លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកចាំឬទេ?

តើអ្នកចាំឬទេ?

តើ​អ្នក​បាន​អាន​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ឆ្នាំ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖

តើ​ឃ្លា​នៅ​យ៉ាកុប ៥:១១ដែល​ចែង​ថា​៖«​ព្រះ​យេហូវ៉ា​មាន​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​»​និង​«​សេចក្ដី​មេត្តា​ករុណា​»​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​យ៉ាង​ដូច​ម្ដេច?

យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​មាន​សេចក្ដី​មេត្តា​ករុណា ដូច្នេះ​លោក​ចង់​អភ័យ​ទោស​ឲ្យ​យើង​ពេល​យើង​ធ្វើ​ខុស។ យ៉ាកុប ៥:១១​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា លោក​ក៏​ចង់​ជួយ​យើង។ ជា​ការ​ល្អ​ឲ្យ​យើង​បង្ហាញ​គុណ​សម្បត្តិ​នេះ​ដូច​លោក។—w២១.០១ ទំ.២១

ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​ប្រមុខភាព?

លោក​បាន​ធ្វើ​ដូច្នេះ ដោយ​សារ​លោក​ស្រឡាញ់​យើង។ ការ​រៀបចំ​នេះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ដ៏​ស្មោះ​ត្រង់​របស់​លោក​មាន​របៀប​រៀប​រយ​និង​សេចក្ដី​សុខ​សាន្ត។ សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ដែល​ធ្វើ​តាម​ការ​រៀបចំ​នេះ ដឹង​ថា​អ្នក​ណា​មាន​ភារកិច្ច​ធ្វើ​ការ​សម្រេច​ចិត្ត និង​នាំ​មុខ​ក្នុង​ការ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ទាំង​នោះ។—w២១.០២ ទំ.៣

ហេតុ​អ្វី​គ្រិស្ត​សាសនិក​គួរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រើ​កម្ម​វិធី​ផ្ញើ​សារ​ក្នុង​គ្រឿង​អេឡិចត្រូនិក?

បើ​បុគ្គល​ណា​ម្នាក់​សម្រេច​ចិត្ត​ប្រើ​កម្ម​វិធី​បែប​នេះ គាត់​ត្រូវ​គិត​ពិចារណា​អំពី​ការ​សេព​គប់។ នេះ​គឺ​កាន់​តែ​ពិបាក​ពេល​ក្រុម​ផ្ញើ​សារ​មាន​គ្នា​ច្រើន​នាក់។ (​១ធី. ៥:១៣​) គាត់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​គាត់​មិន​ប្រាប់​ត​គ្នា​អំពី​រឿង​ដែល​គាត់​មិន​ដឹង​ច្បាស់ ហើយ​ថា​គាត់​មិន​ប្រើ​ប្រាស់​បង​ប្អូន​ធ្វើ​ជា​វិធី​ដើម្បី​រក​លុយ​ឡើយ។—w២១.០៣ ទំ.៣១

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ព្រះ​បាន​ឲ្យ​លោក​យេស៊ូ​រង​ទុក្ខ​និង​ស្លាប់?

មូលហេតុ​ទី​១​គឺ ការ​ដែល​លោក​យេស៊ូ​បាន​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ឈើ បាន​បើក​ឱកាស​ឲ្យ​ជនជាតិ​យូដា​រួច​ពី​បណ្ដាសា​មួយ។ (​កាឡ. ៣:១០, ១៣​) មូលហេតុ​ទី​២​គឺ ព្រះ​យេហូវ៉ា​កំពុង​បង្ហាត់​បង្រៀន​លោក​យេស៊ូ​ឲ្យ​បំពេញ​តួ​នាទី​របស់​លោក​ជា​សម្ដេច​សង្ឃ។ មូលហេតុ​ទី​៣​គឺ ភក្ដី​ភាព​របស់​លោក​យេស៊ូ​រហូត​ដល់​ស្លាប់ បាន​បង្ហាញ​ថា​មនុស្ស​អាច​រក្សា​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះ​ជា​ពួក​គេ​ទទួល​ការ​ល្បង​ល​ខ្លាំង​យ៉ាង​ណា​ក្ដី។ (​យ៉ូប ១:៩​-​១១​)​—w២១.០៤ ទំ.១៦​-​១៧

តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​ពិបាក​ជួប​មនុស្ស​នៅ​តំបន់​ផ្សាយ​របស់​អ្នក?

អ្នក​អាច​ព្យាយាម​ជួប​ពួក​គេ ដោយ​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ពួក​គេ​ទំនង​ជា​នៅ​ផ្ទះ។ អ្នក​ក៏​អាច​សាក​ល្បង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ផ្សេង។ ម្យ៉ាង​ទៀត អ្នក​អាច​ព្យាយាម​ប្រើ​វិធី​ផ្សេង ដូច​ជា​ការ​សរសេរ​សំបុត្រ​ជា​ដើម។—w២១.០៥ ទំ.១៥​-​១៦

តើ​សាវ័ក​ប៉ូល​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​គាត់​និយាយ​ថា​៖«​ដោយ​សារ​ច្បាប់ ខ្ញុំ​បាន​ស្លាប់​ពី​ច្បាប់​»​? (​កាឡ. ២:១៩, កំ.ស.​)

ច្បាប់​ម៉ូសេ​បង្ហាញ​យ៉ាង​ច្បាស់​ថា​មនុស្ស​គឺ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ច្បាប់​នោះ​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ដល់​គ្រិស្ត។ (​កាឡ. ៣:១៩, ២៤​) នេះ​បាន​នាំ​ឲ្យ​ប៉ូល​ទទួល​ស្គាល់​លោក​យេស៊ូ​ជា​គ្រិស្ត។ យ៉ាង​នេះ ប៉ូល​«​បាន​ស្លាប់​ពី​ច្បាប់​»​ ក្នុង​ន័យ​ថា​ច្បាប់​នោះ​លែង​មាន​អំណាច​លើ​គាត់​ទៀត​ហើយ។—w២១.០៦ ទំ.៣១

តើ​ព្រះ​យេហូវ៉ា​បាន​ទុក​គំរូ​អ្វី​ឲ្យ​យើង​ស្ដី​អំពី​ការ​ស៊ូ​ទ្រាំ?

ព្រះ​យេហូវ៉ា​បាន​ស៊ូ​ទ្រាំ​នឹង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក ការ​ប្រឆាំង​ចំពោះ​សិទ្ធិ​គ្រប់​គ្រង​របស់​លោក ការ​បះ​បោរ​នៃ​កូន​ខ្លះ​របស់​លោក ការ​ភូត​ភរ​របស់​មេ​កំណាច ការ​រង​ទុក្ខ​របស់​អ្នក​បម្រើ​លោក ការ​បែក​ពី​មិត្ត​សម្លាញ់​របស់​លោក​ដែល​បាន​ស្លាប់ ការ​សង្កត់​សង្កិន​លើ​មនុស្សជាតិ និង​ការ​បង្ខូច​ផែនដី​ដែល​លោក​បាន​បង្កើត។—w២១.០៧ ទំ.៩​-​១២

តើ​យ៉ូសែប​បាន​ទុក​គំរូ​ល្អ​អ្វី​អំពី​ការ​បង្ហាញ​ចិត្ត​អត់​ធ្មត់?

គាត់​បាន​រង​អំពើ​អយុត្តិធម៌​ពី​បង​ប្អូន​របស់​គាត់។ ជា​លទ្ធផល គាត់​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត ហើយ​ចាប់​ដាក់​គុក​នៅ​ស្រុក​អេហ្ស៊ីប​អស់​ជា​ច្រើន​ឆ្នាំ។—w២១.០៨ ទំ.១២

តើ​ហាកាយ ២:៦​-​៩, ២០​-​២២ប្រកាស​ទុក​ជា​មុន​អំពី​ការ​អង្រួន​អ្វី?

ប្រជា​ជាតិ​នានា​មាន​ប្រតិកម្ម​មិន​ល្អ​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ តែ​មនុស្ស​ជា​ច្រើន​នាក់​បាន​ត្រូវ​ទាញ​នាំ​ឲ្យ​ចូល​ក្នុង​សេចក្ដី​ពិត។ មិន​យូរ​ទៀត ប្រជា​ជាតិ​នានា​នឹង​ត្រូវ​អង្រួន​ជា​លើក​ចុង​ក្រោយ​ដើម្បី​ជា​ការ​បំផ្លាញ។—w២១.០៩ ទំ.១៥​-​១៩

ហេតុ​អ្វី​យើង​មិន​គួរ​ឈប់​ព្យាយាម​បំពេញ​កិច្ច​បម្រើ​ផ្សាយ?

ព្រះ​យេហូវ៉ា​ឃើញ​និង​ពេញ​ចិត្ត​ការ​ខំ​ប្រឹង​របស់​យើង។ បើ​យើង​មិន​រសាយ​ចិត្ត ឬ​ឈប់​ព្យាយាម យើង​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—w២១.១០ ទំ.២៥​-​២៦

តើ​ច្បាប់​លេវី ជំពូក⁠១៩អាច​ជួយ​យើង​ឲ្យ​«​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ត​ទាំង​អស់​»​យ៉ាង​ដូច​ម្ដេច? (​១ពេ. ១:១៥)

ពាក្យ​ក្នុង​ខ​នេះ​ទំនង​ជា​បាន​ត្រូវ​ដក​ស្រង់​ពី​ច្បាប់​លេវី ១៩:២ជំពូក​១៩​លើក​ឡើង​អំពី​របៀប​ផ្សេង​ៗ​ដែល​យើង​អាច​ធ្វើ​តាម​ពេត្រុស​ទី​១ ១:១៥​ក្នុង​ជីវិត​របស់​យើង។—w២១.១២ ទំ.៣​-​៤