លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរពីអ្នកអាន

សំណួរពីអ្នកអាន

ហេតុ​អ្វី​សាំយូអែល​ទី​២ ២១:៧​-​៩​ចែង​ថា​៖ ​«​ស្ដេច​ដាវីឌ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មេភីបូសែត​»​ ប៉ុន្តែ​ក្រោយ​មក​បាន​ប្រគល់​មេភីបូសែត​ឲ្យ​គេ​ប្រហារ​ជីវិត?

បុគ្គល​ខ្លះ​ដែល​បាន​អាន​កំណត់​ហេតុ​នេះ​បាន​សួរ​សំណួរ​នេះ។ ប៉ុន្តែ​នៅ​ក្នុង​បទ​គម្ពីរ​នេះ មាន​បុរស​ពីរ​នាក់​ដែល​មាន​ឈ្មោះ​មេភីបូសែត។ ការ​ពិចារណា​ឡើង​វិញ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ នឹង​មាន​ប្រយោជន៍​សម្រាប់​យើង។

សុល​ដែល​ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​មាន​កូន​ប្រុស​៧​នាក់ និង​កូន​ស្រី​២​នាក់។ កូន​ប្រុស​ច្បង​របស់​គាត់​គឺ​យ៉ូណាថាន។ ក្រោយ​មក ស្ដេច​សុល​និង​រីសផា​ជា​ប្រពន្ធ​បន្ទាប់ មាន​កូន​ប្រុស​ឈ្មោះ​មេភីបូសែត។ គួរ​ឲ្យ​ចាប់​អារម្មណ៍ យ៉ូណាថាន​ក៏​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​មេភីបូសែត​ដែរ។ ដូច្នេះ ស្ដេច​សុល​មាន​កូន​ប្រុស​ម្នាក់​និង​ចៅ​ប្រុស​ម្នាក់ ដែល​មាន​ឈ្មោះ​មេភីបូសែត​ដូច​គ្នា។

នៅ​ពេល​មួយ ស្ដេច​សុល​ចាប់​ផ្ដើម​ស្អប់​អ្នក​ក្រុង​គីបៀន ហើយ​ព្យាយាម​សម្លាប់​ពួក​គេ​ទាំង​អស់​គ្នា។ តាម​មើល​ទៅ ពួក​គេ​ជា​ច្រើន​នាក់​បាន​ត្រូវ​សម្លាប់។ ការ​ប្រព្រឹត្ត​របស់​ស្ដេច​សុល​នៅ​ពេល​នោះ គឺ​ខុស​មែន។ ហេតុ​អ្វី? ពីព្រោះ​នៅ​សម័យ​យ៉ូស្វេ ពួក​មេ​របស់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​មួយ​អ្នក​ក្រុង​គីបៀន។—យ៉ូស. ៩:៣​-​២៧

កិច្ច​ព្រម​ព្រៀង​នោះ​នៅ​តែ​មាន​សុពលភាព​នៅ​សម័យ​របស់​ស្ដេច​សុល។ ហេតុ​នេះ​ហើយ គាត់​បំពាន​កិច្ច​ព្រម​ព្រៀង​នោះ​ពេល​គាត់​ព្យាយាម​សម្លាប់​អ្នក​ក្រុង​គីបៀន។ នេះ​ធ្វើ​ឲ្យ​«​សុល​និង​ក្រុម​គ្រួសារ​របស់​គាត់​»​មាន​ទោស​ឈាម។ (​២សាំ. ២១:១​) ក្រោយ​មក ដាវីឌ​បាន​ទៅ​ជា​ស្ដេច។ ពួក​អ្នក​ក្រុង​គីបៀន​ដែល​បាន​រួច​ជីវិត​ពី​ស្ដេច​សុល បាន​ប្រាប់​ដាវីឌ​អំពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​នោះ។ ដាវីឌ​បាន​សួរ​ពួក​គេ​ថា តើ​គាត់​គួរ​ទូទាត់​សង​ពួក​គេ​យ៉ាង​ដូច​ម្ដេច ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ស្រុក​អ៊ីស្រាអែល។ ជា​ជាង​សុំ​មាស​ប្រាក់ អ្នក​ក្រុង​គីបៀន​បាន​សុំ​ដាវីឌ​ឲ្យ​ប្រគល់​មក​ឲ្យ​ពួក​គេ​សម្លាប់​នូវ​កូន​ប្រុស​៧​នាក់​របស់​សុល​ជា​បុរស​ម្នាក់​ដែល​បាន​«​រៀប​គម្រោង​សម្លាប់​»​ពួក​គេ។ (​ជប. ៣៥:៣០, ៣១​) ដាវីឌ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​ពួក​គេ។—២សាំ. ២១:២​-​៦

ពេល​នោះ សុល​និង​យ៉ូណាថាន​បាន​ស្លាប់​ក្នុង​សង្គ្រាម​រួច​ហើយ ប៉ុន្តែ​មេភីបូសែត​ដែល​ជា​កូន​ប្រុស​របស់​យ៉ូណាថាន​នៅ​រស់​នៅ​ឡើយ។ គាត់​ពិការ​តាំង​ពី​ក្មេង ដោយ​សារ​ជួប​គ្រោះ​ថ្នាក់​មួយ ហើយ​គាត់​គ្មាន​ចំណែក​ក្នុង​ការ​វាយ​ប្រហារ​របស់​តា​គាត់​ទៅ​លើ​អ្នក​ក្រុង​គីបៀន​ទេ។ ដាវីឌ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ធ្វើ​ជា​មិត្ត​សម្លាញ់​នឹង​យ៉ូណាថាន ហើយ​នោះ​មាន​ប្រយោជន៍​ចំពោះ​កូន​ចៅ​របស់​យ៉ូណាថាន រួម​ទាំង​មេភីបូសែត​ដែរ។ (​១សាំ. ១៨:១; ២០:៤២​) គម្ពីរ​ចែង​ថា​៖ ​«​ស្ដេច​ដាវីឌ​បាន​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​មេភីបូសែត​ជា​កូន​ប្រុស​យ៉ូណាថាន ត្រូវ​ជា​ចៅ​របស់​សុល ព្រោះ​គាត់​ចង់​ធ្វើ​តាម​ពាក្យ​សម្បថ​ដែល​គាត់​បាន​ស្បថ . . . នៅ​ចំពោះ​មុខ​ព្រះ​យេហូវ៉ា​»។—២សាំ. ២១:៧

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ដាវីឌ​បាន​ធ្វើ​តាម​សំណូម​ពរ​របស់​អ្នក​ក្រុង​គីបៀន។ គាត់​បាន​ប្រគល់​កូន​ប្រុស​ពីរ​នាក់​របស់​សុល ដែល​មាន​ម្នាក់​ឈ្មោះ​ថា​មេភីបូសែត ព្រម​ទាំង​ចៅ​ប្រុស​របស់​សុល​ប្រាំ​នាក់។ (​២សាំ. ២១:៨, ៩​) យ៉ាង​នេះ នៅ​ស្រុក​អ៊ីស្រាអែល​លែង​មាន​ទោស​ឈាម​ទៀត​ចំពោះ​អំពើ​ខុស​ឆ្គង​នោះ។

រឿង​នេះ​មិន​គ្រាន់​តែ​ជា​រឿង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​ទេ។ ច្បាប់​របស់​ព្រះ​ចែង​ច្បាស់​ថា​៖ ​«​មិន​ត្រូវ​សម្លាប់​កូន​ដោយ​សារ​តែ​ទោស​របស់​ឪពុក​»។ (​បច. ២៤:១៦​) បើ​កូន​ប្រុស​ពីរ​នាក់ និង​ចៅ​ប្រុស​ប្រាំ​នាក់​របស់​សុល​គ្មាន​កំហុស ព្រះ​យេហូវ៉ា​ច្បាស់​ជា​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ស្លាប់​របស់​ពួក​គេ​ទេ។ ច្បាប់​នោះ​បាន​បន្ថែម​ថា​៖ ​«​បុគ្គល​ម្នាក់​ៗ​ត្រូវ​ស្លាប់​ដោយ​សារ​តែ​ទោស​របស់​ខ្លួន​ប៉ុណ្ណោះ​»។ តាម​មើល​ទៅ កូន​ចៅ​៧​នាក់​របស់​សុល​ដែល​បាន​ស្លាប់​នោះ គឺ​មាន​ចំណែក​ក្នុង​ការ​ព្យាយាម​ប្រល័យ​អ្នក​ក្រុង​គីបៀន​ឲ្យ​ផុត​ពូជ។ ជា​លទ្ធផល ពួក​គេ​បាន​ស្លាប់​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​ខ្លួន។

កំណត់​ហេតុ​នេះ​បង្ហាញ​ថា បុគ្គល​ណា​ម្នាក់​មិន​អាច​រក​លេស​ចំពោះ​អំពើ​ខុស​ឆ្គង ដោយ​គិត​ថា​គាត់​គ្រាន់​តែ​ធ្វើ​តាម​ការ​ណែនាំ​ទេ។ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ខ្លួន។ សុភាសិត​ល្អ​មួយ​ចែង​ថា​៖ ​«​ចូរ​ធ្វើ​ឲ្យ​ផ្លូវ​ដើរ​របស់​កូន​បាន​រលូន នោះ​កូន​នឹង​ដើរ​ដោយ​មាន​លំនឹង​រឹង​មាំ។ កូន​មិន​ត្រូវ​បែរ​ទៅ​ស្ដាំ​ឬ​ទៅ​ឆ្វេង​ឡើយ។ ចូរ​ដើរ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​អាក្រក់​»។—សុភ. ៤:២៤​-​២៧; អេភ. ៥:១៥