លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា១៩

គ្មានអ្វីអាចធ្វើឲ្យមនុស្សសុចរិតជំពប់ដួលបានឡើយ!

គ្មានអ្វីអាចធ្វើឲ្យមនុស្សសុចរិតជំពប់ដួលបានឡើយ!

​«​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ​»។—ទំនុក. ១១៩:១៦៥

ចម្រៀង​លេខ​១២២ ចូរ​ពង្រឹង​ជំហរ​ឲ្យ​មាំ​មួន​ឡើង!

សេចក្ដី​សង្ខេប *

១​-​២. តើ​អ្នក​និពន្ធ​ម្នាក់​និយាយ​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​អះអាង​ថា​ពួក​គេ​ជឿ​លើ​លោក​យេស៊ូ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​បង្រៀន​ទេ។ (​២ធី. ៤:៣, ៤​) អ្នក​និពន្ធ​ម្នាក់​ធ្លាប់​និយាយ​ថា​៖ ​«​បើ​មាន​បុរស​ម្នាក់​ទៀត​ដូច​លោក​យេស៊ូ​នៅ​ក្នុង​ចំណោម​យើង​សព្វ​ថ្ងៃ​នេះ ដែល​និយាយ​អ្វី​ដូច​លោក​យេស៊ូ​ធ្លាប់​និយាយ . . . តើ​យើង​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​បុរស​នោះ​ដូច​ដែល​មនុស្ស​បាន​ធ្វើ​ចំពោះ​លោក​យេស៊ូ​កាល​ពី​២.០០០​ឆ្នាំ​មុន​ឬ​ទេ? . . . ការ​ប្រព្រឹត្ត​និង​ចិត្ត​គំនិត​របស់​មនុស្ស​ភាគ​ច្រើន​បង្ហាញ​ថា​ចម្លើយ​របស់​ពួក​គេ​គឺ​ថា​៖ ‹មែន យើង​នឹង​បដិសេធ​មិន​ទទួល​ស្គាល់​បុរស​នោះ​ដែរ›​»។

មនុស្ស​ជា​ច្រើន​នៅ​សតវត្សរ៍​ទី​១​បាន​ឮ​លោក​យេស៊ូ​បង្រៀន និង​ឃើញ​អព្ភូតហេតុ​របស់​លោក ប៉ុន្តែ​ពួក​គេ​មិន​ព្រម​ជឿ​លើ​លោក​ទេ។ ហេតុ​អ្វី? ក្នុង​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​មូលហេតុ​បួន​ដែល​មនុស្ស​បាន​ជំពប់​ដួល​ចំពោះ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ។ នៅ​ឥឡូវ​នេះ សូម​យើង​ពិចារណា​មូលហេតុ​បួន​ថែម​ទៀត។ យើង​ក៏​នឹង​រៀន​អំពី​មូលហេតុ​ដែល​មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ចង់​ស្ដាប់​អ្នក​កាន់​តាម​លោក​យេស៊ូ ព្រម​ទាំង​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល។

​(​១​) លោក​យេស៊ូ​មិន​រើស​មុខ

មនុស្ស​ជា​ច្រើន​ជំពប់​ដួល​នឹង​លោក​យេស៊ូ​ដោយ​សារ​ការ​សេព​គប់​របស់​លោក។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​តាម​របៀប​ណា? (​សូម​មើល​វគ្គ​៣​) *

៣. តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​អ្នក​ខ្លះ​ជំពប់​ដួល?

កាល​ដែល​លោក​យេស៊ូ​នៅ​ផែនដី លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​មនុស្ស​គ្រប់​ប្រភេទ។ លោក​មិន​គ្រាន់​តែ​បាន​បរិភោគ​អាហារ​ជា​មួយ​នឹង​អ្នក​មាន​និង​អ្នក​មាន​អំណាច​ប៉ុណ្ណោះ តែ​លោក​ក៏​បាន​ចំណាយ​ពេល​ជា​ច្រើន​ជា​មួយ​នឹង​អ្នក​ក្រ​និង​អ្នក​ដែល​បាន​ត្រូវ​គេ​ជិះ​ជាន់​ផង​ដែរ។ លោក​ក៏​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ពួក​អ្នក​ដែល​បាន​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​«​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ មនុស្ស​ខ្លះ​ដែល​មាន​អំណួត បាន​ជំពប់​ដួល​នឹង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ។ ពួក​គេ​បាន​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ផឹក​និង​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដូច្នេះ?​»។ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ឡើយ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឲ្យ​ប្រែ​ចិត្ដ​»។—លូក. ៥:២៩​-​៣២

៤. យោង​ទៅ​តាម​អ្វី​ដែល​អេសាយ​បាន​ប្រកាស​ទុក​ជា​មុន តើ​ជន​ជាតិ​យូដា​គួរ​រំពឹង​អ្វី​អំពី​មេស្ស៊ី?

តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? អស់​ជា​ច្រើន​ឆ្នាំ​មុន​មេស្ស៊ី​បាន​មក​ដល់ អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​រៀប​រាប់​ថា​លោក​ត្រូវ​ជា​បុគ្គល​ដែល​ពិភព​លោក​មិន​ព្រម​ទទួល​ស្គាល់។ ទំនាយ​នោះ​ចែង​ថា​៖ ​«​ទ្រង់​ត្រូវ​គេ​មើល​ងាយ ហើយ​ត្រូវ​មនុស្ស​បោះ​បង់​ចោល។ . . . ទ្រង់​ត្រូវ​គេ​មើល​ងាយ ដូច​ជា​អ្នក​ណា​ដែល​មនុស្ស​គេច​មុខ​ចេញ ហើយ​យើង​រាល់​គ្នា​មិន​បាន​រាប់​អាន​ទ្រង់​សោះ​»។ (​អេ. ៥៣:៣​) មេស្ស៊ី​នឹង​«​ត្រូវ​មនុស្ស​បោះ​បង់​ចោល​»​ ដូច្នេះ​ជន​ជាតិ​យូដា​នៅ​សតវត្សរ៍​ទី​១​គួរ​រំពឹង​ថា​លោក​យេស៊ូ​នឹង​ត្រូវ​គេ​បដិសេធ​មិន​ទទួល​ស្គាល់។

៥. តើ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​កាន់​តាម​លោក​យេស៊ូ?

តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ ពួក​អ្នក​ដឹក​នាំ​សាសនា​ជា​ច្រើន​សប្បាយ​ចិត្ត ទទួល​អ្នក​មាន អ្នក​ប្រាជ្ញ និង​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម ជា​សមាជិក​សាសនា​របស់​ពួក​គេ។ ពួក​គេ​ធ្វើ​ដូច្នេះ ទោះ​ជា​សមាជិក​ថ្មី​នោះ​មាន​សីលធម៌​និង​របៀប​រស់​នៅ​មិន​សម​ស្រប​នឹង​ខ្នាត​តម្រា​របស់​ព្រះ​ក្ដី។ ផ្ទុយ​ទៅ​វិញ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​មើល​ងាយ​អ្នក​បម្រើ​ដ៏​ខ្នះ​ខ្នែង​របស់​ព្រះ​យេហូវ៉ា ដែល​មាន​សីលធម៌​ស្អាត​ស្អំ ដោយ​សារ​ពួក​គេ​មិន​មាន​មុខ​មាត់​ក្នុង​សង្គម។ ដូច​ប៉ូល​បាន​និយាយ ព្រះ​ជ្រើស​រើស​ពួក​អ្នក​ដែល​គេ​«​មើល​ងាយ​»។ (​១​កូ. ១:២៦​-​២៩​) ប៉ុន្តែ​ចំពោះ​ព្រះ​យេហូវ៉ា អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​លោក​គឺ​មាន​តម្លៃ។

៦. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី​នៅ​ម៉ាថាយ ១១:២៥, ២៦ ហើយ​តើ​យើង​អាច​យក​តម្រាប់​លោក​យ៉ាង​ដូច​ម្ដេច?

តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​អាន ម៉ាថាយ ១១:២៥, ២៦) សូម​កុំ​ឲ្យ​ទស្សនៈ​របស់​ពិភព​លោក​ចំពោះ​រាស្ត្រ​ព្រះ​ជះ​ឥទ្ធិពល​លើ​អ្នក​ឡើយ។ ចូរ​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​ប្រើ​តែ​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប​ប៉ុណ្ណោះ ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ទំនុក. ១៣៨:៦​) ម្យ៉ាង​ទៀត សូម​គិត​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​លោក​បាន​សម្រេច ដោយ​ប្រើ​ពួក​អ្នក​ដែល​ពិភព​លោក​នេះ​ចាត់​ទុក​ថា​មិន​មែន​ជា​អ្នក​ប្រាជ្ញ​ឬ​គ្មាន​ចំណេះ​ដឹង។

​(​២​) លោក​យេស៊ូ​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ត្រឹម​ត្រូវ

៧. ហេតុ​អ្វី​លោក​យេស៊ូ​បាន​ហៅ​ពួក​ផារិស៊ី​ថា​ជា​មនុស្ស​លាក់​ពុត ហើយ​តើ​ពួក​គេ​មាន​ប្រតិកម្ម​យ៉ាង​ណា?

លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​យ៉ាង​ក្លាហាន​ចំពោះ​អ្នក​ដឹក​នាំ​សាសនា​នៅ​សម័យ​លោក ដោយ​សារ​ពួក​គេ​មិន​បង្រៀន​បណ្ដា​ជន​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ លោក​បាន​បក​អាក្រាត​ភាព​ពុត​ត្បុត​របស់​ពួក​ផារិស៊ី ដែល​ឲ្យ​តម្លៃ​ទៅ​លើ​របៀប​លាង​ដៃ ច្រើន​ជាង​ការ​ថែ​ទាំ​ឪពុក​ម្ដាយ។ (​ម៉ាថ. ១៥:១​-​១១​) អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែល​ជា​ភ្ញាក់​ផ្អើល​ចំពោះ​ពាក្យ​សម្ដី​របស់​លោក។ ពួក​គេ​សួរ​លោក​ថា​៖ ​«​តើ​លោក​ជ្រាប​ថា​ពួក​ផារិស៊ី​បាន​ជំពប់​ដួល​នឹង​សម្ដី​របស់​លោក​ឬ​ទេ?​»។ លោក​យេស៊ូ​តប​ឆ្លើយ​ថា​៖ ​«​គ្រប់​រុក្ខជាតិ​ដែល​បិតា​របស់​ខ្ញុំ​នៅ​ស្ថាន​សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​ជា​មនុស្ស​ខ្វាក់​ដែល​កំពុង​នាំ​ផ្លូវ​អ្នក​ឯ​ទៀត។ ប្រសិន​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ដូច​គ្នា ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​»។ (​ម៉ាថ. ១៥:១២​-​១៤​) លោក​យេស៊ូ​មិន​ឲ្យ​ប្រតិកម្ម​មិន​ល្អ​របស់​ពួក​អ្នក​ដឹក​នាំ​សាសនា​បញ្ឈប់​លោក​ពី​ការ​និយាយ​សេចក្ដី​ពិត​ឡើយ។

៨. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​មិន​មែន​ជំនឿ​សាសនា​ទាំង​អស់​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត?

លោក​យេស៊ូ​ក៏​បាន​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា​ដែរ។ លោក​មិន​បាន​មាន​ប្រសាសន៍​ថា ជំនឿ​សាសនា​ទាំង​អស់​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ពន្យល់​ថា មនុស្ស​ជា​ច្រើន​នឹង​ដើរ​លើ​ផ្លូវ​ធំ​ទូលាយ​ដែល​នាំ​ទៅ​ដល់​ការ​វិនាស​ជីវិត ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ដើរ​លើ​ផ្លូវ​តូច​ចង្អៀត​ដែល​នាំ​ទៅ​ឯ​ជីវិត។ (​ម៉ាថ. ៧:១៣, ១៤​) លោក​បញ្ជាក់​ថា​អ្នក​ខ្លះ​នឹង​អះអាង​ថា​ពួក​គេ​ជា​អ្នក​បម្រើ​ព្រះ ប៉ុន្តែ​តាម​ពិត​ពួក​គេ​មិន​បម្រើ​ព្រះ​ទេ។ លោក​បាន​ព្រមាន​ថា​៖ ​«​ចូរ​ប្រយ័ត្ន​ចំពោះ​អ្នក​ប្រកាស​ទំនាយ​មិន​ពិត ដែល​មក​ឯ​អ្នក​រាល់​គ្នា​ដោយ​ក្លែង​ខ្លួន​ជា​សត្វ​ចៀម ប៉ុន្តែ​តាម​ពិត ជា​ឆ្កែ​ចចក​អត់​ឃ្លាន​វិញ។ អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ដោយ​ផល​ផ្លែ​របស់​ពួក​គេ​»។—ម៉ាថ. ៧:១៥​-​២០

មនុស្ស​ជា​ច្រើន​ជំពប់​ដួល​នឹង​លោក​យេស៊ូ​ដោយ​សារ​លោក​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​និង​សេចក្ដី​បង្រៀន​មិន​ពិត​គឺ​ខុស។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​តាម​របៀប​ណា? (​សូម​មើល​វគ្គ​៩​) *

៩. តើ​លោក​យេស៊ូ​បាន​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត​ណា​ខ្លះ​របស់​សាសនា?

តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ទំនាយ​ក្នុង​គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា មេស្ស៊ី​នឹង​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ខ្នះ​ខ្នែង​ចំពោះ​កន្លែង​គោរព​បូជា​របស់​ព្រះ​យេហូវ៉ា។ (​ទំនុក. ៦៩:៩; យ៉ូន. ២:១៤​-​១៧​) សេចក្ដី​ខ្នះ​ខ្នែង​នោះ​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​បក​អាក្រាត​ការ​ប្រព្រឹត្ត​និង​សេចក្ដី​បង្រៀន​មិន​ពិត​របស់​សាសនា។ ជា​ឧទាហរណ៍ ពួក​ផារិស៊ី​ជឿ​ថា​ព្រលឹង​គឺ​អមតៈ ប៉ុន្តែ​លោក​យេស៊ូ​បាន​បង្រៀន​ថា​មនុស្ស​ស្លាប់​កំពុង​ដេក​លក់។ (​យ៉ូន. ១១:១១​) ពួក​សាឌូស៊ី​មិន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ តែ​លោក​យេស៊ូ​បាន​ប្រោស​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូន. ១១:៤៣, ៤៤; សកម្ម. ២៣:៨​) ពួក​ផារិស៊ី​ជឿ​ទៅ​លើ​ព្រហ្ម​លិខិត ហើយ​ថា​អ្វី​ៗ​ទាំង​អស់​ព្រះ​ជា​អ្នក​កំណត់​មក​រួច​ហើយ រីឯ​លោក​យេស៊ូ​បាន​បង្រៀន​ថា មនុស្ស​អាច​សម្រេច​ចិត្ត​បម្រើ​ព្រះ​ឬ​មិន​បម្រើ​លោក។—ម៉ាថ. ១១:២៨

១០. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បដិសេធ​យើង ដោយ​សារ​អ្វី​ដែល​យើង​បង្រៀន?

១០តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ទទួល​ស្គាល់​យើង ដោយ​សារ​យើង​ប្រើ​គម្ពីរ​ដើម្បី​បង្ហាញ​មនុស្ស​ថា សេចក្ដី​បង្រៀន​ខ្លះ​របស់​សាសនា​គឺ​មិន​ពិត។ ជា​ឧទាហរណ៍ អ្នក​ដឹក​នាំ​សាសនា​បង្រៀន​អ្នក​កាន់​តាម​ពួក​គេ​ថា ព្រះ​ដាក់​ទោស​មនុស្ស​អាក្រក់​ក្នុង​ភ្លើង​នរក។ ពួក​គេ​ប្រើ​សេចក្ដី​បង្រៀន​មិន​ពិត​នោះ​ដើម្បី​កាន់​កាប់​លើ​មនុស្ស។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ដែល​គោរព​ប្រណិប័តន៍​ព្រះ​នៃ​សេចក្ដី​ស្រឡាញ់ យើង​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត​នោះ។ អ្នក​ដឹក​នាំ​សាសនា​ក៏​បង្រៀន​ថា ព្រលឹង​គឺ​អមតៈ។ បើ​សេចក្ដី​បង្រៀន​នោះ​ពិត គ្មាន​អ្នក​ណា​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ យើង​បង្ហាញ​ថា​សេចក្ដី​បង្រៀន​នេះ​គឺ​មិន​នៅ​ក្នុង​គម្ពីរ​ទេ។ ម្យ៉ាង​ទៀត ទោះ​ជា​សាសនា​ជា​ច្រើន​បង្រៀន​អំពី​ព្រហ្ម​លិខិត ឬ​ថា​ព្រះ​ជា​អ្នក​កំណត់​អ្វី​ៗ​ទាំង​អស់​ទុក​ជា​មុន​ក្ដី យើង​បង្រៀន​ថា​មនុស្ស​មាន​ចិត្ត​សេរី​និង​អាច​សម្រេច​ចិត្ត​ថា​ចង់​បម្រើ​ព្រះ​ឬ​មិន​ចង់។ តើ​អ្នក​ដឹក​នាំ​សាសនា​មាន​ប្រតិកម្ម​យ៉ាង​ណា? ពួក​គេ​ច្រើន​តែ​ខឹង​សម្បា!

១១. យោង​ទៅ​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​យ៉ូហាន ៨:៤៥​-​៤៧ តើ​ព្រះ​តម្រូវ​អ្វី​ពី​រាស្ត្រ​របស់​លោក?

១១តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? បើ​យើង​ស្រឡាញ់​សេចក្ដី​ពិត យើង​ត្រូវ​ជឿ​និង​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ។ (​សូម​អាន យ៉ូហាន ៨:៤៥​-​៤៧) ខុស​ពី​មេ​កំណាច​សាថាន យើង​កាន់​ជំហរ​ខាង​សេចក្ដី​ពិត។ យើង​មិន​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ខុស​ពី​ជំនឿ​របស់​យើង​ទេ។ (​យ៉ូន. ៨:៤៤​) ព្រះ​តម្រូវ​ឲ្យ​រាស្ត្រ​របស់​លោក​«​ស្អប់​ខ្ពើម​អ្វី​ៗ​ដែល​ទុច្ចរិត ហើយ​កាន់​ខ្ជាប់​អ្វី​ៗ​ដែល​ល្អ​»​ ដូច​លោក​យេស៊ូ​បាន​ធ្វើ។—រ៉ូម ១២:៩; ហេ. ១:៩

​(​៣​) លោក​យេស៊ូ​បាន​ត្រូវ​គេ​បៀត​បៀន

មនុស្ស​ជា​ច្រើន​ជំពប់​ដួល​នឹង​លោក​យេស៊ូ​ដោយ​សារ​ការ​ស្លាប់​របស់​លោក​នៅ​លើ​បង្គោល​ឈើ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​តាម​របៀប​ណា? (​សូម​មើល​វគ្គ​១២​) *

១២. ហេតុ​អ្វី​របៀប​ដែល​លោក​យេស៊ូ​ស្លាប់​នាំ​ឲ្យ​ជន​ជាតិ​យូដា​ជា​ច្រើន​ជំពប់​ដួល?

១២ តើ​មាន​មូលហេតុ​អ្វី​ទៀត​ដែល​ជន​ជាតិ​យូដា​ខ្លះ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ? ប៉ូល​និយាយ​ថា​៖ ​«​យើង​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ត​ដែល​បាន​ត្រូវ​ព្យួរ ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជន​ជាតិ​យូដា​ជំពប់​ដួល​»។ (​១កូ. ១:២៣​) ហេតុ​អ្វី​របៀប​ដែល​លោក​យេស៊ូ​បាន​ស្លាប់​នាំ​ឲ្យ​ជន​ជាតិ​យូដា​ជា​ច្រើន​ជំពប់​ដួល? ចំពោះ​ពួក​គេ ការ​ស្លាប់​របស់​លោក​យេស៊ូ​នៅ​លើ​បង្គោល​ទារុណកម្ម ធ្វើ​ឲ្យ​លោក​មើល​ទៅ​ជា​ឧក្រិដ្ឋ​ជន​និង​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង មិន​មែន​ជា​មេស្ស៊ី​ទេ។—ចោ. ២១:២២, ២៣

១៣. តើ​ពួក​អ្នក​ដែល​ជំពប់​ដួល​នឹង​លោក​យេស៊ូ​មិន​បាន​ទទួល​ស្គាល់​អ្វី​ខ្លះ?

១៣ ជន​ជាតិ​យូដា​ដែល​ជំពប់​ដួល​នឹង​លោក​យេស៊ូ​មិន​បាន​ទទួល​ស្គាល់​ថា​លោក​គ្មាន​ទោស និង​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ថា​លោក​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌។ ពួក​អ្នក​កាត់​ក្ដី​លោក​យេស៊ូ​មិន​បាន​រក​យុត្តិធម៌​ឲ្យ​លោក​ទេ។ តុលាការ​ជាន់​ខ្ពស់​នៃ​ជន​ជាតិ​យូដា​ឆាប់​ជួប​ជុំ​គ្នា​ដើម្បី​កាត់​ក្ដី​លោក​យេស៊ូ ហើយ​មិន​ធ្វើ​តាម​ច្បាប់​អំពី​ការ​កាត់​ក្ដី​ឡើយ។ (​លូក. ២២:៥៤; យ៉ូន. ១៨:២៤​) ជា​ជាង​ស្ដាប់​ការ​ចោទ​ប្រកាន់​និង​ទី​សំអាង​អំពី​លោក​យេស៊ូ​ដោយ​មិន​លម្អៀង ពួក​ចៅ​ក្រម​បាន​រក​សាក្សី​«​ឲ្យ​ចោទ​ប្រកាន់​លោក​យេស៊ូ​ដោយ​មិន​ពិត ដើម្បី​មាន​ហេតុ​ប្រហារ​ជីវិត​លោក​»។ ពេល​គម្រោង​នេះ​បរាជ័យ សម្ដេច​សង្ឃ​ព្យាយាម​ឲ្យ​លោក​យេស៊ូ​និយាយ​អ្វី​ខុស​ដើម្បី​មាន​ហេតុ​ដាក់​ទោស​លោក។ នេះ​គឺ​ខុស​ច្បាប់​តែ​ម្ដង។ (​ម៉ាថ. ២៦:៥៩; ម៉ាក. ១៤:៥៥​-​៦៤​) ម្យ៉ាង​ទៀត ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​ចៅ​ក្រម​ទុច្ចរិត​ទាំង​នោះ​បាន​ឲ្យ​«​កាក់​ប្រាក់​មួយ​ចំនួន​ល្មម​»​ដល់​ពួក​ទាហាន​រ៉ូម​ដែល​យាម​ផ្នូរ​លោក​យេស៊ូ ដើម្បី​ឲ្យ​ផ្សាយ​រឿង​មិន​ពិត​អំពី​មូលហេតុ​ដែល​ផ្នូរ​នោះ​នៅ​ទទេ។—ម៉ាថ. ២៨:១១​-​១៥

១៤. តើ​បទ​គម្ពីរ​បាន​ប្រកាស​អ្វី​ទុក​ជា​មុន​អំពី​ការ​ស្លាប់​របស់​មេស្ស៊ី?

១៤តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ទោះ​ជា​ជន​ជាតិ​យូដា​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ​មិន​បាន​រំពឹង​ថា​មេស្ស៊ី​នឹង​ត្រូវ​ស្លាប់​ក្ដី សូម​កត់​សម្គាល់​អំពី​អ្វី​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ក្នុង​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ​រហូត​ដល់​ស្លាប់។ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ​ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ​»។ (​អេ. ៥៣:១២​) ដូច្នេះ ជន​ជាតិ​យូដា​គ្មាន​ហេតុ​ឲ្យ​ជំពប់​ដួល ពេល​គេ​ប្រហារ​ជីវិត​លោក​យេស៊ូ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ឡើយ។

១៥. តើ​ការ​ចោទ​ប្រកាន់​អ្វី​ខ្លះ​អំពី​សាក្សី​ព្រះ​យេហូវ៉ា​បាន​នាំ​ឲ្យ​អ្នក​ខ្លះ​ជំពប់​ដួល?

១៥តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? ពិត​ជា​មាន។ លោក​យេស៊ូ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​និង​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ហើយ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ត្រូវ​គេ​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ស្រដៀង​នឹង​នេះ។ សូម​គិត​អំពី​ឧទាហរណ៍​ខ្លះ​ៗ​ដែល​បាន​នាំ​ឲ្យ​អ្នក​ខ្លះ​ជំពប់​ដួល។ នៅ​សហរដ្ឋ​អាម៉េរិក​រវាង​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៥០ មាន​រឿង​ក្ដី​ជា​ច្រើន​បាន​ត្រូវ​លើក​ទៅ​តុលាការ ដើម្បី​ការ​ពារ​សេរី​ភាព​របស់​យើង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ចៅ​ក្រម​ខ្លះ​លម្អៀង​ប្រឆាំង​យើង​ដោយ​ឥត​អៀន​ខ្មាស។ នៅ​ខេត្ត​កេបិក ប្រទេស​កាណាដា ពួក​បព្វជិត​និង​រដ្ឋ​រួម​ដៃ​គ្នា​ប្រឆាំង​កិច្ច​ការ​របស់​យើង។ អ្នក​ផ្សាយ​ជា​ច្រើន​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ដោយ​សារ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ ក្នុង​របប​ណាត្ស៊ី​ប្រទេស​អាល្លឺម៉ង់ បុរស​វ័យ​ក្មេង​ស្មោះ​ត្រង់​មួយ​ចំនួន​បាន​ត្រូវ​ពួក​ណាត្ស៊ី​ប្រហារ​ជីវិត។ ម្យ៉ាង​ទៀត នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បង​ប្អូន​របស់​យើង​ជា​ច្រើន​នាក់​នៅ​ប្រទេស​រុស្ស៊ី​បាន​ត្រូវ​គេ​កាត់​ក្ដី​និង​ដាក់​គុក ដោយ​សារ​ពួក​គេ​និយាយ​អំពី​គម្ពីរ។ ពួក​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​ថា​កិច្ច​ការ​នេះ​ជា​សកម្មភាព​ជ្រុល​និយម។ សូម្បី​តែ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​ជា​ភាសា​រុស្ស៊ី ក៏​បាន​ត្រូវ​គេ​ដាក់​បម្រាម​និង​បាន​ត្រូវ​ចាត់​ទុក​ជា​សៀវភៅ​ជ្រុល​និយម ដោយ​សារ​សៀវភៅ​នោះ​ប្រើ​នាម​ព្រះ​យេហូវ៉ា។

១៦. ដូច​បាន​ត្រូវ​លើក​ឡើង​នៅ​យ៉ូហាន​ទី​១ ៤:១ ហេតុ​អ្វី​យើង​មិន​គួរ​ចាញ់​បោក​រឿង​មិន​ពិត​អំពី​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

១៦តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? សូម​ស្វែង​យល់​អំពី​ហេតុ​ការណ៍​ពិត។ ក្នុង​សុន្ទរកថា​របស់​លោក​យេស៊ូ​នៅ​លើ​ភ្នំ លោក​បាន​ព្រមាន​អ្នក​ស្ដាប់​ថា អ្នក​ខ្លះ​នឹង​«​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង ដើម្បី​បង្កាច់​បង្ខូច​»​ពួក​គេ។ (​ម៉ាថ. ៥:១១​) ប្រភព​នៃ​ការ​កុហក​ទាំង​នេះ​មក​ពី​សាថាន។ វា​បណ្ដាល​ឲ្យ​ពួក​អ្នក​ប្រឆាំង ផ្សព្វ​ផ្សាយ​ការ​កុហក​ដ៏​ព្រៃ​ផ្សៃ​អំពី​ពួក​អ្នក​ស្រឡាញ់​សេចក្ដី​ពិត។ (​បប. ១២:៩, ១០​) យើង​ត្រូវ​បដិសេធ​ការ​កុហក​ពី​អ្នក​ប្រឆាំង។ យើង​មិន​គួរ​ឲ្យ​ការ​កុហក​បែប​នេះ​ធ្វើ​ឲ្យ​យើង​មិន​ហ៊ាន​បម្រើ​ព្រះ ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​ចុះ​ខ្សោយ​ឡើយ។—សូម​អាន យ៉ូហាន​ទី​១ ៤:១

​(​៤​) លោក​យេស៊ូ​បាន​ត្រូវ​គេ​ក្បត់​និង​បោះ​បង់​ចោល

មនុស្ស​ជា​ច្រើន​ជំពប់​ដួល​នឹង​លោក​យេស៊ូ​ដោយ​សារ​យូដាស​ក្បត់​លោក។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​តាម​របៀប​ណា? (​សូម​មើល​វគ្គ​១៧​-​១៨​) *

១៧. តើ​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​មុន​លោក​យេស៊ូ​ស្លាប់​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ខ្លះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច?

១៧ បន្តិច​មុន​លោក​យេស៊ូ​ស្លាប់ សាវ័ក​ម្នាក់​ក្នុង​ចំណោម​សាវ័ក​១២​នាក់​បាន​ក្បត់​លោក។ សាវ័ក​ម្នាក់​ទៀត​បាន​បដិសេធ​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​អស់​បី​ដង ហើយ​សាវ័ក​ទាំង​អស់​បាន​បោះ​បង់​ចោល​លោក​នៅ​យប់​មុន​លោក​ស្លាប់។ (​ម៉ាថ. ២៦:១៤​-​១៦, ៤៧, ៥៦, ៧៥​) លោក​យេស៊ូ​មិន​ភ្ញាក់​ផ្អើល​ឡើយ។ លោក​ថែម​ទាំង​បាន​ប្រាប់​ទុក​ជា​មុន​ថា​អ្វី​ៗ​ទាំង​នោះ​នឹង​កើត​ឡើង។ (​យ៉ូន. ៦:៦៤; ១៣:២១, ២៦, ៣៨; ១៦:៣២​) ពេល​ឃើញ​អ្វី​ទាំង​នេះ​កើត​ឡើង អ្នក​ខ្លះ​ប្រហែល​ជា​ជំពប់​ដួល ហើយ​និយាយ​ថា​‹បើ​ពួក​សាវ័ក​របស់​លោក​យេស៊ូ​ប្រព្រឹត្ត​បែប​នេះ ខ្ញុំ​មិន​ចង់​ពាក់​ព័ន្ធ​ជា​មួយ​ពួក​គេ​ទេ!›។

១៨. តើ​ទំនាយ​អ្វី​ខ្លះ​បាន​ត្រូវ​សម្រេច​មុន​លោក​យេស៊ូ​ស្លាប់?

១៨តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? រាប់​រយ​ឆ្នាំ​មុន​នោះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ក្នុង​បណ្ដាំ​របស់​លោក​ថា មេស្ស៊ី​នឹង​ត្រូវ​គេ​ក្បត់​ដើម្បី​បាន​ប្រាក់​៣០​កាក់។ (​សាក. ១១:១២, ១៣​) អ្នក​ក្បត់​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​លោក​យេស៊ូ។ (​ទំនុក. ៤១:៩​) សាការី​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​ក៏​បាន​សរសេរ​ថា​៖ ​«​ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​»។ (​សាក. ១៣:៧​) ការ​ឃើញ​ទំនាយ​ទាំង​នេះ​បាន​កើត​ឡើង​ដល់​លោក​យេស៊ូ គួរ​ពង្រឹង​ជំនឿ​របស់​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ ជា​ជាង​ធ្វើ​ឲ្យ​ពួក​គេ​ជំពប់​ដួល។

១៩. តើ​បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ​ទទួល​ស្គាល់​អ្វី?

១៩តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ នៅ​សម័យ​យើង សាក្សី​មួយ​ចំនួន​ដែល​បង​ប្អូន​ជា​ច្រើន​ស្គាល់​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត ទៅ​ជា​អ្នក​ក្បត់​ជំនឿ ហើយ​ព្យាយាម​អូស​ទាញ​បង​ប្អូន​ឯ​ទៀត​ឲ្យ​បែរ​ចេញ​ពី​សេចក្ដី​ពិត។ ពួក​គេ​ផ្សាយ​ព័ត៌មាន​មិន​ល្អ ឬ​បោក​ប្រាស់​និង​កុហក​អំពី​សាក្សី​ព្រះ​យេហូវ៉ា តាម​កាសែត វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​អ៊ីនធឺណិត។ ប៉ុន្តែ បុគ្គល​ដែល​មាន​ចិត្ត​ស្មោះ​មិន​ជំពប់​ដួល​ចំពោះ​រឿង​ទាំង​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទទួល​ស្គាល់​ថា គម្ពីរ​បាន​ប្រកាស​ទុក​ជា​មុន​ថា​អ្វី​ៗ​ទាំង​នេះ​នឹង​កើត​ឡើង។—ម៉ាថ. ២៤:២៤; ២​ពេ. ២:១៨​-​២២

២០. តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​នឹង​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​យ៉ាង​ដូច​ម្ដេច? (​ធីម៉ូថេ​ទី​២ ៤:៤, ៥​)

២០តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​រក្សា​ជំនឿ​របស់​យើង​ឲ្យ​រឹង​មាំ ដោយ​សិក្សា​ជា​ទៀង​ទាត់ អធិដ្ឋាន​ជា​រឿយ​ៗ និង​បន្ត​ជាប់​រវល់​ក្នុង​កិច្ចការ​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រគល់​ឲ្យ​យើង។ (​សូម​អាន ធីម៉ូថេ​ទី​២ ៤:៤, ៥) បើ​យើង​បង្ហាញ​ជំនឿ យើង​នឹង​មិន​ភ័យ​តក់​ស្លុត ពេល​យើង​ឮ​ព័ត៌មាន​មិន​ល្អ​អំពី​សាក្សី​ព្រះ​យេហូវ៉ា។ (​អេ. ២៨:១៦​) សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា បណ្ដាំ​របស់​លោក និង​បង​ប្អូន​រួម​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​ការ​ជំពប់​ដួល​នឹង​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត។

២១. ទោះ​ជា​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ព្រម​ទទួល​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​ក្ដី តើ​យើង​អាច​មាន​ទំនុក​ចិត្ត​អ្វី?

២១ នៅ​សតវត្សរ៍​ទី​១ មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល ហើយ​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​ទៀត​បាន​ទទួល​ស្គាល់​លោក យ៉ាង​ហោច​ណាស់​នេះ​រួម​បញ្ចូល​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ជន​ជាតិ​យូដា ហើយ​ថែម​ទាំង​«​សង្ឃ​មួយ​ក្រុម​ធំ​»​ទៀត​ផង។ (​សកម្ម. ៦:៧; ម៉ាថ. ២៧:៥៧​-​៦០; ម៉ាក. ១៥:៤៣​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​លាន​នាក់​មិន​បាន​ជំពប់​ដួល​ទេ។ ហេតុ​អ្វី? ពីព្រោះ​ពួក​គេ​ស្គាល់​និង​ស្រឡាញ់​សេចក្ដី​ពិត​ក្នុង​បទ​គម្ពីរ។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រិត្យ​វិន័យ​ទ្រង់ នោះ​មាន​សេចក្ដី​សុខ​ដ៏​លើស​លប់ ហើយ​គ្មាន​ហេតុ​នឹង​ចំពប់​ដួល​ឡើយ​»។—ទំនុក. ១១៩:១៦៥

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

^ វគ្គ 5 ក្នុង​អត្ថបទ​មុន យើង​បាន​ពិចារណា​អំពី​មូលហេតុ​បួន​ដែល​មនុស្ស​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​នៅ​អតីតកាល និង​មូលហេតុ​ដែល​ពួក​គេ​បដិសេធ​អ្នក​កាន់​តាម​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​មូលហេតុ​បួន​ទៀត។ យើង​ក៏​នឹង​ស្វែង​យល់​អំពី​មូលហេតុ​ដែល​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែល​មាន​ចិត្ត​ស្មោះ មិន​ឲ្យ​ខ្លួន​ជំពប់​ដួល​ឡើយ។

^ វគ្គ 60 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​បរិភោគ​អាហារ​ជា​មួយ​ម៉ាថាយ​និង​អ្នក​យក​ពន្ធ​ឯ​ទៀត។

^ វគ្គ 62 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​បណ្ដេញ​អ្នក​លក់​ច​ញ​ពី​វិហារ។

^ វគ្គ 64 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​ត្រូវ​លី​បង្គោល​ទារុណកម្ម។

^ វគ្គ 66 ការពណ៌នាអំពីរូបភាព: យូដាស​ក្បត់​លោក​យេស៊ូ​ដោយ​ថើប​លោក។