លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៣

ការគោរពប្រណិប័តន៍ពិតនឹងនាំឲ្យអ្នកមានអំណរថែមទៀត

ការគោរពប្រណិប័តន៍ពិតនឹងនាំឲ្យអ្នកមានអំណរថែមទៀត

​«​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​យើង​អើយ លោក​សម​នឹង​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង កិត្តិយស និង​ឫទ្ធានុភាព​»។—បប. ៤:១១

ចម្រៀង​លេខ​៣១ ចូរ​ដើរ​ជា​មួយ​នឹង​ព្រះ!

សេចក្ដី​សង្ខេប *

១​-​២. តើ​អ្វី​នឹង​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

 តើ​អ្នក​គិត​អំពី​អ្វី​ពេល​ឮ​ពាក្យ​គោរព​ប្រណិប័តន៍? អ្នក​ប្រហែល​ជា​គិត​អំពី​បង​ប្រុស​ម្នាក់​ដែល​លុត​ជង្គង់​អធិដ្ឋាន​យ៉ាង​អស់​ពី​ចិត្ត​នៅ​ក្បែរ​គ្រែ​របស់​គាត់។ ឬ​អ្នក​ប្រហែល​ជា​គិត​អំពី​ក្រុម​គ្រួសារ​ដ៏​រីករាយ​មួយ​ដែល​សិក្សា​គម្ពីរ​យ៉ាង​ជក់​ចិត្ត។

ក្នុង​ករណី​ទាំង​ពីរ​នៅ​ខាង​លើ ពួក​អ្នក​ទាំង​នោះ​កំពុង​គោរព​ប្រណិប័តន៍​ព្រះ។ តើ​ព្រះ​យេហូវ៉ា​នឹង​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ឬ​ទេ? លោក​នឹង​ទទួល​យក បើ​នោះ​សម​ស្រប​តាម​គោល​បំណង​របស់​លោក ហើយ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព។ យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់។ ម្យ៉ាង​ទៀត យើង​ដឹង​ថា​លោក​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍ ហើយ​យើង​ចង់​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដ៏​ល្អ​បំផុត។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​គោរព​ប្រណិប័តន៍​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នៅ​សម័យ​បុរាណ ហើយ​ក៏​នឹង​ពិចារណា​អំពី​ផ្នែក​៨​នៃ​ការ​គោរព​ប្រណិប័តន៍​ដែល​លោក​ពេញ​ចិត្ត​នៅ​សព្វ​ថ្ងៃ​នេះ។ កាល​ដែល​យើង​ធ្វើ​ដូច្នេះ យើង​អាច​គិត​អំពី​របៀប​ដែល​យើង​ផ្ទាល់​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​កាន់​តែ​ប្រសើរ​ឡើង និង​មូលហេតុ​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ។

ការ​គោរព​ប្រណិប័តន៍​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នៅ​សម័យ​បុរាណ

៤. មុន​សម័យ​គ្រិស្ត​សាសនិក តើ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ការ​គោរព និង​សេចក្ដី​ស្រឡាញ់​របស់​ពួក​គាត់​ចំពោះ​លោក​តាម​របៀប​ណា?

មុន​សម័យ​គ្រិស្ត​សាសនិក បុរស​ស្មោះ​ត្រង់​ដូច​ជា​អេបិល ណូអេ អាប្រាហាំ និង​យ៉ូប​បាន​បង្ហាញ​ការ​គោរព​និង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា? គឺ​តាម​រយៈ​ការ​ស្ដាប់​បង្គាប់ ការ​មាន​ជំនឿ និង​គ្រឿង​បូជា​របស់​ពួក​គាត់។ គម្ពីរ​មិន​បាន​ប្រាប់​យើង​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គាត់​ត្រូវ​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​ទេ។ ប៉ុន្តែ បុរស​ទាំង​នោះ​ពិត​ជា​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​កិត្តិយស​ព្រះ​យេហូវ៉ា ហើយ​លោក​ពេញ​ចិត្ត​នឹង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គាត់។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ឲ្យ​ច្បាប់​ម៉ូសេ​ដល់​កូន​ចៅ​អាប្រាហាំ។ ច្បាប់​នោះ​រួម​មាន​ច្បាប់​ជា​ច្រើន​អំពី​របៀប​គោរព​ប្រណិប័តន៍​ដែល​លោក​ពេញ​ចិត្ត។

៥. ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់​និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត?

ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់​និង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​មិន​តម្រូវ​ឲ្យ​គ្រិស្ត​សាសនិក​កាន់​តាម​ច្បាប់​ម៉ូសេ​ទៀត​ទេ។ (​រ៉ូម ១០:៤​) គ្រិស្ត​សាសនិក​ត្រូវ​កាន់​តាម​ច្បាប់​ថ្មី ពោល​គឺ​«​ច្បាប់​គ្រិស្ត​»។ (​កាឡ. ៦:២​) ពួក​គេ​កាន់​តាម​«​ច្បាប់​»​ថ្មី​នេះ មិន​មែន​ដោយ​ទន្ទេញ​ចាំ​ឬ​ធ្វើ​តាម​បញ្ជី​ច្បាប់​អំពី​អ្វី​ដែល​គួរ​ធ្វើ​និង​មិន​គួរ​ធ្វើ​នោះ​ទេ ប៉ុន្តែ​ដោយ​យក​តម្រាប់​លោក​យេស៊ូ​និង​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក។ សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ក៏​ខំ​អស់​ពី​សមត្ថភាព​យក​តម្រាប់​លោក​យេស៊ូ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត និង​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​«​កម្លាំង​ចិត្ត​ឡើង​វិញ​»។—ម៉ាថ. ១១:២៩

៦. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ទទួល​ប្រយោជន៍​ពី​អត្ថបទ​នេះ?

កាល​ដែល​យើង​ពិចារណា​ផ្នែក​នីមួយ​ៗ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​បាន​រីក​ចម្រើន​យ៉ាង​ណា​ខ្លះ?›។ ម្យ៉ាង​ទៀត ‹តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​ខ្ញុំ​កាន់​តែ​ល្អ​ប្រសើរ​ជាង​ឬ​ទេ?›។ អ្នក​អាច​សប្បាយ​ចំពោះ​ការ​រីក​ចម្រើន​របស់​អ្នក ប៉ុន្តែ​ជា​ការ​ល្អ​ដែល​អ្នក​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​អ្នក​ឃើញ​ចំណុច​ណា​ដែល​អ្នក​អាច​រីក​ចម្រើន​ថែម​ទៀត។

តើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​រួម​បញ្ចូល​អ្វី​ខ្លះ?

៧. តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​យើង?

យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​អធិដ្ឋាន​ទៅ​លោក។ ក្នុង​គម្ពីរ សេចក្ដី​អធិដ្ឋាន​របស់​យើង​បាន​ប្រដូច​ទៅ​នឹង​គ្រឿង​ក្រអូប​ដែល​បាន​ត្រូវ​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​សម្រាប់​ជូន​នៅ​ឯ​ត្រសាល និង​ក្រោយ​មក​នៅ​វិហារ។ (​ចសព. ១៤១:២​) ក្លិន​ឈ្ងុយ​ពី​គ្រឿង​ក្រអូប​នេះ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ ស្រដៀង​គ្នា​ដែរ ពេល​យើង​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​ព្រះ​យេហូវ៉ា លោក​«​ពេញ​ចិត្ត​»​ ទោះ​ជា​យើង​ប្រើ​ពាក្យ​សាមញ្ញ​ក្ដី។ (​សុភ. ១៥:៨; បច. ៣៣:១០​) ដូច្នេះ យើង​អាច​ជឿ​ជាក់​ថា ពេល​យើង​ប្រាប់​ព្រះ​យេហូវ៉ា​ថា​យើង​ស្រឡាញ់​លោក​និង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​លោក នោះ​លោក​មាន​អារម្មណ៍​កក់​ក្ដៅ។ លោក​ក៏​ចង់​ស្ដាប់​យើង​និយាយ​អំពី​ទុក្ខ​កង្វល់ សេចក្ដី​សង្ឃឹម និង​បំណង​ប្រាថ្នា​របស់​យើង​ដែរ។ មុន​អធិដ្ឋាន គឺ​ជា​ការ​ល្អ​ឲ្យ​យើង​គិត​ទុក​ជា​មុន​អំពី​អ្វី​ដែល​យើង​នឹង​និយាយ​ទៅ​កាន់​លោក។ ពេល​យើង​ធ្វើ​ដូច្នេះ សេចក្ដី​អធិដ្ឋាន​របស់​យើង​នឹង​ប្រៀប​ដូច​ជា​គ្រឿង​ក្រអូប​ល្អ​បំផុត​សម្រាប់​ជូន​ទៅ​ព្រះ​យេហូវ៉ា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌។

៨. តើ​យើង​មាន​ឱកាស​អ្វី​ដើម្បី​សរសើរ​ព្រះ?

យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​សរសើរ​លោក។ (​ចសព. ៣៤:១​) យើង​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​ថា យើង​ស្រឡាញ់​លោក ហើយ​កោត​ស្ងើច​ចំពោះ​ស្នា​ដៃ​និង​គុណ​សម្បត្តិ​ដ៏​អស្ចារ្យ​របស់​លោក។ ចិត្ត​កតញ្ញូ​ជំរុញ​ចិត្ត​យើង​ឲ្យ​សរសើរ​លោក។ ពេល​យើង​លៃ​ទុក​ពេល​ដើម្បី​រំពឹង​គិត​អំពី​គុណធម៌​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ចំពោះ​យើង នោះ​យើង​នឹង​មាន​មូលហេតុ​ជា​ច្រើន​ឲ្យ​សរសើរ​លោក។ ជា​ពិសេស កិច្ច​ការ​ផ្សព្វ​ផ្សាយ​ផ្ដល់​ឱកាស​ឲ្យ​យើង​«​ជូន​ព្រះ​នូវ​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា . . . ពោល​គឺ​ផល​នៃ​បបូរ​មាត់​»។ (​ហេ. ១៣:១៥​) ដូច​ដែល​យើង​គួរ​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​នឹង​និយាយ មុន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា គឺ​ជា​ការ​ល្អ​ដែល​យើង​គិត​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​នឹង​និយាយ​ទៅ​កាន់​ពួក​អ្នក​ដែល​យើង​ជួប​ពេល​ផ្សព្វ​ផ្សាយ។ យើង​ចង់​ជូន​«​សេចក្ដី​សរសើរ​ជា​គ្រឿង​បូជា​»​ដ៏​ល្អ​បំផុត។ យ៉ាង​នេះ យើង​និយាយ​ចេញ​ពី​ចិត្ត ពេល​ដែល​យើង​ប្រាប់​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត។

៩. ដូច​ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពេល​យើង​ជួប​ជុំ​គ្នា? សូម​រៀប​រាប់​អំពី​បទ​ពិសោធន៍​របស់​អ្នក​ផ្ទាល់។

យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​ចូល​រួម​កិច្ច​ប្រជុំ។ ជន​ជាតិ​អ៊ីស្រាអែល​សម័យ​បុរាណ​បាន​ត្រូវ​បង្គាប់​ថា​៖ ​«​ក្នុង​មួយ​ឆ្នាំ​បី​ដង ពួក​បុរស​ទាំង​អស់​ត្រូវ​មក​ឯ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​នៅ​កន្លែង​ដែល​លោក​ជ្រើស​រើស​»។ (​បច. ១៦:១៦​) ពួក​គេ​ត្រូវ​ទុក​ផ្ទះ​សម្បែង​និង​ស្រែ​ចម្ការ​ចោល។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ពួក​គេ​ថា​៖ ​«​កាល​ដែល​អ្នក​រាល់​គ្នា . . . ឡើង​ទៅ​ជួប​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា នោះ​ទឹក​ដី​របស់​អ្នក​រាល់​គ្នា​នឹង​គ្មាន​អ្នក​ណា​ដណ្ដើម​យក​ទេ​»។ (​ដច. ៣៤:២៤​) ដោយ​មាន​ជំនឿ​ទាំង​ស្រុង​ទៅ​លើ​ព្រះ ពួក​អ៊ីស្រាអែល​ដែល​កោត​ខ្លាច​លោក​បាន​ចូល​រួម​បុណ្យ​ប្រចាំ​ឆ្នាំ​ទាំង​នោះ។ ដោយ​ធ្វើ​ដូច្នេះ ពួក​គេ​បាន​ទទួល​ប្រយោជន៍​ជា​ច្រើន ដូច​ជា​យល់​ច្បាប់​របស់​ព្រះ​ច្រើន​ជាង រំពឹង​គិត​អំពី​គុណធម៌​របស់​លោក និង​សេព​គប់ជាមួយ​បង​ប្អូន​រួម​ជំនឿ។ (​បច. ១៦:១៥​) សព្វ​ថ្ងៃ​នេះ យើង​ក៏​ទទួល​ប្រយោជន៍​ស្រដៀង​នឹង​នេះ​ដែរ ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ។ ម្យ៉ាង​ទៀត ពេល​យើង​រៀបចំ​ទុក​ជា​មុន​ដើម្បី​ឆ្លើយ​ខ្លី​និង​មាន​ន័យ​ខ្លឹម​សារ ព្រះ​យេហូវ៉ា​ច្បាស់​ជា​ពេញ​ចិត្ត​ណាស់។

១០. ហេតុ​អ្វី​ការ​ច្រៀង​ចម្រៀង​ជា​ផ្នែក​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង?

១០ យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​ច្រៀង​ចម្រៀង​ជា​មួយ​បង​ប្អូន។ (​ចសព. ២៨:៧​) ជន​ជាតិ​អ៊ីស្រាអែល​បាន​ចាត់​ទុក​ការ​ច្រៀង​ចម្រៀង​ជា​ផ្នែក​សំខាន់​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ។ ស្ដេច​ដាវីឌ​បាន​ឲ្យ​ពួក​លេវី​២៨៨​នាក់​ធ្វើ​ជា​អ្នក​ចម្រៀង​នៅ​វិហារ។ (​១ប្រ. ២៥:១, ៦​-​៨​) សព្វ​ថ្ងៃ​នេះ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ពេល​យើង​ច្រៀង​ចម្រៀង​សរសើរ​លោក។ ការ​ច្រៀង​ពីរោះ​ឬ​មិន​ពីរោះ គឺ​មិន​មែន​សំខាន់​បំផុត​ទេ។ សូម​គិត​អំពី​ការ​ប្រដូច​នេះ។ ពេល​យើង​និយាយ ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»​ ប៉ុន្តែ នោះ​មិន​រា​រាំង​យើង​ពី​ការ​និយាយ​ក្នុង​ក្រុម​ជំនុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ឡើយ។ (​យ៉ា. ៣:២​) ស្រដៀង​គ្នា​ដែរ យើង​មិន​គួរ​ឲ្យ​ការ​ព្រួយ​បារម្ភ​អំពី​សំឡេង​ច្រៀង​មិន​សូវ​ពីរោះ​របស់​យើង រា​រាំង​យើង​ពី​ការ​ច្រៀង​ចម្រៀង​សរសើរ​ព្រះ​យេហូវ៉ា​ឡើយ។

១១. ដូច​បាន​រៀប​រាប់​នៅ​ចម្រៀង​សរសើរ​ព្រះ ៤៨:១៣ ហេតុ​អ្វី​យើង​គួរ​លៃ​ទុក​ពេល​សិក្សា​គម្ពីរ​ជា​ក្រុម​គ្រួសារ?

១១ យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​សិក្សា​បណ្ដាំ​របស់​លោក​និង​បង្រៀន​កូន​ៗ​អំពី​លោក។ នៅ​ស្រុក​អ៊ីស្រាអែល​សម័យ​បុរាណ ថ្ងៃ​ឈប់​សម្រាក​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ​ទុក​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ឡែក ហើយ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា។ (​ដច. ៣១:១៦, ១៧​) ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ស្មោះ​ត្រង់​បាន​បង្រៀន​កូន​របស់​ពួក​គេ​អំពី​ព្រះ​យេហូវ៉ា​និង​គុណធម៌​របស់​លោក។ នៅ​សព្វ​ថ្ងៃ​នេះ យើង​ក៏​ត្រូវ​លៃ​ទុក​ពេល​ដើម្បី​អាន​និង​សិក្សា​បណ្ដាំ​របស់​លោក​ដែរ ព្រោះ​នេះ​គឺ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ជួយ​យើង​ឲ្យ​ចូល​កាន់​តែ​ជិត​លោក។ (​ចសព. ៧៣:២៨​) ពេល​យើង​សិក្សា​ជា​ក្រុម​គ្រួសារ យើង​ជួយ​កូន​ៗ​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​នៅ​ស្ថាន​សួគ៌។—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤៨:១៣

១២. តើ​យើង​រៀន​អ្វី​ពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​កិច្ច​ការ​របស់​ពួក​អ្នក​ដែល​ធ្វើ​ប្រដាប់​ប្រដា​ត្រសាល?

១២ យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា កាល​ដែល​យើង​សាង​សង់​និង​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍​របស់​យើង។ គម្ពីរ​ចែង​ថា​កិច្ច​ការ​ធ្វើ​ត្រសាល​និង​ប្រដាប់​ប្រដា​សម្រាប់​ត្រសាល គឺ​ជា​«​ការ​ងារ​បរិសុទ្ធ​»។ (​ដច. ៣៦:១,​) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ក៏​ចាត់​ទុក​កិច្ច​ការ​សាង​សង់​សាល​ប្រជុំ​និង​អគារ​ផ្សេង​ទៀត​សម្រាប់​គោរព​ប្រណិប័តន៍​លោក ជា​កិច្ច​បម្រើ​ពិសិដ្ឋ។ បង​ប្អូន​ប្រុស​ស្រី​ខ្លះ ចំណាយ​ពេល​ជា​ច្រើន​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នេះ។ យើង​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​កិច្ច​ការ​ដែល​បង​ប្អូន​ទាំង​នេះ​ធ្វើ​ដើម្បី​រាជាណាចក្រ​ព្រះ មែន​ទេ? ប៉ុន្តែ​ពួក​គេ​ក៏​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ។ ពួក​គេ​ខ្លះ​ថែម​ទាំង​ចង់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ទៀត​ផង។ ពួក​អ្នក​ចាស់​ទុំ​អាច​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កិច្ច​ការ​សាង​សង់ ដោយ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​តែង​តាំង​បង​ប្អូន​ដែល​ខំ​ធ្វើ​កិច្ច​ការ​នឿយ​ហត់​ទាំង​នោះ​ឲ្យ​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ពេល​ដែល​ពួក​គេ​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ឡើយ។ មិន​ថា​យើង​មាន ឬ​គ្មាន​ជំនាញ​ក្នុង​កិច្ច​ការ​សាង​សង់​ក្ដី យើង​ទាំង​អស់​គ្នា​អាច​មាន​ចំណែក​ក្នុង​ការ​ថែ​រក្សា​និង​ជួស​ជុល​អគារ​សម្រាប់​គោរព​ប្រណិប័តន៍​ព្រះ​ឲ្យ​បាន​ល្អ។

១៣. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​វិភាគទាន​ដែល​យើង​ធ្វើ​ដើម្បី​គាំទ្រ​កិច្ច​ការ​រាជាណាចក្រ?

១៣ យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​គាំទ្រ​កិច្ច​ការ​រាជាណាចក្រ​ដោយ​ដាក់​វិភាគទាន។ ជន​ជាតិ​អ៊ីស្រាអែល​មិន​ត្រូវ​ទៅ​ឯ​ព្រះ​យេហូវ៉ា​ដោយ​ដៃ​ទទេ​ឡើយ។ (​បច. ១៦:១៦​) ពួក​គេ​ត្រូវ​យក​អំណោយ​ទៅ​ជា​មួយ តាម​សមត្ថភាព​របស់​ខ្លួន។ យ៉ាង​នេះ ពួក​គេ​បង្ហាញ​ចិត្ត​កតញ្ញូ​របស់​ពួក​គេ​ចំពោះ​អ្វី​ដែល​ពួក​គេ​ទទួល ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​ព្រះ។ ចុះ​យ៉ាង​ណា​យើង​វិញ? តើ​យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​អ្វី​ៗ​ដែល​យើង​បាន​ទទួល​សម្រាប់​ការ​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ដូច​ម្ដេច? វិធី​មួយ​គឺ​ដោយ​ដាក់​វិភាគទាន​សម្រាប់​គាំទ្រ​ក្រុម​ជំនុំ​និង​កិច្ច​ការ​ទូទាំង​ពិភព​លោក​តាម​សមត្ថភាព​របស់​យើង។ សាវ័ក​ប៉ូល​បាន​និយាយ​អំពី​រឿង​នេះ​ថា​៖ ​«​ប្រសិន​បើ​មាន​ចិត្ត​ចង់​ឲ្យ​ហើយ នោះ​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ណាស់។ ការ​ឲ្យ​គឺ​តាម​អ្វី​ដែល​ខ្លួន​មាន មិន​មែន​តាម​អ្វី​ដែល​ខ្លួន​មិន​មាន​នោះ​ទេ​»។ (​២កូ. ៨:៤, ១២​) ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ចំពោះ​វិភាគទាន​ដ៏​អស់​ពី​ចិត្ត​របស់​យើង មិន​ថា​វា​តិច​តួច​យ៉ាង​ណា​ក្ដី។—ម៉ាក. ១២:៤២​-​៤៤; ២កូ. ៩:៧

១៤. យោង​ទៅ​តាម​សុភាសិត ១៩:១៧ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ពេល​យើង​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​ខ្វះ​ខាត?

១៤ យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ពេល​យើង​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​ខ្វះ​ខាត។ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​តប​ស្នង​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ដែល​ឲ្យ​ដោយ​ចិត្ត​ទូលាយ​ដល់​អ្នក​ក្រី​ក្រ។ (​បច. ១៥:៧, ១០​) ពិត​មែន រាល់​ដង​ដែល​យើង​ជួយ​បង​ប្អូន​រួម​ជំនឿ​ដែល​ខ្វះ​ខាត ព្រះ​យេហូវ៉ា​ចាត់​ទុក​នោះ​ថា​ជា​អំណោយ​ចំពោះ​លោក។ (​សូម​អាន សុភាសិត ១៩:១៧) ជា​ឧទាហរណ៍ ពេល​គ្រិស្ត​សាសនិក​ពី​ក្រុង​ភីលីព​បាន​ផ្ញើ​អំណោយ​ឲ្យ​ប៉ូល​ដែល​ជា​អ្នក​ទោស គាត់​បាន​ហៅ​អំណោយ​នោះ​ថា​៖ ​«​គ្រឿង​បូជា​ដែល​ព្រះ​ពេញ​ចិត្ត​»។ (​ភី. ៤:១៨​) សូម​គិត​អំពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក ហើយ​សូម​សួរ​ខ្លួន​ថា ‹តើ​មាន​អ្នក​ណា​ដែល​ខ្ញុំ​អាច​ជួយ​ឬ​ទេ?›។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ពេល​លោក​ឃើញ​យើង​ប្រើ​ពេល​វេលា កម្លាំង ជំនាញ និង​ទ្រព្យ​សម្បត្តិ​របស់​យើង​ដើម្បី​ជួយ​ពួក​អ្នក​ដែល​ខ្វះ​ខាត។ លោក​ចាត់​ទុក​នោះ​ថា​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍។—យ៉ា. ១:២៧

ការ​គោរព​ប្រណិប័តន៍​ពិត​នាំ​ឲ្យ​យើង​សប្បាយ

១៥. ការ​គោរព​ប្រណិប័តន៍​ពិត​តម្រូវ​ឲ្យ​ចំណាយ​ពេល​វេលា​និង​កម្លាំង ប៉ុន្តែ​ហេតុ​អ្វី​នេះ​មិន​មែន​ជា​បន្ទុក​ធ្ងន់?

១៥ ការ​គោរព​ប្រណិប័តន៍​ពិត​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​និង​កម្លាំង។ ប៉ុន្តែ នេះ​មិន​មែន​ជា​បន្ទុក​ធ្ងន់​ទេ។ (​១យ៉ូន. ៥:៣​) ហេតុ​អ្វី? ពីព្រោះ​យើង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ដោយ​សារ​យើង​ស្រឡាញ់​លោក។ សូម​ស្រមៃ​គិត​អំពី​ក្មេង​ប្រុស​ម្នាក់​ដែល​ចង់​ឲ្យ​អ្វី​មួយ​ដល់​ឪពុក​គាត់។ គាត់​ប្រហែល​ជា​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​គូរ​រូប​មួយ​ឲ្យ​ឪពុក​គាត់។ កូន​នោះ​មិន​ស្ដាយ​ក្រោយ​ចំពោះ​ការ​ចំណាយ​ពេល​ទៅ​លើ​ការ​គូរ​រូប​នោះ​ទេ។ គាត់​ស្រឡាញ់​ឪពុក​របស់​គាត់ ហើយ​គាត់​សប្បាយ​ចិត្ត​នឹង​ជូន​អំណោយ​ដល់​ឪពុក។ ស្រដៀង​គ្នា​ដែរ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា យើង​សប្បាយ​ចិត្ត​ចំណាយ​ពេល​វេលា​និង​កម្លាំង ដើម្បី​គោរព​ប្រណិប័តន៍​លោក។

១៦. យោង​ទៅ​តាម​ហេប្រឺ ៦:១០ តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត?

១៦ ឪពុក​ម្ដាយ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​មិន​រំពឹង​ថា នឹង​ទទួល​អំណោយ​ដូច​ៗ​គ្នា​ពី​កូន​ម្នាក់​ៗ​របស់​ពួក​គេ​ឡើយ។ ពួក​គេ​ដឹង​ថា​កូន​ម្នាក់​ៗ​គឺ​ខុស​គ្នា ហើយ​មាន​សមត្ថភាព​ខុស​គ្នា។ ស្រដៀង​គ្នា​ដែរ បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​យល់​អំពី​កាលៈទេសៈ​របស់​យើង​ម្នាក់​ៗ។ ប្រហែល​ជា​អ្នក​អាច​ធ្វើ​ច្រើន​ជាង​បង​ប្អូន​ជា​ច្រើន​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក។ ឬ​អ្នក​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​បង​ប្អូន​ឯ​ទៀត ដោយ​សារ​អាយុ សុខភាព ឬ​ភារកិច្ច​របស់​អ្នក​ក្នុង​ក្រុម​គ្រួសារ។ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ (​កាឡ. ៦:៤​) ព្រះ​យេហូវ៉ា​នឹង​មិន​បំភ្លេច​កិច្ច​ការ​របស់​អ្នក​ទេ។ ដរាប​ណា​អ្នក​ខំ​អស់​ពី​សមត្ថភាព​ដោយ​មាន​បំណង​ចិត្ត​ត្រឹម​ត្រូវ ដរាប​នោះ​លោក​ពេញ​ចិត្ត។ (​សូម​អាន ហេប្រឺ ៦:១០) ព្រះ​យេហូវ៉ា​ថែម​ទាំង​ដឹង​អំពី​បំណង​ចិត្ត​របស់​អ្នក។ លោក​ចង់​ឲ្យ​អ្នក​សប្បាយ​និង​ស្កប់​ចិត្ត​ចំពោះ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​លោក។

១៧. (​ក​) បើ​ផ្នែក​ខ្លះ​នៃ​ការ​គោរព​ប្រណិប័តន៍​គឺ​ពិបាក​ចំពោះ​យើង តើ​យើង​អាច​ធ្វើ​អ្វី? (​ខ​) តើ​អ្នក​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង ដែល​បាន​ត្រូវ​បង្ហាញ​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ បន្ថែម​សុភមង្គល​របស់​អ្នក​»​?

១៧ ចុះ​យ៉ាង​ណា​បើ​ផ្នែក​ណា​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​គឺ​ពិបាក​ចំពោះ​យើង ដូច​ជា​ការ​សិក្សា​ផ្ទាល់​ខ្លួន​ឬ​ការ​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ជា​ដើម? យើង​ទំនង​ជា​នឹង​ឃើញ​ថា កាល​ណា​យើង​កាន់​តែ​ខំ​ព្យាយាម​ចូល​រួម​ក្នុង​សកម្មភាព​ទាំង​នេះ យើង​នឹង​កាន់​តែ​អរ​សប្បាយ ហើយទទួលប្រយោជន៍​ច្រើន​ជាង​ដែរ។ ឧបមា​ថា យើង​ចង់​ចេះ​ហាត់ប្រាណ​ប្រភេទ​ណា​មួយ ឬ​លេង​ឧបករណ៍​តន្ត្រី​ណា​មួយ​ឲ្យ​បាន​ល្អ។ បើ​យើង​ហាត់​តែ​ម្ដង​ម្កាល យើង​នឹង​មិន​សូវ​រីក​ចម្រើន​ទេ។ ប៉ុន្តែ ចុះ​បើ​យើង​ហាត់​រាល់​ថ្ងៃ​ជា​ប្រចាំ? ដំបូង យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ធ្វើ​នោះ​នៅ​រយៈ​ពេល​ខ្លី ប៉ុន្តែ​យូរ​ៗ​ទៅ​យើង​អាច​ចំណាយ​ពេល​ច្រើន​ជាង។ ពេល​យើង​ឃើញ​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ខំ​ប្រឹង​របស់​យើង យើង​ទំនង​ជា​នឹង​ទន្ទឹង​រង់​ចាំ​ឲ្យ​ពេល​វេលា​នោះ​មក​ដល់ ហើយ​សប្បាយ​ចិត្ត​ពេល​ធ្វើ​អ្វី​ទាំង​នោះ។ នេះ​ក៏​ដូច​គ្នា​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។

១៨. តើ​អ្វី​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​គឺ​ជា​អ្វី ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

១៨ ការ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា គឺ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន។ ជា​លទ្ធផល យើង​មាន​ជីវិត​សប្បាយ​និង​ដែល​មាន​ន័យ​ខ្លឹម​សារ ហើយ​មាន​សេចក្ដី​សង្ឃឹម​ថា យើង​នឹង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ (​សុភ. ១០:២២​) យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​រួច​ហើយ ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​ជួយ​ពួក​អ្នក​គោរព​ប្រណិប័តន៍​លោក ពេល​ដែល​ពួក​គេ​មាន​បញ្ហា។ (​អេ. ៤១:៩, ១០​) យើង​ពិត​ជា​មាន​មូលហេតុ​ឲ្យ​សប្បាយ​ចិត្ត កាល​ដែល​យើង​គោរព​ប្រណិប័តន៍​បិតា​របស់​យើង ដែល​សម​នឹង​«​ទទួល​សេចក្ដី​សរសើរ​ដោយ​សារ​សិរី​រុង​រឿង [​និង​]​កិត្តិយស​»​ពី​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​បង្កើត។—បប. ៤:១១

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

^ វគ្គ 5 ក្នុង​នាម​ជា​អ្នក​បង្កើត​អ្វី​ៗ​ទាំង​អស់ ព្រះ​យេហូវ៉ា​សម​នឹង​ទទួល​ការ​គោរព​ប្រណិប័តន៍​ពី​យើង។ លោក​ព្រម​ទទួល​យក​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​គោរព​ប្រណិប័តន៍​លោក លុះ​ត្រា​តែ​យើង​ធ្វើ​តាម​ច្បាប់​និង​គោល​ការណ៍​របស់​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ផ្នែក​៨​យ៉ាង​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​អ្វី​ទាំង​នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង និង​របៀប​ដែល​នោះ​នឹង​បន្ថែម​សុភមង្គល​របស់​យើង។