លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤

មូលហេតុដែលយើងចូលរួមពិធីរំលឹក

មូលហេតុដែលយើងចូលរួមពិធីរំលឹក

​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។—លូក. ២២:១៩

ចម្រៀង​លេខ​២០ លោក​បាន​ឲ្យ​បុត្រ​ជា​ទី​ស្រឡាញ់

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​យើង​នឹក​ចាំ​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​ដែល​បាន​ស្លាប់​ជា​ពិសេស​នៅ​ពេល​ណា? (​ខ​) តើ​លោក​យេស៊ូ​ចាប់​ផ្ដើម​ធ្វើ​ពិធី​អ្វី​នៅ​យប់​មុន​លោក​ស្លាប់?

 ទោះ​ជា​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​ស្លាប់​យូរ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​នឹក​ចាំ​ពួក​គេ។ ជា​ពិសេស យើង​ប្រហែល​ជា​នឹក​ឃើញ​អំពី​ពួក​គេ​នៅ​ថ្ងៃ​ខួប​មរណភាព​របស់​ពួក​គេ។

រាល់​ឆ្នាំ យើង​នៅ​ក្នុង​ចំណោម​មនុស្ស​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ដែល​ជួប​ជុំ​គ្នា​នៅ​ខួប​មរណភាព​របស់​បុគ្គល​ជា​ទី​ស្រឡាញ់​ម្នាក់​របស់​យើង គឺ​លោក​យេស៊ូ​គ្រិស្ត។ (​១ពេ. ១:៨​) យើង​មក​ជួប​ជុំ​គ្នា​រំលឹក​អំពី​បុគ្គល​ដែល​បាន​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ ដើម្បី​សង្គ្រោះ​យើង​ពី​ការ​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ (​ម៉ាថ. ២០:២៨​) តាម​ពិត លោក​យេស៊ូ​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​នឹក​ចាំ​អំពី​មរណភាព​របស់​លោក។ នៅ​យប់​មុន​លោក​ស្លាប់ លោក​បាន​ផ្ដើម​ធ្វើ​ពិធី​អាហារ​ល្ងាច​ដ៏​ពិសេស​មួយ ហើយ​បង្គាប់​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​ដល់​ខ្ញុំ​»។—លូក. ២២:១៩

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

មនុស្ស​មួយ​ក្រុម​តូច​ដែល​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​លាន​នាក់​ទៀត​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី ក៏​ចូល​រួម​ពិធី​នេះ​ដែរ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ក្រុម​ទាំង​ពីរ​នេះ​ចង់​ចូល​រួម​ពិធី​រំលឹក​រាល់​ឆ្នាំ។ យើង​ក៏​នឹង​ពិចារណា​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ចូល​រួម​ពិធី​នេះ។ ប៉ុន្តែ ដំបូង​សូម​យើង​ពិចារណា​អំពី​មូលហេតុ​ខ្លះ​ដែល​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ចូល​រួម​ពិធី​រំលឹក។

មូលហេតុ​ដែល​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ចូល​រួម

៤. ហេតុ​អ្វី​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក?

រាល់​ឆ្នាំ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ចូល​រួម​ពិធី​រំលឹក ហើយ​បរិភោគ​វត្ថុ​តំណាង។ ហេតុ​អ្វី​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​នំ​ប៉័ង និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពេល​នោះ? ដើម្បី​ដឹង សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​យប់​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី។ ក្រោយ​ពី​ពិធី​អាហារ​បុណ្យ​រំលង លោក​យេស៊ូ​បាន​ចាប់​ផ្ដើម​ធ្វើ​ពិធី​មួយ​ដែល​បាន​ត្រូវ​គេ​ស្គាល់​ថា អាហារ​ល្ងាច​របស់​លោក​ម្ចាស់។ នៅ​ពេល​នោះ លោក​បាន​ហុច​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ឲ្យ​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​១១​នាក់​របស់​លោក ហើយ​បាន​ប្រាប់​ពួក​គេ​ឲ្យ​បរិភោគ​និង​ពិសា។ លោក​យេស៊ូ​បាន​និយាយ​ទៅ​កាន់​ពួក​សាវ័ក​ទាំង​នោះ​អំពី​កិច្ច​ព្រម​ព្រៀង​ពីរ គឺ​មួយ​កិច្ច​ព្រម​ព្រៀង​ថ្មី មួយ​ទៀត​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ។ * (​លូក. ២២:១៩, ២០, ២៨​-​៣០​) កិច្ច​ព្រម​ព្រៀង​ទាំង​នេះ​បាន​បើក​ឱកាស​ឲ្យ​ពួក​សាវ័ក និង​បុគ្គល​មួយ​ចំនួន​ទៀត​ទៅ​ជា​ស្ដេច​និង​ជា​សង្ឃ​នៅ​ស្ថាន​សួគ៌។ (​បប. ៥:១០; ១៤:១​) មាន​តែ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែនដី​និង​ជា​ភាគី​នៃ​កិច្ច​ព្រម​ព្រៀង​ទាំង​ពីរ​នេះ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​នំ​ប៉័ង​និង​ពិសា​ស្រា​ទំពាំង​បាយ​ជូរ​នៅ​ពិធី​រំលឹក​បាន។

៥. តើ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដឹង​អ្វី​ខ្លះ​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ?

មូលហេតុ​មួយ​ទៀត​ដែល​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ចង់​ចូល​រួម​ពិធី​រំលឹក គឺ​ដោយ​សារ​នេះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ។ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដល់​ពួក​គេ ពោល​គឺ​ជីវិត​អមតៈ​និង​មិន​អាច​ខូច​រលួយ​នៅ​ស្ថាន​សួគ៌ ការ​បម្រើ​ជា​មួយ​លោក​យេស៊ូ​និង​សមាជិក​ឯ​ទៀត​នៃ​១៤៤.០០០​នាក់ ហើយ​សំខាន់​បំផុត​ពួក​គេ​នៅ​កន្លែង​ដែល​ព្រះ​យេហូវ៉ា​មាន​វត្តមាន! (​១កូ. ១៥:៥១​-​៥៣; ១យ៉ូន. ៣:២​) ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដឹង​ថា ព្រះ​ជា​អ្នក​អញ្ជើញ​ពួក​គេ​ឲ្យ​មាន​ឯកសិទ្ធិ​ទាំង​នេះ​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ​ដើម្បី​ឡើង​ទៅ​ស្ថាន​សួគ៌​បាន ពួក​គេ​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ (​២ធី. ៤:៧, ៨​) ពេល​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​នៅ​ស្ថាន​សួគ៌ ពួក​គេ​សប្បាយ​ចិត្ត​ជា​ខ្លាំង។ (​ទីត. ២:១៣​) ចុះ​យ៉ាង​ណា​«​ចៀម​ឯ​ទៀត​»​វិញ? (​យ៉ូន. ១០:១៦​) តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ពួក​គេ​ចូល​រួម​ពិធី​រំលឹក?

មូលហេតុ​ដែល​ចៀម​ឯ​ទៀត​ចូល​រួម

៦. ហេតុ​អ្វី​ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក?

ចៀម​ឯ​ទៀត​មិន​មែន​ជា​អ្នក​បរិភោគ​វត្ថុ​តំណាង​នៅ​ពិធី​រំលឹក​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​សប្បាយ​ធ្វើ​ជា​អ្នក​ចូល​រួម។ នៅ​ឆ្នាំ​១៩៣៨ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​បាន​ត្រូវ​អញ្ជើញ​ជា​ពិសេស​នៅ​លើក​ដំបូង ឲ្យ​ចូល​រួម​ពិធី​រំលឹក។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​១៩៣៨​ជា​ភាសា​អង់គ្លេស ចែង​ថា​៖ ​«​គឺ​សម​ត្រឹម​ត្រូវ​ដែល​[​ចៀម​ឯ​ទៀត​]​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​នេះ និង​មើល​អ្វី​ដែល​បាន​ត្រូវ​ធ្វើ​នៅ​ទី​នោះ។... នេះ​ក៏​ជា​ពេល​ដ៏​សប្បាយ​មួយ​សម្រាប់​ពួក​គេ​ដែរ​»។ ដូច​ភ្ញៀវ​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិធី​មង្គល​ការ​សប្បាយ​មើល​អ្វី​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ទី​នោះ ចៀម​ឯ​ទៀត​សប្បាយ​មាន​វត្តមាន​និង​មើល​អ្វី​ដែល​បាន​ត្រូវ​ធ្វើ​នៅ​ពិធី​រំលឹក។

៧. ហេតុ​អ្វី​ចៀម​ឯ​ទៀត​ទន្ទឹង​រង់​ចាំ​ស្ដាប់​សុន្ទរកថា​ពិធី​រំលឹក?

ចៀម​ឯ​ទៀត​ក៏​គិត​អំពី​សេចក្ដី​សង្ឃឹម​របស់​ពួក​គេ​ដែរ។ ពួក​គេ​ទន្ទឹង​រង់​ចាំ​ស្ដាប់​សុន្ទរកថា​ពិធី​រំលឹក​ដែល​ផ្ដោត​ខ្លាំង​ទៅ​លើ​អ្វី​ដែល​គ្រិស្ត និង​អ្នក​គ្រប់​គ្រង​១៤៤.០០០​នាក់​នឹង​ធ្វើ​សម្រាប់​មនុស្ស​ស្មោះ​ត្រង់​ក្នុង​អំឡុង​ការ​គ្រប់​គ្រង​មួយ​ពាន់​ឆ្នាំ។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្ដេច អ្នក​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ទាំង​នោះ​នឹង​ជួយ​ប្រែ​ក្លាយ​ផែនដី​ឲ្យ​ទៅ​ជា​សួន​ឧទ្យាន ហើយ​ជួយ​មនុស្ស​ដែល​ស្ដាប់​បង្គាប់​ឲ្យ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ មនុស្ស​ជា​ច្រើន​លាន​នាក់​ដែល​ចូល​រួម​ពិធី​រំលឹក​រំភើប​ចិត្ត ពេល​ស្រមៃ​គិត​អំពី​ការ​សម្រេច​ទំនាយ​គម្ពីរ​ផ្សេង​ៗ ដូច​ជា​អេសាយ ៣៥:៥, ៦; ៦៥:២១​-​២៣ និង​ការ​បើក​បង្ហាញ ២១:៣, ៤។ ដោយ​ស្រមៃ​គិត​ថា​ពួក​គេ​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​នៅ​ក្នុង​ពិភព​លោក​ថ្មី នោះ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​មាន​សេចក្ដី​សង្ឃឹម​មុត​មាំ ហើយ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​មិន​ឈប់​បម្រើ​ព្រះ​យេហូវ៉ា។—ម៉ាថ. ២៤:​១៣; កាឡ. ៦:៩

៨. តើ​ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក​ដោយ​សារ​មូលហេតុ​អ្វី​ទៀត?

សូម​ពិចារណា​អំពី​មូលហេតុ​ផ្សេង​ទៀត​ដែល​ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក។ ពួក​គេ​ចង់​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​គាំទ្រ​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ បណ្ដាំ​របស់​ព្រះ​បាន​ប្រាប់​ទុក​ជា​មុន​ថា ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង និង​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​នឹង​រួម​កិច្ច​ការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ តើ​តាម​របៀប​ណា? សូម​យើង​ពិចារណា​ឧទាហរណ៍​ខ្លះ។

៩. តើ​ទំនាយ​នៅ​សាការី ៨:២៣ រៀប​រាប់​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​ចៀម​ឯ​ទៀត​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង?

សូម​អាន សាការី ៨:២៣ ទំនាយ​នេះ​ពណ៌នា​អំពី​អារម្មណ៍​របស់​ចៀម​ឯ​ទៀត​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង។ ពាក្យ​«​យូដា​ម្នាក់​»​និង​«​អ្នក​រាល់​គ្នា​»​សំដៅ​ទៅ​លើ​ក្រុម​តែ​មួយ ពោល​គឺ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នា​ផែនដី។ (​រ៉ូម ២:២៨, ២៩​) ​«​មនុស្ស​១០​នាក់​ពី​គ្រប់​ភាសា​គ្រប់​ប្រជា​ជាតិ​»​ជា​តំណាង​ចៀម​ឯ​ទៀត។ ពួក​គេ​«​ចាប់​យ៉ាង​ជាប់​»​ពោល​គឺ​នៅ​ស្មោះ​ត្រង់ ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​ជា​មួយ​ពួក​អ្នក​ទាំង​នោះ។ ដូច្នេះ នៅ​យប់​នៃ​ពិធី​រំលឹក ចៀម​ឯ​ទៀត​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ដោយ​មាន​វត្តមាន​នៅ​ទី​នោះ​ជា​មួយ​ពួក​គេ។

១០. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​សម្រេច​ទំនាយ​នៅ​អេសេគាល ៣៧:​១៥​-​១៩, ២៤, ២៥?

១០ សូម​អាន អេសេគាល ៣៧:១៥​-​១៩, ២៤, ២៥ ព្រះ​យេហូវ៉ា​បាន​សម្រេច​ទំនាយ​នេះ ដោយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​លោក​បាន​រើស​តាំង​និង​ចៀម​ឯ​ទៀត​រួម​កិច្ច​ការ​ជា​មួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ។ ទំនាយ​នេះ​រៀប​រាប់​អំពី​ឈើ​ពីរ។ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ប្រៀប​ដូច​ជា​«​ឈើ​នៃ​យូដា​»​(​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​បាន​ត្រូវ​ជ្រើស​រើស​ពី​កុលសម្ព័ន្ធ​នេះ​) ហើយ​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី​ប្រៀប​ដូច​ជា​ឈើ​នៃ​«​អេប្រាអ៊ីម​»។ * ព្រះ​យេហូវ៉ា​បង្រួប​បង្រួម​ក្រុម​ទាំង​ពីរ​នេះ ដើម្បី​ពួក​គេ​ទៅ​ជា​«​ឈើ​តែ​មួយ​»។ នេះ​មាន​ន័យ​ថា​ពួក​គេ​បម្រើ​ព្រះ​ដោយ​សាមគ្គីភាព​ក្រោម​ការ​គ្រប់​គ្រង​នៃ​ស្ដេច​តែ​មួយ​របស់​ពួក​គេ គឺ​លោក​យេស៊ូ​គ្រិស្ត។ រាល់​ឆ្នាំ ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​និង​ចៀម​ឯ​ទៀត​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​គ្នា មិន​មែន​ជា​ក្រុម​ពីរ​ទេ តែ​ជា​«​ហ្វូង​តែ​មួយ​»​ ក្រោម​ការ​មើល​ថែ​របស់​«​គង្វាល​តែ​ម្នាក់​»។—យ៉ូន. ១០:១៦

១១. តើ​«​ចៀម​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ២៥:៣១​-​៣៦, ៤០ បង្ហាញ​ការ​គាំទ្រ​ជា​ពិសេស​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ដូច​ម្ដេច?

១១ សូម​អាន ម៉ាថាយ ២៥:៣១​-​៣៦, ៤០ ​«​ចៀម​»​ក្នុង​ឧទាហរណ៍​នេះ​ជា​តំណាង​ពួក​អ្នក​សុចរិត​នៅ​គ្រា​ចុង​បញ្ចប់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ផែនដី ពោល​គឺ​ចៀម​ឯ​ទៀត។ ពួក​គេ​គាំទ្រ​ពួក​អ្នក​ដែល​នៅ​សល់​ពី​បង​ប្អូន​របស់​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់។ ពួក​គេ​ធ្វើ​ដូច្នេះ​ជា​ពិសេស​ដោយ​ជួយ​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​បំពេញ​ភារកិច្ច​ដ៏​ធំ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែល​ធ្វើ​ឡើង​នៅ​ទូទាំង​ពិភព​លោក។—ម៉ាថ. ២៤:១៤; ២៨:១៩, ២០

១២​-​១៣. តើ​ចៀម​ឯ​ទៀត​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​តាម​វិធី​ផ្សេង​ទៀត​អ្វី?

១២ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក ចៀម​ឯ​ទៀត​បង្ហាញ​ការ​គាំទ្រ​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​ដោយ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​សកម្មភាព​ពិសេស​នៅ​ទូទាំង​ពិភព​លោក ដើម្បី​អញ្ជើញ​ពួក​អ្នក​ដែល​ចាប់​អារម្មណ៍​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ តើ​អ្នក​កំពុង​ត្រៀម​ខ្លួន​សម្រាប់​រដូវ​ពិធី​រំលឹក​ឬ​ទេ?​»​) ពួក​គេ​ក៏​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​រៀបចំ​រួច​រាល់​សម្រាប់​ពិធី​រំលឹក ទោះ​ជា​គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​ពួក​គេ​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ក្ដី។ ចៀម​ឯ​ទៀត​សប្បាយ​ចិត្ត​គាំទ្រ​បង​ប្អូន​របស់​គ្រិស្ត​តាម​របៀប​ទាំង​នេះ។ ចៀម​ទាំង​នេះ​ដឹង​ថា​លោក​យេស៊ូ​ចាត់​ទុក​អ្វី​ដែល​ពួក​គេ​ធ្វើ​ដល់​បង​ប្អូន​របស់​លោក​ដែល​បាន​ត្រូវ​រើស​តាំង ហាក់​ដូច​ជា​ពួក​គេ​កំពុង​ធ្វើ​ដល់​លោក​ផ្ទាល់។—ម៉ាថ. ២៥:៣៧​-​៤០

១៣ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​បែប​ណា​ក្ដី តើ​យើង​ទាំង​អស់​គ្នា​មាន​មូលហេតុ​អ្វី​ខ្លះ​ទៀត​ឲ្យ​ចូល​រួម​ពិធី​រំលឹក?

មូលហេតុ​ដែល​យើង​ទាំង​អស់​គ្នា​ចូល​រួម

១៤. តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​យ៉ាង​ណា​ចំពោះ​យើង?

១៤ យើង​មាន​អំណរ​គុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​បាន​បង្ហាញ​ចំពោះ​យើង។ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដោយ​លះ​បង់​ប្រយោជន៍​ខ្លួន​តាម​របៀប​ជា​ច្រើន។ ប៉ុន្តែ មាន​របៀប​មួយ​ដែល​វិសេស​ជាង​គេ គឺ​លោក​បាន​ចាត់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​ឲ្យ​រង​ទុក្ខ​និង​ស្លាប់​ជា​ប្រយោជន៍​ដល់​យើង។ (​យ៉ូន. ៣:១៦​) យើង​ដឹង​ថា​លោក​យេស៊ូ​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​យើង​ដែរ ដោយ​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ (​យ៉ូន. ១៥:១៣​) យើង​មិន​អាច​តប​ស្នង​លោក​ទាំង​ពីរ​អស់​ទេ ចំពោះ​សេចក្ដី​ស្រឡាញ់​ដែល​លោក​ទាំង​ពីរ​បង្ហាញ​ចំពោះ​យើង។ ប៉ុន្តែ យើង​អាច​បង្ហាញ​អំណរ​គុណ​របស់​យើង​តាម​របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ។ (​កូឡ. ៣:១៥​) ម្យ៉ាង​ទៀត យើង​ចូល​រួម​ពិធី​រំលឹក​ដើម្បី​យើង​អាច​នឹក​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​យើង និង​ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​ទាំង​ពីរ។

១៥. ហេតុ​អ្វី​ទាំង​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ទាំង​ចៀម​ឯ​ទៀត​មាន​ចិត្ត​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​ថ្លៃ​លោះ?

១៥ យើង​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​អំណោយ​ជា​ថ្លៃ​លោះ។ (​ម៉ាថ. ២០:២៨​) ថ្លៃ​លោះ​មាន​តម្លៃ​ខ្លាំង​ណាស់​ចំពោះ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង ពីព្រោះ​នោះ​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ។ ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​គ្រិស្ត ព្រះ​យេហូវ៉ា​បាន​ប្រកាស​ថា​ពួក​គេ​ជា​មនុស្ស​សុចរិត ហើយ​បាន​ទទួល​ពួក​គេ​ជា​កូន​របស់​លោក។ (​រ៉ូម ៥:១; ៨:១៥​-​១៧, ២៣​) ចៀម​ឯ​ទៀត​ក៏​មាន​អំណរ​គុណ​ចំពោះ​ថ្លៃ​លោះ​ដែរ។ ដោយ​សារ​ពួក​គេ​មាន​ជំនឿ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ ពួក​គេ​បាន​ត្រូវ​រាប់​ជា​បុគ្គល​ស្អាត​ស្អំ​តាម​ទស្សនៈ​ព្រះ អាច​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក និង​មាន​សេចក្ដី​សង្ឃឹម​«​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​បប. ៧:១៣​-​១៥​) របៀប​មួយ​ដែល​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង និង​ចៀម​ឯ​ទៀត​បង្ហាញ​ចិត្ត​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ គឺ​ដោយ​មាន​វត្តមាន​នៅ​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ។

១៦. តើ​អ្វី​ជា​មូលហេតុ​មួយ​ទៀត​ដែល​យើង​ចូល​រួម​ពិធី​រំលឹក?

១៦ មូលហេតុ​មួយ​ទៀត​ដែល​យើង​ចូល​រួម​ពិធី​រំលឹក គឺ​ដោយ​សារ​យើង​ចង់​ស្ដាប់​បង្គាប់​លោក​យេស៊ូ។ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​បែប​ណា​ចំពោះ​ថ្ងៃ​អនាគត​ក្ដី យើង​ម្នាក់​ៗ​ចង់​ធ្វើ​តាម​បង្គាប់​ដែល​លោក​យេស៊ូ​បាន​ឲ្យ​នៅ​យប់​ដែល​លោក​បាន​ធ្វើ​ពិធី​រំលឹក។ បង្គាប់​នោះ​គឺ​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​ដូច្នេះ ដើម្បី​រំលឹក​អំពី​ខ្ញុំ​»។—១កូ. ១១:២៣, ២៤

ប្រយោជន៍​សម្រាប់​អស់​អ្នក​ដែល​ចូល​រួម

១៧. តើ​ពិធី​រំលឹក​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៧ យើង​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ (​យ៉ា. ៤:៨​) ដូច​ដែល​យើង​បាន​រៀន ពិធី​រំលឹក​ផ្ដល់​ឱកាស​ឲ្យ​យើង​គិត​អំពី​សេចក្ដី​សង្ឃឹម​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង និង​រំពឹង​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ដែល​លោក​បាន​បង្ហាញ​ចំពោះ​យើង។ (​យេ. ២៩:១១; ១យ៉ូន. ៤:៨​-​១០​) ពេល​យើង​គិត​អំពី​សេចក្ដី​សង្ឃឹម​ដ៏​ពិត​ប្រាកដ​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត និង​សេចក្ដី​ស្រឡាញ់​ដែល​មិន​ចេះ​សាប​សូន្យ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​យើង នោះ​យើង​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង ហើយ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​លោក​ក៏​មាំ​មួន​ឡើង។—រ៉ូម ៨:៣៨, ៣៩

១៨. តើ​ការ​រំពឹង​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​អ្វី?

១៨ យើង​ចង់​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ (​១ពេ. ២:​២១​) នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពិធី​រំលឹក យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែនដី មរណភាព​របស់​លោក និង​ការ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ។ ក្រោយ​មក នៅ​ល្ងាច​នៃ​ពិធី​រំលឹក មាន​សុន្ទរកថា​ដែល​រំលឹក​យើង​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ​ចំពោះ​យើង។ (​អេភ. ៥:២; ១យ៉ូន. ៣:​១៦​) ពេល​យើង​អាន​និង​រំពឹង​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ​ស្ដី​អំពី​ការ​លះបង់​ប្រយោជន៍​ខ្លួន យើង​ចង់​មាន​«​របៀប​រស់​នៅ ដូច​លោក​យេស៊ូ​ធ្លាប់​មាន​»។—១យ៉ូន. ២:៦

១៩. តើ​យើង​អាច​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​តាម​របៀប​ណា?

១៩ យើង​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់។ (​យូ. ២០, ២១​) យើង​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់ ដោយ​ខំ​អស់​ពី​សមត្ថភាព​ស្ដាប់​បង្គាប់​លោក ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ និង​ធ្វើ​ឲ្យ​ចិត្ត​លោក​អរ​សប្បាយ។ (​សុភ. ២៧:១១; ម៉ាថ. ៦:៩; ១យ៉ូន. ៥:៣​) ពិធី​រំលឹក​ជំរុញ​ចិត្ត​យើង​ឲ្យ​តាំង​ចិត្ត​មាន​របៀប​រស់​នៅ​រាល់​ថ្ងៃ ដែល​ហាក់​ដូច​ជា​យើង​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា​ថា​‹ខ្ញុំ​ចង់​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​លោក​ស្រឡាញ់​ជា​រៀង​រហូត!›។

២០. តើ​យើង​មាន​មូលហេតុ​ល្អ​អ្វី​ឲ្យ​ចូល​រួម​ពិធី​រំលឹក?

២០ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែនដី​ក្ដី យើង​មាន​មូលហេតុ​ល្អ​ៗ​ឲ្យ​ចូល​រួម​ពិធី​រំលឹក។ រាល់​ឆ្នាំ ពេល​ដែល​យើង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​នោះ យើង​នឹក​ចាំ​អំពី​មរណភាព​របស់​បុគ្គល​ម្នាក់​ដែល​យើង​ស្រឡាញ់ គឺ​លោក​យេស៊ូ​គ្រិស្ត។ សំខាន់​បំផុត យើង​នឹក​ចាំ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​បំផុត​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចំពោះ​យើង ដោយ​ឲ្យ​បុត្រ​រ​របស់​លោក​ជា​ថ្លៃ​លោះ។ នៅ​ឆ្នាំ​នេះ ពិធី​រំលឹក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ល្ងាច ថ្ងៃ​សុក្រ ទី​១៥ ខែ​មេសា ឆ្នាំ​២០២២។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បុត្រ​របស់​លោក ដូច្នេះ​នៅ​ខួប​មរណភាព​របស់​លោក​យេស៊ូ គ្មាន​អ្វី​សំខាន់​ជាង​ការ​ដែល​យើង​មាន​វត្តមាន​នៅ​ពិធី​រំលឹក​ឡើយ។

ចម្រៀង​លេខ​១៦ ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ដែល​បាន​រើស​តាំង​បុត្រ​លោក

^ មិន​ថា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌ ឬ​នៅ​ផែនដី​ជា​សួន​ឧទ្យាន​ក្ដី យើង​ទន្ទឹង​រង់​ចាំ​ចូល​រួម​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ។ នៅ​ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ពី​គម្ពីរ​ដែល​យើង​ចូល​រួម​ពិធី​រំលឹក និង​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ចូល​រួម​ពិធី​នេះ។

^ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​កិច្ច​ព្រម​ព្រៀង​ថ្មី​និង​កិច្ច​ព្រម​ព្រៀង​រាជាណាចក្រ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​រាជាណាចក្រ​មួយ​‹ដែល​សុទ្ធ​តែ​ជា​សង្ឃ›​»​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១៤ ទំព័រ​១៣​-​១៥

^ ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ទំនាយ​នៃ​ឈើ​ពីរ​ដែល​បាន​រៀប​រាប់​នៅ​អេសេគាល ជំពូក​ទី​៣៧ សូម​មើល​សៀវភៅ​ការ​គោរព​ប្រណិប័តន៍​ពិត​ដល់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​រៀបចំ​ឡើង​វិញ​ហើយ! ទំព័រ​១៣០​-​១៣៥, វគ្គ​៣​-​១៧