លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤២

របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី២

របៀបដឹកនាំការសិក្សាគម្ពីរដែលនាំទៅដល់ការជ្រមុជទឹក ភាគទី២

​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក​»។—១ធី. ៤:១៦

ចម្រៀង​លេខ​៧៧ ពន្លឺ​ក្នុង​ភព​ងងឹត

សេចក្ដី​សង្ខេប *

១. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​កិច្ចការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​កិច្ចការ​ដែល​សង្គ្រោះ​ជីវិត?

កិច្ច​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ គឺ​ជា​កិច្ចការ​ដែល​សង្គ្រោះ​ជីវិត! ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​ពេល​លោក​យេស៊ូ​បាន​ឲ្យ​បង្គាប់​ដែល​បាន​កត់​ទុក​នៅ​ម៉ាថាយ ២៨:១៩, ២០ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ ហើយ​ជ្រមុជ​ទឹក​ឲ្យ​ពួក​គេ​»។ តើ​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ប៉ុណ្ណា? យើង​ត្រូវ​ទទួល​ការ​ជ្រមុជ​ទឹក បើ​យើង​ចង់​ទទួល​សេចក្ដី​សង្គ្រោះ។ អ្នក​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ត្រូវ​ជឿ​ថា​គាត់​អាច​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ដោយ​សារ​តែ​លោក​យេស៊ូ​បាន​ស្លាប់​ដើម្បី​យើង ហើយ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ នេះ​គឺ​ជា​មូលហេតុ​ដែល​សាវ័ក​ពេត្រុស​បាន​ប្រាប់​គ្រិស្ត​សាសនិក​ឯ​ទៀត​ថា ការ​ជ្រមុជ​ទឹក​«​កំពុង​សង្គ្រោះអ្នក​រាល់​គ្នា​ឥឡូវ​នេះ . . . តាម​រយៈ​ការ​ប្រោស​លោក​យេស៊ូ​គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​»។ (​១ពេ. ៣:២១​) ដូច្នេះ ពេល​អ្នក​កាន់​តាម​ថ្មី​ទទួល​ការ​ជ្រមុជ​ទឹក គាត់​អាច​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។

២. តើ​ធីម៉ូថេ​ទី​២ ៤:១, ២ ប្រាប់​ថា​យើង​គួរ​ធ្វើ​ជា​អ្នក​បង្រៀន​បែប​ណា?

ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យើង​ត្រូវ​មាន​«​ការ​ប៉ិន​ប្រសប់​សព្វ​គ្រប់​ក្នុង​ការ​បង្រៀន​»។ (​សូម​អាន ធីម៉ូថេ​ទី​២ ៤:១, ២) ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​បាន​បង្គាប់​យើង​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស . . . ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ សាវ័ក​ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​កាន់​ខ្ជាប់​»​នឹង​កិច្ច​ការ​នេះ ​«​ព្រោះ​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។ ហេតុ​នេះ​ហើយ ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង . . . សេចក្ដី​បង្រៀន​របស់​អ្នក​»។ (​១ធី. ៤:១៦​) ដោយ​សារ​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ជាប់​ទាក់​ទង​នឹង​ការ​បង្រៀន នោះ​យើង​ចង់​បង្រៀន​ឲ្យ​បាន​ល្អ​បំផុត។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ​អំពី​ការ​បង្រៀន​គម្ពីរ?

នៅ​ទូទាំង​ពិភព​លោក មាន​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​រៀន​គម្ពីរ​ជា​មួយ​យើង។ ប៉ុន្តែ​ដូច​យើង​បាន​រៀន​ក្នុង​អត្ថបទ​មុន យើង​ចង់​ដឹង​អំពី​របៀប​ដែល​យើង​អាច​ជួយ​សិស្ស​គម្ពីរ​ច្រើន​ជាង​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ទៀត​ដែល​អ្នក​បង្រៀន​គម្ពីរ​ទាំង​អស់​ត្រូវ​ធ្វើ ដើម្បី​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។

ចូរ​ប្រើ​គម្ពីរ​ពេល​បង្រៀន

សូម​សុំ​អ្នក​បង្រៀន​គម្ពីរ ដែល​មាន​បទ​ពិសោធន៍​ឲ្យ​ជួយអ្នក​ប្រើ​គម្ពីរ​ឲ្យ​កាន់​តែ មាន​ប្រសិទ្ធភាព (​សូម​មើល​វគ្គ​៤​-​៦​) *

៤. ហេតុ​អ្វី​អ្នក​បង្រៀន​គម្ពីរ​មិន​គួរ​និយាយ​ច្រើន​ពេក​ពេល​ដឹក​នាំ​ការ​សិក្សា? (​សូម​មើល​ផង​ដែរ​នូវ​កំណត់​សម្គាល់​)

យើង​ចូល​ចិត្ត​អ្វី​ដែល​យើង​បង្រៀន​ពី​បណ្ដាំ​របស់​ព្រះ។ ដូច្នេះ យើង​ប្រហែល​ជា​ចង់​និយាយ​ច្រើន​អំពី​អ្វី​ទាំង​នោះ។ ប៉ុន្តែ អ្នក​ដឹក​នាំ​មិន​គួរ​និយាយ​ច្រើន​ពេក មិន​ថា​នៅ​ពេល​ដឹក​នាំ​ការ​សិក្សា​ទស្សនាវដ្ដី​ប៉ម​យាម ការ​សិក្សា​គម្ពីរ​ជា​ក្រុម​ជំនុំ ឬ​ក៏​ការ​សិក្សា​គម្ពីរ​តាម​ផ្ទះ​ឬ​នៅ​កន្លែង​ផ្សេង​ទៀត​ក្ដី។ អ្នក​បង្រៀន​ម្នាក់​ៗ​ចង់​ប្រើ​គម្ពីរ​យ៉ាង​ប៉ិន​ប្រសប់​ពេល​គាត់​បង្រៀន ដូច្នេះ​គាត់​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​និយាយ​ច្រើន​ពេក ហើយ​មិន​ព្យាយាម​ពន្យល់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ដឹង​អំពី​ខ​គម្ពីរ ឬ​ប្រធានបទ​ណា​មួយ​ឡើយ។ * (​យ៉ូន. ១៦:១២​) សូម​ប្រៀប​ធៀប​ចំណេះ​ពី​គម្ពីរ​ដែល​អ្នក​មាន​នៅ​ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក ទៅ​នឹង​ចំណេះ​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ។ ពេល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ទំនង​ជា​បាន​យល់​តែ​សេចក្ដី​បង្រៀន​បឋម​ពី​គម្ពីរ​ប៉ុណ្ណោះ។ (​ហេ. ៦:១​) អ្នក​ត្រូវ​ការ​ច្រើន​ឆ្នាំ​ដើម្បី​មាន​ចំណេះ​ដែល​អ្នក​មាន​នៅ​ឥឡូវ​នេះ ដូច្នេះ​សូម​កុំ​ព្យាយាម​បង្រៀន​សិស្ស​ថ្មី​អំពី​អ្វី​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​ឡើយ។

៥. (​ក​) ស្រប​តាម​ថែស្សាឡូនិច​ទី​១ ២:១៣ តើ​យើង​ចង់​ឲ្យ​សិស្ស​គម្ពីរ​យល់​អ្វី​ពី​ការ​សិក្សា​របស់​គាត់? (​ខ​) តើ​យើង​អាច​លើក​ទឹក​ចិត្ត​សិស្ស​យ៉ាង​ដូច​ម្ដេច​ឲ្យ​និយាយ​អំពី​អ្វី​ដែល​គាត់​រៀន?

យើង​ចង់​ឲ្យ​សិស្ស​យល់​ថា​អ្វី​ដែល​គាត់​កំពុង​រៀន​គឺ​មក​ពី​គម្ពីរ។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ២:១៣) តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ចូរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​និយាយ​អំពី​អ្វី​ដែល​គាត់​បាន​រៀន។ ជា​ជាង​តែង​តែ​ពន្យល់​បទ​គម្ពីរ​ទៅ​សិស្ស ចូរ​សុំ​គាត់​ឲ្យ​ពន្យល់​បទ​គម្ពីរ​ខ្លះ​មក​អ្នក​វិញ។ ចូរ​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​បណ្ដាំ​របស់​ព្រះ​ជាប់​ទាក់​ទង​នឹង​គាត់​ផ្ទាល់។ ចូរ​សួរ​គាត់​នូវ​សំណួរ​ដែល​នឹង​ជួយ​គាត់​ឲ្យ​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​របស់​គាត់​ចំពោះ​បទ​គម្ពីរ​ដែល​គាត់​អាន។ (​លូក. ១០:២៥​-​២៨​) ជា​ឧទាហរណ៍ សូម​សួរ​គាត់​ថា ​«​តើ​បទ​គម្ពីរ​នេះ​បាន​ជួយ​បង​យ៉ាង​ណា​ឲ្យ​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះ​យេហូវ៉ា?​»​ ​«​តើ​អ្វី​ដែល​បង​ទើប​តែ​រៀន​ពី​គម្ពីរ​បាន​ជួយ​បង​យ៉ាង​ដូច​ម្ដេច?​»​ ​«​តើ​បង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វី​ដែល​បង​ទើប​តែ​បាន​រៀន?​»។ (​សុភ. ២០:៥​) អ្វី​ដែល​សំខាន់​បំផុត មិន​មែន​ថា​សិស្ស​ស្គាល់​ច្រើន​ប៉ុណ្ណា​ទេ ប៉ុន្តែ​គឺ​ឲ្យ​គាត់​ស្រឡាញ់​និង​ធ្វើ​តាម​អ្វី​ដែល​គាត់​រៀន។

៦. ហេតុ​អ្វី​គឺ​ជា​ការ​ល្អ​ឲ្យ​យើង​អញ្ជើញ​អ្នក​បង្រៀន​ដែល​មាន​បទ​ពិសោធន៍​ទៅ​ជា​មួយ​ពេល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ?

តើ​អ្នក​ធ្លាប់​អញ្ជើញ​អ្នក​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​បង្រៀន​ឲ្យ​ទៅ​ជា​មួយ​អ្នក​ពេល​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ឬ​ទេ? បើ​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​សុំ​យោបល់​ពី​ពួក​គេ​អំពី​របៀប​ដែល​អ្នក​ដឹក​នាំ​ការ​សិក្សា ហើយ​ថា​តើ​អ្នក​ប្រើ​គម្ពីរ​ឲ្យ​បាន​ល្អ​ឬ​យ៉ាង​ណា។ អ្នក​ត្រូវ​មាន​ចិត្ត​រាប​ទាប បើ​អ្នក​ចង់​បង្រៀន​ឲ្យ​បាន​ល្អ​ជាង។ (​សូម​ពិនិត្យ​បន្ថែម សកម្ម. ១៨:២៤​-​២៦​) ក្រោយ​មក សូម​សួរ​អ្នក​ផ្សាយ​ដែល​មាន​បទ​ពិសោធន៍​នោះ​ថា តើ​គាត់​គិត​ថា​សិស្ស​គម្ពីរ​យល់​អ្វី​ដែល​គាត់​កំពុង​រៀន​ឬ​ទេ? បើ​អ្នក​មិន​នៅ​ក្រុម​ជំនុំ​របស់​អ្នក​អស់​មួយ​សប្ដាហ៍​ឬ​ច្រើន​ជាង អ្នក​ក៏​អាច​សុំ​អ្នក​ផ្សាយ​ដដែល​នោះ​ឲ្យ​ដឹក​នាំ​ការ​សិក្សា​ជំនួស​អ្នក។ ដោយ​ធ្វើ​ដូច្នេះ សិស្ស​អាច​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ ហើយ​នេះ​នឹង​ជួយ​គាត់​ឲ្យ​យល់​អំពី​សារៈ​សំខាន់​នៃ​ការ​សិក្សា​របស់​គាត់។ សូម​កុំ​មាន​អារម្មណ៍​ថា ការ​សិក្សា​នោះ​គឺ​ជា​របស់​អ្នក​តែ​ប៉ុណ្ណោះ ហើយ​ថា​គ្មាន​អ្នក​ណា​អាច​បង្រៀន​ជំនួស​អ្នក​បាន​ឡើយ។ អ្នក​ចង់​ឲ្យ​សិស្ស​របស់​អ្នក​ទទួល​ប្រយោជន៍​ច្រើន​បំផុត ដើម្បី​គាត់​អាច​បន្ត​រៀន​ថែម​ទៀត​អំពី​សេចក្ដី​ពិត។

ចូរ​បង្រៀន​ដោយ​ចិត្ត​រំភើប​និង​ការ​ជឿ​ជាក់

សូម​ប្រាប់​សិស្ស​អំពី បទ​ពិសោធន៍​ជីវិត​ពិត របស់​អ្នក​ឯ​ទៀត ដើម្បី ជួយ​គាត់​ឲ្យ​យល់​អំពី របៀប​ដែល​គាត់​អាច ធ្វើ​តាម​គោល​ការណ៍​គម្ពីរ (​សូម​មើល​វគ្គ​៧​-​៩​) *

៧. តើ​អ្វី​នឹង​ជួយ​សិស្ស​ឲ្យ​រំភើប​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​កំពុង​រៀន?

សិស្ស​គម្ពីរ​ត្រូវ​ឃើញ​ថា អ្នក​ស្រឡាញ់​និង​ជឿ​អ្វី​ដែល​គម្ពីរ​បង្រៀន។ (​១ថែ. ១:៥​) យ៉ាង​នេះ គាត់​នឹង​ទំនង​ជា​កាន់​តែ​រំភើប​ចិត្ត​ចំពោះ​អ្វី​ដែល​គាត់​កំពុង​រៀន។ បើ​សម​រម្យ ប្រហែល​ជា​អ្នក​អាច​ប្រាប់​គាត់​អំពី​របៀប​ដែល​គម្ពីរ​បាន​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក។ យ៉ាង​នេះ គាត់​នឹង​ឃើញ​ថា​ការ​ណែនាំ​ពី​គម្ពីរ​ក៏​អាច​មាន​ប្រយោជន៍​ចំពោះ​គាត់​ដែរ។

៨. តើ​អ្នក​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ជួយ​សិស្ស​របស់​អ្នក ហើយ​ហេតុ​អ្វី​អ្នក​គួរ​ធ្វើ​ដូច្នេះ?

ពេល​សិក្សា​គម្ពីរ សូម​ប្រាប់​សិស្ស​របស់​អ្នក​អំពី​បទ​ពិសោធន៍​ជីវិត​ពិត​របស់​ពួក​អ្នក​ដែល​មាន​ការ​ពិបាក​ស្រដៀង​នឹង​គាត់ ហើយ​បាន​យក​ឈ្នះ​ការ​ពិបាក​ទាំង​នោះ។ ពេល​ទៅ​បង្រៀន​គម្ពីរ អ្នក​អាច​អញ្ជើញ​បង​ប្អូន​ណា​ម្នាក់​ពី​ក្រុម​ជំនុំ​ដែល​ជា​គំរូ​សម្រាប់​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ទៅ​ជា​មួយ​អ្នក។ ឬ​អ្នក​អាច​រក​មើល​បទ​ពិសោធន៍​ដែល​លើក​ទឹក​ចិត្ត ក្នុង​អត្ថបទ​ត​ភាគ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ នៅ​គេហទំព័រ​jw.org/km​។ * អត្ថបទ​និង​វីដេអូ​ទាំង​នោះ​នឹង​ជួយ​សិស្ស​គម្ពីរ​របស់​អ្នក​ឲ្យ​ឃើញ​ថា ការ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ក្នុង​ជីវិត​របស់​គាត់​គឺ​នាំ​ឲ្យ​មាន​ប្រយោជន៍​មែន។

៩. តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​យ៉ាង​ដូច​ម្ដេច​ឲ្យ​ប្រាប់​អ្វី​ដែល​គាត់​កំពុង​រៀន​ដល់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់?

បើ​សិស្ស​រៀប​ការ​រួច​ហើយ តើ​គូ​របស់​គាត់​កំពុង​សិក្សា​ដែរ​ឬ​ទេ? បើ​មិន​មែន​ទេ សូម​អញ្ជើញ​គូ​របស់​គាត់​ឲ្យ​ចូល​រួម​ក្នុង​ការ​សិក្សា​ដែរ។ ចូរ​លើក​ទឹក​ចិត្ត​សិស្ស​របស់​អ្នក​ឲ្យ​ប្រាប់​អ្វី​ដែល​គាត់​កំពុង​រៀន​ដល់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់។ (​យ៉ូន. ១:៤០​-​៤៥​) តើ​តាម​របៀប​ណា? អ្នក​អាច​សួរ​គាត់​ថា ​«​តើ​បង​នឹង​ពន្យល់​សេចក្ដី​បង្រៀន​នេះ​ដល់​ក្រុម​គ្រួសារ​របស់​បង​យ៉ាង​ដូច​ម្ដេច?​»​ ឬ​«​តើ​បង​នឹង​ប្រើ​បទ​គម្ពីរ​មួយ​ណា​ដើម្បី​បង្ហាញ​ចំណុច​នេះ​ដល់​មិត្ត​ភក្ដិ​របស់​បង?​»។ តាម​របៀប​នេះ អ្នក​កំពុង​បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​ធ្វើ​ជា​អ្នក​បង្រៀន។ យ៉ាង​នេះ ពេល​គាត់​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ គាត់​អាច​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។ អ្នក​អាច​សួរ​សិស្ស​ថា តើ​គាត់​ស្គាល់​អ្នក​ណា​ម្នាក់​ដែល​ចង់​រៀន​គម្ពីរ​ឬ​ទេ។ បើ​គាត់​ប្រាប់​ថា​គាត់​ស្គាល់ សូម​ទាក់​ទង​នឹង​បុគ្គល​នោះ​ភ្លាម​ៗ ហើយ​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​គាត់។ សូម​បង្ហាញ​គាត់​នូវ​វីដេអូ​តើ​កម្ម​វិធី​រៀន​គម្ពីរ​ត្រូវ​ធ្វើ​ឡើង​តាម​របៀប​ណា? *

ចូរ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​រាប់​អាន បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ជា​មិត្ត​ភក្ដិ

សូម​លើក​ទឹក​ចិត្ត​សិស្ស ឲ្យ​បង្កើត​មិត្តភាព​ជា​មួយ បង​ប្អូន​ក្នុង​ក្រុម​ជំនុំ (​សូម​មើល​វគ្គ​១០​-​១១​) *

១០. ដូច​ដែល​បាន​រៀប​រាប់​នៅ​ថែស្សាឡូនិច​ទី​១ ២:៧, ៨ តើ​អ្នក​បង្រៀន​អាច​ធ្វើ​តាម​គំរូ​របស់​ប៉ូល​យ៉ាង​ដូច​ម្ដេច?

១០ អ្នក​បង្រៀន​ត្រូវ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​សិស្ស​របស់​ពួក​គេ។ ចូរ​ចាត់​ទុក​ពួក​គេ​ថា​ជា​បុគ្គល​ដែល​នឹង​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​នៅ​ថ្ងៃ​ខាង​មុខ។ (​សូម​អាន ថែស្សាឡូនិច​ទី​១ ២:៧, ៨) គឺ​មិន​ស្រួល​ទេ​ឲ្យ​ពួក​គេ​ឈប់​រាប់​អាន​មិត្ត​ភក្ដិ​ក្នុង​ពិភព​លោក ហើយ​ធ្វើ​ការ​កែ​ប្រែ​ទាំង​អស់​ដែល​ចាំ​បាច់​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ជួយ​ពួក​គេ​ឲ្យ​រក​មិត្ត​ពិត​ក្នុង​ក្រុម​ជំនុំ។ ដូច្នេះ ចូរ​ធ្វើ​ឲ្យ​សិស្ស​គម្ពីរ​មាន​អារម្មណ៍​ស្រួល​ជា​មួយ​អ្នក ដោយ​ចំណាយ​ពេល​ជា​មួយ​គាត់ មិន​គ្រាន់​តែ​នៅ​ពេល​សិក្សា​គម្ពីរ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​ពេល​ផ្សេង​ទៀត​ដែរ។ ការ​ទូរស័ព្ទ ការ​ផ្ញើ​សារ ឬ​ការ​ទៅ​សួរ​សុខ​ទុក្ខ​មួយ​ភ្លែត​នៅ​ពេល​ផ្សេង​ពី​ថ្ងៃ​ដែល​អ្នក​សិក្សា​ជា​មួយ​គាត់ បង្ហាញ​ថា​អ្នក​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។

១១. តើ​យើង​ចង់​ឲ្យ​សិស្ស​គម្ពីរ​របស់​យើង​រក​ឃើញ​អ្វី​ក្នុង​ក្រុម​ជំនុំ ហើយ​ហេតុ​អ្វី?

១១ សុភាសិត​អាហ្វ្រិក​មួយ​ចែង​ថា​៖ ​«​គឺ​ត្រូវ​ការ​មនុស្ស​មួយ​ភូមិ​ដើម្បី​ចិញ្ចឹម​អប់រំ​កូន​ម្នាក់​»។ ស្រដៀង​គ្នា​ដែរ យើង​អាច​និយាយ​ថា​៖ ​«​ដើម្បី​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ គឺ​ត្រូវ​ការ​បង​ប្អូន​មួយ​ក្រុម​ជំនុំ​»។ ដូច្នេះ ពេល​អ្នក​បង្រៀន​គម្ពីរ​ដ៏​ល្អ ជួយ​សិស្ស​គម្ពីរ​របស់​ពួក​គេ​ឲ្យ​ស្គាល់​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ បង​ប្អូន​ទាំង​នេះ​ក៏​អាច​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដែរ។ យ៉ាង​នេះ សិស្ស​អាច​សេព​គប់​ជា​មួយ​រាស្ត្រ​របស់​ព្រះ ហើយ​បង​ប្អូន​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ និង​លើក​ទឹក​ចិត្ត​ពួក​គេ​ពេល​ដែល​ពួក​គេ​មាន​បញ្ហា។ យើង​ចង់​ឲ្យ​សិស្ស​គម្ពីរ​ម្នាក់​ៗ​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ក្រុម​ជំនុំ ហើយ​ថា​គាត់​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​ព្រះ។ យើង​ចង់​ឲ្យ​គាត់​ចូល​ទៅ​ជិត​ក្រុម​គ្រួសារ​រួម​ជំនឿ​ដ៏​កក់​ក្ដៅ​របស់​យើង។ ម្ល៉ោះ​ហើយ គាត់​នឹង​ងាយ​ស្រួល​ឈប់​សេព​គប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មនុស្ស​ដែល​មិន​ជួយ​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា។ (​សុភ. ១៣:២០​) បើ​បុគ្គល​ដែល​ធ្លាប់​ជា​មិត្ត​របស់​គាត់​លែង​ចង់​ពាក់​ព័ន្ធ​ជា​មួយ​គាត់​ទៀត នោះ​គាត់​នឹង​ដឹង​ថា​គាត់​អាច​ស្វែង​រក​មិត្ត​ពិត​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា។—ម៉ាក. ១០:២៩, ៣០; ១ពេ. ៤:៤

ចូរ​និយាយ​ជា​រឿយ​ៗ​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក

បន្តិច​ម្ដង​ៗ​សិស្ស​គម្ពីរ​ដែល មាន​ចិត្ត​ស្មោះ​អាច​ឈាន​ទៅ​រក គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក! (​សូម​មើល​វគ្គ​១២​-​១៣​)

១២. ហេតុ​អ្វី​យើង​គួរ​និយាយ​ជា​មួយ​សិស្ស​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ជ្រមុជ​ទឹក?

១២ ជា​រឿយ​ៗ អ្នក​ត្រូវ​និយាយ​អំពី​សារៈ​សំខាន់​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ មូលហេតុ​ដែល​យើង​សិក្សា​ជា​មួយ​បុគ្គល​ណា​ម្នាក់ គឺ​ដើម្បី​ជួយ​គាត់​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​ពី​សិស្ស​បាន​សិក្សា​អស់​ប៉ុន្មាន​ខែ ហើយ​ជា​ពិសេស​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ គាត់​ត្រូវ​យល់​ថា​យើង​ចង់​ជួយ​គាត់​ឲ្យ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។

១៣. តើ​សិស្ស​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

១៣ បន្តិច​ម្ដង​ៗ​សិស្ស​គម្ពីរ​ដែល​មាន​ចិត្ត​ស្មោះ​អាច​ឈាន​ទៅ​រក​គោល​ដៅ​ទទួល​ការ​ជ្រមុជ​ទឹក! ដំបូង សិស្ស​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា ស្រឡាញ់​លោក និង​មាន​ជំនឿ​លើ​លោក។ (​យ៉ូន. ៣:១៦; ១៧:៣​) បន្ទាប់​មក សិស្ស​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា ហើយ​ក៏​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ជា​មួយ​ក្រុម​ជំនុំ​ដែរ។ (​ហេ. ១០:២៤, ២៥; យ៉ា. ៤:៨​) ក្រោយ​មក សិស្ស​មាន​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អ្វី​អាក្រក់​ដែល​គាត់​បាន​ធ្វើ ហើយ​ឈប់​ធ្វើ​អ្វី​ទាំង​នោះ​ទៀត។ (​សកម្ម. ៣:១៩​) ម្យ៉ាង​ទៀត ជំនឿ​របស់​គាត់​ជំរុញ​ចិត្ត​គាត់​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​ពិត។ (​២កូ. ៤:១៣​) បន្ទាប់​មក គាត់​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​បង្ហាញ​អំពី​ការ​ប្រគល់​ខ្លួន​នោះ​ដោយ​ទទួល​ការ​ជ្រមុជ​ទឹក។ (​១ពេ. ៣:២១; ៤:២​) នោះ​ជា​ថ្ងៃ​ដ៏​សប្បាយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​មែន! កាល​ដែល​សិស្ស​ជឿន​ទៅ​មុខ​ក្នុង​ការ​សម្រេច​គោល​ដៅ​របស់​គាត់ សូម​បន្ត​សរសើរ​គាត់ ហើយ​សូម​បន្ត​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ជឿន​ទៅ​មុខ​ជា​និច្ច។

ចូរ​ពិនិត្យ​មើល​ម្ដង​ម្កាល​ថា សិស្ស​រីក​ចម្រើន​ច្រើន​ប៉ុណ្ណា

១៤. តើ​អ្នក​បង្រៀន​អាច​ពិនិត្យ​មើល​ការ​រីក​ចម្រើន​របស់​សិស្ស​យ៉ាង​ដូច​ម្ដេច?

១៤ យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់ ពេល​ជួយ​សិស្ស​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ស្វែង​យល់​ថា តើ​គាត់​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ឬ​យ៉ាង​ណា។ តើ​សិស្ស​បង្ហាញ​ថា​គាត់​កំពុង​ព្យាយាម​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ឬ​ទេ? ឬ​តើ​គាត់​គ្រាន់​តែ​ចង់​រៀន​ដើម្បី​ដឹង​ឮ​ព័ត៌មាន​ពី​គម្ពីរ​ប៉ុណ្ណោះ?

១៥. តើ​អ្នក​បង្រៀន​ត្រូវ​ពិនិត្យ​មើល​ថា​សិស្ស​រីក​ចម្រើន​ក្នុង​រឿង​អ្វី​ខ្លះ?

១៥ ជា​រឿយ​ៗ ចូរ​ពិនិត្យ​មើល​ភាព​រីក​ចម្រើន​របស់​សិស្ស។ ជា​ឧទាហរណ៍ តើ​គាត់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អារម្មណ៍​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​ឬ​ទេ? តើ​គាត់​អធិដ្ឋាន​ទៅ​លោក​ឬ? (​ទំនុក. ១១៦:១, ២​) តើ​គាត់​ចូល​ចិត្ត​អាន​គម្ពីរ​ឬ​ទេ? (​ទំនុក. ១១៩:៩៧​) តើ​គាត់​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់​ឬ? (​ទំនុក. ២២:២២​) តើ​គាត់​បាន​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​ដើម្បី​បង្ហាញ​ថា​គាត់​ធ្វើ​តាម​អ្វី​ដែល​គាត់​កំពុង​រៀន​ឬ​ទេ? (​ទំនុក. ១១៩:១១២​) តើ​គាត់​ចាប់​ផ្ដើម​ប្រាប់​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​របស់​គាត់​អំពី​អ្វី​ដែល​គាត់​កំពុង​រៀន​ឬ? (​ទំនុក. ៩:១​) សំខាន់​បំផុត តើ​គាត់​ចង់​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ឬ​ទេ? (​ទំនុក. ៤០:៨​) បើ​សិស្ស​មិន​រីក​ចម្រើន​ដូច​អ្វី​ដែល​រៀប​រាប់​នៅ​ខាង​លើ​នេះ សូម​ស្វែង​យល់​អំពី​មូលហេតុ ហើយ​និយាយ​ជា​មួយ​គាត់​ដោយ​ស្លូត​បូត​និង​សប្បុរស តែ​ដោយ​ចំ​ៗ។ *

១៦. តើ​យើង​គួរ​ឈប់​បង្រៀន​គម្ពីរ​ដល់​បុគ្គល​ណា​ម្នាក់​នៅ​ពេល​ណា?

១៦ ម្ដង​ម្កាល សូម​សួរ​ខ្លួន​ឯង​ថា​តើ​គួរ​បន្ត​បង្រៀន​គម្ពីរ​ដល់​សិស្ស​ណា​ម្នាក់​ឬ​គួរ​ឈប់​បង្រៀន​គាត់។ ចូរ​សួរ​ខ្លួន​អ្នក​ថា ‹តើ​សិស្ស​មិន​រៀបចំ​សម្រាប់​ការ​សិក្សា​ឬ​ទេ? តើ​គាត់​មិន​សូវ​ចាប់​អារម្មណ៍​ចូល​រួម​កិច្ច​ប្រជុំ​ឬ? តើ​គាត់​នៅ​តែ​មាន​ទម្លាប់​មិន​ល្អ​ឬ​ទេ? តើ​គាត់​នៅ​តែ​ជា​សមាជិក​សាសនា​មិន​ពិត​ឬ?›។ បើ​ចម្លើយ​គឺ​មែន ការ​បន្ត​បង្រៀន​គាត់​គឺ​បៀ​ប​ដូច​ជា​បង្ហាត់​បង្រៀន​អ្នក​ណា​ម្នាក់​ឲ្យ​ចេះ​ហែល​ទឹក ប៉ុន្តែ​គាត់​មិន​ចង់​សើម​ខ្លួន! បើ​សិស្ស​មិន​ឲ្យ​តម្លៃ​ពិត​ប្រាកដ​ចំពោះ​អ្វី​ដែល​គាត់​រៀន ហើយ​មិន​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ គឺ​គ្មាន​ប្រយោជន៍​ឲ្យ​យើង​បន្ត​បង្រៀន​គាត់​ទេ។

១៧. តាម​ធីម៉ូថេ​ទី​១ ៤:១៦ តើ​អ្នក​បង្រៀន​គម្ពីរ​ទាំង​អស់​ត្រូវ​ធ្វើ​អ្វី?

១៧ ភារកិច្ច​ដ៏​សំខាន់​មួយ​ចំពោះ​យើង គឺ​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​យើង​ចង់​ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​រីក​ចម្រើន​រហូត​ដល់​ទទួល​ការ​ជ្រមុជ​ទឹក។ ហេតុ​នេះ យើង​នឹង​ប្រើ​គម្ពីរ​ពេល​បង្រៀន ហើយ​យើង​នឹង​បង្រៀន​ដោយ​ចិត្ត​រំភើប​និង​ការ​ជឿ​ជាក់។ យើង​នឹង​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​បង្កើត​មិត្តភាព​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ។ យើង​ក៏​នឹង​លើក​បញ្ជាក់​អំពី​គោល​ដៅ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ម្ដង​ម្កាល​យើង​នឹង​ពិនិត្យ​មើល​ការ​រីក​ចម្រើន​របស់​សិស្ស។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ អ្វី​ដែល​អ្នក​បង្រៀន​ត្រូវ​ធ្វើ​ដើម្បី​នាំ​ឲ្យ​សិស្ស​ទទួល​ការ​ជ្រមុជ​ទឹក​»​) យើង​សប្បាយ​ចិត្ត​ណាស់​ដែល​យើង​អាច​ចូល​រួម​ក្នុង​កិច្ចការ​នេះ​ដែល​សង្គ្រោះ​ជីវិត! សូម​យើង​តាំង​ចិត្ត​ខំ​អស់​ពី​សមត្ថភាព ជួយ​សិស្ស​គម្ពីរ​របស់​យើង​ឲ្យ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។

ចម្រៀង​លេខ​៧៩ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

^ វគ្គ 5 ពេល​យើង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ យើង​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​គំនិត អារម្មណ៍ និង​ការ​ប្រព្រឹត្ត​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​គេ​មាន។ អត្ថបទ​នេះ​នឹង​ពន្យល់​ថែម​ទៀត​អំពី​របៀប​ដែល​យើង​អាច​រីក​ចម្រើន​ក្នុង​ការ​បង្រៀន។

^ វគ្គ 4 សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចំណុច​មិន​ល្អ​ដែល​យើង​គួរ​ជៀស​វាង​ពេល​បង្រៀន​គម្ពីរ​»​ ក្នុង​កិច្ច​បម្រើ​និង​ជីវិត កំណត់​សម្រាប់​កិច្ច​ប្រជុំ ខែ​កញ្ញា ឆ្នាំ​២០១៦។

^ វគ្គ 8 សូម​ចុច​«​អំពី​យើង​»​ ▸ ​«​បទ​ពិសោធន៍​»។

^ វគ្គ 9 ក្នុង​JW​បណ្ណាល័យ[​JW Library​] សូម​ចុច​MEDIA ▸ OUR MEETINGS AND MINISTRY ▸ TOOLS FOR THE MINISTRY។

^ វគ្គ 77 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​ការ​សិក្សា​គម្ពីរ បង​ស្រី​ដែល​មាន​បទ​ពិសោធន៍​ជួយ​អ្នក​ដឹក​នាំ​ការ​សិក្សា​នោះ​ឲ្យ​ឃើញ​អំពី​របៀប​ដឹក​នាំ​ការ​សិក្សា​ដោយ​មិន​និយាយ​ច្រើន​ពេក។

^ វគ្គ 79 ការ​ពណ៌នា​អំពី​រូប​ភាព: ក្នុង​អំឡុង​ការ​សិក្សា សិស្ស​គម្ពីរ​រៀន​អំពី​របៀប​ធ្វើ​ជា​ប្រពន្ធ​ល្អ​ប្រសើរ​ជាង។ ក្រោយ​មក គាត់​ប្រាប់​ប្ដី​អំពី​អ្វី​ដែល​គាត់​បាន​រៀន។

^ វគ្គ 81 ការ​ពណ៌នា​អំពី​រូប​ភាព: សិស្ស​និង​ប្ដី​របស់​គាត់​កំពុង​សេព​គប់​នៅ​ផ្ទះ​បង​ប្អូន​ដែល​គាត់​ជួប​នៅ​សាល​ប្រជុំ។