អត្ថបទសិក្សា ១១
ចូរបន្តពាក់«បុគ្គលិកលក្ខណៈថ្មី»ក្រោយពីទទួលការជ្រមុជទឹក
«ចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី»។—កូឡ. ៣:១០
ចម្រៀងលេខ៤៩ ធ្វើឲ្យព្រះយេហូវ៉ាមានចិត្តរីករាយ
សេចក្ដីសង្ខេប *
១. តើអ្វីជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបុគ្គលិកលក្ខណៈរបស់យើង?
ទោះជាយើងទើបតែបានទទួលការជ្រមុជទឹកប៉ុន្មានថ្ងៃ ឬជាច្រើនឆ្នាំហើយក្ដី យើងទាំងអស់គ្នាចង់មានបុគ្គលិកលក្ខណៈដែលព្រះយេហូវ៉ាស្រឡាញ់។ ដើម្បីទៅជាបុគ្គលបែបនេះ យើងត្រូវគ្រប់គ្រងរបៀបគិតគូររបស់យើង។ ហេតុអ្វី? ពីព្រោះគំនិតរបស់យើងជះឥទ្ធិពលខ្លាំងទៅលើបុគ្គលិកលក្ខណៈរបស់យើង។ បើយើងចេះតែគិតអំពីអ្វីដែលផ្គាប់ចិត្តខ្លួនឯង យើងនឹងនិយាយនិងធ្វើអ្វីដ៏អាក្រក់។ (អេភ. ៤:១៧-១៩) ប៉ុន្តែ បើយើងគិតអំពីអ្វីល្អ យើងទំនងជានឹងកាន់តែនិយាយនិងប្រព្រឹត្តតាមរបៀបដែលនាំឲ្យព្រះយេហូវ៉ាដែលជាបិតារបស់យើងពេញចិត្ត។—កាឡ. ៥:១៦
២. តើយើងនឹងឆ្លើយសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
២ ដូចបានត្រូវរៀបរាប់នៅអត្ថបទមុន យើងមិនអាចឃាត់ការគិតគូរអាក្រក់ទាំងអស់ កុំឲ្យលេចមកក្នុងគំនិតរបស់យើងបានទេ។ ប៉ុន្តែ យើងអាចសម្រេចចិត្តមិនប្រព្រឹត្តតាមគំនិតនោះ។ មុនយើងទទួលការជ្រមុជទឹក យើងត្រូវលះចោលពាក្យសម្ដីនិងការប្រព្រឹត្តដែលព្រះយេហូវ៉ាស្អប់។ នេះគឺជាជំហានទី១ និងជាជំហានដ៏សំខាន់បំផុតក្នុងការដោះបុគ្គលិកលក្ខណៈចាស់ចេញ។ ប៉ុន្តែដើម្បីធ្វើឲ្យព្រះយេហូវ៉ាពេញចិត្តទាំងស្រុង យើងក៏ត្រូវធ្វើតាមបង្គាប់ដែលថា៖ «ចូរបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី»។ (កូឡ. ៣:១០) ក្នុងអត្ថបទនេះ យើងនឹងឆ្លើយសំណួរដូចតទៅនេះ៖ តើអ្វីជា«បុគ្គលិកលក្ខណៈថ្មី»? តើយើងអាចពាក់បុគ្គលិកលក្ខណៈថ្មី ហើយបន្តពាក់វាតាមរបៀបណា?
តើអ្វីជា«បុគ្គលិកលក្ខណៈថ្មី»?
៣. សមស្របតាមកាឡាទី ៥:២២, ២៣ តើ«បុគ្គលិកលក្ខណៈថ្មី»ជាអ្វី ហើយតើបុគ្គលម្នាក់អាចបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីយ៉ាងដូចម្ដេច?
៣ «បុគ្គលិកលក្ខណៈថ្មី»គឺជារបៀបគិតគូរនិងការប្រព្រឹត្តដែលបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ បុគ្គលដែលបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី បង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ ដោយសារគាត់ឲ្យឫទ្ធានុភាពបរិសុទ្ធមានឥទ្ធិពលទៅលើគំនិត អារម្មណ៍ និងការប្រព្រឹត្តរបស់គាត់។ (សូមអាន កាឡាទី ៥:២២, ២៣) ជាឧទាហរណ៍ បុគ្គលបែបនេះស្រឡាញ់ព្រះយេហូវ៉ានិងរាស្ត្រ របស់លោក។ (ម៉ាថ. ២២:៣៦-៣៩) គាត់រក្សាអំណរ ទោះជាជួបការពិបាកក្ដី។ (យ៉ា. ១:២-៤) គាត់ជាបុគ្គលដែលធ្វើឲ្យមានសន្តិភាព។ (ម៉ាថ. ៥:៩) គាត់ប្រព្រឹត្តដោយអត់ធ្មត់និងដោយសប្បុរសចំពោះអ្នកឯទៀត។ (កូឡ. ៣:១៣) គាត់ស្រឡាញ់និងធ្វើអំពើល្អ។ (លូក. ៦:៣៥) គាត់បង្ហាញជំនឿមាំមួនទៅលើបិតានៅស្ថានសួគ៌។ (យ៉ា. ២:១៨) គាត់រក្សាចិត្តស្លូតបូតពេលអ្នកឯទៀតចង់រករឿងឬធ្វើឲ្យគាត់ខឹង ហើយគាត់ចេះទប់ចិត្តពេលមានការល្បួង។—១កូ. ៩:២៥, ២៧; ទីត. ៣:២
៤. ដើម្បីពាក់បុគ្គលិកលក្ខណៈថ្មី តើយើងអាចបណ្ដុះឲ្យមានគុណសម្បត្តិផ្សេងៗដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ម្ដងមួយៗឬទេ? សូមពន្យល់។
៤ ដើម្បីពាក់បុគ្គលិកលក្ខណៈថ្មី យើងត្រូវបណ្ដុះឲ្យមានគុណសម្បត្តិទាំងអស់ដែលបានត្រូវរៀបរាប់នៅកាឡាទី ៥:២២, ២៣ និងនៅក្នុងខគម្ពីរផ្សេងទៀត។ * គុណសម្បត្តិទាំងនេះមិនដូចសម្លៀកបំពាក់នីមួយៗដែលយើងត្រូវពាក់ម្ដងមួយៗនោះទេ។ តាមពិត គុណសម្បត្តិនីមួយៗទាំងនេះជាប់ទាក់ទងនឹងគុណសម្បត្តិផ្សេងទៀត។ ជាឧទាហរណ៍ បើអ្នកពិតជាស្រឡាញ់អ្នកជិតខាង នោះអ្នកនឹងចេះបង្ហាញចិត្តអត់ធ្មត់ និងចិត្តសប្បុរសចំពោះគាត់។ ម្យ៉ាងទៀត ដើម្បីទៅជាមនុស្សល្អពិតឬមនុស្សដែលមានគុណធម៌ អ្នកត្រូវមានចិត្តស្លូតបូត និងចេះទប់ចិត្ត។
តើយើងអាចពាក់បុគ្គលិកលក្ខណៈថ្មីតាមរបៀបណា?
៥. តើការមានចិត្តគំនិតរបស់គ្រិស្តមានន័យអ្វី ហើយហេតុអ្វីយើងគួរសិក្សាអំពីជីវិតរបស់លោកយេស៊ូ? (កូរិនថូសទី១ ២:១៦)
៥ សូមអាន កូរិនថូសទី១ ២:១៦។ ដើម្បីពាក់បុគ្គលិកលក្ខណៈថ្មី យើងត្រូវមាន«ចិត្តគំនិតរបស់គ្រិស្ត»។ និយាយឲ្យស្រួលយល់ យើងត្រូវរៀនអំពីរបៀបគិតគូររបស់លោក ហើយយកតម្រាប់លោក។ លោកយេស៊ូបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះយ៉ាងល្អឥតខ្ចោះ។ ដូចកញ្ចក់ភ្លឺច្បាស់មួយ លោកយេស៊ូឆ្លុះបញ្ចាំងអំពីគុណសម្បត្តិរបស់ព្រះយេហូវ៉ាយ៉ាងល្អឥតខ្ចោះ។ (ហេ. ១:៣) កាលដែលយើងកាន់តែគិតដូចលោកយេស៊ូ យើងនឹងកាន់តែប្រព្រឹត្តដូចលោក ហើយយើងនឹងកាន់តែអាចមានបុគ្គលិកលក្ខណៈដូចលោក។—ភី. ២:៥
៦. តើយើងគួរចាំអ្វីខ្លះស្ដីអំពីការព្យាយាមពាក់បុគ្គលិកលក្ខណៈថ្មី?
៦ តើពិតជាអាចទៅរួចទេឲ្យយើងធ្វើតាមគំរូរបស់លោកយេស៊ូ? យើងប្រហែលជាគិតថា ‹លោកយេស៊ូជាបុគ្គលល្អឥតខ្ចោះ ខ្ញុំមិនអាចធ្វើដូចលោកទាំងស្រុងបានទេ!›។ បើអ្នកមានអារម្មណ៍បែបនេះ សូមចាំអំពីអ្វីទាំងនេះ។ ទី១ អ្នកបានត្រូវបង្កើតឲ្យមានភាពដូចព្រះយេហូវ៉ានិងលោកយេស៊ូ។ ដូច្នេះ អ្នកអាចសម្រេចចិត្តយកតម្រាប់លោកទាំងពីរ ហើយអ្នកអាចធ្វើដូចលោកទាំងពីរយ៉ាងហោចណាស់បានមួយកម្រិតដែរ។ (ដក. ១:២៦) ទី២ ឫទ្ធានុភាពបរិសុទ្ធរបស់ព្រះគឺជាថាមពលខ្លាំងក្លាបំផុតក្នុងសកលលោក។ ដោយមានជំនួយពី ឫទ្ធានុភាពបរិសុទ្ធនេះ យើងអាចសម្រេចអ្វីៗដែលយើងមិនអាចធ្វើដោយខ្លួនឯង។ ទី៣ ព្រះយេហូវ៉ាមិនតម្រូវឲ្យអ្នកបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះយ៉ាងល្អឥតខ្ចោះនៅឥឡូវនេះទេ។ តាមពិត បិតាដែលស្រឡាញ់យើង ទុកពេល១.០០០ឆ្នាំឲ្យពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត ទៅជាមនុស្សល្អឥតខ្ចោះ។ (បប. ២០:១-៣) អ្វីដែលព្រះយេហូវ៉ាតម្រូវពីយើងនៅឥឡូវនេះ គឺឲ្យយើងខំអស់ពីសមត្ថភាព និងពឹងផ្អែកទៅលើជំនួយពីលោក។
៧. តើយើងនឹងពិចារណាអ្វីនៅឥឡូវនេះ?
៧ តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច? យើងនឹងពិចារណាយ៉ាងខ្លីអំពីគុណសម្បត្តិបួននៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ រាល់លើកដែលយើងពិចារណាគុណសម្បត្តិនីមួយៗនេះ យើងនឹងរៀនអំពីរបៀបដែលលោកយេស៊ូបង្ហាញគុណសម្បត្តិនោះ ហើយទាញមេរៀនសម្រាប់ខ្លួន។ កាលដែលយើងរៀនអ្វីទាំងនោះ យើងនឹងពិចារណាសំណួរខ្លះដែលអាចជួយយើងឲ្យពិនិត្យមើលថា តើយើងពាក់បុគ្គលិកលក្ខណៈថ្មីបានដល់កម្រិតណា។
៨. តើលោកយេស៊ូបានបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបណាខ្លះ?
៨ សេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់លោកយេស៊ូចំពោះព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យធ្វើការលះបង់ដើម្បីបិតាលោកនិងយើង។ (យ៉ូន. ១៤:៣១; ១៥:១៣) លោកយេស៊ូបានបង្ហាញតាមរបៀបរស់នៅរបស់លោកនៅផែនដីថា លោកស្រឡាញ់មនុស្សខ្លាំងយ៉ាងណា។ រាល់ថ្ងៃលោកបង្ហាញសេចក្ដីស្រឡាញ់និងសេចក្ដីអាណិតអាសូរ ទោះជាពេលមនុស្សខ្លះប្រឆាំងលោកក្ដី។ របៀបដ៏សំខាន់មួយដែលលោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្ស គឺដោយបង្រៀនពួកគេអំពីរាជាណាចក្រព្រះ។ (លូក. ៤:៤៣, ៤៤) លោកក៏បង្ហាញសេចក្ដីស្រឡាញ់ដែលលះបង់ប្រយោជន៍ខ្លួនចំពោះព្រះយេហូវ៉ានិងមនុស្សដោយសុខចិត្តរងទុក្ខ និងឲ្យមនុស្សដែលមានការខុសឆ្គងសម្លាប់លោក។ យ៉ាងនេះ លោកយេស៊ូបើកឱកាសឲ្យយើងទាំងអស់គ្នាទទួលជីវិតដែលគ្មានទីបញ្ចប់។
៩. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់ដូចលោកយេស៊ូយ៉ាងដូចម្ដេច?
៩ យើងបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា និងទទួលការជ្រមុជទឹកដោយសារយើងស្រឡាញ់លោក។ ដូច្នេះដូចលោកយេស៊ូ យើងគួរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាតាមរយៈរបៀបដែលយើងប្រព្រឹត្តទៅលើមនុស្សឯទៀត។ សាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ»។ (១យ៉ូន. ៤:២០) យើងអាចសួរខ្លួនឯងថា ‹តើខ្ញុំមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សឯទៀតឬទេ? តើខ្ញុំមានចិត្តអាណិតមេត្តាពេលប្រព្រឹត្តទៅលើអ្នកឯទៀត ទោះជាពួកគេប្រព្រឹត្តមិនសមរម្យមកលើខ្ញុំឬ? តើសេចក្ដីស្រឡាញ់ជំរុញចិត្តខ្ញុំឲ្យប្រើពេលវេលានិងធនធានរបស់ខ្ញុំដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ាឬទេ? តើខ្ញុំសុខចិត្តធ្វើកិច្ចការនេះទោះជាមនុស្សភាគច្រើនមិនឲ្យតម្លៃ ឬប្រឆាំងខ្ញុំឬ? តើខ្ញុំអាចរកវិធីដើម្បីចំណាយពេលច្រើនជាងក្នុងកិច្ចការជួយមនុស្សឯទៀតឲ្យទៅជាអ្នកកាន់តាមលោកយេស៊ូឬទេ?›។—អេភ. ៥:១៥, ១៦
១០. តើលោកយេស៊ូបានធ្វើឲ្យមានសន្តិភាពតាមរបៀបណា?
១០ លោកយេស៊ូជាបុគ្គលដែលធ្វើឲ្យមានសន្តិភាព។ ពេលមនុស្សបានប្រព្រឹត្តអាក្រក់ទៅលើលោក លោកមិនបានតបស្នងអំពើអាក្រក់នឹងអំពើអាក្រក់វិញឡើយ។ ប៉ុន្តែ លោកបានធ្វើអ្វីផ្សេងៗក្រៅពីនោះ។ លោកបានទៅរកជានឹងអ្នកឯទៀត ហើយលើកទឹកចិត្តពួកគេឲ្យដោះស្រាយជម្លោះរបស់ពួកគេ។ ជាឧទាហរណ៍ លោកបានបង្រៀនពួកគេថា ពួកគេត្រូវទៅរកជានឹងបងប្អូនរបស់ខ្លួន បើពួកគេចង់ឲ្យព្រះយេហូវ៉ាទទួលយកការគោរពប្រណិប័តន៍របស់ពួកគេ។ (ម៉ាថ. ៥:៩, ២៣, ២៤) ម្យ៉ាងទៀត លោកបានជួយពួកសាវ័កម្ដងហើយម្ដងទៀតឲ្យដោះស្រាយការជជែករបស់ពួកគេថាអ្នកណាធំជាងគេក្នុងចំណោមពួកគេ។—លូក. ៩:៤៦-៤៨; ២២:២៤-២៧
១១. តើយើងអាចទៅជាមនុស្សដែលធ្វើឲ្យមានសន្តិភាពតាមរបៀបណា?
១១ ដើម្បីទៅជាមនុស្សដែលធ្វើឲ្យមានសន្តិភាព យើងមិនគ្រាន់តែត្រូវជៀសវាងពីការបង្កជម្លោះប៉ុណ្ណោះទេ។ តើយើងត្រូវធ្វើអ្វីទៀត? យើងត្រូវទៅរកជានឹងអ្នកឯទៀតពេលមានបញ្ហា ហើយលើកទឹកចិត្តបងប្អូនរបស់យើងឲ្យចុះសម្រុងគ្នា។ (ភី. ៤:២, ៣; យ៉ា. ៣:១៧, ១៨) យើងអាចសួរខ្លួនឯងថា ‹តើខ្ញុំសុខចិត្តលះបង់ អ្វីដើម្បីធ្វើឲ្យមានសន្តិភាពជាមួយអ្នកឯទៀត? ពេលបងប្អូនធ្វើឲ្យខ្ញុំឈឺចិត្ត តើខ្ញុំគុំកួនឬទេ? តើខ្ញុំចាំឲ្យគេមកជានានឹងខ្ញុំមុន ឬតើខ្ញុំជាអ្នកទៅរកជាមុន ទោះជាខ្ញុំគិតថាបុគ្គលម្នាក់នោះជាអ្នកបង្ករឿងក៏ដោយ? ពេលសមត្រឹមត្រូវ តើខ្ញុំលើកទឹកចិត្តពួកអ្នកដែលមានជម្លោះឲ្យរកជានឹងគ្នាឬទេ?›។
១២. តើលោកយេស៊ូបានបង្ហាញសេចក្ដីសប្បុរសយ៉ាងដូចម្ដេច?
១២ លោកយេស៊ូមានចិត្តសប្បុរស។ (ម៉ាថ. ១១:២៨-៣០) លោកបង្ហាញសេចក្ដីសប្បុរសដោយប្រព្រឹត្តស្លូតបូតនិងសមហេតុសមផល។ ជាឧទាហរណ៍ ពេលស្ត្រីជនជាតិភេនីស៊ីម្នាក់បានអង្វរសុំលោកធ្វើឲ្យកូនស្រីរបស់នាងជាសះស្បើយ លោកមិនបានធ្វើតាមសំណូមពរនោះភ្លាមៗទេ។ ប៉ុន្តែក្រោយមក ពេលដែលនាងបានបង្ហាញជំនឿយ៉ាងខ្លាំង លោកបានបង្ហាញសេចក្ដីសប្បុរសដោយធ្វើឲ្យកូនស្រីរបស់នាងជាសះស្បើយ។ (ម៉ាថ. ១៥:២២-២៨) ទោះជាលោកយេស៊ូមានចិត្តសប្បុរសក្ដី លោកមិនមែនសប្បុរសពេករហូតដល់មិនឲ្យយោបល់នោះទេ។ នៅពេលខ្លះ លោកបានបង្ហាញសេចក្ដីសប្បុរស ដោយឲ្យយោបល់យ៉ាងម៉ឺងម៉ាត់ចំពោះពួកអ្នកដែលលោកស្រឡាញ់។ ជាឧទាហរណ៍ ពេលដែលពេត្រុសព្យាយាមបំបាក់ទឹកចិត្តលោកមិនឲ្យធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា លោកបានកែតម្រង់គាត់នៅមុខអ្នកកាន់តាមឯទៀត។ (ម៉ាក. ៨:៣២, ៣៣) លោកយេស៊ូបានធ្វើដូច្នេះ មិនមែនដើម្បីឲ្យពេត្រុសខ្មាសគេទេ ប៉ុន្តែដើម្បីបង្ហាត់បង្រៀនគាត់។ លោកក៏ចង់ព្រមានពួកអ្នកកាន់តាមឯទៀតថា ពួកគេគួរតែគាំទ្រលោក មិនមែនព្យាយាមបញ្ឈប់លោកពីការធ្វើតាមបំណងប្រាថ្នារបស់ព្រះនោះទេ។ ពេត្រុសច្បាស់ជាខ្មាសគេ ប៉ុន្តែគាត់បានទទួលប្រយោជន៍ពីការប្រៀនប្រដៅនោះ។
១៣. តើយើងអាចបង្ហាញសេចក្ដីសប្បុរសដោយស្មោះតាមរបៀបណា?
១៣ ដើម្បីបង្ហាញចិត្តសប្បុរសដោយស្មោះចំពោះបុគ្គលដែលយើងស្រឡាញ់ ជួនកាលយើងប្រហែលជាត្រូវឲ្យយោបល់ពួកគេ។ ពេលយើងធ្វើដូច្នេះ សូមយកតម្រាប់លោកយេស៊ូដោយឲ្យយោបល់ដែលមានមូលដ្ឋានពីបណ្ដាំរបស់ព្រះ។ សូមមានចិត្តស្លូតបូត។ សូមជឿថាបុគ្គលដែលអ្នកចង់ឲ្យយោបល់នោះ ចង់ធ្វើអ្វីដែលត្រឹមត្រូវ ហើយទុកចិត្តថាដោយសារគាត់ស្រឡាញ់ព្រះយេហូវ៉ានិងស្រឡាញ់អ្នក គាត់នឹងមានប្រតិកម្មល្អចំពោះយោបល់ដែលអ្នកឲ្យដែលចេញពីសេចក្ដីស្រឡាញ់។ សូមសួរខ្លួនអ្នកថា ‹តើខ្ញុំហ៊ាននិយាយទៅកាន់បុគ្គលដែលខ្ញុំស្រឡាញ់ពេលខ្ញុំឃើញគាត់កំពុងធ្វើអ្វីខុសឬទេ? បើខ្ញុំត្រូវឲ្យយោបល់ តើខ្ញុំនិយាយដោយសប្បុរស ឬតើខ្ញុំនិយាយដោយឥតមេត្តា? តើខ្ញុំមានបំណងចិត្តអ្វីពេលឲ្យយោបល់? តើខ្ញុំឲ្យយោបល់ដោយសារខ្ញុំខឹងនឹងបុគ្គលនោះ ឬដោយសារខ្ញុំគិតអំពីប្រយោជន៍របស់គាត់?›។
១៤. តើលោកយេស៊ូបានបង្ហាញគុណធម៌តាមរបៀបណា?
១៤ លោកយេស៊ូមិនគ្រាន់តែដឹងអំពីអ្វីល្អប៉ុណ្ណោះទេ តែលោកក៏ធ្វើអំពើល្អដែរ។ លោកស្រឡាញ់បិតារបស់លោក ដូច្នេះលោកយេស៊ូតែងតែធ្វើអ្វីដែលត្រឹមត្រូវដោយមានបំណងចិត្តត្រឹមត្រូវ។ បុគ្គលដែលមានគុណធម៌តែងតែរកវិធីផ្សេងៗដើម្បីជួយអ្នកឯទៀត និងធ្វើអំពើល្អដល់ពួកគេ។ ការដឹងអំពីអ្វីដែលត្រឹមត្រូវគឺមិនគ្រប់គ្រាន់ទេ យើងក៏ត្រូវធ្វើអ្វីដែលត្រឹមត្រូវដោយមានបំណងចិត្តត្រឹមត្រូវ។ យើងប្រហែលជាឆ្ងល់ថា ‹តើអាចទៅរួចទេ ឲ្យធ្វើអ្វីដែលត្រឹមត្រូវដោយមានបំណងចិត្តមិនល្អ?›។ គឺអាចទៅរួច! ជាឧទាហរណ៍ លោកយេស៊ូបានមានប្រសាសន៍អំពីពួកអ្នកដែលធ្វើទានដល់អ្នកក្រ តែពួកគេធ្វើនេះដើម្បីសម្ញែងឲ្យអ្នកឯទៀតសរសើរ។ ទោះជាកិច្ចការទាំងនេះមើលទៅល្អក្ដី ព្រះយេហូវ៉ាមិនពេញចិត្តឡើយ។—ម៉ាថ. ៦:១-៤
១៥. តើយើងអាចទៅជាមនុស្សល្អពិតយ៉ាងដូចម្ដេច?
១៥ យើងអាចទៅជាមនុស្សល្អពិតឬមានគុណធម៌បាន លុះត្រាតែយើងធ្វើអ្វីដែលត្រឹមត្រូវ ដោយមានបំណងចិត្តដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះ អ្នកអាចសួរខ្លួនឯងថា ‹តើខ្ញុំមិនគ្រាន់តែស្គាល់អ្វីដែលត្រឹមត្រូវ ប៉ុន្តែតើខ្ញុំក៏ធ្វើតាមឬទេ? តើខ្ញុំមានមូលហេតុឬបំណងចិត្តអ្វី ពេលធ្វើអំពើល្អ?›។
តើយើងអាចរក្សាបុគ្គលិកលក្ខណៈថ្មីឲ្យបានល្អ តាមរបៀបណា?
១៦. តើយើងគួរធ្វើអ្វីរាល់ថ្ងៃ ហើយហេតុអ្វី?
១៦ យើងមិនត្រូវគិតថាពេលដែលយើងបានទទួលការជ្រមុជទឹក យើងបានពាក់បុគ្គលិកលក្ខណៈថ្មីទាំងស្រុង និងមិនចាំបាច់ ខំប្រឹងបន្ដពាក់វាទៀតនោះទេ។ បុគ្គលិកលក្ខណៈថ្មីប្រៀបដូចជាសម្លៀកបំពាក់ថ្មីដែលយើងត្រូវរក្សាឲ្យបានល្អ។ របៀបមួយដែលយើងអាចធ្វើដូច្នេះ គឺដោយស្វែងរកវិធីផ្សេងៗរាល់ថ្ងៃដើម្បីបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ាជាព្រះដែលមានសកម្មភាព ហើយឫទ្ធានុភាពរបស់លោកគឺជាថាមពលមួយដែលមានចលនា។ (ដក. ១:២) ដូច្នេះ គុណសម្បត្តិទាំងអស់នៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះអាចជំរុញចិត្តយើងឲ្យមានសកម្មភាព។ ម្យ៉ាងទៀត គុណសម្បត្តិទាំងនោះត្រូវតែជំរុញចិត្តយើងឲ្យមានការប្រព្រឹត្ត។ ជាឧទាហរណ៍ យ៉ាកុបដែលជាអ្នកកាន់តាមបានសរសេរថា៖ «ជំនឿដែលគ្មានការប្រព្រឹត្តគឺស្លាប់ហើយ»។ (យ៉ា. ២:២៦) គុណសម្បត្តិទាំងអស់ឯទៀតនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ ក៏ដូចគ្នាដែរ។ រាល់ដងដែលយើងបង្ហាញគុណសម្បត្តិទាំងនេះ យើងផ្ដល់ភ័ស្តុតាងថាឫទ្ធានុភាពរបស់ព្រះមានសកម្មភាពក្នុងយើង។
១៧. តើយើងគួរមានប្រតិកម្មយ៉ាងណាពេលយើងមិនបានបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ?
១៧ សូម្បីតែគ្រិស្តសាសនិកដែលបានជ្រមុជទឹកយូរហើយ ក៏ជួនកាលមិនបានបង្ហាញផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះដែរ។ ប៉ុន្តែ អ្វីសំខាន់គឺមិនឈប់ព្យាយាម។ សូមគិតអំពីឧទាហរណ៍នេះ។ បើអ្នកធ្វើឲ្យសម្លៀកបំពាក់ជាទីស្រឡាញ់របស់អ្នករហែកដោយចៃដន្យ តើអ្នកនឹងបោះវាចោលភ្លាមៗឬទេ? មិនមែនទេ។ អ្នកទំនងជានឹងជួសជុលវាយ៉ាងយកចិត្តទុកដាក់ បើអាចធ្វើបាន។ ម្យ៉ាងទៀត អ្នកនឹងប្រយ័ត្នជាងនៅពេលក្រោយ។ ស្រដៀងគ្នាដែរ បើនៅពេលណាមួយអ្នកមិនបានបង្ហាញចិត្តសប្បុរស ចិត្តអត់ធ្មត់ ឬសេចក្ដីស្រឡាញ់ទៅកាន់បុគ្គលណាម្នាក់ សូមកុំធ្លាក់ទឹកចិត្ត។ ការនិយាយសុំទោសដោយស្មោះអស់ពីចិត្ត អាចជួយអ្នកឲ្យមានចំណងមិត្តភាពល្អឡើងវិញជាមួយបុគ្គលនោះ។ សូមតាំងចិត្តធ្វើឲ្យបានល្អជាងនៅថ្ងៃក្រោយ។
១៨. តើយើងអាចជឿជាក់អំពីអ្វី?
១៨ យើងសប្បាយចិត្តណាស់ដែលមានគំរូរបស់លោកយេស៊ូ។ កាលដែលយើងកាន់តែមានរបៀបគិតគូរនិងចិត្តគំនិតដូចលោក យើងកាន់តែស្រួលប្រព្រឹត្តដូចលោក។ កាលដែលយើងប្រព្រឹត្តដូចលោកយេស៊ូកាន់តែច្រើន យើងនឹងបំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មីបានល្អប្រសើរជាង។ ក្នុងអត្ថបទនេះ យើងបានពិចារណាតែគុណសម្បត្តិបួននៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ។ គឺជាការល្អដែលអ្នកចំណាយពេលខ្លះដើម្បីសិក្សាគុណសម្បត្តិផ្សេងទៀតនៃផលដែលបង្កើតដោយឫទ្ធានុភាពរបស់ព្រះ ហើយស្វែងយល់ថាអ្នកកំពុងបង្ហាញគុណសម្បត្តិទាំងនេះបានល្អដល់កម្រិតណា។ អ្នកនឹងរកឃើញបញ្ជីអត្ថបទអំពីរឿងនេះក្នុងជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ា ក្រោមប្រធានបទ«ជីវិតជាគ្រិស្តសាសនិក» រួចមក«ផលដែលបង្កើតដោយសកម្មពល»។ អ្នកអាចជឿជាក់ថា បើអ្នកព្យាយាមពាក់បុគ្គលិកលក្ខណៈថ្មី ហើយខំបន្ដពាក់វា ព្រះយេហូវ៉ានឹងជួយអ្នក។
ចម្រៀងលេខ១២៧ ខ្ញុំគួរជាមនុស្សដែលព្រះពេញចិត្ត
^ វគ្គ 5 មិនថាយើងមានប្រវត្តិបែបណាក្ដី យើងអាចពាក់«បុគ្គលិកលក្ខណៈថ្មី»បាន។ ដើម្បីធ្វើដូច្នេះ យើងត្រូវបន្ដកែប្រែរបៀបគិតគូររបស់យើង ហើយព្យាយាមយកតម្រាប់លោកយេស៊ូ។ នៅក្នុងអត្ថបទនេះ យើងនឹងពិចារណាគំរូរបស់លោកយេស៊ូស្ដីអំពីការគិតគូរនិងការប្រព្រឹត្ត។ អត្ថបទនេះក៏នឹងបង្ហាញអំពីរបៀបដែលយើងអាចបន្ដយកតម្រាប់លោកយេស៊ូ ក្រោយពីយើងបានទទួលការជ្រមុជទឹក។
^ វគ្គ 4 កាឡាទី ៥:២២, ២៣មិនបានរៀបរាប់អំពីគុណសម្បត្តិទាំងអស់ដែលឫទ្ធានុភាពរបស់ព្រះអាចជួយយើងបណ្ដុះឲ្យមាននោះទេ។ ដើម្បីពិចារណាអំពីចំណុចនេះ សូមមើល«សំណួរពីអ្នកអាន» ក្នុងទស្សនាវដ្ដីប៉មយាម ខែមិថុនា ឆ្នាំ២០២០។