១៩២០ មួយរយឆ្នាំបានកន្លងផុតទៅ
ចាប់ពីដើមឆ្នាំ១៩២០ រាស្ត្ររបស់ព្រះយេហូវ៉ាមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងចំពោះកិច្ចការនៅខាងមុខ។ នៅឆ្នាំ១៩២០ បទគម្ពីរប្រចាំឆ្នាំរបស់ពួកគេគឺ៖ «[លោកម្ចាស់]ជាកំឡាំង ហើយជាទំនុកច្រៀងរបស់ខ្ញុំ»។—ទំនុក. ១១៨:១៤
ព្រះយេហូវ៉ាបានពង្រឹងកម្លាំងរបស់ពួកអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងទាំងនោះ។ ក្នុងអំឡុងឆ្នាំនោះ ចំនួនអ្នកត្រួសត្រាយបានកើនឡើងពី២២៥នាក់ទៅ៣៥០នាក់។ នោះជាលើកទី១ ដែលមានអ្នកផ្សាយជាង៨.០០០នាក់ដែលបានរាយការណ៍អំពីកិច្ចការផ្សព្វផ្សាយរបស់ពួកគេទៅមន្ទីរចាត់ការ។ ព្រះយេហូវ៉ាបានឲ្យពរពួកគេ ដោយធ្វើឲ្យមានអ្នកចាប់អារម្មណ៍ច្រើន។
ចិត្តខ្នះខ្នែងរបស់ពួកគេគឺគួរឲ្យកោតស្ងើច
នៅថ្ងៃទី២១ ខែមីនា ឆ្នាំ១៩២០ បងប្រុសចូសេហ្វ រ៉ូធើហ្វឺត ដែលជាអ្នកនាំមុខនិស្សិតគម្ពីរនៅពេលនោះ បានថ្លែងសុន្ទរកថាដែលមានប្រធានថា «មនុស្សរាប់លាននាក់ដែលរស់ឥឡូវនេះនឹងមិនស្លាប់ទេ»។ និស្សិតគម្ពីរបានខំអស់ពីសមត្ថភាពដើម្បីអញ្ជើញពួកអ្នកចាប់អារម្មណ៍ឲ្យចូលរួមកម្មវិធីនោះ។ ពួកគេបានជួលមហោស្រពដ៏ធំបំផុតមួយនៅក្រុងញូវយ៉ក ហើយបានចែកចាយលិខិតអញ្ជើញប្រហែលជា៣២០.០០០ច្បាប់។
មនុស្សបានចូលរួមស្ដាប់ច្រើនហួសពីការនឹកស្មានរបស់និស្សិតគម្ពីរ។ មហោស្រពនោះពេញដោយអ្នកស្ដាប់ជាង៥.០០០នាក់ ហើយមនុស្សប្រហែលជា៧.០០០នាក់ទៀត មិនអាចចូលស្ដាប់បានទេ។ ទស្សនាវដ្ដីប៉មយាមបានចែងថា៖ «នោះជាកិច្ចប្រជុំដែលមានអ្នកចូលរួមដ៏ច្រើនបំផុតមួយដែលនិស្សិតគម្ពីរអន្តរជាតិធ្លាប់ធ្វើឡើង»។
មនុស្សជាច្រើនបានស្គាល់និស្សិតគម្ពីរដោយសារពួកគេបានប្រកាសថា «មនុស្សរាប់លាននាក់ដែលរស់ឥឡូវនេះនឹងមិនស្លាប់ទេ»។ នៅពេលនោះ និស្សិតគម្ពីរមិនបានយល់ថា ដំណឹងអំពីរាជាណាចក្រត្រូវប្រកាសឲ្យបានច្រើនជាងនោះទេ។ ប៉ុន្តែ ពួកគេបានបង្ហាញចិត្តខ្នះខ្នែងដ៏គួរឲ្យកោតស្ងើច។ បងស្រីអាយដា អុមស្តេតដែលចាប់ផ្ដើមចូលរួមកិច្ចប្រជុំនៅឆ្នាំ១៩០២ បាននឹកចាំថា៖ «យើងដឹងថាមនុស្សទាំងអស់នឹងទទួលពរដ៏អស្ចារ្យ ហើយយើងមិនស្ទាក់ស្ទើរក្នុងការប្រាប់ដំណឹងល្អនេះដល់ពួកអ្នកដែលយើងជួបក្នុងកិច្ចបម្រើផ្សាយទេ»។
ការបោះពុម្ពសៀវភៅរបស់យើង
ដើម្បីប្រាកដថាយើងមិនខានទទួលសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ បងប្អូននៅបេតអែលបានចាប់ផ្ដើមបោះពុម្ពសៀវភៅរបស់យើងដោយខ្លួនឯង។ បងប្អូនបានទិញសម្ភារប្រើប្រាស់ ហើយបានទុកវានៅអគារជួលមួយនៅផ្ទះលេខ៣៥ ផ្លូវម័រថល តំបន់ប៊្រុគ្លីន រដ្ឋញូវយ៉ក ដែលមិននៅឆ្ងាយពីបេតអែល។
បងប្រុសលីអូ ភេលនិងបងប្រុសវ៉ុលធើ ខេស្លា បានចាប់ផ្ដើមបម្រើនៅបេតអែលនាខែមករា ឆ្នាំ១៩២០។ បងវ៉ុលធើនិយាយថា៖ «ពេលយើងទៅដល់ អ្នកត្រួតពិនិត្យផ្នែករោងពុម្ពបានមើលមកយើង ហើយនិយាយថា៖ ‹នៅសល់មួយម៉ោងកន្លះទៀតដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់›។ ដូច្នេះ គាត់បានសុំយើងឲ្យយកឡាំងសៀវភៅខ្លះពីជាន់ក្រោមដី»។
បងលីអូបាននិយាយអំពីអ្វីដែលបានកើតឡើងនៅថ្ងៃបន្ទាប់ថា៖ «យើងមានភារកិច្ចលាងជញ្ជាំងនៅជាន់ផ្ទាល់ដីនៃអគារនោះ។ ការងារនោះគឺជាការងារដ៏កខ្វក់ជាងគេដែលខ្ញុំធ្លាប់ធ្វើ។ ប៉ុន្តែនោះជាកិច្ចការរបស់លោកម្ចាស់ ហើយការខំប្រឹងព្យាយាមរបស់យើងគឺមិនឥតប្រយោជន៍ទេ»។
ក្នុងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ទស្សនាវដ្ដីប៉មយាមបានត្រូវចាប់ផ្ដើមបោះពុម្ពដោយអ្នកបម្រើស្ម័គ្រចិត្តដ៏ខ្នះខ្នែង។ ទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ១៩២០ បានត្រូវបោះពុម្ព៦០.០០០ក្បាលនៅជាន់ទី២នៃអគារនោះ។ នៅដំណាលគ្នានោះ នៅជាន់ក្រោមដី បងប្អូនបានរៀបចំម៉ាស៊ីនបោះពុម្ពមួយដែលមានរហ័សនាមថានាវាចម្បាំង។ ទស្សនាវដ្ដីសម័យរុងរឿង(The Golden Age) ថ្ងៃទី១៤ ខែមេសា ឆ្នាំ១៩២០ ក៏ចាប់ផ្ដើមបោះពុម្ពនៅទីនោះដែរ។ ព្រះយេហូវ៉ាច្បាស់ជាបានឲ្យពរចំពោះការខំប្រឹងរបស់ពួកអ្នកធ្វើការស្ម័គ្រចិត្តទាំងនោះ។
«នោះជាកិច្ចការរបស់លោកម្ចាស់ ហើយការខំប្រឹងព្យាយាមរបស់យើងគឺមិនឥតប្រយោជន៍ទេ»
«ចូរឲ្យយើងរស់នៅជាមួយគ្នាដោយសុខសាន្ត»
រាស្ត្រដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាមានសកម្មភាពឡើងវិញ ហើយសេពគប់ជាមួយគ្នាម្ដងទៀត។ ប៉ុន្តែ និស្សិតគម្ពីរខ្លះបានចាកចេញពីអង្គការក្នុងអំឡុងគ្រាដ៏ច្របូកច្របល់ ពីឆ្នាំ១៩១៧ដល់ឆ្នាំ១៩១៩។ តើអង្គការរបស់ព្រះបានធ្វើអ្វីដើម្បីជួយបងប្អូនទាំងនោះ?
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមេសា ឆ្នាំ១៩២០ មានអត្ថបទដែលមានចំណងជើងថា «ចូរឲ្យយើងរស់នៅជាមួយគ្នាដោយសុខសាន្ត»។ អត្ថបទនោះចែងថា៖ «យើងជឿជាក់ថា . . . អស់អ្នកដែលចង់ស្ដាប់បង្គាប់ព្រះយេហូវ៉ា . . . នឹងបំភ្លេចកំហុសដែលពួកគេធ្លាប់ធ្វើពីមុន . . . ហើយនឹងរួមរួបជាមួយរាស្ត្ររបស់ព្រះដើម្បីធ្វើកិច្ចការរបស់លោក»។
បុគ្គលជាច្រើនបានធ្វើតាមពាក្យដ៏សប្បុរសទាំងនេះ។ ប្ដីប្រពន្ធមួយគូបានសរសេរថា៖ «យើងយល់ថាអស់ជាងមួយឆ្នាំ យើងបានធ្វើខុសដោយមិនបានផ្សព្វផ្សាយ ហើយទុកឲ្យអ្នកឯទៀតធ្វើវិញ។ . . . យើងសង្ឃឹមថាយើងមិនវង្វេងចេញទៀតទេ»។ មានកិច្ចការជាច្រើនដែលពួកអ្នកធ្វើការដែលមានសកម្មភាពឡើងវិញទាំងនោះអាចធ្វើ។
ការចែកចាយសៀវភៅ«ការបញ្ចប់សេចក្ដីអាថ៌កំបាំង»
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩២០ និស្សិតគម្ពីរបានចាប់ផ្ដើមសកម្មភាពពិសេសដើម្បីចែកចាយសៀវភៅដែលមានចំណងជើងថា ការបញ្ចប់សេចក្ដីអាថ៌កំបាំង(The Finished Mystery) ដែល
ជាភាគទី៧នៃការសិក្សាអំពីបទគម្ពីរ(Studies in the Scriptures)។ សៀវភៅនោះបានត្រូវរក្សាទុកជាច្រើនក្បាល តាំងពីពេលគេបានដាក់បម្រាមលើសៀវភៅនោះនៅឆ្នាំ១៩១៨។អ្នកផ្សព្វផ្សាយទាំងអស់ មិនគ្រាន់តែអ្នកត្រួសត្រាយប៉ុណ្ណោះទេ បានត្រូវអញ្ជើញឲ្យចូលរួមក្នុងការចែកចាយសៀវភៅនោះ។ សៀវភៅមួយរបស់យើងចែងថា៖ «អស់អ្នកដែលបានទទួលការជ្រមុជទឹកក្នុងក្រុមជំនុំនីមួយៗគួរចូលរួមក្នុងកិច្ចការនេះដោយស្ម័គ្រពីចិត្ត បើអាចធ្វើបាន។ សូមឲ្យយើងម្នាក់ៗធ្វើតាមពាក្យស្លោកដែលថា ‹មានអ្វីមួយដែលខ្ញុំធ្វើ› គឺចែកចាយសៀវភៅការបញ្ចប់សេចក្ដីអាថ៌កំបាំង»។ បងប្រុសអេតម៉ាញ ហ៊ូភើនិយាយថា ចំពោះបងប្អូនជាច្រើន សកម្មភាពពិសេសនោះគឺជាលើកទី១ដែលពួកគេផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ។ គាត់បន្ថែមថា៖ «យើងចាប់ផ្ដើមយល់ច្បាស់អំពីកិច្ចការដែលក្រោយមកនឹងរីកចម្រើនហួសពីការនឹកស្មានរបស់យើង»។
ការរៀបចំកិច្ចការរបស់យើងឡើងវិញនៅទ្វីបអឺរ៉ុប
ដោយសារការប្រាស្រ័យទាក់ទងជាមួយនិស្សិតគម្ពីរនៅប្រទេសក្រៅគឺពិបាកក្នុងអំឡុងសង្គ្រាមលោកលើកទី១ បងរ៉ូធើហ្វឺតចង់លើកទឹកចិត្តបងប្អូនទាំងនេះ និងរៀបចំកិច្ចបម្រើផ្សាយឡើងវិញ។ ដូច្នេះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩២០ គាត់និងបងប្រុសបួននាក់ទៀតបានចេញទៅធ្វើទស្សនកិច្ចអស់រយៈពេលយូរនៅប្រទេសអង់គ្លេស ទ្វីបអឺរ៉ុប និងមជ្ឈិមបូព៌ា។
ពេលបងរ៉ូធើហ្វឺតបានទៅប្រទេសអង់គ្លេស និស្សិតគម្ពីរបានធ្វើមហាសន្និបាតបីនិងកិច្ចប្រជុំសាធារណៈ១២។ តាមការប៉ាន់ស្មាន អ្នកចូលរួមសរុបមានចំនួន៥០.០០០នាក់។ ទស្សនាវដ្ដីប៉មយាមបានសង្ខេបអំពីទស្សនកិច្ចរបស់គាត់ដោយចែងថា៖ «បងប្អូនបានទទួលការលើកទឹកចិត្តនិងមានកម្លាំងចិត្ត។ ពួកគេបានសេពគប់ជាមួយគ្នានិងសហការគ្នា ហើយនោះបានធ្វើឲ្យពួកគេសប្បាយចិត្ត»។ នៅទីក្រុងប៉ារីស បងរ៉ូធើហ្វឺតបានថ្លែងសុន្ទរកថាម្ដងទៀតដែលមានប្រធានថា «មនុស្សរាប់លាននាក់ដែលរស់ឥឡូវនេះនឹងមិនស្លាប់ទេ»។ ពេលសុន្ទរកថាចាប់ផ្ដើម សាលនោះគឺពេញដោយមនុស្សហើយ។ មនុស្ស៣០០នាក់បានសុំព័ត៌មានបន្ថែម។
នៅសប្ដាហ៍បន្តបន្ទាប់ពីនោះ បងប្អូនខ្លះបានទៅលេងក្រុងអាថែន គែរ និងយេរូសាឡិម។ ដើម្បីជួយពួកអ្នកចាប់អារម្មណ៍នៅក្រុងទាំងនោះ បងរ៉ូធើហ្វឺតបានបង្កើតការិយាល័យសាខាមួយនៅក្រុងរ៉ាម៉ាឡា ជិតក្រុងយេរូសាឡិម។ ក្រោយមក គាត់បានត្រឡប់ទៅអឺរ៉ុបវិញ បានស្ថាបនាការិយាល័យអឺរ៉ុបកណ្ដាល ព្រមទាំងបានរៀបចំឲ្យបោះពុម្ពសៀវភៅនៅទីនោះ។
ការបំភ្លឺអំពើអយុត្តិធម៌
នៅខែកញ្ញា ឆ្នាំ១៩២០ និស្សិតគម្ពីរបានបោះពុម្ពផ្សាយទស្សនាវដ្ដីសម័យរុងរឿងលេខ២៧ ជាលេខពិសេសដែលបង្ហាញអំពីការបៀតបៀនដែលនិស្សិតគម្ពីរបានទទួលក្នុងអំឡុងឆ្នាំ១៩១៨។ ម៉ាស៊ីនបោះពុម្ពដែលគេហៅថានាវាចម្បាំងដែលបានត្រូវ
រៀបរាប់ខាងលើ បានបោះពុម្ពទស្សនាវដ្ដីនោះទាំងយប់ទាំងថ្ងៃអស់ជាងបួនលានក្បាល។ទស្សនាវដ្ដីនោះបានរៀបរាប់អំពីអ្វីដ៏ចម្លែកដែលបានកើតឡើងដល់បងស្រីអេមម៉ា ម៉ាធិន។ បងម៉ាធិនជាអ្នកត្រួសត្រាយនៅក្រុងសាន់បឺណាឌីណូ រដ្ឋកាលីហ្វ័រញ៉ា។ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ១៩១៨ គាត់និងបងប្រុសបីនាក់ទៀតគឺបងអេឌវ៉ាដ ហេម បងអេឌវ៉ាដ សុនណិនបឺក និងបងអ៊ី ស្ទីវើន បានចូលរួមកិច្ចប្រជុំតូចមួយនៃនិស្សិតគម្ពីរ។
បុរសម្នាក់ចូលរួមកិច្ចប្រជុំនោះ មិនមែនដោយសារគាត់ចង់រៀនគម្ពីរទេ តែដោយមានគោលបំណងផ្សេង។ ក្រោយមក គាត់និយាយប្រាប់ថា៖ «ខ្ញុំបានទៅកិច្ចប្រជុំនោះ . . . តាមបង្គាប់របស់ការិយាល័យព្រះរាជអាជ្ញា។ ខ្ញុំទៅទីនោះដើម្បីរកភ័ស្តុតាង»។ គាត់បានរកឃើញភ័ស្តុតាងដែលគាត់ត្រូវការ ពោលគឺសៀវភៅការបញ្ចប់សេចក្ដីអាថ៌កំបាំងមួយក្បាល។ ប៉ុន្មានថ្ងៃក្រោយមក បងស្រីម៉ាធិននិងបងប្រុសបីនាក់នោះបានត្រូវគេចាប់ខ្លួន។ ពួកគាត់បានត្រូវជាប់ចោទពីបទចារកម្មដោយចែកចាយសៀវភៅដែលបានត្រូវដាក់បម្រាមនោះ។
បងអេមម៉ានិងបងប្រុសបីនាក់នោះបានត្រូវកាត់ក្ដីថាជាប់ទោស ហើយបានត្រូវកាត់ទោសឲ្យជាប់គុកបីឆ្នាំ។ ដោយសារពួកគាត់លែងអាចលើករឿងក្ដីតទៅទៀត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩២០ ពួកគាត់បានត្រូវបញ្ជូនទៅគុក។ ប៉ុន្តែមិនយូរក្រោយមក ស្ថានភាពរបស់ពួកគាត់បានផ្លាស់ប្ដូរ។
នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩២០ បងរ៉ូធើហ្វឺតបានប្រាប់អំពីបទពិសោធន៍របស់ពួកគាត់នៅមហាសន្និបាតមួយនាក្រុងសានហ្វ្រានស៊ីស្កូ។ អ្នកស្ដាប់ហួសចិត្តចំពោះអ្វីដែលគេប្រព្រឹត្តទៅលើគ្រិស្តសាសនិកទាំងនោះ។ ដូច្នេះ ពួកគេបានផ្ញើទូរលេខទៅប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក។ ពួកគេបានសរសេរថា៖ «យើងចាត់ទុកការដាក់ទោស . . . ចំពោះអ្នកស្រីម៉ាធិន . . . ពីបទចារកម្ម គឺជាអំពើអយុត្តិធម៌។ . . . ការប្រើអំណាចរបស់ពួកអាជ្ញាធរដើម្បី . . . ចាប់ . . . អ្នកស្រីម៉ាធិន . . . ហើយក្រោយមកប្រើរឿងក្ដីនោះដើម្បីកាត់ទោសគាត់ឲ្យជាប់គុក ជាអ្វីដែលយើងចាត់ទុកថា . . . អាក្រក់ក្រៃលែង»។
ភ្លាមៗនៅថ្ងៃបន្ទាប់ពីនោះ ប្រធានាធិបតីវូដ្រូ វិលសុនបានផ្លាស់ប្ដូរការកាត់ទោសចំពោះបងស្រីម៉ាធិននិងបងហេម បងសុនណិនបឺក និងបងស្ទីវើន។ ពួកគាត់បានត្រូវដោះលែងពីការជាប់គុកយ៉ាងអយុត្តិធម៌នោះ។
នៅចុងឆ្នាំ១៩២០ និស្សិតគម្ពីរមានហេតុអរសប្បាយចំពោះអ្វីជាច្រើនដែលបានកើតឡើង។ ពួកគេសប្បាយចិត្តដែលកិច្ចការនៅមន្ទីរចាត់ការបន្តរីកចម្រើន ហើយថាពួកគេផ្សព្វផ្សាយច្រើនជាងមុនថារាជាណាចក្ររបស់ព្រះជាដំណោះស្រាយចំពោះបញ្ហារបស់មនុស្សជាតិ។ (ម៉ាថ. ២៤:១៤) នៅឆ្នាំបន្ទាប់គឺឆ្នាំ១៩២១ ការផ្សព្វផ្សាយអំពីរាជាណាចក្រកាន់តែកើនឡើង។