ​ចំណាយ​របស់​យើង ធ្វើ​ការ​តិច​ជាង និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ព្រះ។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​រៀន​ពី​បទ​ពិសោធន៍​របស់​យើង​ផ្ទាល់​ថា ព្រះ​យេហូវ៉ា​ពិត​ជា​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង។ យ៉ាង​នេះ យើង​ភ្លក់​គុណធម៌​របស់​លោក​ដោយ​ផ្ទាល់។

៣. តើ​ចម្រៀង​សរសើរ​ព្រះ ១៦:១, ២​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ណា?

ព្រះ​យេហូវ៉ា​«​ប្រព្រឹត្ត​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់​»​ រួម​ទាំង​ពួក​អ្នក​ដែល​មិន​ស្គាល់​លោក​ផង​ដែរ។ (​ចសព. ១៤៥:៩; ម៉ាថ. ៥:៤៥​) តែ​ជា​ពិសេស ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ជា​ច្រើន​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​និង​បម្រើ​លោក​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៦:១, ២) សូម​កត់​សម្គាល់​ប្រយោជន៍​ខ្លះ​ដែល​យើង​ទទួល​ពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា។

៤. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណធម៌​របស់​លោក​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួក​អ្នក​ដែល​ចាប់​ផ្ដើម​ចូល​ទៅ​ជិត​លោក?

រាល់​ដង​ដែល​យើង​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​ពី​ព្រះ​យេហូវ៉ា យើង​ឃើញ​ថា​នេះ​មាន​ឥទ្ធិពល​ល្អ​លើ​ជីវិត​របស់​យើង។ កាល​ដែល​យើង​បាន​រៀន​អំពី​លោក​និង​ចាប់​ផ្ដើម​ស្រឡាញ់​លោក លោក​ជួយ​យើង​ឲ្យ​យក​ឈ្នះ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដែល​បាន​ធ្វើ​ឲ្យ​យើង​នៅ​ដាច់​ឆ្ងាយ​ពី​លោក។ (​កូឡ. ១:២១​) ម្យ៉ាង​ទៀត ពេល​យើង​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក យើង​ឃើញ​ថា​លោក​បាន​បង្ហាញ​គុណធម៌​ចំពោះ​យើង​កាន់​តែ​ច្រើន ដោយ​ឲ្យ​យើង​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស និង​ទាញ​នាំ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​លោក។—១ពេ. ៣:២១

៥. តើ​ព្រះ​យេហូវ៉ា​បង្ហាញ​គុណធម៌​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

យើង​បន្ត​ទទួល​គុណធម៌​របស់​ព្រះ​យេហូវ៉ា​កាល​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ជា​ឧទាហរណ៍ តើ​អ្នក​ជា​មនុស្ស​អៀន​ឬ​ទេ? រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​មាន​អារម្មណ៍​បែប​នេះ។ ដូច​ពួក​គេ មុន​ដែល​អ្នក​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា អ្នក​ប្រហែល​ជា​មិន​ដែល​គិត​ថា​អ្នក​នឹង​ទៅ​ផ្ទះ​របស់​បុគ្គល​ដែល​អ្នក​មិន​ស្គាល់ ហើយ​និយាយ​ជា​មួយ​គាត់​អំពី​គម្ពីរ​ឡើយ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ អ្នក​ចូល​រួម​ធ្វើ​កិច្ច​ការ​នោះ​ជា​ទៀង​ទាត់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ព្រះ​យេហូវ៉ា​បាន​ជួយ​អ្នក​ឲ្យ​មាន​អំណរ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ។ ព្រះ​យេហូវ៉ា​ក៏​បាន​ជួយ​អ្នក​តាម​របៀប​ផ្សេង​ទៀត​ដែរ។ ជា​ឧទាហរណ៍ លោក​បាន​ជួយ​អ្នក​ឲ្យ​រក្សា​ចិត្ត​ស្ងប់​ពេល​ជួប​អ្នក​ប្រឆាំង។ លោក​ក៏​បាន​ជួយ​អ្នក​ឲ្យ​នឹក​ឃើញ​បទ​គម្ពីរ​ដែល​ត្រូវ​នឹង​ចិត្ត​របស់​ម្ចាស់​ផ្ទះ​ដែល​ចាប់​អារម្មណ៍។ ម្យ៉ាង​ទៀត លោក​បាន​ឲ្យ​អ្នក​កម្លាំង​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​មនុស្ស​ក្នុង​តំបន់​ផ្សាយ​មិន​ចាប់​អារម្មណ៍​ក្ដី។—យេ. ២០:៧​-​៩

៦. តើ​ការ​បង្ហាត់​បង្រៀន​ពី​ព្រះ​យេហូវ៉ា​បង្ហាញ​យ៉ាង​ណា​អំពី​គុណធម៌​របស់​លោក?

ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​យើង​អំពី​គុណធម៌​របស់​លោក ដោយ​បង្ហាត់​បង្រៀន​យើង​សម្រាប់​កិច្ច​បម្រើ​ផ្សាយ។ (​យ៉ូន. ៦:៤៥​) នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក យើង​ស្ដាប់​ការ​សន្ទនា​គំរូ ហើយ​យើង​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ពាក្យ​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដំបូង យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​សាក​ល្បង​ពាក្យ​ផ្សាយ​ថ្មី។ ប៉ុន្តែ ពេល​យើង​ធ្វើ យើង​ប្រហែល​ជា​ឃើញ​ថា​យោបល់​នោះ​ទាក់​ទាញ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​យើង។ នៅ​កិច្ច​ប្រជុំ​និង​សន្និបាត យើង​ក៏​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចូល​រួម​ផ្សព្វ​ផ្សាយ​តាម​វិធី​ផ្សេង​ៗ ដែល​យើង​ប្រហែល​ជា​មិន​ធ្លាប់​ធ្វើ​ពី​មុន។ នេះ​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ភ័យ​ដែរ។ ប៉ុន្តែ​ពេល​យើង​សាក​ធ្វើ យើង​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ផ្ដល់​ពរ​ដល់​យើង។ ឥឡូវ​នេះ យើង​នឹង​ពិចារណា​អំពី​ពរ​មួយ​ចំនួន​ដែល​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង ពេល​យើង​ខំ​ស្វែង​រក​របៀប​ថ្មី​ៗ​ដើម្បី​បម្រើ​លោក​ឲ្យ​អស់​ពី​សមត្ថភាព ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្ដី។ បន្ទាប់​មក សូម​យើង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ឈាន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​របស់​យើង។

ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក

៧. តើ​យើង​នឹង​ទទួល​ពរ​អ្វី​ពេល​យើង​ខំ​បង្កើន​កិច្ច​បម្រើ​របស់​យើង?

យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​គំរូ​របស់​អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​សាំយូអែល *ដែល​បម្រើ​ជា​មួយ​ប្រពន្ធ​គាត់​នៅ​ប្រទេស​កូឡុំប៊ី។ ពួក​គេ​ចូល​ចិត្ត​ត្រួស​ត្រាយ​នៅ​ក្រុម​ជំនុំ​ដែល​ពួក​គេ​បាន​ចូល​រួម​អស់​រយៈ​ពេល​ជា​យូរ។ ប៉ុន្តែ ពួក​គេ​ចង់​បង្កើន​កិច្ច​បម្រើ​ផ្សាយ ដោយ​ជួយ​ក្រុម​ជំនុំ​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ ដើម្បី​សម្រេច​គោល​ដៅ​នោះ ពួក​គេ​ត្រូវ​ធ្វើ​ការ​លះ​បង់​ខ្លះ​ៗ។ បង​សាំយូអែល​និយាយ​ថា​៖ ​«​យើង​បាន​ធ្វើ​តាម​ម៉ាថាយ ៦:៣៣ ហើយ​ឈប់​ទិញ​អ្វី​ដែល​មិន​ចាំ​បាច់។ ប៉ុន្តែ អ្វី​ដ៏​ពិបាក​បំផុត​គឺ​រើ​ចេញ​ពី​ផ្ទះ​របស់​យើង ព្រោះ​វា​បាន​ត្រូវ​សង់​ឡើង​តាម​ដែល​ចិត្ត​យើង​ចង់​បាន ហើយ​យើង​មិន​បាន​ជំពាក់​បំណុល​ដើម្បី​ទិញ​ផ្ទះ​នោះ​ទេ​»។ ក្រោយ​ពី​ពួក​គេ​បាន​រើ​ទៅ​ក្រុម​ជំនុំ​ថ្មី ពួក​គេ​ចាយ​តិច​ជាង​មុន​ឆ្ងាយ​ណាស់។ បង​សាំយូអែល​និយាយ​ថា​៖ ​«​យើង​បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​តម្រង់​ជំហាន​របស់​យើង និង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ យើង​មាន​អារម្មណ៍​ថា លោក​ពេញ​ចិត្ត​និង​ស្រឡាញ់​យើង​តាម​របៀប​ដែល​យើង​មិន​ដែល​ពិសោធ​ពី​មុន​ឡើយ​»។ តើ​អ្នក​អាច​បង្កើន​កិច្ច​បម្រើ​របស់​អ្នក​តាម​របៀប​ណា​មួយ​ឬ​ទេ? បើ​ដូច្នេះ អ្នក​អាច​ប្រាកដ​ថា​អ្នក​នឹង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​ថា​លោក​នឹង​ថែ​រក្សា​អ្នក។—ចសព. ១៨:២៥

៨. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​អ៊ីវ៉ាន​និង​បង​វិចតូរីយ៉ា?

យើង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​របស់​យើង។ សូម​កត់​សម្គាល់​ពាក្យ​សម្ដី​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​ឈ្មោះ​អ៊ីវ៉ាន​និង​វិចតូរីយ៉ា ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​នៅ​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន។ ពួក​គាត់​បាន​រក្សា​ជីវិត​ឲ្យ​សាមញ្ញ​ដើម្បី​ពួក​គាត់​អាច​ស្ម័គ្រ​ចិត្ត​ធ្វើ​កិច្ច​ការ​ណា​ក៏​ដោយ​ក្នុង​អង្គការ​របស់​ព្រះ រួម​ទាំង​កិច្ច​ការ​សាង​សង់។ បង​ប្រុស​អ៊ីវ៉ាន​និយាយ​ថា​៖ ​«​យើង​ជក់​ចិត្ត​ទាំង​ស្រុង​ពេល​បំពេញ​ភារកិច្ច​នីមួយ​ៗ។ ទោះ​ជា​យើង​អស់​កម្លាំង​ក្រោយ​ពី​ធ្វើ​កិច្ច​ការ​ពេញ​មួយ​ថ្ងៃ​ក្ដី យើង​ស្កប់​ចិត្ត​និង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ដោយ​ដឹង​ថា​យើង​បាន​ប្រើ​កម្លាំង​សម្រាប់​កិច្ច​ការ​រាជាណាចក្រ​លោក។ យើង​ក៏​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​យើង​មាន​មិត្ត​ភក្ដិ​ថ្មី​ជា​ច្រើន​និង​មាន​អនុស្សាវរីយ៍​ល្អ​ៗ​»។—ម៉ាក. ១០:២៩, ៣០

៩. តើ​បង​ស្រី​ម្នាក់​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​បាន​ធ្វើ​អ្វី​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់ ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

យើង​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​យើង​មាន​ការ​ពិបាក​ក្ដី។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ឈ្មោះ​មេរេ ជា​ស្ត្រី​មេម៉ាយ​វ័យ​ចាស់​ដែល​រស់​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។ គាត់​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ក្រោយ​គាត់​បាន​ចូល​និវត្តន៍​ពី​ការ​ងារ​របស់​គាត់​ជា​ពេទ្យ។ បង​មេរេ​មាន​ជំងឺ​សន្លាក់​ឆ្អឹង​ដែល​ធ្វើ​ទុក្ខ​គាត់​យ៉ាង​ខ្លាំង ហើយ​គាត់​អាច​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​បាន​ត្រឹម​តែ​មួយ​ម៉ោង​ទេ។ ប៉ុន្តែ គាត់​អាច​ផ្សព្វ​ផ្សាយ​សាធារណៈ​ច្រើន​ជាង​នោះ​បាន។ គាត់​មាន​ការ​ត្រឡប់​ទៅ​ជួប​និង​សិស្ស​គម្ពីរ​ជា​ច្រើន ហើយ​គាត់​ទាក់​ទង​ពួក​គេ​ខ្លះ​តាម​ទូរស័ព្ទ។ តើ​អ្វី​បាន​ជំ​រុញ​ចិត្ត​បង​មេរេ​ឲ្យ​ឈាន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ? បង​មេរេ​និយាយ​ថា​៖ ​«​ចិត្ត​របស់​ខ្ញុំ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត ហើយ​ខ្ញុំ​អធិដ្ឋាន​ជា​រឿយ​ៗ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​បម្រើ​លោក​អស់​ពី​សមត្ថភាព​»។—ម៉ាថ. ២២:៣៦, ៣៧

១០. ដូច​ពេត្រុស​ទី​១ ៥:១០​បង្ហាញ តើ​ពួក​អ្នក​ដែល​ខំ​ឈាន​ទៅ​មុខ​ទទួល​អ្វី​ពី​ព្រះ​យេហូវ៉ា?

១០ យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ថែម​ទៀត​ពី​ព្រះ​យេហូវ៉ា។ បង​ប្រុស​ខេនី​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​កោះ​ម៉ូរីស បាន​ឃើញ​ដូច្នេះ។ ពេល​គាត់​រៀន​សេចក្ដី​ពិត គាត់​បាន​ឈប់​រៀន​នៅ​សកល​វិទ្យាល័យ បាន​ទទួល​ការ​ជ្រមុជ​ទឹក និង​បាន​ចាប់​ផ្ដើម​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល។ គាត់​និយាយ​ថា​៖ ​«​ក្នុង​ជីវិត​របស់​ខ្ញុំ ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ពាក្យ​របស់​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ថា​៖ ‹ខ្ញុំ​នៅ​ទី​នេះ​ហើយ! សូម​ចាត់​ខ្ញុំ!›​»។ (​អេ. ៦:៨​) បង​ខេនី​បាន​ជួយ​ខាង​កិច្ច​ការ​សាង​សង់​អគារ​មួយ​ចំនួន ហើយ​ក៏​បាន​ជួយ​បក​ប្រែ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទៅ​ជា​ភាសា​កំណើត​របស់​គាត់។ បង​ខេនី​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដែល​ជួយ​ខ្ញុំ​ឲ្យ​មាន​សមត្ថភាព​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្ញុំ​»។ ប៉ុន្តែ គាត់​មិន​គ្រាន់​តែ​បាន​រៀន​អំពី​របៀប​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ប៉ុណ្ណោះ​ទេ។ គាត់​បន្ថែម​ថា​៖ ​«​ការ​បង្ហាត់​បង្រៀន​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​អំពី​កម្រិត​សមត្ថភាព​របស់​ខ្ញុំ និង​គុណ​សម្បត្តិ​ដែល​ខ្ញុំ​ត្រូវ​មាន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​»។ (​សូម​អាន ពេត្រុស​ទី​១ ៥:១០) អ្នក​ក៏​ប្រហែល​ជា​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​ដើម្បី​ព្រះ​យេហូវ៉ា​អាច​បង្ហាត់​បង្រៀន​អ្នក​ឲ្យ​បាន​ច្រើន​ជាង​ផង​ដែរ។

ប្ដី​ប្រពន្ធ​មួយ​គូ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង បង​ស្រី​វ័យ​ក្មេង​ម្នាក់​ជួយ​សាង​សង់​សាល​ប្រជុំ ហើយ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ។ បង​ប្អូន​ទាំង​នេះ​ទទួល​អំណរ​ខ្លាំង​ណាស់​ពី​កិច្ច​បម្រើ​របស់​ពួក​គេ (​សូម​មើល​វគ្គ​១១​)

១១. តើ​បង​ស្រី​បី​នាក់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​អ្វី​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១១ សូម្បី​តែ​បង​ប្អូន​ជា​សាក្សី​អស់​ជា​ច្រើន​ឆ្នាំ ក៏​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន​ពេល​ពួក​គេ​សាក​ល្បង​វិធី​ផ្សព្វ​ផ្សាយ​ថ្មី​ផង​ដែរ។ ក្នុង​អំឡុង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩ អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​មួយ​នា​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​សរសេរ​ថា​៖ ​«​បង​ប្អូន​ខ្លះ​ដែល​ធ្លាប់​គិត​ថា​ពួក​គេ​មិន​អាច​ផ្សព្វ​ផ្សាយ​បាន ដោយ​សារ​បញ្ហា​សុខភាព ឥឡូវ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ បង​ស្រី​បី​នាក់​ដែល​មាន​អាយុ​៨០​ឆ្នាំ​ជាង​បាន​រៀន​ប្រើ​បច្ចេកវិទ្យា​ថ្មី ហើយ​ចាប់​ផ្ដើម​ចូល​រួម​ផ្សព្វ​ផ្សាយ​ស្ទើរ​តែ​រាល់​ថ្ងៃ​»។ (​ចសព. ៩២:១៤, ១៥​) តើ​អ្នក​ចង់​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក ហើយ​ភ្លក់​គុណធម៌​របស់​ព្រះ​យេហូវ៉ា​ថែម​ទៀត​ឬ​ទេ? សូម​ពិចារណា​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​សម្រេច​គោល​ដៅ​នោះ។

របៀប​ដែល​អ្នក​អាច​ឈាន​ទៅ​មុខ

១២. តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ចំពោះ​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក?

១២ ចូរ​រៀន​ឲ្យ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ លោក​សន្យា​ថា​លោក​នឹង​ឲ្យ​ពរ​យើង​យ៉ាង​បរិបូរ​ពេល​យើង​ទុក​ចិត្ត​លោក ហើយ​ជូន​លោក​នូវ​អ្វី​ដ៏​ល្អ​បំផុត។ (​ម៉ាឡ. ៣:១០​) បង​ស្រី​ម្នាក់​ឈ្មោះ​ហ្វាបអ៊ីអូឡា​ដែល​រស់​នៅ​ប្រទេស​កូឡុំប៊ី បាន​ឃើញ​របៀប​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​ពាក្យ​សន្យា​នេះ​ចំពោះ​គាត់។ គាត់​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល មិន​យូរ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ ប្ដី​និង​កូន​បី​នាក់​របស់​គាត់​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​របស់​គាត់។ ដូច្នេះ ពេល​ដែល​គាត់​ដល់​អាយុ​ចូល​និវត្តន៍ គាត់​បាន​អធិដ្ឋាន​អង្វរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ តើ​អ្វី​បាន​កើត​ឡើង​ក្រោយ​មក? គាត់​និយាយ​ថា​៖ ​«​តាម​ធម្មតា​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ចាប់​ផ្ដើម​ទទួល​ប្រាក់​ចូល​និវត្តន៍ ប៉ុន្តែ​ខ្ញុំ​អាច​ទទួល​ប្រាក់​ចូល​និវត្តន៍​ត្រឹម​តែ​មួយ​ខែ​ក្រោយ​ពី​ខ្ញុំ​ដាក់​ពាក្យ​សុំ។ នេះ​ប្រៀប​ដូច​ជា​អព្ភូតហេតុ​មែន!​»។ ពីរ​ខែ​ក្រោយ​មក គាត់​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ ឥឡូវ គាត់​មាន​អាយុ​៧០​ឆ្នាំ​ជាង ហើយ​បាន​ត្រួស​ត្រាយ​អស់​ជាង​២០​ឆ្នាំ។ ក្នុង​អំឡុង​ពេល​នោះ គាត់​បាន​ជួយ​បុគ្គល​៨​នាក់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​និយាយ​ថា​៖ ​«​ទោះ​ជា​ជួន​កាល​ខ្ញុំ​ខ្សោយ​ក្ដី ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ឲ្យ​ធ្វើ​តាម​កាល​វិភាគ​របស់​ខ្ញុំ​»។

តើ​តាម​របៀប​ណា​អាប្រាហាំ​និង​សារ៉ា យ៉ាកុប និង​ពួក​សង្ឃ​ដែល​ឆ្លង​ទន្លេ​យ៉ូដាន់​បាន​បង្ហាញ​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា? (​សូម​មើល​វគ្គ​១៣​)

១៣​-​១៤. តើ​គំរូ​អ្វី​ខ្លះ​អាច​ជួយ​យើង​ឲ្យ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​និង​ខំ​ឈាន​ទៅ​មុខ?

១៣ ចូរ​រៀន​ពី​គំរូ​របស់​ពួក​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ គម្ពីរ​ពោរ​ពេញ​ទៅ​ដោយ​គំរូ​របស់​បុគ្គល​ដែល​ខំ​ប្រឹង​ប្រែង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ចំពោះ​ពួក​គេ​ជា​ច្រើន​នាក់ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ​ទាល់​តែ​ក្រោយ​ពី​ពួក​គេ​ធ្វើ​អ្វី​មួយ​ដែល​បង្ហាញ​ថា​ពួក​គេ​ទុក​ចិត្ត​លោក។ ជា​ឧទាហរណ៍ គឺ​ទាល់​តែ​ក្រោយ​ពី​អាប្រាហាំ​ចាក​ចេញ​ពី​ទី​លំនៅ​របស់​គាត់​ទាំង​«​មិន​បាន​ដឹង​ថា​គាត់​ទៅ​កន្លែង​ណា​»​ ទើប​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ (​ហេ. ១១:៨​) ម្យ៉ាង​ទៀត លុះ​ត្រា​តែ​ក្រោយ​ពី​យ៉ាកុប​បោក​ចំបាប់​ជា​មួយ​ទេវតា ទើប​គាត់​បាន​ទទួល​ពរ​ពិសេស។ (​ដក. ៣២:២៤​-​៣០​) មួយ​វិញ​ទៀត ពេល​ប្រជា​ជាតិ​អ៊ីស្រាអែល​ហៀប​នឹង​ចូល​ស្រុក​សន្យា ពួក​សង្ឃ​ត្រូវ​តែ​បោះ​ជើង​ចូល​ក្នុង​ទន្លេ​យ៉ូដាន់​ជា​មុន​សិន ទើប​បណ្ដា​ជន​អាច​ដើរ​ឆ្លង​កាត់​បាន។—យ៉ូស. ៣:១៤​-​១៦

១៤ អ្នក​ក៏​អាច​ទទួល​ប្រយោជន៍​ពី​គំរូ​របស់​សាក្សី​នៅ​សម័យ​នេះ​ដែល​បាន​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា និង​ខំ​ឈាន​ទៅ​មុខ។ ជា​ឧទាហរណ៍ បង​ប្រុស​ម្នាក់​ឈ្មោះ​ផេថិន​និង​ប្រពន្ធ​របស់​គាត់​ដាយអាណា ចូល​ចិត្ត​អាន​អំពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បាន​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា ដូច​ជា​មាន​ក្នុង​អត្ថបទ​ត​ភាគ​«​ពួក​គេ​បាន​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​»។ * បង​ផេថិន​និយាយ​ថា​៖ ​«​ពេល​យើង​អាន​បទ​ពិសោធន៍​របស់​ពួក​គេ យើង​មាន​អារម្មណ៍​ហាក់​ដូច​ជា​យើង​កំពុង​មើល​គេ​បរិភោគ​អាហារ​ដ៏​ឈ្ងុយ​ឆ្ងាញ់។ យើង​កាន់​តែ​មើល យើង​កាន់​តែ​ចង់​‹ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ›​»។ ក្រោយ​មក បង​ផេថិន​និង​បង​ដាយអាណា​បាន​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ច្រើន​ជាង។ តើ​អ្នក​ធ្លាប់​អាន​អត្ថបទ​ត​ភាគ​នោះ​ឬ​ទេ? តើ​អ្នក​ធ្លាប់​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​«​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​អូស្ត្រាលី​»​ និង​«​ការ​រើ​ទៅ​បម្រើ​នៅ​កន្លែង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង​»​ ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​នៅ​គេហទំព័រ​jw.org/km​ឬ​ទេ? ព័ត៌មាន​ទាំង​នោះ​ប្រហែល​ជា​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​វិធី​ដែល​អ្នក​អាច​បង្កើន​កិច្ច​បម្រើ​របស់​អ្នក។

១៥. តើ​ការ​សេព​គប់​ល្អ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ចូរ​មាន​ការ​សេព​គប់​ល្អ។ យើង​កាន់​តែ​ចង់​ភ្លក់​អាហារ​ថ្មី បើ​យើង​ចំណាយ​ពេល​ជា​មួយ​ពួក​អ្នក​ដែល​ចូល​ចិត្ត​អាហារ​នោះ។ ស្រដៀង​គ្នា​ដែរ បើ​យើង​សេព​គប់​ពួក​អ្នក​ដែល​ចាត់​ទុក​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត យើង​នឹង​កាន់​តែ​ចង់​ស្វែង​រក​វិធី​ដើម្បី​បង្កើន​កិច្ច​បម្រើ​របស់​យើង។ នេះ​បាន​កើត​ឡើង​ចំពោះ​ប្ដី​ប្រពន្ធ​មួយ​គូ​ឈ្មោះ​ខេន​និង​វឺរ៉ូនីកា។ បង​ប្រុស​ខេន​និយាយ​ថា​៖ ​«​មិត្ត​ភក្ដិ​និង​ក្រុម​គ្រួសារ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​សាក​វិធី​ថ្មី​ៗ​ក្នុង​កិច្ច​បម្រើ។ យើង​ឃើញ​ថា​ការ​សេព​គប់​ពួក​អ្នក​ដែល​ស្វែង​រក​រាជាណាចក្រ​ព្រះ​ជា​មុន​បាន​នាំ​ឲ្យ​យើង​មាន​ទំនុក​ចិត្ត​សាក​ធ្វើ​អ្វី​ថ្មី​»។ ឥឡូវ បង​ខេន​និង​បង​វឺរ៉ូនីកា​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​ស៊ែប៊ី។

១៦. ដូច​បាន​បង្ហាញ​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​នៅ​លូកា ១២:១៦​-​២១ ហេតុ​អ្វី​យើង​គួរ​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់?

១៦ ចូរ​ធ្វើ​ការ​លះ​បង់​ដើម្បី​ព្រះ​យេហូវ៉ា។ ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​មិន​ចាំ​បាច់​លះ​ចោល​អ្វី​ៗ​ទាំង​អស់​ដែល​យើង​ចូល​ចិត្ត​ទេ។ (​អទ. ៥:១៩, ២០​) ប៉ុន្តែ បើ​យើង​ស្ទាក់​ស្ទើរ​មិន​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ ដោយ​សារ​យើង​មិន​ចង់​ធ្វើ​ការ​លះ​បង់ យើង​អាច​ធ្វើ​ខុស​ស្រដៀង​នឹង​កំហុស​របស់​បុរស​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ ដែល​ធ្វើ​ឲ្យ​ជីវិត​ខ្លួន​សុខ​ស្រួល តែ​មិន​បាន​អើពើ​នឹង​ព្រះ​ទេ។ (​សូម​អាន លូកា ១២:១៦​-​២១) បង​ប្រុស​ម្នាក់​ឈ្មោះ​គ្រីស្ទាន​ដែល​រស់​នៅ​ប្រទេស​បារាំង​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​ខ្ញុំ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ព្រះ​យេហូវ៉ា​និង​ក្រុម​គ្រួសារ​ខ្ញុំ​ទេ​»។ ក្រោយ​មក គាត់​និង​ប្រពន្ធ​សម្រេច​ចិត្ត​ត្រួស​ត្រាយ។ ប៉ុន្តែ ដើម្បី​សម្រេច​គោល​ដៅ​នោះ ពួក​គេ​ត្រូវ​លា​ឈប់​ពី​ការ​ងារ​របស់​ពួក​គេ។ ដូច្នេះ ពួក​គេ​បាន​ចាប់​ផ្ដើម​មុខ​របរ​តូច​មួយ​ជា​អ្នក​សម្អាត​ដើម្បី​ចិញ្ចឹម​ជីវិត ហើយ​ពួក​គេ​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត​នឹង​ប្រាក់​ចំណូល​តិច​ជាង។ តើ​ការ​លះ​បង់​នោះ​មាន​ប្រយោជន៍​ឬ​ទេ? បង​គ្រីស្ទាន​និយាយ​ថា​៖ ​«​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​មាន​ន័យ​ខ្លឹម​សារ​ជាង​មុន ហើយ​យើង​សប្បាយ​ចិត្ត​ឃើញ​សិស្ស​គម្ពីរ​និង​ការ​ត្រឡប់​ទៅ​ជួប​រៀន​អំពី​ព្រះ​យេហូវ៉ា​»។

១៧. ហេតុ​អ្វី​យើង​ប្រហែល​ជា​ពិបាក​សាក​ល្បង​វិធី​ផ្សព្វ​ផ្សាយ​ថ្មី?

១៧ ចូរ​សុខ​ចិត្ត​សាក​ល្បង​វិធី​ផ្សព្វ​ផ្សាយ​ថ្មី។ (​សកម្ម. ១៧:១៦, ១៧; ២០:២០, ២១​) បង​ស្រី​ស៊ើ​លី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នៅ​សហរដ្ឋ​អាម៉េរិក​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​ដែល​គាត់​ផ្សព្វ​ផ្សាយ ក្នុង​អំឡុង​ពេល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​-​១៩។ ដំបូង គាត់​ស្ទាក់​ស្ទើរ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ។ ប៉ុន្តែ ក្រោយ​ពី​គាត់​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល គាត់​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ​ជា​រឿយ​ៗ។ គាត់​និយាយ​ថា​៖ ​«​ដំបូង​គួរ​ឲ្យ​ភ័យ តែ​ឥឡូវ​ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​បែប​នេះ​ណាស់។ យើង​ជួប​មនុស្ស​តាម​ទូរស័ព្ទ​ច្រើន​ជាង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​ទៅ​ផ្ទះ​មួយ​»។

១៨. បើ​មាន​អ្វី​ធ្វើ​ឲ្យ​យើង​ពិបាក​បង្កើន​កិច្ច​បម្រើ​ផ្សាយ តើ​អ្វី​អាច​ជួយ​យើង?

១៨ ចូរ​កំណត់​គោល​ដៅ​និង​ចាត់​វិធានការ​ដើម្បី​សម្រេច​គោល​ដៅ​នោះ។ ពេល​យើង​មាន​បញ្ហា យើង​អធិដ្ឋាន ហើយ​ព្យាយាម​ប្រើ​សមត្ថភាព​រិះ​គិត​ដើម្បី​ចាត់​វិធានការ។ (​សុភ. ៣:២១​) បង​ស្រី​សុនយ៉ា​ដែល​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ក្រុម​ភាសា​រ៉ូម៉ានី​នា​ទ្វីប​អឺរ៉ុប និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​សរសេរ​គោល​ដៅ​របស់​ខ្ញុំ​នៅ​លើ​ក្រដាស ហើយ​ទុក​ក្រដាស​នោះ​នៅ​កន្លែង​ដែល​ងាយ​ស្រួល​មើល​ឃើញ។ នៅ​លើ​តុ​របស់​ខ្ញុំ​មាន​រូប​ភាព​ផ្លូវ​បំបែក។ ពេល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត ខ្ញុំ​មើល​រូប​ភាព​នោះ ហើយ​គិត​ថា​តើ​ការ​សម្រេច​ចិត្ត​នោះ​នឹង​នាំ​ខ្ញុំ​ទៅ​ដល់​ណា?​»។ បង​សុនយ៉ា​ព្យាយាម​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ពិបាក​ដែល​គាត់​ជួប។ គាត់​និយាយ​ថា​៖ ​«​កាលៈទេសៈ​ថ្មី​នីមួយ​ៗ​អាច​ប្រៀប​ដូច​ជា​ជញ្ជាំង​ដែល​បាំង​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ ឬ​ជា​ស្ពាន​ដែល​ជួយ​ចម្លង​ខ្ញុំ គឺ​អាស្រ័យ​លើ​ចិត្ត​គំនិត​របស់​ខ្ញុំ​»។

១៩. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៩ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​យើង​តាម​វិធី​ជា​ច្រើន។ យើង​អាច​បង្ហាញ​ថា យើង​ឲ្យ​តម្លៃ​ខ្លាំង​យ៉ាង​ណា​ចំពោះ​ពរ​ទាំង​នោះ ដោយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ។ (​ហេ. ១៣:១៥​) នេះ​ប្រហែល​ជា​រួម​បញ្ចូល​ការ​ស្វែង​យល់​អំពី​របៀប​ថ្មី​ៗ​ដើម្បី​បង្កើន​កិច្ច​បម្រើ​ផ្សាយ​របស់​យើង ហើយ​ព្រះ​យេហូវ៉ា​ប្រហែល​ជា​នឹង​ឲ្យ​ពរ​យើង​ថែម​ទៀត។ រាល់​ថ្ងៃ សូម​យើង​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​«​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ​»។ យ៉ាង​នេះ យើង​នឹង​យក​តម្រាប់​លោក​យេស៊ូ​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អាហារ​របស់​ខ្ញុំ គឺ​ខ្ញុំ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ព្រម​ទាំង​បង្ហើយ​កិច្ច​ការ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ផង​»។—យ៉ូន. ៤:៣៤

ចម្រៀង​លេខ​៨០ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​លោក​ល្អ​»​

^ វគ្គ 5 អ្វី​ល្អ​ៗ​ទាំង​អស់​មក​ពី​ព្រះ​យេហូវ៉ា។ លោក​ផ្ដល់​អ្វី​ល្អ​ៗ​ដល់​មនុស្ស​គ្រប់​រូប រួម​ទាំង​មនុស្ស​ទុច្ចរិត​ផង​ដែរ។ ប៉ុន្តែ​ជា​ពិសេស លោក​ចង់​ធ្វើ​អ្វី​ល្អ​ៗ​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​ដ៏​ស្មោះ​ត្រង់​របស់​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​អ្វី​ល្អ​ដល់​អ្នក​បម្រើ​លោក។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដ៏​ពិសេស​ដែល​ពួក​អ្នក​ដែល​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ​ទទួល​គុណធម៌​របស់​ព្រះ​យេហូវ៉ា។

^ វគ្គ 7 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 14 អត្ថបទ​ត​ភាគ​នេះ​ធ្លាប់​បោះ​ពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​ឥឡូវ​មាន​នៅ​គេហទំព័រ​jw.org/km។ សូម​ចុច​«​អំពី​យើង​»​ ▸ ​«​បទ​ពិសោធន៍​»​ ▸ ​«​ការ​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​»។