លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥០

ចូរស្ដាប់សំឡេងរបស់គង្វាលដ៏ល្អប្រសើរ

ចូរស្ដាប់សំឡេងរបស់គង្វាលដ៏ល្អប្រសើរ

​«​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ​»។—យ៉ូន. ១០:១៦

ចម្រៀង​លេខ​៣ ព្រះ​ជា​កម្លាំង ជា​សេចក្ដី​សង្ឃឹម និង​ជា​ទី​ពឹង​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​អ្វី​ប្រហែល​ជា​មូលហេតុ​មួយ​ដែល​លោក​យេស៊ូ​បាន​ប្រដូច​ពួក​អ្នក​កាន់​តាម​លោក​ទៅ​នឹង​ចៀម?

លោក​យេស៊ូ​បាន​ប្រដូច​ចំណង​មិត្តភាព​របស់​លោក​ជា​មួយ​ពួក​អ្នក​កាន់​តាម ទៅ​នឹង​ទំនាក់​ទំនង​ជិត​ស្និទ្ធ​របស់​គង្វាល​ជា​មួយ​នឹង​ចៀម​របស់​គាត់។ (​យ៉ូន. ១០:១៤​) ការ​ប្រដូច​នោះ​គឺ​សម​ត្រឹម​ត្រូវ។ ចៀម​ស្គាល់​គង្វាល​របស់​ពួក​វា ហើយ​ស្ដាប់​តាម​សំឡេង​របស់​គាត់។ នេះ​ជា​អ្វី​ដែល​អ្នក​ទេសចរ​ម្នាក់​បាន​ឃើញ​ផ្ទាល់​ភ្នែក។ គាត់​និយាយ​ថា​៖ ​«​យើង​ចង់​ថត​រូប​ចៀម​ខ្លះ ហើយ​ព្យាយាម​ឲ្យ​ពួក​វា​មក​ជិត​យើង។ ប៉ុន្តែ ពួក​វា​មិន​មក​សោះ ដោយ​សារ​ពួក​វា​មិន​ស្គាល់​សំឡេង​របស់​យើង។ បន្ទាប់​មក ពេល​ក្មេង​ប្រុស​គង្វាល​ម្នាក់​មក ហើយ​បាន​ហៅ​ចៀម​ទាំង​នោះ ភ្លាម​ៗ​ពួក​វា​ក៏​ទៅ​តាម​»។

២​-​៣. (​ក​) តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​កំពុង​ស្ដាប់​សំឡេង​របស់​លោក? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ និង​អត្ថបទ​បន្ទាប់?

បទ​ពិសោធន៍​របស់​អ្នក​ទេសចរ​នោះ​រំលឹក​យើង​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ស្ដី​អំពី​ចៀម​របស់​លោក ពោល​គឺ​ពួក​អ្នក​កាន់​តាម​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ​»។ (​យ៉ូន. ១០:១៦​) ប៉ុន្តែ​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ ដូច្នេះ​តើ​យើង​អាច​ស្ដាប់​សំឡេង​របស់​លោក​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​ធ្វើ​តាម​អ្វី​ដែល​លោក​បង្រៀន​ក្នុង​ជីវិត​របស់​យើង។—ម៉ាថ. ៧:​២៤, ២៥

ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​សេចក្ដី​បង្រៀន​ខ្លះ​របស់​លោក​យេស៊ូ។ ដូច​ដែល​យើង​នឹង​ឃើញ លោក​យេស៊ូ​បាន​បង្រៀន​យើង​ថា យើង​គួរ​ឈប់​ធ្វើ​អ្វី​មួយ​ចំនួន និង​គួរ​ធ្វើ​អ្វី​ផ្សេង​ទៀត។ ដំបូង សូម​យើង​ពិចារណា​អំពី​អ្វី​ពីរ​យ៉ាង​ដែល​គង្វាល​ដ៏​ល្អ​ប្រសើរ​ណែនាំ​យើង​ឲ្យ​ឈប់​ធ្វើ។

​​«​ឈប់​ព្រួយ​បារម្ភ​»​

៤. យោង​ទៅ​តាម​លូកា ១២:២៩ តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​«​ព្រួយ​បារម្ភ​»​?

សូម​អាន លូកា ១២:២៩ លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​«​ឈប់​ព្រួយ​បារម្ភ​»​អំពី​អ្វី​ដែល​ពួក​គេ​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ យើង​ដឹង​ថា​យោបល់​របស់​លោក​យេស៊ូ​គឺ​តែង​តែ​ប្រកប​ដោយ​ប្រាជ្ញា និង​ត្រឹម​ត្រូវ​ជា​និច្ច។ ហេតុ​នេះ​យើង​ចង់​ធ្វើ​តាម​យោបល់​លោក។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​ពិបាក​ធ្វើ​ដូច្នេះ។ ហេតុ​អ្វី?

៥. ហេតុ​អ្វី​បង​ប្អូន​ខ្លះ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ?

  អ្នក​ខ្លះ​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ដូច​ជា​ម្ហូប​អាហារ សម្លៀក​បំពាក់ និង​កន្លែង​ស្នាក់​នៅ។ ពួក​គេ​ប្រហែល​ជា​រស់​នៅ​ប្រទេស​ដែល​ក្រី​ក្រ​និង​មិន​សូវ​សម្បូរ​ការ​ងារ។ ពួក​គេ​ប្រហែល​ជា​ពិបាក​រក​លុយ​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ ឬ​ប្រហែល​ជា​បុគ្គល​ដែល​ធ្លាប់​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន​ស្លាប់ ដូច្នេះ​ក្រុម​គ្រួសារ​គ្មាន​លុយ​ទិញ​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ​ទេ។ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​-​១៩​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ការ​ងារ និង​ប្រាក់​ចំណូល។ (​អទ. ៩:១១​) បើ​យើង​បាន​ជួប​ការ​ពិបាក​ទាំង​នេះ ឬ​ការ​ពិបាក​ផ្សេង​ទៀត តើ​យើង​អាច​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​ឈប់​ព្រួយ​បារម្ភ​យ៉ាង​ដូច​ម្ដេច?

ជា​ជាង​ឲ្យ​ខ្លួន​លិច​លង់​ទៅ​ក្នុង​ការ​ខ្វល់​ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការ សូម​មាន​ទំនុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​៦​-​៨​) *

៦. សូម​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​សាវ័ក​ពេត្រុស​នៅ​ពេល​មួយ។

នៅ​ពេល​មួយ​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​នៅ​លើ​ទូក​នា​សមុទ្រ​កាលីឡេ។ ពេល​នោះ​មាន​ខ្យល់​ព្យុះ​ដ៏​ខ្លាំង​មួយ ហើយ​ពួក​គេ​បាន​ឃើញ​លោក​យេស៊ូ​ដើរ​នៅ​លើ​ទឹក។ ពេត្រុស​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់! បើ​ពិត​ជា​លោក​មែន សូម​ឲ្យ​ខ្ញុំ​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​ផង​»។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ឲ្យ​ពេត្រុស​«​មក​»​ គាត់​បាន​ចេញ​ពី​ទូក ហើយ​«​ដើរ​លើ​ទឹក​ទៅ​ឯ​លោក​យេស៊ូ​»។ សូម​កត់​សម្គាល់​អ្វី​ដែល​បាន​កើត​ឡើង​បន្ទាប់​មក។ ​«​ដោយ​មើល​ទៅ​ខ្យល់​ព្យុះ គាត់​ក៏​ភ័យ​ខ្លាច ហើយ​ពេល​ដែល​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក គាត់​ស្រែក​ឡើង​ថា​៖ ‹លោក​ម្ចាស់! សូម​ជួយ​ខ្ញុំ​ផង!›​»។ ពេល​នោះ លោក​យ​ស៊ូ​បាន​លូក​ដៃ​ទៅ​ចាប់​គាត់ ហើយ​ជួយ​គាត់។ សូម​គិត​អំពី​ចំណុច​មួយ។ ពេល​ដែល​ពេត្រុស​បន្ដ​ផ្ចង់​អារម្មណ៍​មើល​ទៅ​លោក​យេស៊ូ គាត់​អាច​ដើរ​នៅ​លើ​ទឹក​បាន។ ប៉ុន្តែ ពេល​គាត់​មើល​ទៅ​ខ្យល់​ព្យុះ​វិញ គាត់​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ខ្លាច​និង​សង្ស័យ ហើយ​ក៏​លិច​ចុះ​ទៅ​ក្នុង​ទឹក។—ម៉ាថ. ១៤:២៤​-​៣១

៧. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ពេត្រុស?

យើង​អាច​រៀន​ពី​គំរូ​របស់​ពេត្រុស។ ពេល​គាត់​ចេញ​ពី​ទូក ហើយ​ដើរ​នៅ​លើ​សមុទ្រ គាត់​មិន​បាន​រំពឹង​ថា​គាត់​នឹង​ត្រូវ​បង្វែរ​អារម្មណ៍​និង​លិច​ទៅ​ក្នុង​ទឹក​ទេ។ ពេត្រុស​ចង់​បន្ដ​ដើរ​នៅ​លើ​ទឹក​ទៅ​ឯ​លោក​យេស៊ូ។ ប៉ុន្តែ​គាត់​មិន​បាន​បន្ដ​ផ្ចង់​អារម្មណ៍​មើល​លោក​ជា​និច្ច​ទេ។ ពេត្រុស​ត្រូវ​ការ​ជំនឿ​ដើម្បី​ដើរ​នៅ​លើ​ទឹក ដូច​គ្នា​ដែរ​សព្វ​ថ្ងៃ​នេះ​យើង​ត្រូវ​មាន​ជំនឿ​ដើម្បី​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ផ្សេង​ៗ។ បើ​យើង​មិន​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សេចក្ដី​សន្យា​របស់​លោក ជំនឿ​របស់​យើង​អាច​ចុះ​ខ្សោយ គឺ​ហាក់​ដូច​ជា​យើង​លិច​ទៅ​ក្នុង​ទឹក។ ដូច្នេះ មិន​ថា​យើង​មាន​បញ្ហា​ធំ​យ៉ាង​ណា​ក្ដី យើង​ត្រូវ​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​សមត្ថភាព​របស់​លោក​ឲ្យ​ជួយ​យើង។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

៨. តើ​អ្វី​អាច​ជួយ​យើង​មិន​ឲ្យ​ខ្វល់​ខ្វាយ​ច្រើន​ពេក​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង?

ជា​ជាង​ព្រួយ​បារម្ភ​អំពី​បញ្ហា​របស់​យើង យើង​ត្រូវ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ដែលថា លោក​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ បើ​យើង​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត។ (​ម៉ាថ. ៦:៣២, ៣៣​) លោក​តែង​តែ​ធ្វើ​តាម​សេចក្ដី​សន្យា​នេះ។ (​បច. ៨:៤, ១៥, ១៦; ចសព. ៣៧:២៥​) បើ​ព្រះ​យេហូវ៉ា​ថែ​រក្សា​សត្វ​ស្លាប​និង​ផ្កា យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ថា​យើង​នឹង​បាន​អ្វី​បរិភោគ ឬ​បាន​អ្វី​ស្លៀក​ពាក់​ទេ! (​ម៉ាថ. ៦:២៦​-​៣០; ភី. ៤:៦, ៧​) ដូច​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ត​ឪពុក​ម្ដាយ​ឲ្យ​ផ្គត់​ផ្គង់​អ្វី​ដែល​កូន​ត្រូវ​ការ សេចក្ដី​ស្រឡាញ់​ក៏​ជំរុញ​ចិត្ត​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ឲ្យ​ផ្គត់​ផ្គង់​រាស្ត្រ​របស់​លោក។ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង!

៩. តើ​អ្នក​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​ប្ដី​ប្រពន្ធ​មួយ​គូ?

សូម​គិត​អំពី​បទ​ពិសោធន៍​មួយ​ដែល​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​អាច​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បម្រើ​ពេញ​ពេល បាន​បើក​ឡាន​ចាស់​របស់​ពួក​គេ​អស់​ជាង​មួយ​ម៉ោង ដើម្បី​ទៅ​យក​បង​ប្អូន​ស្រី​ខ្លះ​នៅ​មណ្ឌល​ជន​ភៀស​ខ្លួន​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​មួយ។ បង​ប្រុស​ដែល​ជា​ប្ដី​ពន្យល់​ថា​៖ ​«​ក្រោយ​ចប់​កិច្ច​ប្រជុំ យើង​បាន​អញ្ជើញ​បង​ប្អូន​ស្រី​ទាំង​នោះ​ឲ្យ​បរិភោគ​អាហារ​ជា​មួយ​គ្នា។ ប៉ុន្តែ​បន្ទាប់​មក យើង​ស្រាប់​តែ​នឹក​ឃើញ​ថា​យើង​គ្មាន​អាហារ​ឲ្យ​ពួក​គេ​ទេ​»។ តើ​ប្ដី​ប្រពន្ធ​នោះ​បាន​ធ្វើ​អ្វី? បង​ប្រុស​នោះ​បន្ដ​ថា​៖ ​«​ពេល​យើង​ទៅ​ដល់​ផ្ទះ យើង​ឃើញ​មាន​អាហារ​ពីរ​ថង់​នៅ​មុខ​ទ្វារ​ផ្ទះ​របស់​យើង។ យើង​មិន​ដឹង​ថា​អ្នក​ណា​ទុក​វា​នៅ​ទី​នោះ​ទេ តែ​យើង​យល់​ថា​ព្រះ​យេហូវ៉ា​ផ្គត់​ផ្គង់​ពួក​យើង​»។ មួយ​រយៈ​ពេល​ក្រោយ​មក ឡាន​របស់​ពួក​គេ​បាន​ខូច។ ពួក​គេ​ត្រូវ​ការ​ឡាន​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ ប៉ុន្តែ​ពួក​គេ​គ្មាន​លុយ​ជួស​ជុល​វា​ទេ។ ពួក​គេ​បាន​យក​ឡាន​នោះ​ទៅ​កន្លែង​ជួស​ជុល​មួយ​ដើម្បី​ដឹង​ថា​ថ្លៃ​ជួស​ជុល​គឺ​អស់​ប៉ុន្មាន។ ក៏​ប៉ុន្តែ ក្រោយ​មក​មាន​បុរស​ម្នាក់​បាន​មក ហើយ​សួរ​ថា​៖ ​«​តើ​នេះ​ជា​ឡាន​របស់​អ្នក​ណា​គេ?​»។ បង​ប្រុស​យើង​ឆ្លើយ​ថា​នោះ​ជា​ឡាន​របស់​គាត់ តែ​វា​ខូច។ បុរស​នោះ​បាន​តប​ថា​៖ ​«​មិនអី​ទេ ប្រពន្ធ​ខ្ញុំចង់​បាន​ឡាន​បែប​នេះ ហើយ​ពណ៌​ហ្នឹង​តែ​ម្ដង។ តើ​បង​ចង់​លក់វាថ្លៃ​ប៉ុន្មាន?​»។ បង​ប្រុស​យើង​បាន​លក់​ឡាន​របស់​គាត់​ឲ្យ​បុរស​នោះ​ក្នុង​តម្លៃ​ដែល​គាត់​អាច​ទិញ​ឡាន​មួយ​ទៀត​បាន។ គាត់​បាន​និយាយ​ថា​៖ ​«​យើង​ពិត​ជា​សប្បាយ​ណាស់! យើង​ដឹង​ថា​នេះ​មិន​មែន​ចៃដន្យ​ទេ គឺ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង!​»។

១០. តើ​ចម្រៀង​សរសើរ​ព្រះ ៣៧:៥​លើក​ទឹក​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ឈប់​ខ្វល់​ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការ​របស់​យើង?

១០ ពេល​យើង​ស្ដាប់​គង្វាល​ដ៏​ល្អ​ប្រសើរ​របស់​យើង ដោយ​មិន​ព្រួយ​បារម្ភ​ហួស​ហេតុ​ពេក​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ប្រចាំ​ថ្ងៃ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​យើង។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៣៧:៥; ១ពេ. ៥:៧​) សូម​គិត​អំពី​ស្ថានភាព​ដែល​យើង​បាន​ពិចារណា​នៅ​ វគ្គ​ទី​៥។ រហូត​ដល់​សព្វ​ថ្ងៃ ព្រះ​យេហូវ៉ា​ប្រហែល​ជា​បាន​ប្រើ​ប្រមុខ​គ្រួសារ ឬ​ប្រើ​ថៅកែ​ណា​ម្នាក់​ដើម្បី​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង។ ប៉ុន្តែ បើ​ប្រមុខ​ក្រុម​គ្រួសារ​មិន​អាច​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​ទៀត ឬ​បើ​យើង​បាត់​បង់​ការ​ងារ​ធ្វើ យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង​តាម​របៀប​ផ្សេង​ទៀត។ ឥឡូវ សូម​យើង​គិត​អំពី​អ្វី​មួយ​ទៀត​ដែល​គង្វាល​ដ៏​ល្អ​ប្រសើរ​ប្រាប់​យើង​ឲ្យ​ឈប់​ធ្វើ។

​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​»​

យើង​អាច​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​ពួក​គេ (​សូម​មើល​វគ្គ​១១, ១៤​-​១៦​) *

១១. យោង​ទៅ​តាម​ម៉ាថាយ ៧:១, ២ តើ​លោក​យេស៊ូ​បាន​ប្រាប់​យើង​ឲ្យ​ឈប់​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​នេះ​អាច​ជា​ការ​ពិបាក?

១១ សូម​អាន ម៉ាថាយ ៧:១, ២ លោក​យេស៊ូ​ដឹង​ថា​មនុស្ស​គឺ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​អ្នក​ឯ​ទៀត។ នេះ​ជា​មូលហេតុ​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​»។ ទោះ​ជា​យើង​ព្យាយាម​មិន​វិនិច្ឆ័យ​បង​ប្អូន​រួម​ជំនឿ​ក្ដី ពេល​ខ្លះ​យើង​ប្រហែល​ជា​ភ្លាត់​ធ្វើ​ដូច្នេះ។ បើ​យើង​ដឹង​ថា​ពេល​ខ្លះ​យើង​រិះ​គន់​អ្នក​ឯ​ទៀត តើ​យើង​គួរ​ធ្វើ​អ្វី? សូម​ស្ដាប់​លោក​យេស៊ូ ហើយ​ខំ​ប្រឹង​ឈប់​វិនិច្ឆ័យ​ពួក​គេ។

១២​-​១៣. តើ​គំរូ​របស់​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត?

១២ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រំពឹង​គិត​អំពី​គំរូ​របស់​ព្រះ​យេហូវ៉ា។ លោក​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណុច​ល្អ​របស់​យើង។ យើង​អាច​ដឹង​ដូច្នេះ​តាម​រយៈ​របៀប​ដែល​លោក​ប្រព្រឹត្ត​ទៅ​លើ​ស្ដេច​ដាវីឌ ដែល​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ជា​ឧទាហរណ៍ គាត់​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​បាតសេបា ហើយ​ថែម​ទាំង​បាន​សម្លាប់​ប្ដី​របស់​នាង​ទៀត​ផង។ (​២សាំ. ១១:២​-​៤, ១៤, ១៥, ២៤​) ជា​លទ្ធផល ដាវីឌ​មិន​គ្រាន់​តែ​ធ្វើ​ឲ្យ​ខ្លួន​រង​ទុក្ខ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នោះ​ក៏​ប៉ះ​ពាល់​ដល់​ក្រុម​គ្រួសារ​ទាំង​មូល​របស់​គាត់ រួម​ទាំង​ប្រពន្ធ​ឯ​ទៀត​ដែរ។ (​២សាំ. ១២:១០, ១១​) នៅ​ពេល​មួយ​ទៀត ដាវីឌ​មិន​បាន​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​ទាំង​ស្រុង​ទេ។ គាត់​បាន​រាប់​ចំនួន​ទាហាន​អ៊ីស្រាអែល ជា​អ្វី​ដែល​ព្រះ​យេហូវ៉ា​មិន​បាន​បង្គាប់​ឲ្យ​គាត់​ធ្វើ​ឡើយ។ មូលហេតុ​ដែល​គាត់​ធ្វើ​ដូច្នេះ ប្រហែល​ជា​ដោយ​សារ​គាត់​មាន​អំណួត​និង​ទុក​ចិត្ត​ទៅ​លើ​ចំនួន​ទាហាន​របស់​គាត់​ថា​នោះ​អាច​ការ​ពារ​គាត់​បាន។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ពួក​អ៊ីស្រាអែល​ប្រហែល​ជា​៧០.០០០​នាក់​បាន​ស្លាប់​ដោយ​សារ​រោគ​រាត​ត្បាត!—២សាំ. ២៤:១​-​៤, ១០​-​១៥

១៣ បើ​អ្នក​បាន​រស់​នៅ​ស្រុក​អ៊ីស្រាអែល​នា​ពេល​នោះ តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ដាវីឌ? តើ​អ្នក​នឹង​គិត​ថា​ព្រះ​យេហូវ៉ា​មិន​គួរ​អភ័យ​ទោស​ឲ្យ​គាត់​ឬ​ទេ? ព្រះ​យេហូវ៉ា​មិន​គិត​ដូច្នេះ​ឡើយ។ លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភាព​ស្មោះ​ត្រង់​ដែល​ដាវីឌ​បាន​បង្ហាញ​កន្លង​មក​ក្នុង​ជីវិត និង​ការ​ប្រែ​ចិត្ត​ដ៏​ស្មោះ​របស់​គាត់។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ដាវីឌ​ចំពោះ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ទាំង​នោះ។ លោក​ដឹង​ថា​ដាវីឌ​ស្រឡាញ់​លោក​ខ្លាំង​ណាស់ ហើយ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ យើង​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះ​របស់​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ និង​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង មែន​ទេ?—១បស. ៩:៤; ១ប្រ. ២៩:១០, ១៧

១៤. តើ​អ្វី​អាច​ជួយ​គ្រិស្ត​សាសនិក​ឲ្យ​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត?

១៤ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ដូច្នេះ​យើង​ក៏​មិន​គួរ​តម្រូវ​ឲ្យ​អ្នក​ឯ​ទៀត​ល្អ​ឥត​ខ្ចោះ​ដែរ តែ​គួរ​រក​មើល​ចំណុច​ល្អ​របស់​ពួក​គេ​វិញ។ តាម​ធម្មតា យើង​ងាយ​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត ហើយ​រិះ​គន់​ពួក​គេ។ ប៉ុន្តែ បុគ្គល​ដែល​យក​តម្រាប់​ព្រះ​យេហូវ៉ា​ចេះ​ចុះ​សម្រុង​នឹង​អ្នក​ឯ​ទៀត ទោះ​ជា​គាត់​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ​ក៏​ដោយ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ ពេជ្រ​ដែល​មិន​ទាន់​ច្នៃ​ប្រហែល​ជា​មើល​ទៅ​មិន​សូវ​ពិសេស​ឬ​មាន​តម្លៃ​ទេ។ ប៉ុន្តែ​មនុស្ស​ឈ្លាស​វៃ​ចេះ​សម្គាល់​ថា ពេជ្រ​នោះមាន​តម្លៃ​ថ្លៃ​យ៉ាង​ណា​ក្រោយ​ពី​វា​បាន​ត្រូវ​ដុស​ខាត់​រួច​ហើយ។ ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ផ្ដោត​ទៅ​លើ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​អ្នក​ឯ​ទៀត​ទេ។ ផ្ទុយ​ទៅ​វិញ ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ យើង​ផ្ដោត​ទៅ​លើ​ចំណុច​ល្អ ឬ​គុណ​សម្បត្តិ​របស់​ពួក​គេ។

១៥. ហេតុ​អ្វី​ការ​គិត​អំពី​ស្ថានភាព​របស់​អ្នក​ឯ​ទៀត​នឹង​ជួយ​យើង​មិន​ឲ្យ​រិះ​គន់​ពួក​គេ?

១៥ ក្រៅ​ពី​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្តិ​របស់​អ្នក​ឯ​ទៀត តើ​អ្វី​អាច​ជួយ​យើង​មិន​ឲ្យ​រិះ​គន់​ពួក​គេ? សូម​ព្យាយាម​ស្រមៃ​គិត​អំពី​ស្ថានភាព​ជីវិត​របស់​ពួក​គេ។ សូម​គិត​អំពី​គំរូ​មួយ​នេះ​៖ នា​ថ្ងៃ​មួយ​នៅ​វិហារ លោក​យេស៊ូ​បាន​ឃើញ​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់​ដាក់​កាក់​ពីរ​ដែល​មាន​តម្លៃ​តិច​ណាស់​ក្នុង​ប្រដាប់​ដាក់​កាក់​សម្រាប់​ឃ្លាំង​ប្រាក់។ ពេល​ឃើញ​ដូច្នេះ លោក​មិន​បាន​សួរ​ថា ​«​ហេតុ​អ្វី​មិន​ដាក់​ច្រើន​ជាង​នេះ?​»។ ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំនួន​ប្រាក់​ដែល​ស្ត្រី​នោះ​បាន​ឲ្យ លោក​យេស៊ូ​បាន​គិត​អំពី​បំណង​ចិត្ត​និង​ស្ថានភាព​របស់​គាត់ ហើយ​សរសើរ​ស្ត្រី​នោះ​ដែល​គាត់​បាន​ដាក់​វិភាគទាន​អស់​ពី​សមត្ថភាព។—លូក. ២១:១​-​៤

១៦. តើ​យើង​អាច​រៀន​អ្វី​ពី​បទ​ពិសោធន៍​របស់​បង​វឺរ៉ូនីកា?

១៦ បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​វឺរ៉ូនីកា​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​សំខាន់​ឲ្យ​យើង​គិត​អំពី​ស្ថានភាព​ជីវិត​របស់​អ្នក​ឯ​ទៀត។ នៅ​ក្រុម​ជំនុំ​របស់​គាត់ មាន​បង​ស្រី​មេម៉ាយ​ម្នាក់​ដែល​មាន​កូន​ប្រុស​មួយ។ បង​វឺរ៉ូនីកា​បាន​សារភាព​ថា​៖ ​«​មើល​ទៅ​ពីរ​នាក់​ម្ដាយ​កូន​នោះ​មិន​សូវ​ចូល​រួម​កិច្ច​ប្រជុំ​និង​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​ជា​មួយ​ក្រុម​ជំនុំ​ទេ។ ដោយ​ហេតុ​នេះ ខ្ញុំ​បាន​គិត​មិន​ល្អ​អំពី​ពួក​គេ។ ប៉ុន្តែ ក្រោយ​មក​ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​បង​ស្រី​ដែល​មេម៉ាយ​នោះ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ការ​ពិបាក​ផ្សេង​ៗ​ក្នុង​ការ​មើល​ថែ​កូន​ប្រុស​ដែល​ខុស​ប្រក្រតី។ គាត់​ខំ​ប្រឹង​ខ្លាំង​ណាស់​ដើម្បី​ចិញ្ចឹម​ជីវិត ព្រម​ទាំង​ជួយ​កូន​ប្រុស​គាត់​និង​ខ្លួន​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​ព្រះ។ ជួន​កាល ដោយ​សារ​ស្ថានភាព​សុខភាព​របស់​កូន​ប្រុស​គាត់ គាត់​ត្រូវ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ក្រុម​ជំនុំ​ផ្សេង​»។ បង​វឺរ៉ូនីកា​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​ដឹង​ថា​ជីវិត​គាត់​គឺ​ពិបាក​អ៊ីចឹង​ទេ។ ឥឡូវ ខ្ញុំ​ពិត​ជា​ស្រឡាញ់​បង​ស្រី​នេះ និង​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ទាំង​អស់​ដែល​គាត់​ធ្វើ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​»។

១៧. តើ​យ៉ាកុប ២:៨​បង្គាប់​យើង​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៧ តើ​យើង​គួរ​ធ្វើ​អ្វី បើ​យើង​ដឹង​ថា​យើង​បាន​វិនិច្ឆ័យ​បង​ប្អូន​រួម​ជំនឿ? គឺ​សំខាន់​ដែល​យើង​ចាំ​ថា យើង​ត្រូវ​ស្រឡាញ់​បង​ប្អូន​របស់​យើង។ (​សូម​អាន យ៉ាកុប ២:៨) យើង​ក៏​គួរ​អធិដ្ឋាន​យ៉ាង​ស្មោះ​ទៅ​ព្រះ​យេហូវ៉ា ដោយ​អង្វរ​សុំ​លោក​ជួយ​យើង​ឲ្យ​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត។ យើង​អាច​ធ្វើ​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដោយ​ចំណាយ​ពេល​ជា​មួយ​បុគ្គល​ដែល​យើង​ធ្លាប់​គិត​មិន​ល្អ។ យើង​អាច​ណាត់​គាត់​ផ្សព្វ​ផ្សាយ​ឬ​បរិភោគ​អាហារ​ជា​មួយ​គ្នា។ ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​យើង​ស្គាល់​គាត់​កាន់​តែ​ច្បាស់។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​បង​ប្អូន​នោះ យើង​អាច​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ដោយ​រក​មើល​ចំណុច​ល្អ​របស់​គាត់។ យ៉ាង​នេះ យើង​បង្ហាញ​ថា​យើង​ស្ដាប់​និង​ធ្វើ​តាម​បង្គាប់​របស់​គង្វាល​ដ៏​ល្អ​ប្រសើរ​ដែល​ឲ្យ​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត។

១៨. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​កំពុង​ស្ដាប់​សំឡេង​របស់​គង្វាល​ដ៏​ល្អ​ប្រសើរ?

១៨ ដូច​ចៀម​ចេះ​ស្ដាប់​សំឡេង​របស់​គង្វាល​វា ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ស្ដាប់​សំឡេង​របស់​លោក​ដែរ។ បើ​យើង​ខំ​ព្យាយាម​ឈប់​ព្រួយ​បារម្ភ​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​យើង និង​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​ផ្ដល់​ពរ​ដល់​យើង។ មិន​ថា​យើង​នៅ​ក្នុង​«​ហ្វូង​តូច​»​ ឬ​ជា​«​ចៀម​ឯ​ទៀត​»​ក្ដី សូម​យើង​បន្ដ​ស្ដាប់​និង​ធ្វើ​តាម​សំឡេង​របស់​គង្វាល​ដ៏​ល្អ​ប្រសើរ។ (​លូក. ១២:៣២; យ៉ូន. ១០:១១, ១៤, ១៦​) ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អ្វី​ពីរ​យ៉ាង​ដែល​លោក​យេស៊ូ​បង្គាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ។

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គីភាព

^ វគ្គ 5 ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ចៀម​របស់​លោក​នឹង​ស្ដាប់​សំឡេង​របស់​លោក លោក​ចង់​មាន​ន័យ​ថា​ពួក​អ្នក​កាន់​តាម​លោក​នឹង​ស្ដាប់ ហើយ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក​ក្នុង​ជីវិត​របស់​ពួក​គេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​សេចក្ដី​បង្រៀន​ពីរ​របស់​លោក​យេស៊ូ គឺ​ឈប់​ខ្វល់​ខ្វាយ​អំពី​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ និង​ឈប់​វិនិច្ឆ័យ​អ្នក​ឯ​ទៀត។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​យោបល់​ទាំង​នេះ។

^ វគ្គ 51 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​បាត់​បង់​ការ​ងារ មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​របស់​គាត់ និង​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ថ្មី។ បើ​គាត់​មិន​ប្រុង​ប្រយ័ត្ន​ទេ គាត់​អាច​ងាយ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក រហូត​ដល់​គាត់​ឈប់​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត។

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​មក​កិច្ច​ប្រជុំ​យឺត។ ប៉ុន្តែ គាត់​បង្ហាញ​គុណ​សម្បត្តិ​ផ្សេង​ៗ​កាល​ដែល​គាត់​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ ជួយ​មនុស្ស​វ័យ​ចាស់ និង​ថែ​ទាំ​សាល​ប្រជុំ។