អត្ថបទសិក្សា ៤៣
ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក
«ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលថា៖ ‹មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ›»។—សាក. ៤:៦
ចម្រៀងលេខ៤០ តើអ្នកណាជាម្ចាស់យើង?
សេចក្ដីសង្ខេប *
១. តើគ្រិស្តសាសនិកដែលបានទទួលការជ្រមុជទឹកត្រូវបន្តធ្វើអ្វី?
តើអ្នកបានទទួលការជ្រមុជទឹកហើយឬ? បើដូច្នេះ ពេលអ្នកទទួលការជ្រមុជទឹក អ្នកបានបង្ហាញនៅមុខអ្នកឯទៀតថាអ្នកមានជំនឿលើព្រះយេហូវ៉ា ហើយចង់បម្រើលោកជាមួយអង្គការរបស់លោក។ * អ្នកត្រូវបន្តមានជំនឿកាន់តែមាំមួនឡើងៗទៅលើព្រះយេហូវ៉ា។ អ្នកក៏ត្រូវបន្តពង្រឹងទំនុកចិត្តរបស់អ្នកថា ព្រះយេហូវ៉ាកំពុងប្រើអង្គការរបស់លោកនៅសព្វថ្ងៃនេះ។
២-៣. តើព្រះយេហូវ៉ាដឹកនាំអង្គការរបស់លោកនៅសព្វថ្ងៃនេះយ៉ាងដូចម្ដេច? សូមលើកឧទាហរណ៍។
២ សព្វថ្ងៃនេះ ព្រះយេហូវ៉ាដឹកនាំអង្គការរបស់លោកតាមរបៀបដែលបង្ហាញអំពីបុគ្គលិកលក្ខណៈ គោលបំណង និងខ្នាតតម្រារបស់លោក។ សូមយើងពិចារណាអំពីគុណសម្បត្តិបីរបស់ព្រះយេហូវ៉ាដែលយើងអាចឃើញក្នុងអង្គការរបស់លោក។
៣ ទី១ «ព្រះមិនរើសមុខទេ»។ (សកម្ម. ១០:៣៤) សេចក្ដីស្រឡាញ់បានជំរុញព្រះយេហូវ៉ាឲ្យផ្ដល់បុត្ររបស់លោកជា«ថ្លៃលោះមនុស្សទាំងអស់»។ (១ធី. ២:៦; យ៉ូន. ៣:១៦) ព្រះយេហូវ៉ាប្រើរាស្ត្ររបស់លោកឲ្យផ្សព្វផ្សាយដំណឹងល្អដល់អស់អ្នកដែលចង់ស្ដាប់។ យ៉ាងនេះ លោកជួយមនុស្សច្រើនបំផុតឲ្យទទួលប្រយោជន៍ពីថ្លៃលោះ។ ទី២ ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសុខសាន្តនិងសណ្ដាប់ធ្នាប់។ (១កូ. ១៤:៣៣, ៤០) ដូច្នេះ យើងគួររំពឹងថា អ្នកគោរពប្រណិប័តន៍លោកបម្រើលោកជាក្រុមដោយមានសេចក្ដីសុខសាន្តនិងសណ្ដាប់ធ្នាប់។ ទី៣ ព្រះយេហូវ៉ាជាគ្រូដ៏ឧត្ដមបំផុត។ (យ៉ូប ៣៦:២២) នេះជាមូលហេតុដែលអង្គការរបស់លោកខំព្យាយាមបង្រៀនអ្នកឯទៀតអំពីគម្ពីរដែលជាបណ្ដាំរបស់លោកទាំងនៅក្នុងក្រុមជំនុំទាំងនៅក្នុងកិច្ចបម្រើផ្សាយ។ តើពួកអ្នកដែលនៅក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១បានបង្ហាញយ៉ាងណាថាពួកគេមានគុណសម្បត្តិទាំងបីនេះដូចព្រះយេហូវ៉ា? ចុះយ៉ាងណានៅសម័យយើង? តើរាស្ត្រ របស់លោកបានបង្ហាញគុណសម្បត្តិទាំងនេះដូចលោកយ៉ាងដូចម្ដេច? តើសកម្មពលបរិសុទ្ធអាចជួយអ្នកយ៉ាងណា កាលដែលអ្នកបម្រើជាមួយអង្គការរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះ?
ព្រះមិនរើសមុខ
៤. ដូចបានចែងនៅសកម្មភាព ១:៨ តើលោកយេស៊ូបានបង្គាប់អ្នកកាន់តាមលោកឲ្យធ្វើអ្វី ហើយតើពួកគេបានទទួលជំនួយអ្វី?
៤ នៅសតវត្សរ៍ទី១។ លោកយេស៊ូបានផ្សព្វផ្សាយដំណឹងដែលផ្ដល់សេចក្ដីសង្ឃឹមដល់មនុស្សគ្រប់រូប។ (លូក. ៤:៤៣) លោកបានបង្គាប់អ្នកកាន់តាមលោកឲ្យបន្តធ្វើកិច្ចការដែលលោកបានចាប់ផ្ដើម ដោយធ្វើជាសាក្សីបញ្ជាក់«រហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (សូមអាន សកម្មភាព ១:៨) ពួកគេច្បាស់ជាមិនអាចធ្វើកិច្ចការនេះដោយកម្លាំងខ្លួនឯងបានទេ។ ពួកគេត្រូវការសកម្មពលបរិសុទ្ធ ពោលគឺ«អ្នកជួយ»ដែលលោកយេស៊ូបានសន្យានឹងពួកគេ។—យ៉ូន. ១៤:២៦; សាក. ៤:៦
៥-៦. តើសកម្មពលបរិសុទ្ធបានជួយអ្នកកាន់តាមលោកយេស៊ូតាមរបៀបណាខ្លះ?
៥ អ្នកកាន់តាមលោកយេស៊ូបានទទួលសកម្មពលបរិសុទ្ធនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស.។ ដោយមានជំនួយពីសកម្មពលនោះ ពួកគេបានចាប់ផ្ដើមផ្សព្វផ្សាយភ្លាមៗ ហើយក្នុងរយៈពេលដ៏ខ្លី មនុស្សរាប់ពាន់នាក់បានទទួលយកដំណឹងល្អ។ (សកម្ម. ២:៤១; ៤:៤) ពេលអ្នកកាន់តាមចាប់ផ្ដើមត្រូវគេបៀតបៀន ពួកគេមិនបានភ័យខ្លាចនិងឈប់ផ្សព្វផ្សាយទេ។ ផ្ទុយទៅវិញ ពួកគេបានសុំព្រះឲ្យជួយពួកគេ។ ពួកគេបានអធិដ្ឋានថា៖ «[សូម]អនុគ្រោះឲ្យពួកខ្ញុំបម្រើរបស់លោកបន្តប្រកាសបណ្ដាំរបស់លោកដោយសេចក្ដីក្លាហាន»។ បន្ទាប់មក ពួកគេបានពេញដោយសកម្មពលបរិសុទ្ធ ហើយបានបន្ត«ប្រកាសបណ្ដាំរបស់ព្រះដោយសេចក្ដីក្លាហាន»។—សកម្ម. ៤:១៨-២០, ២៩, ៣១
៦ អ្នកកាន់តាមលោកយេស៊ូក៏ជួបប្រទះការពិបាកផ្សេងទៀតដែរ។ ជាឧទាហរណ៍ នៅពេលនោះមិនសូវមានឯកសារគម្ពីរទេ ហើយក៏មិនមានសៀវភៅផ្សេងៗដែលពន្យល់អំពីគម្ពីរ ដូចដែលយើងមាននៅសព្វថ្ងៃនេះឡើយ។ ម្យ៉ាងទៀត អ្នកកាន់តាមត្រូវផ្សព្វផ្សាយដល់មនុស្សដែលនិយាយភាសាផ្សេងៗ។ ទោះជាមានការពិបាកទាំងអស់នោះក្ដី អ្នកកាន់តាមដ៏ខ្នះខ្នែងទាំងនោះបានធ្វើអ្វីដែលមើលទៅមិនអាចធ្វើបាន។ ក្នុងរយៈពេលប្រហែលជា៣០ឆ្នាំ ពួកគេបានផ្សព្វផ្សាយដំណឹងល្អ«ក្នុងចំណោមមនុស្សទាំងអស់នៅក្រោមមេឃ»។—កូឡ. ១:៦, ២៣
៧. ជាង១០០ឆ្នាំមុន តើអ្នកបម្រើរបស់ព្រះយេហូវ៉ាដឹងយ៉ាងដូចម្ដេចអំពីអ្វីដែលលោកតម្រូវពីពួកគេ ហើយតើពួកគេបានធ្វើអ្វី?
៧ នៅសម័យនេះ។ ព្រះយេហូវ៉ាបន្តដឹកនាំរាស្ត្ររបស់លោក ហើយផ្ដល់កម្លាំងដល់ពួកគេដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោក។ លោកច្រើនតែណែនាំរាស្ត្ររបស់លោកតាមរយៈគម្ពីរដែលបានត្រូវសរសេរក្រោមការដឹកនាំនៃសកម្មពលបរិសុទ្ធរបស់លោក។ ក្នុងគម្ពីរ មានការរៀបរាប់អំពីកិច្ចបម្រើផ្សាយរបស់លោកយេស៊ូ ហើយក៏មានបង្គាប់របស់លោកដែលឲ្យអ្នកកាន់តាមលោកបន្តធ្វើកិច្ចការដែលលោកបានចាប់ផ្ដើម។ (ម៉ាថ. ២៨:១៩, ២០) ទស្សនាវដ្ដីប៉មយាម ខែកក្កដា ឆ្នាំ១៨៨១ រៀបរាប់ថា៖ «ព្រះយេហូវ៉ាមិនបានរើសតាំងយើង ដើម្បីឲ្យមនុស្សលើកកិត្តិយសយើង ឬទៅជាអ្នកមានទេ។ ប៉ុន្តែ ដើម្បីឲ្យយើងប្រើអ្វីទាំងអស់ដែលយើងមានក្នុងការផ្សព្វផ្សាយដំណឹងល្អ»។ កូនសៀវភៅមួយដែលមានចំណងជើងថា តើកិច្ចការនេះបានត្រូវប្រគល់ឲ្យអ្នកណា? ជាភាសាអង់គ្លេស ដែលបានបោះពុម្ពនៅឆ្នាំ១៩១៩ បានចែងថា៖ «កិច្ចការនេះគឺមើលទៅធំសម្បើម។ ប៉ុន្តែវាជាកិច្ចការរបស់លោកម្ចាស់ ហើយលោកនឹងផ្ដល់កម្លាំងឲ្យយើងដើម្បីយើងអាចសម្រេចកិច្ចការនេះ»។ ដូចគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ បងប្អូនទាំងនោះមានចិត្តក្លាហាននិងខំព្យាយាម ដោយសារពួកគេទុកចិត្តថាសកម្មពលបរិសុទ្ធនឹងជួយពួកគេឲ្យផ្សព្វផ្សាយដល់មនុស្សគ្រប់ប្រភេទ។ នៅសព្វថ្ងៃនេះ យើងក៏មានទំនុកចិត្តដូចគ្នាដែរ។
៨-៩. តើអង្គការរបស់ព្រះយេហូវ៉ាបានប្រើវិធីអ្វីខ្លះដើម្បីផ្សព្វផ្សាយដំណឹងល្អ?
៨ អង្គការរបស់ព្រះយេហូវ៉ាបានប្រើឧបករណ៍ល្អបំផុតដើម្បីផ្សព្វផ្សាយដំណឹងល្អ។ ឧបករណ៍ទាំងនេះរួមមានសៀវភៅផ្សេងៗ «ល្ខោនរូបភាពនៃការបង្កើត» ម៉ាស៊ីនចាក់ថាសសំឡេង ឡានដែលមានប្រដាប់បំពងសំឡេង ការផ្សាយតាមវិទ្យុ ហើយថ្មីៗនេះមានបច្ចេកវិទ្យាអេឡិចត្រូនិក។ អង្គការរបស់ព្រះក៏បកប្រែភាសាជាច្រើនបំផុតដែលមិនធ្លាប់មាន។ ហេតុអ្វី? គឺដើម្បីឲ្យមនុស្សគ្រប់ប្រភេទអាចឮដំណឹងល្អជាភាសារបស់ពួកគេ។ ព្រះយេហូវ៉ាមិនរើសមុខទេ លោកបានប្រាប់ទុកជាមុនថាដំណឹងល្អនឹងត្រូវប្រកាសប្រាប់ដល់«គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់បប. ១៤:៦, ៧) លោកចង់ឲ្យមនុស្សគ្រប់រូបមានឱកាសឮដំណឹងអំពីរាជាណាចក្រ។
ភាសា និងគ្រប់ជាតិសាសន៍»។ (៩ ចុះយ៉ាងណាមនុស្សដែលយើងពិបាកជួប ប្រហែលជាដោយសារពួកគេរស់នៅក្នុងអគារដែលបានត្រូវការពារយ៉ាងតឹងតែង? ដើម្បីផ្សព្វផ្សាយដល់មនុស្សទាំងនេះកាន់តែច្រើនថែមទៀត ព្រះយេហូវ៉ាបានជួយអង្គការរបស់លោកឲ្យចាប់ផ្ដើមប្រើវិធីផ្សព្វផ្សាយសាធារណៈប្រភេទផ្សេងៗ។ ជាឧទាហរណ៍ នៅឆ្នាំ២០០១ គណៈអភិបាលបានយល់ព្រមឲ្យប្រើរទេះរុញសម្រាប់ដាក់តាំងសៀវភៅផ្សេងៗ និងរបៀបផ្សេងទៀតដើម្បីដាក់តាំងបង្ហាញសៀវភៅរបស់យើងនៅប្រទេសបារាំង និងក្រោយមកនៅកន្លែងឯទៀត។ វិធីផ្សព្វផ្សាយនេះនាំឲ្យមានលទ្ធផលល្អ។ នៅឆ្នាំ២០១១ កម្មវិធីថ្មីបានត្រូវចាប់ផ្ដើមធ្វើឡើងនៅសហរដ្ឋអាម៉េរិកក្នុងទីប្រជុំជនមួយនៃក្រុងញូវយ៉ក។ ក្នុងឆ្នាំដំបូង ពួកគេបានចែកចាយសៀវភៅអស់១០២.១២៩ក្បាល និងទស្សនាវដ្ដី៦៨.៩១១ក្បាល។ ម្យ៉ាងទៀត មនុស្ស៤.៧០១នាក់បានសុំរៀនគម្ពីរ! យើងអាចឃើញថាព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីគាំទ្រកិច្ចការនោះ។ ដូច្នេះ គណៈអភិបាលបានយល់ព្រមឲ្យបងប្អូននៅទូទាំងពិភពលោកប្រើរទេះរុញដាក់តាំងសៀវភៅ និងប្រើរបៀបផ្សេងទៀតដើម្បីបង្ហាញសៀវភៅរបស់យើង។
១០. តើយើងអាចធ្វើអ្វីដើម្បីរីកចម្រើនក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀន?
១០ អ្វីដែលអ្នកអាចធ្វើ។ ចូរទទួលប្រយោជន៍ពេញលេញពីការបង្ហាត់បង្រៀនដែលព្រះយេហូវ៉ាផ្ដល់ឲ្យនៅកិច្ចប្រជុំរបស់យើង។ ចូរចូលរួមក្នុងកិច្ចបម្រើផ្សាយជាមួយក្រុមផ្សព្វផ្សាយរបស់អ្នកជារឿយៗ។ បងប្អូនក្នុងក្រុមផ្សាយរបស់អ្នកអាចជួយអ្នកឲ្យរីកចម្រើនក្នុងកិច្ចផ្សព្វផ្សាយនិងការបង្រៀន ហើយពួកគេក៏អាចលើកទឹកចិត្តអ្នកដែរ តាមរយៈគំរូល្អរបស់ពួកគេ។ ចូរស៊ូទ្រាំក្នុងកិច្ចបម្រើផ្សាយ។ បទគម្ពីរជាមូលដ្ឋានសម្រាប់អត្ថបទនេះរំលឹកយើងថា យើងអាចធ្វើតាមបំណងប្រាថ្នារបស់ព្រះ មិនមែនដោយសារយើងមានកម្លាំងមាំមួនទេ ប៉ុន្តែដោយសារយើងទទួលកម្លាំងពីសកម្មពលបរិសុទ្ធ។ (សាក. ៤:៦) យើងអាចប្រាកដថាព្រះនឹងផ្ដល់កម្លាំងដែលយើងត្រូវការ ដោយសារយើងកំពុងធ្វើកិច្ចការរបស់លោក។
ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីសុខសាន្ត និងសណ្ដាប់ធ្នាប់
១១. តើគណៈអភិបាលនៅសតវត្សរ៍ទី១បានសហការគ្នាយ៉ាងដូចម្ដេច ដើម្បីរក្សាសណ្ដាប់ធ្នាប់ក្នុងចំណោមរាស្ត្ររបស់ព្រះ?
១១ នៅសតវត្សរ៍ទី១។ គណៈអភិបាលនៅក្រុងយេរូសាឡិមបានសហការគ្នាដើម្បីរក្សាឲ្យមានរបៀបរៀបរយនិងសេចក្ដីសុខសាន្តក្នុងចំណោមរាស្ត្ររបស់ព្រះ។ (សកម្ម. ២:៤២) ជា ឧទាហរណ៍ ប្រហែលជានៅឆ្នាំ៤៩ គ.ស. គ្រិស្តសាសនិកជាច្រើននាក់បានខ្វែងគំនិតគ្នាអំពីរឿងថា តើគ្រិស្តសាសនិកទាំងអស់ត្រូវកាត់ចុងស្បែកដើម្បីបម្រើព្រះយេហូវ៉ាឬទេ? ដូច្នេះ ក្រោមការដឹកនាំនៃសកម្មពលបរិសុទ្ធ គណៈអភិបាលបានគិតពិចារណាអំពីរឿងនោះ។ បើក្រុមជំនុំបន្តខ្វែងគំនិតគ្នាអំពីរឿងនោះ កិច្ចបម្រើផ្សាយនឹងមិនរីកចម្រើនទៅមុខទេ។ ទោះជាពួកសាវ័កនិងបុរសចាស់ទុំជាជនជាតិយូដាក្ដី ពួកគេមិនបានទទួលឥទ្ធិពលពីទំនៀមទម្លាប់ជនជាតិយូដា ឬពីពួកអ្នកដែលលើកស្ទួយទំនៀមទម្លាប់នោះទេ។ ផ្ទុយទៅវិញ ពួកគេស្វែងរកការណែនាំពីបណ្ដាំរបស់ព្រះនិងសកម្មពលបរិសុទ្ធរបស់លោក។ (សកម្ម. ១៥:១, ២, ៥-២០, ២៨) តើនោះមានលទ្ធផលអ្វី? ព្រះយេហូវ៉ាឲ្យពរចំពោះការសម្រេចចិត្តរបស់ពួកគេ ក្រុមជំនុំបន្តមានសេចក្ដីសុខសាន្តនិងសាមគ្គីភាព ហើយពួកគេបន្តផ្សព្វផ្សាយដំណឹងល្អ។—សកម្ម. ១៥:៣០, ៣១; ១៦:៤, ៥
១២. តើអ្វីបង្ហាញថាអង្គការរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះមានសណ្ដាប់ធ្នាប់និងសេចក្ដីសុខសាន្ត?
១២ នៅសព្វថ្ងៃនេះ។ អង្គការរបស់ព្រះយេហូវ៉ាខំរក្សាសណ្ដាប់ធ្នាប់និងសេចក្ដីសុខសាន្តក្នុងចំណោមរាស្ត្ររបស់លោក។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៨៩៥ ទស្សនាវដ្ដីប៉មយាមនៃភ្នំស៊ីយ៉ូនដែលប្រកាសវត្តមានរបស់គ្រិស្ត (Zion’s Watch Tower and Herald of Christ’s Presence) មានអត្ថបទមួយដែលមានចំណងជើងថា«ត្រឹមត្រូវនិងដោយរបៀបរៀបរយ» ដែលមានមូលដ្ឋានលើកូរិនថូសទី១ ១៤:៤០។ អត្ថបទនោះចែងថា៖ «ពួកសាវ័កបានសរសេរអ្វីៗជាច្រើនទៅក្រុមជំនុំនៅសតវត្សរ៍ទី១អំពីសណ្ដាប់ធ្នាប់។ . . . គឺសំខាន់ឲ្យយើងបន្តធ្វើតាមយ៉ាងដិតដល់នូវ‹អ្វីៗទាំងអស់ដែលបានត្រូវសរសេរទុកជាមុនដើម្បីណែនាំយើង›»។ (រ៉ូម ១៥:៤) ដូចក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ អង្គការរបស់ព្រះយេហូវ៉ានៅសព្វថ្ងៃនេះខំព្យាយាមរក្សាឲ្យមានរបៀបរៀបរយនិងសេចក្ដីសុខសាន្តក្នុងក្រុមជំនុំគ្រិស្តសាសនិក។ ជាឧទាហរណ៍ បើអ្នកចូលរួមការសិក្សាទស្សនាវដ្ដីប៉មយាមនៅក្រុមជំនុំផ្សេង មិនថានៅប្រទេសរបស់អ្នកឬនៅប្រទេសឯទៀតក្ដី អ្នកនឹងដឹងថាការសិក្សានោះធ្វើឡើងតាមរបៀបណា ហើយអត្ថបទណាដែលនឹងត្រូវសិក្សា។ ហេតុនេះ អ្នកនឹងឆាប់មានអារម្មណ៍ស្រួល។ មានតែសកម្មពលបរិសុទ្ធរបស់ព្រះប៉ុណ្ណោះអាចនាំឲ្យមានសាមគ្គីភាពបែបនេះបាន។—សេផ. ៣:៩
១៣. តើយ៉ាកុប ៣:១៧នាំឲ្យយើងសួរខ្លួនឯងនូវសំណួរអ្វីខ្លះ?
១៣ អ្វីដែលអ្នកអាចធ្វើ។ ព្រះយេហូវ៉ាចង់ឲ្យរាស្ត្ររបស់លោក«រក្សាឲ្យមានសាមគ្គីភាពដែលមកពីសកម្មពលរបស់ព្រះ ដោយមានសេចក្ដីសុខសាន្តទុកជាចំណងដែលនាំឲ្យមានឯកភាព»។ (អេភ. ៤:១-៣) ដូច្នេះ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំធ្វើឲ្យមានសាមគ្គីភាពនិងសេចក្ដីសុខសាន្តក្នុងក្រុមជំនុំឬទេ? តើខ្ញុំ ស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខឬ? តើអ្នកឯទៀតអាចពឹងពាក់ខ្ញុំ ជាពិសេសបើខ្ញុំមានភារកិច្ចក្នុងក្រុមជំនុំឬទេ? តើខ្ញុំជាមនុស្សទៀងពេល ចេះជួយយកអាសា និងចង់បម្រើអ្នកឯទៀតឬ?›។ (សូមអាន យ៉ាកុប ៣:១៧) បើអ្នកឃើញថាអ្នកអាចធ្វើអ្វីទាំងនេះឲ្យកាន់តែប្រសើរឡើង សូមអធិដ្ឋានសុំសកម្មពលបរិសុទ្ធ។ កាលដែលអ្នកអនុញ្ញាតឲ្យសកម្មពលនោះមានឥទ្ធិពលលើបុគ្គលិកលក្ខណៈនិងការប្រព្រឹត្តរបស់អ្នកកាន់តែច្រើន នោះបងប្អូននឹងកាន់តែស្រឡាញ់អ្នក ហើយឲ្យតម្លៃអ្នក។
ព្រះយេហូវ៉ាអប់រំយើងនិងផ្ដល់អ្វីដែល យើងត្រូវការ
១៤. យោងទៅតាមកូឡុស ១:៩, ១០ តើព្រះយេហូវ៉ាបានអប់រំរាស្ត្ររបស់លោកនៅសតវត្សរ៍ទី១យ៉ាងដូចម្ដេច?
១៤ នៅសតវត្សរ៍ទី១។ ព្រះយេហូវ៉ាចូលចិត្តអប់រំរាស្ត្ររបស់លោក។ (ទំនុក. ៣២:៨) លោកចង់ឲ្យពួកគេស្គាល់និងស្រឡាញ់លោក ហើយរស់ជារៀងរហូតក្នុងនាមជាកូនជាទីស្រឡាញ់របស់លោក។ អ្វីទាំងអស់នេះមិនអាចកើតឡើងបានទេ បើគ្មានការអប់រំពីលោក។ (យ៉ូន. ១៧:៣) ព្រះយេហូវ៉ាបានប្រើក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ដើម្បីអប់រំរាស្ត្ររបស់លោក។ (សូមអាន កូឡុស ១:៩, ១០) សកម្មពលបរិសុទ្ធ ពោលគឺ«អ្នកជួយ»ដែលលោកយេស៊ូបានសន្យា ក៏បានជួយអ្នកកាន់តាមលោកដែរ។ (យ៉ូន. ១៤:១៦) សកម្មពលបរិសុទ្ធបានជួយអ្នកកាន់តាមឲ្យយល់បណ្ដាំរបស់ព្រះ ហើយនឹកឃើញអ្វីៗដែលលោកយេស៊ូបានប្រព្រឹត្តនិងមានប្រសាសន៍។ ក្រោយមក អ្វីទាំងនេះបានត្រូវសរសេរទុកក្នុងសៀវភៅដំណឹងល្អ។ ចំណេះនេះបានពង្រឹងជំនឿរបស់គ្រិស្តសាសនិកនៅសតវត្សរ៍ទី១ ព្រមទាំងបានធ្វើឲ្យពួកគេមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះ បុត្ររបស់លោក និងចំពោះគ្នាទៅវិញទៅមក។
១៥. តើអ្នកបានឃើញព្រះយេហូវ៉ាធ្វើឲ្យសេចក្ដីសន្យារបស់លោកនៅអេសាយ ២:២, ៣ បានសម្រេចតាមរបៀបណាខ្លះ?
១៥ នៅសម័យយើង។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនថា៖ «នៅជាន់ក្រោយបង្អស់» មនុស្សពីគ្រប់ប្រជាជាតិនឹងមកឯភ្នំរបស់លោក ពោលគឺនឹងចូលរួមជាមួយអ្នកគោរពប្រណិប័តន៍ពិតរបស់លោកដើម្បីទទួលការណែនាំអំពីផ្លូវរបស់លោក។ (សូមអាន អេសាយ ២:២, ៣) ទំនាយនេះកំពុងសម្រេចនៅសព្វថ្ងៃនេះ។ យើងអាចឃើញថាការគោរពប្រណិប័តន៍ពិតគឺប្រសើរជាងការគោរពប្រណិប័តន៍មិនពិតណាទាំងអស់។ ម្យ៉ាងទៀត ព្រះយេហូវ៉ាកំពុងផ្ដល់ឲ្យរាស្ត្ររបស់លោកនូវព័ត៌មាន ជាច្រើនអំពីគម្ពីរ។ (អេ. ២៥:៦) តាមរយៈ«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» លោកមិនគ្រាន់តែផ្ដល់ឲ្យយើងនូវសេចក្ដីបង្រៀនយ៉ាងបរិបូរប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ផ្ដល់សេចក្ដីបង្រៀនទាំងនោះតាមវិធីផ្សេងៗដែរ ដូចជាសុន្ទរកថា អត្ថបទ គំនូរជីវចល និងវីដេអូ។ (ម៉ាថ. ២៤:៤៥) យើងមានអារម្មណ៍ដូចអេលីហ៊ូវជាមិត្តភក្ដិរបស់យ៉ូប ដែលបាននិយាយថា៖ «តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹង[ព្រះ]បាន?»។—យ៉ូប ៣៦:២២
១៦. តើអ្នកអាចធ្វើអ្វីដើម្បីរីកចម្រើនក្នុងការគោរពប្រណិប័តន៍ព្រះយេហូវ៉ា?
១៦ អ្វីដែលអ្នកអាចធ្វើ។ សកម្មពលរបស់ព្រះនឹងជួយអ្នកឲ្យធ្វើតាមអ្វីដែលអ្នកអាននិងសិក្សាក្នុងបណ្ដាំរបស់លោក។ ចូរអធិដ្ឋានដូចអ្នកតែងទំនុកតម្កើងដែលនិយាយថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវនៃទ្រង់។ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ទ្រង់។ សូមបំព្រួមចិត្តទូលបង្គំមកឲ្យកោតខ្លាចដល់ព្រះនាមទ្រង់»។ (ទំនុក. ៨៦:១១) ដូច្នេះ សូមបន្តអាននិងសិក្សាគម្ពីរ ព្រមទាំងសៀវភៅឯទៀតដែលអង្គការរបស់ព្រះយេហូវ៉ាផ្ដល់ឲ្យ។ អ្នកមិនគ្រាន់តែចង់ទទួលចំណេះប៉ុណ្ណោះទេ តែអ្នកក៏ចង់ជឿជាក់ទៅលើសេចក្ដីពិត ហើយអនុវត្តក្នុងជីវិតរបស់អ្នក។ សកម្មពលរបស់ព្រះយេហូវ៉ាអាចជួយអ្នកឲ្យធ្វើដូច្នេះ។ អ្នកក៏ចង់លើកទឹកចិត្តបងប្អូនរួមជំនឿផងដែរ។ (ហេ. ១០:២៤, ២៥) ហេតុអ្វី? ពីព្រោះពួកគេជាក្រុមគ្រួសាររួមជំនឿរបស់អ្នក។ ចូរអធិដ្ឋានសុំសកម្មពលរបស់ព្រះដើម្បីជួយអ្នកឲ្យឆ្លើយអស់ពីចិត្តនៅកិច្ចប្រជុំ ហើយឲ្យខំអស់ពីសមត្ថភាពពេលដែលអ្នកមានផ្នែកណាមួយនៅកិច្ចប្រជុំ។ យ៉ាងនេះ អ្នកបង្ហាញព្រះយេហូវ៉ានិងបុត្ររបស់លោកថា អ្នកស្រឡាញ់«ចៀម»ដ៏មានតម្លៃរបស់ពួកលោក។—យ៉ូន. ២១:១៥-១៧
១៧. តើតាមរបៀបណាខ្លះអ្នកអាចបង្ហាញថាអ្នកគាំទ្រអង្គការរបស់ព្រះយេហូវ៉ាយ៉ាងស្មោះត្រង់?
១៧ មិនយូរទៀត អង្គការតែមួយគត់ដែលនៅសល់លើផែនដីគឺជាអង្គការដែលបានត្រូវដឹកនាំដោយសកម្មពលរបស់ព្រះ។ ដូច្នេះ ចូរសហការដោយចិត្តខ្នះខ្នែងជាមួយអង្គការរបស់ព្រះយេហូវ៉ា។ ចូរយកតម្រាប់ព្រះ ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដែលមិនរើសមុខចំពោះមនុស្សទាំងអស់ ដោយផ្សព្វផ្សាយដំណឹងល្អដល់អស់អ្នកដែលអ្នកជួប។ ដូចព្រះ ចូរស្រឡាញ់សណ្ដាប់ធ្នាប់និងសេចក្ដីសុខសាន្ត ដោយធ្វើឲ្យមានសាមគ្គីភាពក្នុងក្រុមជំនុំ។ ចូរស្ដាប់គ្រូបង្រៀនដ៏ឧត្ដម ដោយរៀនពីព័ត៌មានទាំងអស់ដែលលោកផ្ដល់ឲ្យ។ យ៉ាងនេះ ពេលពិភពលោករបស់សាថានសាបសូន្យទៅ អ្នកនឹងមិនភ័យខ្លាចទេ តែអ្នកនឹងឈរដោយមានទំនុកចិត្តក្នុងចំណោមពួកអ្នកដែលកំពុងបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ជាមួយនឹងអង្គការរបស់លោក។
ចម្រៀងលេខ៣ ព្រះជាកម្លាំង ជាសេចក្ដីសង្ឃឹម និងជាទីពឹងរបស់យើង
^ វគ្គ 5 តើអ្នកជឿជាក់ថាព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោកនៅសព្វថ្ងៃនេះឬទេ? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានដឹកនាំក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ និងអំពីរបៀបដែលលោកបន្តដឹកនាំរាស្ត្ររបស់លោកនៅសព្វថ្ងៃនេះ។
^ វគ្គ 1 ការពន្យល់ពាក្យ: អង្គការរបស់ព្រះយេហូវ៉ាមានទាំងផ្នែកនៅស្ថានសួគ៌ទាំងផ្នែកនៅផែនដី។ ក្នុងអត្ថបទនេះ ពាក្យ«អង្គការ»សំដៅទៅលើផ្នែកនៅផែនដី។
^ វគ្គ 52 ការពណ៌នាអំពីរូបភាព: ក្រោយពីមើលវីដេអូនិងឃើញបងប្អូនឯទៀតដែលបម្រើនៅប្រទេសដែលមានសេចក្ដីត្រូវការ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយចង់ធ្វើតាមគំរូរបស់ពួកគេ។ ក្រោយមកគាត់សម្រេចគោលដៅរបស់គាត់ ដោយបម្រើនៅកន្លែងដែលត្រូវការអ្នកផ្សាយច្រើនជាង។