លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤១

របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១

របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី១

​«​គឺ​ជាក់​ស្ដែង​ថា​អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​គ្រិស្ត ដែល​យើង​បាន​សរសេរ​ក្នុង​នាម​ជា​អ្នក​បម្រើ​»។—២កូ. ៣:៣

ចម្រៀង​លេខ​៧៨ ​«​ចូរ​បង្រៀន​ពួក​គេ​អំពី​បណ្ដាំ​របស់​ព្រះ​»​

សេចក្ដី​សង្ខេប *

ក្រុម​ជំនុំ​ទាំង​មូល​រំភើប​ចិត្ត​ពេល​ឃើញ​សិស្ស​គម្ពីរ​ម្នាក់​ដែល​ពួក​គេ​ស្រឡាញ់​ទទួល​ការ​ជ្រមុជ​ទឹក (​សូម​មើល​វគ្គ​១​)

១. តើ​កូរិនថូស​ទី​២ ៣:១​-​៣​ជួយ​យើង​យ៉ាង​ណា​ឲ្យ​យល់​ថា​យើង​មាន​ឯកសិទ្ធិ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ដែល​នាំ​ទៅ​ដល់​ការ​ជ្រមុជ​ទឹក? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា ពេល​ឃើញ​សិស្ស​គម្ពីរ​ពី​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក? អ្នក​ច្បាស់​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង! (​ម៉ាថ. ២៨:១៩​) បើ​អ្នក​បាន​បង្រៀន​អ្នក​ថ្មី​នោះ អ្នក​ទំនង​ជា​រំភើប​ចិត្ត ពេល​ឃើញ​គាត់​ទទួល​ការ​ជ្រមុជ​ទឹក! (​១ថែ. ២:១៩, ២០​) អ្នក​កាន់​តាម​ថ្មី​ដែល​ទើប​តែ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​«​សំបុត្រ​បញ្ជាក់​»​ មិន​គ្រាន់​តែ​ចំពោះ​អ្នក​ដែល​បង្រៀន​គាត់​ប៉ុណ្ណោះ​ទេ តែ​ចំពោះ​ក្រុម​ជំនុំ​ទាំង​មូល​ដែរ។—សូម​អាន កូរិនថូស​ទី​២ ៣:១​-​៣

២. (​ក​) តើ​យើង​ត្រូវ​គិត​អំពី​សំណួរ​សំខាន់​អ្វី ហើយ​ហេតុ​អ្វី? (​ខ​) តើ​ការ​សិក្សា​គម្ពីរ​គឺ​ជា​អ្វី? (​សូម​មើល​កំណត់​សម្គាល់​)

យើង​សប្បាយ​ចិត្ត​ណាស់​ពេល​ឃើញ​ថា​ក្នុង​អំឡុង​បួន​ឆ្នាំ​កន្លង​ទៅ​នេះ សេចក្ដី​រាយ​ការណ៍​របស់​បង​ប្អូន​បង្ហាញ​ថា​ពួក​គេ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ *ជា​មធ្យម​ប្រហែល​ជា​១០​លាន ជា​រៀង​រាល់​ខែ​នៅ​ទូទាំង​ពិភព​លោក។ ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ជា​មធ្យម​ជា​រៀង​រាល់​ឆ្នាំ មាន​បុគ្គល​ជាង​២៨០.០០០​នាក់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា និង​ជា​អ្នក​កាន់​តាម​ថ្មី​របស់​លោក​យេស៊ូ​គ្រិស្ត។ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​សិស្ស​គម្ពីរ​រាប់​លាន​នាក់​ទៀត​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក? ដរាប​ណា​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ចិត្ត​អត់​ធ្មត់​ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​មាន​ពេល​និង​ឱកាស​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត ដរាប​នោះ​យើង​ចង់​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ធ្វើ​ដូច្នេះ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ គឺ​នៅ​សល់​ពេល​តែ​បន្តិច​ទេ!—១កូ. ៧:២៩​ក; ១ពេ. ៤:៧

៣. ស្ដី​អំពី​ការ​ដឹក​នាំ​ការ​សិក្សា​គម្ពីរ តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ដោយ​សារ​គឺ​សំខាន់​ខ្លាំង​ណាស់​ដែល​យើង​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ឥឡូវ​នេះ គណៈ​អភិបាល​បាន​សុំ​យោបល់​ពី​ការិយាល័យ​សាខា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​សិស្ស​គម្ពីរ​កាន់​តែ​ច្រើន​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​ពី​អ្នក​ត្រួស​ត្រាយ សាសនទូត និង​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ដែល​មាន​បទ​ពិសោធន៍។ * (​សុភ. ១១:១៤; ១៥:២២​) ពួក​គេ​លើក​ឡើង​អំពី​អ្វី​ដែល​អ្នក​បង្រៀន​និង​សិស្ស​គម្ពីរ​របស់​ពួក​គេ​អាច​ធ្វើ ដើម្បី​ឲ្យ​ការ​សិក្សា​កាន់​តែ​មាន​ប្រយោជន៍។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​សិស្ស​គម្ពីរ​ម្នាក់​ៗ​ត្រូវ​ធ្វើ​ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

ចូរ​បង្រៀន​រាល់​សប្ដាហ៍

ចូរ​សួរ​សិស្ស​គម្ពីរ​ថា​៖ ​«​តើ​យើង​អាច​អង្គុយ​និយាយ​អំពី​គម្ពីរ​ជា​មួយ​គ្នា​បាន​ឬ​ទេ?​»​ (​សូម​មើល​វគ្គ​៤​-​៦​)

៤. តើ​យើង​គួរ​ទទួល​ស្គាល់​អ្វី​អំពី​ការ​សិក្សា​គម្ពីរ​នៅ​មាត់​ទ្វារ?

បង​ប្អូន​របស់​យើង​ជា​ច្រើន​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​ម្ចាស់​ផ្ទះ។ ទោះ​ជា​នេះ​ជា​ការ​ចាប់​ផ្ដើម​ល្អ​ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​ចំពោះ​គម្ពីរ​ក្ដី ការ​សន្ទនា​នោះ​ច្រើន​តែ​ខ្លី ហើយ​ប្រហែល​ជា​មិន​ធ្វើ​ឡើង​រាល់​សប្ដាហ៍​ទេ។ ដើម្បី​បង្កើន​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង បង​ប្អូន​ខ្លះ​សុំ​ព័ត៌មាន​សម្រាប់​ទាក់​ទង​ពី​បុគ្គល​ដែល​ចាប់​អារម្មណ៍ ហើយ​ទូរស័ព្ទ​ឬ​ផ្ញើ​សារ​ទៅ​បុគ្គល​នោះ​អំពី​ចំណុច​ខ្លី​ពី​គម្ពីរ​នៅ​ពេល​ផ្សេង​ទៀត។ ការ​សន្ទនា​បែប​នោះ​ប្រហែល​ជា​ធ្វើ​ឡើង​អស់​ជា​ច្រើន​ខែ តែ​មិន​ទៅ​ជា​ការ​សិក្សា​គម្ពីរ​ដែល​រីក​ចម្រើន​ឡើយ។ សិស្ស​គម្ពីរ​ទំនង​ជា​មិន​រីក​ចម្រើន​រហូត​ដល់​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​ទេ បើ​គាត់​មិន​លៃ​ទុក​ពេល​ច្រើន​ជាង​និង​មិន​សូវ​ខំ​ប្រឹង​សិក្សា​បណ្ដាំ​របស់​ព្រះ។

៥. តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អ្វី​នៅ​លូកា ១៤:២៧​-​៣៣ ដែល​យើង​អាច​ប្រើ​ដើម្បី​ជួយ​សិស្ស​គម្ពីរ​របស់​យើង?

នៅ​ពេល​មួយ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​អ្វី​ដែល​បុគ្គល​ម្នាក់​ត្រូវ​ធ្វើ បើ​គាត់​ចង់​ទៅ​ជា​អ្នក​កាន់​តាម​លោក។ លោក​បាន​មាន​ប្រសាសន៍​អំពី​បុគ្គល​ម្នាក់​ដែល​ចង់​សង់​ប៉ម និង​អំពី​ស្ដេច​ដែល​ចង់​ចូល​ធ្វើ​សង្គ្រាម។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​អ្នក​សង់​ត្រូវ​«​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់​»​ឬ​យ៉ាង​ណា ហើយ​ស្ដេច​ត្រូវ​«​អង្គុយ​ប្រឹក្សា​ជា​មុន​សិន​ឲ្យ​ដឹង​ថា​»​ ទាហាន​របស់​គាត់​អាច​សម្រេច​គោល​ដៅ​របស់​គាត់​បាន​ឬ​មិន​បាន។ (​សូម​អាន លូកា ១៤:២៧​-​៣៣) ស្រដៀង​គ្នា​ដែរ លោក​យេស៊ូ​ដឹង​ថា​បុគ្គល​ដែល​ចង់​ទៅ​ជា​អ្នក​កាន់​តាម​លោក​គួរ​គិត​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ហេតុ​នេះ យើង​ត្រូវ​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​សិក្សា​ជា​មួយ​យើង​រាល់​សប្ដាហ៍។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៦. តើ​យើង​អាច​ព្យាយាម​ធ្វើ​អ្វី ដើម្បី​មាន​ការ​សិក្សា​ដែល​រីក​ចម្រើន?

ចូរ​ចាប់​ផ្ដើម​សិក្សា​ជា​មួយ​សិស្ស​គម្ពីរ​យូរ​ជាង។ រាល់​ដង​ដែល​អ្នក​ទៅ​ជួប​គាត់​នៅ​មាត់​ទ្វារ​ផ្ទះ​គាត់ ជា​ជាង​លើក​បទ​គម្ពីរ​មួយ​ប៉ុណ្ណោះ អ្នក​ប្រហែល​ជា​អាច​លើក​បទ​គម្ពីរ​ពីរ។ ពេល​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ស្រួល​ក្នុង​ការ​សន្ទនា​យូរ​ជាង សូម​សួរ​គាត់​ថា​៖ ​«​តើ​មាន​កន្លែង​ណា​ដែល​អាច​អង្គុយ ហើយ​បន្ត​ពិភាក្សា​ជា​មួយ​គ្នា​ទេ?​»។ ចម្លើយ​របស់​ម្ចាស់​ផ្ទះ​នឹង​បង្ហាញ​ថា​គាត់​ពិត​ជា​ចង់​រៀន​គម្ពីរ​ឬ​យ៉ាង​ណា។ ក្នុង​បំណង​ចង់​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​លឿន​ជាង ក្រោយ​ពី​អ្នក​បាន​សិក្សា​ជា​មួយ​គាត់​អស់​មួយ​រយៈ​ពេល អ្នក​ថែម​ទាំង​អាច​សួរ​សិស្ស​គម្ពីរ​ថា តើ​គាត់​ចង់​សិក្សា​គម្ពីរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ឬ​ទេ? ប៉ុន្តែ មាន​អ្វី​ខ្លះ​ដែល​ត្រូវ​ការ​លើស​ពី​នេះ​ទៅ​ទៀត។

ចូរ​រៀបចំ​រាល់​ដង​សម្រាប់​បង្រៀន​គម្ពីរ

ចូរ​រៀបចំ​ឲ្យ​បាន​ល្អ​សម្រាប់​ការ​បង្រៀន​គម្ពីរ ហើយ​បង្ហាញ​សិស្ស​អំពី​របៀប​ដែល​គាត់​អាច​រៀបចំ (​សូម​មើល​វគ្គ​៧​-​៩​)

៧. តើ​អ្នក​បង្រៀន​អាច​ធ្វើ​អ្វី​រាល់​ដង​ដែល​គាត់​រៀបចំ​សម្រាប់​ការ​បង្រៀន​គម្ពីរ?

ក្នុង​នាម​ជា​អ្នក​បង្រៀន អ្នក​ត្រូវ​រៀបចំ​យ៉ាង​ល្អ​សម្រាប់​ការ​បង្រៀន​គម្ពីរ​រាល់​ដង។ អ្នក​អាច​ចាប់​ផ្ដើម​ដោយ​អាន​ព័ត៌មាន​ដែល​អ្នក​នឹង​សិក្សា​ជា​មួយ​សិស្ស ហើយ​បើក​មើល​បទ​គម្ពីរ​នីមួយ​ៗ។ ចូរ​ដឹង​ថា​អ្វី​ជា​ចំណុច​សំខាន់។ សូម​គិត​អំពី​ចំណង​ជើង​នៃ​មេ​រៀន ចំណង​ជើង​តូច សំណួរ​សិក្សា បទ​គម្ពីរ​សូម​អាន រូប​ភាព និង​វីដេអូ​ណា​ដែល​អាច​ជួយ​ពន្យល់​ប្រធានបទ​នោះ។ បន្ទាប់​មក សូម​គិត​អំពី​សិស្ស​គម្ពីរ ហើយ​របៀប​ដែល​អ្នក​នឹង​ពន្យល់​ព័ត៌មាន​នោះ​យ៉ាង​សាមញ្ញ​និង​ច្បាស់ ដើម្បី​ឲ្យ​គាត់​ស្រួល​យល់​និង​ធ្វើ​តាម។—នេហ. ៨:៨; សុភ. ១៥:២៨​ក

៨. តើ​ពាក្យ​របស់​សាវ័ក​ប៉ូល​នៅ​កូឡុស ១:៩, ១០​បង្រៀន​យើង​អ្វី​អំពី​ការ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​សិស្ស​គម្ពីរ?

ក្នុង​ការ​រៀបចំ​របស់​អ្នក សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​សិស្ស​និង​សេចក្ដី​ត្រូវ​ការ​របស់​គាត់។ ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​បង្រៀន​ពី​គម្ពីរ​តាម​របៀប​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ព័ត៌មាន​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​របស់​បុគ្គល​នោះ។ (​សូម​អាន កូឡុស ១:៩, ១០) សូម​ពិចារណា​ថា តើ​មាន​អ្វី​ណា​ដែល​សិស្ស​នោះ​ប្រហែល​ជា​ពិបាក​យល់​ឬ​ពិបាក​ទទួល​យក​ឬ​ទេ? សូម​ចាំ​ថា​គោល​ដៅ​របស់​អ្នក​គឺ​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

៩. តើ​តាម​របៀប​ណា​អ្នក​បង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​រៀបចំ​សម្រាប់​ការ​សិក្សា? សូម​ពន្យល់។

យើង​សង្ឃឹម​ថា​ពេល​សិស្ស​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ គាត់​នឹង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​ធ្វើ ហើយ​ចង់​រៀន​ថែម​ទៀត។ (​ម៉ាថ. ៥:៣,​) ដើម្បី​ទទួល​ប្រយោជន៍​ពេញ​លេញ​ពី​ការ​សិក្សា សិស្ស​គម្ពីរ​ត្រូវ​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​កំពុង​រៀន។ យ៉ាង​នេះ សូម​ពន្យល់​អំពី​មូលហេតុ​ដែល​សំខាន់​ណាស់​ឲ្យ​គាត់​រៀបចំ​ទុក​ជា​មុន​សម្រាប់​រាល់​ដង​ដែល​គាត់​សិក្សា ដោយ​អាន​មេ​រៀន​និង​គិត​អំពី​របៀប​ដែល​គាត់​អាច​អនុវត្ត​អ្វី​ដែល​គាត់​រៀន។ តើ​អ្នក​អាច​ជួយ​គាត់​យ៉ាង​ណា​ឲ្យ​ចេះ​រៀបចំ? ចូរ​រៀបចំ​មេ​រៀន​ជា​មួយ​សិស្ស​ដើម្បី​បង្ហាញ​អំពី​របៀប​ដែល​គាត់​អាច​ធ្វើ​ដូច្នេះ។ * សូម​បង្ហាញ​គាត់​អំពី​របៀប​រក​ចម្លើយ​ចំពោះ​សំណួរ ហើយ​ពន្យល់​ថា​ការ​គូស​តែ​ប៉ុន្មាន​ពាក្យ​ប៉ុណ្ណោះ​នឹង​ជួយ​គាត់​ឲ្យ​ចាំ​ចម្លើយ។ បន្ទាប់​មក ចូរ​សុំ​គាត់​ឲ្យ​ឆ្លើយ​ចេញ​ពី​ចិត្ត​តាម​អ្វី​ដែល​គាត់​បាន​រៀន។ យ៉ាង​នេះ អ្នក​អាច​ដឹង​ថា​គាត់​យល់​ព័ត៌មាន​នោះ​ច្បាស់​ឬ​មិន​សូវ​យល់​ទេ។ ប៉ុន្តែ មាន​អ្វី​មួយ​ទៀត​ដែល​អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ។

ចូរ​បង្រៀន​គាត់​ឲ្យ​ប្រាស្រ័យ​ទាក់​ទង ជា​មួយ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ

ចូរ​បង្រៀន​សិស្ស​គម្ពីរ​របស់​អ្នក​អំពី​របៀប​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១០​-​១១​)

១០. ហេតុ​អ្វី​ការ​អាន​គម្ពីរ​រាល់​ថ្ងៃ​គឺ​សំខាន់? តើ​សិស្ស​គម្ពីរ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ?

១០ ក្រៅ​ពី​ការ​សិក្សា​រាល់​សប្ដាហ៍​ជា​មួយ​អ្នក​បង្រៀន សិស្ស​នឹង​ទទួល​ប្រយោជន៍ បើ​គាត់​ធ្វើ​អ្វី​មួយ​ចំនួន​ដោយ​ខ្លួន​ឯង​ជា​រៀង​រាល់​ថ្ងៃ។ គាត់​ត្រូវ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ តើ​គាត់​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ស្ដាប់​ព្រះ​យេហូវ៉ា​និង​និយាយ​ទៅ​លោក។ គាត់​អាច​ស្ដាប់​ព្រះ​ដោយ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ។ (​យ៉ូស. ១:៨; ទំនុក. ១:១​-​៣​) ចូរ​បង្ហាញ​គាត់​អំពី​របៀប​ប្រើ​ឯកសារ​«​កាល​វិភាគ​អំណាន​គម្ពីរ​»​នៅ​គេហទំព័រ​jw.org​ដែល​គាត់​អាច​បោះ​ពុម្ព​បាន។ * ដើម្បី​ជួយ​គាត់​ឲ្យ​ទទួល​ប្រយោជន៍​ច្រើន​បំផុត​ពី​ការ​អាន​គម្ពីរ ចូរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​រំពឹង​គិត​ទៅ​លើ​អ្វី​ដែល​គាត់​អាច​រៀន​ពី​គម្ពីរ​អំពី​ព្រះ​យេហូវ៉ា និង​របៀប​ដែល​គាត់​អាច​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន។—សកម្ម. ១៧:១១; យ៉ា. ១:២៥

១១. តើ​សិស្ស​អាច​រៀន​អំពី​របៀប​អធិដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​តាម​របៀប​ណា ហើយ​ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​រឿយ​ៗ​?

១១ ចូរ​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​ដោយ​អធិដ្ឋាន​ទៅ​លោក​រាល់​ថ្ងៃ។ ចូរ​អធិដ្ឋាន​អស់​ពី​ចិត្ត​រាល់​ដង​ពេល​អ្នក​ចាប់​ផ្ដើម​និង​បញ្ចប់​ការ​សិក្សា ដោយ​អធិដ្ឋាន​ជា​មួយ​គាត់​និង​អំពី​គាត់។ កាល​ដែល​គាត់​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​អ្នក គាត់​នឹង​ដឹង​អំពី​របៀប​អធិដ្ឋាន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​ក្នុង​នាម​លោក​យេស៊ូ​គ្រិស្ត។ (​ម៉ាថ. ៦:៩; យ៉ូន. ១៥:១៦​) សូម​គិត​ទៅ​មើល ការ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ(​ការ​ស្ដាប់​ព្រះ​យេហូវ៉ា​) និង​ការ​អធិដ្ឋាន(​ការ​និយាយ​ទៅ​ព្រះ​យេហូវ៉ា​)​នឹង​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ! (​យ៉ា. ៤:៨​) បើ​គាត់​ធ្វើ​ដូច្នេះ​ជា​រៀង​រាល់​ថ្ងៃ នេះ​នឹង​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក។ តើ​អ្វី​ទៀត​អាច​ជួយ​គាត់?

ចូរ​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព ជា​មួយ​ព្រះ​យេហូវ៉ា

១២. តើ​អ្នក​បង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១២ យើង​មិន​គ្រាន់​តែ​ចង់​ឲ្យ​សិស្ស​យល់​អ្វី​ដែល​គាត់​រៀន​ពី​ការ​សិក្សា​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចង់​ឲ្យ​អ្វី​ដែល​គាត់​រៀន​នោះ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​គាត់​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​ចិត្ត​របស់​យើង​ដែល​រួម​បញ្ចូល​បំណង​ប្រាថ្នា​និង​អារម្មណ៍ ជំរុញ​យើង​ឲ្យ​មាន​ការ​ប្រព្រឹត្ត។ លោក​យេស៊ូ​បាន​បង្រៀន​អ្វី​ៗ​ជា​ច្រើន​ដល់​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​ចូល​ចិត្ត​រៀន​ពី​លោក។ តែ​មូលហេតុ​ដែល​មនុស្ស​បាន​ទៅ​តាម​លោក គឺ​ដោយ​សារ​សេចក្ដី​បង្រៀន​របស់​លោក​បាន​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​ពួក​គេ។ (​លូក. ២៤:១៥, ២៧, ៣២​) សិស្ស​របស់​អ្នក​ត្រូវ​យល់​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ពិត​មួយ​រូប​ដែល​គាត់​អាច​ចូល​ទៅ​ជិត ហើយ​អាច​ចាត់​ទុក​លោក​ជា​បិតា ជា​ព្រះ និង​ជា​មិត្ត​សម្លាញ់​របស់​គាត់។ (​ទំនុក. ២៥:៤, ៥​) ក្នុង​អំឡុង​ការ​សិក្សា​គម្ពីរ ចូរ​លើក​ឡើង​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ។ (​និក្ខ. ៣៤:៥, ៦; ១ពេ. ៥:៦, ៧​) មិន​ថា​អ្នក​ពិភាក្សា​អំពី​ប្រធានបទ​ណា​ក្ដី សូម​លើក​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​បែប​ណា។ ចូរ​ជួយ​សិស្ស​ឲ្យ​ស្គាល់​និង​ឲ្យ​តម្លៃ​ចំពោះ​គុណ​សម្បត្តិ​ដ៏​ប្រសើរ​របស់​ព្រះ​យេហូវ៉ា​ដូច​ជា​សេចក្ដី​ស្រឡាញ់ សេចក្ដី​សប្បុរស និង​សេចក្ដី​មេត្តា​ករុណា។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បញ្ញត្ដិ​ទី​មួយ ហើយ​ជា​បញ្ញត្ដិ​សំខាន់​ជាង​គេ​»​គឺ​ត្រូវ​«​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​»។ (​ម៉ាថ. ២២:៣៧, ៣៨​) ចូរ​ព្យាយាម​ជួយ​សិស្ស​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង។

១៣. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះ​យេហូវ៉ា។

១៣ ចូរ​ពន្យល់​សិស្ស​អំពី​មូលហេតុ​ដែល​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា។ នេះ​ប្រហែល​ជា​ជួយ​គាត់​ឲ្យ​ដឹង​ថា​គាត់​ក៏​ត្រូវ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា ហើយ​រៀន​ស្រឡាញ់​លោក។ (​ទំនុក. ៧៣:២៨​) ជា​ឧទាហរណ៍ តើ​មាន​ឃ្លា​មួយ​ក្នុង​សៀវភៅ​សិក្សា​ឬ​ក្នុង​បទ​គម្ពីរ ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា យុត្តិធម៌ ឬ​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា ដែល​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​អ្នក​ឬ​ទេ? ចូរ​ប្រាប់​ឃ្លា​នោះ​ដល់​សិស្ស​របស់​អ្នក ហើយ​ឲ្យ​គាត់​ដឹង​ថា​នេះ​គឺ​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​អ្នក​ស្រឡាញ់​បិតា​របស់​យើង ដែល​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ មាន​អ្វី​ផ្សេង​ទៀត​ដែល​សិស្ស​គម្ពីរ​ទាំង​អស់​ត្រូវ​ធ្វើ​ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

ចូរ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ

ចូរ​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន! (​សូម​មើល​វគ្គ​១៤​-​១៥​)

១៤. តើ​ហេប្រឺ ១០:២៤, ២៥​ចែង​យ៉ាង​ណា​អំពី​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដែល​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​រីក​ចម្រើន?

១៤ យើង​គ្រប់​គ្នា​ចង់​ឲ្យ​សិស្ស​គម្ពីរ​របស់​យើង​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ របៀប​សំខាន់​មួយ​ដែល​យើង​អាច​ជួយ​ពួក​គេ គឺ​ដោយ​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ អ្នក​បង្រៀន​ដែល​មាន​បទ​ពិសោធន៍​និយាយ​ថា សិស្ស​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ភ្លាម​ៗ​រីក​ចម្រើន​លឿន​បំផុត។ (​ទំនុក. ១១១:១​) អ្នក​បង្រៀន​ខ្លះ​ពន្យល់​សិស្ស​គម្ពីរ​ថា ពួក​គេ​នឹង​ទទួល​ការ​អប់រំ​ពី​គម្ពីរ​ពាក់​កណ្ដាល​ពី​ការ​សិក្សា ហើយ​ពាក់​កណ្ដាល​ទៀត​ពី​កិច្ច​ប្រជុំ។ សូម​អាន ហេប្រឺ ១០:២៤, ២៥​ជា​មួយ​សិស្ស​របស់​អ្នក ហើយ​ពន្យល់​គាត់​អំពី​ប្រយោជន៍​ដែល​គាត់​នឹង​ទទួល​បើ​គាត់​ចូល​រួម​កិច្ច​ប្រជុំ។ សូម​បង្ហាញ​គាត់​នូវ​វីដេអូ​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង? * សូម​ជួយ​សិស្ស​របស់​អ្នក​ឲ្យ​តាំង​ចិត្ត​មិន​ខក​ខាន​ចូល​រួម​កិច្ច​ប្រជុំ​រាល់​សប្ដាហ៍។

១៥. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​លើក​ទឹក​ចិត្ត​សិស្ស​គម្ពីរ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់?

១៥ តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​សិស្ស​គម្ពីរ​របស់​អ្នក​មិន​ទាន់​ចូល​រួម​កិច្ច​ប្រជុំ ឬ​មិន​ចូល​រួម​ជា​ទៀង​ទាត់? សូម​ប្រាប់​គាត់​ដោយ​ចិត្ត​រំភើប​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​កិច្ច​ប្រជុំ​ថ្មី​ៗ​នេះ។ ពេល​គាត់​ឃើញ​អារម្មណ៍​របស់​អ្នក​ចំពោះ​កិច្ច​ប្រជុំ នោះ​គាត់​ប្រហែល​ជា​ចង់​ចូល​រួម​ដែរ។ សូម​ឲ្យ​គាត់​ទស្សនាវដ្ដី​ប៉ម​យាម ឬ​ឯកសារ​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ដែល​កំពុង​រៀន​នៅ​កិច្ច​ប្រជុំ។ សូម​បង្ហាញ​គាត់​អំពី​អ្វី​ដែល​នឹង​ត្រូវ​រៀន​នៅ​ប្រជុំ​បន្ទាប់ ហើយ​សួរ​គាត់​ថា​គាត់​ចាប់​អារម្មណ៍​ផ្នែក​មួយ​ណា​ជាង​គេ។ អ្វី​ដែល​សិស្ស​របស់​អ្នក​ឃើញ​និង​ឮ​ពេល​ដែល​គាត់​ចូល​រួម​កិច្ច​ប្រជុំ​ជា​លើក​ដំបូង នឹង​ប្រសើរ​ជាង​ការ​ជួប​ជុំ​របស់​សាសនា​ណា​ទាំង​អស់​ដែល​គាត់​ធ្លាប់​ចូល​រួម។ (​១កូ. ១៤:២៤, ២៥​) គាត់​នឹង​ជួប​បុគ្គល​ដែល​ជា​គំរូ​ល្អ​សម្រាប់​គាត់ ហើយ​ដែល​នឹង​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

១៦. តើ​តាម​របៀប​ណា​យើង​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ដែល​នាំ​ទៅ​ដល់​ការ​ជ្រមុជ​ទឹក ហើយ​តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

១៦ តើ​តាម​របៀប​ណា​យើង​អាច​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ដែល​នាំ​ទៅ​ដល់​ការ​ជ្រមុជ​ទឹក? យើង​អាច​ជួយ​សិស្ស​គម្ពីរ​ម្នាក់​ៗ​ឲ្យ​យល់​ថា​ការ​សិក្សា​គម្ពីរ​ជា​មួយ​យើង​គឺ​សំខាន់​ណាស់ ដោយ​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​សិក្សា​រាល់​សប្ដាហ៍ ហើយ​រៀបចំ​ទុក​ជា​មុន​សម្រាប់​រាល់​ដង​ដែល​គាត់​សិក្សា​គម្ពីរ។ យើង​ក៏​ចង់​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​ព្រះ​យេហូវ៉ា​រាល់​ថ្ងៃ ហើយ​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក។ យើង​ចង់​ជំរុញ​ចិត្ត​សិស្ស​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ អ្វី​ដែល​សិស្ស​ត្រូវ​ធ្វើ​ដើម្បី​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក​»​) អត្ថបទ​បន្ទាប់​នឹង​ពន្យល់​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​អ្នក​បង្រៀន​គម្ពីរ​អាច​ធ្វើ​ដើម្បី​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

ចម្រៀង​លេខ​៧៦ តើ​អ្នក​សប្បាយ​ចិត្ត​ទេ?

^ វគ្គ 5 ការ​បង្រៀន​បុគ្គល​ណា​ម្នាក់​មាន​ន័យ​ថា​យើង​ជួយ​គាត់​ឲ្យ​មាន​គំនិត អារម្មណ៍ ឬ​ការ​ប្រព្រឹត្ត ដែល​ថ្មី​ឬ​ដែល​ខុស​ពី​មុន។ ម៉ាថាយ ២៨:១៩ ដែល​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២០​បាន​រំលឹក​យើង​ថា គឺ​សំខាន់​ឲ្យ​យើង​សិក្សា​គម្ពីរ​ជា​មួយ​មនុស្ស និង​បង្រៀន​ពួក​គេ​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​រីក​ចម្រើន​ក្នុង​កិច្ចការ​ដ៏​សំខាន់​នេះ។

^ វគ្គ 2 ការ​ពន្យល់​ពាក្យ: បើ​អ្នក​និយាយ​អំពី​គម្ពីរ​ជា​មួយ​បុគ្គល​ណា​ម្នាក់​តាម​មេ​រៀន​ជា​ទៀង​ទាត់ អ្នក​កំពុង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ។ អ្នក​អាច​រាប់​ជា​ការ​សិក្សា​ក្នុង​សេចក្ដី​រាយ​ការណ៍​របស់​អ្នក បើ​អ្នក​បាន​បង្ហាញ​អំពី​របៀប​សិក្សា​គម្ពីរ​ជា​មួយ​គ្នា និង​បាន​សិក្សា​ជា​មួយ​គាត់​ពីរ​ដង​ទៀត ហើយ​បើ​អ្នក​មាន​អារម្មណ៍​ថា​គាត់​នឹង​បន្ត​រៀន​ជា​មួយ​អ្នក។

^ វគ្គ 3 អត្ថបទ​ទាំង​ពីរ​នេះ​ក៏​រួម​បញ្ចូល​យោបល់​ពី​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​ដឹក​នាំ​ការ​សិក្សា​ព្រះ​គម្ពីរ​ដែល​រីក​ចំរើន​»​ ដែល​ចេញ​ផ្សាយ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កក្កដា ឆ្នាំ​២០០៤ រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០០៥។

^ វគ្គ 9 សូម​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា​ការ​បង្រៀន​សិស្ស​ឲ្យ​ចេះ​រៀបចំ​ទុក​ជា​មុន ដែល​មាន​រយៈ​ពេល​បួន​នាទី​ជាង។ សូម​បើក​កម្ម​វិធី​JW​បណ្ណាល័យ [​JW Library​®​] ហើយ​ចុច​MEDIA​▸​OUR MEETINGS AND MINISTRY​▸​IMPROVING OUR SKILLS។

^ វគ្គ 10 សូម​ចុច​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​ ▸ ​«​ជំនួយ​សម្រាប់​សិក្សា​គម្ពីរ​»។

^ វគ្គ 14 នៅ​ក្នុង​កម្ម​វិធី​JW​បណ្ណាល័យ [​JW Library​®​] សូម​ចុច​MEDIA​▸​OUR MEETINGS AND MINISTRY​▸​TOOLS FOR THE MINISTRY​។