លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការចេះទប់ចិត្ត គុណសម្បត្តិមួយដែលសំខាន់ចាំបាច់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា

ការចេះទប់ចិត្ត គុណសម្បត្តិមួយដែលសំខាន់ចាំបាច់ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា

បង​ប្រុស​ផល​និយាយ​ថា​៖ ​«​ពេល​បង​ជីទួត​មួយ​របស់​ខ្ញុំ​ចាប់​ផ្ដើម​រក​រឿង​ឈ្លោះ​ជា​មួយ​ខ្ញុំ ខ្ញុំ​ក៏​ច្របាច់​ក​គាត់​វិញ។ ខ្ញុំ​ចង់​សម្លាប់​គាត់​ឲ្យ​ងាប់​»។

បង​ប្រុស​ម៉ាកូ​រៀប​រាប់​ថា​៖ ​«​ពេល​នៅ​ផ្ទះ ខ្ញុំ​ឆាប់​ខឹង​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ។ ខ្ញុំ​បោក​គ្រឿង​សង្ហារិម ប្រដាប់​ប្រដា​ក្មេង​លេង​របស់​កូន​ខ្ញុំ និយាយ​ទៅ​បើ​ឃើញ​អី​ជិត​ដៃ ខ្ញុំបោក​ហ្នឹង​»។

យើង​ប្រហែល​ជា​មិន​ប្រព្រឹត្ត​ដល់​ថ្នាក់​នេះ​ទេ។ ប៉ុន្តែ ជួន​កាល​យើង​ទាំង​អស់​គ្នា​ពិបាក​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្លួន។ នេះ​គឺ​ដោយ​សារ​យើង​មាន​ទំនោរ​ចិត្ត​ខុស​ឆ្គង​ដែល​មក​ពី​អាដាម​ជា​បុរស​ដំបូង។ (​រ៉ូម ៥:១២​) ដូច​បង​ផល​និង​បង​ម៉ាកូ អ្នក​ខ្លះ​ពិបាក​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន។ អ្នក​ខ្លះ​ទៀត​ពិបាក​កាន់​កាប់​គំនិត​របស់​ពួក​គេ។ ជា​ឧទាហរណ៍ ពួក​គេ​ចេះ​តែ​គិត​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​ខ្លាច ឬ​ធ្លាក់​ទឹក​ចិត្ត។ អ្នក​ខ្លះ​ទៀត​ប្រហែល​ជា​ពិបាក​ទប់​ទល់​នឹង​បំណង​ចិត្ត​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ផឹក​ស្រា​ហួស​ប្រមាណ ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន។

ពួក​អ្នក​ដែល​មិន​គ្រប់​គ្រង​គំនិត បំណង​ប្រាថ្នា និង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​អាច​បំផ្លាញ​ជីវិត​ខ្លួន​ឯង។ ប៉ុន្តែ​យើង​អាច​ជៀស​វាង​ពី​លទ្ធផល​នេះ​បាន។ តើ​តាម​របៀប​ណា? គឺ​ដោយ​ចេះ​ទប់​ចិត្ត។ ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ សូម​យើង​ស្វែង​យល់​ចម្លើយ​ចំពោះ​សំណួរ​បី​ដូច​ត​ទៅ​៖ (​១​) តើ​អ្វី​ជា​ការ​ចេះ​ទប់​ចិត្ត? (​២​) ហេតុ​អ្វី​គុណ​សម្បត្តិ​នេះ​គឺ​សំខាន់​ម្ល៉េះ? (​៣​) តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​នេះ ដែល​ជា​លក្ខណៈ​មួយ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»​? (​កាឡ. ៥:២២, ២៣​) បន្ទាប់​មក យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​ម្នាក់​ៗ​អាច​ធ្វើ បើ​នៅ​ពេល​ខ្លះ​យើង​ពិបាក​ទប់​ចិត្ត។

តើ​អ្វី​ជា​ការ​ចេះ​ទប់​ចិត្ត?

បុគ្គល​ដែល​ចេះ​ទប់​ចិត្ត​មិន​តែង​តែ​ធ្វើ​តាម​ចិត្ត​ខ្លួន​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​ជៀស​វាង​ពី​ការ​និយាយ​ឬ​ប្រព្រឹត្ត​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត។

លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ការ​ចេះ​ទប់​ចិត្ត​គឺ​មាន​ន័យ​យ៉ាង​ណា

លោក​យេស៊ូ​បាន​បង្ហាញ​ថា​ការ​ចេះ​ទប់​ចិត្ត​មាន​ន័យ​យ៉ាង​ណា។ គម្ពីរ​ចែង​ថា​៖ ​«​ពេល​ដែល​លោក​ត្រូវ​គេ​ជេរ​ប្រមាថ លោក​មិន​បាន​ជេរ​ប្រមាថ​គេ​វិញ​ទេ។ ពេល​ដែល​លោក​រង​ទុក្ខ នោះ​លោក​មិន​បាន​គំរាម​កំហែង​គេ​ឡើយ ប៉ុន្តែ​លោក​តែង​តែ​ផ្ញើ​ខ្លួន​ទៅ​លើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​សុចរិត​យុ​ត្តិ​ធម៌​»។ (​១ពេ. ២:២៣​) លោក​យេស៊ូ​បាន​បង្ហាញ​ការ​ចេះ​ទប់​ចិត្ត​បែប​នេះ ពេល​ពួក​អ្នក​ប្រឆាំង​ចំអក​ឲ្យ​លោក កាល​ដែល​លោក​ត្រូវ​គេ​ព្យួរ​នៅ​លើ​បង្គោល​ទារុណកម្ម។ (​ម៉ាថ. ២៧:៣៩​-​៤៤​) មុន​នោះ លោក​ក៏​បាន​បង្ហាញ​ការ​ចេះ​ទប់​ចិត្ត ពេល​ពួក​អ្នក​ដឹក​នាំ​សាសនា​បាន​ព្យាយាម​រក​វិធី​ឲ្យ​លោក​និយាយ​អ្វី​ដែល​ពួក​គេ​អាច​យក​ជា​ហេតុ​ចោទ​ប្រកាន់​លោក។ (​ម៉ាថ. ២២:១៥​-​២២​) ម្យ៉ាង​ទៀត លោក​បាន​ទុក​គំរូ​ដ៏​ល្អ ពេល​ជន​ជាតិ​យូដា​ខ្លះ​ដែល​មាន​កំហឹង​បាន​រើស​ដុំ​ថ្ម​ដើម្បី​គប់​លោក! ជា​ជាង​ប្រព្រឹត្ត​អាក្រក់​ទៅ​លើ​ពួក​គេ​វិញ ​«​លោក​យេស៊ូ​លាក់​ខ្លួន រួច​ក៏​ចេញ​ពី​វិហារ​ទៅ​»។—យ៉ូន. ៨:៥៧​-​៥៩

តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ឬ​ទេ? យើង​អាច​ធ្វើ​បាន​មួយ​កម្រិត។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​គ្រិស្ត​បាន​រង​ទុក្ខ​ដើម្បី​អ្នក​រាល់​គ្នា ហើយ​ទុក​គំរូ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ខំ​ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់​»។ (​១ពេ. ២:២១​) ទោះ​ជា​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ក្ដី យើង​អាច​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់ ស្ដី​អំពី​ការ​ចេះ​ទប់​ចិត្ត។ ហេតុ​អ្វី​គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ធ្វើ​ដូច្នេះ?

ហេតុ​អ្វី​ការ​ចេះ​ទប់​ចិត្ត​គឺ​សំខាន់​ចាំ​បាច់?

ដើម្បី​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​ចេះ​ទប់​ចិត្ត។ ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ជា​យូរ​ហើយ​ក្ដី យើង​អាច​បាត់​បង់​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក បើ​យើង​មិន​គ្រប់​គ្រង​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​យើង។

សូម​គិត​អំពី​ម៉ូសេ​ដែល​ជា​បុគ្គល​«​សុភាព​ណាស់​លើស​អស់​ទាំង​មនុស្ស​នៅ​លើ​ផែនដី​»​នា​សម័យ​គាត់។ (​ជន. ១២:៣​) ម៉ូសេ​បាន​ទ្រាំ​ស្ដាប់​ពាក្យ​ត្អូញត្អែរ​របស់​ជន​ជាតិ​អ៊ីស្រាអែល​អស់​ជា​ច្រើន​ឆ្នាំ តែ​ក្រោយ​មក នៅ​ថ្ងៃ​មួយ​គាត់​បាន​បាត់​បង់​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ គាត់​ខឹង​ខ្លាំង​ណាស់ ពេល​ពួក​គេ​បាន​ត្អូញត្អែរ​ម្ដង​ទៀត​អំពី​ការ​ខ្វះ​ទឹក។ គាត់​បាន​និយាយ​ខ្លាំង​ៗ​ទៅ​បណ្ដា​ជន​ថា​៖ ​«​ចូរ​ស្ដាប់​ចុះ ពួក​បះ​បោរ​អើយ! តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដា​នេះ​សំរាប់​អ្នក​រាល់​គ្នា​ឬ​អី?​»។—ជន. ២០:២​-​១១

ម៉ូសេ​បាន​ធ្វេស​ប្រហែស​ដោយ​មិន​បាន​ទប់​ចិត្ត​ឡើយ។ គាត់​មិន​បាន​លើក​កិត្តិយស​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ធ្វើ​អព្ភូតហេតុ​ដើម្បី​ផ្ដល់​ទឹក​ទេ។ (​ទំនុក. ១០៦:៣២, ៣៣​) ជា​លទ្ធផល ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​គាត់​ចូល​ស្រុក​ដែល​លោក​បាន​សន្យា​ឡើយ។ (​ជន. ២០:១២​) រហូត​ដល់​ថ្ងៃ​ស្លាប់ ម៉ូសេ​ទំនង​ជា​ស្ដាយ​ក្រោយ​ដែល​គាត់​មិន​បាន​ទប់​កំហឹង​របស់​ខ្លួន។—ចោ. ៣:២៣​-​២៧

តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី? ទោះ​បី​ជា​យើង​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​ហើយ​ក្ដី យើង​មិន​គួរ​និយាយ​ដោយ​ខ្វះ​ការ​គោរព​ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ទើស​ចិត្ត ឬ​អ្នក​ដែល​ត្រូវ​ការ​ការ​កែ​តម្រង់​នោះ​ទេ។ (​អេភ. ៤:៣២; កូឡ. ៣:១២​) ពិត​មែន​ថា​ពេល​ដែល​យើង​កាន់​តែ​ចាស់​ទៅ​និង​សុខភាព​ចុះ​ខ្សោយ​ជាង ជួន​កាល​យើង​ពិបាក​មាន​ចិត្ត​អត់​ធ្មត់ តែ​សូម​នឹក​ចាំ​គំរូ​របស់​ម៉ូសេ។ ទោះ​ជា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី យើង​អាច​មាន​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ​ដូច​ដែល​យើង​ធ្លាប់​មាន​ពី​មុន បើ​យើង​ភ្លាត់​ធ្វើ​ខុស​ដោយ​មិន​បាន​ទប់​ចិត្ត។ យើង​ច្បាស់​ជា​មិន​ចង់​ឲ្យ​នេះ​កើត​ឡើង​ទេ។ តើ​យើង​អាច​ធ្វើ​អ្វី ដើម្បី​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​សំខាន់​ចាំ​បាច់​នេះ?

របៀប​បណ្ដុះ​ឲ្យ​មាន​ការ​ចេះ​ទប់​ចិត្ត

ចូរ​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ។ ហេតុ​អ្វី? ដោយ​សារ​ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​គុណ​សម្បត្តិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ ហើយ​ព្រះ​យេហូវ៉ា​ឲ្យ​សកម្មពល​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក។ (​លូក. ១១:១៣​) តាម​រយៈ​សកម្មពល​បរិសុទ្ធ​របស់​លោក ព្រះ​យេហូវ៉ា​អាច​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ។ (​ភី. ៤:១៣​) លោក​ក៏​អាច​ជួយ​យើង​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ឯ​ទៀត​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​លោក ដែល​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​ទប់​ចិត្ត ដូច​ជា​សេចក្ដី​ស្រឡាញ់​ជា​ដើម។—១កូ. ១៣:៥

ចូរ​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទប់​ចិត្ត

ចូរ​ជៀស​វាង​ពី​អ្វី​ណា​ក៏​ដោយ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ពិបាក​ទប់​ចិត្ត។ ជា​ឧទាហរណ៍ ចូរ​ជៀស​វាង​ពី​ការ​មើល​គេហទំព័រ​និង​ការ​កម្សាន្ត​ណា​ដែល​មាន​ការ​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ។ (​អេភ. ៥:៣, ៤​) តាម​ពិត យើង​ត្រូវ​ជៀស​វាង​អ្វី​ណាក៏​ដោយ​ដែល​អាច​នាំ​ឲ្យ​យើង​ចង់​ធ្វើ​ខុស។ (​សុភ. ២២:៣; ១កូ. ៦:១២​) ជា​ឧទាហរណ៍ បុគ្គល​ដែល​ងាយ​ចាប់​ផ្ដើម​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ស្អាត​ស្អំ​ខាង​សីលធម៌ ប្រហែល​ជា​គួរ​ជៀស​វាង​អាន​សៀវភៅ​ស្នេហា និង​មើល​ភាពយន្ត​ស្នេហា។

យើង​ប្រហែល​ជា​គិត​ថា​ពិបាក​ធ្វើ​តាម​យោបល់​នេះ។ ក៏​ប៉ុន្តែ បើ​យើង​ខំ​ព្យាយាម ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​កម្លាំង​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចេះ​ទប់​ចិត្ត។ (​២ពេ. ១:៥​-​៨​) លោក​នឹង​ជួយ​យើង​ឲ្យ​ចេះ​គ្រប់​គ្រង​គំនិត ពាក្យ​សម្ដី និង​ការ​ប្រព្រឹត្ត​របស់​យើង។ ដូច​ក្នុង​ករណី​បង​ផល​និង​បង​ម៉ាកូ​ដែល​បាន​ត្រូវ​រៀប​រាប់​ខាង​លើ ពួក​គាត់​ម្នាក់​ៗ​បាន​រៀន​ឲ្យ​ចេះ​ទប់​កំហឹង​របស់​ខ្លួន។ សូម​គិត​ផង​ដែរ​អំពី​បង​ប្រុស​ម្នាក់​ទៀត​ដែល​មិន​សូវ​ចេះ​ទប់​កំហឹង​របស់​ខ្លួន​ពេល​កំពុង​បើក​បរ ហើយ​ថែម​ទាំង​ឈ្លោះ​ប្រកែក​ជា​មួយ​គេ​ទៀត​ផង។ តើ​គាត់​បាន​ចាត់​វិធានការ​យ៉ាង​ណា? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​អធិដ្ឋាន​អស់​ពី​ចិត្ត​រាល់​ថ្ងៃ។ ខ្ញុំ​បាន​សិក្សា​អត្ថបទ​អំពី​ការ​ចេះ​ទប់​ចិត្ត ហើយ​ខំ​ទន្ទេញ​ចាំ​បទ​គម្ពីរ​ដែល​អាច​ជួយ​ខ្ញុំ។ ទោះ​ជា​ខ្ញុំ​ខំ​ប្រឹង​ចេះ​ទប់​ចិត្ត​អស់​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី ខ្ញុំ​នៅ​តែ​រំលឹក​ខ្លួន​ឯង​រាល់​ព្រឹក​ថា​ខ្ញុំ​ចង់​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់។ ខ្ញុំ​ចេញ​ទៅ​ការ​ណាត់​ជួប​លឿន​ជាង ដើម្បី​កុំ​ឲ្យ​តក់​ក្រ​ហល់​ពេក​»។

តើ​យើង​គួរ​ធ្វើ​អ្វី បើ​យើង​ពិបាក​ទប់​ចិត្ត?

ជួន​កាល យើង​ពិបាក​ទប់​ចិត្ត។ ពេល​នេះ​កើត​ឡើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ខ្មាស​ខ្លាំង​រហូត​ដល់​មិន​ហ៊ាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​នោះ​ជា​ពេល​ដែល​យើង​ត្រូវ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​គេ។ ដូច្នេះ សូម​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ភ្លាម​ៗ។ ចូរ​សុំ​លោក​អភ័យ​ទោស​ឲ្យ​អ្នក ស្វែង​រក​ជំនួយ​ពី​លោក ហើយ​តាំង​ចិត្ត​ថា​មិន​ធ្វើ​ខុស​ដូច​មុន​ឡើយ។ (​ទំនុក. ៥១:៩​-​១១​) សូម​កុំ​គិត​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​ស្ដាប់​អ្នក កាល​ដែល​អ្នក​អធិដ្ឋាន​ស្មោះ​អស់​ពី​ចិត្ត​ដើម្បី​សុំ​ក្ដី​មេត្តា​ករុណា​ពី​លោក។ (​ទំនុក. ១០២:១៧​) សាវ័ក​យ៉ូហាន​រំលឹក​យើង​ថា​ឈាម​របស់​បុត្រ​ព្រះ​«​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​១យ៉ូន. ១:៧; ២:១; ទំនុក. ៨៦:៥​) សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ប្រាប់​អ្នក​បម្រើ​របស់​លោក​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​ចេះ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូច្នេះ​យើង​អាច​ជឿ​ជាក់​ថា​លោក​ក៏​នឹង​អភ័យ​ទោស​ឲ្យ​យើង​ដែរ។—ម៉ាថ. ១៨:២១, ២២; កូឡ. ៣:១៣

ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​ទេ ពេល​ម៉ូសេ​មិន​បាន​ទប់​ចិត្ត​នៅ​តំបន់​ស្ងាត់​ជ្រងំ។ យ៉ាង​ណា​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​គាត់។ បណ្ដាំ​របស់​ព្រះ​ចែង​ថា ម៉ូសេ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​មួយ​អំពី​ជំនឿ។ (​ចោ. ៣៤:១០; ហេ. ១១:២៤​-​២៨​) ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​ម៉ូសេ​ចូល​ក្នុង​ស្រុក​ដែល​លោក​បាន​សន្យា​ទេ ប៉ុន្តែ​លោក​នឹង​អនុញ្ញាត​ឲ្យ​គាត់​រស់​នៅ​ក្នុង​សួន​ឧទ្យាន​នា​ផែនដី ហើយ​ផ្ដល់​សេចក្ដី​សង្ឃឹម​ឲ្យគាត់​អាច​រស់​ជា​រៀង​រហូត។ យើង​អាច​មាន​សេចក្ដី​សង្ឃឹមដូច​គ្នា បើ​យើង​បន្ត​ខំ​ព្យាយាម​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្តិ​ដ៏​សំខាន់​ចាំ​បាច់​នេះ ពោល​គឺ​ការ​ចេះ​ទប់​ចិត្ត។—១កូ. ៩:២៥