លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៣

ចូរមានអំណរចំពោះឯកសិទ្ធិដែលអ្នកមាន

ចូរមានអំណរចំពោះឯកសិទ្ធិដែលអ្នកមាន

​«​បើ​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ នោះ​ប្រសើរ​ជាង​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន​»។—អទ. ៦:៩

ចម្រៀង​លេខ​១១១ មូលហេតុ​ដែល​យើង​មាន​អំណរ

សេចក្ដី​សង្ខេប *

១. តើ​បង​ប្អូន​ជា​ច្រើន​នាក់​កំពុង​ព្យាយាម​ធ្វើ​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ខ្លះ?

 យើង​មាន​កិច្ច​ការ​ច្រើន​ដែល​ត្រូវ​ធ្វើ កាល​ដែល​របៀប​របប​ពិភព​លោក​នេះ​កាន់​តែ​ជិត​មក​ដល់​ទី​បញ្ចប់។ (​ម៉ាថ. ២៤:១៤; លូក. ១០:២; ១ពេ. ៥:២​) យើង​ទាំង​អស់​គ្នា​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​អស់​ពី​សមត្ថភាព។ បង​ប្អូន​ជា​ច្រើន​នាក់​កំពុង​បង្កើន​កិច្ច​បម្រើ​របស់​ពួក​គេ។ អ្នក​ខ្លះ​ចង់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ។ អ្នក​ខ្លះ​ទៀត​ចង់​បម្រើ​នៅ​បេតអែល ឬ​ចូល​រួម​កិច្ច​ការ​សាង​សង់​អគារ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ម្យ៉ាង​ទៀត បង​ប្អូន​ប្រុស​ជា​ច្រើន​នាក់​កំពុង​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ឬ​អ្នក​ចាស់​ទុំ។ (​១ធី. ៣:១,​) ព្រះ​យេហូវ៉ា​ប្រាកដ​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​លោក​ឃើញ​រាស្ត្រ​របស់​លោក​ស្ម័គ្រ​ចិត្ត​បម្រើ​លោក!—ចសព. ១១០:៣; អេ. ៦:៨

២. តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា បើ​យើង​មិន​សម្រេច​គោល​ដៅ​ខ្លះ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត បើ​ពេល​វេលា​កន្លង​ទៅ ហើយ​យើង​មិន​ទាន់​សម្រេច​គោល​ដៅ​ខ្លះ​ក្នុង​កិច្ច​បម្រើ​ព្រះ។ មួយ​វិញ​ទៀត យើង​ប្រហែល​ជា​ធ្លាក់​ទឹក​ចិត្ត បើ​យើង​មិន​អាច​ធ្វើ​អ្វី​ផ្សេង​ៗ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ចាស់​ពេក ឬ​ដោយ​សារ​មូលហេតុ​ផ្សេង​ទៀត។ (​សុភ. ១៣:១២​) បង​ស្រី​មេលីសា *ស្ថិត​ក្នុង​ស្ថានភាព​នេះ។ គាត់​ចង់​បម្រើ​នៅ​បេតអែល ឬ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ប៉ុន្តែ គាត់​និយាយ​ថា​៖ ​«​ឥឡូវ ខ្ញុំ​ហួស​អាយុ​ហើយ។ សម្រាប់​ខ្ញុំ ឯកសិទ្ធិ​ទាំង​នោះ​គឺ​បាន​ត្រឹម​តែ​ស្រមៃ។ ជួន​កាល នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​»។

៣. តើ​បង​ប្អូន​ខ្លះ​ប្រហែល​ជា​ត្រូវ​ធ្វើ​អ្វី ដើម្បី​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ទទួល​ភារកិច្ច​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

បង​ប្អូន​ខ្លះ​ដែល​នៅ​ក្មេង​និង​មាន​សុខភាព​ល្អ ប្រហែល​ជា​ត្រូវ​មាន​ភាព​ចាស់​ទុំ​និង​បង្ហាញ​គុណ​សម្បត្តិ​មួយ​ចំនួន​ទៀត​សិន មុន​ដែល​ពួក​គេ​អាច​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ថែម​ទៀត។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​ឆ្លាត រហ័ស​រហួន និង​ខ្នះខ្នែង តែ​ពួក​គេ​ប្រហែល​ជា​ត្រូវ​រៀន​ឲ្យ​ចេះ​អត់​ធ្មត់ ហ្មត់​ចត់ ឬ​ចេះ​បង្ហាញ​ការ​គោរព​ច្រើន​ជាង​ចំពោះ​អ្នក​ឯ​ទៀត។ បើ​អ្នក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដែល​ខ្លួន​ត្រូវ​ការ អ្នក​ប្រហែល​ជា​នឹង​ទទួល​ភារកិច្ច​ណា​មួយ ពេល​ដែល​អ្នក​មិន​នឹក​ស្មាន។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ប្រុស​នីក។ ពេល​គាត់​មាន​អាយុ​២០​ឆ្នាំ គាត់​ខក​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​គាត់​មិន​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា​មក​ពី​ខ្ញុំ​នេះ​មិន​ល្អ​»។ ប៉ុន្តែ បង​នីក​មិន​បាន​ឈប់​ព្យាយាម​ទេ។ គាត់​ខំ​អស់​ពី​សមត្ថភាព​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ សព្វ​ថ្ងៃ​នេះ គាត់​បម្រើ​ជា​សមាជិក​ម្នាក់​នៃ​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​មួយ។

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

តើ​អ្នក​ធ្លាក់​ទឹក​ចិត្ត​ដោយ​សារ​អ្នក​មិន​ទាន់​សម្រេច​គោល​ដៅ​ណា​មួយ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ? បើ​ដូច្នេះ សូម​ប្រាប់​ព្រះ​យេហូវ៉ា​អំពី​អារម្មណ៍​របស់​អ្នក។ (​ចសព. ៣៧:៥​-​៧​) អ្នក​ក៏​អាច​សុំ​យោបល់​ពី​បង​ប្រុស​ៗ​ដែល​មាន​បទ​ពិសោធន៍ អំពី​របៀប​ដែល​អ្នក​អាច​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ។ រួច​មក ចូរ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​យោបល់​របស់​ពួក​គេ។ បើ​អ្នក​ធ្វើ​បែប​នេះ អ្នក​ប្រហែល​ជា​អាច​ទទួល​ឯកសិទ្ធិ​ឬ​សម្រេច​គោល​ដៅ​នោះ។ ប៉ុន្តែ ចុះ​បើ​ដូច​ក្នុង​ករណី​បង​មេលីសា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ឯកសិទ្ធិ​ដែល​អ្នក​ចង់​បាន​គឺ​ហួស​ពី​សមត្ថភាព​របស់​អ្នក​នៅ​ឥឡូវ​នេះ? តើ​អ្នក​នៅ​តែ​អាច​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច​បាន? ដើម្បី​ឆ្លើយ យើង​នឹង​ពិចារណា​ចំណុច​បី​ក្នុង​អត្ថបទ​នេះ​គឺ (​១​) អ្វី​ដែល​ជួយ​ឲ្យ​មាន​អំណរ (​២​) របៀប​មាន​អំណរ​ថែម​ទៀត និង​ (​៣​) គោល​ដៅ​ណា​ខ្លះ​ដែល​អ្នក​អាច​កំណត់​ដើម្បី​នាំ​ឲ្យ​មាន​អំណរ​ថែម​ទៀត។

អ្វី​ដែល​ជួយ​ឲ្យ​មាន​អំណរ

៥. ដើម្បី​មាន​អំណរ តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី? (​អ្នក​ទូន្មាន ៦:៩​)

អ្នក​ទូន្មាន ៦:៩ ពន្យល់​អំពី​អ្វី​ដែល​អាច​ជួយ​យើង​ឲ្យ​មាន​អំណរ។ (​សូម​អាន​) បុគ្គល​ដែល​«​សប្បាយ​នឹង​អ្វី​ដែល​ភ្នែក​មើល​ឃើញ​»​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​គាត់​មាន ដូច​ជា​ស្ថានភាព​របស់​គាត់​នៅ​សព្វ​ថ្ងៃ​នេះ។ ផ្ទុយ​ទៅ​វិញ បុគ្គល​ដែល​ដេញ​តាម​អ្វី​ដែល​ចិត្ត​ប្រាថ្នា​ចង់​បាន បន្ត​ប៉ង​អ្វី​ដែល​គាត់​មិន​អាច​ទទួល​បាន។ ដូច្នេះ តើ​មាន​មេ​រៀន​អ្វី​សម្រាប់​យើង? ដើម្បី​មាន​អំណរ យើង​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​មាន និង​ទៅ​លើ​គោល​ដៅ​ដែល​យើង​អាច​សម្រេច​បាន។

៦. តើ​យើង​នឹង​ពិចារណា​អំពី​ឧទាហរណ៍​អ្វី​នៅ​ឥឡូវ​នេះ ហើយ​តើ​យើង​នឹង​រៀន​អ្វី​ពី​ឧទាហរណ៍​នោះ?

តើ​អ្នក​ពិត​ជា​អាច​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន​រួច​ហើយ​ឬ​ទេ? មនុស្ស​ជា​ច្រើន​គិត​ថា​នេះ​មិន​អាច​ទៅ​រួច​ទេ ដោយ​សារ​តាម​ធម្មតា​ពេល​យើង​មាន​ស្ថានភាព​ដដែល​ៗ យូរ​ៗ​ទៅ​យើង​ចង់​សាក​ធ្វើ​អ្វី​ថ្មី​ៗ។ ប៉ុន្តែ​យើង​អាច​ស្កប់​ចិត្ត​បាន។ តាម​ការ​ពិត យើង​ពិត​ជា​អាច​សប្បាយ​នឹង​អ្វី​ដែល​យើង​មាន។ តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ដូច្នេះ? ដើម្បី​ដឹង សូម​យើង​ពិចារណា​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន ដែល​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាថាយ ២៥:១៤​-​៣០។ តាម​រយៈ​ឧទាហរណ៍​នេះ យើង​នឹង​រៀន​អំពី​របៀប​មាន​អំណរ និង​របៀប​កាន់​តែ​ទទួល​អំណរ​នៅ​បច្ចុប្បន្ន​នេះ។

របៀប​មាន​អំណរ​ថែម​ទៀត

៧. សូម​សង្ខេប​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន។

ក្នុង​ឧទាហរណ៍​នោះ បុរស​ម្នាក់​ហៀប​នឹង​ចេញ​ធ្វើ​ដំណើរ។ មុន​ចាក​ចេញ គាត់​បាន​ហៅ​ខ្ញុំ​បម្រើ​របស់​គាត់​មក ហើយ​បាន​ឲ្យ​ថាលិន *ដល់​ពួក​គេ​ម្នាក់​ៗ​ដើម្បី​រក​ស៊ី។ ដោយ​គិត​អំពី​សមត្ថភាព​របស់​ពួក​គេ​រៀង​ៗ​ខ្លួន បុរស​នោះ​បាន​ឲ្យ​ប្រាំ​ថាលិន​ដល់​ខ្ញុំ​បម្រើ​ម្នាក់ ពីរ​ថាលិន​ដល់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត និង​មួយ​ថាលិន​ដល់​ខ្ញុំ​បម្រើ​ទី​៣។ ខ្ញុំ​បម្រើ​ទី​១​និង​ទី​២​បាន​ខំ​ប្រឹង​រក​ស៊ី​ឲ្យ​ចំណេញ​ប្រាក់។ ប៉ុន្តែ ខ្ញុំ​បម្រើ​ទី​៣​មិន​បាន​ធ្វើ​អ្វី​សោះ​ចំពោះ​ប្រាក់​ដែល​គាត់​បាន​ទទួល។ ដូច្នេះ ម្ចាស់​បាន​បញ្ឈប់​គាត់​ពី​ការ​ងារ​របស់​គាត់។

៨. ហេតុ​អ្វី​ខ្ញុំ​បម្រើ​ទី​១​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អាច​មាន​អំណរ?

ខ្ញុំ​បម្រើ​ទី​១​ច្បាស់​ជា​មាន​អារម្មណ៍​ថា ការ​ទទួល​ប្រាំ​ថាលិន​ពី​ម្ចាស់​របស់​គាត់​គឺ​ជា​ឯកសិទ្ធិ។ នេះ​គឺ​ជា​ចំនួន​ប្រាក់​ដ៏​ច្រើន ហើយ​បង្ហាញ​ថា​ម្ចាស់​របស់​គាត់​ទុក​ចិត្ត​គាត់​ខ្លាំង​ណាស់! ប៉ុន្តែ ចុះ​យ៉ាង​ណា​ខ្ញុំ​បម្រើ​ទី​២? គាត់​អាច​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​គាត់​មិន​បាន​ទទួល​ប្រាក់​ថាលិន​ច្រើន​ស្មើ​នឹង​ខ្ញុំ​បម្រើ​ទី​១​ទេ។ ក៏​ប៉ុន្តែ តើ​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា?

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ខ្លះ​ពី​ខ្ញុំ​បម្រើ​ទី​២​នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ? (១) គាត់​បាន​ទទួល​ពីរ​ថាលិន​ពី​ម្ចាស់​របស់​គាត់។ (២) គាត់​បាន​ខំ​រក​ស៊ី​ឲ្យ​ចំណេញ​ប្រាក់​ដើម្បី​ម្ចាស់​របស់​គាត់។ (៣) គាត់​បាន​ចំណេញ​ប្រាក់​ថាលិន​មួយ​ទ្វេ​ជា​ពីរ​ឲ្យ​ម្ចាស់​គាត់ (​សូម​មើល​វគ្គ​៩​-​១១​)

៩. តើ​លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​ខ្ញុំ​បម្រើ​ទី​២? (​ម៉ាថាយ ២៥:២២, ២៣​)

សូម​អាន ម៉ាថាយ ២៥:២២, ២៣លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​ខ្ញុំ​បម្រើ​ទី​២​ខឹង​និង​អន់​ចិត្ត ដោយ​សារ​គាត់​បាន​ទទួល​ត្រឹម​តែ​ពីរ​ថាលិន​ទេ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​មិន​បាន​បង្ហាញ​ថា​ខ្ញុំ​បម្រើ​នោះ​បាន​ត្អូញត្អែរ​ថា ‹ម៉េច​ខ្ញុំ​បាន​តែ​ប៉ុណ្ណឹង? ខ្ញុំ​មាន​សមត្ថភាព​ដូច​ខ្ញុំ​បម្រើ​ដែល​បាន​ទទួល​ប្រាំ​ថាលិន​ដែរ! បើ​ម្ចាស់​របស់​ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ជា​អ្នក​ធ្វើ​ការ​ល្អ អ៊ីចឹង ខ្ញុំ​គួរ​កប់​ប្រាក់​របស់​គាត់ ហើយ​ធ្វើ​ស្រេច​នឹង​ចិត្ត​ខ្ញុំ​វិញ›។

១០. តើ​ខ្ញុំ​បម្រើ​ទី​២​បាន​ធ្វើ​អ្វី​ចំពោះ​ថាលិន​ដែល​គាត់​បាន​ទទួល?

១០ ដូច​ខ្ញុំ​បម្រើ​ទី​១ ខ្ញុំ​បម្រើ​ទី​២​បាន​ចាត់​ទុក​ភារកិច្ច​ដែល​គាត់​បាន​ទទួល​ថា​សំខាន់ ហើយ​ខំ​ធ្វើ​ការ​ដើម្បី​ម្ចាស់​គាត់។ ជា​លទ្ធផល គាត់​បាន​ចំណេញ​ប្រាក់​ថាលិន​របស់​ម្ចាស់​គាត់​មួយ​ទ្វេ​ជា​ពីរ។ ដោយ​សារ​ខ្ញុំ​បម្រើ​នេះ​បាន​ខំ​ប្រឹង​ព្យាយាម ម្ចាស់​គាត់​បាន​ឲ្យ​រង្វាន់​ដល់​គាត់។ ម្ចាស់​នោះ​មិន​គ្រាន់​តែ​អរ​សប្បាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ឲ្យ​ភារកិច្ច​ដល់​គាត់​ថែម​ទៀត!

១១. តើ​យើង​អាច​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង​យ៉ាង​ដូច​ម្ដេច?

១១ ស្រដៀង​គ្នា​ដែរ យើង​អាច​មាន​អំណរ​ថែម​ទៀត ដោយ​ជក់​ចិត្ត​ធ្វើ​កិច្ចការ​ដែល​យើង​បាន​ទទួល​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ចូរ​«​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​»​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ ហើយ​ចូរ​ជាប់​រវល់​ក្នុង​សកម្មភាព​ផ្សេង​ៗ​នៅ​ក្នុង​ក្រុម​ជំនុំ។ (​សកម្ម. ១៨:៥; ហេ. ១០:២៤, ២៥​) សូម​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​កិច្ច​ប្រជុំ ដើម្បី​អ្នក​អាច​ឆ្លើយ​ចម្លើយ​ដែល​លើក​ទឹក​ចិត្ត។ ចូរ​ចាត់​ទុក​ការ​សម្ដែង ឬ​សុន្ទរកថា​ដែល​អ្នក​ទទួល​ជា​សិស្ស​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក​ថា​សំខាន់។ បើ​អ្នក​បាន​ត្រូវ​សុំ​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​ណា​មួយ​ក្នុង​ក្រុម​ជំនុំ ចូរ​ទៀង​ពេល​និង​ធ្វើ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត។ សូម​កុំ​គិត​ថា​ភារកិច្ច​របស់​អ្នក​គឺ​មិន​សំខាន់ ហើយ​ថា​អ្នក​មិន​ចាំ​បាច់​ចំណាយ​ពេល​ទៅ​លើ​វា​នោះ​ទេ។ សូម​ព្យាយាម​បង្កើន​សមត្ថភាព​របស់​អ្នក។ (​សុភ. ២២:២៩​) កាល​ដែល​អ្នក​កាន់​តែ​ជក់​ចិត្ត​បំពេញ​កិច្ច​ការ​និង​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ អ្នក​នឹង​រីក​ចម្រើន​កាន់​តែ​លឿន ហើយ​មាន​អំណរ​កាន់​តែ​ខ្លាំង។ (​កាឡ. ៦:៤​) ម្យ៉ាង​ទៀត នោះ​នឹង​ងាយ​ស្រួល​ជាង​ឲ្យ​អ្នក​អរ​សប្បាយ​ជា​មួយ​បុគ្គល​ឯ​ទៀត ពេល​ពួក​គេ​ទទួល​ឯកសិទ្ធិ​ដែល​អ្នក​ចង់​ទទួល។—រ៉ូម ១២:១៥; កាឡ. ៥:២៦

១២. តើ​សាក្សី​ពីរ​នាក់​បាន​ធ្វើ​អ្វី​ដើម្បី​មាន​អំណរ​ថែម​ទៀត?

១២ តើ​អ្នក​ចាំ​អំពី​បង​មេលីសា​ដែល​ធ្លាប់​និយាយ​ថា​ចង់​បម្រើ​នៅ​បេតអែល ឬ​ចូល​សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ឬ​ទេ? ទោះ​ជា​គាត់​មិន​អាច​ធ្វើ​ដូច​ដែល​គាត់​ចង់​ធ្វើ​ក្ដី គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​បំពេញ​កិច្ច​ការ​របស់​ខ្ញុំ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ខ្ញុំ​សាក​ល្បង​វិធី​ផ្សព្វ​ផ្សាយ​គ្រប់​បែប​យ៉ាង។ នេះ​បាន​នាំ​ឲ្យ​ខ្ញុំ​មាន​អំណរ​ខ្លាំង​ណាស់​»។ ចុះ​យ៉ាង​ណា​បង​នីក? តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា​ដើម្បី​លែង​ខក​ចិត្ត ពេល​ដែល​គាត់​មិន​បាន​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ឯកសិទ្ធិ​ដែល​ខ្ញុំ​មាន ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ឆ្លើយ​ចម្លើយ​ដែល​មាន​ន័យ​ខ្លឹម​សារ​នៅ​កិច្ច​ប្រជុំ។ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល ហើយ​នៅ​ឆ្នាំ​បន្ទាប់​ខ្ញុំ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​បម្រើ​នៅ​ទី​នោះ​»។

១៣. បើ​អ្នក​ជក់​ចិត្ត​បំពេញ​ភារកិច្ច​របស់​អ្នក​នៅ​ឥឡូវ​នេះ តើ​នឹង​មាន​លទ្ធផល​អ្វី? (​អ្នក​ទូន្មាន ២:២៤​)

១៣ បើ​អ្នក​ជក់​ចិត្ត​ទាំង​ស្រុង​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​អ្នក​នៅ​ឥឡូវ​នេះ តើ​អ្នក​នឹង​ទទួល​ភារកិច្ច​ថែម​ទៀត​នៅ​ពេល​អនាគត​ឬ​ទេ? នេះ​អាច​កើត​ឡើង​ដូច​ដែល​បាន​កើត​ឡើង​ចំពោះ​បង​នីក។ ប៉ុន្តែ បើ​អ្នក​មិន​ទទួល​ភារកិច្ច​ថែម​ទៀត​ដូច​បទ​ពិសោធន៍​របស់​បង​មេលីសា អ្នក​នឹង​នៅ​តែ​មាន​អំណរ​ខ្លាំង​ជាង​និង​មាន​អារម្មណ៍​ស្កប់​ចិត្ត​ក្រៃ​លែង។ (​សូម​អាន អ្នក​ទូន្មាន ២:២៤) បន្ថែម​ទៅ​ទៀត អ្នក​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង​ដោយ​ដឹង​ថា​ការ​ខំ​ប្រឹង​ព្យាយាម​របស់​អ្នក នាំ​ឲ្យ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ម្ចាស់​របស់​យើង​ពេញ​ចិត្ត។

គោល​ដៅ​ដែល​នាំ​ឲ្យ​មាន​អំណរ​ថែម​ទៀត

១៤. ស្ដី​អំពី​គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ តើ​យើង​គួរ​នឹក​ចាំ​អំពី​អ្វី?

១៤ តើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ​មាន​ន័យ​ថា យើង​គួរ​ឈប់​ស្វែង​រក​វិធី​ដើម្បី​បង្កើន​កិច្ច​បម្រើ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? មិន​មែន​ទេ! យើង​គួរ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ដែល​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ និង​ធ្វើ​ជា​ជំនួយ​ដល់​បង​ប្អូន​រួម​ជំនឿ។ យើង​នឹង​សម្រេច​គោល​ដៅ​ទាំង​នេះ បើ​យើង​បង្ហាញ​ប្រាជ្ញា​និង​ចិត្ត​សុភាព ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​អ្នក​ឯ​ទៀត​ជា​ជាង​រក​ប្រយោជន៍​ខ្លួន។—សុភ. ១១:២; សកម្ម. ២០:៣៥

១៥. តើ​គោល​ដៅ​អ្វី​ខ្លះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អំណរ​ថែម​ទៀត?

១៥ តើ​អ្នក​អាច​កំណត់​គោល​ដៅ​អ្វី​ខ្លះ? ចូរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ស្វែង​យល់​ថា មាន​គោល​ដៅ​ណា​ខ្លះ​ដែល​អ្នក​អាច​សម្រេច​បាន។ (​សុភ. ១៦:៣; យ៉ា. ១:៥​) តើ​អ្នក​អាច​កំណត់​គោល​ដៅ​ណា​មួយ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ វគ្គ​ទី​១​ក្នុង​អត្ថបទ​នេះ ដូច​ជា​ត្រួស​ត្រាយ​ជំនួយ ត្រួស​ត្រាយ​ពេញ​ពេល បម្រើ​នៅ​បេតអែល ឬ​ចូល​រួម​កិច្ច​ការ​សាង​សង់​កន្លែង​គោរព​ប្រណិប័តន៍​ព្រះ​ឬ​ទេ? ឬ​ប្រហែល​ជា​អ្នក​អាច​រៀន​ភាសា​ថ្មី​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ឬ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​គេ​និយាយ​ភាសា​ផ្សេង។ អ្នក​អាច​រៀន​ថែម​ទៀត​អំពី​គោល​ដៅ​ទាំង​នេះ ដោយ​អាន​ជំពូក​ទី​១០ ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា និង​ដោយ​និយាយ​ជា​មួយ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក។ * កាល​ដែល​អ្នក​ព្យាយាម​សម្រេច​គោល​ដៅ​ទាំង​នេះ មនុស្ស​ទាំង​អស់​នឹង​ឃើញ​ថា​អ្នក​កំពុង​រីក​ចម្រើន ហើយ​អ្នក​នឹង​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង។

១៦. តើ​អ្នក​អាច​ធ្វើ​អ្វី បើ​អ្នក​មិន​អាច​សម្រេច​គោល​ដៅ​ណា​មួយ​នៅ​ឥឡូវ​នេះ?

១៦ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​នៅ​ឥឡូវ​នេះ​អ្នក​មិន​អាច​សម្រេច​គោល​ដៅ​ណា​មួយ​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នេះ? សូម​ព្យាយាម​កំណត់​គោល​ដៅ​មួយ​ដែល​អ្នក​អាច​សម្រេច​បាន។ សូម​គិត​ពិចារណា​អំពី​គោល​ដៅ​បន្ត​បន្ទាប់​នេះ។

តើ​អ្នក​អាច​សម្រេច​គោល​ដៅ​អ្វី? (​សូម​មើល​វគ្គ​១៧​) *

១៧. យោង​ទៅ​តាម​ធីម៉ូថេ​ទី​១ ៤:១៣, ១៥ តើ​បង​ប្អូន​ប្រុស​អាច​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​អ្នក​បង្រៀន​ដ៏​ប្រសើរ​ជាង?

១៧ សូម​អាន ធីម៉ូថេ​ទី​១ ៤:១៣, ១៥បើ​អ្នក​ជា​បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ អ្នក​អាច​ព្យាយាម​រីក​ចម្រើន​ក្នុង​ការ​ថ្លែង​សុន្ទរកថា​និង​ការ​បង្រៀន។ ហេតុ​អ្វី? ពីព្រោះ​ការ​«​ជក់​ចិត្ត​គំនិត​»​នឹង​ការ​អាន ការ​និយាយ និង​ការ​បង្រៀន នឹង​ជួយ​អ្នក​ស្ដាប់​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​ជាង។ សូម​ព្យាយាម​មាន​គោល​ដៅ​សិក្សា​ចំណុច​ហាត់​រៀន​នីមួយ​ៗ​ក្នុង​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន​ម្ដង​មួយ​ៗ ខំ​ហាត់​នៅ​ផ្ទះ និង​ព្យាយាម​ធ្វើ​តាម​ពេល​ថ្លែង​សុន្ទរកថា។ ចូរ​សុំ​យោបល់​ពី​អ្នក​ជូន​ឱវាទ​រង * ឬ​អ្នក​ចាស់​ទុំ​ឯ​ទៀត​ដែល​«​ធ្វើ​ការ​នឿយ​ហត់​ក្នុង​ការ​និយាយ​និង​ការ​បង្រៀន​អំពី​បណ្ដាំ​របស់​ព្រះ​»។ (​១ធី. ៥:១៧​) សូម​ផ្ដោត​អារម្មណ៍​មិន​គ្រាន់​តែ​ទៅ​លើ​ការ​យល់​អំពី​ចំណុច​ហាត់​រៀន​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​អ្នក​ស្ដាប់​ឲ្យ​ពង្រឹង​ជំនឿ ឬ​ជំ​រុញ​ចិត្ត​ពួក​គេ​ឲ្យ​ធ្វើ​តាម​អ្វី​មួយ​ដែល​បាន​ត្រូវ​លើក​ឡើង។ បើ​អ្នក​ធ្វើ​ដូច្នេះ ទាំង​អ្នក ទាំង​ពួក​គេ​នឹង​មាន​អំណរ​កាន់​តែ​ខ្លាំង​ឡើង។

តើ​អ្នក​អាច​សម្រេច​គោល​ដៅ​អ្វី? (​សូម​មើល​វគ្គ​១៨​) *

១៨. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៨ យើង​ទាំង​អស់​គ្នា​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ (​ម៉ាថ. ២៨:១៩, ២០; រ៉ូម ១០:១៤​) តើ​អ្នក​ចង់​មាន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ​ឬ​ទេ? ចូរ​កំណត់​គោល​ដៅ​ផ្សេង​ៗ កាល​ដែល​អ្នក​សិក្សា​និង​ធ្វើ​តាម​អ្វី​ដែល​អ្នក​រៀន​ពី​សៀវភៅ​ស្ដើង​ការ​បង្រៀន។ អ្នក​អាច​ទទួល​យោបល់​ថែម​ទៀត​ពី​ឯកសារ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ និង​ពី​វីដេអូ​ជា​គំរូ​ដែល​បាន​ត្រូវ​បង្ហាញ​នៅ​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ សូម​សាក​ល្បង​យោបល់​ផ្សេង​ៗ​ដើម្បី​ដឹង​ថា​វិធី​មួយ​ណា​ល្អ​ជាង​គេ។ ដោយ​ធ្វើ​តាម​យោបល់​ទាំង​នេះ អ្នក​នឹង​ប្រាកដ​ជា​មាន​អំណរ​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​ពី​ការ​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព។—២ធី. ៤:៥

តើ​អ្នក​អាច​សម្រេច​គោល​ដៅ​អ្វី? (​សូម​មើល​វគ្គ​១៩​) *

១៩. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក?

១៩ ពេល​គិត​អំពី​គោល​ដៅ​ដែល​អ្នក​អាច​កំណត់​ឲ្យ​ខ្លួន​ឯង សូម​កុំ​ភ្លេច​គោល​ដៅ​ដ៏​សំខាន់​បំផុត​មួយ ពោល​គឺ​ការ​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ជា​គ្រិស្ត​សាសនិក។ (​កាឡ. ៥:២២, ២៣; កូឡ. ៣:១២; ២ពេ. ១:៥​-​៨​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​នេះ? ឧបមា​ថា បើ​អ្នក​ចង់​មាន​ជំនឿ​ឲ្យ​កាន់​តែ​មាំ​មួន អ្នក​អាច​អាន​អត្ថបទ​ផ្សេង​ៗ​ក្នុង​សៀវភៅ​របស់​យើង​ដែល​មាន​យោបល់​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ពង្រឹង​ជំនឿ។ អ្នក​នឹង​ទទួល​ប្រយោជន៍​ពី​ការ​មើល​ផ្នែក​ផ្សេង​ៗ​នៃ​កម្ម​វិធី​JW​ទូរទស្សន៍​ដែល​លើក​ឡើង​អំពី​របៀប​ដែល​បង​ប្អូន​របស់​យើង​បាន​បង្ហាញ​ជំនឿ​ដ៏​ប្រសើរ កាល​ដែល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ បន្ទាប់​មក សូម​គិត​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​ជំនឿ​ដូច​ពួក​គេ​ក្នុង​ជីវិត​របស់​អ្នក។

២០. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​អំណរ​កាន់​តែ​ខ្លាំង​និង​កាត់​បន្ថយ​ការ​ខក​ចិត្ត?

២០ យើង​ទាំង​អស់​គ្នា​ប្រាកដ​ជា​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ជាង​ដែល​យើង​អាច​ធ្វើ​នៅ​ឥឡូវ​នេះ។ ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ យើង​នឹង​បម្រើ​លោក​យ៉ាង​ពេញ​លេញ។ ទម្រាំ​ដល់​ពេល​នោះ បើ​យើង​ខំ​ធ្វើ​អ្វី​ក៏​ដោយ​ដែល​យើង​អាច​ធ្វើ​នៅ​ឥឡូវ​នេះ​ដោយ​អស់​ពី​សមត្ថភាព យើង​អាច​មាន​អំណរ​កាន់​តែ​ខ្លាំង និង​មិន​សូវ​មាន​អារម្មណ៍​ខក​ចិត្ត​ឡើយ។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​នឹង​លើក​កិត្តិយស​និង​សរសើរ​ព្រះ​យេហូវ៉ា​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​១ធី. ១:១១​) ដូច្នេះ សូម​យើង​អរ​សប្បាយ​នឹង​ឯកសិទ្ធិ​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ!

ចម្រៀង​លេខ​៨២ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​»​

^ វគ្គ 5 យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់ ហើយ​ចង់​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​លោក។ ហេតុ​នេះ​ហើយ យើង​ជា​ច្រើន​នាក់​ចង់​ធ្វើ​ថែម​ទៀត​ក្នុង​កិច្ច​បម្រើ​ផ្សាយ ឬ​ព្យាយាម​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ។ ប៉ុន្តែ ចុះ​បើ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ហើយ តែ​យើង​នៅ​តែ​មិន​អាច​សម្រេច​គោល​ដៅ​ខ្លះ? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា និង​រក្សា​អំណរ​របស់​យើង? ចម្លើយ​ចំពោះ​សំណួរ​នេះ​គឺ​នៅ​ក្នុង​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន។

^ វគ្គ 2 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 7 ការ​ពន្យល់​ពាក្យ: មួយ​ថាលិន​ស្មើ​នឹង​ប្រាក់​ដែល​កម្មករ​ម្នាក់​រក​បាន​ក្នុង​រយៈ​ពេល​ប្រហែល​ជា​២០​ឆ្នាំ។

^ វគ្គ 15 បង​ប្អូន​ប្រុស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ខំ​ព្យាយាម​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​និង​អ្នក​ចាស់​ទុំ។ អ្នក​អាច​ទទួល​ព័ត៌មាន​ថែម​ទៀត​អំពី​តម្រូវ​ការ​ដើម្បី​ទទួល​មុខ​ងារ​ទាំង​នេះ នៅ​ជំពូក​៥​និង​៦​ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា

^ វគ្គ 17 ការ​ពន្យល់​ពាក្យ: អ្នក​ជូន​ឱវាទ​រង​គឺ​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​ភារកិច្ច​ជូន​យោបល់​ដោយ​ឡែក​បើ​ចាំ​បាច់ ដល់​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ ស្ដី​អំពី​សុន្ទរកថា​ដែល​ពួក​គេ​បាន​ថ្លែង​ក្នុង​ក្រុម​ជំនុំ។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: ដើម្បី​សម្រេច​គោល​ដៅ​របស់​គាត់​ឲ្យ​ទៅ​ជា​អ្នក​បង្រៀន​ដែល​ល្អ​ប្រសើរ​ជាង បង​ប្រុស​ម្នាក់​ធ្វើ​ការ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​កំណត់​គោល​ដៅ​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ បង​ស្រី​ម្នាក់​ស្នើ​ផ្ដល់​កាតវីស៊ីត​មួយ​ដល់​អ្នក​រត់​តុ។

^ វគ្គ 68 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ដែល​មាន​គោល​ដៅ​ចង់​បង្ហាញ​ចិត្ត​ទូលាយ​ច្រើន​ជាង ឲ្យ​អំណោយ​ដល់​បង​ស្រី​រួម​ជំនឿ។