លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើលោកអ្នកដឹងឬទេ?

តើលោកអ្នកដឹងឬទេ?

តើ​ដើម​កក់​បាន​ត្រូវ​ប្រើ​ដើម្បី​សង់​ទូក​នៅ​សម័យ​គម្ពីរ​ឬ?

ដើម​កក់

មនុស្ស​ជា​ច្រើន​ដឹង​ថា​នៅ​ប្រទេស​អេស៊ីប​សម័យ​បុរាណ គេ​ច្រើន​តែ​ប្រើ​ដើម​កក់​ដើម្បី​ធ្វើ​ជា​ក្រដាស។ ជន​ជាតិ​ក្រិច​និង​ជន​ជាតិ​រ៉ូម​ក៏​បាន​ប្រើ​ដើម​កក់​ដើម្បី​ធ្វើ​ជា​ក្រដាស​ដែរ។ * ប៉ុន្តែ មិន​សូវ​មាន​មនុស្ស​ដឹង​ថា ដើម​កក់​ក៏​បាន​ត្រូវ​ប្រើ​ដើម្បី​សង់​ទូក​ទេ។

ទូក​គំរូ​ពីរ​ធ្វើ​ពី​កក់​ដែល​គេ​បាន​រក​ឃើញ​ក្នុង​ផ្នូរ​របស់​ជន​ជាតិ​អេស៊ីប

ជាង​២.៥០០​ឆ្នាំ​មុន អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​ថា មនុស្ស​រស់​នៅ​«​តាម​ដង​ទន្លេ​ខាង​នាយ​ស្រុក​អេត្យូពី​»​ បាន​«​ចាត់​ទូត​របស់​ខ្លួន​អោយ​ជិះ​ក្បូន​ដែល​ធ្វើ​ពី​ដើម​កក់​»។—អស. [​អេ.​] ១៨:១, ២, ខ.ស.

គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ ដូច្នេះ​អ្នក​ដែល​សិក្សា​គម្ពីរ​មិន​ភ្ញាក់​ផ្អើល​ទេ​ដែល​បុរាណ​វត្ថុ​វិទូ​បាន​បង្ហាញ​ថា គេ​ប្រើ​ដើម​កក់​ដើម្បី​សង់​ទូក​នៅ​សម័យ​គម្ពីរ។ (​២ធី. ៣:១៦​) តើ​បុរាណ​វត្ថុ​វិទូ​បាន​រក​ឃើញ​អ្វី? ពួក​គេ​បាន​រក​ឃើញ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា​នៅ​ស្រុក​អេស៊ីប គេ​ធ្វើ​ទូក​ពី​ដើម​កក់។

តើ​គេ​សង់​ទូក​ពី​ដើម​កក់​យ៉ាង​ដូច​ម្ដេច?

នៅ​ផ្នូរ​របស់​ជន​ជាតិ​អេស៊ីប មាន​គំនូរ​និង​រូប​ចម្លាក់​ដែល​បង្ហាញ​អំពី​របៀប​ដែល​មនុស្ស​ប្រមូល​ដើម​កក់ និង​ធ្វើ​ទូក​ពី​វា។ មនុស្ស​កាត់​ដើម​កក់ ចង​ជា​បាច់ ហើយ​ចង​បាច់​ទាំង​នោះ​ចូល​គ្នា។ ដើម​កក់​មាន​រាង​ត្រី​កោណ ដូច្នេះ​ពេល​ចង​គ្នា​យ៉ាង​តឹង​ជា​បាច់ វា​ទៅ​ជា​មាំ។ យោង​ទៅ​តាម​សៀវភៅ​មួយ ទូក​ដែល​ធ្វើ​ពី​ដើម​កក់​អាច​មាន​ប្រវែង​១៧​ម៉ែត្រ ហើយ​អាច​មាន​ចង្វា​ពី​១០​ទៅ​១២​នៅ​ទាំង​សង​ខាង។ (​A Companion to Ancient Egypt​)

រូប​ចម្លាក់​នៅ​ជាប់​ជញ្ជាំង​ដែល​បង្ហាញ​អំពី​របៀប​ធ្វើ​ទូក​កក់

ហេតុ​អ្វី​អ្នក​សង់​ទូក​ប្រើ​ដើម​កក់?

ដើម​កក់​សម្បូរ​នៅ​ជ្រលង​ភ្នំ​តាម​ដង​ទន្លេ​នីល។ ម្យ៉ាង​ទៀត គេ​អាច​ធ្វើ​ទូក​ពី​ដើម​កក់​យ៉ាង​ស្រួល។ ទោះ​ជា​នៅ​ពេល​ក្រោយ​មក​មនុស្ស​ចាប់​ផ្ដើម​សង់​ទូក​ធំ​ពី​ឈើ​ក្ដី តាម​មើល​ទៅ​អ្នក​នេសាទ​ត្រី​និង​ព្រាន​បន្ត​ប្រើ​ដើម​កក់​ដើម្បី​ធ្វើ​ក្បូន​និង​ទូក​តូច។

អស់​រយៈ​ពេល​ជា​យូរ មនុស្ស​បាន​ប្រើ​ទូក​ដែល​ធ្វើ​ពី​កក់។ យោង​ទៅ​តាម​អ្នក​និពន្ធ​ជន​ជាតិ​ក្រិច​ម្នាក់​ឈ្មោះ​ភ្លូតាក ដែល​រស់​នៅ​រវាង​សតវត្សរ៍​ទី​១​និង​ទី​២ គ.ស. មនុស្ស​ខ្លះ​នៅ​សម័យ​គាត់ នៅ​តែ​ប្រើ​ទូក​ដែល​ធ្វើ​ពី​ដើម​កក់។

^ វគ្គ 3 ដើម​កក់​សម្បូរ​នៅ​តំបន់​បឹង​និង​តំបន់​ទឹក​ហូរ​រិញ​ៗ។ វា​អាច​ដុះ​ដល់​កម្ពស់​ប្រហែល​ជា​ប្រាំ​ម៉ែត្រ ហើយ​គល់​របស់​វា​អាច​មាន​កម្រាស់​ប្រហែល​ជា​១៥​សង់ទីម៉ែត្រ។