អត្ថបទសិក្សា ២៥
‹គឺខ្ញុំនេះហើយនឹងស្វែងរកចៀមរបស់ខ្ញុំ›
«គឺអញនេះហើយនឹងស្វែងរកចៀមរបស់អញ ទាំងស៊ើបសួររកទាល់តែឃើញផង»។—អេស. ៣៤:១១
ចម្រៀងលេខ១០៥ «ព្រះគឺជាសេចក្ដីស្រឡាញ់»
សេចក្ដីសង្ខេប *
១. តើព្រះយេហូវ៉ាប្រៀបដូចជាម្ដាយដែលបំបៅកូនយ៉ាងដូចម្ដេច?
«តើស្ត្រីនឹងភ្លេចកូនដែលកំពុងបៅដោះ»ឬទេ? ព្រះយេហូវ៉ាបានសួរសំណួរនេះនៅសម័យរបស់អេសាយដែលជាអ្នកប្រកាសទំនាយ។ ព្រះបានប្រាប់រាស្ត្ររបស់លោកថា ស្ត្រីទាំងនេះ«នឹងភ្លេចបាន ប៉ុន្តែអញមិនដែលភ្លេចឯងឡើយ»។ (អេ. ៤៩:១៥) លោកមិនសូវប្រដូចខ្លួនលោកទៅនឹងម្ដាយទេ ប៉ុន្តែនៅទីនេះលោកបានធ្វើដូច្នេះ។ ព្រះយេហូវ៉ាបានប្រើទំនាក់ទំនងរវាងម្ដាយនិងកូន ដើម្បីបង្ហាញថាលោកស្រឡាញ់អ្នកបម្រើរបស់លោកយ៉ាងខ្លាំង។ ម្ដាយភាគច្រើនអាចយល់ស្របនឹងអ្វីដែលបងស្រីហាស្មីននិយាយ ដែលថា៖ «ពេលយើងបំបៅកូន យើងចាប់ផ្ដើមមានទំនាក់ទំនងពិសេសជាមួយគ្នាដែលស្ថិតស្ថេរអស់មួយជីវិត»។
២. តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា ពេលកូនណាម្នាក់ឃ្លាតចេញពីលោក?
២ ព្រះយេហូវ៉ាកត់សម្គាល់ពេលកូនណាម្នាក់របស់លោកឈប់ចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ។ ដូច្នេះ លោកច្បាស់ជាឈឺចិត្តណាស់ ពេលឃើញថាជារៀងរាល់ឆ្នាំ អ្នកបម្រើរបស់លោករាប់ពាន់នាក់បានទៅជាអសកម្ម។ *
៣. តើព្រះយេហូវ៉ាចង់ឲ្យអ្វីកើតឡើង?
៣ បងប្អូនជាទីស្រឡាញ់ជាច្រើនទាំងនេះដែលអសកម្ម ក្រោយមកត្រឡប់មកក្រុមជំនុំវិញ។ យើងសប្បាយចិត្តពេលពួកគេធ្វើដូច្នេះ! ព្រះយេហូវ៉ាចង់ឲ្យពួកគេត្រឡប់មកវិញ ហើយយើងក៏ដូចគ្នាដែរ។ (១ពេ. ២:២៥) តើយើងអាចជួយពួកគេយ៉ាងដូចម្ដេច? មុនឆ្លើយសំណួរនេះ គឺជាការល្អដែលយើងដឹងអំពីមូលហេតុដែលអ្នកខ្លះឈប់ចូលរួមកិច្ចប្រជុំនិងកិច្ចបម្រើផ្សាយ។
ហេតុអ្វីអ្នកខ្លះឈប់បម្រើព្រះយេហូវ៉ា?
៤. តើការងារអាចមានឥទ្ធិពលយ៉ាងណាលើបុគ្គលខ្លះ?
៤ អ្នកខ្លះងប់នឹងការងារណាស់។ បងប្រុសម្នាក់ឈ្មោះហ៊ុង *ដែលរស់នៅប៉ែកអាស៊ីអាគ្នេយ៍សារភាពថា៖ «ខ្ញុំបានបណ្ដែតបណ្ដោយខ្លួនឲ្យវក់នឹងការងារ។ ខ្ញុំបានបញ្ឆោតខ្លួនឯងថា បើខ្ញុំមានលុយច្រើន ខ្ញុំអាចបម្រើព្រះយេហូវ៉ាបានល្អជាង។ ដូច្នេះ ខ្ញុំធ្វើការកាន់តែច្រើនម៉ោង ហើយខ្ញុំចាប់ផ្ដើមខានទៅកិច្ចប្រជុំច្រើនទៅៗ រហូតដល់ឈប់ទៅតែម្ដង។ តាមមើលទៅ សាថានប្រើពិភពលោកនេះ ដើម្បីបំបែរអារម្មណ៍មនុស្សឲ្យឃ្លាតឆ្ងាយពីព្រះយេហូវ៉ាបន្តិចម្ដងៗ»។
៥. តើបញ្ហាផ្ទួនៗមានឥទ្ធិពលយ៉ាងណាទៅលើបងស្រីម្នាក់?
៥ បងប្អូនខ្លះមានបញ្ហាជាច្រើនដែលធ្វើឲ្យពួកគេធ្លាក់ទឹកចិត្ត។ បងស្រីអាន ពីប្រទេសអង់គ្លេស ជាម្ដាយដែលមានកូនប្រាំនាក់។ គាត់រៀបរាប់ថា៖ «កូនម្នាក់របស់ខ្ញុំបានកើតមកដោយមានពិការភាពធ្ងន់ធ្ងរ។ ក្រោយមក កូនស្រីម្នាក់របស់ខ្ញុំបានត្រូវបណ្ដាច់មិត្តភាព ហើយកូនប្រុសម្នាក់កើតជំងឺសតិអារម្មណ៍។ ខ្ញុំធ្លាក់ទឹកចិត្តជាខ្លាំងរហូតដល់ខ្ញុំឈប់ទៅកិច្ចប្រជុំនិងទៅផ្សព្វផ្សាយ។ យូរៗទៅខ្ញុំទៅជាអសកម្ម»។ យើងពិតជាអាណិតបងអាននិងក្រុមគ្រួសាររបស់គាត់ ព្រមទាំងអ្នកឯទៀតដែលមានបញ្ហាស្រដៀងនឹងនេះ!
៦. ហេតុអ្វីការមិនធ្វើតាមកូឡុស ៣:១៣ អាចធ្វើឲ្យបុគ្គលណាម្នាក់ឃ្លាតឆ្ងាយពីរាស្ត្ររបស់ព្រះយេហូវ៉ា?
៦ សូមអាន កូឡុស ៣:១៣។ អ្នកបម្រើរបស់ព្រះយេហូវ៉ាមួយចំនួនឈឺចិត្ត ដោយសារការប្រព្រឹត្តរបស់បងប្អូនរួមជំនឿ។ សាវ័កប៉ូលឃើញថា ជួនកាលយើងអាចមាន«ហេតុត្អូញត្អែរ»អំពីបងប្អូនណាម្នាក់។ យើងប្រហែលជាថែមទាំងត្រូវគេប្រព្រឹត្តដោយអយុត្តិធម៌ទៀតផង។ បើយើងមិនប្រយ័ត្ន យើងប្រហែលជាខឹង។ កំហឹងអាចធ្វើឲ្យបុគ្គលម្នាក់ឃ្លាតឆ្ងាយពីរាស្ត្ររបស់ព្រះយេហូវ៉ា។ សូមគិតអំពីបទពិសោធន៍របស់បងប្រុសប៉ាប្លូ ដែលរស់នៅទ្វីបអាម៉េរិកខាងត្បូង។ គាត់បានត្រូវគេចោទប្រកាន់មិនពិតថាគាត់បានធ្វើខុស ហើយជាលទ្ធផលគាត់បានបាត់បង់ឯកសិទ្ធិក្នុងក្រុមជំនុំ។ តើគាត់មានប្រតិកម្មយ៉ាងណា? បងប៉ាប្លូនិយាយថា៖ «ខ្ញុំខឹង ហើយបន្តិចម្ដងៗខ្ញុំបានឃ្លាតឆ្ងាយពីក្រុមជំនុំ»។
៧. តើការបន្ទោសខ្លួនអាចមានឥទ្ធិពលយ៉ាងណាលើបុគ្គលម្នាក់?
៧ ចុះយ៉ាងណាបើអ្នកណាម្នាក់ធ្វើខុសច្បាប់របស់ព្រះនៅអតីតកាល? គាត់ប្រហែលជាបន្ទោសខ្លួន ហើយមានអារម្មណ៍ថាខ្លួនមិនសមនឹងទទួលសេចក្ដីស្រឡាញ់ពីព្រះទេ។ ទោះជាគាត់បានប្រែចិត្ត ហើយបានទទួលសេចក្ដីមេត្តាករុណាក្ដី គាត់ប្រហែលជាមានអារម្មណ៍ថាគាត់មិនសមធ្វើជារាស្ត្ររបស់ព្រះទៀតទេ។ បងប្រុសម្នាក់ឈ្មោះហ្វ្រានស៊ីស្កូមានអារម្មណ៍បែបនេះ។ គាត់និយាយថា៖ «ខ្ញុំបានត្រូវកែតម្រង់ ដោយសារខ្ញុំបានប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ទោះជាដំបូងខ្ញុំបានបន្តទៅកិច្ចប្រជុំក្ដី នៅពេលក្រោយមកខ្ញុំបានធ្លាក់ទឹកចិត្ត ហើយមានអារម្មណ៍ថា ខ្ញុំមិនសមនៅក្នុងចំណោមរាស្ត្ររបស់ព្រះយេហូវ៉ាទេ។ ខ្ញុំនៅតែបន្ទោសខ្លួន ហើយខ្ញុំគិតថាព្រះយេហូវ៉ាមិនបានអភ័យទោសឲ្យខ្ញុំឡើយ។ នៅទីបំផុត ខ្ញុំឈប់ចូលរួមសកម្មភាពជាមួយក្រុមជំនុំ»។ តើអ្នកមានអារម្មណ៍បែបណាចំពោះបងប្អូនដែលមានស្ថានភាពដូចបងប្អូនដែលបានត្រូវរៀបរាប់នេះ? តើអ្នកអាណិតមេត្តាចំពោះពួកគេឬទេ? សំខាន់បំផុត តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកគេ?
ព្រះយេហូវ៉ាស្រឡាញ់ចៀម របស់លោក
៨. តើព្រះយេហូវ៉ាភ្លេចពួកអ្នកដែលធ្លាប់បម្រើលោកឬទេ? សូមពន្យល់។
៨ ទោះជាអ្នកខ្លះធ្លាប់បម្រើលោក ហើយក្រោយមកបានឈប់ចូលរួមសកម្មភាពជាមួយក្រុមជំនុំអស់មួយរយៈពេលក្ដី ព្រះយេហូវ៉ាមិនភ្លេចពួកគេឡើយ។ លោកក៏មិនបំភ្លេចការដែលពួកគេបានធ្វើក្នុងកិច្ចបម្រើលោកដែរ។ (ហេ. ៦:១០) អេសាយដែលជាអ្នកប្រកាសទំនាយបានកត់ទុកឧទាហរណ៍ដ៏ល្អប្រពៃមួយ ដើម្បីបង្ហាញថាព្រះយេហូវ៉ាយកចិត្តទុកដាក់ចំពោះរាស្ត្ររបស់លោក។ អេសាយ បានសរសេរថា៖ «ទ្រង់នឹងឃ្វាលហ្វូងរបស់ទ្រង់ដូចជាអ្នកគង្វាល ទ្រង់នឹងប្រមូលអស់ទាំងកូនចៀមមកបីនៅព្រះពាហុ ហើយលើកផ្ទាប់នៅព្រះឧរា»។ (អេ. ៤០:១១) តើគង្វាលឧត្ដុង្គឧត្ដមមានអារម្មណ៍យ៉ាងណា ពេលចៀមមួយរបស់លោកវង្វេងបាត់ពីហ្វូង? លោកយេស៊ូបានបង្ហាញអំពីអារម្មណ៍របស់ព្រះយេហូវ៉ា ពេលដែលលោកបានសួរអ្នកកាន់តាមលោកថា៖ «តើអ្នករាល់គ្នាគិតដូចម្ដេច? បើមានបុរសម្នាក់ដែលមានចៀមមួយរយក្បាល ហើយចៀមមួយវង្វេងបាត់ទៅ គាត់នឹងទុកចៀមកៅសិបប្រាំបួនក្បាលនៅលើភ្នំ រួចទៅស្វែងរកចៀមមួយដែលវង្វេងបាត់នោះ មែនទេ? ប្រសិនបើគាត់រកឃើញចៀមនោះមែន ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា គាត់មានអំណរចំពោះចៀមមួយនោះ ខ្លាំងជាងចំពោះចៀមកៅសិបប្រាំបួនក្បាលដែលមិនបានវង្វេងបាត់»។—ម៉ាថ. ១៨:១២, ១៣
៩. តើគង្វាលល្អនៅសម័យគម្ពីរមើលថែចៀមរបស់ពួកគេយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅក្រប)
៩ ហេតុអ្វីព្រះយេហូវ៉ាអាចប្រដូចទៅនឹងគង្វាល? ពីព្រោះគង្វាលល្អនៅសម័យគម្ពីរ យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចៀមរបស់គាត់។ ជាឧទាហរណ៍ ដាវីឌបានសម្លាប់តោនិងខ្លាឃ្មុំ ដើម្បីការពារហ្វូងចៀមរបស់គាត់។ (១សាំ. ១៧:៣៤, ៣៥) គង្វាលល្អនឹងដឹង បើចៀមរបស់គាត់វង្វេងបាត់ សូម្បីតែមួយក្បាលក៏គាត់ដឹងដែរ។ (យ៉ូន. ១០:៣, ១៤) គង្វាលនោះនឹងទុកចៀម៩៩ក្បាលនៅក្នុងក្រោល ឬសុំគង្វាលឯទៀតឲ្យជួយមើលថែ ហើយគាត់នឹងចេញទៅរកចៀមមួយដែលវង្វេងបាត់។ លោកយេស៊ូបានលើកឧទាហរណ៍នោះដើម្បីបង្រៀនចំណុចដ៏សំខាន់មួយ គឺថា៖ «បិតារបស់ខ្ញុំដែលស្ថិតនៅស្ថានសួគ៌មិនចង់ឲ្យអ្នកតូចណាម្នាក់បែបនេះវិនាសឡើយ»។—ម៉ាថ. ១៨:១៤
ព្រះយេហូវ៉ាស្វែងរកចៀម របស់លោក
១០. យោងទៅតាមអេសេគាល ៣៤:១១-១៦ តើព្រះយេហូវ៉ាបានសន្យាថាលោកនឹងធ្វើអ្វីចំពោះចៀមដែលវង្វេងបាត់?
១០ ព្រះយេហូវ៉ាស្រឡាញ់យើងម្នាក់ៗ រួមទាំង«អ្នកតូច»ដែលបានវង្វេងបាត់ពីហ្វូងរបស់លោកផងដែរ។ តាមរយៈអេសេគាលដែលជាអ្នកប្រកាសទំនាយ ព្រះបានសន្យាថាលោកនឹងស្វែងរកចៀមដែលវង្វេងបាត់ ហើយជួយពួកគេឲ្យមានចំណងមិត្តភាពល្អឡើងវិញជាមួយលោក។ លោកបានប្រាប់អំពីអ្វីដែលលោកនឹងធ្វើដើម្បីសង្គ្រោះពួកគេ។ នោះគឺស្រដៀងនឹងអ្វីដែលគង្វាលជនជាតិអ៊ីស្រាអែលអេសេគាល ៣៤:១១-១៦) ដំបូងគង្វាលស្វែងរកចៀម។ ការធ្វើដូច្នេះតម្រូវឲ្យគាត់ចំណាយពេលនិងកម្លាំងជាច្រើន។ កាលដែលគាត់រកឃើញចៀមនោះ គាត់នឹងនាំវាមកហ្វូងវិញ។ បើចៀមដែលខ្សោយនោះរងរបួសឬឃ្លាន គង្វាលបង្ហាញសេចក្ដីស្រឡាញ់ដោយរុំរបួស លើកបី ឬផ្ដល់ចំណីដល់វា។ អ្នកចាស់ទុំដែលជាគង្វាលនៃ«ហ្វូងចៀមរបស់ព្រះ»ត្រូវធ្វើអ្វីទាំងនេះ ដើម្បីជួយពួកអ្នកដែលបានឃ្លាតចេញពីក្រុមជំនុំ។ (១ពេ. ៥:២, ៣) ពួកអ្នកចាស់ទុំស្វែងរកពួកគេ ជួយពួកគេឲ្យត្រឡប់មកក្រុមជំនុំវិញ ហើយបង្ហាញសេចក្ដីស្រឡាញ់ដល់ពួកគេដោយផ្ដល់អ្វីដែលពួកគេត្រូវការដើម្បីមានចំណងមិត្តភាពឡើងវិញជាមួយនឹងព្រះយេហូវ៉ា។ *
ធ្វើបើមានចៀមមួយវង្វេងបាត់។ (សូមអាន១១. តើគង្វាលល្អយល់អ្វី?
១១ គង្វាលល្អយល់ថាចៀមអាចវង្វេងបាត់។ បើចៀមចេញពីហ្វូង គង្វាលមិនប្រព្រឹត្តដោយឥតមេត្តាទៅលើវាឡើយ។ សូមគិតអំពីគំរូរបស់ព្រះយេហូវ៉ា ពេលលោកបានជួយអ្នកបម្រើមួយចំនួនរបស់លោក ដែលមិនបាននៅជាប់នឹងលោកអស់មួយរយៈពេល។
១២. តើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងណាទៅលើយ៉ូណាស?
១២ យ៉ូណាសដែលជាអ្នកប្រកាសទំនាយ បានរត់គេចពីភារកិច្ចរបស់គាត់។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាមិនឆាប់អស់សង្ឃឹមចំពោះយ៉ូណាសទេ។ ដូចគង្វាលល្អ ព្រះយេហូវ៉ាបានសង្គ្រោះគាត់ ហើយបានជួយគាត់ឲ្យមានកម្លាំងដែលគាត់ត្រូវការដើម្បីបំពេញភារកិច្ច។ (យ៉ូណ. ២:៨; ៣:១, ២) ក្រោយមក ព្រះបានប្រើដើមឃ្លោកជាមេរៀន ដើម្បីជួយយ៉ូណាសឲ្យយល់អំពីតម្លៃនៃជីវិតមនុស្ស។ (យ៉ូណ. ៤:១០, ១១) តើនេះមានមេរៀនអ្វី? អ្នកចាស់ទុំមិនត្រូវឆាប់អស់សង្ឃឹមចំពោះពួកអ្នកដែលអសកម្មទេ។ ផ្ទុយទៅវិញ អ្នកចាស់ទុំព្យាយាមយល់អំពីអ្វីដែលធ្វើឲ្យចៀមនោះវង្វេងចេញពីហ្វូង ហើយពេលចៀមនោះត្រឡប់មកព្រះយេហូវ៉ាវិញ អ្នកចាស់ទុំបន្តបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះគាត់។
១៣. តើប្រតិកម្មរបស់ព្រះយេហូវ៉ាចំពោះអ្នកតែងទំនុកតម្កើង ៧៣បង្រៀនយើងអ្វី?
១៣ អ្នកសរសេរទំនុកតម្កើង ៧៣បានធ្លាក់ទឹកចិត្ត ពេលគាត់ឃើញថាមនុស្សទុច្ចរិតមើលទៅដូចជាកាន់តែចម្រុងចម្រើន។ គាត់ឆ្ងល់ថាតើការធ្វើតាមបំណងប្រាថ្នារបស់ព្រះគឺមានប្រយោជន៍ឬយ៉ាងណា។ (ទំនុក. ៧៣:១២, ១៣, ) តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? លោកមិនបានផ្ដន្ទាទោសបុរសនេះទេ តែលោកបានរក្សាទុកពាក្យរបស់គាត់ក្នុងគម្ពីរ។ ក្រោយមកអ្នកតែងទំនុកតម្កើងនេះ បានទទួលស្គាល់ថាគ្មានអ្វីដែលល្អប្រសើរជាងការមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ាឡើយ។ ( ១៦ទំនុក. ៧៣:២៣, ២៤, ២៦, ២៨) តើនេះមានមេរៀនអ្វី? អ្នកចាស់ទុំមិនគួរឆាប់វិនិច្ឆ័យពួកអ្នកដែលចាប់ផ្ដើមឆ្ងល់ថា តើការបម្រើព្រះយេហូវ៉ានាំឲ្យទទួលប្រយោជន៍ឬយ៉ាងណានោះទេ។ ជាជាងផ្ដន្ទាទោសពួកគេ អ្នកចាស់ទុំត្រូវព្យាយាមយល់អំពីមូលហេតុដែលពួកគេនិយាយនិងប្រព្រឹត្តបែបនោះ។ យ៉ាងនេះ អ្នកចាស់ទុំអាចប្រើគម្ពីរដើម្បីលើកទឹកចិត្តអ្នកនោះតាមសេចក្ដីត្រូវការរបស់ពួកគេ។
១៤. ហេតុអ្វីអេលីយ៉ាត្រូវការជំនួយ ហើយតើព្រះយេហូវ៉ាបានជួយគាត់យ៉ាងដូចម្ដេច?
១៤ អេលីយ៉ាដែលជាអ្នកប្រកាសទំនាយបានរត់គេចពីមហាក្សត្រីយេសិបិល។ (១ព. ១៩:១-៣) គាត់បានគិតថា មានតែគាត់ម្នាក់គត់ដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ានៅពេលនោះ ហើយគាត់មានអារម្មណ៍ថាកិច្ចការរបស់គាត់គ្មានប្រយោជន៍ទេ។ អេលីយ៉ាបានធ្លាក់ទឹកចិត្តយ៉ាងខ្លាំងរហូតដល់គាត់ចង់ស្លាប់។ (១ព. ១៩:៤, ១០) ជាជាងផ្ដន្ទាទោសអេលីយ៉ា ព្រះយេហូវ៉ាបានពង្រឹងទំនុកចិត្តគាត់ថាមិនមែនមានតែគាត់ម្នាក់ឯងទេ ហើយថាគាត់អាចទុកចិត្តទៅលើឫទ្ធានុភាពរបស់ព្រះ។ លោកក៏ពង្រឹងទំនុកចិត្តគាត់ថាលោកនៅតែមានកិច្ចការជាច្រើនឲ្យគាត់ធ្វើ។ ព្រះយេហូវ៉ាបានស្ដាប់អេលីយ៉ារៀបរាប់អំពីការព្រួយបារម្ភរបស់គាត់ ហើយលោកបានឲ្យគាត់នូវភារកិច្ចថ្មី។ (១ព. ១៩:១១-១៦, ១៨) តើមានមេរៀនអ្វីសម្រាប់យើង? យើងទាំងអស់គ្នាជាពិសេសពួកអ្នកចាស់ទុំ គួរប្រព្រឹត្តទៅលើចៀមរបស់ព្រះយេហូវ៉ាដោយសប្បុរស។ មិនថាបងប្អូននិយាយទាំងកំហឹង ឬមានអារម្មណ៍ថាខ្លួនមិនសមទទួល សេចក្ដីមេត្តាករុណាពីព្រះយេហូវ៉ាក្ដី ពួកអ្នកចាស់ទុំនឹងនៅតែស្ដាប់គាត់កាលដែលគាត់និយាយអំពីអារម្មណ៍របស់គាត់។ ក្រោយមក ពួកអ្នកចាស់ទុំនឹងព្យាយាមពង្រឹងទំនុកចិត្តចៀមដែលបានបាត់នោះថា ព្រះយេហូវ៉ាឲ្យតម្លៃគាត់។
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះចៀមដែលវង្វេងបាត់?
១៥. យោងទៅតាមយ៉ូហាន ៦:៣៩ តើលោកយេស៊ូមានទស្សនៈយ៉ាងណាចំពោះចៀមរបស់បិតាលោក?
១៥ តើព្រះយេហូវ៉ាចង់ឲ្យយើងមានទស្សនៈយ៉ាងណាចំពោះចៀមដែលវង្វេងបាត់របស់លោក? យើងអាចរៀនពីគំរូរបស់លោកយេស៊ូ។ លោកដឹងថាចៀមទាំងអស់មានតម្លៃចំពោះព្រះយេហូវ៉ា ដូច្នេះលោកយេស៊ូបានខំអស់ពីសមត្ថភាពដើម្បីជួយ«ចៀមដែលវង្វេងផ្លូវក្នុងចំណោមជនជាតិអ៊ីស្រាអែល»ឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។ (ម៉ាថ. ១៥:២៤; លូក. ១៩:៩, ១០) ក្នុងនាមជាគង្វាលដ៏ល្អប្រសើរ លោកយេស៊ូក៏ខំព្យាយាមអស់ពីសមត្ថភាពមិនឲ្យបាត់បង់ចៀមណាមួយរបស់ព្រះយេហូវ៉ាឡើយ។—សូមអាន យ៉ូហាន ៦:៣៩
១៦-១៧. តើពួកអ្នកចាស់ទុំគួរមានទស្សនៈយ៉ាងណាចំពោះការជួយពួកអ្នកដែលបានវង្វេងបាត់? (សូមមើលប្រអប់ដែលមានចំណងជើងថា « តើចៀមដែលវង្វេងបាត់ប្រហែលជាមានអារម្មណ៍យ៉ាងណា?»)
១៦ សាវ័កប៉ូលបានលើកទឹកចិត្តអ្នកចាស់ទុំនៅក្រុមជំនុំអេភេសូរឲ្យធ្វើតាមគំរូរបស់លោកយេស៊ូ។ គាត់និយាយថា៖ «អ្នករាល់គ្នាត្រូវជួយអ្នកដែលខ្សោយ . . . ហើយអ្នករាល់គ្នាត្រូវចាំប្រសាសន៍របស់លោកម្ចាស់យេស៊ូដែលថា៖ ‹ការឲ្យគេ នោះនឹងផ្ដល់សុភមង្គលច្រើនជាងការទទួល›»។ (សកម្ម. ២០:១៧, ៣៥) បទគម្ពីរនេះបង្ហាញថាអ្នកចាស់ទុំមានភារកិច្ចដ៏សំខាន់ក្នុងការថែរក្សារាស្ត្ររបស់ព្រះយេហូវ៉ា។ អ្នកចាស់ទុំម្នាក់ឈ្មោះសាល់វ៉ាឌ័រដែលរស់នៅប្រទេសអេស្ប៉ាញ ពន្យល់ថា៖ «ពេលខ្ញុំគិតអំពីរបៀបដែលព្រះយេហូវ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចៀមដែលវង្វេងបាត់ នេះជំរុញចិត្តខ្ញុំឲ្យខំអស់ពីសមត្ថភាពដើម្បីជួយពួកគេ។ ក្នុងនាមជាគង្វាលម្នាក់ក្នុងក្រុមជំនុំ ខ្ញុំជឿជាក់ថាព្រះយេហូវ៉ាចង់ឲ្យខ្ញុំយកចិត្តទុកដាក់ចំពោះពួកគេ»។
១៧ ក្នុងអត្ថបទនេះ យើងឃើញថាបងប្អូនដែលធ្លាប់ឃ្លាតឆ្ងាយពីព្រះយេហូវ៉ា បានទទួលជំនួយដើម្បីត្រឡប់មកលោកវិញ។ នៅឥឡូវនេះ បងប្អូនអសកម្មជាច្រើននាក់ទៀតចង់ត្រឡប់មកវិញ។ ក្នុងអត្ថបទបន្ទាប់ យើងនឹងរៀនថែមទៀតអំពីអ្វីដែលយើងអាចធ្វើដើម្បីជួយពួកគេឲ្យត្រឡប់មកព្រះយេហូវ៉ាវិញ។
ចម្រៀងលេខ១៣៩ សូមស្រមៃឃើញខ្លួននៅពិភពលោកថ្មី
^ វគ្គ 5 ហេតុអ្វីអ្នកខ្លះដែលបានបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំបានរសាត់ចេញពីក្រុមជំនុំ? តើព្រះមានអារម្មណ៍យ៉ាងណាចំពោះពួកគេ? អត្ថបទនេះនឹងផ្ដល់ចម្លើយចំពោះសំណួរទាំងនេះ។ ក្នុងអត្ថបទនេះ យើងក៏នឹងរៀនអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកខ្លះនៅសម័យគម្ពីរ ដែលបានឃ្លាតចេញពីលោកអស់មួយរយៈពេល។
^ វគ្គ 2 ការពន្យល់ពាក្យ: អ្នកផ្សាយដែលអសកម្មគឺជាបុគ្គលដែលមិនបានឲ្យសេចក្ដីរាយការណ៍អំពីកិច្ចការផ្សព្វផ្សាយនិងកិច្ចការបង្រៀន អស់៦ខែឬច្រើនជាង។ ទោះជាយ៉ាងនេះក្ដី អ្នកអសកម្មទាំងនោះនៅតែជាបងប្អូនរួមជំនឿរបស់យើង ហើយយើងស្រឡាញ់ពួកគេ។
^ វគ្គ 4 ឈ្មោះខ្លះបានត្រូវផ្លាស់ប្ដូរ។
^ វគ្គ 10 អត្ថបទបន្ទាប់នឹងពន្យល់អំពីរបៀបដែលអ្នកចាស់ទុំអាចធ្វើតាមចំណុចទាំងបីនេះ។
^ វគ្គ 60 ពណ៌នាអំពីរូបភាព: ដោយការយកចិត្តទុកដាក់ គង្វាលជនជាតិអ៊ីស្រាអែលស្វែងរកចៀមដែលវង្វេងបាត់ ហើយជួយចៀមនោះឲ្យត្រឡប់មកហ្វូងវិញ។ សព្វថ្ងៃនេះ គង្វាលក្នុងក្រុមជំនុំក៏ធ្វើដូច្នេះដែរ។
^ វគ្គ 64 ពណ៌នាអំពីរូបភាព: កាលដែលបងស្រីអសកម្មម្នាក់រង់ចាំឡានក្រុងចេញដំណើរ គាត់ឃើញសាក្សីពីរនាក់កំពុងផ្សព្វផ្សាយសាធារណៈដោយមានទឹកមុខរីករាយ។