លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣១

តើអ្នកសុខចិត្តរង់ចាំព្រះយេហូវ៉ាឬទេ?

តើអ្នកសុខចិត្តរង់ចាំព្រះយេហូវ៉ាឬទេ?

​«​ខ្ញុំ​នឹង​រង់​ចាំ . . . ដោយ​ចិត្ត​អត់​ធ្មត់​»។—មីកា ៧:៧

ចម្រៀង​លេខ​១២៨ ចូរ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់

សេចក្ដី​សង្ខេប *

១​-​២. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អីវ៉ាន់​ដែល​អ្នក​ពិត​ជា​ត្រូវ​ការ​មិន​មក​នៅ​ពេល​ដែល​អ្នក​រំពឹង​ទុក? តើ​អ្នក​ខក​ចិត្ត​ឬ​ទេ? អ្នក​ទំនង​ជា​មាន​អារម្មណ៍​ដូច​សុភាសិត ១៣:១២​ចែង​ថា​៖ ​«​សេចក្ដី​សង្ឃឹម​ដែល​ក្រ​នឹង​កើត​ឡើង នាំ​ឲ្យ​ក្រៀម​ក្រំ​ចិត្ត​»។ ប៉ុន្តែ​ចុះ​យ៉ាង​ណា បើ​អ្នក​ឮ​ថា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​អីវ៉ាន់​នោះ​មិន​មក​ដល់​តាម​ការ​ស្មាន​ទុក​របស់​អ្នក? ក្នុង​ករណី​បែប​នោះ អ្នក​ទំនង​ជា​នឹង​មាន​ចិត្ត​អត់​ធ្មត់ ហើយ​សុខ​ចិត្ត​រង់​ចាំ។

ក្នុង​អត្ថបទ​នេះ យើង​នឹង​មើល​គោល​ការណ៍​គម្ពីរ​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​«​រង់​ចាំ... ដោយ​ចិត្ត​អត់​ធ្មត់​»​ ហើយ​រក្សា​ចិត្ត​គំនិត​នោះ។ (​មីកា ៧:៧​) បន្ទាប់​មក យើង​នឹង​ពិចារណា​អំ​ពី​ស្ថានភាព​ពីរ​ដែល​យើង​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ចាត់​វិធានការ។ ក្រោយ​មក យើង​នឹង​ពិចារណា​អំ​ពី​ពរ​ដែល​ពួក​អ្នក​ដែល​សុខ​ចិត្ត​រង់​ចាំ​ព្រះ​យេហូវ៉ា​នឹង​ទទួល។

គោល​ការណ៍​គម្ពីរ​ដែល​បង្រៀន​យើង​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់

៣. តើ​សុភាសិត ១៣:១១​បង្រៀន​យើង​អ្វី?

សុភាសិត ១៣:១១​ជួយ​យើង​ឲ្យ​យល់​អំ​ពី​មូលហេតុ​ដែល​យើង​គួរ​តែ​មាន​ចិត្ត​អត់​ធ្មត់។ បទ​គម្ពីរ​នោះ​ចែង​ថា​៖ ​«​ទ្រព្យ​ដែល​បាន​មក​ងាយ​ៗ​នឹង​រលស់​ទៅ​វិញ តែ​ទ្រព្យ​ដែល​បាន​មក​បន្តិច​ម្ដង​ៗ​នឹង​កើន​ឡើង​ជា​លំដាប់​»។ តើ​យើង​រៀន​អ្វី​ពី​ខ​គម្ពីរ​នេះ? គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ៗ​សន្សឹម​ៗ​ដោយ​ចិត្ត​អត់​ធ្មត់។

៤. តើ​គោល​ការណ៍​នៅ​សុភាសិត ៤:១៨​បញ្ជាក់​អំ​ពី​អ្វី?

សុភាសិត ៤:១៨​ប្រាប់​យើង​ថា​៖ ​«​ផ្លូវ​របស់​មនុស្ស​សុចរិត​ប្រៀប​ដូច​ជា​ពន្លឺ​នៅ​ពេល​ព្រឹក​ដែល​ភ្លឺ​បន្តិច​ម្ដង​ៗ​រហូត​ដល់​ភ្លឺ​ខ្លាំង​ដូច​ពេល​ថ្ងៃ​ត្រង់​»។ ពាក្យ​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ព្រះ​យេហូវ៉ា​ជួយ​រាស្ត្រ​លោក​ឲ្យ​យល់​អំ​ពី​គោល​បំណង​របស់​លោក​បន្តិច​ម្ដង​ៗ។ ប៉ុន្តែ ខ​នេះ​ក៏​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ក្នុង​ជីវិត​ដើម្បី​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ គឺ​ត្រូវ​ការ​ពេល​ឲ្យ​បុគ្គល​ម្នាក់​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ បើ​យើង​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​ធ្វើ​តាម​យោបល់​ដែល​យើង​ទទួល​ពី​បណ្ដាំ​របស់​លោក​និង​អង្គការ​លោក បន្តិច​ម្ដង​ៗ​យើង​នឹង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​គ្រិស្ត។ ចំណេះ​របស់​យើង​អំ​ពី​ព្រះ​ក៏​នឹង​កើន​ឡើង​ដែរ។ សូម​ពិចារណា​អំ​ពី​ឧទាហរណ៍​របស់​លោក​យេស៊ូ​ដែលពន្យល់​អំ​ពី​រឿង​នោះ។

ដូច​រុក្ខជាតិ​ដុះ​ឡើង​បន្តិច​ម្ដង​ៗ មនុស្ស​ដែល​ស្ដាប់​និង​ទទួល​យក​ដំណឹង​អំ​ពី​រាជាណាចក្រ រីក​ចម្រើន​បន្តិច​ម្ដង​ៗ​ (​សូម​មើល​វគ្គ​៥​)

៥. តើ​លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អ្វី​ដើម្បី​បង្ហាញ​អំ​ពី​ការ​រីក​ចម្រើន​បន្តិច​ម្ដង​ៗ​?

លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ដើម្បី​ពន្យល់​អំពី​របៀប​ដែល​ដំណឹង​អំ​ពី​រាជាណាចក្រ​ដែល​យើង​ផ្សាយ គឺ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​តូច​មួយ​ដែល​ដុះ​ឡើង​បន្តិច​ម្ដង​ៗ​ក្នុង​ចិត្ត​របស់​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្រាប់​ពូជ . . . ចេញ​ពន្លក​ហើយ​ធំ​ឡើង តែ​គាត់​[​អ្នក​សាប​ព្រោះ​]​មិន​ដឹង​ថា​វា​ដុះ​តាម​របៀប​ណា​ឡើយ។ បន្តិច​ម្ដង​ៗ ដី​បង្កើត​ផល​ដោយ​ឯកឯង មុន​ដំបូង​ចេញ​ដើម រួច​មាន​កួរ ហើយ​ទី​បំផុត​មាន​គ្រាប់​»។ (​ម៉ាក. ៤:២៧, ២៨​) តើ​ប្រសាសន៍​របស់​លោក​យេស៊ូ​មាន​ន័យ​យ៉ាង​ណា? លោក​កំពុង​ពន្យល់​ថា ដូច​រុក្ខជាតិ​ដុះ​ឡើង​បន្តិច​ម្ដង​ៗ មនុស្ស​ដែល​ទទួល​យក​ដំណឹង​អំ​ពី​រាជាណាចក្រ​រីក​ចម្រើន​បន្តិច​ម្ដង​ៗ។ ជា​ឧទាហរណ៍ កាល​ដែល​សិស្ស​គម្ពីរ​របស់​យើង​ដែល​មាន​ចិត្ត​ស្មោះ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា យើង​ចាប់​ផ្ដើម​ឃើញ​ការ​កែ​ប្រែ​ល្អ​ៗ​ជា​ច្រើន​ដែល​ពួក​គេ​បាន​ធ្វើ។ (​អេភ. ៤:២២​-​២៤​) ប៉ុន្តែ យើង​ត្រូវ​ចាំ​ថា​គឺ​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​គ្រាប់​ពូជ​តូច​នោះ​ដុះ​លូត​លាស់​ឡើង។—១កូ. ៣:៧

៦​-​៧. តើ​យើង​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី?

មិន​ថា​ព្រះ​យេហូវ៉ា​ធ្វើ​អ្វី​ក៏​ដោយ លោក​បង្ហាញ​ចិត្ត​អត់​ធ្មត់ ដោយ​ប្រើ​ពេល​ដែល​ចាំ​បាច់​ដើម្បី​បង្ហើយ​កិច្ច​ការ​នោះ។ លោក​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​នាម​របស់​លោក​ទទួល​ការ​សរសើរ​តម្កើង និង​ជា​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត។ ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​រៀបចំ​ផែនដី​បន្តិច​ម្ដង​ៗ​ឲ្យ​មនុស្ស​រស់​នៅ។

ពេល​រៀប​រាប់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត​ផែនដី គម្ពីរ​ចែង​ថា​លោក​បាន​«​កំណត់​ទំហំ​ផែនដី​»​ ដាក់​«​គ្រឹះ​ផែនដី​»​ និង​«​បញ្ចុះ​សសរ​ផែនដី​»។ (​យ៉ូប ៣៨:៥, ៦​) លោក​ថែម​ទាំង​លៃ​ទុក​ពេល​ដើម្បី​ពិនិត្យ​ពិចារណា​ស្នា​ដៃ​របស់​លោក​ទៀត​ផង។ (​ដក. ១:១០, ១២​) តើ​អ្នក​អាច​ស្រមៃ​គិត​ថា​ពួក​ទេវតា​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ពួក​គេ​ឃើញ​អ្វី​ថ្មី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​បង្កើត? ពួក​គេ​ច្បាស់​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់! នៅ​ពេល​មួយ ពួក​ទេវតា​បាន​«​បន្លឺ​សំឡេង​ត្រេក​អរ​»។ (​យ៉ូប ៣៨:៧​) តើ​យើង​រៀន​អ្វី? ព្រះ​យេហូវ៉ា​បាន​ចំណាយ​ពេល​រាប់​ពាន់​ឆ្នាំ​ដើម្បី​បង្កើត​អ្វី​ផ្សេង​ៗ ហើយ​ពេល​ព្រះ​យេហូវ៉ា​បាន​ឃើញ​អ្វី​ៗ​ដែល​លោក​បាន​បង្កើត​យ៉ាង​យក​ចិត្ត​ទុក​ដាក់ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គឺ​សុទ្ធ​តែ​ល្អ​ប្រពៃ​»។—ដក. ១:៣១

៨. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​ឥឡូវ​នេះ?

ដូច​ដែល​យើង​បាន​ឃើញ​ក្នុង​ឧទាហរណ៍​ខាង​លើ មាន​គោល​ការណ៍​ជា​ច្រើន​ពី​បណ្ដាំ​របស់​ព្រះ​ដែល​បង្ហាញ​ថា​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់។ ឥឡូវ យើង​នឹង​ពិចារណា​អំ​ពី​ស្ថានភាព​ពីរ​ដែល​យើង​ត្រូវ​សុខ​ចិត្ត​រង់​ចាំ​ព្រះ​យេហូវ៉ា។

តើ​យើង​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​នៅ​ពេល​ណា​ខ្លះ?

៩. តើ​យើង​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​ក្នុង​ស្ថានភាព​អ្វី?

យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​ឲ្យ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ពេល​យើង​អធិដ្ឋាន​សុំ​កម្លាំង​ដើម្បី​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ណា​មួយ ឬ​សុំ​ជំនួយ​ដើម្បី​យក​ឈ្នះ​ភាព​ទន់​ខ្សោយ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ឆាប់​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ទេ។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​មិន​តែង​តែ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ភ្លាម​ៗ​?

១០. ហេតុ​អ្វី​យើង​ត្រូវ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ឲ្យ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង?

១០ ព្រះ​យេហូវ៉ា​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ (​ចសព. ៦៥:២​) លោក​ចាត់​ទុក​ការ​អធិដ្ឋាន​ដ៏​ស្មោះ​របស់​យើង​ជា​ទី​សំអាង​ដែល​បញ្ជាក់​ថា​យើង​មាន​ជំនឿ​លើ​លោក។ (​ហេ. ១១:៦​) ព្រះ​យេហូវ៉ា​ក៏​ចាប់​អារម្មណ៍​ចង់​ដឹង​ថា​យើង​តាំង​ចិត្ត​រស់​នៅ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ខ្លាំង​យ៉ាង​ណា។ (​១យ៉ូន. ៣:២២​) ដូច្នេះ យើង​ប្រហែល​ជា​ត្រូវ​បង្ហាញ​ចិត្ត​អត់​ធ្មត់ ហើយ​ប្រព្រឹត្ត​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង នៅ​ពេល​ណា​ដែល​យើង​ព្យាយាម​យក​ឈ្នះ​ទម្លាប់​អាក្រក់​ឬ​ភាព​ទន់​ខ្សោយ​ណា​មួយ។ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​ថា​សេចក្ដី​អធិដ្ឋាន​ខ្លះ​របស់​យើង​នឹង​មិន​ទទួល​ចម្លើយ​ភ្លាម​ៗ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ពីព្រោះ​អស់​អ្នក​ដែល​សុំ នឹង​ទទួល ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។ (​ម៉ាថ. ៧:៧, ៨​) ពេល​យើង​ធ្វើ​តាម​យោបល់​នេះ ហើយ​«​ត​ស៊ូ​អធិដ្ឋាន​»​ យើង​អាច​ជឿ​ជាក់​ថា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ស្ដាប់​យើង ហើយ​នឹង​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។—កូឡ. ៤:២

កាល​ដែល​យើង​រង់​ចាំ​ព្រះ​យេហូវ៉ា យើង​បន្ត​អធិដ្ឋាន​ទៅ​លោក​ដោយ​មាន​ជំនឿ​ថា​លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង (​សូម​មើល​វគ្គ​១១​) *

១១. តើ​ហេប្រឺ ៤:១៦​ជួយ​យើង​យ៉ាង​ណា​ពេល​យើង​មិន​ទទួល​ចម្លើយ​ភ្លាម​ៗ​ចំពោះ​សេចក្ដី​អធិដ្ឋាន?

១១ ទោះ​ជា​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​យូរ​ជាង​យើង​នឹក​ស្មាន​ក្ដី លោក​សន្យា​ថា​លោក​នឹង​តប​ឆ្លើយ​នៅ​«​ពេល​ដែល​យើង​ត្រូវ​ការ​»។ (​សូម​អាន ហេប្រឺ ៤:១៦) ហេតុ​នេះ យើង​មិន​ត្រូវ​បន្ទោស​ព្រះ​យេហូវ៉ា​ទេ បើ​យើង​មិន​ទទួល​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​ឲ្យ​បាន​ឆាប់​ដូច​ដែល​យើង​នឹក​ស្មាន។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ច្រើន​បាន​អធិដ្ឋាន​អស់​ជា​ច្រើន​ឆ្នាំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។ លោក​យេស៊ូ​ថែម​ទាំង​បាន​មាន​ប្រសាសន៍​ថា​យើង​គួរ​អធិដ្ឋាន​អំ​ពី​រឿង​នេះ។ (​ម៉ាថ. ៦:១០​) ប៉ុន្តែ គឺ​ជា​ការ​ល្ងង់​ខ្លៅ​ដែល​បុគ្គល​ណា​ម្នាក់​ឲ្យ​ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​ចុះ​ខ្សោយ ដោយ​សារ​ទី​បញ្ចប់​មិន​បាន​មក​ដល់​ដូច​ពេល​ដែល​មនុស្ស​នឹក​ស្មាន! (​ហាប. ២:៣; ម៉ាថ. ២៤:៤៤​) គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​បន្ត​រង់​ចាំ​ព្រះ​យេហូវ៉ា ហើយ​អធិដ្ឋាន​ទៅ​លោក​ដោយ​មាន​ជំនឿ​ថា​លោក​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ ទី​បញ្ចប់​នឹង​មក​នៅ​ពេល​ត្រឹម​ត្រូវ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​កំណត់​«​ថ្ងៃ​និង​ម៉ោង​»​រួច​ហើយ។ ពេល​នោះ​នឹង​ជា​ពេល​ដ៏​ល្អ​បំផុត​ចំពោះ​បុគ្គល​គ្រប់​រូប។—ម៉ាថ. ២៤:៣៦; ២ពេ. ៣:១៥

តើ​យើង​អាច​រៀន​អ្វី​ពី​យ៉ូសែប​អំ​ពី​ចិត្ត​អត់​ធ្មត់? (​សូម​មើល​វគ្គ​១២​-​១៤​)

១២. តើ​យើង​ប្រហែល​ជា​ពិបាក​មាន​ចិត្ត​អត់​ធ្មត់​ជា​ពិសេស​នៅ​ពេល​ណា?

១២ យើង​ប្រហែល​ជា​ត្រូវ​ការ​ចិត្ត​អត់​ធ្មត់​ពេល​រង់​ចាំ​ឲ្យ​មាន​យុត្តិធម៌។ មនុស្ស​ក្នុង​ពិភព​លោក​នេះ​ច្រើន​តែ​ធ្វើ​បាប​ពួក​អ្នក​ដែល​មាន​ភេទ​ផ្ទុយ ពូជ​សាសន៍ ជន​ជាតិ ឬ​វប្បធម៌​ខុស​ពី​ខ្លួន។ អ្នក​ឯ​ទៀត​បាន​ត្រូវ​គេ​ធ្វើ​បាប​ដោយ​សារ​មាន​កាយ​សម្បទា​មិន​គ្រប់​គ្រាន់ ឬ​បញ្ហា​សតិ​អារម្មណ៍។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​បាន​រង​អំពើ​អយុត្តិធម៌ ដោយ​សារ​ជំនឿ​របស់​ពួក​គេ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ពេល​យើង​បាន​ត្រូវ​គេ​ធ្វើ​បាប​បែប​នេះ យើង​ត្រូវ​នឹក​ចាំ​អំ​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ ដែល​ថា​៖ ​«​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ត្រូវ​សង្គ្រោះ​»។ (​ម៉ាថ. ២៤:១៣​) ប៉ុន្តែ តើ​អ្នក​គួរ​ធ្វើ​អ្វី បើ​អ្នក​ស្រាប់​តែ​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? ក្រោយ​ពី​ពួក​អ្នក​ចាស់​ទុំ​ដឹង​ឮ​អំ​ពី​រឿង​នោះ តើ​អ្នក​នឹង​បង្ហាញ​ចិត្ត​អត់​ធ្មត់ ហើយ​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​ដោះ​ស្រាយ​រឿង​នោះ​តាម​របៀប​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​អ្វី​ពេល​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ?

១៣. តើ​ការ​ដោះ​ស្រាយ​បញ្ហា​តាម​របៀប​របស់​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​អ្វី​ខ្លះ?

១៣ ពេល​ពួក​អ្នក​ចាស់​ទុំ​ដឹង​ថា​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ពួក​គេ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​«​ប្រាជ្ញា​ពី​ស្ថាន​លើ​»​ ដើម្បី​ពួក​គេ​អាច​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​នោះ។ (​យ៉ា. ៣:១៧​) គោល​ដៅ​របស់​ពួក​គេ​គឺ​«​ជួយ​នាំ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​មក​ពី​ផ្លូវ​អាក្រក់​វិញ​»​ បើ​អាច​ធ្វើ​បាន។ (​យ៉ា. ៥:១៩, ២០​) ពួក​គេ​ក៏​ចង់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​ក្រុម​ជំនុំ​និង​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​រង​ទុក្ខ។ (​២កូ. ១:៣, ៤​) មុន​ដំបូង ពេល​ឮ​ថា​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ស្វែង​យល់​អំ​ពី​ហេតុ​ការណ៍​ពិត ហើយ​នេះ​ប្រហែល​ជា​ត្រូវ​ការ​មួយ​រយៈ​ពេល។ បន្ទាប់​មក ពួក​គេ​អធិដ្ឋាន​និង​ផ្ដល់​ឱវាទ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​បទ​គម្ពីរ ហើយ​កែ​តម្រង់​បុគ្គល​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នោះ​«​ដល់​កម្រិត​ត្រឹម​ត្រូវ​»។ (​យេ. ៣០:១១​) ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​មិន​បង្អែ​បង្អង់​ក្ដី ពួក​គេ​ក៏​មិន​ឆាប់​វិនិច្ឆ័យ​អ្នក​នោះ​ដែរ។ ពេល​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ក្រុម​ជំនុំ​នឹង​ឃើញ​ថា​នេះ​នាំ​ឲ្យ​ទាំង​អស់​គ្នា​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ ប៉ុន្តែ ទោះ​ជា​ពួក​អ្នក​ចាស់​ទុំ​ធ្វើ​អ្វី​ៗ​តាម​របៀប​ត្រឹម​ត្រូវ​ក្ដី ជន​ដែល​គ្មាន​កំហុស​ប្រហែល​ជា​នៅ​តែ​ឈឺ​ចិត្ត។ បើ​អ្នក​ជួប​រឿង​បែប​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់?

១៤. តើ​គំរូ​អ្វី​ពី​គម្ពីរ​អាច​សម្រាល​ទុក្ខ​អ្នក បើ​អ្នក​ឈឺ​ចិត្ត​ខ្លាំង​ដោយ​សារ​គ្រិស្ត​សាសនិក​ម្នាក់​ទៀត?

១៤ តើ​អ្នក​ធ្លាប់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​សារ​បុគ្គល​ណា​ម្នាក់ មិន​ថា​បុគ្គល​នោះ​ជា​បង​ប្អូន​រួម​ជំនឿ​ឬ​ទេ? អ្នក​អាច​រក​ឃើញ​គំរូ​ដ៏​ល្អ​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​បង្រៀន​យើង​អំពី​របៀប​រង់​ចាំ​ព្រះ​យេហូវ៉ា​ឲ្យ​រក​យុត្តិធម៌។ ជា​ឧទាហរណ៍ ទោះ​ជា​យ៉ូសែប​រង​អំពើ​អយុត្តិធម៌​ពី​បង​ប្អូន​របស់​គាត់​ក្ដី គាត់​មិន​អនុញ្ញាត​ឲ្យ​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ធ្វើ​ឲ្យ​គាត់​ខឹង​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ឲ្យ​ពរ​គាត់​ចំពោះ​ការ​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​របស់​គាត់។ (​ដក. ៣៩:២១​) យូរ​ៗ​ទៅ យ៉ូសែប​អាច​អភ័យ​ទោស​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត ហើយ​យល់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់។ (​ដក. ៤៥:៥​) ដូច​យ៉ូសែប យើង​ទទួល​ការ​សម្រាល​ទុក្ខ​ពេល​យើង​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​រក​យុត្តិធម៌​ឲ្យ។—ចសព. ៧:១៧; ៧៣:២៨

១៥. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អំពើ​អយុត្តិធម៌​ដោយ​ចិត្ត​អត់​ធ្មត់ ហើយ​មាន​សេចក្ដី​សុខ​សាន្ត?

១៥ មិន​មែន​អំពើ​អយុត្តិធម៌​ទាំង​អស់​ធ្ងន់​ធ្ងរ​ដូច​ដែល​យ៉ូសែប​បាន​ជួប​ទេ ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​ឈឺ​ចិត្ត​ពេល​គេ​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​យើង។ ពេល​យើង​មាន​បញ្ហា​ជា​មួយ​អ្នក​ណា​ម្នាក់ រួម​ទាំង​ជា​មួយ​បុគ្គល​ដែល​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​នឹង​ទទួល​ប្រយោជន៍​បើ​យើង​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ។ (​ភី. ២:៣, ៤​) សូម​គិត​អំពី​បទ​ពិសោធន៍​មួយ។ បង​ស្រី​ម្នាក់​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​ពេល​គាត់​ដឹង​ថា​អ្នក​រួម​ការ​ងារ​ម្នាក់​និយាយ​មិន​ល្អ​និង​មិន​ពិត​អំ​ពី​គាត់​ប្រាប់​អ្នក​ឯ​ទៀត។ ជា​ជាង​មាន​ប្រតិកម្ម​លឿន​ពេក បង​ស្រី​នោះ​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ ពេល​ដែល​លោក​ត្រូវ​គេ​ប្រមាថ លោក​មិន​បាន​ប្រមាថ​គេ​វិញ​ទេ។ (​១ពេ. ២:២១, ២៣​) ដោយ​ចាំ​អំ​ពី​ចំណុច​នេះ គាត់​បាន​សម្រេច​ចិត្ត​មិន​ធ្វើ​អ្វី​ទេ។ បន្ទាប់​មក​គាត់​បាន​ដឹង​ថា អ្នក​រួម​ការ​ងារ​នោះ​មាន​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ ហើយ​មាន​ការ​តាន​តឹង​ចិត្ត​ជា​ខ្លាំង។ យ៉ាង​នេះ បង​ស្រី​នោះ​សន្និដ្ឋាន​ថា​អ្នក​រួម​ការ​ងារ​នោះ​ទំនង​ជា​គ្មាន​បំណង​និយាយ​ដូច្នេះ​ទេ។ ក្រោយ​មក បង​ស្រី​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ហើយ​គាត់​ពិត​ជា​សប្បាយ​ដែល​គាត់​បាន​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់។

១៦. តើ​អ្វី​អាច​សម្រាល​ទុក្ខ​អ្នក បើ​អ្នក​កំពុង​រង​អំពើ​អយុត្តិធម៌? (​ពេត្រុស​ទី​១ ៣:១២​)

១៦ បើ​អ្នក​កំពុង​រង​អំពើ​អយុត្តិធម៌ ឬ​ឈឺ​ចិត្ត​ដោយ​សារ​រឿង​ផ្សេង​ទៀត សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​«​នៅ​ជិត​អ្នក​ដែល​មាន​ចិត្ត​ខ្ទេច​ខ្ទាំ​»។ (​ចសព. ៣៤:១៨​) លោក​ស្រឡាញ់​អ្នក​ដោយ​សារ​អ្នក​មាន​ចិត្ត​អត់​ធ្មត់​និង​បាន​ផ្ទេរ​បន្ទុក​ទៅ​លោក។ (​ចសព. ៥៥:២២​) លោក​គឺ​ជា​ចៅ​ក្រម​នៃ​ផែនដី ហើយ​លោក​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​កើត​ឡើង។ (​សូម​អាន ពេត្រុស​ទី​១ ៣:១២) ពេល​អ្នក​មាន​ការ​ពិបាក​ដែល​អ្នក​មិន​អាច​ដោះ​ស្រាយ​បាន តើ​អ្នក​សុខ​ចិត្ត​រង់​ចាំ​លោក​ឬ​ទេ?

ពួក​អ្នក​ដែល​រង់​ចាំ​ព្រះ​យេហូវ៉ា​នឹង​ទទួល​ពរ​ជា​រៀង​រហូត

១៧. នៅ​អេសាយ ៣០:១៨ តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ធ្វើ​អ្វី?

១៧ មិន​យូរ​ទៀត បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ នឹង​ឲ្យ​ពរ​ជា​បរិបូរ​ដល់​យើង​តាម​រយៈ​រាជាណាចក្រ​លោក។ អេសាយ ៣០:១៨​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​កំពុង​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់​ដើម្បី​បង្ហាញ ការ​ពេញ​ចិត្ត​ដល់​អ្នក​រាល់​គ្នា ហើយ​លោក​នឹង​ក្រោក​ឡើង​ដើម្បី​បង្ហាញ​សេចក្ដី​មេត្តា​ករុណា ចំពោះ​អ្នក​រាល់​គ្នា។ ព្រោះ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​យុត្តិធម៌។ មាន​សុភមង្គល​ហើយ! អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​លោក​ដោយ​ចិត្ត​រំភើប​»។ ពួក​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​រំភើប​នឹង​ទទួល​ពរ​ជា​ច្រើន​នៅ​ឥឡូវ​នេះ និង​នៅ​ក្នុង​ពិភព​លោក​ថ្មី​ដែល​ជិត​មក​ដល់។

១៨. តើ​យើង​នឹង​ទទួល​ពរ​អ្វី​ខ្លះ?

១៨ ពេល​រាស្ត្រ​របស់​ព្រះ​ចូល​ក្នុង​ពិភព​លោក​ថ្មី ពួក​គេ​នឹង​លែង​មាន​ទុក្ខ​កង្វល់​និង​ការ​ពិបាក​ដែល​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នៅ​សព្វ​ថ្ងៃ​នេះ​ទៀត​ហើយ។ អំពើ​អយុត្តិធម៌​នឹង​លែង​មាន​ទៀត ហើយ​ការ​ឈឺ​ចាប់​ក៏​នឹង​លែង​មាន​ទៀត​ដែរ។ (​បប. ២១:៤​) យើង​នឹង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​អំ​ពី​អ្វី​ដែល​យើង​ត្រូវ​ការ ដោយ​សារ​យើង​នឹង​មាន​អ្វី​ៗ​ជា​បរិបូរ។ (​ចសព. ៧២:១៦; អេ. ៥៤:១៣​) នោះ​ពិត​ជា​ពរ​ដ៏​អស្ចារ្យ​មែន!

១៩. តើ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​បន្តិច​ម្ដង​ៗ​នៅ​ឥឡូវ​នេះ​ចំពោះ​អ្វី?

១៩ រហូត​ដល់​ពេល​នោះ រាល់​ដង​ដែល​យើង​យក​ឈ្នះ​ទម្លាប់​អាក្រក់​ណា​មួយ ហើយ​រាល់​ដង​ដែល​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដូច​ព្រះ​យេហូវ៉ា គឺ​ស​ឲ្យ​ឃើញ​ថា​លោក​កំពុង​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​ដើម្បី​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក។ របៀប​រស់​នៅ​ដ៏​ល្អ​ប្រសើរ​គឺ​ជិត​មក​ដល់​ហើយ! ដូច្នេះ​សូម​កុំ​ធ្លាក់​ទឹក​ចិត្ត និង​កុំ​ឈប់​ព្យាយាម​ឡើយ។ ដោយ​គិត​ដល់​អនាគត​ដ៏​អស្ចារ្យ​នៅ​ខាង​មុខ​នេះ សូម​យើង​សុខ​ចិត្ត​បន្ត​ទន្ទឹង​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់ កាល​ដែល​លោក​បង្ហើយ​កិច្ច​ការ​របស់​លោក!

ចម្រៀង​លេខ​១១៨ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»​

^ វគ្គ 5 តើ​អ្នក​ធ្លាប់​ឮ​បុគ្គល​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​និយាយ​ថា ‹ខ្ញុំ​មិន​នឹក​ស្មានថា​ខ្ញុំ​ចាស់​ប៉ុណ្ណេះ ហើយ​នៅ​តែ​មាន​ពិភព​លោក​អាក្រក់​នេះ​ទៀត› ឬ​ទេ? ជា​ពិសេស​នៅ​គ្រា​ដ៏​ពិបាក​ដែល​យើង​កំពុង​រស់​នៅ យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​បំបាត់​ចោល​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ប៉ុន្តែ​យើង​ត្រូវ​រៀន​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់។ ក្នុង​អត្ថបទ​នេះ យើង​នឹង​មើល​គោល​ការណ៍​គម្ពីរ​ខ្លះ​ដែល​អាច​ជួយ​យើង​ឲ្យ​ចេះ​រង់​ចាំ​ដោយ​ចិត្ត​អត់​ធ្មត់។ យើង​ក៏​នឹង​ពិចារណា​អំ​ពី​ស្ថានភាព​ពីរ​ដែល​យើង​ត្រូវ​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់។ ក្រោយ​មក យើង​នឹង​ពិចារណា​អំ​ពី​ពរ​ដែល​ពួក​អ្នក​ដែល​សុខ​ចិត្ត​រង់​ចាំ​នឹង​ទទួល។

^ វគ្គ 56 ការ​ពណ៌នា​អំ​ពី​រូប​ភាព: តាំង​ពី​នៅ​តូច បង​ស្រី​ម្នាក់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ។ ពេល​គាត់​នៅ​តូច ឪពុក​ម្ដាយ​គាត់​បាន​បង្រៀន​គាត់​អំពី​របៀប​អធិដ្ឋាន។ កាល​ដែល​គាត់​វ័យ​ជំទង់ គាត់​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ច្រើន​តែ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់។ ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​ប្ដី​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ គាត់​អង្វរ​សុំ​កម្លាំង​ដែល​គាត់​ត្រូវ​ការ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នោះ។ សព្វ​ថ្ងៃ​នេះ គាត់​ជា​ស្ត្រី​មេម៉ាយ​ដែល​ត​ស៊ូ​ក្នុង​សេចក្ដី​អធិដ្ឋាន។ គាត់​មាន​ទំនុក​ចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​បន្ត​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ដូច​ដែល​លោក​បាន​ធ្វើ​កន្លង​មក​ក្នុង​ជីវិត​របស់​គាត់។