លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣០

ចូរឲ្យតម្លៃចំពោះតួនាទីរបស់អ្នកក្នុងក្រុមគ្រួសារព្រះយេហូវ៉ា

ចូរឲ្យតម្លៃចំពោះតួនាទីរបស់អ្នកក្នុងក្រុមគ្រួសារព្រះយេហូវ៉ា

​«​លោក​ឲ្យ​គាត់​ទាប​ជាង​ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ លោក​ថែម​ទាំង​ឲ្យ​គាត់​មាន​កិត្តិយស​និង​សិរី​រុង​រឿង​ទៀត​ផង​»។—ចសព. ៨:៥

ចម្រៀង​លេខ​១២៣ ចុះ​ចូល​ដោយ​ស្មោះ​ក្រោម​ការ​រៀបចំ​របស់​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​យើង​ប្រហែល​ជា​សួរ​សំណួរ​យ៉ាង​ណា ពេល​យើង​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត?

ពេល​យើង​គិត​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត យើង​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​ដាវីឌ​ជា​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ដែល​បាន​អធិដ្ឋាន​សួរ​ព្រះ​យេហូវ៉ា​ថា​៖ ​«​ពេល​ខ្ញុំ​សម្លឹង​មើល​មេឃ​ជា​ស្នា​ដៃ​របស់​លោក ហើយ​មើល​ដួង​ចន្ទ និង​ដួង​តារា ដែល​លោក​បាន​បង្កើត ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា តើ​មនុស្សជាតិ​ជា​អ្វី​ដែល​លោក​ត្រូវ​គិត​ដល់? ហើយ​តើ​កូន​មនុស្ស​ជា​អ្នក​ណា​បាន​ជា​លោក​ត្រូវ​ថែ​រក្សា?​»។ (​ចសព. ៨:៣, ៤​) ដូច​ដាវីឌ យើង​ប្រហែល​ជា​គិត​ថា​យើង​តូច​តាច បើ​ប្រៀប​ធៀប​នឹង​ដួង​តារា​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត ហើយ​យើង​កោត​ស្ងើច​ដែល​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ឃើញ​ថា ព្រះ​យេហូវ៉ា​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដំបូង​បង្អស់​គឺ​អាដាម​និង​អេវ៉ា ហើយ​លោក​ក៏​បាន​ឲ្យ​ពួក​គេ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ដែរ។

២. តើ​អ្វី​ជា​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អាដាម​និង​អេវ៉ា?

អាដាម​និង​អេវ៉ា​ជា​មនុស្ស​ដំបូង​ដែល​ជា​កូន​របស់​ព្រះ​យេហូវ៉ា ហើយ​លោក​ជា​បិតា​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​ពួក​គេ។ លោក​ឲ្យ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​នូវ​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ព្រះ​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែនដី​ចុះ ហើយ​ចូរ​គ្រប់​គ្រង​ផែនដី​»។ (​ដក. ១:២៨​) ដូច្នេះ លោក​ចង់​ឲ្យ​ពួក​គេ​បង្កើត​កូន និង​ថែ​រក្សា​ផែនដី​ដែល​ជា​ទី​លំនៅ​របស់​ពួក​គេ​ឲ្យ​បាន​ល្អ។ បើ​អាដាម​និង​អេវ៉ា​បាន​ស្ដាប់​បង្គាប់ និង​បាន​ធ្វើ​អ្វី​ទាំង​អស់​ដែល​ព្រះ​បាន​សុំ​ពួក​គេ​ឲ្យ​ធ្វើ នោះ​ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ​នឹង​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​ជា​រៀង​រហូត។

៣. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​អាដាម​និង​អេវ៉ា​មាន​តួ​នាទី​សំខាន់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា?

អាដាម​និង​អេវ៉ា​មាន​តួ​នាទី​សំខាន់​ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ នៅ​ចម្រៀង​សរសើរ​ព្រះ ៨:៥ ដាវីឌ​បាន​និយាយ​អំ​ពី​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស ថា​៖ ​«​លោក​ឲ្យ​គាត់​ទាប​ជាង​ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ លោក​ថែម​ទាំង​ឲ្យ​គាត់​មាន​កិត្តិយស​និង​សិរី​រុង​រឿង​ទៀត​ផង​»។ ពិត​មែន​ថា ព្រះ​យេហូវ៉ា​មិន​បង្កើត​មនុស្ស​ឲ្យ​មាន​កម្លាំង ប្រាជ្ញា និង​សមត្ថភាព​ស្មើ​នឹង​ទេវតា​ទេ។ (​ចសព. ១០៣:២០​) ប៉ុន្តែ មនុស្ស​គឺ​«​ទាប​ជាង​»​ពួក​ទេវតា​ដ៏​ខ្លាំង​ក្លា​ទាំង​នោះ​តែ​បន្តិច​ប៉ុណ្ណោះ។ នេះ​ពិត​ជា​អស្ចារ្យ​មែន! ពេល​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ដែល​ជា​ឪពុក​ម្ដាយ​ដំបូង​របស់​យើង លោក​បាន​ឲ្យ​ពួក​គេ​ជីវិត​ដ៏​ល្អ​ក្រៃ​លែង។

៤. តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​អាដាម​និង​អេវ៉ា​ដោយ​សារ​ពួក​គេ​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

 គួរ​ឲ្យ​ស្ដាយ​ណាស់ ដោយ​សារ​អាដាម​និង​អេវ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ពួក​គេ​លែង​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​លោក​ទៀត។ នេះ​បាន​បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ចំពោះ​កូន​ចៅ​របស់​ពួក​គេ ដូច​ដែល​យើង​នឹង​ឃើញ​ក្រោយ​មក​ក្នុង​អត្ថបទ​នេះ។ ប៉ុន្តែ គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​ទេ។ លោក​ចង់​ឲ្យ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​លោក​ធ្វើ​ជា​កូន​របស់​លោក​ជា​រៀង​រហូត។ ដំបូង សូម​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​យើង​មាន​តម្លៃ​ចំពោះ​លោក។ បន្ទាប់​មក យើង​នឹង​ពិចារណា​អំ​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​នៅ​ឥឡូវ​នេះ ដើម្បី​បង្ហាញ​ថា​យើង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ ចុង​ក្រោយ យើង​នឹង​ពិចារណា​អំ​ពី​ពរ​ដែល​កូន​របស់​ព្រះ​យេហូវ៉ា​នៅ​ផែនដី​នឹង​ទទួល​ជា​រៀង​រហូត។

របៀប​ព្រះ​យេហូវ៉ា​លើក​កិត្តិយស​មនុស្សជាតិ

តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​កិត្តិយស​ដល់​យើង​តាម​របៀប​ណា​ខ្លះ? (​សូម​មើល​វគ្គ​៥​-​១១​) *

៥. តើ​យើង​អាច​បង្ហាញ​ព្រះ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ដឹង​គុណ​លោក ដែល​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក?

ព្រះ​យេហូវ៉ា​លើក​កិត្តិយស​យើង​ដោយ​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក។ (​ដក. ១:២៦, ២៧​) ដោយ​សារ​យើង​បាន​ត្រូវ​បង្កើត​ឲ្យ​មាន​ភាព​ដូច​ព្រះ យើង​អាច​បណ្ដុះ​ឲ្យ​មាន​និង​បង្ហាញ​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ជា​ច្រើន​របស់​លោក ដូច​ជា​សេចក្ដី​ស្រឡាញ់ ចិត្ត​អាណិត​អាសូរ ភាព​ស្មោះ​ត្រង់ និង​សេចក្ដី​សុចរិត។ (​ចសព. ៨៦:១៥; ១៤៥:១៧​) កាល​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​បែប​នេះ យើង​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​ថា​យើង​ដឹង​គុណ​លោក។ (​១ពេ. ១:១៤​-​១៦​) ពេល​យើង​ធ្វើ​អ្វី​ៗ​ដែល​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ពេញ​ចិត្ត យើង​សប្បាយ​និង​ស្កប់​ចិត្ត។ ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​ភាព​ដូច​លោក យើង​អាច​ទៅ​ជា​មនុស្ស​ដែល​លោក​ចង់​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

៦. តើ​ព្រះ​យេហូវ៉ា​បាន​លើក​កិត្តិយស​មនុស្ស​យ៉ាង​ដូច​ម្ដេច​ពេល​លោក​រៀបចំ​ផែនដី?

ព្រះ​យេហូវ៉ា​បាន​រៀបចំ​ទី​លំនៅ​ដ៏​ពិសេស​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ផែនដី​សម្រាប់​មនុស្សជាតិ អស់​ជា​ច្រើន​ឆ្នាំ​មុន​ដែល​លោក​បាន​បង្កើត​បុរស​ដំបូង។ (​យ៉ូប ៣៨:៤​-​៦; យេ. ១០:១២​) ដោយ​សារ​ព្រះ​យេហូវ៉ា​សប្បុរស​និង​មាន​ចិត្ត​ទូលាយ លោក​បាន​ផ្ដល់​អ្វី​ល្អ​ៗ​ជា​ច្រើន​ដើម្បី​ឲ្យ​យើង​សប្បាយ។ (​ចសព. ១០៤:១៤, ១៥, ២៤​) ម្ដង​ម្កាល លោក​បាន​គិត​អំពី​អ្វី​ៗ​ដែល​លោក​បាន​បង្កើត ហើយ​លោក​«​បាន​ឃើញ​ថា​អ្វី​ទាំង​នោះ​គឺ​ល្អ​»។ (​ដក. ១:១០, ១២, ៣១​) លោក​បាន​លើក​កិត្តិយស​មនុស្ស ដោយ​ឲ្យ​ពួក​គេ​មាន​«​អំណាច​លើ​»​អស់​ទាំង​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​លោក​នៅ​ផែនដី។ (​ចសព. ៨:៦​) ព្រះ​ចង់​ឲ្យ​មនុស្ស​ល្អ​ឥត​ខ្ចោះ​អរ​សប្បាយ​ក្នុង​ការ​ថែ​រក្សា​អ្វី​ៗ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​បង្កើត។ តើ​អ្នក​អរគុណ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ​ចំពោះ​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​នេះ​ឬ​ទេ?

៧. តើ​តាម​របៀប​ណា​យ៉ូស្វេ ២៤:១៥ បង្ហាញ​ថា​មនុស្ស​មាន​ចិត្ត​សេរី?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​នូវ​អំណោយ​មួយ ពោល​គឺ​ចិត្ត​សេរី។ យ៉ាង​នេះ យើង​អាច​ជ្រើស​រើស​ឬ​សម្រេច​ចិត្ត​អំ​ពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ក្នុង​ជីវិត។ (​សូម​អាន យ៉ូស្វេ ២៤:១៥) សមត្ថភាព​ជ្រើស​រើស​ឬ​សម្រេច​ចិត្ត​នោះ​គឺ​ជា​ចិត្ត​សេរី។ ព្រះ​ដែល​ស្រឡាញ់​យើង អរ​សប្បាយ​ពេល​យើង​សម្រេច​ចិត្ត​បម្រើ​លោក។ (​ចសព. ៨៤:១១; សុភ. ២៧:១១​) យើង​អាច​ប្រើ​ចិត្ត​សេរី​របស់​យើង​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជា​ច្រើន​ទៀត។ សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។

៨. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ប្រើ​ចិត្ត​សេរី​របស់​លោក។

យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដោយ​សម្រេច​ចិត្ត​ថា​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រយោជន៍​អ្នក​ឯ​ទៀត​ច្រើន​ជាង​ប្រយោជន៍​ខ្លួន​ឯង។ នៅ​ពេល​មួយ លោក​យេស៊ូ​និង​ពួក​សាវ័ក​របស់​លោក​អស់​កម្លាំង​យ៉ាង​ខ្លាំង ដូច្នេះ​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​កន្លែង​ស្ងាត់​ដើម្បី​សម្រាក។ ប៉ុន្តែ ពួក​គាត់​មិន​អាច​សម្រាក​បាន​ទេ ពីព្រោះ​មនុស្ស​មួយ​ក្រុម​ធំ​បាន​មក ហើយ​ចង់​ឲ្យ​លោក​យេស៊ូ​បង្រៀន​ពួក​គេ។ លោក​យេស៊ូ​មិន​បាន​ខឹង​នឹង​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ចិត្ត​ក្ដួល​អាណិត​ចំពោះ​ពួក​គេ។ ដូច្នេះ តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? ​«​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ​អំ​ពី​អ្វី​ៗ​ជា​ច្រើន​»។ (​ម៉ាក. ៦:៣០​-​៣៤​) ពេល​យើង​យក​តម្រាប់​លោក​យេស៊ូ ដោយ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត យើង​នាំ​ឲ្យ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ទទួល​ការ​សរសើរ​តម្កើង។ (​ម៉ាថ. ៥:១៤​-​១៦​) យើង​ក៏​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

៩. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​អំណោយ​ដ៏​វិសេស​អ្វី​ដល់​មនុស្សជាតិ?

ព្រះ​យេហូវ៉ា​បាន​ឲ្យ​មនុស្ស​មាន​សមត្ថភាព​បង្កើត​កូន ហើយ​មាន​ភារកិច្ច​បង្រៀន​កូន​ៗ​ឲ្យ​ស្រឡាញ់​និង​បម្រើ​លោក។ បើ​អ្នក​ជា​ឪពុក​ម្ដាយ តើ​អ្នក​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដ៏​វិសេស​នេះ​ឬ​ទេ? ទោះ​ជា​ពួក​ទេវតា​ទទួល​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា​ក្ដី ពួក​គេ​មិន​បាន​ទទួល​ឯកសិទ្ធិ​នេះ​ទេ។ ដូច្នេះ បើ​អ្នក​ជា​ឪពុក​ម្ដាយ សូម​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​របស់​អ្នក​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន។ ឪពុក​ម្ដាយ​បាន​ទទួល​ភារកិច្ច​ដ៏​សំខាន់​មួយ គឺ​ចិញ្ចឹម​អប់រំ​កូន​តាម​«​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​»។ (​អេភ. ៦:៤; បច. ៦:៥​-​៧; ចសព. ១២៧:៣​) ដើម្បី​ជួយ​ឪពុក​ម្ដាយ អង្គការ​របស់​ព្រះ​ផ្ដល់​ឧបករណ៍​ជា​ច្រើន​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដូច​ជា​សៀវភៅ វីដេអូ ចម្រៀង និង​អត្ថបទ​តាម​គេហទំព័រ​របស់​យើង។ នេះ​ស​ឲ្យ​ឃើញ​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​និង​បុត្រ​របស់​លោក​ស្រឡាញ់​ប្អូន​ៗ​វ័យ​ក្មេង​មែន! (​លូក. ១៨:១៥​-​១៧​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​ឪពុក​ម្ដាយ​ពឹង​ផ្អែក​លើ​លោក និង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ថែ​ទាំ​កូន​ៗ​ដ៏​មាន​តម្លៃ​របស់​ពួក​គេ។ ឪពុក​ម្ដាយ​បែប​នេះ​ក៏​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត!

១០​-​១១. តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឱកាស​អ្វី​ឲ្យ​យើង​តាម​រយៈ​ថ្លៃ​លោះ?

១០ ព្រះ​យេហូវ៉ា​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់ ដើម្បី​យើង​អាច​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ម្ដង​ទៀត។ ដូច​បាន​រៀប​រាប់​នៅ​ វគ្គ​៤ ពេល​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ពួក​គេ​និង​កូន​ចៅ​របស់​ពួក​គេ​មិន​អាច​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ទៀត​ទេ។ (​រ៉ូម ៥:១២​) អាដាម​និង​អេវ៉ា​បាន​សម្រេច​ចិត្ត​មិន​ស្ដាប់​បង្គាប់​ព្រះ ដូច្នេះ​គឺ​សម​ត្រឹម​ត្រូវ​ដែល​ពួក​គេ​បាន​ត្រូវ​ដក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​លោក។ ប៉ុន្តែ ចុះ​យ៉ាង​ណា​ចំពោះ​កូន​ចៅ​របស់​ពួក​គេ? ព្រះ​យេហូវ៉ា​ស្រឡាញ់​មនុស្ស ដូច្នេះ​លោក​បាន​រៀបចំ​ឲ្យ​កូន​ចៅ​របស់​ពួក​គេ​ដែល​ស្ដាប់​បង្គាប់​លោក​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​លោក។ លោក​បាន​ធ្វើ​ដូច្នេះ តាម​រយៈ​គ្រឿង​បូជា​នៃ​បុត្រ​តែ​មួយ​របស់​លោក គឺ​លោក​យេស៊ូ​គ្រិស្ត។ (​យ៉ូន. ៣:១៦; រ៉ូម ៥:១៩​) ដោយ​សារ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ព្រះ​យេហូវ៉ា​អាច​ទទួល​មនុស្ស​ស្មោះ​ត្រង់​១៤៤.០០០​នាក់​ជា​កូន​របស់​លោក។—រ៉ូម ៨:១៥​-​១៧; បប. ១៤:១

១១ បន្ថែម​ទៅ​ទៀត មនុស្ស​ស្មោះ​ត្រង់​រាប់​លាន​នាក់​ទៀត​កំពុង​ស្ដាប់​បង្គាប់​ព្រះ​ដោយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ក្រោយ​ពី​ការ​សាក​ល្បង​ចុង​ក្រោយ​នៅ​ទី​បញ្ចប់​នៃ​គ្រា​១.០០០​ឆ្នាំ។ (​ចសព. ២៥:១៤; រ៉ូម ៨:២០, ២១​) ដោយ​សារ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​នោះ សូម្បី​តែ​នៅ​ឥឡូវ​នេះ ក៏​ពួក​គេ​ហៅ​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​របស់​ពួក​គេ​ថា​«​បិតា​»។ (​ម៉ាថ. ៦:៩​) ចំណែក​ឯ​ពួក​អ្នក​ដែល​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​ក៏​នឹង​មាន​ឱកាស​រៀន​អំ​ពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​ពួក​គេ។ ពួក​អ្នក​ដែល​សម្រេច​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ក៏​នឹង​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​នៅ​ពេល​ក្រោយ​មក​ដែរ។

១២. តើ​សំណួរ​អ្វី​នឹង​ត្រូវ​ឆ្លើយ​នៅ​ឥឡូវ​នេះ?

១២ ដូច​យើង​បាន​ឃើញ ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​លើក​កិត្តិយស​មនុស្ស។ លោក​បាន​ទទួល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​រួច​ហើយ​ឲ្យ​ធ្វើ​ជា​កូន​របស់​លោក ហើយ​លោក​បាន​ឲ្យ​«​មនុស្ស​មួយ​ក្រុម​ធំ​»​មាន​សេចក្ដី​សង្ឃឹម​ទៅ​ជា​កូន​របស់​លោក​នៅ​ក្នុង​ពិភព​លោក​ថ្មី។ (​បប. ៧:៩​) តើ​យើង​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​យើង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ជា​រៀង​រហូត?

ចូរ​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​អ្នក​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក

១៣. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ? (​ម៉ាកុស ១២:៣០​)

១៣ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​បម្រើ​លោក​អស់​ពី​ចិត្ត។ (​សូម​អាន ម៉ាកុស ១២:៣០) ប្រហែល​ជា​អំណោយ​ដ៏​វិសេស​បំផុត​មួយ​ដែល​យើង​ទទួល​ពី​ព្រះ​យេហូវ៉ា​គឺ យើង​អាច​គោរព​ប្រណិប័តន៍​លោក។ យើង​បង្ហាញ​ព្រះ​យេហូវ៉ា​ថា យើង​ស្រឡាញ់​លោក​ដោយ​«​កាន់​តាម​បញ្ញត្ដិ​របស់​លោក​»។ (​១យ៉ូន. ៥:៣​) បង្គាប់​មួយ​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ​តាម​គឺ​បង្គាប់​ដែល​លោក​យេស៊ូ​បាន​ឲ្យ​យើង ពោល​គឺ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ។ (​ម៉ាថ. ២៨:១៩​) លោក​ក៏​បង្គាប់​យើង​ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ (​យ៉ូន. ១៣:៣៥​) ព្រះ​យេហូវ៉ា​នឹង​យក​ពួក​អ្នក​ស្ដាប់​បង្គាប់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​លោក​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​នៅ​ទូទាំង​ពិភព​លោក។—ចសព. ១៥:១, ២

១៤. តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច? (​ម៉ាថាយ ៩:៣៦​-​៣៨; រ៉ូម ១២:១០​)

១៤ ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ព្រះ​យេហូវ៉ា។ (​១យ៉ូន. ៤:៨​) ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​មុន​ដែល​យើង​ស្គាល់​លោក។ (​១យ៉ូន. ៤:៩, ១០​) យើង​យក​តម្រាប់​លោក ពេល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត។ (​អេភ. ៥:១​) របៀប​ដ៏​ល្អ​បំផុត​មួយ​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត គឺ​ដោយ​ជួយ​ពួក​គេ​ឲ្យ​រៀន​អំ​ពី​ព្រះ​យេហូវ៉ា កាល​ដែល​នៅ​មាន​ពេល​នៅ​ឡើយ។ (​សូម​អាន ម៉ាថាយ ៩:៣៦​-​៣៨) ដោយ​ធ្វើ​ដូច្នេះ យើង​បើក​ឱកាស​ឲ្យ​ពួក​គេ​រៀន​អំ​ពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ ដើម្បី​ទៅ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ បន្ទាប់​ពី​បុគ្គល​ណា​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក យើង​ក៏​ត្រូវ​បន្ត​ស្រឡាញ់​និង​គោរព​គាត់​ដែរ។ (​១យ៉ូន. ៤:២០, ២១​) តើ​ការ​ធ្វើ​ដូច្នេះ​រួម​បញ្ចូល​អ្វី​ខ្លះ? គឺ​យើង​ត្រូវ​មាន​ទំនុក​ចិត្ត​ថា​គាត់​មាន​បំណង​ចិត្ត​ល្អ។ ជា​ឧទាហរណ៍ យើង​មិន​សង្ស័យ​អំ​ពី​បំណង​ចិត្ត​របស់​គាត់ ឬ​គិត​គាត់​ក្នុង​ផ្លូវ​អាក្រក់​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​លើក​កិត្តិយស​បង​ប្អូន​នោះ ដោយ​ចាត់​ទុក​គាត់​ថា​ប្រសើរ​ជាង​ខ្លួន។—សូម​អាន រ៉ូម ១២:១០; ភី. ២:៣

១៥. តើ​យើង​គួរ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​សប្បុរស​ចំពោះ​អ្នក​ណា​ខ្លះ?

១៥ ចូរ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​អស់។ បើ​យើង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត យើង​ត្រូវ​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​នៅ​ក្នុង​ជីវិត​យើង។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បង្រៀន​ថា យើង​គួរ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​និង​សេចក្ដី​សប្បុរស​ដល់​មនុស្ស​ទាំង​អស់ រួម​ទាំង​ពួក​សត្រូវ​របស់​យើង​ផង​ដែរ។ (​លូក. ៦:៣២​-​៣៦​) ជួន​កាល យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ដូច្នេះ។ នៅ​ពេល​នោះ​យើង​ត្រូវ​រៀន​ឲ្យ​គិត​និង​ប្រព្រឹត្ត​ដូច​លោក​យេស៊ូ។ កាល​ដែល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​យក​តម្រាប់​លោក​យេស៊ូ យើង​បង្ហាញ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ថា​យើង​ចង់​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ជា​រៀង​រហូត។

១៦. តើ​យើង​អាច​ការ​ពារ​កេរ្តិ៍​ឈ្មោះ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា?

១៦ ចូរ​ការ​ពារ​កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​គ្រួសារ​ព្រះ​យេហូវ៉ា។ ក្នុង​ក្រុម​គ្រួសារ តាម​ធម្មតា​ក្មេង​ប្រុស​ធ្វើ​តាម​គំរូ​របស់​បង​ប្រុស​គាត់។ បើ​បង​ប្រុស​នោះ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត គាត់​នឹង​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ប្អូន​ប្រុស​គាត់។ តែ​បើ​បង​ប្រុស​នោះ​បែរ​ជា​ធ្វើ​ខុស​ទៅ​វិញ ប្អូន​ប្រុស​គាត់​ក៏​ប្រហែល​ជា​ធ្វើ​តាម​គំរូ​មិន​ល្អ​របស់​គាត់​ដែរ។ ក្នុង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ក៏​មាន​ស្ថានភាព​ស្រដៀង​នឹង​នេះ។ បើ​គ្រិស្ត​សាសនិក​ម្នាក់​ដែល​ធ្លាប់​ស្មោះ​ត្រង់​ទៅ​ជា​អ្នក​ក្បត់​ជំនឿ ឬ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ឬ​ខូច​អាក្រក់ អ្នក​ឯ​ទៀត​ប្រហែល​ជា​ធ្វើ​តាម​គាត់ ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ពួក​អ្នក​ដែល​ធ្វើ​ដូច្នេះ បង្ខូច​កេរ្តិ៍​ឈ្មោះ​នៃ​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក។ (​១ថែ. ៤:៣​-​៨​) យើង​មិន​ត្រូវ​ធ្វើ​តាម​គំរូ​មិន​ល្អ ហើយ​យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ឡើយ។

១៧. តើ​យើង​គួរ​ជៀស​វាង​ពី​ការ​គិត​គូរ​បែប​ណា ហើយ​ហេតុ​អ្វី?

១៧ ចូរ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ជា​ជាង​ទ្រព្យ​សម្បត្តិ។ ព្រះ​យេហូវ៉ា​សន្យា​ថា​លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អាហារ សម្លៀក​បំពាក់ និង​ជម្រក បើ​យើង​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន និង​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​របស់​លោក។ (​ចសព. ៥៥:២២; ម៉ាថ. ៦:៣៣​) បើ​យើង​ទុក​ចិត្ត​សេចក្ដី​សន្យា​នេះ យើង​នឹង​មិន​គិត​ថា​ទ្រព្យ​សម្បត្តិ​របស់​ពិភព​លោក​នេះ​អាច​ការ​ពារ​យើង ហើយ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ទេ។ យើង​ដឹង​ថា​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត គឺ​ដោយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​ភី. ៤:៦, ៧​) ទោះ​ជា​យើង​មាន​លទ្ធភាព​ទិញ​អ្វី​ៗ​ជា​ច្រើន​ក្ដី យើង​ត្រូវ​ពិចារណា​ថា តើ​យើង​ពិត​ជា​មាន​ពេល​ឬ​កម្លាំង​ដើម្បី​ប្រើ​ប្រាស់​និង​ថែ​ទាំ​អ្វី​ទាំង​នោះ​ឬ​ទេ? តើ​យើង​ឲ្យ​តម្លៃ​ខ្លាំង​ពេក​ចំពោះ​ទ្រព្យ​សម្បត្តិ​របស់​យើង​ឬ? យើង​ត្រូវ​ចាំ​ថា​ព្រះ​បាន​ឲ្យ​យើង​កិច្ច​ការ​ដែល​យើង​ត្រូវ​ធ្វើ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក។ យ៉ាង​នេះ យើង​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​បំបែរ​អារម្មណ៍​របស់​យើង​ទេ។ យើង​ប្រាកដ​ជា​មិន​ចង់​ធ្វើ​ដូច​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​បាត់​បង់​ឱកាស​បម្រើ​ព្រះ​យេហូវ៉ា​និង​ក្លាយ​ទៅ​ជា​កូន​របស់​លោក​ទេ ដោយ​សារ​គាត់​ឲ្យ​តម្លៃ​ខ្លាំង​ពេក​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​គាត់។—ម៉ាក. ១០:១៧​-​២២

អ្វី​ដែល​កូន​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ជា​រៀង​រហូត

១៨. តើ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​មាន​កិត្តិយស​និង​ពរ​អ្វី​ខ្លះ​ជា​រៀង​រហូត?

១៨ មនុស្ស​ដែល​ស្ដាប់​បង្គាប់​ព្រះ​នឹង​មាន​កិត្តិយស​ដ៏​ធំ​បំផុត គឺ​ឯកសិទ្ធិ​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ មនុស្ស​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី ក៏​នឹង​មាន​អំណរ​ដែល​មក​ពី​ការ​ថែ​រក្សា​ផែនដី​ដ៏​ស្រស់​ស្អាត​នេះ​ដែល​ព្រះ​យេហូវ៉ា​បាន​រៀបចំ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ឲ្យ​ធ្វើ​ជា​ទី​លំនៅ​របស់​ពួក​គេ។ មិន​យូរ​ទៀត រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​ផែនដី និង​អ្វី​ៗ​នៅ​លើ​ផែនដី​ស្រស់​ស្អាត​ឡើង​វិញ។ លោក​យេស៊ូ​នឹង​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ដែល​បណ្ដាល​មក​ពី​ការ​ដែល​អាដាម​និង​អេវ៉ា​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ព្រះ។ ព្រះ​យេហូវ៉ា​នឹង​ប្រោស​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ឲ្យ​រស់​ឡើង​វិញ ហើយ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​រស់​ជា​រៀង​រហូត​ដោយ​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ​នៅ​លើ​ផែនដី​ដែល​បាន​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ (​លូក. ២៣:៤២, ៤៣​) ពេល​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​លោក​នៅ​ផែនដី​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ពួក​គេ​ម្នាក់​ៗ​នឹង​មាន​«​កិត្តិយស​និង​សិរី​រុង​រឿង​»​ដូច​ដែល​ដាវីឌ​បាន​សរសេរ។—ចសព. ៨:៥

១៩. តើ​យើង​គួរ​ចង​ចាំ​អំ​ពី​អ្វី​ខ្លះ?

១៩ បើ​អ្នក​នៅ​ក្នុង​ចំណោម​«​មនុស្ស​មួយ​ក្រុម​ធំ​»​ អ្នក​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។ ព្រះ​ស្រឡាញ់​អ្នក ហើយ​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។ ដូច្នេះ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។ ចូរ​មាន​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​បង្ហាញ​ថា អ្នក​នឹក​ចាំ​អំ​ពី​សេចក្ដី​សន្យា​របស់​ព្រះ។ ចូរ​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​អ្នក​មាន ដើម្បី​គោរព​ប្រណិប័តន៍​បិតា​ជា​ទី​ស្រឡាញ់​របស់​យើង​នៅ​ស្ថាន​សួគ៌ ហើយ​យល់​ថា​សេចក្ដី​សង្ឃឹម​ដើម្បី​សរសើរ​លោក​ជា​រៀង​រហូត​ជា​អ្វី​មួយ​ដែល​ពិត​ជា​មាន​តម្លៃ!

ចម្រៀង​លេខ​១០៧ គំរូ​របស់​ព្រះ​អំ​ពី​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់

^ វគ្គ 5 ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​មាន​សុភមង្គល សមាជិក​ម្នាក់​ៗ​ត្រូវ​ដឹង​អំ​ពី​តួ​នាទី​របស់​ខ្លួន ហើយ​ត្រូវ​សហការ​ជា​មួយ​សមាជិក​ឯ​ទៀត​ក្នុង​ក្រុម​គ្រួសារ។ ជា​ឧទាហរណ៍ ឪពុក​នាំ​មុខ​ដោយ​សេចក្ដី​ស្រឡាញ់ ម្ដាយ​គាំទ្រ​គាត់ ហើយ​កូន​ៗ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ។ នេះ​គឺ​ស្រដៀង​នឹង​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​របស់​យើង​មាន​គោល​បំណង​សម្រាប់​យើង ហើយ​បើ​យើង​រស់​នៅ​សម​ស្រប​តាម​គោល​បំណង​នោះ យើង​នឹង​ធ្វើ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។

^ វគ្គ 55 ការ​ពណ៌នា​អំ​ពី​រូប​ភាព: ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក ប្ដី​ប្រពន្ធ​មួយ​គូរ​នេះ​អាច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​ចំពោះ​កូន​របស់​ពួក​គេ។ ប្ដី​ប្រពន្ធ​នោះ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ ពួក​គេ​បង្ហាញ​ថា​ពួក​គេ​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​បង្កើត​កូន​ដែល​ជា​អំណោយ​ពី​ព្រះ​ដោយ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ស្រឡាញ់​និង​បម្រើ​ព្រះ​យេហូវ៉ា។ ឪពុក​ម្ដាយ​នោះ​ប្រើ​វីដេអូ​មួយ​ដើម្បី​ពន្យល់​កូន​ៗ​អំ​ពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​ឲ្យ​លោក​យេស៊ូ​ជា​ថ្លៃ​លោះ។ ពួក​គេ​ក៏​បង្រៀន​កូន​ថា ក្នុង​សួន​ឧទ្យាន​ខាង​មុខ​នេះ យើង​នឹង​ថែ​រក្សា​ផែនដី​និង​សត្វ​ជា​រៀង​រហូត។