អត្ថបទសិក្សា ២៧
«ចូរសង្ឃឹមលើព្រះយេហូវ៉ាចុះ»
«ចូរសង្ឃឹមលើព្រះយេហូវ៉ា ចូរក្លាហានហើយរឹងមាំឡើង»។—ចសព. ២៧:១៤
ចម្រៀងលេខ១២៨ ចូរស៊ូទ្រាំរហូតដល់ទីបញ្ចប់
សេចក្ដីសង្ខេប *
១. (ក) តើព្រះយេហូវ៉ាផ្ដល់សេចក្ដីសង្ឃឹមអ្វីដល់យើង? (ខ) តើការ«សង្ឃឹមលើព្រះយេហូវ៉ា»មានន័យយ៉ាងណា? (សូមមើល«ការពន្យល់ពាក្យ»)
ព្រះយេហូវ៉ាបានផ្ដល់សេចក្ដីសង្ឃឹមដ៏អស្ចារ្យដល់អស់អ្នកដែលស្រឡាញ់លោក។ គឺថាមិនយូរទៀត លោកនឹងបំបាត់ចោលជំងឺ ទុក្ខសោក និងសេចក្ដីស្លាប់។ (បប. ២១:៣, ៤) លោកនឹងជួយ«មនុស្សដែលមានចិត្តសុភាព»ដែលសង្ឃឹមលើលោកឲ្យប្រែក្លាយផែនដីទៅជាសួនឧទ្យាន។ (ចសព. ៣៧:៩-១១) លោកក៏នឹងបើកឱកាសឲ្យយើងម្នាក់ៗមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយលោក ខ្លាំងជាងឥឡូវនេះទៅទៀត។ នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យមែន! តើមានទីសំអាងអ្វីឲ្យយើងជឿថាសេចក្ដីសន្យារបស់ព្រះនឹងក្លាយជាការពិត? គឺថាព្រះយេហូវ៉ាតែងតែធ្វើតាមប្រសាសន៍របស់លោក។ ដូច្នេះ មានមូលហេតុល្អឲ្យយើង«សង្ឃឹមលើព្រះយេហូវ៉ា»។ * (ចសព. ២៧:១៤) យើងធ្វើដូច្នេះកាលដែលយើងរង់ចាំដោយចិត្តអត់ធ្មត់និងអំណរ ឲ្យលោកសម្រេចគោលបំណងរបស់លោក។—អេ. ៥៥:១០, ១១
២. តើព្រះយេហូវ៉ាបានធ្វើអ្វីរួចហើយ?
២ ព្រះយេហូវ៉ាបានបង្ហាញរួចហើយថាលោកធ្វើតាមសេចក្ដីសន្យារបស់លោក។ សូមគិតអំពីឧទាហរណ៍ដ៏ល្អប្រសើរមួយ។ ក្នុងសៀវភៅការបើកបង្ហាញ ព្រះយេហូវ៉ាសន្យាថានៅសម័យរបស់យើង លោកនឹងបង្រួបបង្រួមមនុស្សពីគ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ និងគ្រប់ភាសាឲ្យមកគោរពប្រណិប័តន៍ពិតដោយសាមគ្គីភាព។ នៅសព្វថ្ងៃនេះ ក្រុមមនុស្សដ៏ពិសេសនេះបានត្រូវគេស្គាល់ថាជា«មនុស្សមួយក្រុមធំ»។ (បប. ៧:៩, ១០) ទោះជាក្រុមនេះមានបុរសស្ត្រីនិងកូនក្មេង ដែល មកពីមជ្ឈដ្ឋានផ្សេងៗនៅទូទាំងពិភពលោកក្ដី ពួកគេជាក្រុមគ្រួសារមួយដែលមានសាមគ្គីភាពនិងសេចក្ដីសុខសាន្ត។ (ចសព. ១៣៣:១; យ៉ូន. ១០:១៦) មនុស្សមួយក្រុមធំនេះក៏ជាអ្នកផ្សព្វផ្សាយយ៉ាងខ្នះខ្នែងដែរ។ ពួកគេប្រុងប្រៀបជានិច្ចដើម្បីប្រាប់សេចក្ដីសង្ឃឹមរបស់ពួកគេអំពីពិភពលោកដ៏ល្អប្រសើរជាងដល់អស់អ្នកដែលនឹងស្ដាប់ពួកគេ។ (ម៉ាថ. ២៨:១៩, ២០; បប. ១៤:៦, ៧; ២២:១៧) បើអ្នកជាសមាជិកនៃមនុស្សមួយក្រុមធំនោះ សេចក្ដីសង្ឃឹមអំពីអ្វីដ៏ប្រសើរជាងនៅថ្ងៃខាងមុខ ច្បាស់ជាមានតម្លៃខ្លាំងចំពោះអ្នក។
៣. តើសាថានមានគោលដៅអ្វី?
៣ មេកំណាចចង់ឲ្យអ្នកលែងមានសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃអនាគត។ គោលដៅរបស់វាគឺធ្វើឲ្យអ្នកជឿថាព្រះយេហូវ៉ាមិនយកចិត្តទុកដាក់ចំពោះអ្នក ហើយថាលោកនឹងមិនគោរពពាក្យសន្យារបស់លោកទេ។ បើសាថានធ្វើឲ្យយើងអស់សង្ឃឹមបាន នោះយើងនឹងបាត់បង់ចិត្តក្លាហាន ហើយប្រហែលជាថែមទាំងឈប់បម្រើព្រះយេហូវ៉ាទៀតផង។ ដូចដែលយើងនឹងឃើញ មេកំណាចបានព្យាយាមធ្វើឲ្យយ៉ូបបាត់បង់សេចក្ដីសង្ឃឹម និងឈប់បម្រើព្រះយេហូវ៉ា។
៤. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ? (យ៉ូប ១:៩-១២)
៤ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីវិធីសាស្ត្រផ្សេងៗដែលសាថានប្រើ ដើម្បីព្យាយាមបង្ខំយ៉ូបឲ្យលែងរក្សាចិត្តស្មោះឥតងាករេ។ (សូមអាន យ៉ូប ១:៩-១២) យើងក៏នឹងពិចារណាអំពីអ្វីដែលយើងអាចរៀនពីគំរូរបស់យ៉ូប និងមូលហេតុដែលយើងត្រូវចាំថាព្រះយេហូវ៉ាស្រឡាញ់យើង ហើយថាលោកនឹងសម្រេចសេចក្ដីសន្យារបស់លោក។
សាថានព្យាយាមធ្វើឲ្យយ៉ូបអស់សង្ឃឹម
៥-៦. ក្នុងរយៈពេលដ៏ខ្លី តើអ្វីបានកើតឡើងចំពោះយ៉ូប?
៥ យ៉ូបមានជីវិតដ៏ល្អណាស់។ គាត់មានចំណងមិត្តភាពជិតស្និទ្ធជាមួយព្រះយេហូវ៉ា មានគ្រួសារដ៏ធំរីករាយ និងជាអ្នកមានស្ដុកស្ដម្ភ។ (យ៉ូប ១:១-៥) ប៉ុន្តែ ក្នុងរយៈពេលតែមួយថ្ងៃ គាត់បានបាត់បង់អ្វីៗស្ទើរតែទាំងអស់។ ដំបូង គាត់បានបាត់បង់ទ្រព្យសម្បត្តិ។ (យ៉ូប ១:១៣-១៧) បន្ទាប់មក កូនៗជាទីស្រឡាញ់ទាំងអស់របស់គាត់បានស្លាប់។ សូមគិតអំពីទុក្ខសោកដែលគាត់មាន។ ឪពុកម្ដាយបាត់បង់កូនតែម្នាក់ឈឺចិត្តខ្លាំងណាស់ទៅហើយ។ ចុះទម្រាំយ៉ូបនិងប្រពន្ធរបស់គាត់ បានបាត់បង់កូនទាំងអស់ចំនួន១០នាក់! ពួកគាត់ច្បាស់ជាតក់ស្លុត ក្រៀមក្រំ និងមានទុក្ខសោកយ៉ាងខ្លាំង។ ហេតុនេះបានជាយ៉ូបហែកអាវនិងក្រាបខ្លួនដល់ដី។—យ៉ូប ១:១៨-២០
៦ បន្ទាប់មក សាថានបានធ្វើឲ្យយ៉ូបមានជំងឺដែលនាំឲ្យគាត់ឈឺចាប់យ៉ាងខ្លាំង និងជាជំងឺដ៏គួរឲ្យអាម៉ាស់។ (យ៉ូប ២:៦-៨; ៧:៥) មុននោះ បណ្ដាជនគោរពយ៉ូបយ៉ាងជ្រាលជ្រៅ ហើយពួកគេបានមកសុំយោបល់ពីគាត់។ (យ៉ូប ៣១:១៨) ប៉ុន្តែ ពេលគាត់ធ្លាក់ខ្លួនឈឺ ពួកគេបានគេចពីគាត់។ បងប្អូន មិត្តជិតស្និទ្ធ ហើយសូម្បីតែអ្នកបម្រើរបស់គាត់ ក៏លែងរាប់រកគាត់ទៀត។—យ៉ូប ១៩:១៣, ១៤, ១៦
៧. (ក) តើយ៉ូបបានជឿថាទុក្ខលំបាករបស់គាត់មកពីណា ប៉ុន្តែតើគាត់មិនព្រមធ្វើអ្វី? (ខ) តើតាមរបៀបណាគ្រិស្តសាសនិកប្រហែលជាជួបទុក្ខលំបាកដែលស្រដៀងនឹងទុក្ខលំបាក ដែលបានត្រូវបង្ហាញក្នុងរូបភាព?
៧ សាថានចង់ឲ្យយ៉ូបជឿថាទុក្ខលំបាករបស់គាត់ គឺមកពីគាត់លែងទទួលការពេញចិត្តពីព្រះយេហូវ៉ាទៀត។ ជាឧទាហរណ៍ វាបានធ្វើឲ្យមានខ្យល់ដ៏ធំមកបំផ្លិចបំផ្លាញផ្ទះដែលមានកូនទាំង១០នាក់របស់យ៉ូបកំពុងពិសាអាហារជាមួយគ្នា។ (យ៉ូប ១:១៨, ១៩) វាក៏បានធ្វើឲ្យមានភ្លើងធ្លាក់ពីលើមេឃដើម្បីបំផ្លាញហ្វូងសត្វរបស់យ៉ូប ព្រមទាំងអ្នកបម្រើដែលមើលថែហ្វូងសត្វទាំងនោះ។ (យ៉ូប ១:១៦) ខ្យល់និងភ្លើងមកពីអំណាចពិសេសដែលខុសពីធម្មតា ដូច្នេះយ៉ូបបានសន្និដ្ឋានថាអ្វីទាំងនេះទំនងជាមកពីព្រះយេហូវ៉ា។ ជាលទ្ធផល យ៉ូបបានជឿថាគាត់ប្រហែលជាធ្វើឲ្យព្រះយេហូវ៉ាទាស់ចិត្ត។ ទោះជាយ៉ាងនេះក៏ដោយ យ៉ូបមិនព្រមប្រមាថបិតារបស់គាត់នៅស្ថានសួគ៌ឡើយ។ គាត់វែកញែកថា បើគាត់ទទួលអ្វីល្អជាច្រើនពីព្រះអស់ជាច្រើនឆ្នាំ គាត់ក៏គួរសុខចិត្តទទួលអ្វីមិនល្អដែរ។ ដូច្នេះ គាត់និយាយថា៖ «សូមឲ្យនាមព្រះយេហូវ៉ាទទួលការសរសើរតម្កើងរហូតតទៅ»។ (យ៉ូប ១:២០, ២១; ២:១០) ទោះជាយ៉ូបបានបាត់បង់ទ្រព្យ សម្បត្តិ កូនៗ និងសុខភាពរបស់គាត់ក្ដី គាត់បានរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ប៉ុន្តែ សាថានមិនបានឈប់ត្រឹមនេះទេ។ វាបានធ្វើអ្វីផ្សេងទៀត។
៨. តើសាថានបានធ្វើអ្វីបន្ទាប់មកចំពោះយ៉ូប?
៨ បន្ទាប់មក សាថានបានប្រើបុរសបីនាក់ដែលបានធ្វើពុតជាមិត្តភក្ដិរបស់យ៉ូប ដើម្បីធ្វើឲ្យយ៉ូបមានអារម្មណ៍ថាគាត់គ្មានតម្លៃ។ បុរសទាំងនេះបានអះអាងថា យ៉ូបរងទុក្ខដោយសារគាត់បានធ្វើខុសច្រើន។ (យ៉ូប ២២:៥-៩) ពួកគេក៏បានព្យាយាមធ្វើឲ្យគាត់ជឿថា ទោះជាគាត់ខំធ្វើល្អច្រើនយ៉ាងណាក្ដី ព្រះមិនយកចិត្តទុកដាក់ចំពោះការខំប្រឹងទាំងនោះទេ។ (យ៉ូប ៤:១៨; ២២:២, ៣; ២៥:៤) ពួកគេបានព្យាយាមធ្វើឲ្យយ៉ូបគិតថា ព្រះមិនស្រឡាញ់គាត់ ថាព្រះនឹងមិនមើលថែគាត់ ហើយថាការបម្រើលោកគឺគ្មានប្រយោជន៍ទេ។ ពាក្យសម្ដីរបស់ពួកគេអាចធ្វើឲ្យយ៉ូបមានអារម្មណ៍ថា ស្ថានភាពរបស់គាត់គឺហាក់ដូចជាអស់សង្ឃឹមតែម្ដង។
៩. តើអ្វីបានជួយយ៉ូបឲ្យមានចិត្តក្លាហាននិងរឹងមាំ?
៩ សូមស្រមៃគិតអំពីអ្វីដែលបានកើតឡើង។ យ៉ូបកំពុងអង្គុយលើផេះទាំងមានការឈឺចាប់យ៉ាងខ្លាំង។ (យ៉ូប ២:៨) ដំបូង យ៉ូបនៅស្ងៀម។ (យ៉ូប ២:១៣–៣:១) បើមិត្តមិនពិតរបស់យ៉ូបគិតថាការនៅស្ងៀមរបស់គាត់មានន័យថាគាត់នឹងលះចោលព្រះយេហូវ៉ា ពួកគេគិតខុសហើយ។ មិត្តមិនពិតទាំងនោះចេះតែនិយាយថាយ៉ូបជាមនុស្សមិនល្អ ហើយអ្វីដែលយ៉ូបបានធ្វើគឺសុទ្ធតែគ្មានតម្លៃ។ ទុក្ខលំបាករបស់យ៉ូបគឺប្រៀបដូចជាថ្មដ៏ធ្ងន់ដែលសង្កត់គាត់ ហើយគាត់ក៏កើតទុក្ខយ៉ាងខ្លាំង ដោយសារកូនៗរបស់គាត់បានស្លាប់។ នៅពេលមួយ យ៉ូបប្រហែលជាងើយមើលទៅមិត្តមិនពិតទាំងបីនាក់របស់គាត់ ហើយនិយាយថា៖ «រហូតដល់ថ្ងៃស្លាប់ ខ្ញុំនឹងមិនព្រមឲ្យអ្វីណាមកធ្វើឲ្យខ្ញុំលែងមានចិត្តស្មោះឥតងាករេចំពោះព្រះជាដាច់ខាត!»។ (យ៉ូប ២៧:៥) តើអ្វីបានជួយយ៉ូបឲ្យមានចិត្តក្លាហាននិងរឹងមាំដូចនេះ? ទោះជាយ៉ូបធ្លាក់ដល់ចំណុចសូន្យក៏ដោយ គាត់នៅតែសង្ឃឹមថាព្រះដែលស្រឡាញ់គាត់នឹងបំបាត់ចោលទុក្ខលំបាករបស់គាត់។ គាត់ដឹងថាទោះជាគាត់ស្លាប់ក្ដី ព្រះយេហូវ៉ានឹងប្រោសគាត់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៣-១៥
តើយើងអាចយកតម្រាប់យ៉ូបយ៉ាងដូចម្ដេច?
១០. តើកំណត់ហេតុអំពីយ៉ូបបង្រៀនយើងអ្វីខ្លះ?
១០ កំណត់ហេតុអំពីយ៉ូបបង្រៀនយើងថា សាថានមិនអាចបង្ខំយើងឲ្យបោះបង់ចោលព្រះយេហូវ៉ា ហើយថាលោកដឹងអំពីស្ថានភាពទាំងអស់។ បទពិសោធន៍របស់យ៉ូបក៏អាចបង្រៀនយើងមេរៀនផ្សេងទៀត។ សូមគិតអំពីមេរៀនខ្លះដែលយើងអាចរៀនពីយ៉ូប។
១១. បើយើងបន្តទុកចិត្តព្រះយេហូវ៉ា តើយើងអាចមានទំនុកចិត្តអ្វី? (យ៉ាកុប ៤:៧)
១១ យ៉ូបបានបង្ហាញថា បើយើងបន្តទុកចិត្តព្រះយេហូវ៉ា យើងអាចស៊ូទ្រាំនឹងទុក្ខលំបាកណាក៏ដោយ ហើយតយុទ្ធនឹងសាថានបានដោយជោគជ័យ។ តើនោះនឹងមានលទ្ធផលយ៉ាងណា? គម្ពីរពង្រឹងទំនុកចិត្តយើងថាមេកំណាចនឹងរត់ចេញពីយើង។—សូមអាន យ៉ាកុប ៤:៧
១២. តើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញផ្ដល់កម្លាំងយ៉ាងណាដល់យ៉ូប?
១២ យើងត្រូវមានជំនឿមាំមួនលើសេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ។ ដូចបានត្រូវរៀបរាប់នៅអត្ថបទមុន សាថានច្រើនតែប្រើការខ្លាចស្លាប់ដើម្បីព្យាយាមធ្វើឲ្យយើងឈប់រក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ក្នុងករណីយ៉ូប សាថានបានអះអាងថាយ៉ូបនឹងធ្វើអ្វីណាក៏ដោយដើម្បីសង្គ្រោះជីវិតខ្លួន សូម្បីតែឈប់បម្រើព្រះ ក៏គាត់ធ្វើដែរ។ ប៉ុន្តែ ការអះអាងរបស់សាថានគឺខុស។ ទោះជានៅពេលយ៉ូបបានគិតថាគាត់នឹងស្លាប់ក្ដី គាត់នៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ ទំនុកចិត្តរបស់គាត់ទៅលើគុណធម៌របស់ព្រះយេហូវ៉ា និងសេចក្ដីសង្ឃឹមដ៏មុតមាំរបស់គាត់ថាព្រះយេហូវ៉ានឹងជួយគាត់ បានផ្ដល់កម្លាំងឲ្យគាត់ស៊ូទ្រាំ។ យ៉ូបបានជឿថា បើព្រះយេហូវ៉ាមិនជួយគាត់កាលដែលគាត់នៅរស់ នោះលោកនឹងប្រោសគាត់ឲ្យរស់ឡើងវិញនៅពេលអនាគត។ សេចក្ដីសង្ឃឹមអំពីការប្រោសឲ្យរស់ឡើងវិញ គឺជាសេចក្ដីសង្ឃឹមពិតប្រាកដចំពោះយ៉ូប។ បើសេចក្ដីសង្ឃឹមនេះគឺពិតប្រាកដចំពោះយើង សូម្បីតែការគំរាមដែលមានគ្រោះថ្នាក់ដល់ជីវិត ក៏នឹងមិនធ្វើឲ្យយើងលែងរក្សាចិត្តស្មោះឥតងាករេឡើយ។
១៣. ហេតុអ្វីយើងត្រូវយកចិត្តទុកដាក់ចំពោះកលល្បិចដែលសាថានបានប្រើទៅលើយ៉ូប?
១៣ យើងត្រូវយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកលល្បិចដែលសាថានបានប្រើទៅលើយ៉ូប ដោយសារវាក៏ប្រើកលល្បិចស្រដៀងនឹងនេះមកលើយើងនៅសព្វថ្ងៃនេះដែរ។ សាថានបានចោទប្រកាន់ថា៖ «មនុស្ស[មិនគ្រាន់តែយ៉ូប]នឹងសុខចិត្តលះបង់អ្វីៗទាំងអស់ ដើម្បីរក្សាជីវិតខ្លួន»។ (យ៉ូប ២:៤, ៥) វាហាក់ដូចជាអះអាងថាយើងមិនស្រឡាញ់ព្រះទេ ហើយថាយើងនឹងបោះបង់ចោលលោកដើម្បីឲ្យបានរួចជីវិត។ វាក៏អះអាងដែរថាព្រះមិនស្រឡាញ់យើងទេ ហើយថាលោកនឹងមិនកត់សម្គាល់ការខំប្រឹងរបស់យើងដើម្បីធ្វើឲ្យលោកពេញចិត្តឡើយ។ ដោយសារយើងដឹងទុកជាមុនអំពីគោលដៅរបស់សាថាន យើងមិនជឿពាក្យកុហករបស់វាទេ។
១៤. តើទុក្ខលំបាកផ្ដល់ឱកាសអ្វីឲ្យយើង? សូមឲ្យឧទាហរណ៍។
១៤ យើងគួរចាត់ទុកទុក្ខលំបាកថាជាឱកាសមួយដើម្បីរៀនអំពីខ្លួនឯង។ ទុក្ខលំបាកដែលយ៉ូបបានជួបប្រទះបានជួយគាត់ឲ្យដឹងអំពីភាពទន់ខ្សោយរបស់ខ្លួននិងកែតម្រូវភាពទន់ខ្សោយនោះ។ ជាឧទាហរណ៍ គាត់បានរៀនថាគាត់ត្រូវមានចិត្តរាបទាបច្រើនជាង។ (យ៉ូប ៤២:៣) យើងក៏អាចរៀនច្រើនអំពីខ្លួនឯងពេលដែលយើងជួបទុក្ខលំបាក។ បងប្រុសម្នាក់ឈ្មោះនីកូលេ *ដែលបានត្រូវគេដាក់គុកទោះជាគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរក្ដី និយាយថា៖ «ការជាប់គុកប្រៀបដូចជាការថតអេកូ គឺឆ្លុះបញ្ចាំងឲ្យឃើញធាតុពិតរបស់គ្រិស្តសាសនិកណាម្នាក់»។ នៅពេលដែលយើងដឹងអំពីភាពទន់ខ្សោយរបស់យើង យើងអាចកែតម្រូវវាឲ្យបានល្អ។
១៥. តើយើងគួរស្ដាប់អ្នកណា ហើយហេតុអ្វី?
១៥ យើងត្រូវស្ដាប់ព្រះយេហូវ៉ា មិនមែនសត្រូវរបស់យើងទេ។ យ៉ូបបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអ្វីដែលព្រះយេហូវ៉ាបានមានប្រសាសន៍មកគាត់។ ព្រះបានវែកញែកជាមួយយ៉ូបហាក់ដូចជាលោកនិយាយថា ‹តើអ្នកឃើញឫទ្ធានុភាព របស់ខ្ញុំពីអ្វីៗដែលខ្ញុំបានបង្កើតឬទេ? ខ្ញុំដឹងអំពីអ្វីទាំងអស់ដែលបានកើតឡើងចំពោះអ្នក។ តើអ្នកគិតថាខ្ញុំមិនអាចថែរក្សាអ្នកឬ?›។ យ៉ូបបានតបឆ្លើយដោយចិត្តរាបទាប ហើយបានបង្ហាញចិត្តកតញ្ញូដ៏ជ្រាលជ្រៅចំពោះគុណធម៌របស់ព្រះយេហូវ៉ា។ យ៉ូបបាននិយាយថា៖ «ពីមុនខ្ញុំធ្លាប់តែឮអំពីលោក។ ប៉ុន្តែ ឥឡូវខ្ញុំឃើញលោកដោយផ្ទាល់ភ្នែក»។ (យ៉ូប ៤២:៥) ពេលយ៉ូបបាននិយាយពាក្យទាំងនោះ គាត់ទំនងជានៅតែអង្គុយលើផេះដោយមានដំបៅពេញខ្លួន ហើយកំពុងព្រួយចំបែងចិត្តជាខ្លាំងដោយសារកូនរបស់គាត់បានស្លាប់។ ទោះជាយ៉ាងនេះក្ដី ព្រះយេហូវ៉ាបានបញ្ជាក់ថាលោកស្រឡាញ់យ៉ូប ហើយបានពង្រឹងទំនុកចិត្តរបស់គាត់ថាលោកពេញចិត្តគាត់។—យ៉ូប ៤២:៧, ៨
១៦. យោងទៅតាមអេសាយ ៤៩:១៥, ១៦ តើយើងគួរចាំអំពីអ្វីពេលយើងជួបទុក្ខលំបាក?
១៦ សព្វថ្ងៃនេះ មនុស្សក៏ប្រហែលជាប្រមាថមើលងាយយើង និងប្រព្រឹត្តមកលើយើងហាក់ដូចជាយើងគ្មានតម្លៃ។ ពួកគេប្រហែលជាព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់អង្គការយើងឬរបស់យើងផ្ទាល់ និង«និយាយរឿងអាក្រក់គ្រប់បែបយ៉ាងដើម្បីបង្កាច់បង្ខូច»យើង។ (ម៉ាថ ៥:១១) តាមរយៈកំណត់ហេតុអំពីយ៉ូប យើងរៀនថាព្រះយេហូវ៉ាមានទំនុកចិត្តថាយើងនឹងរក្សាភក្ដីភាពចំពោះលោកពេលដែលយើងជួបទុក្ខលំបាក។ ព្រះយេហូវ៉ាស្រឡាញ់យើង ហើយនឹងមិនបោះបង់ចោលពួកអ្នកដែលសង្ឃឹមលើលោកទេ។ (សូមអាន អេសាយ ៤៩:១៥, ១៦) សូមកុំយកចិត្តទុកដាក់នឹងពាក្យបង្កាច់បង្ខូចណាក៏ដោយពីពួកសត្រូវរបស់ព្រះ។ សូមគិតអំពីពាក្យសម្ដីរបស់បងប្រុសជេមពីប្រទេសតួកគី។ គាត់នៅក្នុងក្រុមគ្រួសារមួយដែលបានជួបទុក្ខលំបាកធ្ងន់ធ្ងរ។ គាត់និយាយថា៖ «យើងបានទទួលស្គាល់ថាការស្ដាប់ពាក្យកុហកអំពីរាស្ត្ររបស់ព្រះនឹងនាំឲ្យយើងធ្លាក់ទឹកចិត្ត។ ដូច្នេះ យើងបានផ្ដោតអារម្មណ៍ទៅលើសេចក្ដីសង្ឃឹមរបស់យើងអំពីរាជាណាចក្រ ព្រះ ហើយបន្តជាប់រវល់ក្នុងកិច្ចបម្រើលោក។ ជាលទ្ធផល យើងបានរក្សាអំណររបស់យើង»។ ដូចយ៉ូប យើងស្ដាប់ព្រះយេហូវ៉ា! ពាក្យកុហករបស់សត្រូវយើងមិនអាចបំផ្លាញសេចក្ដីសង្ឃឹមរបស់យើងបានឡើយ។
សេចក្ដីសង្ឃឹមរបស់អ្នកនឹងជួយអ្នក
១៧. តើអ្នករៀនអ្វីពីគំរូរបស់បុរសស្ត្រីស្មោះត្រង់ដែលបានត្រូវរៀបរាប់នៅហេប្រឺ ជំពូកទី១១?
១៧ យ៉ូបគឺជាអ្នកបម្រើម្នាក់ក្នុងចំណោមអ្នកបម្រើព្រះជាច្រើននាក់ដែលបានរក្សាចិត្តក្លាហាននិងរឹងមាំ ទោះជាមានទុក្ខលំបាកយ៉ាងខ្លាំងក្ដី។ ក្នុងសំបុត្រដែលសាវ័កប៉ូលបានសរសេរទៅកាន់គ្រិស្តសាសនិកជនជាតិហេប្រឺ គាត់បានលើកឡើងអំពីបុគ្គលជាច្រើននាក់ទៀត ដោយហៅពួកគេថា«សាក្សីមួយក្រុមធំ»។ (ហេ. ១២:១) ពួកគេបានជួបទុក្ខលំបាកយ៉ាងខ្លាំង ប៉ុន្តែពួកគេនៅតែរក្សាភាពស្មោះត្រង់ចំពោះព្រះយេហូវ៉ា។ (ហេ. ១១:៣៦-៤០) តើការស៊ូទ្រាំនិងការខំព្យាយាមរបស់ពួកគេអសារឥតការឬទេ? មិនមែនទេ។ ទោះជាក្នុងមួយជីវិត ពួកគេមិនបានឃើញការសម្រេចនៃសេចក្ដីសន្យាទាំងអស់របស់ព្រះក្ដី ពួកគេបានបន្តសង្ឃឹមលើលោក។ ដោយសារពួកគេជឿជាក់ថាព្រះយេហូវ៉ាពេញចិត្តពួកគេ ពួកគេមានទំនុកចិត្តថានៅថ្ងៃអនាគតពួកគេនឹងឃើញសេចក្ដីសន្យារបស់ព្រះបានសម្រេច។ (ហេ. ១១:៤, ៥) គំរូរបស់ពួកគេអាចពង្រឹងការតាំងចិត្តរបស់យើងឲ្យបន្តសង្ឃឹមលើព្រះយេហូវ៉ា។
១៨. តើអ្នកតាំងចិត្តធ្វើអ្វី? (ហេប្រឺ ១១:៦)
១៨ សព្វថ្ងៃនេះ យើងរស់នៅក្នុងពិភពលោកដែលកាន់តែអាក្រក់ទៅៗ។ (២ធី. ៣:១៣) សាថានមិនទាន់ឈប់ល្បងលរាស្ត្ររបស់ព្រះទេ។ ទោះជាមានការលំបាកណាកើតឡើងនៅថ្ងៃខាងមុខ សូមយើងតាំងចិត្តធ្វើការយ៉ាងនឿយហត់ដើម្បីព្រះយេហូវ៉ា ដោយមានទំនុកចិត្តថា សេចក្ដីសង្ឃឹមរបស់យើងគឺមកពី«ព្រះដែលមានជីវិតរស់នៅ»។ (១ធី. ៤:១០) សូមចាំថាលទ្ធផលដែលយ៉ូបទទួលពីព្រះ បង្ហាញថា«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា»។ (យ៉ា. ៥:១១) សូមឲ្យយើងរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ាដែរ ហើយជឿថាលោកនឹងឲ្យរង្វាន់ដល់«អ្នកដែលខំស្វែងរកលោកអស់ពីចិត្ត»។—សូមអាន ហេប្រឺ ១១:៦
ចម្រៀងលេខ១៥០ ចូរស្វែងរកសេចក្ដីសង្គ្រោះពីព្រះ
^ ពេលគិតអំពីបុគ្គលម្នាក់ដែលស៊ូទ្រាំនឹងទុក្ខលំបាកយ៉ាងខ្លាំង យើងច្រើនតែនឹកឃើញដល់យ៉ូប។ តើយើងអាចរៀនអ្វីពីបទពិសោធន៍របស់បុរសដ៏ស្មោះត្រង់នេះ? យើងរៀនថា សាថានមិនអាចបង្ខំយើងឲ្យលះចោលព្រះយេហូវ៉ាបានទេ។ យើងក៏រៀនដែរថា ព្រះយេហូវ៉ាដឹងអំពីអ្វីទាំងអស់ដែលកើតឡើងចំពោះយើង។ ម្យ៉ាងទៀត ដូចព្រះយេហូវ៉ាបានបំបាត់ចោលទុក្ខលំបាករបស់យ៉ូប នៅថ្ងៃណាមួយលោកក៏នឹងបំបាត់ចោលទុក្ខលំបាកទាំងអស់របស់យើងដែរ។ បើយើងបង្ហាញដោយការប្រព្រឹត្តថា យើងជឿជាក់ទាំងស្រុងទៅលើសេចក្ដីពិតទាំងនេះ យើងនៅក្នុងចំណោមបុគ្គលដែលពិតជា«សង្ឃឹមលើព្រះយេហូវ៉ា»។
^ ការពន្យល់ពាក្យ: ពាក្យភាសាហេប្រឺដែលបានត្រូវបកប្រែថា«សង្ឃឹម»មានន័យថារង់ចាំអ្វីមួយដោយក្ដីរំភើប។ ពាក្យនេះក៏សំដៅទៅលើការទុកចិត្តបុគ្គលណាម្នាក់ឬពឹងផ្អែកលើគាត់។—ចសព. ២៥:២, ៣; ៦២:៥
^ ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។