លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៤

តើពួកគេនឹងបម្រើព្រះពេលធំឡើងឬទេ?

តើពួកគេនឹងបម្រើព្រះពេលធំឡើងឬទេ?

​«​កុមារ​យេស៊ូ​ក៏​កាន់​តែ​ធំ​ហើយ​ប្រកប​ដោយ​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើង​ៗ ថែម​ទាំង​កាន់​តែ​ទទួល​នូវ​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​មនុស្ស​»។—លូក. ២:៥២

ចម្រៀង​លេខ​១៣៤ កូន​ៗ​ជា​អំណោយ​មក​ពី​ព្រះ

សេចក្ដី​សង្ខេប *

១. តើ​ការ​សម្រេច​ចិត្ត​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​គឺ​ជា​អ្វី?

ការ​សម្រេច​ចិត្ត​ដែល​ឪពុក​ម្ដាយ​ធ្វើ ច្រើន​តែ​មាន​ឥទ្ធិពល​ទៅ​លើ​កូន​របស់​ពួក​គេ​អស់​រយៈ​ពេល​ជា​យូរ។ បើ​ឪពុក​ម្ដាយ​ធ្វើ​ការ​សម្រេច​ចិត្ត​មិន​ល្អ ពួក​គេ​អាច​បង្ក​ឲ្យ​កូន​មាន​បញ្ហា។ ប៉ុន្តែ​បើ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ពួក​គេ​ជួយ​កូន​ឲ្យ​មាន​ជីវិត​សប្បាយ។ កូន​ក៏​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ដែរ។ ការ​សម្រេច​ចិត្ត​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ គឺ​បម្រើ​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង។—ទំនុក. ៧៣:២៨

២. តើ​លោក​យេស៊ូ​និង​ឪពុក​ម្ដាយ​របស់​លោក​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អ្វី?

យ៉ូសែប​និង​ម៉ារៀ​ដែល​ជា​ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ បាន​តាំង​ចិត្ត​ជួយ​កូន​របស់​ពួក​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​បង្ហាញ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គាត់។ (​លូក. ២:៤០, ៤១, ៥២​) ដូច​គ្នា​ដែរ លោក​យេស៊ូ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ដែល​បាន​ជួយ​លោក​ឲ្យ​បំពេញ​តួ​នាទី​របស់​លោក​ក្នុង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៤:១​-​១០​) លោក​យេស៊ូ​បាន​ធំ​ឡើង​ទៅ​ជា​បុរស​ដែល​ស្មោះ​ត្រង់ សប្បុរស និង​ក្លាហាន។ ឪពុក​ម្ដាយ​ណា​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ច្បាស់​ជា​សប្បាយ​ចិត្ត​និង​មាន​មោទនភាព បើ​មាន​កូន​ប្រុស​ដូច​លោក។

៣. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​សំណួរ​ដូច​ត​ទៅ​៖ តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​អ្វី​ឲ្យ​លោក​យេស៊ូ? តើ​ឪពុក​ម្ដាយ​ជា​គ្រិស្ត​សាសនិក​អាច​រៀន​អ្វី​ពី​ការ​សម្រេច​ចិត្ត​របស់​យ៉ូសែប​និង​ម៉ារៀ? តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​ការ​សម្រេច​ចិត្ត​របស់​លោក​យេស៊ូ?

ចូរ​រៀន​ពី​ព្រះ​យេហូវ៉ា

៤. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​អ្វី​ឲ្យ​បុត្រ​របស់​លោក?

ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​ឪពុក​ម្ដាយ​ដ៏​ល្អ​ប្រសើរ​ឲ្យ​លោក​យេស៊ូ។ (​ម៉ាថ. ១:១៨​-​២៣; លូក. ១:២៦​-​៣៨​) ពាក្យ​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​ម៉ារៀ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក។ (​លូក. ១:៤៦​-​៥៥​) របៀប​ដែល​យ៉ូសែប​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​ថា គាត់​ស្រឡាញ់​ព្រះ​និង​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។—ម៉ាថ. ១:២៤

៥​-​៦. តើ​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បុត្រ​របស់​លោក​ឆ្លង​កាត់​រឿង​អ្វី​ខ្លះ?

សូម​កត់​សម្គាល់​ថា ព្រះ​យេហូវ៉ា​មិន​បាន​ជ្រើស​រើស​ឪពុក​ម្ដាយ​ដែល​ជា​អ្នក​មាន​ឲ្យ​លោក​យេស៊ូ​ទេ។ គ្រឿង​បូជា​ដែល​យ៉ូសែប​និង​ម៉ារៀ​បាន​ជូន​ក្រោយ​ពី​កំណើត​របស់​លោក​យេស៊ូ បង្ហាញ​ថា​ពួក​គាត់​ជា​អ្នក​ក្រ។ (​លូក. ២:២៤​) យ៉ូសែប​ប្រហែល​ជា​មាន​រោង​តូច​មួយ​ក្បែរ​ផ្ទះ​របស់​គាត់​នៅ​ក្រុង​ណាសារ៉ែត ជា​កន្លែង​សម្រាប់​ប្រកប​របរ​ជា​ជាង​ឈើ។ ពួក​គាត់​ច្បាស់​ជា​មាន​ជីវភាព​ដ៏​សាមញ្ញ ជា​ពិសេស​ដោយ​សារ​ក្រោយ​មក​ពួក​គាត់​មាន​ក្រុម​គ្រួសារ​ធំ ដែល​យ៉ាង​ហោច​ណាស់​មាន​កូន​៧​នាក់។—ម៉ាថ. ១៣:៥៥, ៥៦

ព្រះ​យេហូវ៉ា​បាន​ការ​ពារ​លោក​យេស៊ូ​ពី​គ្រោះ​ថ្នាក់​មួយ​ចំនួន ប៉ុន្តែ​លោក​មិន​បាន​ការ​ពារ​បុត្រ​លោក​ពី​ការ​ពិបាក​ទាំង​អស់​ទេ។ (​ម៉ាថ. ២:១៣​-​១៥​) ជា​ឧទាហរណ៍ លោក​យេស៊ូ​មាន​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ។ សូម​ស្រមៃ​គិត​ថា លោក​យេស៊ូ​ច្បាស់​ជា​ខក​ចិត្ត​យ៉ាង​ណា ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​របស់​ខ្លួន ពី​ដំបូង​មិន​បាន​ជឿ​ថា​លោក​ជា​មេស្ស៊ី។ (​ម៉ាក. ៣:២១; យ៉ូន. ៧:៥​) ម្យ៉ាង​ទៀត យ៉ូសែប​ទំនង​ជា​បាន​ស្លាប់​កាល​ដែល​លោក​យេស៊ូ​នៅ​ក្មេង ហើយ​នេះ​ច្បាស់​ជា​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត។ ហេតុ​នេះ ក្នុង​នាម​ជា​កូន​ប្រុស​ច្បង លោក​យេស៊ូ​ប្រហែល​ជា​ត្រូវ​រ៉ាប់​រង​មុខ​របរ​របស់​ក្រុម​គ្រួសារ។ (​ម៉ាក. ៦:៣​) ពេល​លោក​យេស៊ូ​កាន់​តែ​ពេញ​វ័យ លោក​បាន​រៀន​ឲ្យ​ចេះ​ទំនុក​បម្រុង​ក្រុម​គ្រួសារ​របស់​លោក។ លោក​ទំនង​ជា​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ពួក​គេ។ ដូច្នេះ លោក​ដឹង​អំពី​ភាព​ហត់​នឿយ​ពី​ការ​ធ្វើ​ការ​ពេញ​មួយ​ថ្ងៃ។

ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត ដោយ​បង្រៀន​ពួក​គេ​អំពី​របៀប​ស្វែង​រក​យោបល់​ពី​បណ្ដាំ​របស់​ព្រះ (​សូម​មើល​វគ្គ​៧​) *

៧. (​ក​) តើ​សំណួរ​អ្វី​ខ្លះ​នឹង​ជួយ​ប្ដី​ប្រពន្ធ​ក្នុង​ការ​អប់រំ​កូន? (​ខ​) តើ​សុភាសិត ២:១​-​៦ អាច​ជួយ​ឪពុក​ម្ដាយ​ឲ្យ​បង្ហាត់​បង្រៀន​កូន​យ៉ាង​ដូច​ម្ដេច?

បើ​អ្នក​ជា​ប្ដី​ប្រពន្ធ​ដែល​ចង់​មាន​កូន សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​យើង​ជា​បុគ្គល​ដែល​មាន​ចិត្ត​រាប​ទាប ហើយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បណ្ដាំ​របស់​លោក​ឬ​ទេ? តើ​ព្រះ​យេហូវ៉ា​នឹង​ជ្រើស​រើស​យើង​ឲ្យ​ថែ​រក្សា​ទារក​ដ៏​មាន​តម្លៃ​ឬ​ទេ?›។ (​ទំនុក. ១២៧:៣, ៤​) បើ​អ្នក​ជា​ឪពុក​ម្ដាយ​រួច​ទៅ​ហើយ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​កំពុង​បង្រៀន​កូន​អំពី​តម្លៃ​នៃ​ការ​ខំ​ប្រឹង​ធ្វើ​ការ​ឬ​ទេ?›។ (​សាស្ត. ៣:១២, ១៣​) ‹តើ​ខ្ញុំ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ការ​ពារ​កូន​របស់​ខ្ញុំ​ពី​គ្រោះ​ថ្នាក់​ខាង​រូប​កាយ​និង​ខាង​សីលធម៌ ដែល​ពួក​គេ​ប្រហែល​ជា​នឹង​ជួប​ប្រទះ​ក្នុង​ពិភព​លោក​របស់​សាថាន​ឬ​ទេ?›។ (​សុភ. ២២:៣​) អ្នក​មិន​អាច​ការ​ពារ​កូន​ពី​ការ​ពិបាក​ទាំង​អស់​ដែល​ពួក​គេ​ប្រហែល​ជា​នឹង​មាន​ក្នុង​ជីវិត​ទេ។ ប៉ុន្តែ អ្នក​អាច​ជួយ​ពួក​គេ​ឲ្យ​ត្រៀម​ខ្លួន​ចំពោះ​បញ្ហា​ផ្សេង​ៗ​ក្នុង​ជីវិត ដោយ​បន្ត​បង្រៀន​ពួក​គេ​យ៉ាង​កក់​ក្ដៅ​អំពី​របៀប​ស្វែង​រក​យោបល់​ពី​គម្ពីរ។ (​សូម​អាន សុភាសិត ២:១​-​៦) ជា​ឧទាហរណ៍ បើ​សាច់​ញាតិ​ណា​ម្នាក់​សម្រេច​ចិត្ត​ឈប់​បម្រើ​ព្រះ​យេហូវ៉ា ចូរ​ជួយ​កូន​របស់​អ្នក​ឲ្យ​រៀន​ពី​បណ្ដាំ​របស់​ព្រះ​អំពី​មូលហេតុ​ដែល​ការ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​គឺ​សំខាន់។ (​ទំនុក. ៣១:២៣​) ឬ​បើ​មាន​បុគ្គល​ជា​ទី​ស្រឡាញ់​ស្លាប់ ចូរ​បង្ហាញ​កូន​របស់​អ្នក​អំពី​របៀប​ប្រើ​បណ្ដាំ​របស់​ព្រះ ដើម្បី​រសាយ​ទុក្ខ និង​ទទួល​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។—២កូ. ១:៣, ៤; ២ធី. ៣:១៦

ចូរ​រៀន​ពី​យ៉ូសែប​និង​ម៉ារៀ

៨. យោង​ទៅ​តាម​ចោទិយកថា ៦:៦, ៧ តើ​យ៉ូសែប​និង​ម៉ារៀ​ត្រូវ​ធ្វើ​អ្វី?

យ៉ូសែប​និង​ម៉ារៀ​អាច​ជួយ​លោក​យេស៊ូ​ឲ្យ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ ដោយ​សារ​ពួក​គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ចំពោះ​ឪពុក​ម្ដាយ។ (​សូម​អាន ចោទិយកថា ៦:៦, ៧) យ៉ូសែប​និង​ម៉ារៀ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គោល​ដៅ​សំខាន់​បំផុត​របស់​ពួក​គាត់​គឺ​ជួយ​កូន​ៗ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​បែប​នោះ​ដែរ។

៩. តើ​យ៉ូសែប​និង​ម៉ារៀ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​អ្វី?

យ៉ូសែប​និង​ម៉ារៀ​សម្រេច​ចិត្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់​ជា​មួយ​នឹង​កូន​របស់​ពួក​គាត់។ ជា​រៀង​រាល់​សប្ដាហ៍ ពួក​គាត់​ច្បាស់​ជា​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាលា​ប្រជុំ​ក្នុង​ក្រុង​ណាសារ៉ែត ព្រម​ទាំង​ចូល​រួម​បុណ្យ​រំលង​ប្រចាំ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡិម។ (​លូក. ២:៤១; ៤:១៦​) ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ពួក​គាត់​ប្រហែល​ជា​ប្រើ​ឱកាស​នោះ ដើម្បី​បង្រៀន​លោក​យេស៊ូ​និង​បង​ប្អូន​របស់​លោក​អំពី​ប្រវត្តិ​សាស្ត្រ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា ហើយ​នៅ​តាម​ផ្លូវ​ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ទៅ​លេង​កន្លែង​ខ្លះ​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ក្នុង​បទ​គម្ពីរ។ ពេល​យ៉ូសែប​និង​ម៉ារៀ​មាន​កូន​កាន់​តែ​ច្រើន​ឡើង ពួក​គាត់​ប្រហែល​ជា​មាន​ការ​ពិបាក​ក្នុង​ការ​បន្ត​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​ទៀង​ទាត់។ ប៉ុន្តែ សូម​គិត​អំពី​ប្រយោជន៍​ដែល​ពួក​គាត់​បាន​ទទួល! ដោយ​សារ​ពួក​គាត់​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដែល​សំខាន់​បំផុត នោះ​ក្រុម​គ្រួសារ​របស់​ពួក​គាត់​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។

១០. តើ​ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​អាច​រៀន​មេ​រៀន​អ្វី​ពី​យ៉ូសែប​និង​ម៉ារៀ?

១០ តើ​ឪពុក​ម្ដាយ​ដែល​គោរព​កោត​ខ្លាច​ព្រះ​អាច​រៀន​អ្វី​ពី​យ៉ូសែប​និង​ម៉ារៀ? សំខាន់​បំផុត ចូរ​បង្ហាញ​កូន​របស់​អ្នក​តាម​រយៈ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​ថា អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ។ អំណោយ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ឲ្យ​កូន គឺ​ជួយ​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ អ្វី​សំខាន់​បំផុត​មួយ​ដែល​អ្នក​អាច​បង្រៀន​ពួក​គេ គឺ​ឲ្យ​ពួក​គេ​មាន​ទម្លាប់​ល្អ​ក្នុង​ការ​សិក្សា​គម្ពីរ អធិដ្ឋាន ចូល​រួម​កិច្ច​ប្រជុំ និង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​ទៀង​ទាត់។ (​១ធី. ៦:៦​) ពិត​មែន​ថា​អ្នក​ត្រូវ​ទំនុក​បម្រុង​សេចក្ដី​ត្រូវ​ការ​របស់​កូន។ (​១ធី. ៥:៨​) ប៉ុន្តែ សូម​ចាំ​ថា​អ្វី​ដែល​នឹង​ជួយ​កូន​ឲ្យ​រួច​ជីវិត​ពី​របៀប​របប​ពិភព​លោក​នេះ និង​ចូល​ពិភព​លោក​ថ្មី​របស់​ព្រះ មិន​មែន​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទេ គឺ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​របស់​ពួក​គេ​ជា​មួយ​ព្រះ​យេហូវ៉ា។—អេស. ៧:១៩; ១ធី. ៤:៨

យើង​ពិត​ជា​សប្បាយ​ចិត្ត​ឃើញ​ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ដើម្បី​ជួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា! (​សូម​មើល​វគ្គ​១១​) *

១១. (​ក​) តើ​ការ​ណែនាំ​នៅ​ធីម៉ូថេ​ទី​១ ៦:១៧​-​១៩ នឹង​ជួយ​ឪពុក​ម្ដាយ​យ៉ាង​ណា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ពេល​ដែល​ពួក​គេ​ចិញ្ចឹម​អប់រំ​កូន? (​ខ​) តើ​ក្រុម​គ្រួសារ​របស់​អ្នក​អាច​គិត​អំពី​គោល​ដៅ​ណា​ខ្លះ ហើយ​តើ​នោះ​អាច​នាំ​ឲ្យ​ទទួល​ពរ​អ្វី​ខ្លះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​នឹង​កំណត់​គោល​ដៅ​អ្វី​ខ្លះ?​»​)

១១ យើង​ពិត​ជា​សប្បាយ​ចិត្ត​ឃើញ​ឪពុក​ម្ដាយ​គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ដើម្បី​ជួយ​កូន​របស់​ពួក​គេ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ពួក​គេ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា​ជា​ទៀង​ទាត់។ ពួក​គេ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​និង​មហា​សន្និបាត ហើយ​ពួក​គេ​ក៏​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដែរ។ ក្រុម​គ្រួសារ​ខ្លះ​ថែម​ទាំង​អាច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ដែល​មិន​សូវ​បាន​ផ្សព្វ​ផ្សាយ។ ក្រុម​គ្រួសារ​ឯ​ទៀត​ទៅ​លេង​បេតអែល ឬ​គាំទ្រ​កិច្ចការ​សាង​សង់​អគារ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ព្រះ។ ក្រុម​គ្រួសារ​ដែល​សម្រេច​ចិត្ត​ធ្វើ​អ្វី​ទាំង​នេះ​ត្រូវ​ចំណាយ​លុយ ហើយ​ក៏​មាន​ការ​ពិបាក​ផ្សេង​ៗ​ដែរ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ជា​ច្រើន​ដល់​ពួក​គេ។ (​សូម​អាន ធីម៉ូថេ​ទី​១ ៦:១៧​-​១៩) កូន​ដែល​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​បែប​នេះ ច្រើន​តែ​បន្ត​មាន​ទម្លាប់​ល្អ​ដែល​ពួក​គេ​បាន​រៀន​តាំង​ពី​តូច​មក ហើយ​ពួក​គេ​មិន​បាន​ស្ដាយ​ក្រោយ​ទេ។—សុភ. ១០:២២

ចូរ​រៀន​ពី​លោក​យេស៊ូ

១២. តើ​លោក​យេស៊ូ​ត្រូវ​ធ្វើ​អ្វី​កាល​ដែល​លោក​ធំ​ឡើង?

១២ បិតា​របស់​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌​តែង​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ ហើយ​ឪពុក​ម្ដាយ​របស់​លោក​នៅ​ផែនដី​ក៏​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ផង​ដែរ។ ប៉ុន្តែ​កាល​ដែល​លោក​យេស៊ូ​ធំ​ឡើង លោក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​លោក។ (​កាឡ. ៦:៥​) ដូច​យើង​ទាំង​អស់​គ្នា លោក​មាន​ចិត្ត​សេរី។ បើ​លោក​ចង់ លោក​អាច​សម្រេច​ចិត្ត​ស្វែង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​បាន។ ប៉ុន្តែ លោក​បាន​សម្រេច​ចិត្ត​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​វិញ។ (​យ៉ូន. ៨:២៩​) តើ​គំរូ​របស់​លោក​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

ប្អូន​ៗ​វ័យ​ក្មេង សូម​កុំ​បដិសេធ​ការ​ណែនាំ​ពី​ឪពុក​ម្ដាយ​ឡើយ (​សូម​មើល​វគ្គ​១៣​) *

១៣. តើ​លោក​យេស៊ូ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​អ្វី​ពេល​លោក​នៅ​ក្មេង?

១៣ តាំង​ពី​លោក​យេស៊ូ​នៅ​ក្មេង លោក​សម្រេច​ចិត្ត​ចុះ​ចូល​នឹង​ឪពុក​ម្ដាយ​របស់​លោក។ លោក​តែង​តែ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​លោក ហើយ​មិន​ដែល​គិត​ថា​លោក​ចេះ​ជាង​ពួក​គាត់​ទេ។ ផ្ទុយ​ទៅ​វិញ លោក​«​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ពួក​គាត់​»។ (​លូក. ២:៥១​) លោក​យេស៊ូ​ជា​កូន​ប្រុស​ច្បង ហើយ​នេះ​មាន​ន័យ​ថា​លោក​មាន​កាតព្វកិច្ច​ផ្សេង​ៗ។ លោក​ទំនង​ជា​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​កាតព្វកិច្ច​ទាំង​នោះ ដូច​ជា​ខំ​ប្រឹង​រៀន​ជំនាញ​ពី​ឪពុក​ចិញ្ចឹម​របស់​លោក ដើម្បី​លោក​អាច​ជួយ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​លោក។

១៤. ហេតុ​អ្វី​យើង​ដឹង​ថា​លោក​យេស៊ូ​ពូកែ​សិក្សា​បណ្ដាំ​របស់​ព្រះ?

១៤ ឪពុក​ម្ដាយ​របស់​លោក​យេស៊ូ​ទំនង​ជា​បាន​ប្រាប់​លោក​អំពី​អព្ភូតហេតុ​នៃ​កំណើត​របស់​លោក និង​អ្វី​ដែល​អ្នក​នាំ​សារ​របស់​ព្រះ​បាន​និយាយ​អំពី​លោក។ (​លូក. ២:៨​-​១៩, ២៥​-​៣៨​) ប៉ុន្តែ លោក​យេស៊ូ​ក៏​បាន​សិក្សា​បទ​គម្ពីរ​ដោយ​ខ្លួន​លោក​ដែរ។ ហេតុ​អ្វី​យើង​ដឹង​ថា​លោក​យេស៊ូ​ពូកែ​សិក្សា​បណ្ដាំ​របស់​ព្រះ? ពី​ព្រោះ​កាល​ដែល​លោក​នៅ​ជា​កុមារ​នៅ​ឡើយ ពួក​គ្រូ​នៅ​ក្រុង​យេរូសាឡិម​«​ចេះ​តែ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដោយ​សារ​ការ​យល់​ដឹង​និង​ចម្លើយ​របស់​កុមារ​[​យេស៊ូ​]​»។ (​លូក. ២:៤៦, ៤៧​) កាល​ដែល​លោក​យេស៊ូ​មាន​អាយុ​ត្រឹម​តែ​១២​ឆ្នាំ លោក​បាន​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ច្រើន បាន​ជា​លោក​ជឿ​ជាក់​រួច​ហើយ​ថា​ព្រះ​យេហូវ៉ា​ជា​បិតា​របស់​លោក។—លូក. ២:៤២, ៤៣, ៤៩

១៥. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​សម្រេច​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា?

១៥ កាល​ដែល​លោក​យេស៊ូ​បាន​រៀន​អំពី​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ចំពោះ​លោក លោក​បាន​សម្រេច​ចិត្ត​ធ្វើ​តាម។ (​យ៉ូន. ៦:៣៨​) លោក​បាន​ដឹង​ថា​មនុស្ស​ជា​ច្រើន​នឹង​ស្អប់​លោក ហើយ​រឿង​នោះ​ច្បាស់​ជា​ធ្វើ​ឲ្យ​លោក​គិត​យ៉ាង​ដិត​ដល់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​បាន​សម្រេច​ចិត្ត​ចុះ​ចូល​នឹង​ព្រះ​យេហូវ៉ា។ ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២៩ គ.ស. អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​លោក​គឺ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា។ (​ហេ. ១០:៥​-​៧​) សូម្បី​តែ​ពេល​លោក​យេស៊ូ​ហៀប​នឹង​ស្លាប់​នៅ​លើ​បង្គោល​ទារុណកម្ម ក៏​លោក​បន្ត​តាំង​ចិត្ត​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។—យ៉ូន. ១៩:៣០

១៦. តើ​កូន​ៗ​អាច​រៀន​អ្វី​ពី​លោក​យេស៊ូ?

១៦ ចូរ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ​របស់​អ្នក។ ដូច​យ៉ូសែប​និង​ម៉ារៀ ឪពុក​ម្ដាយ​របស់​អ្នក​មិន​មែន​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ឪពុក​ម្ដាយ​របស់​អ្នក​បាន​ទទួល​ភារកិច្ច​ពី​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ពារ បង្ហាត់​បង្រៀន និង​ណែនាំ​អ្នក។ បើ​អ្នក​ស្ដាប់​យោបល់​ពី​ពួក​គេ និង​គោរព​សិទ្ធិ​អំណាច​របស់​ពួក​គេ នោះ​អ្នក​នឹង​«​ប្រកប​ដោយ​សេចក្ដី​សុខ​»។—អេភ. ៦:១​-​៤

១៧. យោង​ទៅ​តាម​យ៉ូស្វេ ២៤:១៥ តើ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ដោយ​ខ្លួន​ឯង?

១៧ ចូរ​សម្រេច​ចិត្ត​ថា​អ្នក​នឹង​បម្រើ​អ្នក​ណា។ អ្នក​ត្រូវ​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ជា​បុគ្គល​បែប​ណា គោល​បំណង​របស់​លោក​រួម​បញ្ចូល​អ្វី​ខ្លះ និង​របៀប​ដែល​បំណង​ប្រាថ្នា​របស់​លោក​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ជីវិត​របស់​អ្នក​ផ្ទាល់។ (​រ៉ូម ១២:២​) យ៉ាង​នេះ អ្នក​នឹង​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក ពោល​គឺ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា។ (​សូម​អាន យ៉ូស្វេ ២៤:១៥; សាស្ត. ១២:១​) បើ​អ្នក​មាន​កាល​វិភាគ​អាន​និង​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ នោះ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​នឹង​បន្ត​កើន​ឡើង ហើយ​ជំនឿ​របស់​អ្នក​ទៅ​លើ​លោក​នឹង​កាន់​តែ​រឹង​មាំ។

១៨. តើ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី ហើយ​តើ​នេះ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១៨ ចូរ​សម្រេច​ចិត្ត​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ ពិភព​លោក​របស់​សាថាន​និយាយ​ថា បើ​អ្នក​ប្រើ​សមត្ថភាព​របស់​អ្នក​ដើម្បី​ប្រយោជន៍​ខ្លួន អ្នក​នឹង​សប្បាយ។ ប៉ុន្តែ​តាម​ពិត ពួក​អ្នក​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ចង់​មាន​ចង់​បាន ​«​ចាក់​ទម្លុះ​ខ្លួន​គ្រប់​កន្លែង​ដោយ​ទុក្ខ​វេទនា​ជា​ច្រើន​»។ (​១ធី. ៦:៩, ១០​) ផ្ទុយ​ទៅ​វិញ បើ​អ្នក​ស្ដាប់​តាម​ព្រះ​យេហូវ៉ា និង​ចាត់​ទុក​បំណង​ប្រាថ្នា​របស់​លោក​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​ទទួល​ជោគ​ជ័យ ហើយ​អ្នក​«​នឹង​បាន​ចំរើន​ឡើង​»។—យ៉ូស. ១:៨

តើ​អ្នក​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី?

១៩. តើ​ឪពុក​ម្ដាយ​ត្រូវ​ចាំ​អំពី​អ្វី?

១៩ ឪពុក​ម្ដាយ​ទាំង​ឡាយ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម​គ្រួសារ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា។ ចូរ​ពឹង​ផ្អែក​លើ​លោក ហើយ​លោក​នឹង​ជួយ​អ្នក​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ។ (​សុភ. ៣:៥, ៦​) សូម​ចាំ​ថា​ការ​ប្រព្រឹត្ត​របស់​អ្នក​មាន​ឥទ្ធិពល​លើ​កូន​ច្រើន​ជាង​ពាក្យ​សម្ដី​របស់​អ្នក។ ដូច្នេះ សូម​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​ជួយ​កូន​ឲ្យ​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។

២០. តើ​ប្អូន​ៗ​វ័យ​ក្មេង​នឹង​ទទួល​ពរ​អ្វី​ខ្លះ បើ​ពួក​គេ​សម្រេច​ចិត្ត​បម្រើ​ព្រះ​យេហូវ៉ា?

២០ ប្អូន​ៗ​វ័យ​ក្មេង ឪពុក​ម្ដាយ​អាច​ជួយ​ប្អូន​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ​ក្នុង​ជីវិត។ ប៉ុន្តែ ប្អូន​គឺ​ជា​អ្នក​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ទាំង​នេះ ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ។ ដូច្នេះ ចូរ​យក​តម្រាប់​លោក​យេស៊ូ ដោយ​សម្រេច​ចិត្ត​បម្រើ​បិតា​របស់​ប្អូន​នៅ​ស្ថាន​សួគ៌​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់។ បើ​ប្អូន​ធ្វើ​ដូច្នេះ ប្អូន​នឹង​មាន​ជីវិត​ដ៏​មមាញឹក គួរ​ឲ្យ​រំភើប​ចិត្ត និង​មាន​ន័យ​ខ្លឹម​សារ​នៅ​ឥឡូវ​នេះ។ (​១ធី. ៤:១៦​) មួយ​វិញ​ទៀត នៅ​ថ្ងៃ​អនាគត ប្អូន​នឹង​មាន​ជីវិត​ដ៏​សប្បាយ​រីក​រាយ​បំផុត!

ចម្រៀង​លេខ​១៣៣ ចូរ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ពេល​នៅ​ក្មេង

^ វគ្គ 5 ឪពុក​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក​ចង់​ឲ្យ​កូន​របស់​ពួក​គេ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​ពេល​ដែល​ពួក​គេ​ធំ​ឡើង។ តើ​ឪពុក​ម្ដាយ​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ដែល​នឹង​ជួយ​កូន​ឲ្យ​សម្រេច​គោល​ដៅ​នេះ? តើ​គ្រិស្ត​សាសនិក​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​ខ្លះ ដើម្បី​ទទួល​ជោគ​ជ័យ​ពិត​ប្រាកដ​ក្នុង​ជីវិត? ក្នុង​អត្ថបទ​នេះ យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: ម៉ារៀ​ទំនង​ជា​បាន​បង្រៀន​កុមារ​យេស៊ូ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ។ ម្ដាយ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​អាច​បង្រៀន​កូន​របស់​ពួក​គេ​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដែរ។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: យ៉ូសែប​ទំនង​ជា​បាន​ឲ្យ​តម្លៃ​ចំពោះ​ការ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​សាលា​ប្រជុំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​គាត់។ ឪពុក​នៅ​សព្វ​ថ្ងៃ​នេះ អាច​ឲ្យ​តម្លៃ​ចំពោះ​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​មួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ។

^ វគ្គ 68 ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​រៀន​ជំនាញ​ពី​ឪពុក​របស់​លោក។ ប្អូន​ៗ​វ័យ​ក្មេង​នៅ​សព្វ​ថ្ងៃ​នេះ អាច​រៀន​ជំនាញ​ពី​ឪពុក​របស់​ពួក​គេ​ផង​ដែរ។