សំណួរពីអ្នកអាន
តើ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»មានតែគុណសម្បត្តិដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ប៉ុណ្ណោះឬទេ?
ខទាំងនោះរៀបរាប់អំពីគុណសម្បត្តិ៩របស់គ្រិស្តសាសនិក ថា៖ «ផលដែលបង្កើតដោយសកម្មពលរបស់ព្រះគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តធ្ងន់ សេចក្ដីសប្បុរស គុណធម៌ ជំនឿ ចិត្តស្លូតបូត ការចេះទប់ចិត្ត»។ ក៏ប៉ុន្តែសកម្មពលរបស់ព្រះអាចជួយយើងឲ្យមានគុណសម្បត្តិជាច្រើនលើសពីគុណសម្បត្តិទាំងនេះ។
សូមកត់សម្គាល់អំពីអ្វីដែលសាវ័កប៉ូលបានសរសេរមុនខទាំងនោះ ដែលថា៖ «ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង . . . គឺ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការមានសីលធម៌ធូររលុង ការគោរពបូជារូបព្រះ ការទាក់ទងនឹងពួកវិញ្ញាណអាក្រក់ ការស្អប់គ្នា ការឈ្លោះប្រកែកគ្នា ការច្រណែន ការច្រឡោតខឹង ទំនាស់ ការបែកបាក់គ្នា និកាយ ការឈ្នានីស ការផឹកស្រាឲ្យស្រវឹង ការជប់លៀងសប្បាយឥតបើគិត ហើយអ្វីៗដែលស្រដៀងនឹងការទាំងនេះ»។ (កាឡ. ៥:១៩-២១) ពាក្យនៅចុងខទាំងនោះបង្ហាញថាមានអ្វីផ្សេងទៀតដែលជា«ការប្រព្រឹត្តដែលផុសចេញពីភាពខុសឆ្គង» ដូចជាអ្វីដែលបានត្រូវរៀបរាប់នៅកូឡុស ៣:៥។ ស្រដៀងគ្នាដែរ ក្រោយពីប៉ូលបានរៀបរាប់រួចហើយអំពីគុណសម្បត្តិ៩ដ៏គួរឲ្យទាក់ទាញ គាត់និយាយថា៖ «គ្មានច្បាប់ណាប្រឆាំងអ្វីៗបែបនេះឡើយ»។ ដូច្នេះ ប៉ូលរៀបរាប់មិនទាន់អស់អំពីគុណសម្បត្តិដ៏ប្រសើរដែលយើងអាចបណ្ដុះឲ្យមាន ដោយមានជំនួយពីសកម្មពលបរិសុទ្ធ។
នេះសឲ្យឃើញពេលយើងប្រៀបធៀបផលដែលបង្កើតដោយសកម្មពលរបស់ព្រះ ទៅនឹងអ្វីដែលប៉ូលបានសរសេរទៅកាន់ក្រុមជំនុំនៅក្រុងអេភេសូរ ដែលថា៖ «ផលនៃពន្លឺមានគុណធម៌ សេចក្ដីសុចរិត និងសេចក្ដីពិតគ្រប់យ៉ាង»។ (អេភ. ៥:៨, ៩) ពិតមែនថា«គុណធម៌» ព្រមទាំងសេចក្ដីសុចរិត និងសេចក្ដីពិតគឺជាគុណសម្បត្តិឬលក្ខណៈមួយនៃ«ផលនៃពន្លឺ» ប៉ុន្តែវាក៏ជាគុណសម្បត្តិមួយនៃ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»ដែរ។
ស្រដៀងគ្នាដែរ ប៉ូលបានលើកទឹកចិត្តធីម៉ូថេឲ្យព្យាយាមមានគុណសម្បត្តិដ៏ប្រសើរ៦ ពោលគឺ«ភាពសុចរិត ភក្ដីភាពចំពោះព្រះ ជំនឿ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ និងចិត្តស្លូតបូត»។ (១ធី. ៦:១១) មានតែគុណសម្បត្តិបីប៉ុណ្ណោះ ពោលគឺជំនឿ សេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត ដែលបានត្រូវរៀបរាប់ថាជាគុណសម្បត្តិនៃ«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ ប៉ុន្តែ ធីម៉ូថេក៏ចង់ទទួលជំនួយពីសកម្មពល ដើម្បីបណ្ដុះឲ្យមានគុណសម្បត្តិឯទៀតដូចជា៖ ភាពសុចរិត ភក្ដីភាពចំពោះព្រះ និងការស៊ូទ្រាំ។—សូមពិនិត្យបន្ថែម កូឡុស ៣:១២; ពេត្រុសទី២ ១:៥-៧
ដូច្នេះកាឡាទី ៥:២២, ២៣ មិនបានរៀបរាប់អំពីគុណសម្បត្តិទាំងអស់ដែលគ្រិស្តសាសនិកគួរបណ្ដុះឲ្យមានទេ។ សកម្មពលរបស់ព្រះអាចជួយយើងបណ្ដុះឲ្យមានគុណសម្បត្តិទាំង៩ ដែលជា«ផលដែលបង្កើតដោយសកម្មពលរបស់ព្រះ»។ ប៉ុន្តែ យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិច្រើនជាងនេះ ដើម្បីទៅជាគ្រិស្តសាសនិកដែលមានភាពចាស់ទុំ ហើយ«ពាក់បុគ្គលិកលក្ខណៈថ្មី ដែលបានត្រូវបង្កើតស្របតាមបំណងប្រាថ្នារបស់ព្រះ ដោយសេចក្ដីសុចរិតនិងភក្ដីភាពដ៏ពិតប្រាកដ»។—អេភ. ៤:២៤