លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣

តើយើងអាចរៀនអ្វីពីការដែលលោកយេស៊ូស្រក់ទឹកភ្នែក?

តើយើងអាចរៀនអ្វីពីការដែលលោកយេស៊ូស្រក់ទឹកភ្នែក?

​‹លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក›។—យ៉ូន. ១១:៣៥

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

សេចក្ដី​សង្ខេប *

១​-​៣. តើ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​រឿង​អ្វី​ខ្លះ?

 ថ្មី​ៗ​នេះ តើ​អ្នក​យំ​នៅ​ពេល​ណា? ជួន​កាល យើង​យំ​ដោយ​សារ​យើង​រំភើប​ចិត្ត​ពេក។ ប៉ុន្តែ​ភាគ​ច្រើន យើង​យំ​ដោយ​សារ​យើង​មាន​ទុក្ខ​ព្រួយ។ ជា​ឧទាហរណ៍ យើង​យំ​នៅ​ពេល​ដែល​យើង​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់។ បង​ស្រី​ម្នាក់​ឈ្មោះ​ឡូរីឡេ *នៅ​សហរដ្ឋ​អាម៉េរិក បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​កើត​ទុក្ខ​ជា​ខ្លាំង​ពេល​កូន​ស្រី​របស់​ខ្ញុំ​ស្លាប់ រហូត​ដល់​ខ្ញុំ​គិត​ថា​គ្មាន​អ្វី​អាច​សម្រាល​ទុក្ខ​ខ្ញុំ​បាន​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស៊ូ​ទ្រាំ​មិន​បាន​ទេ​»។

យើង​ប្រហែល​ជា​ស្រក់​ទឹក​ភ្នែក​ដោយ​មូលហេតុ​ផ្សេង​ទៀត។ ជា​ឧទាហរណ៍ បង​ស្រី​ហ៊ីរ៉ូមី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​ប្រទេស​ជប៉ុន និយាយ​ថា​៖ ​«​ជួន​កាល​ខ្ញុំ​ពិបាក​ចិត្ត ដោយ​សារ​មនុស្ស​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ឲ្យ មិន​ចាប់​អារម្មណ៍​ស្ដាប់​ដំណឹង​អំពី​គម្ពីរ។ ពេល​ខ្លះ ខ្ញុំ​អធិដ្ឋាន​ទាំង​ស្រក់​ទឹក​ភ្នែក​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​រក​ឃើញ​បុគ្គល​ណា​ម្នាក់​ដែល​កំពុង​ស្វែង​រក​សេចក្ដី​ពិត​»។

តើ​អ្នក​អាច​យល់​អារម្មណ៍​របស់​បង​ប្អូន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ឬ​ទេ? យើង​ជា​ច្រើន​នាក់​អាច​យល់​អារម្មណ៍​ទាំង​នេះ។ (​១ពេ. ៥:៩​) យើង​ចង់​«​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អំណរ​»​ ប៉ុន្តែ​យើង​ប្រហែល​ជា​បម្រើ​លោក​ដោយ​ស្រក់​ទឹក​ភ្នែក ដោយ​សារទុក្ខ​សោក ការ​ធ្លាក់​ទឹក​ចិត្ត ឬ​បញ្ហា​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ។ (​ចសព. ៦:៦; ១០០:២​) ដូច្នេះ តើ​យើង​អាច​ធ្វើ​អ្វី​ពេល​ដែល​យើង​មាន​អារម្មណ៍​បែប​នេះ?

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​អាច​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ។ ជួន​កាល លោក​ក៏​ជួប​រឿង​ផ្សេង​ៗ​ដែល​ធ្វើ​ឲ្យ​លោក​«​ស្រក់​ទឹក​ភ្នែក​»។ (​យ៉ូន. ១១:៣៥; លូក. ១៩:៤១; ២២:៤៤; ហេ. ៥:៧​) សូម​យើង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ព្រឹត្តិការណ៍​ទាំង​នោះ។ យ៉ាង​នេះ យើង​នឹង​ឃើញ​មេ​រៀន​ដែល​យើង​អាច​រៀន។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ពេល​យើង​ជួប​បញ្ហា​ដែល​នាំ​ឲ្យ​យើង​យំ។

ស្រក់​ទឹក​ភ្នែក​ដោយ​សារ​មិត្ត​សម្លាញ់​របស់​លោក

ដូច​លោក​យេស៊ូ ចូរ​គាំទ្រ​ពួក​អ្នក​ដែល​កើត​ទុក្ខ (​សូម​មើល​វគ្គ​៥​-​៩​) *

៥. តើ​យើង​រៀន​អ្វី​អំពី​លោក​យេស៊ូ​ពី​កំណត់​ហេតុ​នៅ​យ៉ូហាន ១១:​៣២​-​៣៦?

នៅ​រដូវ​រងារ​នា​ឆ្នាំ​៣២ គ.ស. ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​បាន​ធ្លាក់​ខ្លួន​ឈឺ ហើយ​ស្លាប់។ (​យ៉ូន. ១១:៣, ១៤​) ឡាសា​មាន​បង​ស្រី​ពីរ​នាក់​ឈ្មោះ​ម៉ារៀ​និង​ម៉ាថា ហើយ​លោក​យេស៊ូ​ស្រឡាញ់​ក្រុម​គ្រួសារ​នេះ​ខ្លាំង​ណាស់។ ម៉ារៀ​និង​ម៉ាថា​កើត​ទុក្ខ​ជា​ពន់​ពេក ដោយ​សារ​ប្អូន​ប្រុស​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ ក្រោយ​ពី​ឡាសា​ស្លាប់ លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​ទៅ​បេថានី ជា​ភូមិ​ដែល​ម៉ារៀ​និង​ម៉ាថា​រស់​នៅ។ ពេល​ម៉ាថា​បាន​ឮ​ថា​លោក​យេស៊ូ​មក គាត់​ប្រញាប់​រត់​ទៅ​ជួប​លោក។ សូម​ស្រមៃ​គិត​ថា​គាត់​មាន​អារម្មណ៍​ឈឺ​ចាប់​យ៉ាង​ណា ពេល​គាត់​និយាយ​ទៅ​កាន់​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​នឹង​មិន​ស្លាប់​ទេ​»។ (​យ៉ូន. ១១:២១​) មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ឃើញ​ម៉ារៀ​និង​អ្នក​ឯ​ទៀត​កំពុង​យំ លោក​ក៏​«​ស្រក់​ទឹក​ភ្នែក​»។—សូម​អាន យ៉ូហាន ១១:៣២​-​៣៦

៦. ហេតុ​អ្វី​លោក​យេស៊ូ​យំ​នៅ​ពេល​នោះ?

ហេតុ​អ្វី​លោក​យេស៊ូ​យំ​នៅ​ពេល​នោះ? សៀវភៅ​ការ​យល់​ធ្លុះ​ជ្រៅ​នឹង​បទ​គម្ពីរ​ជា​ភាសា​អង់គ្លេស ឆ្លើយ​ថា​៖ ​«​ការ​ស្លាប់​របស់​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ និង​ទុក្ខ​សោក​របស់​បង​ស្រី​ៗ​ឡាសា បាន​ធ្វើ​ឲ្យ​លោក​‹មាន​ចិត្ត​ក្ដុក​ក្ដួល ក៏​ស្រក់​ទឹក​ភ្នែក›​»។ លោក​យេស៊ូ​ប្រហែល​ជា​បាន​គិត​អំពី​ការ​ឈឺ​ចាប់​របស់​ឡាសា​ជា​មិត្ត​សម្លាញ់​របស់​លោក​ក្នុង​អំឡុង​ពេល​ដែល​គាត់​ឈឺ និង​អារម្មណ៍​របស់​ឡាសា​ពេល​ដែល​គាត់​ដឹង​ថា​ខ្លួន​ជិត​ផុត​ដង្ហើម​ទៅ។ លោក​យេស៊ូ​ក៏​ច្បាស់​ជា​ស្រក់​ទឹក​ភ្នែក ពេល​ដែល​ឃើញ​ម៉ារៀ​និង​ម៉ាថា​កើត​ទុក្ខ ដោយ​ព្រោះ​ប្អូន​ប្រុស​របស់​ពួក​គាត់​បាន​ស្លាប់។ បើ​អ្នក​បាន​បាត់​បង់​មិត្ត​ជិត​ស្និទ្ធ ឬ​សមាជិក​ណា​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​ដោយ​សារ​សេចក្ដី​ស្លាប់ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​ស្រដៀង​នឹង​នេះ​ដែរ។ សូម​ពិចារណា​មេ​រៀន​បី​ដែល​អ្នក​អាច​រៀន​ពី​ព្រឹត្តិការណ៍​នោះ។

៧. តើ​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​ដោយ​ព្រោះ​មិត្ត​សម្លាញ់​របស់​លោក បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​អ្នក។ លោក​យេស៊ូ​«​មាន​បុគ្គលិក​លក្ខណៈ​ដូច​[​បិតា​របស់​លោក​]​ទាំង​ស្រុង​»។ (​ហេ. ១:៣​) ដូច្នេះ ពេល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក លោក​បង្ហាញ​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា។ (​យ៉ូន. ១៤:៩​) បើ​អ្នក​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ដោយ​សារ​ស្លាប់ អ្នក​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​មិន​គ្រាន់​តែ​ឃើញ​ពី​ទុក្ខ​សោក​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​ក៏​អាណិត​អាសូរ​ចំពោះ​អ្នក​ដែរ។ ព្រះ​យេហូវ៉ា​ចង់​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​អ្នក។—ចសព. ៣៤:១៨; ១៤៧:៣

៨. ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​លោក​យេស៊ូ​នឹង​ប្រោស​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ឲ្យ​រស់​ឡើង​វិញ?

លោក​យេស៊ូ​ចង់​ប្រោស​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ឲ្យ​រស់​ឡើង​វិញ។ បន្តិច​មុន​លោក​យេស៊ូ​យំ លោក​បាន​ពង្រឹង​កម្លាំង​ចិត្ត​ម៉ាថា​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ ម៉ាថា​បាន​ជឿ​លោក​យេស៊ូ។ (​យ៉ូន. ១១:២៣​-​២៧​) ដោយ​សារ​ម៉ាថា​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា គាត់​ដឹង​ថា​អេលីយ៉ា​និង​អេលីសេ​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​នៅ​សម័យ​បុរាណ។ (​១បស. ១៧:១៧​-​២៤; ២បស. ៤:​៣២​-​៣៧​) ម្យ៉ាង​ទៀត ម៉ាថា​ទំនង​ជា​បាន​ឮ​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ (​លូក. ៧:១១​-​១៥; ៨:៤១, ៤២, ៤៩​-​៥៦​) អ្នក​ក៏​អាច​ជឿ​ជាក់​ថា​អ្នក​នឹង​ជួប​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​អ្នក​ដែល​បាន​ស្លាប់ ម្ដង​ទៀត។ ការ​ស្រក់​ទឹក​ភ្នែក​របស់​លោក​យេស៊ូ​ពេល​ដែល​លោក​សម្រាល​ទុក្ខ​មិត្ត​សម្លាញ់​របស់​លោក​ដែល​កើត​ទុក្ខ​ក្រៀម​ក្រំ ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា លោក​ចង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ!

៩. ដូច​លោក​យេស៊ូ តើ​យើង​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​កើត​ទុក្ខ​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

អ្នក​អាច​សម្រាល​ទុក្ខ​ពួក​អ្នក​ដែល​កើត​ទុក្ខ។ លោក​យេស៊ូ​មិន​គ្រាន់​តែ​យំ​ជា​មួយ​ម៉ាថា​និង​ម៉ារៀ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ស្ដាប់​និង​និយាយ​សម្រាល​ទុក្ខ​ពួក​គាត់​ដែរ។ យើង​ក៏​អាច​ធ្វើ​ដូច្នេះ​ដែរ​ចំពោះ​ពួក​អ្នក​ដែល​កើត​ទុក្ខ។ បង​ប្រុស​ដាន​ដែល​ជា​អ្នក​ចាស់​ទុំ​រស់​នៅ​ប្រទេស​អូស្ត្រាលី និយាយ​ថា​៖ ​«​ក្រោយ​ពី​ប្រពន្ធ​របស់​ខ្ញុំ​ស្លាប់ ខ្ញុំ​ត្រូវ​ការ​ជំនួយ។ ប្ដី​ប្រពន្ធ​ប៉ុន្មាន​គូ​ប្រុង​ប្រៀប​ស្ដាប់​ខ្ញុំ មិន​ថា​ពេល​យប់​ឬ​ពេល​ថ្ងៃ​ក្ដី។ ពួក​គេ​ឲ្យ​ខ្ញុំ​បញ្ចេញ​អារម្មណ៍​ទុក្ខ​សោក​របស់​ខ្ញុំ ហើយ​ពួក​គេ​មិន​ខ្មាស​អៀន​ពេល​ខ្ញុំ​យំ​ទេ។ ពួក​គេ​ក៏​ជួយ​ធ្វើ​កិច្ច​ការ​ផ្សេង​ៗ​ឲ្យ​ខ្ញុំ​ដូច​ជា លាង​ឡាន ទៅ​ផ្សារ​ទិញ​គ្រឿង​ទេស ឬ​ធ្វើ​ម្ហូប​ពេល​ដែល​ខ្ញុំ​មិន​មាន​អារម្មណ៍​ធ្វើ​កិច្ចការ​ទាំង​នេះ។ ពួក​គេ​អធិដ្ឋាន​ជា​មួយ​ខ្ញុំ​ជា​រឿយ​ៗ។ ពួក​គេ​ជា​មិត្ត​ពិត​និង​ជា​‹បង​ប្អូន​ដែល​កើត​មក ដើម្បី​ជួយ​គ្នា​នៅ​ពេល​មាន​ទុក្ខ​លំបាក›​»។—សុភ. ១៧:១៧

ស្រក់​ទឹក​ភ្នែក​ចំពោះ​អ្នក​ជិត​ខាង

១០. សូម​រៀប​រាប់​អំពី​ព្រឹត្តិការណ៍​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ១៩:​៣៦​-​៤០

១០ លោក​យេស៊ូ​បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម​នៅ​ថ្ងៃ​ទី​៩ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស.។ កាល​ដែល​លោក​ហៀប​នឹង​ចូល​ក្រុង​នោះ បណ្ដា​ជន​មួយ​ក្រុម​បាន​ជួប​ជុំ​គ្នា ហើយ​ក្រាល​សម្លៀក​បំពាក់​ក្រៅ​របស់​ពួក​គេ​នៅ​លើ​ផ្លូវ ដើម្បី​ទទួល​ស្វាគមន៍​លោក​ជា​ស្ដេច​របស់​ពួក​គេ។ នេះ​ច្បាស់​ជា​ពេល​ដ៏​សប្បាយ​រីករាយ។ (​សូម​អាន លូកា ១៩:៣៦​-​៤០) ដូច្នេះ ពួក​អ្នក​កាន់​តាម​លោក​ប្រហែល​ជា​មិន​នឹក​ស្មាន​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​ក្រោយ​មក​ទេ។ គម្ពីរ​ចែង​ថា​៖ ​«​លុះ​ទៅ​ជិត​ដល់​ហើយ លោក​[​យេស៊ូ​]​មើល​ក្រុង​នោះ ក៏​យំ​សោក​អំពី​ក្រុង​នោះ​»។ លោក​យេស៊ូ​បាន​និយាយ​ទាំង​ទឹក​ភ្នែក​អំពី​អ្វី​អាក្រក់​ដែល​មិន​យូរ​ទៀត​នឹង​កើត​ដល់​អ្នក​ក្រុង​យេរូសាឡិម។—លូក. ១៩:៤១​-​៤៤

១១. ហេតុ​អ្វី​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម?

១១ លោក​យេស៊ូ​កើត​ទុក្ខ​ដោយ​សារ​លោក​ដឹង​ថា​ជន​ជាតិ​យូដា​ភាគ​ច្រើន​មិន​ព្រម​ស្ដាប់​ដំណឹង​អំពី​រាជាណាចក្រ​ទេ។ ហេតុ​នេះ​ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បំផ្លាញ​ចោល ហើយ​ជន​ជាតិ​យូដា​ណា​ដែល​រួច​ជីវិត​នឹង​ត្រូវ​ចាប់​ធ្វើ​ជា​ឈ្លើយ។ (​លូក. ២១:២០​-​២៤​) ដូច​លោក​យេស៊ូ​បាន​រំពឹង​ទុក ជន​ជាតិ​យូដា​ភាគ​ច្រើន​បដិសេធ​មិន​ព្រម​ទទួល​ស្គាល់​លោក​ទេ។ ចុះ​យ៉ាង​ណា តើ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក​មាន​ប្រតិកម្ម​អ្វី​ចំពោះ​ដំណឹង​អំពី​រាជាណាចក្រ? បើ​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ដើម្បី​បង្រៀន​គម្ពីរ​ដល់​ពួក​គេ តើ​អ្នក​អាច​រៀន​អ្វី​ពី​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​ចំពោះ​អ្នក​ក្រុង​យេរូសាឡិម? សូម​យើង​ពិចារណា​មេ​រៀន​បី​ទៀត​ដែល​យើង​អាច​រៀន។

១២. តើ​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​ចំពោះ​អ្នក​ជិត​ខាង​បង្រៀន​យើង​អ្វី​អំពី​ព្រះ​យេហូវ៉ា?

១២ ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្សជាតិ។ ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​រំលឹក​យើង​ថា ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​មនុស្សជាតិ។ ​«​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។ (​២ពេ. ៣:៩​) សព្វ​ថ្ងៃ​នេះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​អ្នក​ជិត​ខាង​យើង ដោយ​ព្យាយាម​ជួយ​ពួក​គេ​ជា​និច្ច​ឲ្យ​រៀន​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ។—ម៉ាថ. ២២:៣៩ *

ដូច​លោក​យេស៊ូ ចូរ​ផ្លាស់​ប្ដូរ​កាល​វិភាគ​ផ្សព្វ​ផ្សាយ​របស់​អ្នក (​សូម​មើល​វគ្គ​១៣​-​១៤​) *

១៣​-​១៤. តើ​លោក​យេស៊ូ​បាន​បង្ហាញ​ចិត្ត​អាណិត​អាសូរ​ចំពោះ​មនុស្ស​យ៉ាង​ដូច​ម្ដេច ហើយ​តើ​យើង​អាច​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នេះ​តាម​របៀប​ណា?

១៣ លោក​យេស៊ូ​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ។ លោក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​មនុស្ស ដោយ​បន្ត​បង្រៀន​ពួក​គេ​នៅ​គ្រប់​ឱកាស។ (​លូក. ១៩:៤៧, ៤៨​) តើ​អ្វី​ជំរុញ​ចិត្ត​លោក​ឲ្យ​ធ្វើ​ដូច្នេះ? លោក​យេស៊ូ​មាន​ចិត្ត​អាណិត​អាសូរ​ចំពោះ​ពួក​គេ។ ជួន​កាល មាន​មនុស្ស​ច្រើន​ចង់​ស្ដាប់​ប្រសាសន៍​របស់​លោក រហូត​ដល់​លោក​និង​ពួក​អ្នក​កាន់​តាម​លោក​«​មិន​ទាំង​មាន​ពេល​បរិភោគ​ផង​»។ (​ម៉ាក. ៣:២០​) លោក​យេស៊ូ​ក៏​សុខ​ចិត្ត​ជួប​បុរស​ម្នាក់​ដែល​ចង់​និយាយ​ជា​មួយ​លោក ទោះ​ជា​នោះ​នៅ​ពេល​យប់​ក្ដី។ (​យ៉ូន. ៣:១, ២​) មនុស្ស​ភាគ​ច្រើន​ដែល​ស្ដាប់​លោក​យេស៊ូ​មិន​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​ទេ។ ប៉ុន្តែ អស់​អ្នក​ដែល​បាន​ស្ដាប់​លោក​បាន​ទទួល​ការ​បញ្ជាក់​សព្វ​គ្រប់។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ចង់​ព្យាយាម​ប្រើ​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដល់​មនុស្ស​ទាំង​អស់។ (​សកម្ម. ១០:៤២​) ដើម្បី​ធ្វើ​ដូច្នេះ​បាន យើង​ត្រូវ​ចេះ​បត់​បែន​របៀប​ផ្សព្វ​ផ្សាយ។

១៤ ចូរ​សុខ​ចិត្ត​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដែល​ចាំ​បាច់។ បើ​យើង​តែង​តែ​ផ្សព្វ​ផ្សាយ​នៅ​ពេល​ដដែល​ៗ យើង​ប្រហែល​ជា​មិន​ជួប​មនុស្ស​ខ្លះ​ដែល​ចង់​រៀន​អំពី​ដំណឹង​ល្អ​ឡើយ។ បង​ស្រី​ម៉ាធីលដា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់ និយាយ​ថា​៖ ​«​ខ្ញុំ​និង​ប្ដី​ខ្ញុំ​ព្យាយាម​ទៅ​ជួប​មនុស្ស​នៅ​ពេល​ផ្សេង​ៗ។ នៅ​ពេល​ព្រឹក​ព្រលឹម យើង​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​ធ្វើ​ពាណិជ្ជកម្ម។ នៅ​ពេល​ថ្ងៃ​ត្រង់ ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​ធ្វើ​ដំណើរ​តាម​ផ្លូវ យើង​ប្រើ​រទេះ​រុញ​ដាក់​តាំង​សៀវភៅ។ នៅ​ពេល​ល្ងាច យើង​ជួប​មនុស្ស​កាន់​តែ​ច្រើន​នៅ​ផ្ទះ​របស់​ពួក​គេ​»។ ជា​ជាង​ផ្សព្វ​ផ្សាយ​នៅ​ពេល​ស្រួល​សម្រាប់​យើង យើង​គួរ​សុខ​ចិត្ត​ផ្លាស់​ប្ដូរ​កាល​វិភាគ​របស់​យើង​ដើម្បី​ផ្សព្វ​ផ្សាយ​នៅ​ពេល​ដែល​ទំនង​ជា​នឹង​ជួប​មនុស្ស​ច្រើន​ជាង។ បើ​យើង​ធ្វើ​ដូច្នេះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ពេញ​ចិត្ត​យើង។

ស្រក់​ទឹក​ភ្នែក​ដោយ​សារ​គេ​តិះ​ដៀល​បិតា​លោក

ដូច​លោក​យេស៊ូ ពេល​អ្នក​ពិបាក​ចិត្ត ចូរ​អង្វរ​សុំ​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១៥​-​១៧​) *

១៥. ដូច​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ២២:៣៩​-​៤៤ តើ​អ្វី​បាន​កើត​ឡើង​នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ?

១៥ នៅ​យប់​ជ្រៅ​ថ្ងៃ​ទី​១៤ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​ទៅ​សួន​កេតសេម៉ានី។ នៅ​ទី​នោះ លោក​បាន​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា។ (​សូម​អាន លូកា ២២:៣៩​-​៤៤) ពេល​នៅ​ទី​នោះ លោក​បាន​«​ធ្វើ​សំណូម​ពរ... ទាំង​ទឹក​ភ្នែក ព្រម​ទាំង​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​»។ (​ហេ. ៥:៧​) តើ​លោក​យេស៊ូ​បាន​អធិដ្ឋាន​អំពី​អ្វី​នៅ​យប់​ចុង​ក្រោយ​មុន​ដែល​លោក​ស្លាប់? លោក​បាន​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង​ឲ្យ​លោក ដើម្បី​លោក​អាច​រក្សា​ភាព​ស្មោះ​ត្រង់​និង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក។ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​លោក​យេស៊ូ ហើយ​បាន​ចាត់​ទេវតា​មួយ​រូប​ឲ្យ​មក​ពង្រឹង​កម្លាំង​ចិត្ត​បុត្រ​របស់​លោក។

១៦. ហេតុ​អ្វី​លោក​យេស៊ូ​តាន​តឹង​ចិត្ត​កាល​ដែល​លោក​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី?

១៦ លោក​យេស៊ូ​ច្បាស់​ជា​បាន​យំ​កាល​ដែល​លោក​អធិដ្ឋាន​នៅ​សួន​កេតសេម៉ានី ដោយ​សារ​លោក​តាន​តឹង​ចិត្ត​ជា​ខ្លាំង​ដែល​គេ​ចោទ​ប្រកាន់​លោក​ថា​ជា​អ្នក​ប្រមាថ​ព្រះ។ លោក​ក៏​ដឹង​ថា​គឺ​សំខាន់​ណាស់​ឲ្យ​លោក​រក្សា​ភក្ដី​ភាព និង​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​បិតា​លោក។ បើ​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ដែល​សាក​ល្បង​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា តើ​អ្នក​អាច​រៀន​អ្វី​ពី​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក? សូម​ពិចារណា​មេ​រៀន​បី​ថែម​ទៀត។

១៧. តើ​យើង​អាច​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា ពេល​ដែល​លោក​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​របស់​លោក​យេស៊ូ?

១៧ ព្រះ​យេហូវ៉ា​ស្ដាប់​ការ​អង្វរ​សុំ​របស់​អ្នក។ ព្រះ​យេហូវ៉ា​ស្ដាប់​សំណូម​ពរ​ដ៏​អស់​ពី​ចិត្ត​របស់​លោក​យេស៊ូ។ ហេតុ​អ្វី? ដោយ​សារ​ការ​ព្រួយ​បារម្ភ​ដ៏​ខ្លាំង​បំផុត​របស់​លោក​យេស៊ូ​គឺ​ការ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ការ​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​បិតា​លោក។ ដូច្នេះ បើ​យើង​អធិដ្ឋាន​សុំ​ជំនួយ ដោយ​សារ​យើង​ចង់​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​លោក លោក​នឹង​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​យើង។—ចសព. ១៤៥:១៨, ១៩

១៨. តើ​លោក​យេស៊ូ​ជា​មិត្ត​សប្បុរស​ដែល​ចេះ​យល់​អារម្មណ៍​ក្នុង​ន័យ​យ៉ាង​ណា?

១៨ លោក​យេស៊ូ​យល់​អារម្មណ៍​របស់​អ្នក។ ពេល​យើង​ពិបាក​ចិត្ត យើង​សប្បាយ​មាន​មិត្ត​ភក្ដិ​ដែល​ចេះ​យល់​អារម្មណ៍​របស់​យើង ជា​ពិសេស​មិត្ត​ភក្ដិ​ដែល​ធ្លាប់​មាន​ទុក្ខ​លំបាក​ស្រដៀង​នឹង​យើង។ លោក​យេស៊ូ​ជា​មិត្ត​បែប​នេះ។ លោក​ដឹង​ថា​ការ​មាន​អារម្មណ៍​ទន់​ខ្សោយ និង​ការ​ត្រូវ​ការ​ជំនួយ​គឺ​យ៉ាង​ណា។ លោក​យេស៊ូ​យល់​អំពី​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​លោក​នឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ទទួល​ជំនួយ​«​នៅ​ពេល​ដែល​យើង​ត្រូវ​ការ​»។ (​ហេ. ៤:១៥, ១៦​) ដូច​លោក​យេស៊ូ​បាន​ទទួល​ជំនួយ​ពី​ទេវតា​មួយ​រូប​នៅ​សួន​កេតសេម៉ានី យើង​គួរ​សុខ​ចិត្ត​ទទួល​ជំនួយ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ មិន​ថា​នោះ​តាម​រយៈ​សៀវភៅ វីដេអូ សុន្ទរកថា ការ​សួរ​សុខ​ទុក្ខ​ពី​ពួក​អ្នក​ចាស់​ទុំ​ឬ​មិត្ត​ភក្ដិ​ដែល​មាន​ភាព​ចាស់​ទុំ​ក្ដី។

១៩. តើ​អ្នក​អាច​ទទួល​កម្លាំង​ចិត្ត​យ៉ាង​ដូច​ម្ដេច? សូម​លើក​ឧទាហរណ៍​មួយ។

១៩ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​‹សេចក្ដី​សុខ​សាន្ត​របស់​លោក›។ តើ​ព្រះ​យេហូវ៉ា​នឹង​ពង្រឹង​កម្លាំង​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច? ពេល​យើង​អធិដ្ឋាន យើង​នឹង​ទទួល​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន​»។ (​ភី. ៤:៦, ៧​) សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ស្ងប់​និង​គិត​បាន​ជ្រៅ​ជ្រះ។ បង​ស្រី​លូស​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​នេះ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​មាន​អារម្មណ៍​ឯកោ។ ពេល​ខ្លះ នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ខ្ញុំ​ទេ។ ប៉ុន្តែ​ភ្លាម​ៗ ខ្ញុំ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ប្រាប់​លោក​អំពី​អារម្មណ៍​របស់​ខ្ញុំ។ សេចក្ដី​អធិដ្ឋាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្ងប់​»។ តាម​រយៈ​បទ​ពិសោធន៍​របស់​បង​ស្រី​នេះ យើង​ឃើញ​ថា​សេចក្ដី​អធិដ្ឋាន​អាច​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត។

២០. តើ​យើង​បាន​រៀន​អ្វី​ពី​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក?

២០ ការ​រៀន​អំពី​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក ពិត​ជា​ផ្ដល់​ប្រយោជន៍​និង​សម្រាល​ទុក្ខ​យើង​មែន! យើង​បាន​ត្រូវ​រំលឹក​ឲ្យ​គាំទ្រ​មិត្ត​ដែល​កើត​ទុក្ខ ហើយ​ឲ្យ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​នឹង​គាំទ្រ​យើង ពេល​ដែល​យើង​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់។ យើង​ក៏​ចង់​ផ្សព្វ​ផ្សាយ​និង​បង្រៀន​អ្នក​ឯ​ទៀត​ដោយ​ចិត្ត​អាណិត​អាសូរ ពីព្រោះ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​បង្ហាញ​គុណ​សម្បត្តិ​ដ៏​ថ្លៃ​ថ្លា​នេះ។ ម្យ៉ាង​ទៀត យើង​ទទួល​ការ​សម្រាល​ទុក្ខ​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​និង​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​យល់​អារម្មណ៍​របស់​យើង យល់​អំពី​ភាព​ទន់​ខ្សោយ​របស់​យើង ហើយ​ចង់​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ សូម​យើង​បន្ត​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​យេហូវ៉ា​សម្រេច​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​លោក ដែល​ថា​«​លោក​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ចេញ​ពី​ភ្នែក​របស់​[​យើង​]​»។—បប. ២១:៤

ចម្រៀង​លេខ​១២០ ចូរ​មាន​ចិត្ត​ស្លូត​បូត​ដូច​គ្រិស្ត

^ គម្ពីរ​ចែង​ថា ជួន​កាល​លោក​យេស៊ូ​យំ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ដែល​លោក​យេស៊ូ​ស្រក់​ទឹក​ភ្នែក​អស់​បី​ដង និង​មេ​រៀន​ដែល​យើង​អាច​ទាញ​យក​ពី​នោះ។

^ ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​អ្នក​ជិត​ខាង​»​នៅ​ម៉ាថាយ ២២:៣៩ មិន​គ្រាន់​តែ​រួម​បញ្ចូល​ពួក​អ្នក​ដែល​រស់​នៅ​ជិត​យើង​ប៉ុណ្ណោះ​ទេ។ ពាក្យ​នេះ​ក៏​អាច​សំដៅ​ទៅ​លើ​បុគ្គល​ណា​ដែល​យើង​និយាយ​ជា​មួយ។

^ ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​ចង់​សម្រាល​ទុក្ខ​ម៉ារៀ​និង​ម៉ាថា។ យើង​អាច​ធ្វើ​ដូច្នេះ​ដែរ​ចំពោះ​ពួក​អ្នក​ដែល​បាត់​បង់​បុគ្គល​ជា​ទី​ស្រឡាញ់​ដោយ​សារ​សេចក្ដី​ស្លាប់។

^ ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​ពេញ​ចិត្ត​បង្រៀន​នីកូដេម​នៅ​ពេល​យប់។ យើង​ក៏​គួរ​សិក្សា​គម្ពីរ​ជា​មួយ​មនុស្ស​នៅ​ពេល​ស្រួល​សម្រាប់​ពួក​គេ​ដែរ។

^ ការ​ពណ៌នា​អំពី​រូប​ភាព: លោក​យេស៊ូ​អធិដ្ឋាន​សុំ​កម្លាំង​ដើម្បី​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ យើង​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ​ពេល​មាន​ទុក្ខ​លំបាក។