លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៥

ចូរ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»

ចូរ«ប្រើគ្រប់ឱកាសឲ្យកើតប្រយោជន៍ច្រើនបំផុត»

​«​ចូរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដិត​ដល់​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន កុំ​ប្រព្រឹត្ត​ដូច​មនុស្ស​ឥត​ប្រាជ្ញា តែ​ប្រព្រឹត្ត​ដូច​មនុស្ស​ដែល​មាន​ប្រាជ្ញា​វិញ ដោយ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—អេភ. ៥:១៥, ១៦

ចម្រៀង​លេខ​៨ ព្រះ​យេហូវ៉ា​ជា​ទី​ពឹង​ពំនាក់​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​យើង​អាច​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

 យើង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​បុគ្គល​ដែល​សំខាន់​ចំពោះ​យើង។ ប្ដី​ប្រពន្ធ​ដែល​មាន​សុភមង្គល​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​គ្នា។ មនុស្ស​វ័យ​ក្មេង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ​របស់​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ទាំង​អស់​គ្នា​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​បង​ប្អូន​រួម​ជំនឿ។ ប៉ុន្តែ​សំខាន់​បំផុត យើង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង។ យើង​អាច​ធ្វើ​ដូច្នេះ ដោយ​អធិដ្ឋាន​ទៅ​លោក អាន​បណ្ដាំ​របស់​លោក ព្រម​ទាំង​រំពឹង​គិត​អំពី​គោល​បំណង​និង​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក។ ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​ជា​ពេល​ដ៏​មាន​តម្លៃ​ណាស់!—ចសព. ១៣៩:១៧

២. តើ​យើង​មាន​ការ​ពិបាក​អ្វី?

ទោះ​ជា​យើង​ចូល​ចិត្ត​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​ក្ដី យើង​មាន​ការ​ពិបាក។ ហេតុ​អ្វី? ពីព្រោះ​យើង​ជាប់​រវល់​នឹង​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​រក​ពេល​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ការ​ងារ ភារកិច្ច​ក្រុម​គ្រួសារ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ចាំ​បាច់​អាច​ស៊ី​ពេល​វេលា​របស់​យើង រហូត​ដល់​យើង​មាន​អារម្មណ៍​ថា​យើង​រវល់​ពេក គ្មាន​ពេល​អធិដ្ឋាន សិក្សា ឬ​រំពឹង​គិត។

៣. តើ​អ្វី​ទៀត​អាច​ស៊ី​ពេល​វេលា​របស់​យើង?

មាន​អ្វី​មួយ​ទៀត​ដែល​អាច​ឆក់​យក​ពេល​វេលា​របស់​យើង។ បើ​យើង​មិន​ប្រយ័ត្ន យើង​អាច​ឲ្យ​សកម្មភាព​ដែល​មិន​ខុស​ស៊ី​ពេល​របស់​យើង រហូត​ដល់​យើង​គ្មាន​ពេល​ចូល​ទៅ​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ យើង​ចូល​ចិត្ត​ការ​កម្សាន្ត ដោយ​សារ​វា​អាច​ជួយ​យើង​ឲ្យ​កម្សាន្ត​ចិត្ត។ ទោះ​ជា​ការ​កម្សាន្ត​ដែល​យើង​ជ្រើស​រើស​ល្អ​ក្ដី យើង​មិន​ចង់​ឲ្យ​វា​ស៊ី​ពេល​វេលា​របស់​យើង​យ៉ាង​ខ្លាំង រហូត​ដល់​យើង​នៅ​សល់​ពេល​បន្តិច​បន្តួច​ដើម្បី​ធ្វើ​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ យើង​ត្រូវ​ចាំ​ថា​ការ​កម្សាន្ត​មិន​មែន​ជា​អ្វី​សំខាន់​បំផុត​ឡើយ។—សុភ. ២៥:២៧; ១ធី. ៤:៨

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​នៅ​ឥឡូវ​នេះ?

នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​សម្រេច​ចិត្ត​ថា​តើ​អ្វី​គឺ​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ប្រើ​ពេល​វេលា​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត ព្រម​ទាំង​អំពី​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ការ​ប្រើ​ពេល​វេលា​របស់​យើង​ដោយ​ប្រាជ្ញា។

ចូរ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ ដោយ​គិត​អំពី​អ្វី​ដែល​សំខាន់​ជាង

៥. តើ​ការ​ពិចារណា​យោបល់​នៅ​អេភេសូរ ៥:១៥​-​១៧​អាច​ជួយ​បុគ្គល​វ័យ​ក្មេង​ឲ្យ​សម្រេច​ចិត្ត​ជ្រើស​យក​មាគ៌ា​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​យ៉ាង​ដូច​ម្ដេច?

សូម​ជ្រើស​រើស​មាគ៌ា​ជីវិត​ដ៏​ល្អ​បំផុត។ មនុស្ស​វ័យ​ក្មេង​ច្រើន​តែ​គិត​ថា​តើ​ពួក​គេ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ជីវិត​ល្អ​បំផុត។ គ្រូ​បង្រៀន និង​សាច់​ញាតិ​ដែល​មិន​មែន​ជា​អ្នក​ជឿ ប្រហែល​ជា​ព្យាយាម​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ទទួល​ការ​អប់រំ​ខ្ពស់​ដើម្បី​មាន​ការ​ងារ​ដែល​បាន​ប្រាក់​ខែ​ច្រើន។ ប៉ុន្តែ​ការ​ទាំង​អស់​នេះ ស៊ី​ពេល​វេលា​របស់​ពួក​គេ​ខ្លាំង​ណាស់។ រីឯ​ឪពុក​ម្ដាយ​និង​មិត្ត​ភក្ដិ​នៅ​ក្នុង​ក្រុម​ជំនុំ ប្រហែល​ជា​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ប្រើ​ជីវិត​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ តើ​អ្វី​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​បំផុត? ពួក​គេ​អាច​អាន​អេភេសូរ ៥:១៥​-​១៧ ព្រម​ទាំង​រំពឹង​គិត​អំពី​ខ​ទាំង​នេះ។ (​សូម​អាន​) ក្រោយ​ពី​ពួក​គេ​អាន ពួក​គេ​អាច​សួរ​ខ្លួន​ថា ‹តើ​អ្វី​ជា​«​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​»​? តើ​ការ​សម្រេច​ចិត្ត​បែប​ណា​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត? តើ​ការ​សម្រេច​ចិត្ត​ណា​អាច​ជួយ​ខ្ញុំ​ឲ្យ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត?›។ សូម​ចាំ​ថា​«​យើង​រស់​នៅ​សម័យ​ដ៏​ទុច្ចរិត​»​ ហើយ​មិន​យូរ​ទៀតពិភព​លោក​ដែល​គ្រប់​គ្រង​ដោយ​សាថាន​នឹង​ត្រូវ​បំផ្លាញ​ចោល។ ហេតុ​នេះ ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​ប្រើ​ជីវិត​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

៦. តើ​ម៉ារៀ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​អ្វី ហើយ​ហេតុ​អ្វី​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាស​វៃ?

ចូរ​គិត​អំពី​អ្វី​ដែល​សំខាន់​ជាង។ ជួន​កាល ការ​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត តម្រូវ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត​រើស​យក​សកម្មភាព​មួយ​រវាង​សកម្មភាព​ពីរ​ដែល​មិន​ខុស។ នេះ​ស​ឲ្យ​ឃើញ​តាម​រយៈ​អ្វី​ដែល​បាន​កើត​ឡើង​ពេល​លោក​យេស៊ូ​ទៅ​លេង​ម៉ារៀ និង​ម៉ាថា។ ម៉ាថា​ច្បាស់​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​មាន​លោក​យេស៊ូ​ជា​ភ្ញៀវ រហូត​ដល់​គាត់​រៀបចំ​ម្ហូប​ជា​ច្រើន​មុខ​សម្រាប់​លោក។ ប៉ុន្តែ ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​គាត់ បាន​ប្រើ​ឱកាស​នេះ​អង្គុយ​នៅ​ជិត​លោក​ម្ចាស់​របស់​គាត់ និង​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក។ អ្វី​ដែល​ម៉ាថា​បាន​ធ្វើ​មិន​ខុស​ទេ ប៉ុន្តែ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ម៉ារៀ​«​បាន​រើស​យក​ចំណែក​ល្អ​បំផុត​»។ (​លូក. ១០:៣៨​-​៤២, កំ.ស.​) យូរ​ៗ​ទៅ ម៉ារៀ​ប្រហែល​ជា​ភ្លេច​ថា​ថ្ងៃ​នោះ​មាន​ម្ហូប​អ្វី​ខ្លះ ប៉ុន្តែ​យើង​អាច​ជឿ​ជាក់​ថា គាត់​មិន​បាន​ភ្លេច​អំពី​អ្វី​ដែល​គាត់​បាន​រៀន​ពី​លោក​យេស៊ូ​ឡើយ។ ដូច​ម៉ារៀ​បាន​ឲ្យ​តម្លៃ​ចំពោះ​ពេល​វេលា​នៅ​ជា​មួយ​លោក​យេស៊ូ យើង​ឲ្យ​តម្លៃ​ចំពោះ​ពេល​វេលា​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា។ តើ​យើង​អាច​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​យ៉ាង​ដូច​ម្ដេច?

ចូរ​ប្រើ​គ្រប់​ឱកាស​ជា​មួយ​ព្រះ​យេហូវ៉ា​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត

៧. ហេតុ​អ្វី​ការ​អធិដ្ឋាន ការ​សិក្សា និង​ការ​រំពឹង​គិត​គឺ​សំខាន់​ណាស់?

យើង​ត្រូវ​យល់​ថា​ការ​អធិដ្ឋាន ការ​សិក្សា​បណ្ដាំ​របស់​ព្រះ និង​ការ​រំពឹង​គិត​គឺ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ ពេល​យើង​អធិដ្ឋាន យើង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ (​ចសព. ៥:៧​) ពេល​យើង​សិក្សា​គម្ពីរ យើង​កំពុង​ទទួល​«​ចំណេះ​អំពី​ព្រះ​»​ដែល​ជា​បុគ្គល​ឈ្លាស​វៃ​បំផុត។ (​សុភ. ២:១​-​៥​) ពេល​យើង​រំពឹង​គិត យើង​ជញ្ជឹង​គិត​អំពី​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​របស់​លោក ព្រម​ទាំង​គោល​បំណង​ដ៏​អស្ចារ្យ​របស់​លោក​ចំពោះ​យើង និង​ចំពោះ​មនុស្សជាតិ។ ច្បាស់​ជា​គ្មាន​អ្វី​ល្អ​ជាង​ការ​ចំណាយ​ពេល​បែប​នេះ មែន​ទេ? តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ប្រើ​គ្រប់​ពេល​វេលា​ដែល​យើង​មាន​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត?

តើ​អ្នក​អាច​រក​កន្លែង​ស្ងាត់​ដើម្បី​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ទេ? (​សូម​មើល​វគ្គ​៨​-​៩​)

៨. តើ​យើង​អាច​រៀន​អ្វី​ពី​របៀប​ដែល​លោក​យេស៊ូ​ប្រើ​ពេល​វេលា​នៅ​តំបន់​ស្ងាត់​ជ្រងំ?

បើ​អាច​ធ្វើ​បាន សូម​រក​កន្លែង​ស្ងាត់​មួយ។ សូម​ពិចារណា​អំពី​គំរូ​របស់​លោក​យេស៊ូ។ មុន​លោក​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក​នៅ​ផែនដី លោក​បាន​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ថ្ងៃ។ (​លូក. ៤:១, ២​) ពេល​នៅ​កន្លែង​ស្ងាត់​នោះ លោក​យេស៊ូ​អាច​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា និង​រំពឹង​គិត​អំពី​បំណង​ប្រាថ្នា​របស់​បិតា​លោក​ចំពោះ​លោក។ ការ​ធ្វើ​ដូច្នេះ​ច្បាស់​ជា​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ការ​ល្បង​ល​ដែល​មិន​យូរ​ក្រោយ​មក​លោក​នឹង​ជួប។ តើ​គំរូ​របស់​លោក​យេស៊ូ​អាច​ជួយ​អ្នក​យ៉ាង​ណា? បើ​អ្នក​រស់​នៅ​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​គ្នា​ច្រើន អ្នក​ប្រហែល​ជា​មិន​តែង​តែ​ស្រួល​រក​កន្លែង​ស្ងាត់​នៅ​ក្នុង​ផ្ទះ​ទេ។ ក្នុង​ករណី​នេះ អ្នក​ប្រហែល​ជា​អាច​រក​កន្លែង​ស្ងាត់​នៅ​ខាង​ក្រៅ​ផ្ទះ។ នេះ​ជា​អ្វី​ដែល​បង​ស្រី​ជូលី​ធ្វើ​ពេល​ដែល​គាត់​ចង់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ គាត់​និង​ប្ដី​របស់​គាត់​រស់​នៅ​ក្នុង​អាផាតមិន​តូច​មួយ​នា​ប្រទេស​បារាំង ដូច្នេះ​ពិបាក​ឲ្យ​គាត់​នៅ​ម្នាក់​ឯង​ដើម្បី​ផ្ចង់​អារម្មណ៍។ បង​ជូលី​ពន្យល់​ថា​៖ ​«​ខ្ញុំ​ទៅ​សួន​រាល់​ថ្ងៃ។ នៅ​ទី​នោះ​ខ្ញុំ​អាច​នៅ​ម្នាក់​ឯង ផ្ចង់​អារម្មណ៍ និង​និយាយ​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា​»។

៩. ទោះ​ជា​លោក​យេស៊ូ​រវល់​យ៉ាង​ណា​ក្ដី តើ​លោក​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​លោក​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​លោក​ជា​មួយ​ព្រះ​យេហូវ៉ា?

ជីវិត​របស់​លោក​យេស៊ូ​គឺ​រវល់​ណាស់។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​នៅ​ផែនដី បណ្ដា​ជន​ទៅ​តាម​លោក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ពួក​គេ​ទាំង​អស់​ចង់​ឲ្យ​លោក​ចំណាយ​ពេល​ជា​មួយ​ពួក​គេ។ នៅ​ពេល​មួយ ​«​អ្នក​នៅ​ក្រុង​[​មួយ​]​ទាំង​អស់ បាន​មក​មូល​គ្នា​នៅ​មាត់​ទ្វារ​ផ្ទះ​តែ​ម្ដង​»​ដើម្បី​ជួប​លោក។ ទោះ​ជា​លោក​យេស៊ូ​រវល់​យ៉ាង​ណា​ក៏​ដោយ លោក​លៃ​ទុក​ពេល ដើម្បី​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា។ មុន​ថ្ងៃ​រះ លោក​បាន​«​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ​»​ដើម្បី​អធិដ្ឋាន​ទៅ​បិតា​លោក។—ម៉ាក. ១:៣២​-​៣៥

១០​-​១១. យោង​ទៅ​តាម​ម៉ាថាយ ២៦:៤០, ៤១ តើ​លោក​យេស៊ូ​បាន​ឲ្យ​យោបល់​ដ៏​សំខាន់​អ្វី​ដល់​ពួក​អ្នក​កាន់​តាម​នៅ​សួន​កេតសេម៉ានី ហើយ​តើ​អ្វី​បាន​កើត​ឡើង?

១០ នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី កាល​ដែល​កិច្ច​បម្រើ​របស់​លោក​ជិត​ដល់​ទី​បញ្ចប់ លោក​បាន​ស្វែង​រក​កន្លែង​ស្ងាត់​ម្ដង​ទៀត​ដើម្បី​រំពឹង​គិត​និង​អធិដ្ឋាន។ លោក​បាន​រក​ឃើញ​កន្លែង​ស្ងាត់​នៅ​សួន​កេតសេម៉ានី។ (​ម៉ាថ. ២៦:៣៦​) នៅ​ពេល​នោះ លោក​យេស៊ូ​បានឲ្យ​យោបល់​ដ៏​សំខាន់​ដល់​ពួក​អ្នក​កាន់​តាម​អំពី​ការ​អធិដ្ឋាន។

១១ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ លោក​យេស៊ូ​និង​ពួក​សាវ័ក​មក​ដល់​សួន​កេតសេម៉ានី​ប្រហែល​ជា​នៅ​រំលង​អធ្រាត្រ។ លោក​បាន​សុំ​ពួក​គេ​ឲ្យ​«​ចាំ​យាម​»​ រួច​លោក​ចេញ​ទៅ​អធិដ្ឋាន។ (​ម៉ាថ. ២៦:៣៧​-​៣៩​) ប៉ុន្តែ កាល​ដែល​លោក​កំពុង​អធិដ្ឋាន ពួក​គេ​បាន​ដេក​លក់។ ពេល​លោក​យេស៊ូ​បាន​ឃើញ​ដូច្នេះ លោក​បាន​ដាស់​តឿន​ពួក​គេ​ម្ដង​ទៀត​ឲ្យ​«​ចាំ​យាម ហើយ​អធិដ្ឋាន​ជា​និច្ច​»។ (​សូម​អាន ម៉ាថាយ ២៦:​៤០, ៤១) លោក​ដឹង​ថា​ពួក​គេ​តាន​តឹង​ចិត្ត​យ៉ាង​ខ្លាំង និង​អស់​កម្លាំង។ លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​អាណិត​មេត្តា ហើយ​ទទួល​ស្គាល់​ថា​«​សាច់​ឈាម​គឺ​ខ្សោយ​ណាស់​»។ លោក​ចេញ​ទៅ​អធិដ្ឋាន​អស់​ពីរ​ដង​ទៀត ហើយ​ពេល​លោក​ត្រឡប់​មក​វិញ លោក​បាន​ឃើញ​ពួក​អ្នក​កាន់​តាម​កំពុង​ដេក​លក់​ជា​ជាង​អធិដ្ឋាន។—ម៉ាថ. ២៦:៤២​-​៤៥

តើ​អ្នក​អាច​លៃ​ទុក​ពេល​អធិដ្ឋាន ពេល​អ្នក​មិន​អស់​កម្លាំង​ពេក​ឬ​ទេ? (​សូម​មើល​វគ្គ​១២​)

១២. តើ​យើង​អាច​ធ្វើ​អ្វី បើ​ជួន​កាល​យើង​តាន​តឹង​ចិត្ត​ពេក​ឬ​អស់​កម្លាំង​ពេក រហូត​ដល់​អធិដ្ឋាន​មិន​បាន?

១២ សូម​ជ្រើស​រើស​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ជួន​កាល យើង​ប្រហែល​ជា​តាន​តឹង​ចិត្ត​ពេក​ឬ​អស់​កម្លាំង​ពេក រហូត​ដល់​ពិបាក​អធិដ្ឋាន។ បើ​អ្នក​ធ្លាប់​មាន​បញ្ហា​នេះ គឺ​មិន​មែន​មាន​តែ​អ្នក​ម្នាក់​ឯង​ទេ។ ដូច្នេះ តើ​អ្នក​អាច​ធ្វើ​អ្វី? បង​ប្អូន​ខ្លះ​ដែល​ច្រើន​តែ​អធិដ្ឋាន​នៅ​ពេល​យប់ យល់​ថា​ការ​អធិដ្ឋាន​នៅ​ពេល​ព្រលប់​ជាង ដែល​ជា​ពេល​មិន​សូវ​អស់​កម្លាំង នោះ​មាន​ប្រយោជន៍។ អ្នក​ខ្លះ​ទៀត យល់​ថា​ឥរិយាបថ​ពេល​អធិដ្ឋាន​ក៏​ជួយ​ដែរ។ ជា​ឧទាហរណ៍ ការ​អង្គុយ ឬ​ការ​លុត​ជង្គង់​ជា​ដើម។ ប៉ុន្តែ ចុះ​យ៉ាង​ណា​បើ​អ្នក​តាន​តឹង​ចិត្ត​ពេក​ឬ​ធ្លាក់​ទឹក​ចិត្ត​ពេក រហូត​ដល់​មាន​អារម្មណ៍​ថា​អធិដ្ឋាន​មិន​បាន? ចូរ​ប្រាប់​អារម្មណ៍​របស់​អ្នក​ទៅ​ព្រះ​យេហូវ៉ា។ អ្នក​អាច​ប្រាកដ​ថា​បិតា​របស់​យើង​ដែល​ប្រកប​ដោយ​មេត្តា​ករុណា​នឹង​យល់។—ចសព. ១៣៩:៤

តើ​អ្នក​អាច​ជៀស​វាង​ពី​ការ​តប​ឆ្លើយ​សារ និង​អ៊ីមែល​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​ឬ​ទេ? (​សូម​មើល​វគ្គ​១៣​-​១៤​)

១៣. តើ​គ្រឿង​អេឡិចត្រូនិក​អាច​រំខាន​ពេល​វេលា​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៣ សូម​កុំ​ឲ្យ​អ្វី​បំបែរ​អារម្មណ៍​ពេល​អ្នក​សិក្សា។ ការ​អធិដ្ឋាន​មិន​មែន​ជា​វិធី​តែ​មួយ​គត់​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ទេ។ ការ​សិក្សា​បណ្ដាំ​របស់​ព្រះ និង​ការ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ក៏​អាច​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​ដែរ។ តើ​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រើ​ពេល​សិក្សា និង​ចូល​រួម​កិច្ច​ប្រជុំ​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​ឬ​ទេ? សូម​សួរ​ខ្លួន​ឯង​ថា ‹តើ​អ្វី​បំបែរ​អារម្មណ៍​ខ្ញុំ​ក្នុង​អំឡុង​កិច្ច​ប្រជុំ ឬ​ពេល​ខ្ញុំ​ព្យាយាម​សិក្សា​បណ្ដាំ​របស់​ព្រះ?›។ តើ​ការ​ទទួល​ទូរស័ព្ទ ឬ​សារ​និង​អ៊ីមែល​តាម​ទូរស័ព្ទ​ឬ​ក៏​តាម​គ្រឿង​អេឡិចត្រូនិក​ផ្សេង​ទៀត ជា​អ្វី​ដែល​បំបែរ​អារម្មណ៍​អ្នក​ឬ? នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​រាប់​ពាន់​លាន​នាក់​មាន​ឧបករណ៍​ទាំង​នេះ។ អ្នក​ស្រាវ​ជ្រាវ​ខ្លះ​និយាយ​ថា ពេល​យើង​ព្យាយាម​ផ្ចង់​អារម្មណ៍ ការ​មាន​ទូរស័ព្ទ​នៅ​ក្បែរ​អាច​បំបែរ​អារម្មណ៍​យើង។ សាស្ត្រាចារ្យ​ខាង​ចិត្ត​វិទ្យា​ម្នាក់​និយាយ​ថា​៖ ​«​ពេល​មាន​ទូរស័ព្ទ​នៅ​ក្បែរ យើង​ចេះ​តែ​ចង់​ដឹង​ថា​អ្នក​នេះ​អ្នក​នោះ​កំពុង​ធ្វើ​អ្វី។ យ៉ាង​នេះ យើង​ពិបាក​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​យើង​កំពុង​ធ្វើ។ អារម្មណ៍​របស់​យើង​មិន​មូល​ទេ​»។ មុន​សន្និបាត និង​មហា​សន្និបាត យើង​ច្រើន​តែ​បាន​ត្រូវ​សុំ​ឲ្យ​ឆែក​មើល​គ្រឿង​អេឡិចត្រូនិក​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​មិន​រំខាន​ដល់​អ្នក​ឯ​ទៀត។ តើ​យើង​អាច​ធ្វើ​ដូច​នេះ​ពេល​យើង​នៅ​ម្នាក់​ឯង ដើម្បី​កុំ​ឲ្យ​គ្រឿង​អេឡិចត្រូនិក​រំខាន​យើង​និង​បង្អាក់​ពេល​វេលា​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា​ឬ​ទេ?

១៤. យោង​ទៅ​តាម​ភីលីព ៤:៦, ៧ តើ​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ឲ្យ​ផ្ចង់​អារម្មណ៍​តាម​របៀប​ណា?

១៤ ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍។ ពេល​អ្នក​កត់​សម្គាល់​ឃើញ​ថា​អ្នក​ចាប់​ផ្ដើម​គិត​អំពី​រឿង​ផ្សេង​កាល​ដែល​អ្នក​កំពុង​សិក្សា​ផ្ទាល់​ខ្លួន ឬ​ចូល​រួម​កិច្ច​ប្រជុំ សូម​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក។ បើ​អ្នក​ព្រួយ​បារម្ភ​ឬ​ខ្វល់​ខ្វាយ អ្នក​ប្រហែល​ជា​មិន​ស្រួល​ឈប់​គិត​អំពី​អ្វី​ទាំង​នោះ និង​ផ្ចង់​អារម្មណ៍​ទៅ​លើ​បណ្ដាំ​របស់​ព្រះ​ទេ។ ប៉ុន្តែ​ការ​ផ្ចង់​អារម្មណ៍​គឺ​សំខាន់​ណាស់។ សូម​អធិដ្ឋាន​សុំ​សេចក្ដី​សុខ​សាន្ត​ដែល​មិន​គ្រាន់​តែ​ការ​ពារ​ចិត្ត​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​ការ​ពារ​«​សមត្ថភាព​រិះ​គិត​»​របស់​អ្នក​ដែរ។—សូម​អាន ភីលីព ៤:៦, ៧

ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​គឺ​មាន​ប្រយោជន៍

១៥. តើ​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​មាន​ប្រយោជន៍​យ៉ាង​ណា?

១៥ បើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​និយាយ​ជា​មួយ​ព្រះ​យេហូវ៉ា ស្ដាប់​លោក និង​គិត​អំពី​លោក អ្នក​នឹង​ទទួល​ប្រយោជន៍​ច្រើន​ក្រៃ​លែង។ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ? ទី​១ អ្នក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ​ជាង។ គម្ពីរ​ប្រាប់​យើង​ថា​៖ ​«​អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ​»។ (​សុភ. ១៣:២០​) ដូច្នេះ បើ​អ្នក​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​ប្រភព​នៃ​ប្រាជ្ញា អ្នក​នឹង​កាន់​តែ​មាន​ប្រាជ្ញា។ ម្យ៉ាង​ទៀត អ្នក​នឹង​កាន់​តែ​យល់​អំពី​របៀប​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត និង​របៀប​ដែល​អ្នក​អាច​ជៀស​វាង​ពី​ការ​សម្រេច​ចិត្ត​មិន​ល្អ​ដែល​ធ្វើ​ឲ្យ​លោក​ឈឺ​ចិត្ត។

១៦. តើ​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​បង្រៀន​ដែល​មាន​ប្រសិទ្ធភាព​យ៉ាង​ដូច​ម្ដេច?

១៦ ទី​២ អ្នក​នឹង​ទៅ​ជា​អ្នក​បង្រៀន​ដ៏​ល្អ​ប្រសើរ​ជាង។ ពេល​យើង​សិក្សា​គម្ពីរ​ជា​មួយ​បុគ្គល​ណា​ម្នាក់ គោល​ដៅ​សំខាន់​បំផុត​មួយ​របស់​យើង​គឺ​ជួយ​សិស្ស​គម្ពីរ​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​កាន់​តែ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ យើង​កាន់​តែ​ស្រឡាញ់​លោក ហើយ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្រៀន​សិស្ស​គម្ពីរ​ឲ្យ​ស្រឡាញ់​លោក​ផង​ដែរ។ សូម​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ លោក​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ដោយ​ប្រើ​ពាក្យ​កក់​ក្ដៅ​និង​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​នោះ​បាន​ជួយ​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ផង​ដែរ។—យ៉ូន. ១៧:២៥, ២៦

១៧. ហេតុ​អ្វី​ការ​អធិដ្ឋាន​និង​ការ​សិក្សា​ជួយ​ពង្រឹង​ជំនឿ​របស់​យើង?

១៧ ទី​៣ ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​មាំ​មួន​ឡើង។ រាល់​ដង​ដែល​យើង​អធិដ្ឋាន​សុំ​ការ​ណែនាំ ការ​សម្រាល​ទុក្ខ ឬ​ការ​គាំទ្រ​ពី​ព្រះ​យេហូវ៉ា ហើយ​ឃើញ​ថា​លោក​តប​ឆ្លើយ នោះ​ជំនឿ​របស់​យើង​កាន់​តែ​មាំ​មួន​ឡើង។ (​១យ៉ូន. ៥:១៥​) តើ​មាន​អ្វី​ទៀត​អាច​ជួយ​ឲ្យ​ជំនឿ​របស់​យើង​កាន់​តែ​មាំ​មួន? គឺ​ការ​សិក្សា​ផ្ទាល់​ខ្លួន។ គម្ពីរ​ចែង​ថា​៖ ​«​ក្រោយ​ពី​ឮ​បណ្ដាំ ទើប​មាន​ជំនឿ​»។ (​រ៉ូម ១០:១៧​) ប៉ុន្តែ ដើម្បី​មាន​ជំនឿ​មាំ​មួន យើង​មិន​គ្រាន់​តែ​ត្រូវ​រៀន​ប៉ុណ្ណោះ​ទេ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ទៀត?

១៨. សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​ដែល​បង្ហាញ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​រំពឹង​គិត។

១៨ យើង​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​កំពុង​រៀន។ សូម​ពិចារណា​អំពី​បទ​ពិសោធន៍​របស់​អ្នក​តែង​ចម្រៀង​សរសើរព្រះ បទ​៧៧។ គាត់​តាន​តឹង​ចិត្ត​ដោយ​សារ​គាត់​មាន​អារម្មណ៍​ថា​គាត់​និង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ជា​ជន​រួម​ជាតិ​របស់​គាត់​លែង​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​រឿង​នោះ រហូត​ដល់​ដេក​មិន​លក់។ (​ខ​២​-​៨​) តើ​គាត់​បាន​ធ្វើ​អ្វី? គាត់​បាន​ប្រាប់​ព្រះ​យេហូវ៉ា​ថា​៖ ​«​ខ្ញុំ​នឹង​រំពឹង​គិត​អំពី​កិច្ច​ការ​ទាំង​អស់​ដែល​លោក​បាន​ធ្វើ ហើយ​ខ្ញុំ​នឹង​ជញ្ជឹង​គិត​អំពី​ស្នា​ដៃ​របស់​លោក​»។ (​ខ​១២​) អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​ដឹង​ច្បាស់​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​រាស្ត្រ​លោក​នៅ​អតីតកាល ប៉ុន្តែ​គាត់​នៅ​តែ​ឆ្ងល់​ថា​៖ ​«​តើ​ព្រះ​ភ្លេច​បង្ហាញ​ចិត្ត​អាណិត​មេត្តា​ឬ​ទេ? ហើយ​តើ​កំហឹង​របស់​លោក​បណ្ដាល​ឲ្យ​លោក​លែង​មាន សេចក្ដី​មេត្តា​ករុណា​ទៀត​ឬ​ទេ?​»។ (​ខ​៩​) អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​រំពឹង​គិត​អំពី​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា និង​ការ​ដែល​លោក​បាន​បង្ហាញ​ចិត្ត​មេត្តា​ករុណា និង​ចិត្ត​អាណិត​អាសូរ​នៅ​អតីតកាល។ (​ខ​១១​) តើ​នោះ​នាំ​ឲ្យ​មាន​លទ្ធផល​យ៉ាង​ណា? អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ទេ។ (​ខ​១៥​) ដូច​គ្នា​ដែរ ជំនឿ​របស់​អ្នក​នឹង​កាន់​តែ​មាំ​មួន​កាល​ដែល​អ្នក​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​រួច​ហើយ​សម្រាប់​រាស្ត្រ​លោក និង​សម្រាប់​អ្នក​ផ្ទាល់។

១៩. តើ​យើង​នឹង​ទទួល​ប្រយោជន៍​អ្វី​ទៀត​ពី​ការ​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា?

១៩ ទី​៤​ហើយ​សំខាន់​បំផុត​គឺ អ្នក​នឹង​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង។ ជាង​គុណ​សម្បត្តិ​ណា​ៗ​ទាំង​អស់ សេចក្ដី​ស្រឡាញ់​នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ធ្វើ​ការ​លះបង់​ដើម្បី​ឲ្យ​លោក​ពេញ​ចិត្ត និង​ស៊ូ​ទ្រាំ​ចំពោះ​ទុក្ខ​លំបាក​នានា។ (​ម៉ាថ. ២២:៣៧​-​៣៩; ១កូ. ១៣:៤, ៧; ១យ៉ូន. ៥:៣​) គ្មាន​អ្វី​ដែល​មាន​តម្លៃ​ជាង​ការ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ទេ!—ចសព. ៦៣:១​-​៨

២០. តើ​អ្នក​ចង់​ធ្វើ​អ្វី​ខ្លះ​ពេល​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា?

២០ សូម​ចាំ​ថា​ការ​អធិដ្ឋាន ការ​សិក្សា និង​ការ​រំពឹង​គិត​គឺ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ ដូច​លោក​យេស៊ូ សូម​ស្វែង​រក​កន្លែង​ស្ងាត់​ដើម្បី​ចំណាយ​ពេល​ជា​មួយ​ព្រះ​យេហូវ៉ា។ សូម​កុំ​ឲ្យ​អ្វី​ដែល​មិន​ចាំ​បាច់​បំបែរ​អារម្មណ៍។ សូម​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​ផ្ចង់​អារម្មណ៍ ពេល​អ្នក​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេង​ៗ​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ បើ​អ្នក​ប្រើ​ពេល​វេលា​របស់​អ្នក​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​នៅ​ឥឡូវ​នេះ ព្រះ​យេហូវ៉ា​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក គឺជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី​របស់​ព្រះ។—ម៉ាក. ៤:២៤

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា

^ ព្រះ​យេហូវ៉ា​ជា​មិត្ត​សម្លាញ់​ដ៏​ល្អ​បំផុត​របស់​យើង។ យើង​ឲ្យ​តម្លៃ​ចំពោះ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក ហើយ​ចង់​ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង។ ការ​ស្គាល់​បុគ្គល​ណា​ម្នាក់​គឺ​ត្រូវ​ការ​ពេល។ នេះ​ក៏​ដូច​គ្នា​ពេល​យើង​ចង់​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ជីវិត​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​រវល់​ណាស់។ ដូច្នេះ តើ​យើង​អាច​លៃ​ទុក​ពេល​ដើម្បី​ចូល​ទៅ​ជិត​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​តាម​របៀប​ណា ហើយ​តើ​យើង​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​ដូច្នេះ?