អត្ថបទសិក្សា ២
ចូររៀនពីប្អូនប្រុសរបស់លោកយេស៊ូ
«យ៉ាកុប ដែលជាខ្ញុំបម្រើរបស់ព្រះនិងរបស់លោកម្ចាស់យេស៊ូគ្រិស្ត»។—យ៉ា. ១:១
ចម្រៀងលេខ៨៨ សូមឲ្យខ្ញុំស្គាល់ផ្លូវរបស់លោក
សេចក្ដីសង្ខេប *
១. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីក្រុមគ្រួសារយ៉ាកុប?
យ៉ាកុបដែលជាប្អូនប្រុសរបស់លោកយេស៊ូ បានធំឡើងក្នុងក្រុមគ្រួសារមួយដែលមានជំនឿរឹងមាំ។ * យ៉ូសែបនិងម៉ារៀដែលជាឪពុកម្ដាយរបស់គាត់ ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់ ហើយខំអស់ពីសមត្ថភាពដើម្បីបម្រើលោក។ យ៉ាកុបក៏មានបងប្រុសដែលបានធំឡើងទៅជាមេស្ស៊ីដែលបានត្រូវសន្យា។ ការធ្វើជាសមាជិកក្រុមគ្រួសារនេះ គឺជាឯកសិទ្ធិពិសេសណាស់សម្រាប់យ៉ាកុប។
២. តើយ៉ាកុបមានមូលហេតុអ្វីខ្លះឲ្យគោរពបងប្រុសគាត់?
២ យ៉ាកុបមានមូលហេតុជាច្រើនឲ្យគោរពបងប្រុសរបស់គាត់។ (ម៉ាថ. ១៣:៥៥) ជាឧទាហរណ៍ ពេលលោកយេស៊ូមានអាយុ១២ឆ្នាំ លោកស្គាល់បទគម្ពីរយ៉ាងច្បាស់ ហើយបានធ្វើឲ្យពួកគ្រូនៅក្រុងយេរូសាឡិមនឹកអស្ចារ្យក្នុងចិត្ត។ (លូក. ២:៤៦, ៤៧) យ៉ាកុបប្រហែលជាបានរួមកិច្ចការជាមួយលោកយេស៊ូជាជាងឈើ។ បើដូច្នេះ គាត់ទំនងជាស្គាល់បងរបស់គាត់យ៉ាងច្បាស់។ បងប្រុសណេថិន ន័រច្រើនតែនិយាយថា៖ «យើងអាចរៀនច្រើនអំពីបុគ្គលណាម្នាក់ ពេលយើងរួមកិច្ចការជាមួយគាត់»។ * ពេលយ៉ាកុបនៅក្មេង គាត់ក៏ទំនងជាបានឃើញថា«កុមារយេស៊ូកាន់តែធំឡើង ហើយមានប្រាជ្ញាកាន់តែច្រើន ថែមទាំងទទួលការពេញចិត្តពីព្រះនិងមនុស្សទៀតផង»។ (លូក. ២:៥២) ដូច្នេះ យើងប្រហែលជាគិតថាយ៉ាកុបនៅក្នុងចំណោមបុគ្គលដំបូងដែលបានទៅជាអ្នកកាន់តាមលោកយេស៊ូ។ ប៉ុន្តែ នេះមិនមែនជាអ្វីដែលបានកើតឡើងឡើយ។
៣. តើយ៉ាកុបមានប្រតិកម្មយ៉ាងណាពេលលោកយេស៊ូបានចាប់ផ្ដើមកិច្ចបម្រើរបស់លោក?
៣ ក្នុងអំឡុងកិច្ចបម្រើរបស់លោកយេស៊ូនៅផែនដី យ៉ាកុបមិនបានទៅជាអ្នកកាន់តាមលោកទេ។ (យ៉ូន. ៧:៣-៥) តាមពិត យ៉ាកុបប្រហែលជានៅក្នុងចំណោម ញាតិសន្ដានដែលបានគិតថាលោកយេស៊ូ«វង្វេងស្មារតី»។ (ម៉ាក. ៣:២១) ម្យ៉ាងទៀត គ្មានអ្វីបញ្ជាក់ថាយ៉ាកុបនៅជាមួយម៉ារៀដែលជាម្ដាយរបស់ពួកគាត់ ពេលលោកយេស៊ូបានស្លាប់នៅលើបង្គោលទារុណកម្មឡើយ។—យ៉ូន. ១៩:២៥-២៧
៤. តើយើងនឹងពិចារណាមេរៀនអ្វីខ្លះ?
៤ ក្រោយមកយ៉ាកុបមានជំនឿលើលោកយេស៊ូ ហើយបានទៅជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំគ្រិស្តសាសនិក។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាមេរៀនពីរដែលយើងអាចរៀនពីយ៉ាកុប៖ (១) មូលហេតុដែលយើងត្រូវរក្សាឲ្យមានចិត្តរាបទាប និង(២) របៀបដែលយើងអាចទៅជាអ្នកបង្រៀនដែលមានប្រសិទ្ធភាព។
ចូររក្សាឲ្យមានចិត្តរាបទាបដូចយ៉ាកុប
៥. តើយ៉ាកុបមានប្រតិកម្មយ៉ាងណាពេលលោកយេស៊ូជួបគាត់ក្រោយពីលោកបានត្រូវប្រោសឲ្យរស់ឡើងវិញ?
៥ តើយ៉ាកុបបានទៅជាអ្នកកាន់តាមដ៏ស្មោះត្រង់របស់លោកយេស៊ូនៅពេលណា? ក្រោយពីលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ «លោកលេចមកជួបយ៉ាកុប រួចជួបសាវ័កទាំងអស់»។ (១កូ. ១៥:៧) ក្រោយពីជួបលោកយេស៊ូ យ៉ាកុបបានទៅជាអ្នកកាន់តាមលោក។ ពេលពួកសាវ័កកំពុងរង់ចាំទទួលឫទ្ធានុភាពបរិសុទ្ធនៅបន្ទប់ខាងលើនាក្រុងយេរូសាឡិម យ៉ាកុបក៏បាននៅទីនោះដែរ។ (សកម្ម. ១:១៣, ១៤) ក្រោយមក យ៉ាកុបបានបម្រើជាសមាជិកគណៈអភិបាលនាសតវត្សរ៍ទី១។ (សកម្ម. ១៥:៦, ១៣-២២; កាឡ. ២:៩) ម្យ៉ាងទៀត មុនឆ្នាំ៦២ គ.ស. ព្រះបានដឹកនាំគាត់ឲ្យសរសេរសំបុត្រមួយទៅកាន់គ្រិស្តសាសនិកដែលបានត្រូវរើសតាំង។ សំបុត្រនោះផ្ដល់ប្រយោជន៍ដល់យើងនៅសព្វថ្ងៃនេះ មិនថាយើងមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ ឬរស់នៅផែនដីក្ដី។ (យ៉ា. ១:១) យោងទៅតាមប្រវត្តិវិទូម្នាក់នៅសតវត្សរ៍ទី១ឈ្មោះយ៉ូសេហ្វឺស យ៉ាកុបបានត្រូវគេប្រហារជីវិតក្រោមបង្គាប់របស់សម្ដេចសង្ឃជនជាតិយូដាម្នាក់ឈ្មោះអាណានាសដែលជាកូនប្រុសអេណាស។ យ៉ាកុបបានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា រហូតដល់គាត់បញ្ចប់កិច្ចបម្រើនៅផែនដី។
៦. តើយ៉ាកុបខុសគ្នាយ៉ាងណាពីពួកអ្នកដឹកនាំសាសនានៅសម័យគាត់?
៦ យ៉ាកុបមានចិត្តរាបទាប។ ហេតុអ្វីយើងអាចនិយាយដូច្នេះ? សូមគិតអំពីភាពខុសគ្នារវាងប្រតិកម្មរបស់យ៉ាកុប និងប្រតិកម្មរបស់ពួកអ្នកដឹកនាំសាសនាជាច្រើនចំពោះលោកយេស៊ូ។ ពេលយ៉ាកុបឃើញភ័ស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថាលោកយេស៊ូជាបុត្ររបស់ព្រះ គាត់បានទទួលយកដោយចិត្តរាបទាប។ រីឯពួកសង្ឃនាយកដែលនៅក្រុងយេរូសាឡិម ពួកគេមិនបានទទួលស្គាល់ដូច្នេះឡើយ។ ជាឧទាហរណ៍ ពួកគេមិនអាចបដិសេធថាលោកយេស៊ូបានប្រោសឡាសាឲ្យរស់ឡើងវិញទេ។ ដូច្នេះពួកគេព្យាយាមសម្លាប់ទាំងលោកយេស៊ូ ទាំងឡាសា។ ពួកគេមិនព្រមទទួលស្គាល់ ថាលោកយេស៊ូជាបុគ្គលដែលព្រះយេហូវ៉ាបានចាត់ឲ្យមកទេ។ (យ៉ូន. ១១:៥៣; ១២:៩-១១) ក្រោយមក ពេលលោកយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ពួកគេព្យាយាមលាក់រឿងនោះពីបណ្ដាជន។ (ម៉ាថ. ២៨:១១-១៥) ដោយសារពួកអ្នកដឹកនាំសាសនាទាំងនេះមានអំណួត ពួកគេបានបដិសេធមេស្ស៊ី។
៧. ហេតុអ្វីយើងត្រូវជៀសវាងពីការមានអំណួត?
៧ មេរៀន: ចូរជៀសវាងពីអំណួតនិងសុខចិត្តទទួលការបង្រៀនពីព្រះយេហូវ៉ា។ ដូចជំងឺអាចធ្វើឲ្យបេះដូងរបស់បុគ្គលណាម្នាក់ពិបាកដំណើរការយ៉ាងត្រឹមត្រូវ អំណួតអាចធ្វើឲ្យយើងពិបាកធ្វើតាមការណែនាំពីព្រះយេហូវ៉ា។ ពួកផារិស៊ីមានអំណួតខ្លាំងដល់ម្ល៉េះ រហូតដល់ពួកគេមិនព្រមទទួលស្គាល់ភ័ស្តុតាងដែលបញ្ជាក់ថាលោកយេស៊ូមានឫទ្ធានុភាពពីព្រះ និងជាបុត្ររបស់លោកឡើយ។ (យ៉ូន. ១២:៣៧-៤០) ការមានអំណួតគឺនាំឲ្យពួកគេអន្តរាយ ដោយសារនោះបានរារាំងពួកគេមិនឲ្យទទួលជីវិតដែលគ្មានទីបញ្ចប់។ (ម៉ាថ. ២៣:១៣, ៣៣) គឺសំខាន់ណាស់ដែលយើងបន្ដឲ្យបណ្ដាំរបស់ព្រះនិងឫទ្ធានុភាពរបស់លោក កែប្រែបុគ្គលិកលក្ខណៈរបស់យើង មានឥទ្ធិពលទៅលើរបៀបគិតគូរ និងការសម្រេចចិត្តរបស់យើង។ (យ៉ា. ៣:១៧) ដោយសារយ៉ាកុបមានចិត្តរាបទាប គាត់សុខចិត្តរៀនពីព្រះយេហូវ៉ា។ ម្យ៉ាងទៀត ដូចដែលយើងនឹងឃើញ យ៉ាកុបទៅជាអ្នកបង្រៀនដ៏ល្អព្រោះគាត់មានចិត្តរាបទាប។
ចូរធ្វើជាអ្នកបង្រៀនដ៏ប៉ិនប្រសប់ដូចយ៉ាកុប
៨. តើអ្វីនឹងជួយយើងឲ្យទៅជាអ្នកបង្រៀនដ៏ល្អ?
៨ យ៉ាកុបមិនបានទទួលការអប់រំខ្ពស់ទេ។ ពួកអ្នកដឹកនាំសាសនានៅសម័យនោះ ច្បាស់ជាបានគិតថាគាត់ជា«ជនសាមញ្ញ ហើយមិនបានរៀនសូត្រ»ដូចសាវ័កពេត្រុសនិងយ៉ូហាន។ (សកម្ម. ៤:១៣) ប៉ុន្តែ យ៉ាកុបបានទៅជាអ្នកបង្រៀនដ៏ប៉ិនប្រសប់។ នេះសឲ្យឃើញក្នុងសៀវភៅគម្ពីរដែលមានឈ្មោះគាត់។ ដូចយ៉ាកុប យើងប្រហែលជាមិនបានទទួលការអប់រំខ្ពស់ទេ។ ទោះជាយ៉ាងនោះក៏ដោយ ដោយមានជំនួយពីឫទ្ធានុភាពរបស់ព្រះយេហូវ៉ា និងការបង្ហាត់បង្រៀនពីអង្គការរបស់លោក យើងក៏អាចទៅជាអ្នកបង្រៀនដ៏ល្អដែរ។ សូមយើងពិចារណាគំរូរបស់យ៉ាកុបស្ដីអំពីការបង្រៀន ហើយទាញយកមេរៀនពីគាត់។
៩. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីរបៀបបង្រៀនរបស់យ៉ាកុប?
៩ យ៉ាកុបមិនបានពន្យល់ស្មុគស្មាញឬប្រើពាក្យពិបាកទេ។ ជាលទ្ធផល អ្នកដែលស្ដាប់គាត់ដឹងអំពីអ្វីដែលពួកគេត្រូវធ្វើ និងរបៀបដែលពួកគេត្រូវធ្វើអ្វីនោះ។ សូមគិតអំពី របៀបសាមញ្ញដែលយ៉ាកុបបានបង្រៀនចំណុចដែលទាក់ទងនឹងគ្រិស្តសាសនិកថាពួកគេមិនគួរគុំកួន ពេលរងអំពើអយុត្តិធម៌។ គាត់បានសរសេរថា៖ «យើងចាត់ទុកពួកអ្នកដែលបានស៊ូទ្រាំថាជាអ្នកមានសុភមង្គល។ អ្នករាល់គ្នាធ្លាប់ឮអំពីការស៊ូទ្រាំរបស់យ៉ូប ក៏ដឹងអំពីពរដែលព្រះយេហូវ៉ាបានឲ្យដល់គាត់ ហើយតាមរយៈការនោះ អ្នកឃើញថាព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា»។ (យ៉ា. ៥:១១) សូមកត់សម្គាល់ថាយ៉ាកុបបានបង្រៀនដោយមានមូលដ្ឋានលើគម្ពីរ។ គាត់បានប្រើបណ្ដាំរបស់ព្រះដើម្បីជួយអ្នកស្ដាប់ឲ្យយល់ថា ព្រះយេហូវ៉ាតែងតែឲ្យពរដល់ពួកអ្នកដែលស្មោះត្រង់ចំពោះលោក ដូចយ៉ូបជាដើម។ យ៉ាកុបបានបង្រៀនអំពីចំណុចនេះដោយប្រើពាក្យសាមញ្ញនិងសមហេតុសមផល។ យ៉ាងនេះ គាត់បានទាក់ទាញចិត្តអ្នកឯទៀតឲ្យផ្ដោតអារម្មណ៍ទៅលើព្រះយេហូវ៉ា មិនមែនខ្លួនគាត់ទេ។
១០. ពេលយើងបង្រៀនអ្នកឯទៀត តើយើងអាចយកតម្រាប់យ៉ាកុបតាមរបៀបណា?
១០ មេរៀន: ចូរបង្រៀនឲ្យស្រួលយល់ ហើយដោយមានមូលដ្ឋានលើបណ្ដាំរបស់ព្រះ។ គោលដៅរបស់យើងមិនមែនឲ្យអ្នកឯទៀតកោតស្ងើចចំពោះចំណេះដឹងរបស់យើងទេ ប៉ុន្តែឲ្យពួកគេកោតស្ងើចចំពោះប្រាជ្ញារបស់ព្រះយេហូវ៉ាវិញ ហើយបង្ហាញថាលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះពួកគេ។ (រ៉ូម ១១:៣៣) យើងអាចសម្រេចគោលដៅនេះដោយតែងតែនិយាយអ្វីដែលមានមូលដ្ឋានលើគម្ពីរ។ ជាឧទាហរណ៍ ជាជាងប្រាប់សិស្សគម្ពីរអំពីអ្វីដែលយើងនឹងធ្វើបើយើងស្ថិតក្នុងស្ថានភាពពួកគេ យើងគួរជួយពួកគេឲ្យគិតអំពីគំរូក្នុងគម្ពីរ ហើយឲ្យយល់អំពីគំនិតនិងអារម្មណ៍របស់ព្រះយេហូវ៉ា។ យ៉ាងនេះ ពួកគេនឹងធ្វើតាមអ្វីដែលពួកគេរៀន ដោយសារពួកគេចង់ធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តមិនមែនយើងឡើយ។
១១. តើគ្រិស្តសាសនិកមួយចំនួននៅសម័យយ៉ាកុបមានការពិបាកអ្វីខ្លះ ហើយតើគាត់បានឲ្យយោបល់អ្វីដល់ពួកគេ? (យ៉ាកុប ៥:១៣-១៥)
១១ យ៉ាកុបជាមនុស្សសមហេតុសមផល។ តាមរយៈសំបុត្ររបស់គាត់ យើងឃើញថាយ៉ាកុបដឹងអំពីការពិបាកដែលគ្រិស្តសាសនិកមាន ហើយគាត់បានផ្ដល់ការណែនាំយ៉ាងច្បាស់ដល់ពួកគេអំពីរបៀបដែលពួកគេអាចយកឈ្នះការពិបាកទាំងនោះ។ ជាឧទាហរណ៍ គ្រិស្តសាសនិកខ្លះយឺតនឹងធ្វើតាមការណែនាំ។ (យ៉ា. ១:២២) ខ្លះទៀត មានចិត្តលម្អៀងទៅខាងអ្នកមាន។ (យ៉ា. ២:១-៣) រីឯខ្លះទៀតមិនចេះទប់អណ្ដាត។ (យ៉ា. ៣:៨-១០) ទោះជាពួកគេមានការពិបាកដ៏ខ្លាំងបែបនេះក្ដី យ៉ាកុបមិនបានគិតថាពួកគេមិនអាចកែប្រែបាននោះទេ។ គាត់បានឲ្យយោបល់ដោយសប្បុរស ប៉ុន្តែចំៗ ហើយបានលើកទឹកចិត្តពួកអ្នកដែលត្រូវការជំនួយឲ្យសុំជំនួយពីអ្នកចាស់ទុំ។—សូមអាន យ៉ាកុប ៥:១៣-១៥
១២. តើយើងអាចរក្សាទស្សនៈត្រឹមត្រូវពេលជួយសិស្សគម្ពីររបស់យើងយ៉ាងដូចម្ដេច?
១២ មេរៀន: ចូរធ្វើជាមនុស្សសមហេតុសមផល និងមានទស្សនៈត្រឹមត្រូវចំពោះអ្នកឯទៀត។ មនុស្សជាច្រើនដែលសិក្សាគម្ពីរជាមួយយើង ប្រហែលជាពិបាកធ្វើតាមយោបល់ក្នុងគម្ពីរ។ (យ៉ា. ៤:១-៤) គឺត្រូវការពេលឲ្យពួកគេកែប្រែគុណវិបត្តិរបស់ខ្លួន ហើយបណ្ដុះគុណសម្បត្តិជាគ្រិស្តសាសនិក។ ដូចយ៉ាកុប យើងត្រូវការចិត្តក្លាហានដើម្បីប្រាប់សិស្សគម្ពីរអំពីអ្វីដែលពួកគេត្រូវកែប្រែក្នុងជីវិត។ យើងក៏ត្រូវរក្សាទស្សនៈត្រឹមត្រូវចំពោះសិស្សគម្ពីររបស់យើង ដោយសារយើងទុកចិត្តថាព្រះយេហូវ៉ានឹងទាញនាំមនុស្សដែលមានចិត្តរាបទាបមកឯលោក ហើយផ្ដល់កម្លាំងឲ្យពួកគេដើម្បីធ្វើការកែប្រែផ្សេងៗ។—យ៉ា. ៤:១០
១៣. យោងទៅតាមយ៉ាកុប ៣:២និងកំណត់សម្គាល់ តើយ៉ាកុបបានទទួលស្គាល់អ្វី?
១៣ យ៉ាកុបបានរក្សាទស្សនៈត្រឹមត្រូវចំពោះខ្លួនឯង។ គាត់មិនគិតថាគាត់សំខាន់ជាងគ្រិស្តសាសនិកឯទៀត ដោយសារគាត់ជាប្អូនប្រុសរបស់លោកយេស៊ូ ឬដោយសារគាត់មានភារកិច្ចសំខាន់ទេ។ យ៉ាកុបបានហៅគ្រិស្តសាសនិកឯទៀតថា៖ «បងប្អូនជាទីស្រឡាញ់»។ (យ៉ា. ១:១៦, ១៩; ២:៥) គាត់មិនព្យាយាមធ្វើឲ្យអ្នកឯទៀតគិតថាគាត់ជាមនុស្សល្អឥតខ្ចោះទេ។ ផ្ទុយទៅវិញ ពេលដែលគាត់និយាយថា៖ «យើង ទាំងអស់គ្នាធ្វើខុសជាញឹកញយ» គាត់បានរួមបញ្ចូលខ្លួនគាត់ដែរ។—សូមអាន យ៉ាកុប ៣:២ និងកំណត់សម្គាល់
១៤. ហេតុអ្វីយើងត្រូវចេះសារភាពថាយើងក៏ចេះធ្វើខុស?
១៤ មេរៀន: សូមចាំថាយើងទាំងអស់គ្នាមានភាពខុសឆ្គង។ យើងមិនត្រូវគិតថាយើងប្រសើរជាងសិស្សគម្ពីររបស់យើងទេ។ ហេតុអ្វី? បើយើងធ្វើឲ្យសិស្សគម្ពីររបស់យើងគិតថាយើងមិនចេះធ្វើខុស គាត់ប្រហែលជានឹងធ្លាក់ទឹកចិត្ត ដោយគិតថាគាត់មិនអាចស្ដាប់បង្គាប់ព្រះយេហូវ៉ាយ៉ាងដិតដល់ទេ។ ប៉ុន្តែ បើយើងសារភាពដោយស្មោះថា ពីមុនយើងមិនតែងតែស្រួលធ្វើតាមគោលការណ៍គម្ពីរ ហើយពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយយើងឲ្យយកឈ្នះការពិបាករបស់យើង នោះយើងនឹងជួយគាត់ឲ្យយល់ថា គាត់ក៏អាចបម្រើព្រះយេហូវ៉ាបានដែរ។
១៥. តើអ្នកនឹងរៀបរាប់យ៉ាងណាអំពីឧទាហរណ៍ដែលយ៉ាកុបបានប្រើ? (យ៉ាកុប ៣:២-៦, ១០-១២)
១៥ យ៉ាកុបបានប្រើឧទាហរណ៍ដែលមានឥទ្ធិពលទៅលើចិត្តរបស់មនុស្ស។ គាត់ច្បាស់ជាបានទទួលជំនួយពីឫទ្ធានុភាពបរិសុទ្ធរបស់ព្រះ ប៉ុន្តែគាត់ក៏ទំនងជាបានរៀនច្រើនអំពីរបៀបបង្រៀន ដោយសិក្សាអំពីឧទាហរណ៍ដែលបងប្រុសរបស់គាត់លោកយេស៊ូបានប្រើ។ ក្នុងសំបុត្ររបស់យ៉ាកុប គាត់បានប្រើឧទាហរណ៍ដែលស្រួលយល់ និងមានមេរៀនច្បាស់លាស់។—សូមអាន យ៉ាកុប ៣:២-៦, ១០-១២
១៦. ហេតុអ្វីយើងគួរប្រើឧទាហរណ៍ដែលមានប្រសិទ្ធភាព?
១៦ មេរៀន: សូមប្រើឧទាហរណ៍ដែលមានប្រសិទ្ធភាព។ ពេលអ្នកប្រើឧទាហរណ៍ដែលសមរម្យ អ្នកជួយមនុស្សឲ្យចេះស្រមៃឃើញអ្វីដែលអ្នកកំពុងបង្រៀន។ ការស្រមៃឃើញទាំងនេះ ជួយអ្នកស្ដាប់ឲ្យចាំសេចក្ដីពិតដ៏សំខាន់ក្នុងគម្ពីរ។ លោកយេស៊ូពូកែប្រើឧទាហរណ៍ដែលមានប្រសិទ្ធភាព ហើយយ៉ាកុបដែលជាប្អូនប្រុសរបស់លោកបានធ្វើតាមគំរូរបស់លោក។ សូមយើងពិចារណាឧទាហរណ៍មួយរបស់យ៉ាកុប និងមូលហេតុដែលឧទាហរណ៍នោះមានប្រសិទ្ធភាព។
១៧. ហេតុអ្វីឧទាហរណ៍នៅយ៉ាកុប ១:២២-២៥ មានប្រសិទ្ធភាពម្ល៉េះ?
១៧ សូមអាន យ៉ាកុប ១:២២-២៥។ ឧទាហរណ៍របស់យ៉ាកុបអំពីការឆ្លុះមុខក្នុងកញ្ចក់គឺមានប្រសិទ្ធភាព។ យ៉ាកុបចង់បង្រៀនមេរៀនចំៗក្នុងឧទាហរណ៍នេះ ពោលគឺដើម្បីទទួលប្រយោជន៍ យើងមិនគ្រាន់តែត្រូវអានបណ្ដាំរបស់ព្រះប៉ុណ្ណោះទេ តែយើងក៏ត្រូវអនុវត្តតាមអ្វីដែលយើងអានដែរ។ យ៉ាកុបបានប្រើឧទាហរណ៍ដែលអ្នកស្ដាប់ឆាប់យល់ គឺមនុស្សម្នាក់ឆ្លុះកញ្ចក់។ តើគាត់ចង់បង្រៀនអ្វី? បើមនុស្សម្នាក់ឆ្លុះមុខក្នុងកញ្ចក់ ហើយឃើញថាគាត់មានអ្វីខ្លះដែលត្រូវកែ ប្រែ តែគាត់មិនធ្វើអ្វីសោះ នោះគឺជាការល្ងង់ខ្លៅ។ ស្រដៀងគ្នាដែរ បើយើងអានបណ្ដាំរបស់ព្រះ ហើយឃើញថាយើងមានបុគ្គលិកលក្ខណៈដែលត្រូវកែប្រែ តែមិនធ្វើអ្វីសោះ នោះគឺជាការល្ងង់ខ្លៅ។
១៨. តើយើងត្រូវធ្វើតាមចំណុចបីយ៉ាងអ្វីពេលប្រើឧទាហរណ៍?
១៨ ពេលប្រើឧទាហរណ៍ អ្នកអាចធ្វើតាមគំរូរបស់យ៉ាកុបតាមរបៀបបីយ៉ាង៖ (១) ធ្វើឲ្យប្រាកដថាឧទាហរណ៍ស៊ីគ្នានឹងចំណុចដែលអ្នកកំពុងពិគ្រោះ។ (២) ប្រើឧទាហរណ៍ដែលអ្នកស្ដាប់ងាយយល់។ (៣) បញ្ជាក់មេរៀននៃឧទាហរណ៍ឲ្យបានច្បាស់។ បើអ្នកពិបាករកឧទាហរណ៍ដែលសមត្រឹមត្រូវ សូមមើលប្រអប់ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០២ ទំព័រ១៨ ដែលមានឧទាហរណ៍មួយចំនួនដែលអ្នកអាចប្រើ។ ប៉ុន្តែ សូមចាំថាឧទាហរណ៍ប្រៀបដូចជាមេក្រូ ពោលគឺវានឹងធ្វើឲ្យមេរៀនដែលអ្នកកំពុងបង្រៀនលេចធ្លោ។ ដូច្នេះ សូមធ្វើឲ្យប្រាកដថាអ្នកប្រើឧទាហរណ៍សម្រាប់តែចំណុចសំខាន់ដែលអ្នកចង់បង្រៀនប៉ុណ្ណោះ។ មូលហេតុសំខាន់ដែលយើងចង់បង្កើនប្រសិទ្ធភាពក្នុងការបង្រៀន គឺមិនមែនដើម្បីទាក់ទាញចិត្តអ្នកស្ដាប់ឲ្យផ្ដោតអារម្មណ៍មកលើយើងទេ ប៉ុន្តែដើម្បីជួយមនុស្សឲ្យបានច្រើនបំផុតទៅជាសមាជិកក្រុមគ្រួសារដ៏សប្បាយរបស់ព្រះយេហូវ៉ា។
១៩. តើយើងបង្ហាញថាយើងស្រឡាញ់បងប្អូនរួមជំនឿយ៉ាងដូចម្ដេច?
១៩ យើងមិនមានឯកសិទ្ធិធំឡើងជាមួយបងប្រុសដ៏ល្អឥតខ្ចោះទេ ប៉ុន្តែយើងមានឯកសិទ្ធិបម្រើព្រះយេហូវ៉ាជាមួយបងប្អូនរួមជំនឿដែលប្រៀបដូចជាក្រុមគ្រួសារដ៏ធំ។ យើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះពួកគេដោយសេពគប់ជាមួយពួកគេ រៀនពីពួកគេ និងដោយសហការជាមួយពួកគេក្នុងកិច្ចការផ្សព្វផ្សាយនិងបង្រៀន។ ពេលយើងព្យាយាមមានទស្សនៈដូចយ៉ាកុប ហើយធ្វើតាមគំរូរបស់គាត់ក្នុងការប្រព្រឹត្ត និងវិធីបង្រៀនរបស់យើង យើងនាំឲ្យព្រះយេហូវ៉ាទទួលកិត្តិយស ហើយយើងជួយមនុស្សដែលមានចិត្តស្មោះឲ្យចូលកាន់តែជិតបិតារបស់យើងនៅស្ថានសួគ៌ដែលប្រកបដោយសេចក្ដីស្រឡាញ់។
ចម្រៀងលេខ១១៤ ‹ចូរមានចិត្តអត់ធ្មត់›
^ យ៉ាកុបបានធំឡើងក្នុងក្រុមគ្រួសារជាមួយលោកយេស៊ូ។ គាត់ស្គាល់បុត្រដ៏ល្អឥតខ្ចោះរបស់ព្រះច្រើនជាងមនុស្សភាគច្រើននៅសម័យនោះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីជីវិត និងការបង្រៀនរបស់ប្អូនប្រុសលោកយេស៊ូ ដែលបានទៅជាសសរមួយនៃក្រុមជំនុំគ្រិស្តសាសនិកនាសតវត្សរ៍ទី១។
^ ទោះជាយ៉ាកុបជាប្អូនប្រុសរបស់លោកយេស៊ូក្ដី ពួកគាត់មានម្ដាយតែមួយ ឪពុកទីទៃ។ គាត់ទំនងជាបុគ្គលដែលបានសរសេរសៀវភៅគម្ពីរដែលមានឈ្មោះថាយ៉ាកុប។
^ បងណេថិន ន័រជាអតីតសមាជិកគណៈអភិបាល។ គាត់បានបញ្ចប់កិច្ចបម្រើនៅផែនដីនាឆ្នាំ១៩៧៧។
^ ការពណ៌នាអំពីរូបភាព: យ៉ាកុបបានប្រើឧទាហរណ៍ដ៏ស្រួលយល់អំពីភ្លើងដ៏តូចមួយ ដើម្បីបញ្ជាក់អំពីបញ្ហាដែលមកពីការមិនចេះទប់អណ្ដាត។