លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៥

តើអ្នកជា«គំរូល្អ . . . ក្នុងការនិយាយ»ឬទេ?

តើអ្នកជា«គំរូល្អ . . . ក្នុងការនិយាយ»ឬទេ?

​«​ចូរ​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពួក​អ្នក​ស្មោះ​ត្រង់​ក្នុង​ការ​និយាយ​»។—១ធី. ៤:១២

ចម្រៀង​លេខ​៩០ ចូរ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក

សេចក្ដី​សង្ខេប *

១. តើ​សមត្ថភាព​និយាយ​មក​ពី​ណា?

 សមត្ថភាព​និយាយ​របស់​យើង​គឺ​ជា​អំណោយ​មួយ​ដែល​មក​ពី​ព្រះ​ដែល​ស្រឡាញ់​យើង។ ភ្លាម​ៗ​ក្រោយ​ពី​អាដាម​ដែល​ជា​មនុស្ស​ដំបូង​បាន​ត្រូវ​បង្កើត​មក គាត់​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​បិតា​របស់​គាត់​នៅ​ស្ថាន​សួគ៌​ដោយ​ប្រើ​ពាក្យ​ផ្សេង​ៗ។ គាត់​ក៏​អាច​បង្កើត​ពាក្យ​ថ្មី​ៗ​ផង​ដែរ។ អាដាម​បាន​ប្រើ​សមត្ថភាព​នោះ​ដើម្បី​ដាក់​ឈ្មោះ​ឲ្យ​សត្វ​ទាំង​ឡាយ ដែល​ជា​ភារកិច្ច​របស់​គាត់។ (​ដក. ២:១៩​) ម្យ៉ាង​ទៀត អាដាម​ច្បាស់​ជា​សប្បាយ​ចិត្ត​ជា​ខ្លាំង ពេល​ដែល​គាត់​និយាយ​ជា​លើក​ដំបូង​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត គឺ​អេវ៉ា​ដែល​ជា​ប្រពន្ធ​ដ៏​ស្រស់​ស្អាត​របស់​គាត់!—ដក. ២:២២, ២៣

២. តើ​សមត្ថភាព​និយាយ​បាន​ត្រូវ​ប្រើ​ក្នុង​ផ្លូវ​ខុស​នៅ​អតីតកាល​និង​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​មក អំណោយ​ដែល​ជា​សមត្ថភាព​និយាយ​បាន​ត្រូវ​ប្រើ​តាម​របៀប​មិន​ត្រឹម​ត្រូវ។ មេ​កំណាច​សាថាន​បាន​កុហក​អេវ៉ា ហើយ​ការ​កុហក​នោះ​បាន​នាំ​ឲ្យ​មនុស្សជាតិ​មាន​ភាព​ខុស​ឆ្គង​និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ (​ដក. ៣:១​-​៤​) អាដាម​បាន​ប្រើ​សមត្ថភាព​និយាយ​តាម​របៀប​មិន​ត្រឹម​ត្រូវ ពេល​ដែល​គាត់​បាន​បន្ទោស​អេវ៉ា ព្រម​ទាំង​ព្រះ​យេហូវ៉ា​ចំពោះ​កំហុស​របស់​ខ្លួន​ឯង។ (​ដក. ៣:១២​) កាអ៊ីន​បាន​កុហក​ព្រះ​យេហូវ៉ា ក្រោយ​ពី​គាត់​បាន​សម្លាប់​អេបិល​ដែល​ជា​ប្អូន​ប្រុស​គាត់។ (​ដក. ៤:៩​) ក្រោយ​មក​ឡេម៉េក​ដែល​ជា​កូន​ចៅ​ម្នាក់​របស់​កាអ៊ីន បាន​តែង​កំណាព្យ​មួយ​ដែល​បង្ហាញ​អំពី​ភាព​សាហាវ​ឃោរ​ឃៅ​នៅ​សម័យ​គាត់។ (​ដក. ៤:២៣, ២៤​) ចុះ​យ៉ាង​ណា​ស្ថានភាព​សព្វ​ថ្ងៃ​នេះ? យើង​សង្កេត​ឃើញ​ថា ពួក​អ្នក​ដឹក​នាំ​នយោបាយ​ប្រើ​ពាក្យ​អសុរោះ​ដោយ​ឥត​អៀន​ខ្មាស។ ម្យ៉ាង​ទៀត ភាពយន្ត​ភាគ​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​មាន​ពាក្យ​អាក្រក់។ ម្យ៉ាង​វិញ​ទៀត នៅ​សាលា​សិស្ស​ឮ​ពាក្យ​អសុរោះ ហើយ​មនុស្ស​ពេញ​វ័យ​ក៏​ឮ​ពាក្យ​នោះ​នៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ​ផង​ដែរ។ គួរ​ឲ្យ​ស្ដាយ ការ​ប្រើ​ពាក្យ​ដ៏​គម្រក់​មាន​ជា​ទូទៅ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​នេះ​បង្ហាញ​ថា​ពិភព​លោក​នេះ​គឺ​អាក្រក់​ខ្លាំង​យ៉ាង​ណា។

៣. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ យើង​ប្រហែល​ជា​ស៊ាំ​នឹង​ស្ដាប់​ពាក្យ​អាក្រក់​រហូត​ដល់​យើង​ចាប់​ផ្ដើម​និយាយ​ពាក្យ​នោះ​ចេញ​មក។ ក្នុង​នាម​ជា​គ្រិស្ត​សាសនិក យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ដូច្នេះ​យើង​នឹង​មិន​ប្រើ​ពាក្យ​អាក្រក់​ទាល់​តែ​សោះ។ យើង​ចង់​ប្រើ​អំណោយ​ដែល​ជា​សមត្ថភាព​និយាយ​តាម​របៀប​ដ៏​ល្អ គឺ​ដើម្បី​សរសើរ​ព្រះ​របស់​យើង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ (​១​) ក្នុង​កិច្ច​បម្រើ​ផ្សាយ (​២​) នៅ​កិច្ច​ប្រជុំ និង (​៣​) ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ​របស់​យើង។ ប៉ុន្តែ សូម​យើង​ពិចារណា​ជា​មុន​សិន​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​យើង​និយាយ។

ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ អ្វី​ដែល​យើង​និយាយ

តើ​ពាក្យ​សម្ដី​របស់​អ្នក​បង្ហាញ​យ៉ាង​ណា​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​អ្នក? (​សូម​មើល​វគ្គ​៤​-​៥​) *

៤. យោង​ទៅ​តាម​ម៉ាឡាគី ៣:១៦ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​សម្ដី​របស់​យើង?

សូម​អាន ម៉ាឡាគី ៣:១៦ តើ​អ្នក​អាច​គិត​អំពី​មូលហេតុ​ណា​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​នឹង​កត់​ទុក​ក្នុង​«​សៀវភៅ​រំលឹក​មួយ​»​របស់​លោក នូវ​ឈ្មោះ​របស់​ពួក​អ្នក​ដែល​ពោល​ពាក្យ​ដែល​បង្ហាញ​ថា ពួក​គេ​គោរព​កោត​ខ្លាច​លោក និង​រំពឹង​គិត​អំពី​នាម​របស់​លោក? ពាក្យ​សម្ដី​របស់​យើង​បង្ហាញ​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។ (​ម៉ាថ. ១២:៣៤​) អ្វី​ដែល​យើង​ជ្រើស​រើស​យក​មក​និយាយ​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​យ៉ាង​ណា។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​លោក​មាន​ជីវិត​ជា​រៀង​រហូត​ក្នុង​ពិភព​លោក​ថ្មី។

៥. (​ក​) តើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​របៀប​ដែល​យើង​និយាយ? (​ខ​) ដូច​បាន​ត្រូវ​បង្ហាញ​ក្នុង​រូប​ភាព តើ​យើង​នឹង​ជៀស​វាង​ពី​អ្វី បើ​យើង​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​យើង?

ការ​ដែល​ព្រះ​យេហូវ៉ា​នឹង​ទទួល​ឬ​មិន​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​របស់​យើង អាច​អាស្រ័យ​ទៅ​លើ​របៀប​ដែល​យើង​និយាយ។ (​យ៉ា. ១:២៦​) អ្នក​ខ្លះ​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា និយាយ​ដោយ​កំហឹង អំណួត និង​គ្មាន​មេត្តា។ (​២ធី. ៣:១​-​៥​) យើង​ពិត​ជា​មិន​ចង់​ធ្វើ​ដូច​ពួក​អ្នក​ទាំង​នោះ​ទេ។ យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​យើង។ បើ​យើង​ប្រើ​ពាក្យ​សម្ដី​សប្បុរស​នៅ​កិច្ច​ប្រជុំ​របស់​យើង​ឬ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ប៉ុន្តែ​បែរ​ជា​និយាយ​ដោយ​មិន​សប្បុរស និង​មិន​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទៅ​កាន់​សមាជិក​ក្រុម​គ្រួសារ​ពេល​អ្នក​ឯ​ទៀត​មិន​នៅ​ជា​មួយ តើ​ព្រះ​យេហូវ៉ា​អាច​ពេញ​ចិត្ត​នឹង​យើង​ឬ​ទេ?—១ពេ. ៣:៧

៦. តើ​ពាក្យ​សម្ដី​ល្អ​របស់​ប្អូន​ឃីមបឺលី​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​អ្វី?

ពេល​យើង​ប្រើ​អំណោយ​ដែល​ជា​សមត្ថភាព​និយាយ​ឲ្យ​បាន​ល្អ យើង​បង្ហាញ​អ្នក​ឯ​ទៀត​ថា យើង​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ឃើញ​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង​«​អ្នក​ដែល​បម្រើ​ព្រះ​និង​អ្នក​ដែល​មិន​បម្រើ​ព្រះ​»។ (​ម៉ាឡ. ៣:១៨​) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ឃីមបឺលី។ * គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ធ្វើ​កិច្ច​ការ​សាលា​ជា​មួយ​សិស្ស​រួម​ថ្នាក់​ម្នាក់។ ពេល​ធ្វើ​កិច្ច​ការ​សាលា​ជា​មួយ​គ្នា សិស្ស​រួម​ថ្នាក់​នោះ​បាន​កត់​សម្គាល់​ឃើញ​ថា​ប្អូន​ឃីមបឺលី​ខុស​ពី​សិស្ស​ឯ​ទៀត។ ប្អូន​ឃីមបឺលី​បាន​និយាយ​ដោយ​សប្បុរស មិន​បាន​រិះ​គន់​អ្នក​ឯ​ទៀត​ពី​ក្រោយ​ខ្នង និង​មិន​ប្រើ​ពាក្យ​អសុរោះ​ទេ។ សិស្ស​រួម​ថ្នាក់​នោះ​បាន​កោត​ស្ងើច ហើយ​ក្រោយ​មក​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​ប្អូន​ឃីមបឺលី។ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ខ្លាំង​ណាស់​ពេល​ដែល​យើង​និយាយ​តាម​របៀប​ដែល​ទាក់​ទាញ​មនុស្ស​ឲ្យ​ចង់​រៀន​អំពី​លោក!

៧. តើ​អ្នក​ចង់​ប្រើ​សមត្ថភាព​និយាយ​ដែល​ជា​អំណោយ​ពី​ព្រះ​តាម​របៀប​ណា?

យើង​ទាំង​អស់​គ្នា​ចង់​និយាយ​តាម​របៀប​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្តិយស និង​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​បង​ប្អូន​របស់​យើង។ ដូច្នេះ​នៅ​ឥឡូវ​នេះ សូម​យើង​ពិចារណា​អំពី​របៀប​ខ្លះ​ដែល​យើង​អាច​បន្ដ​«​ធ្វើ​ជា​គំរូ​ល្អ . . . ក្នុង​ការ​និយាយ​»។

ចូរ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ការ​និយាយ​ដោយ​សប្បុរស​ដល់​មនុស្ស​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត (​សូម​មើល​វគ្គ​៨​-​៩​)

៨. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​ល្អ​អ្វី​ឲ្យ​យើង​ស្ដី​អំពី​របៀប​ដែល​លោក​និយាយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក?

ចូរ​និយាយ​ដោយ​សប្បុរស​និង​ដោយ​គោរព ពេល​អ្នក​ឯ​ទៀត​និយាយ​ឬ​ធ្វើ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ខឹង។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ លោក​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​មិន​ពិត​ថា​លោក​ជា​មនុស្ស​ប្រមឹក​ស្រា ល្មោភ​ស៊ី ជា​ភ្នាក់ងារ​របស់​មេ​កំណាច មិន​កាន់​តាម​ថ្ងៃ​ឈប់​សម្រាក ហើយ​ថែម​ទាំង​ជា​អ្នក​ប្រមាថ​ព្រះ​ផង​ដែរ។ (​ម៉ាថ. ១១:១៩; ២៦:៦៥; លូក. ១១:១៥; យ៉ូន. ៩:១៦​) ប៉ុន្តែ លោក​យេស៊ូមិន​បាន​តប​ឆ្លើយ​ការ​ចោទ​ប្រកាន់​នោះ​ដោយ​កំហឹង​ទេ។ ដូច​លោក​យេស៊ូ ពេល​អ្នក​ឯ​ទៀត​និយាយ​មិន​សប្បុរស​មក​កាន់​យើង យើង​មិន​គួរ​តប​ឆ្លើយ​ដោយ​មិន​សប្បុរស​ឡើយ។ (​១ពេ. ២:២១​-​២៣​) ប៉ុន្តែ គឺ​មិន​ស្រួល​ឲ្យ​យើង​និយាយ​ដោយ​សប្បុរស​ពេល​ជួប​ស្ថានភាព​នេះ​ទេ។ (​យ៉ា. ៣:២​) តើ​អ្វី​អាច​ជួយ?

៩. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​គ្រប់​គ្រង​ពាក្យ​សម្ដី​ពេល​យើង​ផ្សព្វ​ផ្សាយ?

សូម​ព្យាយាម​កុំ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ពាក្យ​សម្ដី​មិន​ល្អ​របស់​ម្ចាស់​ផ្ទះ។ បង​ប្រុស​ម្នាក់​ឈ្មោះ​សេម​និយាយ​ថា​៖ ​«​ខ្ញុំ​ព្យាយាម​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​ត្រូវ​ការ​របស់​ម្ចាស់​ផ្ទះ​ដើម្បី​រៀន​សេចក្ដី​ពិត​អំពី​ព្រះ ហើយ​ចាំ​ថា​គាត់​អាច​កែ​ប្រែ​បាន​»។ ជួន​កាល ម្ចាស់​ផ្ទះ​ខឹង​ដោយ​សារ​តែ​យើង​បាន​មក​ខុស​ពេល។ ពេល​នោះ យើង​អាច​ធ្វើ​តាម​គំរូ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​លូស៊ីអា។ កាល​ដែល​គាត់​ជួប​បុគ្គល​ដែល​ខឹង គាត់​អធិដ្ឋាន​យ៉ាង​ខ្លី ហើយ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​គាត់​រក្សា​ចិត្ត​ស្ងប់ និង​មិន​និយាយ​អ្វី​ដែល​មិន​សប្បុរស ឬ​ដែល​មិន​បង្ហាញ​ការ​គោរព​ឡើយ។

១០. តើ​ធីម៉ូថេ​ទី​១ ៤:១៣​បង្ហាញ​ថា​យើង​គួរ​មាន​គោល​ដៅ​អ្វី?

១០ ចូរ​ធ្វើ​ជា​អ្នក​បង្រៀន​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព។ ធីម៉ូថេ​គឺ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​ប្រសិទ្ធភាព ប៉ុន្តែ​គាត់​នៅ​តែ​ត្រូវ​ការ​រីក​ចម្រើន​ថែម​ទៀត​ក្នុង​ការ​បង្រៀន។ (​សូម​អាន ធីម៉ូថេ​ទី​១ ៤:១៣) តើ​យើង​អាច​ទៅ​ជា​អ្នក​បង្រៀន​ដែល​កាន់​តែ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? យើង​ត្រូវ​រៀបចំ​ឲ្យ​បាន​ល្អ។ គួរ​ឲ្យ​សប្បាយ​ចិត្ត​មែន យើង​មាន​ឧបករណ៍​ជា​ច្រើន​ប្រភេទ​ដែល​អាច​ជួយ​យើង​ឲ្យ​ទៅ​ជា​អ្នក​បង្រៀន​ល្អ​ប្រសើរ​ជាង។ អ្នក​នឹង​រក​ឃើញ​យោបល់​ក្នុង​សៀវភៅ​ស្ដើង​ចូរ​ព្យាយាម​ក្នុង​ការ​អាន​និង​ការ​បង្រៀន និង​ក្នុង​ឯកសារ​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក កំណត់​សម្រាប់​កិច្ច​ប្រជុំ នៅ​ផ្នែក​«​ចូរ​ខំ​ព្យាយាម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​»។ តើ​អ្នក​កំពុង​ប្រើ​សៀវភៅ​ផ្សេង​ៗ​ទាំង​នេះ​ឬ​ទេ? ពេល​យើង​រៀបចំ​ឲ្យ​បាន​ល្អ យើង​មិន​សូវ​ភ័យ និង​និយាយ​ដោយ​មាន​ទំនុក​ចិត្ត​ជាង។

១១. តើ​គ្រិស្ត​សាសនិក​ខ្លះ​បាន​ទៅ​ជា​អ្នក​បង្រៀន​ដ៏​ល្អ​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

១១ យើង​ក៏​អាច​ទៅ​ជា​អ្នក​បង្រៀន​ដ៏​ល្អ​ប្រសើរ​ជាង​បាន​ដែរ ដោយ​រៀន​ពី​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ បង​សេម​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​គិត​ពិចារណា​អំពី​មូលហេតុ​ដែល​បង​ប្អូន​ខ្លះ​ពូកែ​បង្រៀន។ គាត់​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អំពី​របៀប​ដែល​ពួក​គេ​បង្រៀន ហើយ​ក្រោយ​មក​ព្យាយាម​យក​តម្រាប់​ពួក​គេ។ បង​ស្រី​ម្នាក់​ឈ្មោះ​ថាលីអា​យក​ចិត្ត​ទុក​ដាក់​មើល​របៀប​ដែល​បង​ប្រុស​ដែល​មាន​បទ​ពិសោធន៍​ថ្លែង​សុន្ទរកថា​សាធារណៈ។ ដោយ​ធ្វើ​ដូច្នេះ គាត់​អាច​រៀន​អំពី​របៀប​និយាយ និង​របៀប​វែក​ញែក​ប្រធានបទ​ផ្សេង​ៗ​ដែល​មនុស្ស​ច្រើន​តែ​សួរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

ចូរ​ធ្វើ​ជា​គំរូ​ល្អ​នៅ​កិច្ច​ប្រជុំ

ការ​ច្រៀង​អស់​ពី​ចិត្ត​នៅ​កិច្ច​ប្រជុំ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា (​សូម​មើល​វគ្គ​១២​-​១៣​)

១២. តើ​អ្នក​ខ្លះ​មាន​ការ​ពិបាក​អ្វី?

១២ យើង​ទាំង​អស់​គ្នា​អាច​មាន​ចំណែក​ក្នុង​កិច្ច​ប្រជុំ​របស់​យើង​ដោយ​បន្លឺ​សំឡេង​ច្រៀង​ចម្រៀង និង​ដោយ​ឆ្លើយ​ចម្លើយ​ដែល​បាន​រៀបចំ​យ៉ាង​ល្អ។ (​ចសព. ២២:២២​) អ្នក​ខ្លះ​ពិបាក​ច្រៀង​ឬ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ តើ​អ្នក​មាន​ការ​ពិបាក​ដូច​នេះ​ឬ​ទេ? បើ​ដូច្នេះ ការ​រៀន​អំពី​អ្វី​ដែល​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច​របស់​ពួក​គេ​ចំពោះ​រឿង​ទាំង​នេះ​នឹង​ជួយ​អ្នក។

១៣. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ច្រៀង​អស់​ពី​ចិត្ត​នៅ​កិច្ច​ប្រជុំ?

១៣ ចូរ​ច្រៀង​ដោយ​អស់​ពី​ចិត្ត។ មូលហេតុ​សំខាន់​បំផុត​ដែល​យើង​ច្រៀង​នៅ​កិច្ច​ប្រជុំ គឺ​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ បង​ស្រី​ម្នាក់​ឈ្មោះ​សារ៉ា​មិន​គិត​ថា​គាត់​ច្រៀង​ពីរោះ​ទេ ប៉ុន្តែ​គាត់​នៅ​តែ​ចង់​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា។ ដូច្នេះ ពេល​គាត់​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ គាត់​ក៏​ហាត់​ច្រៀង​ដែរ។ ពេល​គាត់​ហាត់​ច្រៀង​ចម្រៀង គាត់​ព្យាយាម​ស្វែង​យល់​ចំណុច​ដែល​ជាប់​ទាក់​ទង​គ្នា​រវាង​ពាក្យ​ចម្រៀង​និង​អ្វី​ដែល​នឹង​ពិគ្រោះ​នៅ​កិច្ច​ប្រជុំ។ គាត់​និយាយ​ថា​៖ ​«​នេះ​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​ច្រើន​ជាង​ទៅ​លើ​ពាក្យ​ចម្រៀង ហើយ​មិន​សូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សំឡេង​ចម្រៀង​របស់​ខ្ញុំ​ថា​ពីរោះ​ឬ​មិន​ពីរោះ​ឡើយ​»។

១៤. បើ​អ្នក​ជា​មនុស្ស​អៀន តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ?

១៤ ចូរ​ឆ្លើយ​ជា​ទៀង​ទាត់។ ចំពោះ​អ្នក​ខ្លះ​នេះ​គឺ​ពិបាក​ណាស់។ បង​ថាលីអា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​ពន្យល់​ថា​៖ ​«​ទោះ​ជា​អ្នក​ឯ​ទៀត​មិន​ចាប់​អារម្មណ៍​ដោយ​សារ​សំឡេង​របស់​ខ្ញុំ​ស្រាល​ក្ដី ខ្ញុំ​ភ័យ​មែន​ទែន​ពេល​ខ្ញុំ​ត្រូវ​និយាយ​នៅ​មុខ​អ្នក​ឯ​ទៀត។ ដូច្នេះ​ចំពោះ​ខ្ញុំ ការ​ឆ្លើយ​គឺ​ពិបាក​ណាស់​»។ ប៉ុន្តែ នេះ​មិន​បាន​បញ្ឈប់​បង​ថាលីអា​ពី​ការ​ឆ្លើយ​ឡើយ។ ពេល​គាត់​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ គាត់​ចាំ​ថា ចម្លើយ​ដំបូង​គួរ​តែ​ខ្លី ហើយ​ចំ​នឹង​សំណួរ។ បង​ថាលីអា​និយាយ​ថា​៖ ​«​នេះ​មាន​ន័យ​ថា បើ​ចម្លើយ​ខ្ញុំ​គឺ​ខ្លី សាមញ្ញ ហើយ​ចំ​នឹង​ចំណុច នោះ​គឺ​មិន​អី​ទេ ដោយ​សារ​នេះ​ជា​ចម្លើយ​ដែល​អ្នក​ដឹក​នាំ​ចង់​បាន​»។

១៥. ស្ដី​អំពី​ចម្លើយ​របស់​យើង តើ​យើង​គួរ​ចាំ​អ្វី?

១៥ សូម្បី​តែ​គ្រិស្ត​សាសនិក​ដែល​មិន​មែន​ជា​មនុស្ស​អៀន ក៏​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ឆ្លើយ​នៅ​ពេល​ខ្លះ។ ហេតុ​អ្វី? បង​ស្រី​ម្នាក់​ឈ្មោះ​ជូលយិត​ពន្យល់​ថា​៖ ​«​ជួន​កាល​ខ្ញុំ​ស្ទាក់​ស្ទើរ​ឆ្លើយ ដោយ​សារ​ខ្ញុំ​ខ្លាច​ថា​ចម្លើយ​របស់​ខ្ញុំ​សាមញ្ញ​ពេក និង​មិន​សូវ​ល្អ​»។ ប៉ុន្តែ សូម​ចាំ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ឆ្លើយ​អស់​ពី​សមត្ថភាព។ * លោក​ពេញ​ចិត្ត​ជា​ខ្លាំង​ពេល​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ឆ្លើយ​នៅ​កិច្ច​ប្រជុំ ទោះ​ជា​ជួន​កាល​យើង​ភ័យ​ក្ដី។

ចូរ​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ

១៦. តើ​យើង​ត្រូវ​ជៀស​វាង​ពាក្យ​សម្ដី​បែប​ណា?

១៦ ចូរ​ជៀស​វាង​ពី​«​ពាក្យ​ប្រមាថ​មើល​ងាយ​»​គ្រប់​យ៉ាង។ (​អេភ. ៤:៣១​) ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ គ្រិស្ត​សាសនិក​មិន​គួរ​ប្រើ​ពាក្យ​អសុរោះ​ទាល់​តែ​សោះ។ តែ​យើង​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ដែរ​ចំពោះ​ពាក្យ​ប្រមាថ​មើល​ងាយ​ប្រភេទ​ខ្លះ​ដែល​មិន​ងាយ​កត់​សម្គាល់។ ជា​ឧទាហរណ៍ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​និយាយ​អាក្រក់​អំពី​មនុស្ស​ដែល​មាន​វប្បធម៌ កុលសម្ព័ន្ធ ឬ​ជន​ជាតិ​ផ្សេង​ពី​យើង។ ម្យ៉ាង​ទៀត យើង​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​ដោយ​និយាយ​ជាន់​ពន្លិច​ពួក​គេ​ទេ។ បង​ប្រុស​ម្នាក់​សារភាព​ថា​៖ ​«​ជួន​កាល ខ្ញុំ​បាន​និយាយ​អ្វី​ដែល​ខ្ញុំ​គិត​ថា​ជា​ការ​លេង​សើច​និង​មិន​ធ្ងន់​ធ្ងរ​អី​ទេ ប៉ុន្តែ​តាម​ពិត ពាក្យ​សម្ដី​ទាំង​នោះ​មិន​សប្បុរស ហើយ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត។ អស់​ជា​ច្រើន​ឆ្នាំ ប្រពន្ធ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​ច្រើន​ដោយ​ប្រាប់​ខ្ញុំ​តែ​ពីរ​នាក់ ពេល​ខ្ញុំ​និយាយ​អ្វី​ខ្លះ​ដែល​មិន​គួរ​សម ហើយ​បាន​ធ្វើ​ឲ្យ​គាត់​និង​អ្នក​ឯ​ទៀត​ឈឺ​ចិត្ត​»។

១៧. សម​ស្រប​តាម​អេភេសូរ ៤:២៩ តើ​យើង​អាច​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

១៧ ចូរ​និយាយ​តាម​របៀប​ដែល​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត។ ចូរ​ឆាប់​សរសើរ​ជា​ជាង​រិះ​គន់​ឬ​ត្អូញត្អែរ។ (​សូម​អាន អេភេសូរ ៤:២៩) ជន​ជាតិ​អ៊ីស្រាអែល​មាន​ហេតុ​ជា​ច្រើន​ដើម្បី​អរគុណ​ព្រះ ប៉ុន្តែ​ពួក​គេ​ច្រើន​តែ​ត្អូញត្អែរ។ ការ​ត្អូញត្អែរ​អាច​ឆ្លង​ទៅ​ឆ្លង​មក។ ពេល​យើង​ច្រើន​តែ​ត្អូញត្អែរ នោះ​អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ត្អូញត្អែរ​ដែរ។ សូម​ចាំ​ថា សេចក្ដី​រាយ​ការណ៍​អាក្រក់​ពី​អ្នក​ស៊ើប​ការណ៍​១០​នាក់​បាន​នាំ​ឲ្យ​«​បណ្ដា​ជន​អ៊ីស្រាអែល​ទាំង​អស់ . . . រអ៊ូ​រទាំ​ទាស់​នឹង​ម៉ូសេ​»។ (​ជប. ១៣:៣១–១៤:៤​) ប៉ុន្តែ​ពេល​យើង​សរសើរ​អ្នក​ឯ​ទៀត នោះ​អាច​ជួយ​បុគ្គល​គ្រប់​រូប​ឲ្យ​សប្បាយ​ចិត្ត​ជាង។ យើង​អាច​ប្រាកដ​ថា​ការ​សរសើរ​ដែល​កូន​ស្រី​របស់​យែបថា​បាន​ទទួល​ពី​មិត្ត​ភក្ដិ​របស់​នាង បាន​លើក​ទឹក​ចិត្ត​នាង​យ៉ាង​ខ្លាំង​ឲ្យ​នៅ​ជាប់​នឹង​ភារកិច្ច​របស់​នាង។ (​អសក. ១១:៤០​) បង​សារ៉ា​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ពេល​យើង​សរសើរ​អ្នក​ឯ​ទៀត យើង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ពួក​គេ​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​យេហូវ៉ា ហើយ​ក៏​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ស្រឡាញ់​ពួក​គេ​ដែរ​»។ ដូច្នេះ សូម​រក​ឱកាស​ដើម្បី​សរសើរ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ស្មោះ។

១៨. ដោយ​ផ្អែក​ទៅ​លើ​ចម្រៀង​សរសើរ​ព្រះ ១៥:១, ២ ហេតុ​អ្វី​យើង​ត្រូវ​និយាយ​ការ​ពិត ហើយ​តើ​នេះ​រួម​បញ្ចូល​អ្វី?

១៨ ចូរ​និយាយ​ការ​ពិត។ យើង​មិន​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​បាន​ទេ បើ​យើង​និយាយ​មិន​ពិត។ លោក​ស្អប់​ការ​កុហក​គ្រប់​យ៉ាង។ (​សុភ. ៦:១៦, ១៧​) ទោះ​ជា​មនុស្ស​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​ចាត់​ទុក​ការ​កុហក​ជា​រឿង​ធម្មតា​ក្ដី យើង​នៅ​តែ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នោះ។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៥:១, ២) ពិត​មែន​ថា​យើង​ជៀស​វាង​ពី​ការ​កុហក ប៉ុន្តែ​យើង​ក៏​ខំ​ព្យាយាម​ជៀស​វាង​ពី​ការ​និយាយ​អ្វី​ដែល​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ភាន់​ច្រឡំ​ដែរ។

ការ​បង្វែរ​ការ​សន្ទនា​មិន​ល្អ​ទៅ​ជា​ល្អ​វិញ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត (​សូម​មើល​វគ្គ​១៩​)

១៩. តើ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​មិន​ធ្វើ​អ្វី​ទៀត?

១៩ ចូរ​ជៀស​វាង​ពី​ការ​និយាយ​ដើម​អ្នក​ឯ​ទៀត។ (​សុភ. ២៥:២៣; ២ថែ. ៣:១១​) បង​ជូលយិត​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ពន្យល់​ថា​ការ​និយាយ​ដើម​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​គាត់ ពេល​គាត់​និយាយ​ថា​៖ ​«​ការ​ស្ដាប់​អ្នក​ឯ​ទៀត​និយាយ​ដើម​គេ គឺ​គួរ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត ហើយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ទុក​ចិត្ត​បុគ្គល​ដែល​កំពុង​និយាយ​ដើម​គេ។ ខ្ញុំ​ក៏​គិត​ដែរ​ថា បើ​គាត់​ធ្វើ​អ៊ីចឹង ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ថា​គាត់​នឹង​មិន​និយាយ​ដើម​ខ្ញុំ​ទៅ​អ្នក​ផ្សេង​ទៀត?​»។ បើ​អ្នក​យល់​ឃើញ​ថា​ការ​សន្ទនា​ធម្មតា ចាប់​ផ្ដើម​ទៅ​ជា​ការ​និយាយ​ដើម​គេ សូម​បង្វែរ​សាច់​រឿង​ទៅ​និយាយ​អ្វី​ដែល​ល្អ​វិញ។—កូឡ. ៤:៦

២០. ស្ដី​អំពី​ពាក្យ​សម្ដី​របស់​អ្នក តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២០ ដោយ​សារ​យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែល​មនុស្ស​ជា​ច្រើន​ប្រើ​ពាក្យ​អាក្រក់ យើង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាក្យ​សម្ដី​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។ សូម​ចាំ​ថា សមត្ថភាព​និយាយ​ជា​អំណោយ​មួយ​ដែល​មក​ពី​ព្រះ​យេហូវ៉ា ហើយ​របៀប​ដែល​យើង​ប្រើ​អំណោយ​នេះ​គឺ​សំខាន់​ចំពោះ​លោក។ លោក​នឹង​ឲ្យ​ពរ​យើង ពេល​ដែល​យើង​ព្យាយាម​និយាយ​តាម​របៀប​ដែល​នាំ​ឲ្យ​លោក​ទទួល​ការ​សរសើរ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នៅ​កិច្ច​ប្រជុំ និង​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ។ ពេល​ព្រះ​យេហូវ៉ា​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ នោះ​នឹង​ស្រួល​ជាង​ឲ្យ​យើង​លើក​កិត្តិយស​លោក​ដោយ​ពាក្យ​សម្ដី​របស់​យើង។ (​យូ. ១៥​) ទម្រាំ​ដល់​ពេល​នោះ សូម​តាំង​ចិត្ត​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​«​ពាក្យ​សម្ដី​»​របស់​អ្នក។—ចសព. ១៩:១៤

ចម្រៀង​លេខ​១២១ យើង​ត្រូវ​ចេះ​ទប់​ចិត្ត

^ វគ្គ 5 ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​អំណោយ​ដ៏​អស្ចារ្យ​មួយ គឺ​សមត្ថភាព​និយាយ។ គួរ​ឲ្យ​ស្ដាយ មនុស្ស​ភាគ​ច្រើន​មិន​ប្រើ​អំណោយ​នេះ ដូច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា​ទេ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​បន្ដ​និយាយ​អ្វី​ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​និង​ដែល​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត នៅ​ក្នុង​ពិភព​លោក​ដ៏​អាក្រក់​នេះ? តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​យើង នៅ​ពេល​ដែល​យើង​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ក្នុង​កិច្ច​ប្រជុំ និង​ក្នុង​ការ​សន្ទនា​ប្រចាំ​ថ្ងៃ? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​នេះ។

^ វគ្គ 6 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ វគ្គ 15 ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​ការ​ឆ្លើយ សូម​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​សរសើរ​ព្រះ​យេហូវ៉ា​ក្នុង​ក្រុម​ជំនុំ​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​មករា ឆ្នាំ​២០១៩។

^ វគ្គ 61 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​តបត​ដោយ​កំហឹង​ទៅ​កាន់​ម្ចាស់​ផ្ទះ​ដែល​ខឹង បង​ប្រុស​ម្នាក់​ទៀត​ស្ទាក់​ស្ទើរ​ច្រៀង​នៅ​កិច្ច​ប្រជុំ និង​បង​ស្រី​ម្នាក់​និយាយ​ដើម​គេ។