លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទសិក្សា១៨

តើអ្នកនឹងជំពប់ដួលដោយសារលោកយេស៊ូឬទេ?

តើអ្នកនឹងជំពប់ដួលដោយសារលោកយេស៊ូឬទេ?

​«​អ្នក​ដែល​មិន​ជំពប់​ជើង​ដួល​នឹង​ខ្ញុំ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។—ម៉ាថ. ១១:៦, កំ.ស.

ចម្រៀង​លេខ​៥៤ ‹គឺ​ផ្លូវ​នេះ​ហើយ›

សេចក្ដី​សង្ខេប *

១. តើ​អ្វី​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់​ផ្អើល ពេល​អ្នក​ព្យាយាម​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ដំណឹង​ក្នុង​គម្ពីរ​ជា​លើក​ដំបូង?

តើ​អ្នក​នឹក​ចាំ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​អ្នក​បាន​រក​ឃើញ​សេចក្ដី​ពិត​ឬ​ទេ? សេចក្ដី​បង្រៀន​ដែល​អ្នក​រៀន​ពី​គម្ពីរ​គឺ​ច្បាស់​និង​ស្រួល​យល់។ អ្នក​សន្និដ្ឋាន​ថា​មនុស្ស​ទាំង​អស់​នឹង​ចង់​ដឹង​អំពី​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​អ្នក​កំពុង​រៀន​និង​ដែល​អ្នក​ជឿ​ថា​ជា​សេចក្ដី​ពិត។ អ្នក​ជឿ​ជាក់​ថា​ដំណឹង​ក្នុង​គម្ពីរ​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​ជីវិត​ដែល​មាន​ន័យ​ខ្លឹម​សារ​នៅ​ឥឡូវ​នេះ ហើយ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត។ (​ទំនុក. ១១៩:១០៥​) ដូច្នេះ អ្នក​ប្រាប់​មិត្ត​ភក្ដិ​និង​ញាតិ​សន្ដាន​ទាំង​អស់​យ៉ាង​ខ្នះ​ខ្នែង​អំពី​សេចក្ដី​ពិត​ដែល​អ្នក​បាន​រៀន។ ប៉ុន្តែ តើ​អ្វី​បាន​កើត​ឡើង? អ្នក​ភ្ញាក់​ផ្អើល ដោយ​សារ​ពួក​គេ​ជា​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​អ្វី​ដែល​អ្នក​ប្រាប់​ពួក​គេ។

២​-​៣. តើ​មនុស្ស​ភាគ​ច្រើន​នៅ​សម័យ​លោក​យេស៊ូ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​លោក?

យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ ពេល​អ្នក​ឯ​ទៀត​បដិសេធ​មិន​ព្រម​ទទួល​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ។ នៅ​សម័យ​លោក​យេស៊ូ មនុស្ស​ភាគ​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក ទោះ​ជា​លោក​បាន​ធ្វើ​អព្ភូតហេតុ​ដែល​បញ្ជាក់​ថា​ព្រះ​គាំទ្រ​លោក​ក្ដី។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ នេះ​ជា​អព្ភូតហេតុ​មួយ​ដែល​ពួក​អ្នក​ប្រឆាំង​លោក​មិន​អាច​ប្រកែក​បាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​មេស្ស៊ី​ទេ។ ពួក​គេ​ថែម​ទាំង​ចង់​សម្លាប់​ទាំង​លោក​យេស៊ូ​ទាំង​ឡាសា​ទៀត​ផង។—យ៉ូន. ១១:៤៧, ៤៨, ៥៣; ១២:៩​-​១១

លោក​យេស៊ូ​ដឹង​ថា​មនុស្ស​ភាគ​ច្រើន​នឹង​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​ជា​មេស្ស៊ី។ (​យ៉ូន. ៥:៣៩​-​៤៤​) លោក​បាន​ប្រាប់​អ្នក​កាន់​តាម​មួយ​ក្រុម​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ថា​៖ ​«​អ្នក​ណា​ដែល​មិន​រក​ហេតុ​ឲ្យ​សង្ស័យ​លើ​ខ្ញុំ អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​ម៉ាថ. ១១:២, ៣,​) ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ?

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​មនុស្ស​ជា​ច្រើន​នៅ​សតវត្សរ៍​ទី​១ មិន​បាន​ជឿ​លើ​លោក​យេស៊ូ។ យើង​ក៏​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ បដិសេធ​មិន​ព្រម​ទទួល​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ។ សំខាន់​បំផុត យើង​នឹង​រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​លោក​យេស៊ូ ដើម្បី​មិន​ឲ្យ​យើង​ជំពប់​ដួល។

​(​១​) ប្រវត្តិ​របស់​លោក​យេស៊ូ

មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​ប្រវត្តិ​របស់​លោក​យេស៊ូ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​៥) *

៥. ហេតុ​អ្វី​អ្នក​ខ្លះ​ប្រហែល​ជា​សន្និដ្ឋាន​ថា​លោក​យេស៊ូ​មិន​អាច​ជា​មេស្ស៊ី?

ប្រវត្តិ​របស់​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល។ ពួក​គេ​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ ហើយ​ថា​លោក​បាន​ធ្វើ​អព្ភូតហេតុ។ ប៉ុន្តែ ពួក​គេ​គិត​ថា​លោក​គ្រាន់​តែ​ជា​កូន​របស់​ជាង​ឈើ​ដែល​ក្រី​ក្រ​ម្នាក់។ ម្យ៉ាង​ទៀត លោក​មក​ពី​ក្រុង​ណាសារ៉ែត ជា​ក្រុង​មួយ​ដែល​ប្រហែល​ជា​មនុស្ស​ចាត់​ទុក​ថា​ជា​ក្រុង​មិន​សំខាន់។ សូម្បី​តែ​ណាថាណែល​ដែល​ក្រោយ​មក​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ក៏​និយាយ​ដំបូង​ថា​៖ ​«​តើ​អាច​មាន​អ្វី​ល្អ​ចេញ​មក​ពី​ក្រុង​ណាសារ៉ែត​ឬ?​»។ (​យ៉ូន. ១:៤៦​) ណាថាណែល​ប្រហែល​ជា​មិន​ចូល​ចិត្ត​ក្រុង​ដែល​លោក​យេស៊ូ​រស់​នៅ​ទេ។ ឬ​គាត់​ប្រហែល​ជា​គិត​អំពី​ទំនាយ​នៅ​មីកា ៥:១ ដែល​ប្រកាស​ទុក​ជា​មុន​ថា មេស្ស៊ី​នឹង​កើត​មក​នៅ​ក្រុង​បេថ្លេហិម មិន​មែន​ក្រុង​ណាសារ៉ែត​ទេ។

៦. តើ​អ្វី​គួរ​តែ​ជួយ​បណ្ដា​ជន​នៅ​សម័យ​លោក​យេស៊ូ​ឲ្យ​ព្រម​ទទួល​ស្គាល់​ថា​លោក​ជា​មេស្ស៊ី?

តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រកាស​ទុក​ជា​មុន​ថា សត្រូវ​របស់​លោក​យេស៊ូ​នឹង​មិន​«​រវី​រវល់​យក​ចិត្ត​ទុក​ដាក់​នឹង​ពូជ​ពង្ស​របស់​[​មេស្ស៊ី​]​ឡើយ​»។ (​អស. [​អេ.​] ៥៣:៨, ខ.ស.​) មាន​ព័ត៌មាន​ជា​ច្រើន​បែប​នេះ​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន។ បើ​បុគ្គល​ទាំង​នោះ​បាន​លៃ​ទុក​ពេល​ដើម្បី​ពិចារណា​ហេតុ​ការណ៍​ពិត​ទាំង​អស់ ពួក​គេ​នឹង​ដឹង​ថា​លោក​យេស៊ូ​បាន​កើត​មក​នៅ​ក្រុង​បេថ្លេហិម ហើយ​ថា​លោក​ជា​កូន​ចៅ​របស់​ស្ដេច​ដាវីឌ។ (​លូក. ២:៤​-​៧​) តាម​ការ​ពិត លោក​យេស៊ូ​បាន​កើត​មក​នៅ​កន្លែង​ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​នៅ​មីកា ៥:១។ បើ​ដូច្នេះ ហេតុ​អ្វី​គេ​រក​រឿង​លោក? ពីព្រោះ​មនុស្ស​បាន​វិនិច្ឆ័យ​លោក​យេស៊ូ​លឿន​ពេក ដោយ​មិន​មាន​ហេតុ​ការណ៍​ពិត​ទាំង​អស់។ ហេតុ​នេះ​ហើយ​ពួក​គេ​បាន​ជំពប់​ដួល។

៧. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បដិសេធ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា?

តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​មិន​មែន​ជា​អ្នក​មាន ឬ​ជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ទេ។ ដូច្នេះ មនុស្ស​ជា​ច្រើន​ចាត់​ទុក​ថា​រាស្ត្រ​លោក​ជា​អ្នក​ដែល​«​មិន​បាន​រៀន​សូត្រ​»។ (​សកម្ម. ៤:១៣​) អ្នក​ខ្លះ​គិត​ថា​រាស្ត្រ​របស់​ព្រះ​មិន​អាច​បង្រៀន​គម្ពីរ​បាន​ទេ ដោយ​សារ​ពួក​គេ​មិន​បាន​ទទួល​ការ​អប់រំ​ខាង​សាសនា​នៃ​ពិភព​លោក​នេះ។ អ្នក​ឯ​ទៀត​អះអាង​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​សាសនា​អាម៉េរិក ប៉ុន្តែ​តាម​ការ​ពិត​សាក្សី​ព្រះ​យេហូវ៉ា​ភាគ​ច្រើន​មិន​រស់​នៅ​សហរដ្ឋ​អាម៉េរិក​ទេ។ រីឯ​អ្នក​ខ្លះ​ទៀត​បាន​ឮ​ថា​សាក្សី​មិន​ជឿ​លោក​យេស៊ូ។ គេ​ធ្លាប់​ហៅ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ថា​ជា​ពួក​កុម្មុយនីស្ត អ្នក​ស៊ើប​អង្កេត​របស់​អាម៉េរិក និង​អ្នក​ជ្រុល​និយម។ ដោយ​សារ​មនុស្ស​ដែល​ឮ​រឿង​ទាំង​នេះ​មិន​មាន​ហេតុ​ការណ៍​ពិត ឬ​មិន​ព្រម​ទទួល​យក​ហេតុ​ការណ៍​ទាំង​នោះ ពួក​គេ​ជំពប់​ដួល។

៨. យោង​ទៅ​តាម​សកម្មភាព ១៧:១១ តើ​មនុស្ស​គួរ​ធ្វើ​អ្វី បើ​ពួក​គេ​ចង់​ដឹង​ថា​អ្នក​ណា​ជា​អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ?

តើ​មនុស្ស​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? ពួក​គេ​ត្រូវ​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត។ លូកា​ដែល​ជា​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​បាន​តាំង​ចិត្ត​ធ្វើ​ដូច្នេះ។ គាត់​បាន​ខំ​ព្យាយាម​«​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់​នូវ​ហេតុ​ការណ៍​ទាំង​អស់​ដែល​បាន​កើត​ឡើង​តាំង​ពី​ដើម​ដំបូង ហើយ​បាន​ព័ត៌មាន​ត្រឹម​ត្រូវ​»។ គាត់​ចង់​ឲ្យ​អ្នក​អាន​សៀវភៅ​ដំណឹង​ល្អ​របស់​គាត់ ​«​ដឹង​ច្បាស់​ថា អ្វី​ដែល​»​ពួក​គេ​បាន​ឮ​អំពី​លោក​យេស៊ូ​គឺ​ពិត​ប្រាកដ។ (​លូក. ១:១​-​៤​) ជន​ជាតិ​យូដា​ដែល​នៅ​ក្រុង​បេរៀ​សម័យ​បុរាណ​បាន​ធ្វើ​ដូច​លូកា។ ពេល​ពួក​គេ​បាន​ឮ​ដំណឹង​ល្អ​អំពី​លោក​យេស៊ូ​នៅ​ដើម​ដំបូង ពួក​គេ​បាន​ប្រៀប​ធៀប​នេះ​ទៅ​នឹង​បទ​គម្ពីរ​ភាសា​ហេប្រឺ ដើម្បី​ប្រាកដ​ថា​អ្វី​ដែល​ពួក​គេ​បាន​ឮ​គឺ​ជា​ការ​ពិត។ (​សូម​អាន សកម្មភាព ១៧:១១) ស្រដៀង​គ្នា​ដែរ មនុស្ស​នៅ​សព្វ​ថ្ងៃ​នេះ ត្រូវ​ពិចារណា​អំពី​ហេតុ​ការណ៍​ពិត ហើយ​ត្រូវ​ប្រៀប​ធៀប​អ្វី​ដែល​រាស្ត្រ​របស់​ព្រះ​បង្រៀន​ពួក​គេ​ទៅ​នឹង​បទ​គម្ពីរ។ ពួក​គេ​ក៏​ត្រូវ​សិក្សា​អំពី​ប្រវត្តិ​សាស្ត្រ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ។ បើ​ពួក​គេ​ស្រាវ​ជ្រាវ​ឲ្យ​ដឹង​ថា​អ្វី​ដែល​ពួក​គេ​រៀន​គឺ​ជា​ការ​ពិត នោះ​ពួក​គេ​នឹង​មិន​ឲ្យ​ការ​រើស​អើង ឬ​ពាក្យ​ចចាម​អារ៉ាម​នាំ​ឲ្យ​ពួក​គេ​ជំពប់​ដួល​ឡើយ។

​(​២​) លោក​យេស៊ូ​មិន​ព្រម​ធ្វើ​សញ្ញា​សម្គាល់​ដើម្បី​អួត​សម្ញែង

មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​លោក​មិន​ព្រម​ធ្វើ​សញ្ញា​សម្គាល់​ដើម្បី​អួត​សម្ញែង។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​៩​-​១០​) *

៩. តើ​អ្វី​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​មិន​ព្រម​ធ្វើ​សញ្ញា​សម្គាល់​ពី​លើ​មេឃ?

ចំពោះ​អ្នក​ខ្លះ​នៅ​សម័យ​លោក​យេស៊ូ ការ​បង្រៀន​ដ៏​អស្ចារ្យ​របស់​លោក​គឺ​មិន​គ្រប់​គ្រាន់​ទេ។ ពួក​គេ​ទាម​ទារ​ឲ្យ​លោក​បញ្ជាក់​ថា​លោក​ជា​មេស្ស៊ី ដោយ​ឲ្យ​លោក​«​សម្ដែង​នូវ​សញ្ញា​សម្គាល់​មួយ​ពី​លើ​មេឃ​»។ (​ម៉ាថ. ១៦:១​) ការ​ទាម​ទារ​នេះ​ប្រហែល​ជា​មក​ពី​ពួក​គេ​យល់​ច្រឡំ​អំពី​ទំនាយ​នៅ​ដានីយ៉ែល ៧:១៣, ១៤។ ប៉ុន្តែ នោះ​មិន​មែន​ជា​ពេល​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ទំនាយ​នោះ​បាន​សម្រេច​ទេ។ សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គួរ​ធ្វើ​ឲ្យ​ពួក​គេ​ជឿ​ជាក់​ថា​លោក​ជា​មេស្ស៊ី។ ប៉ុន្តែ ពេល​ដែល​លោក​មិន​ព្រម​ធ្វើ​សញ្ញា​សម្គាល់​តាម​ការ​ទាម​ទារ​របស់​ពួក​គេ នោះ​ពួក​គេ​បាន​ជំពប់​ដួល។—ម៉ាថ. ១៦:៤

១០. តើ​លោក​យេស៊ូ​បាន​សម្រេច​អ្វី​ដែល​អេសាយ​បាន​សរសេរ​អំពី​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច?

១០តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​សរសេរ​អំពី​មេស្ស៊ី​ថា​៖ ​«​ទ្រង់​នឹង​មិន​ស្រែក ឬ​បន្លឺ​ឡើង ឬ​ឲ្យ​អ្នក​ណា​ឮ​សំឡេង​នៅ​ក្នុង​ផ្លូវ​ឡើយ​»។ (​អេ. ៤២:១, ២​) លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដោយ​សុភាព​រាប​ទាប និង​មិន​ធ្វើ​ឲ្យ​ខ្លួន​លេច​ធ្លោ។ លោក​មិន​បាន​សង់​វិហារ​ដែល​គួរ​ឲ្យ​កោត​ស្ងើច ហើយ​លោក​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​ចម្លែក​របស់​សាសនា ឬ​មិន​តម្រូវ​ឲ្យ​គេ​លើក​តម្កើង​លោក​ដោយ​ហៅ​លោក​តាម​ឋានៈ​សាសនា​ទេ។ ពេល​លោក​យេស៊ូ​ត្រូវ​គេ​កាត់​ទោស លោក​មិន​ព្រម​ព្យាយាម​បំពេញ​ចិត្ត​ស្ដេច​ហេរ៉ូឌ ដោយ​ធ្វើ​សញ្ញា​សម្គាល់​មួយ​ឲ្យ​គាត់​ឡើយ។ (​លូក. ២៣:៨​-​១១​) លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ខ្លះ ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​លោក។ លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​»។—ម៉ាក. ១:៣៨

១១. តើ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​អ្វី?

១១តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​កោត​ស្ងើច​ពេល​ឃើញ​វិហារ​ដែល​មាន​គំនូរ​ថ្លៃ​ៗ ហើយ​កោត​ស្ងើច​ចំពោះ​អ្នក​ដឹក​នាំ​សាសនា​ដែល​មាន​ឋានៈ​ខ្ពង់​ខ្ពស់ ព្រម​ទាំង​ចំពោះ​ពិធី​បុណ្យ​សាសនា​ដែល​ពួក​គេ​ភាគ​ច្រើន​ភ្លេច​ថា ដើម​កំណើត​និង​អត្ថន័យ​នៃ​ពិធី​បុណ្យ​នោះ​មក​ពី​ណា។ មនុស្ស​ដែល​ចូល​រួម​ពិធី​បុណ្យ​សាសនា​នោះ មិន​រៀន​ច្រើន​អំពី​ព្រះ​និង​គោល​បំណង​របស់​លោក​ទេ។ រីឯ​មនុស្ស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត រៀន​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​តម្រូវ​ពី​អ្នក​គោរព​ប្រណិប័តន៍​លោក និង​របៀប​ប្រព្រឹត្ត​ដែល​សម​ស្រប​តាម​បំណង​ប្រាថ្នា​របស់​លោក។ សាល​ប្រជុំ​របស់​យើង​ស្អាត​និង​ថ្លៃ​ថ្នូរ ប៉ុន្តែ​មិន​មែន​តុបតែង​ដោយ​គ្រឿង​ប្រណីត​ៗ​ថ្លៃ​វិសេស​ទេ។ ពួក​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​មិន​ស្លៀក​សម្លៀក​បំពាក់​ចម្លែក​ខាង​សាសនា ហើយ​ក៏​មិន​មាន​ឋានៈ​ដែល​លើក​តម្កើង​ខ្លួន​ដែរ។ អ្វី​ដែល​យើង​ជឿ​និង​បង្រៀន​មក​ពី​គម្ពីរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​ដោយ​សារ​ពួក​គេ​គិត​ថា របៀប​រៀបចំ​របស់​យើង​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ​គឺ​សាមញ្ញ​ពេក ហើយ​ថា​អ្វី​ដែល​យើង​បង្រៀន មិន​សម​ស្រប​តាម​អ្វី​ដែល​ពួក​គេ​ចង់​ឮ​ទេ។

១២. ដូច​បាន​ត្រូវ​ពន្យល់​នៅ​ហេប្រឺ ១១:១, តើ​ជំនឿ​របស់​យើង​គួរ​មាន​មូលដ្ឋាន​លើ​អ្វី?

១២តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? សាវ័ក​ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ក្រុង​រ៉ូម​ថា​៖ ​«​ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ។ ហើយ​គេ​ឮ​បណ្ដាំ ពេល​ដែល​មាន​អ្នក​ណា​ម្នាក់​និយាយ​អំពី​គ្រិស្ត​»។ (​រ៉ូម ១០:១៧​) ដូច្នេះ យើង​ពង្រឹង​ជំនឿ​របស់​យើង​ដោយ​សិក្សា​បទ​គម្ពីរ មិន​មែន​ដោយ​ចូល​រួម​ពិធី​បុណ្យ​សាសនា​ដែល​គ្មាន​មូលដ្ឋាន​លើ​គម្ពីរ​ទេ មិន​ថា​ពិធី​បុណ្យ​នោះ​មើល​ទៅ​ស្អាត ឬ​គួរ​ឲ្យ​កោត​ស្ងើច​ក្ដី។ យើង​ត្រូវ​មាន​ជំនឿ​រឹង​មាំ​ដែល​មាន​មូលដ្ឋាន​លើ​ចំណេះ​ត្រឹម​ត្រូវ ដោយ​សារ​«​បើ​គ្មាន​ជំនឿ មិន​អាច​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​បាន​ឡើយ​»។ (​សូម​អាន ហេប្រឺ ១១:១, ) ដូច្នេះ យើង​មិន​ចាំ​បាច់​ឃើញ​សញ្ញា​សម្គាល់​ដ៏​អស្ចារ្យ​មួយ​ពី​លើ​មេឃ ដើម្បី​បញ្ជាក់​ថា​យើង​រក​ឃើញ​សេចក្ដី​ពិត​ទេ។ ការ​សិក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​ពង្រឹង​ជំនឿ​របស់​យើង គឺ​គ្រប់​គ្រាន់​ឲ្យ​យើង​ជឿ​ជាក់​ថា​យើង​មាន​សេចក្ដី​ពិត ហើយ​ឲ្យ​យើង​មិន​សង្ស័យ​ទេ។

​(​៣​) លោក​យេស៊ូ​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ជា​ច្រើន​របស់​ជន​ជាតិ​យូដា

មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​លោក​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ខ្លះៗ​របស់​ពួក​គេ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (សូម​មើល​វគ្គ​១៣​) *

១៣. តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ផ្ដន្ទា​ទោស​លោក​យេស៊ូ?

១៣ នៅ​សម័យ​លោក​យេស៊ូ អ្នក​កាន់​តាម​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ងឿង​ឆ្ងល់​ដោយ​សារ​អ្នក​កាន់​តាម​លោក​យេស៊ូ​មិន​តម​អាហារ។ លោក​យេស៊ូ​ពន្យល់​ថា​ពួក​គេ​គ្មាន​ហេតុ​តម​អាហារ កាល​ដែល​លោក​នៅ​រស់។ (​ម៉ាថ. ៩:១៤​-​១៧​) ពួក​ផារិស៊ី​និង​អ្នក​ឯ​ទៀត​ដែល​ប្រឆាំង​លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​លោក ដោយ​សារ​លោក​មិន​បាន​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​គេ។ ពួក​គេ​ខឹង ពេល​ដែល​លោក​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​ឈឺ​ជា​សះ​ស្បើយ​នៅ​ថ្ងៃ​ឈប់​សម្រាក។ (​ម៉ាក. ៣:១​-​៦; យ៉ូន. ៩:១៦​) ពួក​គេ​អួត​ថា ពួក​គេ​ធ្វើ​តាម​ច្បាប់​អំពី​ថ្ងៃ​ឈប់​សម្រាក តែ​ពួក​គេ​បែរ​ជា​គិត​ថា​ការ​ធ្វើ​ជំនួញ​នៅ​វិហារ​មិន​មែន​ជា​អ្វី​ខុស​ទៅ​វិញ។ ពេល​លោក​យេស៊ូ​ផ្ដន្ទា​ទោស​ពួក​គេ​ចំពោះ​រឿង​នេះ ពួក​គេ​ក្ដៅ​ក្រហាយ។ (​ម៉ាថ. ២១:១២, ១៣, ១៥​) ម្យ៉ាង​ទៀត ពេល​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​នៅ​សាលា​ប្រជុំ នា​ក្រុង​ណាសារ៉ែត បណ្ដា​ជន​នៅ​ទី​នោះ​ខឹង​លោក ដោយ​សារ​លោក​លើក​ឧទាហរណ៍​ពី​ប្រវត្តិ​សាស្ត្រ​ជន​ជាតិ​អ៊ីស្រាអែល​ដើម្បី​បង្ហាញ​ពួក​គេ​ថា ពួក​គេ​គិត​តែ​ប្រយោជន៍​ខ្លួន​និង​គ្មាន​ជំនឿ។ (​លូក. ៤:១៦, ២៥​-​៣០​) មនុស្ស​ជា​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​យេស៊ូ ដោយ​សារ​លោក​មិន​ធ្វើ​អ្វី​ដែល​ពួក​គេ​បាន​រំពឹង​ទុក។—ម៉ាថ. ១១:១៦​-​១៩

១៤. ហេតុ​អ្វី​លោក​យេស៊ូ​បាន​បញ្ជាក់​ថា​ទំនៀម​ទម្លាប់​ដែល​ប្រឆាំង​នឹង​គម្ពីរ​គឺ​ខុស?

១៤តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​តាម​រយៈ​អេសាយ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ថា​៖ ​«​សាសន៍​នេះ​គេ​ចូល​មក​ជិត​អញ ហើយ​គោរព​ប្រតិបត្ដិ​ដល់​អញ​ដោយ​សំ​ដី​នឹង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​អញ ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​អញ​គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស​ដែល​បង្រៀន​គេ​ប៉ុណ្ណោះ​»។ (​អេ. ២៩:១៣​) ជា​ការ​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​បញ្ជាក់​ថា​ទំនៀម​ទម្លាប់​ណា​ដែល​ប្រឆាំង​នឹង​អ្វី​ដែល​គម្ពីរ​ចែង គឺ​ជា​ការ​ខុស។ ពួក​អ្នក​ដែល​គិត​ថា ច្បាប់​និង​ទំនៀម​ទម្លាប់​របស់​មនុស្ស​គឺ​សំខាន់​ជាង​បទ​គម្ពីរ ក៏​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា ព្រម​ទាំង​បុគ្គល​ដែល​លោក​បាន​ចាត់​ឲ្យ​មក​ជា​មេស្ស៊ី។

១៥. តើ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មិន​ចូល​ចិត្ត​អ្វី​ខ្លះ​អំពី​សាក្សី​ព្រះ​យេហូវ៉ា?

១៥តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ មនុស្ស​ជា​ច្រើន​ខឹង ពេល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​ជា​មួយ​ពួក​គេ​ក្នុង​ការ​ធ្វើ​ពិធី​បុណ្យ​ដែល​ខុស​ពី​គម្ពីរ ដូច​ជា​បុណ្យ​ខួប​កំណើត​និង​បុណ្យ​ណូអែល​ជា​ដើម។ អ្នក​ឯ​ទៀត​ខឹង ពេល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ចូល​រួម​ធ្វើ​ពិធី​បុណ្យ​ជាតិ ឬ​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ពិធី​បុណ្យ​សព​ដែល​ប្រឆាំង​នឹង​បណ្ដាំ​របស់​ព្រះ។ បុគ្គល​ដែល​ជំពប់​ដួល​ដោយ​សារ​រឿង​ទាំង​នេះ ប្រហែល​ជា​ជឿ​យ៉ាង​ស្មោះ​ថា ពួក​គេ​កំពុង​គោរព​ប្រណិប័តន៍​ព្រះ​តាម​របៀប​ត្រឹម​ត្រូវ។ ប៉ុន្តែ ពួក​គេ​មិន​អាច​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត​បាន​ឡើយ បើ​ពួក​គេ​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​ពិភព​លោក ជា​ជាង​ធ្វើ​តាម​សេចក្ដី​បង្រៀន​ដ៏​ច្បាស់​លាស់​ដែល​មាន​ក្នុង​គម្ពីរ។—ម៉ាក. ៧:៧​-​៩

១៦. យោង​ទៅ​តាម​ទំនុក​តម្កើង ១១៩:៩៧, ១១៣, ១៦៣​-​១៦៥ តើ​យើង​ត្រូវ​ធ្វើ​អ្វី ហើយ​តើ​យើង​ត្រូវ​ជៀស​វាង​ពី​អ្វី?

១៦តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ចំពោះ​ច្បាប់​និង​គោល​ការណ៍​ដែល​មក​ពី​ព្រះ​យេហូវ៉ា។ (​សូម​អាន ទំនុក​តម្កើង ១១៩:៩៧, ១១៣, ១៦៣​-​១៦៥) ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​នឹង​មិន​ធ្វើ​តាម​ទំនៀម​ទម្លាប់​ណា​ដែល​លោក​មិន​ពេញ​ចិត្ត​ឡើយ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​ទៅ​ជា​សំខាន់​ជាង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា​ទេ។

​(​៤​) លោក​យេស៊ូ​មិន​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល

មនុស្ស​ជា​ច្រើន​បាន​ជំពប់​ដួល​ដោយ​សារ​លោក​មិន​រួម​ចំណែក​ក្នុង​រឿង​នយោបាយ។ តើ​អ្វី​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៧​) *

១៧. តើ​ការ​រំពឹង​ទុក​អ្វី​នៅ​សម័យ​របស់​លោក​យេស៊ូ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ជំពប់​ដួល?

១៧ អ្នក​ខ្លះ​នៅ​សម័យ​លោក​យេស៊ូ ចង់​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ភ្លាម​ៗ។ ពួក​គេ​រំពឹង​ថា មេស្ស៊ី​នឹង​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​ការ​ជិះ​ជាន់​នៅ​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​រ៉ូម។ ប៉ុន្តែ ពេល​ពួក​គេ​ព្យាយាម​ចាប់​លោក​ដើម្បី​តែង​តាំង​ជា​ស្ដេច លោក​បដិសេធ។ (​យ៉ូន. ៦:១៤, ១៥​) អ្នក​ឯ​ទៀត រួម​ទាំង​ពួក​សង្ឃ​ខ្លាច​ថា​លោក​យេស៊ូ​នឹង​ព្យាយាម​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល ហើយ​ថា​នេះ​នឹង​នាំ​ឲ្យ​ជន​ជាតិ​រ៉ូម​ខឹង បាន​ជា​ពួក​គេ​នឹង​ដក​ចេញ​នូវ​អំណាច​ដែល​ពួក​គេ​បាន​ប្រគល់​ទៅ​ពួក​សង្ឃ។ ការ​ខ្វល់​ខ្វាយ​អំពី​រឿង​នយោបាយ​បែប​នេះ បាន​នាំ​ឲ្យ​ជន​ជាតិ​យូដា​ជា​ច្រើន​ជំពប់​ដួល។

១៨. តើ​មនុស្ស​ជា​ច្រើន​មិន​បាន​អើពើ​នឹង​ទំនាយ​អ្វី​ខ្លះ​ក្នុង​គម្ពីរ​អំពី​មេស្ស៊ី?

១៨តើ​បទ​គម្ពីរ​ចែង​យ៉ាង​ណា? ទោះ​ជា​មាន​ទំនាយ​ជា​ច្រើន​ដែល​ប្រាប់​ទុក​ជា​មុន​ថា មេស្ស៊ី​នឹង​ទៅ​ជា​អ្នក​ចម្បាំង​ដែល​ទទួល​ជ័យ​ជម្នះ​ក្ដី ទំនាយ​ឯ​ទៀត​បង្ហាញ​ថា​មុន​ដំបូង​លោក​ត្រូវ​ស្លាប់​ដើម្បី​ការ​ខុស​ឆ្គង​របស់​យើង។ (​អេ. ៥៣:៩, ១២​) ដូច្នេះ ហេតុ​អ្វី​ជន​ជាតិ​យូដា​បាន​រំពឹង​ទុក​មិន​ត្រឹម​ត្រូវ​អំពី​មេស្ស៊ី? ពីព្រោះ​មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​យេស៊ូ មិន​អើពើ​នឹង​ទំនាយ​ណា​ដែល​មិន​ប្រាប់​អំពី​ដំណោះ​ស្រាយ​ភ្លាម​ៗ​ចំពោះ​បញ្ហា​របស់​ពួក​គេ​ឡើយ។—យ៉ូន. ៦:២៦, ២៧

១៩. តើ​អ្វី​ខ្លះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល?

១៩តើ​មាន​បញ្ហា​ស្រដៀង​នឹង​នោះ​នៅ​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? គឺ​មាន។ មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល ដោយ​សារ​យើង​កាន់​ជំហរ​អព្យាក្រឹត​ចំពោះ​រឿង​នយោបាយ។ ពួក​គេ​គិត​ថា​យើង​គួរ​តែ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត។ ក៏​ប៉ុន្តែ​យើង​ទទួល​ស្គាល់​ថា បើ​យើង​ជ្រើស​រើស​មនុស្ស​ណា​ម្នាក់​ឲ្យ​គ្រប់​គ្រង​លើ​យើង នេះ​មាន​ន័យ​ថា​យើង​បដិសេធ​មិន​ទទួល​យក​ការ​គ្រប់​គ្រង​របស់​ព្រះ​យេហូវ៉ា។ (​១សាំ. ៨:៤​-​៧​) អ្នក​ខ្លះ​ទៀត ក៏​ប្រហែល​ជា​គិត​ថា​យើង​គួរ​សង់​សាលា​និង​មន្ទីរ​ពេទ្យ ព្រម​ទាំង​ធ្វើ​កិច្ច​ការ​សប្បុរសធម៌​ឯ​ទៀត។ ពួក​គេ​ជំពប់​ដួល ដោយ​សារ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ មិន​មែន​ទៅ​លើ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​ភ្លាម​ៗ​ទេ។

២០. ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ៧:២១​-​២៣ តើ​អ្វី​គួរ​តែ​សំខាន់​បំផុត​ចំពោះ​យើង?

២០តើ​យើង​អាច​ជៀស​វាង​ពី​ការ​ជំពប់​ដួល​យ៉ាង​ដូច​ម្ដេច? (​សូម​អាន ម៉ាថាយ ៧:២១​-​២៣) អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​យើង​គួរ​ជា​ការ​ធ្វើ​កិច្ចការ​ដែល​លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ។ (​ម៉ាថ. ២៨:១៩, ២០​) យើង​មិន​គួរ​ឲ្យ​រឿង​នយោបាយ​និង​បញ្ហា​សង្គម​បំបែរ​អារម្មណ៍​យើង​ទេ។ យើង​ស្រឡាញ់​មនុស្ស ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​និង​បញ្ហា​របស់​ពួក​គេ ប៉ុន្តែ​យើង​ដឹង​ថា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​ពួក​គេ គឺ​ដោយ​បង្រៀន​ពួក​គេ​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ជួយ​ពួក​គេ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។

២១. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

២១ ក្នុង​អត្ថបទ​នេះ យើង​បាន​ពិចារណា​អ្វី​បួន​យ៉ាង​ដែល​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​នៅ​សតវត្សរ៍​ទី​១ បដិសេធ​មិន​ព្រម​ទទួល​យក​លោក​យេស៊ូ ហើយ​ដែល​អាច​នាំ​ឲ្យ​មនុស្ស​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​បដិសេធ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ។ ប៉ុន្តែ តើ​មាន​តែ​អ្វី​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​យើង​ត្រូវ​ជៀស​វាង​ឬ? មិន​មែន​ទេ។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​បួន​យ៉ាង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ជំពប់​ដួល។ សូម​យើង​តាំង​ចិត្ត​ជៀស​វាង​ពី​ការ​ជំពប់​ដួល ហើយ​បន្ត​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន​ឡើង!

ចម្រៀង​លេខ​៥៦ ចូរ​សម្រេច​ចិត្ត​កាន់​តាម​សេចក្ដី​ពិត

^ វគ្គ 5 ទោះ​ជា​លោក​យេស៊ូ​ជា​អ្នក​បង្រៀន​ដ៏​ឧត្ដម​បំផុត​ដែល​ធ្លាប់​រស់​នៅ​ផែនដី​ក្ដី មនុស្ស​ជា​ច្រើន​នៅ​សម័យ​លោក​ជំពប់​ដួល ឬ​រក​ហេតុ​ឲ្យ​សង្ស័យ​លើ​លោក។ ហេតុ​អ្វី? យើង​នឹង​ពិចារណា​មូលហេតុ​បួន​យ៉ាង​ក្នុង​អត្ថបទ​នេះ។ យើង​ក៏​នឹង​ពិចារណា​ដែរ​អំពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ជំពប់​ដួល ដោយ​សារ​អ្វី​ដែល​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​និយាយ​និង​ធ្វើ។ សំខាន់​ជាង​នេះ​ទៅ​ទៀត យើង​នឹង​រៀន​អំពី​មូលហេតុ​ដែល​យើង​អាច​មាន​ជំនឿ​រឹង​មាំ​ទៅ​លើ​លោក​យេស៊ូ ដើម្បី​មិន​ជំពប់​ដួល។

^ វគ្គ 60 ការពណ៌នាអំពីរូបភាព: ភីលីព​លើក​ទឹក​ចិត្ត​ណាថាណែល​ឲ្យ​ជួប​លោក​យេស៊ូ។

^ វគ្គ 62 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

^ វគ្គ 64 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ស្វិត​ដៃ​ជា​សះ​ស្បើយ កាល​ដែល​អ្នក​ប្រឆាំង​កំពុង​មើល។

^ វគ្គ 66 ការពណ៌នាអំពីរូបភាព: លោក​យេស៊ូ​ចេញ​ទៅ​ភ្នំ​ម្នាក់​ឯង។