លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១

«ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»

«ពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងមិនខ្វះអ្វីល្អទេ»

បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២២​គឺ: ​«​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ល្អ​ទេ​»។—ចសព. ៣៤:១០

ចម្រៀង​លេខ​៤ ‹ព្រះ​យេហូវ៉ា​ជា​គង្វាល​ខ្ញុំ›

សេចក្ដី​សង្ខេប *

ទោះ​ជា​ស្ថិត​នៅ​ក្នុង​គ្រា​លំបាក​ក្ដី ដាវីឌ​មាន​អារម្មណ៍​ថា​គាត់​«​មិន​ខ្វះ​អ្វី​ល្អ​ទេ​»​ (​សូម​មើល​វគ្គ​១​-​៣​) *

១. តើ​ដាវីឌ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​អ្វី?

 ដាវីឌ​កំពុង​រត់​គេច​ខ្លួន​ដើម្បី​រួច​ជីវិត ដោយ​សារ​ស្ដេច​ដ៏​ខ្លាំង​ក្លា​លើ​ស្រុក​អ៊ីស្រាអែល​ឈ្មោះ​សុល​ចង់​សម្លាប់​គាត់។ ពេល​ដាវីឌ​ត្រូវ​ការ​អាហារ គាត់​បាន​ទៅ​ក្រុង​ណូប ហើយ​នៅ​ទី​នោះ​គាត់​បាន​សុំ​នំ​ប៉័ង​ប្រាំ​ដុំ។ (​១សាំ. ២១:១,​) ក្រោយ​មក ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ជ្រក​ក្នុង​រូង​ភ្នំ​មួយ។ (​១សាំ. ២២:១​) ហេតុ​អ្វី​ដាវីឌ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ?

២. តើ​សុល​បាន​ធ្វើ​អ្វី ដែល​នាំ​ឲ្យ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​គ្រោះ​ថ្នាក់? (​សាំយូអែល​ទី​១ ២៣:១៦, ១៧​)

សុល​ច្រណែន​នឹង​ដាវីឌ​ខ្លាំង​ណាស់ ដោយ​សារ​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​និង​សរសើរ​ដាវីឌ​ចំពោះ​ជ័យ​ជម្នះ​អស់​ជា​ច្រើន​ដង​ក្នុង​ចម្បាំង។ សុល​ក៏​ដឹង​ថា​ព្រះ​យេហូវ៉ា​បាន​បដិសេធ​គាត់​ដោយ​សារ​គាត់​មិន​ស្ដាប់​បង្គាប់​លោក ហើយ​ថា​លោក​បាន​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​នៅ​ថ្ងៃ​អនាគត។ (​សូម​អាន សាំយូអែល​ទី​១ ២៣:១៦, ១៧) ប៉ុន្តែ​ពេល​នោះ សុល​នៅ​តែ​គ្រប់​គ្រង​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រាអែល ហើយ​គាត់​មាន​កង​ទ័ព​និង​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​នៅ​ខាង​គាត់ ដូច្នេះ​ដាវីឌ​ត្រូវ​រត់​គេច​ដើម្បី​រួច​ជីវិត។ តើ​សុល​គិត​ថា​គាត់​ពិត​ជា​អាច​បញ្ឈប់​ព្រះ​យេហូវ៉ា​មិន​ឲ្យ​ដាវីឌ​ធ្វើ​ជា​ស្ដេច​ឬ​ទេ? (​អេ. ៥៥:១១​) គម្ពីរ​មិន​បាន​ចែង​ទេ។ ប៉ុន្តែ​យើង​អាច​ជឿ​ជាក់​អំពី​ចំណុច​មួយ​គឺ​ថា សុល​កំពុង​ធ្វើ​ឲ្យ​ខ្លួន​គាត់​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​គ្រោះ​ថ្នាក់ ពីព្រោះ​ពួក​អ្នក​ដែល​ប្រឆាំង​ព្រះ​យេហូវ៉ា​តែង​តែ​បរាជ័យ!

៣. តើ​ដាវីឌ​មាន​អារម្មណ៍​យ៉ាង​ណា​ទោះ​ជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី?

ដាវីឌ​ជា​បុរស​ដែល​មាន​ចិត្ត​រាប​ទាប។ គាត់​មិន​មែន​ជា​អ្នក​សម្រេច​ចិត្ត​ធ្វើ​ជា​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​ទេ តែ​គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ជ្រើស​រើស​គាត់​ឲ្យ​ទៅ​ជា​ស្ដេច​វិញ។ (​១សាំ. ១៦:១, ១២, ១៣​) សុល​ស្អប់​ដាវីឌ​ខ្លាំង​ណាស់។ ប៉ុន្តែ ដាវីឌ​មិន​បន្ទោស​ព្រះ​យេហូវ៉ា​ថា ដោយ​សារ​លោក​ទើប​បាន​ជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មាន​គ្រោះ​ថ្នាក់​បែប​នេះ​ទេ។ ម្យ៉ាង​ទៀត គាត់​មិន​ត្អូញត្អែរ ពេល​គាត់​ត្រូវ​លាក់​ខ្លួន​ក្នុង​រូង​ភ្នំ​និង​មិន​សូវ​មាន​អាហារឡើយ។ ផ្ទុយ​ទៅ​វិញ គឺ​ប្រហែល​ជា​ពេល​ដាវីឌ​កំពុង​លាក់​ខ្លួន​ក្នុង​រូងភ្នំ ដែល​គាត់​បាន​តែង​ចម្រៀង​សរសើរ​ព្រះ​ដ៏​ពីរោះ ដែល​រួម​បញ្ចូល​ពាក្យ​នៃ​បទ​គម្ពីរ​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ ថា​៖ ​«​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ល្អ​ទេ​»។—ចសព. ៣៤:១០

៤. តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី​នោះ​សំខាន់?

នៅ​សព្វ​ថ្ងៃ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​មិន​មាន​អាហារ​គ្រប់​គ្រាន់ ឬ​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​ត្រូវ​ការ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ជា​ពិសេស​ក្នុង​អំឡុង​គ្រា​ដែល​មាន​រោគ​រាត​ត្បាត​នា​ពេល​ថ្មី​ៗ​នេះ។ ម្យ៉ាង​ទៀត យើង​នឹង​កាន់​តែ​ពិបាក កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​ម៉ាថ. ២៤:២១​) ដូច្នេះ គឺ​ជា​ការ​ល្អ​ដែល​យើង​រក​ចម្លើយ​ចំពោះ​សំណួរ​បួន​គឺ​៖ តើ​ដាវីឌ​«​មិន​ខ្វះ​អ្វី​ល្អ​»​ក្នុង​ន័យ​យ៉ាង​ណា? ហេតុ​អ្វី​យើង​ត្រូវ​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត? ហេតុ​អ្វី​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង? ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​ថ្ងៃ​អនាគត?

​«​ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​ឡើយ​»​

៥​-​៦. តើ​ចម្រៀង​សរសើរ​ព្រះ ២៣:១​-​៦ ជួយ​យើង​ឲ្យ​យល់​យ៉ាង​ណា​អំពី​អត្ថន័យ​នៃ​ពាក្យ​របស់​ដាវីឌ ពេល​គាត់​និយាយ​ថា​អ្នក​បម្រើ​របស់​ព្រះ​នឹង​«​មិន​ខ្វះ​អ្វី​ល្អ​»​?

តើ​ដាវីឌ​ចង់​មាន​ន័យ​យ៉ាង​ណា ពេល​គាត់​បាន​និយាយ​ថា​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​នឹង​«​មិន​ខ្វះ​អ្វី​ល្អ​»​? ដើម្បី​យល់​អំពី​ចំណុច​នេះ យើង​អាច​ពិចារណា​ពាក្យ​ស្រដៀង​គ្នា​នៅ​ចម្រៀង​សរសើរ​ព្រះ បទ​២៣។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ២៣:១​-​៦) ដាវីឌ​ចាប់​ផ្ដើម​បទ​នោះ​ដោយ​ពាក្យ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​គង្វាល​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​ឡើយ​»។ ក្នុង​ខ​ឯ​ទៀត​នៃ​បទ​ចម្រៀង​នោះ ដាវីឌ​បាន​រៀប​រាប់​អំពី​អ្វី​ៗ​ដែល​ពិត​ជា​សំខាន់ ដូច​ជា​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់ ដោយ​សារ​គាត់​បាន​ទទួល​យក​លោក​ជា​គង្វាល​របស់​គាត់។ ព្រះ​យេហូវ៉ា​បាន​នាំ​ដាវីឌ​«​ទៅ​តាម​ផ្លូវ​សុចរិត​»​ ហើយ​លោក​គាំទ្រ​ដាវីឌ​យ៉ាង​ជាប់ ទាំង​ពេល​ស្រួល​ទាំង​ពេល​ពិបាក។ ដាវីឌ​បាន​ទទួល​ស្គាល់​ថា ទោះ​ជា​ព្រះ​យេហូវ៉ា​ហាក់​ដូច​ជា​នាំ​គាត់​ទៅ​«​វាល​ស្មៅ​ខៀវ​ខ្ចី​»​ក៏​ពិត​មែន តែ​នេះ​មិន​មាន​ន័យ​ថា​គាត់​នឹង​គ្មាន​បញ្ហា​សោះ​នោះ​ឡើយ។ ជួន​កាល គាត់​ធ្លាក់​ទឹក​ចិត្ត គឺ​ហាក់​ដូច​ជា​គាត់​កំពុង​«​ដើរ​ក្នុង​ជ្រលង​ងងឹត​សូន្យសុង​»​ ហើយ​គាត់​ក៏​មាន​សត្រូវ​ដែរ។ ប៉ុន្តែ ដោយ​មាន​ព្រះ​យេហូវ៉ា​ជាគង្វាល​របស់​គាត់ ដាវីឌ​«​មិន​ភ័យ​ខ្លាច​ឡើយ​»។

ដូច្នេះ តើ​ដាវីឌ​«​មិន​ខ្វះ​អ្វី​ល្អ​»​ក្នុង​ន័យ​យ៉ាង​ណា? គឺ​ថា​គាត់​មាន​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​ត្រូវ​ការ​ដើម្បី​រក្សា​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ ដាវីឌ​មិន​ត្រូវ​ការ​ទ្រព្យ​សម្បត្តិ​ច្រើន​ដើម្បី​សប្បាយ​ទេ។ គាត់​ស្កប់​ចិត្ត​នឹង​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​គាត់។ អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ដាវីឌ គឺ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​និង​ការ​ពារ​គាត់។

៧. យោង​ទៅ​តាម​លូកា ២១:២០​-​២៤ តើ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​នា​សតវត្សរ៍​ទី​១​មាន​ការ​ពិបាក​អ្វី​ខ្លះ?

តាម​រយៈ​ពាក្យ​របស់​ដាវីឌ យើង​អាច​ឃើញ​ថា​គឺ​សំខាន់​ណាស់​ឲ្យ​យើង​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ។ យើង​ច្បាស់​ជា​ចង់​ប្រើ​ទ្រព្យ​សម្បត្តិ​ណា​ដែល​យើង​មាន តែ​យើង​មិន​គួរ​ចាត់​ទុក​វា​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឡើយ។ នេះ​គឺ​ជា​ការ​ពិត​ដ៏​សំខាន់​មួយ​ដែល​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១ ដែល​រស់​នៅ​តំបន់​យូឌា​បាន​យល់។ (​សូម​អាន លូកា ២១:២០​-​២៤) លោក​យេស៊ូ​បាន​ព្រមាន​ពួក​គេ​ថា នឹង​មាន​ពេល​មួយ​ដែល​«​កង​ទ័ព​បោះ​ជំរំ​ជុំ​វិញ​»​ក្រុង​យេរូសាឡិម។ ពេល​នោះ​កើត​ឡើង ពួក​គេ​ត្រូវ​«​ចាប់​ផ្ដើម​រត់​ទៅ​តំបន់​ភ្នំ​»។ ការ​រត់​ចេញ​ពី​ក្រុង​នោះ​នឹង​នាំ​ឲ្យ​ពួក​គេ​រួច​ជីវិត ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​លះ​ចោល​អ្វី​ៗ​ជា​ច្រើន។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​នៅ​ច្រើន​ឆ្នាំ​មុន​ថា​៖ ‹ពួក​គេ​បាន​ទុក​ចោល​ចម្ការ​និង​ផ្ទះ​សម្បែង មិន​ទាំង​ប្រមូល​របស់​របរ​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គេ​ផង​ដែរ។ ដោយ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​ការ​ពារ​ពី​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​បាន​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​លោក​ថា​សំខាន់​ជាង​អ្វី​ៗ​ទាំង​អស់›។

៨. តើ​យើង​អាច​ទាញ​យក​មេ​រៀន​យ៉ាង​ណា ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​រស់​នៅ​តំបន់​យូឌា?

តើ​យើង​អាច​ទាញ​យក​មេ​រៀន​យ៉ាង​ណា​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​រស់​នៅ​តំបន់​យូឌា? ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ចែង​ថា​៖ ‹ប្រហែល​ជា​មាន​ការ​សាក​ល្បង​នៅ​ខាង​មុខ​ស្ដី​អំពី​ទស្សនៈ​របស់​យើង​ចំពោះ​វត្ថុ​ទ្រព្យ តើ​របស់​ទាំង​នេះ​ពិត​ជា​សំខាន់​ជាង​គេ​បំផុត ឬ​ក៏​តើ​សេចក្ដី​សង្គ្រោះ​ដោយ​សារ​យើង​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​គឺ​សំខាន់​ជាង​វិញ? ត្រូវ​ហើយ ការ​រត់​ចេញ​របស់​យើង​ប្រហែល​ជា​នាំ​ឲ្យ​យើង​ជួប​ការ​ពិបាក​និង​ភាព​ខ្វះ​ខាត​ខ្លះ។ យើង​នឹង​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រូវ​ការ​ចាំ​បាច់ ដូច​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី​១​ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​តំបន់​យូឌា›។ *

៩. តើ​អ្នក​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ណា​ពី​យោបល់​របស់​ប៉ូល​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ?

តើ​អ្នក​អាច​ស្រមៃ​ឃើញ​ឬ​ទេ​ថា គឺ​ពិបាក​យ៉ាង​ណា​ទៅ​ចំពោះ​គ្រិស្ត​សាសនិក​ទាំង​នោះ​ឲ្យ​លះ​ចោល​អ្វី​ៗ​ស្ទើរ​តែទាំង​អស់ ហើយ​ចាប់​ផ្ដើម​ជីវិត​ថ្មី? ពួក​គេ​ត្រូវ​មាន​ជំនឿ​ដើម្បីទុកចិត្ត​ថា ព្រះ​យេហូវ៉ា​នឹង​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ស្ដី​អំពី​រឿង​នេះ មាន​អ្វី​មួយ​ដែល​បាន​ជួយ​ពួក​គេ។ ប្រាំឆ្នាំមុន​កង​ទ័ព​រ៉ូម​ឡោម​ព័ទ្ធ​ក្រុង​យេរូសាឡិម សាវ័ក​ប៉ូល​បាន​ឲ្យ​យោបល់​ខ្លះ​ដល់​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ​ថា​៖ ​«​ចូរ​មាន​របៀប​រស់​នៅ​ដែល​ប្រាស​ចាក​ពី​ការ​ស្រឡាញ់​ប្រាក់ ហើយ​ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​មាន។ ព្រោះ​ព្រះ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ខ្ញុំ​ប្រាកដ​ជា​មិន​ចាក​ចេញ​ពី​អ្នក​ឡើយ ហើយ​ខ្ញុំ​ក៏​ប្រាកដ​ជា​មិន​បោះ​បង់​ចោល​អ្នក​ដែរ›។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​អាច​មាន​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា​៖ ‹ព្រះ​យេហូវ៉ា​ជា​អ្នក​ជួយ​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ?›​»។ (​ហេ. ១៣:៥, ៦​) គ្រិស្ត​សាសនិក​ដែល​បាន​ធ្វើ​តាម​យោបល់​របស់​ប៉ូល​ស្រួល​ស្កប់​ចិត្ត​ជាង​នឹង​ការ​មាន​ទ្រព្យ​សម្បត្តិ​តិច​តួច​នៅ​ទី​លំនៅ​ថ្មី​របស់​ពួក​គេ។ ពួក​គេ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​នឹង​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​ពួក​គេ។ ពាក្យ​របស់​ប៉ូល​បង្ហាញ​ថា យើង​ក៏​អាច​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​យើង​ដែរ។

​«​យើង​នឹង​ស្កប់​ចិត្ត​»​ដោយ​មាន​អ្វី​ៗ​ទាំង​នេះ

១០. តើ​ប៉ូល​បាន​ប្រាប់​យើង​អំពី​មេ​រៀន​អ្វី?

១០ ប៉ូល​បាន​ឲ្យ​យោបល់​ទៅ​ធីម៉ូថេ​ដែល​ស្រដៀង​នឹង​យោបល់​ដែល​គាត់​បាន​ឲ្យ​ទៅ​គ្រិស្ត​សាសនិក​ជន​ជាតិ​ហេប្រឺ ហើយ​យោបល់​នោះ​ក៏​ជាប់​ទាក់​ទង​នឹង​យើង​ដែរ។ គាត់​បាន​សរសេរ​ថា​៖ ​«​យើង​នឹង​ស្កប់​ចិត្ត​ហើយ ដោយ​មាន​អាហារ​បរិភោគ សម្លៀក​បំពាក់ និង​ជម្រក​»។ (​១ធី. ៦:៨​) តើ​នេះ​មាន​ន័យ​ថា​យើង​មិន​អាច​បរិភោគ​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់ មាន​ផ្ទះ​ស្អាត ឬ​ម្ដង​ម្កាល​ទិញ​សម្លៀក​បំពាក់​ថ្មី​ៗ​ឬ? ប៉ូល​មិន​ចង់​មាន​ន័យ​ដូច្នេះ​ទេ។ គាត់​កំពុង​និយាយ​ថា​យើង​គួរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន។ (​ភី. ៤:១២​) នេះ​ជា​មេ​រៀន​មួយ​ដែល​ប៉ូល​បាន​រៀន។ អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​យើង​គឺ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​ព្រះ​យេហូវ៉ា មិន​មែន​វត្ថុ​ទ្រព្យ​ណា​ដែល​យើង​មាន​ទេ។—ហាប. ៣:១៧, ១៨

អស់​៤០​ឆ្នាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​នៅ​តំបន់​ស្ងាត់​ជ្រងំ ពួក​គេ​មិន​ដែល​ខ្វះ​អ្វី​ឡើយ។ តើ​យើង​អាច​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន​នៅ​ឥឡូវ​នេះ​ឬ​ទេ? (​សូម​មើល​វគ្គ​១១​) *

១១. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​អំពី​ការ​ស្កប់​ចិត្ត​ពី​ពាក្យ​របស់​ម៉ូសេ​ទៅ​កាន់​ជន​ជាតិ​អ៊ីស្រាអែល?

១១ ជួន​កាល យើង​ប្រហែល​ជា​មាន​ទស្សនៈ​ខុស​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​ជា​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន។ សូម​គិត​អំពី​អ្វី​ដែល​ម៉ូសេ​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល ក្រោយ​ពី​ពួក​គេ​បាន​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ឆ្នាំ។ គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ឲ្យ​ពរ​ដល់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់។ លោក​ស្គាល់​ច្បាស់​ថា​អ្នក​រាល់​គ្នា​បាន​ដើរ​កាត់​តំបន់​ស្ងាត់​ជ្រងំ​ដ៏​ធំ​នេះ។ អស់​រយៈ​ពេល​៤០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​និច្ច ហើយ​អ្នក​រាល់​គ្នា​មិន​ដែល​ខ្វះ​អ្វី​ឡើយ​»។ (​បច. ២:៧​) ក្នុង​អំឡុង​៤០​ឆ្នាំ​នោះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ម៉ាណា​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដើម្បី​បរិភោគ ហើយ​លោក​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​សម្លៀក​បំពាក់​របស់​ពួក​គេ​មិន​សឹក​រេច​រឹល​ទេ។ ដូច្នេះ ពួក​គេ​នៅ​តែ​ស្លៀក​សម្លៀក​បំពាក់​ដែល​ពួក​គេ​មាន តាំង​ពី​ពេល​ពួក​គេ​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប។ (​បច. ៨:៣, ៤​) ពួក​គេ​ខ្លះ​ប្រហែល​ជា​គិត​ថា​អ្វី​ទាំង​នេះ​មិន​គ្រប់​គ្រាន់​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ម៉ូសេ​បាន​រំលឹក​ជន​ជាតិ​អ៊ីស្រាអែល​ថា ពួក​គេ​មាន​អ្វី​ៗ​ដែល​ពួក​គេ​ត្រូវ​ការ។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត បើ​យើង​រៀន​ឲ្យ​ចេះ​ស្កប់​ចិត្ត។ លោក​ចង់​ឲ្យ​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ដែល​លោក​ផ្ដល់​ឲ្យ​យើង មិន​ថា​នោះ​ជា​របស់​សាមញ្ញ​ក៏​ដោយ ហើយ​លោក​ចង់​ឲ្យ​យើង​យល់​ថា​អ្វី​ទាំង​នោះ​គឺ​ជា​អំណោយ​ពី​លោក។

ចូរ​មាន​ទំនុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​អ្នក

១២. តើ​អ្វី​បង្ហាញ​ថា​ដាវីឌ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​ឯង?

១២ ដាវីឌ​ដឹង​ថា​ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់ ហើយ​លោក​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក។ ទោះ​ជា​ដាវីឌ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​គាត់​ពេល​ដែល​គាត់​តែង​ចម្រៀង​សរសើរ​ព្រះ បទ​៣៤​ក្ដី ជំនឿ​របស់​គាត់​ទៅ​លើ​ព្រះ​យេហូវ៉ា​គឺ​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​គាត់​ជឿ​ជាក់​ថា​«​ទេវតា​របស់​ព្រះ​យេហូវ៉ា​»​បោះ​ជំរំ​«​នៅ​ជុំ​វិញ​»​គាត់។ (​ចសព. ៣៤:៧, កំ.ស.​) ប្រហែល​ជា​ដាវីឌ​កំពុង​ប្រដូច​ទេវតា​របស់​ព្រះ​យេហូវ៉ា​ទៅ​នឹង​ទាហាន​ម្នាក់​ដែល​បោះ​ជំរំ​នៅ​ទី​វាល ហើយ​ដែល​តែង​តែ​ឃ្លាំ​មើល​ពួក​សត្រូវ។ ទោះ​ជា​ដាវីឌ​ជា​ទាហាន​ដ៏​អង់អាច​ម្នាក់​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ប្រើ​ខ្សែ​ដង្ហក់​និង​ដាវ​ដើម្បី​យក​ឈ្នះ​លើ​សត្រូវ ហើយ​ក៏​មាន​សេចក្ដី​សន្យា​ពី​ព្រះ​យេហូវ៉ា​ថា​គាត់​នឹង​ទៅ​ជា​ស្ដេច​ក្ដី គាត់​មិន​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ខ្លួន​ឡើយ។ (​១សាំ. ១៦:១៣; ២៤:១២​) ដាវីឌ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា ហើយ​ជឿ​ជាក់​ថា​ទេវតា​របស់​លោក​‹សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាច​លោក›។ ពិត​មែន​ថា​យើង​មិន​រំពឹង​ថា ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អព្ភូតហេតុ​ដើម្បី​ការ​ពារ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ។ ប៉ុន្តែ យើង​ដឹង​ថា​អស់​អ្នក​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា​នឹង​មិន​រង​ទុក្ខ​រហូត​នោះ​ឡើយ។

ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង កង​ទ័ព​របស់​កូក​នៃ​ស្រុក​ម៉ាកូក​ប្រហែល​ជា​នឹង​ព្យាយាម​វាយ​ប្រហារ​យើង​ដល់​ផ្ទះ។ ប៉ុន្តែ យើង​អាច​ប្រាកដ​ថា​លោក​យេស៊ូ​និង​ពួក​ទេវតា​របស់​លោក នឹង​ឃើញ​អ្វី​ដែល​ពួក​គេ​ធ្វើ ហើយ​នឹង​ការ​ពារ​យើង (​សូម​មើល​វគ្គ​១៣​)

១៣. ពេល​កូក​នៃ​ស្រុក​ម៉ាកូក​វាយ​ប្រហារ​មក​លើ​យើង ហេតុ​អ្វី​មើល​ទៅ​យើង​នឹង​គ្មាន​ការ​ការ​ពារ ហើយ​ហេតុ​អ្វី​យើង​មិន​គួរ​ភ័យ​ខ្លាច? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៣ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ការ​ទុក​ចិត្ត​របស់​យើង​ទៅ​លើ​សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ការ​ពារ​យើង​នឹង​ត្រូវ​សាក​ល្បង។ ពេល​កូក​នៃ​ស្រុក​ម៉ាកូក​ដែល​ជា​ប្រជា​ជាតិ​នានា​ដែល​ចង​សម្ព័ន្ធភាព​គ្នា​វាយ​ប្រហារ​រាស្ត្រ​ព្រះ នេះ​អាច​មើល​ទៅ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​យើង។ ពេល​នោះ យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​អាច ហើយ​នឹង​ការ​ពារ​យើង។ ប្រជា​ជាតិ​នានា​ទាំង​នោះ​នឹង​មើល​មក​យើង​ដោយ​គិត​ថា​យើង​ប្រៀប​ដូច​ជា​ចៀម​ដែល​គ្មាន​អ្នក​ការ​ពារ។ (​អេគ. ៣៨:១០​-​១២​) យើង​នឹង​គ្មាន​អាវុធ ហើយ​មិន​ហ្វឹក​ហាត់​ធ្វើ​សង្គ្រាម​ទេ។ ប្រជា​ជាតិ​នានា​នឹង​គិត​ថា ពួក​គេ​នឹង​យក​ឈ្នះ​យើង​យ៉ាង​ងាយ​ស្រួល។ ពួក​គេ​មិន​ដឹង​ថា​ទេវតា​របស់​ព្រះ​យេហូវ៉ា​ប្រុង​ប្រៀប​នឹង​ការ​ពារ​យើង​ទេ។ ប៉ុន្តែ​យើង​ដឹង ដោយ​សារ​យើង​មាន​ជំនឿ។ ពួក​គេ​នឹង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​កង​ទ័ព​ស្ថាន​សួគ៌​ច្បាំង​ជំនួស​យើង។—បប. ១៩:១១, ១៤, ១៥

ចូរ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​ចំពោះ​ថ្ងៃ​អនាគត

១៤. តើ​យើង​អាច​ធ្វើ​អ្វី​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ថ្ងៃ​អនាគត?

១៤ តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​នៅ​ឥឡូវ​នេះ​ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ថ្ងៃ​អនាគត? ដំបូង​បង្អស់ យើង​ត្រូវ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ទ្រព្យ​សម្បត្តិ ដោយ​ទទួល​ស្គាល់​ថា ថ្ងៃ​ណា​មួយ​យើង​នឹង​ត្រូវ​លះ​ចោល​អ្វី​ៗ​ដែល​យើង​មាន។ យើង​ក៏​ត្រូវ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន ហើយ​មាន​អំណរ​ខ្លាំង​បំផុត​ពី​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ កាល​ដែល​យើង​ស្គាល់​ព្រះ​របស់​យើង​កាន់​តែ​ច្បាស់ យើង​នឹង​កាន់​តែ​ជឿ​ជាក់​ថា​លោក​អាច​ការ​ពារ​យើង​ពេល​កូក​នៃ​ស្រុក​ម៉ាកូក​វាយ​ប្រហារ​យើង។

១៥. តើ​អ្វី​ខ្លះ​បាន​កើត​ឡើង​ដល់​ដាវីឌ​ពេល​គាត់​នៅ​ក្មេង​ដែល​បាន​ជួយ​គាត់​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​នឹង​មិន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត?

១៥ សូម​គិត​អំពី​អ្វី​ផ្សេង​ទៀត​ដែល​បាន​ជួយ​ដាវីឌ ហើយ​អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​ទុក្ខ​លំបាក។ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ចូរ​ភ្លក់​មើល​ឲ្យ​ដឹង​ថា​ព្រះ​យេហូវ៉ា​ជា​ព្រះ​ល្អ អ្នក​ណា​ដែល​ពឹង​ជ្រក​លោក អ្នក​នោះ​មាន​សុភមង្គល​ហើយ​»។ (​ចសព. ៣៤:៨​) ពាក្យ​ទាំង​នេះ​ពន្យល់​អំពី​មូលហេតុ​ដែល​ដាវីឌ​ដឹង​ថា គាត់​អាច​ពឹង​ផ្អែក​ទៅ​លើ​ការ​គាំទ្រ​របស់​ព្រះ​យេហូវ៉ា។ ដាវីឌ​ច្រើន​តែ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា ហើយ​លោក​មិន​ដែល​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ឡើយ។ ពេល​នៅ​ក្មេង ដាវីឌ​បាន​ច្បាំង​នឹង​កូលីយ៉ាត​ដែល​ជា​ជន​ជាតិ​ភីលីស្ទីន​ម្នាក់​ដែល​មាន​មាឌ​ធំ​សម្បើម ហើយ​គាត់​បាន​ប្រាប់​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ក្លា​នោះ​ថា​៖ ​«​នៅ​ថ្ងៃ​នេះ​ឯង ព្រះ​យេហូវ៉ា​នឹង​ប្រគល់​អ្នក​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ​»។ (​១សាំ. ១៧:៤៦​) ក្រោយ​មក ពេល​ដាវីឌ​បម្រើ​ស្ដេច​សុល សុល​បាន​ព្យាយាម​អស់​ជា​ច្រើន​ដង​ដើម្បី​សម្លាប់​គាត់។ ប៉ុន្តែ​«​ព្រះ​យេហូវ៉ា​នៅ​ជា​មួយ​នឹង​ដាវីឌ​»។ (​១សាំ. ១៨:១២​) ដោយ​សារ​ដាវីឌ​ធ្លាប់​ទទួល​ជំនួយ​ពី​ព្រះ​នៅ​អតីតកាល គាត់​ដឹង​ថា​គាត់​អាច​ពឹង​ផ្អែក​លើ​លោក​ក្នុង​អំឡុង​គ្រា​ទុក្ខ​លំបាក​ដែល​គាត់​មាន។

១៦. តើ​យើង​អាច​«​ភ្លក់​»​គុណធម៌​របស់​ព្រះ​យេហូវ៉ា​តាម​របៀប​ណា​ខ្លះ?

១៦ កាល​ដែល​យើង​កាន់​តែ​ពឹង​ផ្អែក​ទៅ​លើ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ យើង​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​សមត្ថភាព​របស់​លោក​ក្នុង​ការ​សង្គ្រោះ​យើង​នៅ​ថ្ងៃ​អនាគត។ យើង​ត្រូវ​មាន​ជំនឿ ហើយ​ពឹង​ផ្អែក​ទៅ​លើ​ព្រះ​យេហូវ៉ា ដើម្បី​សុំ​ច្បាប់​ពី​ថៅកែ​របស់​យើង​ឲ្យ​ចូល​រួម​សន្និបាត​ឬ​មហា​សន្និបាត ឬ​សុំ​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ​ដើម្បី​យើង​អាច​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​អស់ និង​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ឧបមា​ថា ថៅកែ​បដិសេធ​សំណូម​ពរ​របស់​យើង ហើយ​បញ្ឈប់​ការ​ងារ​យើង។ តើ​យើង​នឹង​មាន​ជំនឿ​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង ហើយ​ថា​លោក​នឹង​ផ្ដល់​អ្វី​ដែល​យើង​ត្រូវ​ការ​ឬ​ទេ? (​ហេ. ១៣:៥​) បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បម្រើ​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល អាច​ប្រាប់​អំពី​បទ​ពិសោធន៍​របស់​ពួក​គេ​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​តែង​តែ​បាន​ជួយ​ពួក​គេ​ពេល​ពួក​គេ​ត្រូវ​ការ​ជំនួយ។ ព្រះ​យេហូវ៉ា​គឺ​ស្មោះ​ត្រង់។

១៧. តើ​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២២​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នេះ​គឺ​សម​ត្រឹម​ត្រូវ?

១៧ ដោយ​មាន​ព្រះ​យេហូវ៉ា​នៅ​ខាង​យើង យើង​គ្មាន​ហេតុ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ទេ។ ព្រះ​របស់​យើង​នឹង​មិន​បោះ​បង់​ចោល​យើង ដរាប​ណា​យើង​ចាត់​ទុក​រាជាណាចក្រ​របស់​លោក​ថា ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ ដើម្បី​រំលឹក​យើង​ថា យើង​ត្រូវ​ត្រៀម​ខ្លួន​នៅ​ឥឡូវ​នេះ​សម្រាប់​គ្រា​លំបាក​នៅ​ថ្ងៃ​ខាង​មុខ និង​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​បោះ​បង់​ចោល​យើង គណៈ​អភិបាល​បាន​ជ្រើស​រើស​ចម្រៀង​សរសើរ​ព្រះ ៣៤:១០​ជា​បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​សម្រាប់​ឆ្នាំ​២០២២ ដែល​ថា​៖ ​«​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ល្អ​ទេ​»។

ចម្រៀង​លេខ​៣៨ លោក​នឹង​ធ្វើ​ឲ្យ​អ្នក​ខ្លាំង​ក្លា

^ បទ​គម្ពីរ​ប្រចាំ​ឆ្នាំ​របស់​យើង​សម្រាប់​ឆ្នាំ​២០២២​មក​ពី​ចម្រៀង​សរសើរ​ព្រះ ៣៤:១០​ដែល​ចែង​ថា​៖ ​«​ពួក​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នឹង​មិន​ខ្វះ​អ្វី​ល្អ​ទេ​»។ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ជា​ច្រើន​របស់​ព្រះ​យេហូវ៉ា​មិន​មាន​វត្ថុ​ទ្រព្យ​ច្រើន​ឡើយ។ ដូច្នេះ ហេតុ​អ្វី​យើង​អាច​និយាយ​ថា​ពួក​គេ​«​មិន​ខ្វះ​អ្វី​ល្អ​»​? ម្យ៉ាង​ទៀត តើ​ការ​យល់​អត្ថន័យ​នៃ​ខ​នេះ អាច​ជួយ​យើង​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​គ្រា​លំបាក​នៅ​ថ្ងៃ​ខាង​មុខ​យ៉ាង​ដូច​ម្ដេច?

^ សូម​មើល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៩ ទំព័រ​១៦​-​១៧

^ ការ​ពណ៌នា​អំពី​រូប​ភាព: សូម្បី​តែ​នៅ​ពេល​ដែល​ដាវីឌ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​រូង​ភ្នំ​ដើម្បី​គេច​ពី​ស្ដេច​សុល ក៏​គាត់​មាន​ចិត្ត​កតញ្ញូ​ចំពោះ​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ។

^ ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីប ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ម៉ាណា​ឲ្យ​ពួក​គេ​បរិភោគ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​សម្លៀក​បំពាក់​របស់​ពួក​គេ​មិន​សឹក​រេច​រឹល។