លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

តើ​បញ្ញត្តិ​នៅ​ច្បាប់​លេវី ១៩:១៦​ដែល​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​រក​វិធី​សម្លាប់​អ្នក​ឯ​ទៀត​ឡើយ​»​មាន​ន័យ​យ៉ាង​ណា ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​បញ្ញត្តិ​នេះ?

ព្រះ​យេហូវ៉ា​បាន​ប្រាប់​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​ធ្វើ​ជា​មនុស្ស​បរិសុទ្ធ។ ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ លោក​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ដើរ​និយាយ​បង្កាច់​បង្ខូច​អ្នក​ណា​ទេ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​រក​វិធី​សម្លាប់​អ្នក​ឯ​ទៀត​ឡើយ។ ខ្ញុំ​គឺ​យេហូវ៉ា​»។—ចល. ១៩:២, ១៦

ពាក្យ​ដើម​ជា​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​រក​វិធី​»​ ក៏​អាច​បក​ប្រែ​ថា​«​ក្រោក​ឡើង​ប្រឆាំង​»​នឹង​អ្នក​ណា​ម្នាក់។ តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាង​ណា? ឯកសារ​យោង​មួយ​របស់​ជន​ជាតិ​យូដា​អំពី​សៀវ​ភៅ​ច្បាប់​លេវី​ចែង​ថា​៖ ​«​ពាក្យ​នេះ... ពិបាក​យល់ ដោយ​សារ​យើង​ពិបាក​ដឹង​ច្បាស់​ថា​ពាក្យ​នេះ​បង្កប់​អត្ថន័យ​អ្វី​ជា​ភាសា​ហេប្រឺ។ តែយើង​យល់​ថា ន័យ​ត្រង់ ពាក្យ​នេះ​មាន​ន័យ​ថា​‹កុំ​ឈរ​ក្បែរ​ឬ​ជិត›​»។

បណ្ឌិត​ខ្លះ​គិត​ថា​ពាក្យ​នេះ​ជាប់​ទាក់​ទង​នឹង​ខ​១៥​ដែល​ចែង​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ ដោយ​បង្ហាញ​សេចក្ដី​លម្អៀង​ទៅ​លើ​អ្នក​ក្រី​ក្រ ឬ​បង្ហាញ​ការ​យោគ​យល់​ទៅ​លើ​ពួក​អ្នក​មាន​នោះ​ទេ។ អ្នក​រាល់​គ្នា​ត្រូវ​កាត់​ក្ដី​ឲ្យ​អ្នក​ឯ​ទៀត​ដោយ​យុត្តិធម៌​វិញ​»។ (​ចល. ១៩:១៥​) យ៉ាង​នេះ បញ្ញត្តិ​នៅ​ខ​១៦​ដែល​ថា​មិន​ត្រូវ​«​រក​វិធី​»​ឬ​មិន​ត្រូវ​ក្រោក​ឡើង​ប្រឆាំង​នឹង​អ្នក​ណា​ម្នាក់ អាច​មាន​ន័យ​ថា​រាស្ត្រ​របស់​ព្រះ​មិន​ប្រព្រឹត្ត​ដោយ​អយុត្តិធម៌​ក្នុង​តុលាការ ក្នុង​ការ​រក​ស៊ី ឬ​ក្នុង​ក្រុម​គ្រួសារ​ទេ។ ម្យ៉ាង​ទៀត ពួក​គេ​មិន​គួរ​ប្រព្រឹត្ត​មិន​ទៀង​ត្រង់​ដើម្បី​រក​ប្រយោជន៍​ខ្លួន​ឡើយ។ ពិត​មែន​ថា​យើង​មិន​គួរ​ធ្វើ​អ្វី​ទាំង​នេះ តែ​មាន​ការ​ពន្យល់​មួយ​ទៀត​ដែល​សម​ហេតុ​សម​ផល​ជាង ស្ដី​អំពី​អត្ថន័យ​នៃ​ពាក្យ​នៅ​ខ​១៦។

សូម​គិត​អំពី​ពាក្យ​ផ្ដើម​នៃ​ខ​១៦​នេះ។ ព្រះ​បាន​បង្គាប់​រាស្ត្រ​របស់​លោក​មិន​ឲ្យ​និយាយ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត។ សូម​ចាំ​ថា​ទោះ​ជា​ការ​និយាយ​ដើម​គេ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ក្ដី ការ​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត​គឺ​អាក្រក់​ជាង​នេះ​ទៅ​ទៀត។ (​សុភ. ១០:១៩; អទ. ១០:១២​-​១៤; ១ធី​. ៥:១១​-​១៥; យ៉ា. ៣:៦​) តាម​ធម្មតា អ្នក​បង្កាច់​បង្ខូច​និយាយ​កុហក​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ណា​ម្នាក់។ អ្នក​បង្កាច់​បង្ខូច​ប្រហែល​ជា​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ​ដើម្បី​ប្រឆាំង​អ្នក​ណា​ម្នាក់ ទោះ​ជា​ការ​ធ្វើ​ដូច្នេះ​អាច​នាំ​ឲ្យ​បុគ្គល​នោះ​ស្លាប់​ក្ដី។ សូម​នឹក​ចាំ​ថា ពួក​អ្នក​បង្កាច់​បង្ខូច​បាន​និយាយ​កុហក​អំពី​ណាបោត ហើយ​ដោយ​ហេតុ​នេះ​គាត់​បាន​ត្រូវ​គេ​គប់​ដុំ​ថ្ម​សម្លាប់​ដោយ​អយុត្តិធម៌។ (​១បស. ២១:៨​-​១៣​) ដូច្នេះ យើង​ឃើញ​ច្បាស់​ថា​អ្នក​បង្កាច់​បង្ខូច​អាច​រក​វិធី​សម្លាប់​អ្នក​ឯ​ទៀត ដូច​ដែល​បាន​រៀប​រាប់​នៅ​ផ្នែក​ទី​២​នៃ​ច្បាប់​លេវី ១៩:១៦

បុគ្គល​ម្នាក់​ក៏​ប្រហែល​ជា​បង្កាច់​បង្ខូច​បុគ្គល​ម្នាក់​ទៀត ដោយ​សារ​គាត់​ស្អប់​បុគ្គល​នោះ។ យ៉ូហាន​ទី​១ ៣:១៥​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ស្អប់​បង​ប្អូន​ខ្លួន អ្នក​នោះ​ជា​ឃាតករ ហើយ​អ្នក​រាល់​គ្នា​ដឹង​ថា​គ្មាន​ឃាតករ​ណា​នឹង​បាន​ជីវិត​ជា​រៀង​រហូត​ឡើយ​»។ ម្យ៉ាង​ទៀត ក្រោយ​ពី​ព្រះ​បាន​មាន​ប្រសាសន៍​ក្នុង​ខ​១៦​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​រក​វិធី​សម្លាប់​អ្នក​ឯ​ទៀត​ឡើយ​»​ លោក​បាន​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ត្រូវ​ស្អប់​បង​ប្អូន​ខ្លួន​នៅ​ក្នុង​ចិត្ត​ឡើយ​»។—ចល. ១៩:១៧

ដូច្នេះ ពាក្យ​នៅ​ច្បាប់​លេវី ១៩:១៦​ផ្ដល់​យោបល់​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​គ្រិស្ត​សាសនិក។ យើង​ត្រូវ​បដិសេធ​គំនិត​មិន​ល្អ​ណា​ក៏​ដោយ ហើយ​មិន​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត​ឲ្យ​សោះ។ បើ​យើង​បង្កាច់​បង្ខូច​អ្នក​ឯ​ទៀត ដោយ​សារ​យើង​មិន​ចូល​ចិត្ត​គាត់​ឬ​ច្រណែន​គាត់ នោះ​យើង​កំពុង​«​រក​វិធី​»​ត​តាំង ឬ​ក្រោក​ឡើង​ប្រឆាំង​នឹង​គាត់។ នេះ​អាច​ស​ឲ្យ​ឃើញ​ថា​យើង​ស្អប់​គាត់។ គ្រិស្ត​សាសនិក​ត្រូវ​ជៀស​វាង​ស្អប់​អ្នក​ឯ​ទៀត​ជា​ដាច់​ខាត។—ម៉ាថ. ១២:៣៦, ៣៧