លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា២០

ចូររក្សាទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ

ចូររក្សាទស្សនៈត្រឹមត្រូវចំពោះកិច្ចបម្រើផ្សាយ

​«​ចូរ​សាប​ព្រោះ​ពូជ​របស់​ឯង​ចុះ . . . កុំ​ឲ្យ​ទប់​ដៃ​ឯង​ឡើយ​»។—សាស្ដ. ១១:៦

ចម្រៀង​លេខ​៧០ ចូរ​ស្វែង​រក​អ្នក​ណា​ដែល​ទទួល​អ្នក​ជា​ភ្ញៀវ

សេចក្ដី​សង្ខេប *

ក្រោយ​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​អ្នក​កាន់​តាម​លោក​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​នៅ​ក្រុង​យេរូសាឡិម និង​នៅ​កន្លែង​ជា​ច្រើន​ទៀត (សូមមើលវគ្គ១)

១. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក ហើយ​តើ​ពួក​គេ​បាន​ធ្វើ​តាម​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

លោក​យេស៊ូ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែនដី ហើយ​លោក​ចង់​ឲ្យ​អ្នក​កាន់​តាម​លោក​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​ដូច​លោក​ដែរ។ (​យ៉ូន. ៤:៣៥, ៣៦​) កាល​ដែល​លោក​យេស៊ូ​នៅ​ជា​មួយ​ពួក​អ្នក​កាន់​តាម​លោក ពួក​គេ​មាន​ចិត្ត​រំភើប​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ (​លូក. ១០:១, ៥​-​១១, ១៧​) ប៉ុន្តែ អស់​មួយ​រយៈ​ពេល​ខ្លី ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​គេ​ចាប់​ខ្លួន​និង​ត្រូវ​គេ​សម្លាប់ ពួក​អ្នក​កាន់​តាម​លែង​ចង់​ផ្សព្វ​ផ្សាយ។ (​យ៉ូន. ១៦:៣២​) បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ ម្យ៉ាង​ទៀត ក្រោយ​ពី​លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ដល់​ម្ល៉េះ​បាន​ជា​សត្រូវ​របស់​ពួក​គេ​ត្អូញត្អែរ​ថា​៖ ​«​មើល! អ្នក​រាល់​គ្នា​បាន​ផ្សាយ​សេចក្ដី​បង្រៀន​របស់​អ្នក​ពេញ​ក្រុង​យេរូសាឡិម​»។—សកម្ម. ៥:២៨

២. តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យ៉ាង​ណា​ទៅ​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

លោក​យេស៊ូ​បាន​នាំ​មុខ​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​កាល​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ ហើយ​ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ។ ដូច្នេះ មនុស្ស​ជា​ច្រើន​ទទួល​យក​ដំណឹង​ដែល​ពួក​គេ​ផ្សាយ។ ជា​ឧទាហរណ៍ នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣​គ.ស. មនុស្ស​ប្រហែល​៣.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ (​សកម្ម. ២:៤១​) ម្យ៉ាង​ទៀត ចំនួន​អ្នក​កាន់​តាម​បាន​បន្ត​កើន​កាន់​តែ​ច្រើន​ឡើង​ៗ។ (​សកម្ម. ៦:៧​) ប៉ុន្តែ លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា មនុស្ស​កាន់​តែ​ច្រើន​នឹង​ទទួល​ដំណឹង​ល្អ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់។—យ៉ូន. ១៤:១២; សកម្ម. ១:៨

៣​-​៤. ហេតុ​អ្វី​នៅ​តំបន់​ខ្លះ​ពិបាក​ផ្សព្វ​ផ្សាយ ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

យើង​ទាំង​អស់​គ្នា​ព្យាយាម​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ។ នៅ​ប្រទេស​ខ្លះ​ស្រួល​ឲ្យ​យើង​មាន​ទស្សនៈ​ដូច្នេះ។ ហេតុ​អ្វី? ពីព្រោះ​មនុស្ស​ដែល​ចាប់​អារម្មណ៍​សិក្សា​គម្ពីរ​គឺ​មាន​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ខ្លះ​ត្រូវ​រង់​ចាំ​រហូត​ដល់​សាក្សី​ណា​ម្នាក់​អាច​ទៅ​បង្រៀន​ពួក​គេ។ ប៉ុន្តែ នៅ​ប្រទេស​ផ្សេង​ទៀត អ្នក​ផ្សាយ​មាន​ការ​ពិបាក​ច្រើន​ជាង ដោយ​សារ​មនុស្ស​មិន​សូវ​នៅ​ផ្ទះ ហើយ​ពួក​អ្នក​ដែល​នៅ​ផ្ទះ​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍​គម្ពីរ​ទេ។

បើ​អ្នក​រស់​នៅ​ក្នុង​តំបន់​ដែល​ពិបាក​ផ្សព្វ​ផ្សាយ យោបល់​ក្នុង​អត្ថបទ​នេះ​ទំនង​ជា​នឹង​ជួយ​អ្នក។ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​បង​ប្អូន​ខ្លះ​បាន​ធ្វើ​ដើម្បី​ជួប​មនុស្ស​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​អាច​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ ទោះ​ជា​មនុស្ស​ស្ដាប់​ឬ​មិន​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​ក្ដី។

ចូរ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ទោះ​ជា​ពិបាក​ជួប​មនុស្ស​ក្ដី

៥. តើ​សាក្សី​ជា​ច្រើន​នាក់​មាន​ការ​ពិបាក​អ្វី​ខ្លះ?

សាក្សី​ជា​ច្រើន​នាក់​កាន់​តែ​ពិបាក​ជួប​មនុស្ស​នៅ​ផ្ទះ។ អ្នក​ផ្សាយ​ខ្លះ​រស់​នៅ​តំបន់​ដែល​មាន​អគារ​ជា​ច្រើន​ដែល​បាន​ត្រូវ​ការ​ពារ​យ៉ាង​មាំ​ទាំ ឬ​នៅ​បុរី​ដែល​មាន​សន្តិសុខ​ការ​ពារ។ ជួន​កាល​នៅ​កន្លែង​បែប​នេះ គេ​មាន​អ្នក​យាម​ឬ​សន្តិសុខ​ដែល​មិន​ឲ្យ​អ្នក​ណា​ចូល បើ​មិន​មាន​ការ​ហៅ​ពី​អ្នក​ដែល​រស់​នៅ​ទី​នោះ។ នៅ​កន្លែង​ផ្សេង​ទៀត អ្នក​ផ្សាយ​អាច​ទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​សេរី ប៉ុន្តែ​ពួក​គេ​មិន​សូវ​ជួប​មនុស្ស​នៅ​ផ្ទះ។ រីឯ​អ្នក​ផ្សាយ​ផ្សេង​ទៀត ពួក​គេ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដាច់​ស្រយាល​ដែល​មាន​មនុស្ស​តិច​រស់​នៅ។ អ្នក​ផ្សាយ​ប្រហែល​ជា​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ដើម្បី​ជួប​ម្ចាស់​ផ្ទះ​តែ​ម្នាក់ ហើយ​ប្រហែល​ជា​គាត់​មិន​នៅ​ផ្ទះ​ទៀត! បើ​យើង​ជួប​ប្រទះ​ការ​ពិបាក​ទាំង​នេះ យើង​មិន​ត្រូវ​ឈប់​ព្យាយាម​ឡើយ។ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ទាំង​នេះ ហើយ​ជួប​មនុស្ស​ច្រើន​ជាង?

៦. តើ​អ្នក​ផ្សព្វ​ផ្សាយ​គឺ​ដូច​អ្នក​នេសាទ​ត្រី​ក្នុង​ន័យ​អ្វី?

លោក​យេស៊ូ​បាន​ប្រដូច​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទៅ​នឹង​ការ​នេសាទ​ត្រី។ (​ម៉ាក. ១:១៧​) អ្នក​នេសាទ​ខ្លះ​ទៅ​រក​ត្រី​អស់​ជា​ច្រើន​ថ្ងៃ តែ​ចាប់​មិន​បាន​សោះ។ ប៉ុន្តែ ពួក​គេ​មិន​ឈប់​ព្យាយាម​ទេ ពួក​គេ​ចេះ​បត់​បែន។ ពួក​គេ​ផ្លាស់​ប្ដូរ​ពេល​វេលា ទី​កន្លែង ឬ​វិធី​នេសាទ។ យើង​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ស្រដៀង​នឹង​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ សូម​គិត​អំពី​យោបល់​ដូច​ត​ទៅ​នេះ។

ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​មិន​សូវ​នៅ​ផ្ទះ សូម​ព្យាយាម​ជួប​ពួក​គេ​នៅ​ម៉ោង​ផ្សេង​ៗ នៅ​កន្លែង​ផ្សេង​ៗ និង​ដោយ​ប្រើ​វិធី​ផ្សេង​ៗ​ (​សូម​មើល​វគ្គ​៧​-​១០​) *

៧. តើ​ការ​ផ្សព្វ​ផ្សាយ​នៅ​ម៉ោង​ផ្សេង​អាច​មាន​លទ្ធផល​អ្វី?

សូម​ព្យាយាម​ជួប​មនុស្ស​នៅ​ពេល​ផ្សេង។ យើង​នឹង​ជួប​មនុស្ស​ច្រើន​ជាង បើ​យើង​ផ្សព្វ​ផ្សាយ​ពេល​ពួក​គេ​ទំនង​ជា​នៅ​ផ្ទះ។ ទោះ​ជា​មនុស្ស​មិន​សូវ​នៅ​ផ្ទះ​ក្ដី គង់​តែ​នឹង​មាន​ពេល​ដែល​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ! បង​ប្អូន​ជា​ច្រើន​ឃើញ​ថា​ការ​ផ្សព្វ​ផ្សាយ​នៅ​ពេល​រសៀល​ឬ​ពេល​ល្ងាច គឺ​មាន​ប្រយោជន៍​ដោយ​សារ​ពួក​គេ​ជួប​មនុស្ស​ច្រើន​ជាង ហើយ​ម្ចាស់​ផ្ទះ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង និង​សប្បាយ​និយាយ​គ្នា​នៅ​ពេល​នោះ។ ឬ​អ្នក​ប្រហែល​ជា​អាច​ធ្វើ​តាម​យោបល់​របស់​អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ដាវីឌ។ គាត់​និយាយ​ថា​ក្រោយ​ពី​ផ្សព្វ​ផ្សាយ​អស់​ប៉ុន្មាន​ម៉ោង​នៅ​តំបន់​មួយ គាត់​និង​ដៃ​គូ​គាត់​ត្រឡប់​ទៅ​ជួប​ពួក​អ្នក​ដែល​ពួក​គាត់​មិន​បាន​ជួប​ពេល​ផ្សព្វ​ផ្សាយ​ជា​លើក​ទី​១។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​ម្ចាស់​ផ្ទះ​ជា​ច្រើន​នៅ​ផ្ទះ​ពេល​យើង​ទៅ​ជួប​ជា​លើក​ទី​២​»។ *

ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​មិន​សូវ​នៅ​ផ្ទះ សូម​ព្យាយាម​ជួប​ពួក​គេ​នៅ​ម៉ោង​ផ្សេង​ៗ (​សូម​មើល​វគ្គ​៧​-​៨​)

៨. តើ​ពាក្យ​នៅ​សាស្ដា ១១:៦​អាច​ជាប់​ទាក់​ទង​នឹង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

យើង​មិន​គួរ​ឈប់​ព្យាយាម​ឡើយ។ បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ រំលឹក​យើង​អំពី​ទស្សនៈ​ដែល​យើង​ត្រូវ​មាន។ (​សូម​អាន សាស្ដា ១១:៦) បង​ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ មិន​បាន​ឈប់​ព្យាយាម​ទេ។ នៅ​ទី​បំផុត គាត់​បាន​ជួប​ម្ចាស់​ផ្ទះ​ម្នាក់​ក្រោយ​ពី​គាត់​បាន​ព្យាយាម​ជួប​ម្ចាស់​ផ្ទះ​នោះ​អស់​ប៉ុន្មាន​ដង​រួច​ទៅ​ហើយ។ បុរស​នោះ​និយាយ​ថា​៖ ​«​ខ្ញុំ​រស់​នៅ​ទី​នេះ​ជិត​៨​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​ឃើញ​សាក្សី​ព្រះ​យេហូវ៉ា​មក​ផ្ទះ​របស់​ខ្ញុំ​ទេ​»។ បុរស​នោះ​ចាប់​អារម្មណ៍​នឹង​ការ​ពិភាក្សា​អំពី​គម្ពីរ។ បង​ដាវីឌ​និយាយ​ថា​៖ ​«​ខ្ញុំ​ឃើញ​ថា ពេល​យើង​ជួប​មនុស្ស​នៅ​ផ្ទះ ក្រោយ​ពី​យើង​ព្យាយាម​ជួប​ពួក​គេ​អស់​ប៉ុន្មាន​ដង ពួក​គេ​ច្រើន​តែ​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​»។

ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​មិន​សូវ​នៅ​ផ្ទះ សូម​ព្យាយាម​ជួប​ពួក​គេ​នៅ​កន្លែង​ផ្សេង​ៗ (សូមមើលវគ្គ៩)

៩. តើ​សាក្សី​ខ្លះ​បាន​ធ្វើ​អ្វី​ដើម្បី​ជួប​មនុស្ស​ដែល​មិន​សូវ​នៅ​ផ្ទះ?

សូម​សាក​ល្បង​ទៅ​កន្លែង​ផ្សេង។ ដើម្បី​ជួប​មនុស្ស​ដែល​មិន​សូវ​នៅ​ផ្ទះ អ្នក​ផ្សាយ​ខ្លះ​បាន​ផ្លាស់​ប្ដូរ​ទី​កន្លែង​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ។ ជា​ឧទាហរណ៍ ការ​ផ្សព្វ​ផ្សាយ​តាម​ផ្លូវ​និង​ការ​ប្រើ​រទេះ​រុញ​ដាក់​តាំង​សៀវ​ភៅ​របស់​យើង គឺ​ជា​វិធី​ល្អ​ដើម្បី​ជួប​មនុស្ស​ដែល​រស់​នៅ​អគារ​ធំ​ៗ ដែល​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​បាន​ត្រូវ​អនុញ្ញាត។ យ៉ាង​នេះ សាក្សី​អាច​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​មនុស្ស​ដែល​តាម​ធម្មតា​ពួក​គេ​មិន​អាច​ជួប​បាន​ទេ។ ម្យ៉ាង​ទៀត អ្នក​ផ្សាយ​ជា​ច្រើន​ឃើញ​ថា​មនុស្ស​ស្រួល​និយាយ​ជា​មួយ​យើង​ជាង​ឬ​ទទួល​សៀវភៅ​របស់​យើង បើ​យើង​ជួប​ពួក​គេ​នៅ​សួន​សាធារណៈ ផ្សារ និង​តំបន់​ពាណិជ្ជកម្ម។ បង​ផ្លូរ៉ាន​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នៅ​ប្រទេស​បូលីវី​និយាយ​ថា​៖ ​«​យើង​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ផ្សារ​និង​តំបន់​ពាណិជ្ជកម្ម​រវាង​ម៉ោង​១:០០​និង​៣:០០​រសៀល ជា​ពេល​ដែល​អ្នក​រក​ស៊ី​មិន​សូវ​រវល់។ យើង​ច្រើន​តែ​មាន​ការ​សន្ទនា​ល្អ ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​ទៀត​ផង​»។

ពេល​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មនុស្ស​មិន​សូវ​នៅ​ផ្ទះ សូម​ព្យាយាម​ជួប​ពួក​គេ​ដោយ​ប្រើ​វិធី​ផ្សេង​ៗ (សូមមើលវគ្គ១០)

១០. តើ​អ្នក​អាច​ប្រើ​វិធី​អ្វី​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស?

១០សូម​ព្យាយាម​ប្រើ​វិធី​ផ្សេង។ ឧបមា​ថា​អ្នក​បាន​ព្យាយាម​ជួប​បុគ្គល​ណា​ម្នាក់​ដោយ​ផ្ទាល់​អស់​ប៉ុន្មាន​ដង​ហើយ។ អ្នក​បាន​ទៅ​ជួប​គាត់​នៅ​ម៉ោង​ផ្សេង​ៗ តែ​អ្នក​នៅ​តែ​មិន​បាន​ឃើញ​គាត់​នៅ​ផ្ទះ។ តើ​មាន​វិធី​ផ្សេង​ដើម្បី​ជួប​បុគ្គល​បែប​នេះ​ឬ​ទេ? បង​ស្រី​ខាតារីណា​និយាយ​ថា​៖ ​«​ខ្ញុំ​សរសេរ​សំបុត្រ​ឲ្យ​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ជួប​នៅ​ផ្ទះ ហើយ​រៀប​រាប់​អំពី​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​បើ​ខ្ញុំ​ជួប​ពួក​គេ​ដោយ​ផ្ទាល់​»។ តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​គាត់? ពេល​អ្នក​ផ្សព្វ​ផ្សាយ ចូរ​ព្យាយាម​ជួប​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​ផ្សាយ​តាម​វិធី​ណា​មួយ។

ចូរ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ទោះ​ជា​មនុស្ស​មិន​ចាប់​អារម្មណ៍​ក្ដី

១១. ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សាយ?

១១ មនុស្ស​ខ្លះ​មិន​ចាប់​អារម្មណ៍​ដំណឹង​ដែល​យើង​ផ្សាយ​ទេ។ ពួក​គេ​មិន​យល់​ថា​ពួក​គេ​ត្រូវ​ស្គាល់​ព្រះ​ឬ​គម្ពីរ​ទេ ហើយ​ក៏​មិន​ជឿ​ថា​មាន​ព្រះ ដោយ​សារ​ពួក​គេ​ឃើញ​ថា​ក្នុង​ពិភព​លោក​នេះ​មាន​ទុក្ខ​វេទនា​ជា​ច្រើន។ ពួក​គេ​មិន​ចាប់​អារម្មណ៍​គម្ពីរ ដោយ​សារ​ពួក​គេ​ឃើញ​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​និយាយ​ថា​ខ្លួន​ធ្វើ​តាម​គម្ពីរ តែ​បែរ​ជា​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ទៅ​វិញ។ អ្នក​ឯ​ទៀត​គិត​ច្រើន​អំពី​ការ​ងារ ក្រុម​គ្រួសារ ឬ​បញ្ហា​ផ្ទាល់​ខ្លួន ហើយ​គិត​ថា​គម្ពីរ​មិន​អាច​ជួយ​ពួក​គេ​បាន​ទេ។ តើ​យើង​អាច​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច​បាន ពេល​ពួក​អ្នក​ដែល​យើង​ផ្សព្វ​ផ្សាយ​គិត​ថា​ដំណឹង​ដែល​យើង​ផ្សាយ​គឺ​គ្មាន​ប្រយោជន៍?

១២. តើ​ការ​ធ្វើ​តាម​ពាក្យ​នៅ​ភីលីព ២:៤​អាច​ជួយ​យើង​យ៉ាង​ណា​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១២ចូរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ដើម​ដំបូង​មិន​ចាប់​អារម្មណ៍​ដំណឹង​ល្អ ក្រោយ​មក​ចាប់​អារម្មណ៍​កាល​ដែល​ពួក​គេ​ឃើញ​ថា​អ្នក​ផ្សាយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ពួក​គេ។ (​សូម​អាន ភីលីព ២:៤) ជា​ឧទាហរណ៍ បង​ដាវីឌ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​បើ​អ្នក​ណា​ម្នាក់​និយាយ​ថា​មិន​ចាប់​អារម្មណ៍ យើង​ទុក​គម្ពីរ​ឬ​សៀវភៅ​របស់​យើង​មួយ​ឡែក​សិន ហើយ​និយាយ​ថា​៖ ‹ខ្ញុំ​សូម​សួរ​បង​បាន​ទេ ហេតុ​អី​បង​មាន​អារម្មណ៍​ដូច​នេះ?›​»។ មនុស្ស​អាច​ដឹង​ពេល​អ្នក​ណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ។ ក្រោយ​មក​ពួក​គេ​ប្រហែល​ជា​ភ្លេច​អ្វី​ដែល​យើង​បាន​និយាយ ប៉ុន្តែ​ពួក​គេ​ទំនង​ជា​នឹង​ចាំ​អំពី​អារម្មណ៍​ដែល​ពួក​គេ​មាន​ពេល​និយាយ​ជា​មួយ​យើង។ ទោះ​ជា​ម្ចាស់​ផ្ទះ​មិន​ឲ្យ​យើង​និយាយ​អំពី​ដំណឹង​ល្អ​ក្ដី យើង​អាច​បង្ហាញ​ថា​យើង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​តាម​រយៈ​អាកប្បកិរិយា និង​ទឹក​មុខ​របស់​យើង។

១៣. តើ​យើង​អាច​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​យើង​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​របស់​ម្ចាស់​ផ្ទះ​នីមួយ​ៗ​?

១៣ យើង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គល​ម្នាក់​ៗ​ពេល​យើង​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​យើង​ឲ្យ​ស្រប​តាម​សេចក្ដី​ត្រូវ​ការ​និង​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ។ ជា​ឧទាហរណ៍ តើ​យើង​ឃើញ​របស់​របរ​ដែល​បង្ហាញ​ថា​មាន​ក្មេង​រស់​នៅ​ផ្ទះ​នោះ​ឬ​ទេ? ឪពុក​ម្ដាយ​ប្រហែល​ជា​ចាប់​អារម្មណ៍​យោបល់​ក្នុង​គម្ពីរ​អំពី​ការ​ចិញ្ចឹម​អប់រំ​កូន ឬ​យោបល់​អំពី​របៀប​មាន​សុភមង្គល​ច្រើន​ជាង​ក្នុង​ក្រុម​គ្រួសារ។ តើ​យើង​ឃើញ​សោ​ច្រើន​ជាប់​ទ្វារ​ឬ​ទេ? បើ​ដូច្នេះ យើង​ប្រហែល​ជា​និយាយ​អំពី​ឧក្រិដ្ឋកម្ម​និង​ភាព​ភ័យ​ខ្លាច​ក្នុង​ពិភព​លោក។ ក្រោយ​មក​ម្ចាស់​ផ្ទះ​ប្រហែល​ជា​សប្បាយ​ចិត្ត​ចង់​ឮ​អំពី​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ចំពោះ​ឧក្រិដ្ឋកម្ម។ រាល់​ដង​ដែល​អ្នក​ជួប​មនុស្ស​ដែល​ចង់​ស្ដាប់ សូម​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​របៀប​ដែល​យោបល់​ក្នុង​គម្ពីរ​អាច​ជួយ​ពួក​គេ។ បង​ខាតារីណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​អំពី​របៀប​ដែល​សេចក្ដី​ពិត​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ល្អ​ប្រសើរ​ជាង​»។ យ៉ាង​នេះ បង​ខាតារីណា​អាច​និយាយ​ដោយ​មាន​ការ​ជឿ​ជាក់ ហើយ​បុគ្គល​ដែល​ស្ដាប់​គាត់​អាច​ដឹង​តែ​ម្ដង។

១៤. តើ​សុភាសិត ២៧:១៧​បង្ហាញ​យ៉ាង​ណា​អំពី​របៀប​ដែល​ដៃ​គូ​ផ្សាយ​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក?

១៤ចូរ​សុំ​ជំនួយ​ពី​អ្នក​ឯ​ទៀត។ នៅ​សតវត្សរ៍​ទី​១ ប៉ូល​បាន​បង្រៀន​ធីម៉ូថេ​អំពី​វិធី​ផ្សព្វ​ផ្សាយ​និង​បង្រៀន ហើយ​គាត់​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ប្រើ​វិធី​ទាំង​នោះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត។ (​១កូ. ៤:១៧​) ដូច​ធីម៉ូថេ យើង​អាច​រៀន​ពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​បទ​ពិសោធន៍។ (​សូម​អាន សុភាសិត ២៧:១៧) សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ហ្សន។ អស់​មួយ​រយៈ​ពេល គាត់​បាន​ត្រួស​ត្រាយ​នៅ​ជនបទ ហើយ​នៅ​ទី​នោះ​មនុស្ស​ភាគ​ច្រើន​មិន​ស្វែង​រក​សេចក្ដី​ពិត ដោយ​សារ​ពួក​គេ​ពេញ​ចិត្ត​នឹង​សាសនា​របស់​ពួក​គេ​រួច​ហើយ។ ដូច្នេះ តើ​គាត់​បាន​រក្សា​អំណរ​របស់​គាត់​តាម​របៀប​ណា? គាត់​និយាយ​ថា​៖ ​«​ពេល​ណា​ដែល​អាច​ធ្វើ​បាន ខ្ញុំ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​ដៃ​គូ។ យើង​យក​ពេល​ធ្វើ​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្រៀន។ ជា​ឧទាហរណ៍ យើង​និយាយ​គ្នា​អំពី​ប្រតិកម្ម​របស់​យើង​ចំពោះ​អ្វី​ដែល​ម្ចាស់​ផ្ទះ​និយាយ។ បន្ទាប់​មក យើង​និយាយ​គ្នា​អំពី​របៀប​ដែល​យើង​អាច​តប​ឆ្លើយ​ផ្សេង បើ​យើង​ជួប​ស្ថានភាព​ដូច​នោះ​ម្ដង​ទៀត​»។

១៥. ហេតុ​អ្វី​សេចក្ដី​អធិដ្ឋាន​គឺ​សំខាន់​ចាំ​បាច់​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង?

១៥ចូរ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ ចូរ​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​រាល់​ដង​ដែល​អ្នក​ផ្សព្វ​ផ្សាយ។ បើ​គ្មាន​ជំនួយ​ពី​សកម្មពល​បរិសុទ្ធ​ដ៏​ខ្លាំង​ក្លា​របស់​លោក យើង​មិន​អាច​សម្រេច​អ្វី​ទាំង​អស់​បាន​ទេ។ (​ទំនុក. ១២៧:១; លូក. ១១:១៣​) ពេល​អ្នក​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា សូម​និយាយ​ជាក់​លាក់។ ជា​ឧទាហរណ៍ ចូរ​សុំ​លោក​ណែនាំ​អ្នក​ឲ្យ​ជួប​បុគ្គល​ដែល​ចង់​ស្ដាប់​ដំណឹង​ល្អ និង​ចង់​រៀន​អំពី​លោក។ បន្ទាប់​មក ចូរ​ខំ​ផ្សព្វ​ផ្សាយ​អស់​ពី​សមត្ថភាព​ដល់​អស់​អ្នក​ដែល​អ្នក​ជួប។

១៦. ហេតុ​អ្វី​យើង​ត្រូវ​សិក្សា​ផ្ទាល់​ខ្លួន​ដើម្បី​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៦ចូរ​លៃ​ទុក​ពេល​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន។ បណ្ដាំ​របស់​ព្រះ​ចែង​ថា​៖ ​«​[​ចូរ​]​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ (​រ៉ូម ១២:២​) កាល​ដែល​យើង​កាន់​តែ​ជឿ​ជាក់​ថា​យើង​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ យើង​នឹង​កាន់​តែ​និយាយ​ដោយ​ជឿ​ជាក់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ បង​ខាតារីណា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​មិន​យូរ​មុន ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​ពង្រឹង​ជំនឿ​របស់​ខ្ញុំ​អំពី​សេចក្ដី​បង្រៀន​បឋម​ៗ​មួយ​ចំនួន​ក្នុង​គម្ពីរ។ ដូច្នេះ ខ្ញុំ​បាន​សិក្សា​យ៉ាង​ហ្មត់​ចត់​អំពី​ទី​សំអាង​ដែល​បង្ហាញ​ថា​មាន​អ្នក​បង្កើត ថា​គម្ពីរ​ពិត​ជា​បណ្ដាំ​របស់​ព្រះ ហើយ​ថា​ព្រះ​មាន​អង្គការ​មួយ​ដែល​ជា​តំណាង​លោក​នៅ​សព្វ​ថ្ងៃ​នេះ​»។ បង​ខាតារីណា​និយាយ​ថា​ការ​សិក្សា​ផ្ទាល់​ខ្លួន​បាន​ពង្រឹង​ជំនឿ​របស់​គាត់ និង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​មាន​អំណរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

មូលហេតុ​ដែល​យើង​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ

១៧. ហេតុ​អ្វី​លោក​យេស៊ូ​បាន​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៧ លោក​យេស៊ូ​បាន​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ ហើយ​បន្ត​ផ្សព្វ​ផ្សាយ ទោះ​ជា​អ្នក​ខ្លះ​មិន​ចង់​ស្ដាប់​ដំណឹង​ដែល​លោក​ផ្សាយ​ក្ដី។ ហេតុ​អ្វី? ពីព្រោះ​លោក​ដឹង​ថា​មនុស្ស​ត្រូវ​ការ​សេចក្ដី​ពិត​ខ្លាំង​យ៉ាង​ណា ហើយ​លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ច្រើន​បំផុត​ទទួល​យក​ដំណឹង​អំពី​រាជាណាចក្រ។ លោក​ក៏​ដឹង​ដែរ​ថា អ្នក​ខ្លះ​ដែល​មិន​ស្ដាប់​នៅ​ដើម​ដំបូង ក្រោយ​មក​នឹង​ស្ដាប់​វិញ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេស៊ូ​ផ្ទាល់។ ក្នុង​អំឡុង​បី​ឆ្នាំ​កន្លះ​នៃ​កិច្ច​បម្រើ​ផ្សាយ​របស់​លោក គ្មាន​ប្អូន​ប្រុស​ៗ​ណា​ម្នាក់​របស់​លោក​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​ទេ។ (​យ៉ូន. ៧:៥​) តែ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​បាន​ទៅ​ជា​គ្រិស្ត​សាសនិក។—សកម្ម. ១:១៤

១៨. ហេតុ​អ្វី​យើង​បន្ត​ផ្សព្វ​ផ្សាយ?

១៨ យើង​មិន​ដឹង​ថា​អ្នក​ណា​ខ្លះ​នឹង​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ អ្នក​ខ្លះ​ត្រូវ​ការ​ពេល​យូរ​ជាង​អ្នក​ឯ​ទៀត​មុន​ដែល​ពួក​គេ​សម្រេច​ចិត្ត​រៀន​សេចក្ដី​ពិត។ សូម្បី​តែ​ពួក​អ្នក​ដែល​មិន​ចង់​ស្ដាប់​យើង ក៏​អាច​ឃើញ​ការ​ប្រព្រឹត្ត​ល្អ​និង​ចិត្ត​គំនិត​ត្រឹម​ត្រូវ​របស់​យើង ហើយ​ទី​បំផុត​ពួក​គេ​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​«​សរសើរ​ព្រះ​»។—១ពេ. ២:១២

១៩. យោង​ទៅ​តាម​កូរិនថូស​ទី​១ ៣:៦, ៧ តើ​យើង​ត្រូវ​ចាំ​អំពី​អ្វី?

១៩ ទោះ​ជា​យើង​ជា​អ្នក​ដាំ​និង​អ្នក​ស្រោច​ក្ដី យើង​ត្រូវ​ចាំ​ថា​ព្រះ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​ដុះ​ឡើង។ (​សូម​អាន កូរិនថូស​ទី​១ ៣:៦, ៧) បង​ប្រុស​កេថូហុន​ដែល​បម្រើ​នៅ​ប្រទេស​អេត្យូពី​និយាយ​ថា​៖ ​«​អស់​ជាង​២០​ឆ្នាំ មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ​ជា​សាក្សី​នៅ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ប៉ុន្តែ ឥឡូវ​មាន​អ្នក​ផ្សព្វ​ផ្សាយ​១៤​នាក់​នៅ​ទី​នេះ។ ដប់​បី​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ រួម​ទាំង​ប្រពន្ធ​ខ្ញុំ​និង​កូន​ទាំង​បី​នាក់​របស់​យើង។ ជា​មធ្យម​យើង​មាន​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​៣២​នាក់​»។ បង​កេថូហុន​សប្បាយ​ចិត្ត​ដែល​គាត់​បាន​បន្ត​ផ្សព្វ​ផ្សាយ កាល​ដែល​គាត់​រង់​ចាំ​ព្រះ​យេហូវ៉ា​ដោយ​ចិត្ត​អត់​ធ្មត់ ឲ្យ​ទាញ​នាំ​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ចូល​អង្គការ​របស់​លោក។—យ៉ូន. ៦:៤៤

២០. តើ​យើង​ប្រៀប​ដូច​ជា​អ្នក​សង្គ្រោះ​ជីវិត​ក្នុង​ន័យ​អ្វី?

២០ ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ចំពោះ​ជីវិត​មនុស្ស​ទាំង​អស់។ លោក​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​យើង​រួម​កិច្ច​ការ​ជា​មួយ​បុត្រ​របស់​លោក​ក្នុង​ការ​ប្រមូល​មនុស្ស​ពី​គ្រប់​ប្រជាជាតិ មុន​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​មក​ដល់។ (​ហាក. ២:៧​) កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​អាច​ប្រដូច​ទៅ​នឹង​កិច្ច​ការ​សង្គ្រោះ​ជីវិត​មនុស្ស។ យើង​ប្រៀប​ដូច​ជា​សមាជិក​ក្រុម​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​មនុស្ស​ឲ្យ​រួច​ពី​ការ​រលំ​អគារ។ ទោះ​ជា​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ដែល​បាន​ត្រូវ​រក​ឃើញ​នឹង​រួច​ជីវិត​ក្ដី កិច្ច​ការ​របស់​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​សង្គ្រោះ​នោះ​គឺ​មាន​តម្លៃ​ណាស់។ ចំពោះ​កិច្ច​បម្រើ​ផ្សាយ​ក៏​ដូច​គ្នា​ដែរ។ យើង​មិន​ដឹង​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​នឹង​ត្រូវ​សង្គ្រោះ​ពី​របៀប​របប​ពិភព​លោក​របស់​សាថាន​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​អាច​ប្រើ​បង​ប្អូន​ណា​ក៏​បាន​ឲ្យ​ជួយ​ពួក​គេ។ បង​ប្រុស​អាន់ដ្រេអាស​ដែល​រស់​នៅ​ប្រទេស​បូលីវី​និយាយ​ថា​៖ ​«​ខ្ញុំ​យល់​ថា​បុគ្គល​ម្នាក់​ៗ​ដែល​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​និង​ទទួល​ការ​ជ្រមុជ​ទឹក គឺ​ដោយ​សារ​ការ​ខំ​ប្រឹង​របស់​បង​ប្អូន​ជា​ច្រើន​នាក់​»។ សូម​យើង​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​បែប​នេះ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ បើ​យើង​ធ្វើ​ដូច្នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​យើង ហើយ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​នឹង​នាំ​ឲ្យ​យើង​មាន​អំណរ​ជា​បរិបូរ។

ចម្រៀង​លេខ​៦៦ ចូរ​ប្រកាស​ដំណឹង​ល្អ

^ វគ្គ 5 តើ​តាម​របៀប​ណា​យើង​អាច​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​ពេល​មនុស្ស​ជា​ច្រើន​មិន​នៅ​ផ្ទះ ឬ​មើល​ទៅ​មិន​អើពើ​នឹង​ដំណឹង​ដែល​យើង​ផ្សាយ​ក្ដី? ក្នុង​អត្ថបទ​នេះ មាន​យោបល់​ដែល​អាច​ជួយ​យើង​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ។

^ វគ្គ 7 ពេល​អ្នក​ផ្សព្វ​ផ្សាយ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​ពួក​គេ​តាម​វិធី​ផ្សេង​ៗ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​អត្ថបទ​នេះ ពួក​គេ​គួរ​ធ្វើ​ដូច្នេះ​ស្រប​តាម​ច្បាប់​ដែល​រក្សា​ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ។

^ វគ្គ 60 ការពណ៌នាអំពីរូបភាព: (​ពី​លើ​ចុះ​ក្រោម​)​: ប្ដី​ប្រពន្ធ​មួយ​គូ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​ពិបាក​ជួប​មនុស្ស​នៅ​ផ្ទះ។ ម្ចាស់​ផ្ទះ​ទី​១​នៅ​កន្លែង​ធ្វើ​ការ ទី​២​នៅ​ពេទ្យ ហើយ​ទី​៣​នៅ​ផ្សារ។ ពួក​គេ​ជួប​ម្ចាស់​ផ្ទះ​ទី​១​នៅ​ពេល​យប់ និង​ជួប​ម្ចាស់​ផ្ទះ​ទី​២​កាល​ដែល​ផ្សព្វ​ផ្សាយ​សាធារណៈ​នៅ​ជិត​ពេទ្យ ហើយ​ជួប​ម្ចាស់​ផ្ទះ​ទី​៣​ពេល​ទូរស័ព្ទ​ទៅ​គាត់។