លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកអាចធ្វើអ្វីពេលអ្នកខ្វល់ចិត្ត?

តើអ្នកអាចធ្វើអ្វីពេលអ្នកខ្វល់ចិត្ត?

ការ​ព្រួយ​បារម្ភ​អាច​ប្រដូច​ទៅ​នឹង​បន្ទុក​ដ៏​ធ្ងន់​មួយ​នៅ​ក្នុង​ចិត្ត​របស់​យើង។ (​សុភ. ១២:២៥​) តើ​អ្នក​ធ្លាប់​ខ្វល់​ចិត្ត​ឬ​ទេ? តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​លែង​អាច​ទ្រាំ​បាន​ឬ​ទេ? បើ​ដូច្នេះ សូម​កុំ​គិត​ថា​អ្នក​ខុស​ពី​គេ​ឡើយ។ យើង​ជា​ច្រើន​នាក់​ធ្លាប់​អស់​កម្លាំង ខ្វល់​ខ្វាយ និង​តាន​តឹង​ចិត្ត​ចំពោះ​មូលហេតុ​ផ្សេង​ៗ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​ត្រូវ​មើល​ថែ​សមាជិក​ក្រុម​គ្រួសារ​ដែល​ឈឺ អ្នក​ខ្លះ​បាន​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់ ហើយ​អ្នក​ខ្លះ​ទៀត​ធ្លាប់​រង​ទុក្ខ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ប៉ុន្តែ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ពេល​ខ្វល់​ខ្វាយ? *

យើង​អាច​រៀន​ច្រើន​អំពី​របៀប​ស៊ូ​ទ្រាំ​ពេល​ខ្វល់​ចិត្ត ដោយ​ពិចារណា​គំរូ​របស់​ស្ដេច​ដាវីឌ។ ក្នុង​ជីវិត​របស់​គាត់ គាត់​ជួប​ការ​ពិបាក​ជា​ច្រើន ហើយ​ថែម​ទាំង​ពេល​ខ្លះ​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ទៀត​ផង។ (​១សាំ. ១៧:៣៤, ៣៥; ១៨:១០, ១១​) តើ​អ្វី​បាន​ជួយ​ដាវីឌ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ​ពេល​គាត់​ខ្វល់​ខ្វាយ ហើយ​តើ​យើង​អាច​យក​តម្រាប់​គាត់​យ៉ាង​ដូច​ម្ដេច?

អ្វី​ដែល​ដាវីឌ​បាន​ធ្វើ​ដើម្បី​ស៊ូ​ទ្រាំ​ពេល​មាន​ការ​ព្រួយ​បារម្ភ

ដាវីឌ​បាន​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​នៅ​ពេល​តែ​មួយ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់ ពេល​ដែល​គាត់​បាន​រត់​គេច​ខ្លួន​ពី​ស្ដេច​សុល​ដែល​ចង់​សម្លាប់​គាត់។ ពេល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​ក្រុង​ស៊ីកឡាក់ ពួក​គេ​បាន​ឃើញ​ថា​ពួក​សត្រូវ​បាន​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ ដុត​ផ្ទះ​របស់​ពួក​គេ និង​ចាប់​ក្រុម​គ្រួសារ​របស់​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ។ តើ​ដាវីឌ​មាន​ប្រតិកម្ម​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​ពេល​ដាវីឌ​និង​ពួក​បុរស​ឃើញ​ដូច្នោះ ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​ខ្លាំង រហូត​ដល់​លែង​មាន​កម្លាំង​យំ​ទៀត​»។ ក្រោយ​មក​ដាវីឌ​កាន់​តែ​មាន​ទុក្ខ​កង្វល់ ដោយ​សារ​ពួក​បុរស​របស់​គាត់​«​គិត​ចង់​យក​ថ្ម​គប់​សម្លាប់​គាត់​»។ (​១សាំ. ៣០:១​-​៦​) ពេល​នោះ ដាវីឌ​មាន​បញ្ហា​ធំ​បី​នៅ​ពេល​តែ​មួយ​គឺ​៖ ក្រុម​គ្រួសារ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ គាត់​ខ្លាច​ថា​ពួក​បុរស​របស់​គាត់​ចង់​សម្លាប់​គាត់ និង​ស្ដេច​សុល​នៅ​តែ​ដេញ​តាម​គាត់។ ដូច្នេះ ដាវីឌ​ទំនង​ជា​ព្រួយ​បារម្ភ​ជា​ខ្លាំង!

តើ​ដាវីឌ​បាន​ធ្វើ​អ្វី​បន្ទាប់​មក? ភ្លាម​ៗ​នោះ គាត់​បាន​«​ទទួល​កម្លាំង​ឡើង​វិញ ដោយ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​គាត់​»។ តើ​ដាវីឌ​ប្រហែល​ជា​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច? ជា​ធម្មតា គាត់​អធិដ្ឋាន​សុំ​ជំនួយ​ពី​លោក និង​រំពឹង​គិត​អំពី​របៀប​ដែល​លោក​បាន​ជួយ​គាត់​កន្លង​មក។ (​១សាំ. ១៧:៣៧; ចសព. ១៨:២,​) ដាវីឌ​យល់​ថា​គាត់​ត្រូវ​ការ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​បាន​សួរ​យោបល់​ពី​ព្រះ​យេហូវ៉ា​ថា​គាត់​គួរ​ធ្វើ​អ្វី។ ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​លោក ដាវីឌ​បាន​ធ្វើ​តាម​ភ្លាម​ៗ។ ជា​លទ្ធផល ដាវីឌ​និង​ពួក​បុរស​របស់​គាត់​បាន​រំដោះ​ក្រុម​គ្រួសារ​ពួក​គេ ហើយ​បាន​យក​ទ្រព្យ​សម្បត្តិ​មក​វិញ។ (​១សាំ. ៣០:៧​-​៩, ១៨, ១៩​) តើ​អ្នក​កត់​សម្គាល់​អ្វី​បី​យ៉ាង​ដែល​ដាវីឌ​បាន​ធ្វើ​ឬ​ទេ? គាត់​បាន​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា គាត់​បាន​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ធ្លាប់​ធ្វើ​ចំពោះ​គាត់ និង​គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក។ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​ដាវីឌ​យ៉ាង​ដូច​ម្ដេច? សូម​យើង​ពិចារណា​របៀប​បី​យ៉ាង។

ចូរ​យក​តម្រាប់​ដាវីឌ ពេល​ព្រួយ​បារម្ភ

១. សេចក្ដី​អធិដ្ឋាន។ ពេល​ណា​ដែល​យើង​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ យើង​អាច​អធិដ្ឋាន​សុំ​ជំនួយ​និង​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ ពេល​យើង​ប្រាប់​លោក​អំពី​ការ​ព្រួយ​បារម្ភ​ទាំង​អស់​របស់​យើង នោះ​អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ធូរ​ស្បើយ។ ឬ​បើ​យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​យើង​មិន​អាច​អធិដ្ឋាន​យូរ យើង​អាច​អធិដ្ឋាន​យ៉ាង​ខ្លី​នៅ​ក្នុង​ចិត្ត។ រាល់​ដង​ដែល​យើង​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​បង្ហាញ​ថា​យើង​ទុក​ចិត្ត​លោក​ដូច​ដាវីឌ​បាន​ធ្វើ។ គាត់​បាន​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​ជា​ថ្ម​ដា និង​ជា​ទី​មាំ​មួន​របស់​ខ្ញុំ ហើយ​លោក​ជា​អ្នក​សង្គ្រោះ​ខ្ញុំ។ ព្រះ​ជា​ថ្ម​ដា​របស់​ខ្ញុំ និង​ជា​អ្នក​ដែល​ខ្ញុំ​ពឹង​ជ្រក​»។ (​ចសព. ១៨:២​) តើ​ការ​អធិដ្ឋាន​ពិត​ជា​ជួយ​ឬ​ទេ? បង​ស្រី​ខាលីអា​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​និយាយ​ថា​៖ ​«​ក្រោយ​ពី​អធិដ្ឋាន ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ការ​អធិដ្ឋាន​ជួយ​ខ្ញុំ​ឲ្យ​កាន់​តែ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា និង​ទុក​ចិត្ត​លោក​ច្រើន​ជាង​»។ ការ​អធិដ្ឋាន​គឺ​ជា​អ្វី​មួយ​ដែល​ពិត​ជា​មាន​ប្រយោជន៍​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ខ្វល់​ខ្វាយ។

២. ការ​រំពឹង​គិត។ ពេល​អ្នក​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​អ្នក​កន្លង​មក តើ​អ្នក​អាច​នឹក​ឃើញ​អំពី​ទុក្ខ​លំបាក​ដែល​អ្នក​អាច​ស៊ូ​ទ្រាំ​បាន​ដោយ​សារ​តែ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ? ពេល​យើង​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​និង​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល យើង​ទទួល​កម្លាំង​ចិត្ត​និង​កាន់​តែ​ជឿ​ជាក់​ទៅ​លើ​លោក។ (​ចសព. ១៨:១៧​-​១៩​) អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ចូស៊ូអា​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​បញ្ជី​មួយ​អំពី​សេចក្ដី​អធិដ្ឋាន​ដែល​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ។ នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​នឹក​ចាំ​អំពី​ពេល​ខ្ញុំ​សុំ​អ្វី​ដ៏​ជាក់​លាក់​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ឲ្យ​ចំ​នឹង​សេចក្ដី​ត្រូវ​ការ​របស់​ខ្ញុំ​តែ​ម្ដង​»។ ពេល​យើង​រំពឹង​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ចំពោះ​យើង​រួច​ហើយ យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ​ដើម្បី​បន្ត​ត​យុទ្ធ​នឹង​គំនិត​ដែល​នាំ​ឲ្យ​យើង​ព្រួយ​បារម្ភ។

៣. ការ​ធ្វើ​តាម។ មុន​យើង​សម្រេច​ចិត្ត​ធ្វើ​អ្វី​ក្នុង​ស្ថានភាព​ណា​មួយ យើង​អាច​ស្វែង​រក​ការ​ណែនាំ​ដ៏​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​ក្នុង​បណ្ដាំ​របស់​ព្រះ។ (​ចសព. ១៩:៧, ១១​) បង​ប្អូន​ជា​ច្រើន​នាក់​បាន​ឃើញ​ថា ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​បទ​គម្ពីរ​ណា​មួយ ពួក​គេ​អាច​យល់​ច្បាស់​ជាង​អំពី​របៀប​ដែល​ខ​គម្ពីរ​នោះ​ជាប់​ទាក់​ទង​នឹង​ជីវិត​របស់​ពួក​គេ។ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​ចារ៉ុត​ពន្យល់​ថា​៖ ​«​ការ​ធ្វើ​ការ​ស្រាវ​ជ្រាវ​អំពី​ខ​គម្ពីរ​ណា​មួយ​ជួយ​ខ្ញុំ​ឲ្យ​រៀន​កាន់​តែ​ច្រើន​អំពី​ខ​នោះ ហើយ​យល់​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​ប្រាប់​ខ្ញុំ។ នេះ​ជួយ​ខ្ញុំ​ឲ្យ​ជឿ​ជាក់​លើ​អ្វី​ដែល​ខ្ញុំ​អាន​នោះ ដើម្បី​ខ្ញុំ​អាច​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក​»។ ពេល​យើង​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ដោយ​ពិនិត្យ​មើល​ក្នុង​បទ​គម្ពីរ ហើយ​ធ្វើ​តាម​ការ​ណែនាំ​នោះ យើង​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ត​និង​អំណរ ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​កង្វល់​ក្ដី។

ព្រះ​យេហូវ៉ា​នឹង​ជួយ​អ្នក​ឲ្យ​ចេះ​ស៊ូ​ទ្រាំ

ដាវីឌ​បាន​យល់​ថា​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ខ្វល់​ចិត្ត​ដោយ​មិន​រា​ថយ គាត់​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​យេហូវ៉ា។ គាត់​បាន​ឲ្យ​តម្លៃ​ជា​ខ្លាំង​ចំពោះ​ជំនួយ​ពី​លោក រហូត​ដល់​គាត់​និយាយ​ថា​៖ ​«​ដោយ​សារ​ឫទ្ធានុភាព​របស់​ព្រះ ខ្ញុំ​អាច​លោត​រំលង​កំពែង​បាន។ ព្រះ​ដ៏​ពិត លោក​ជា​អ្នក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ចសព. ១៨:២៩, ៣២​) យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ទុក្ខ​លំបាក​របស់​យើង​ប្រៀប​ដូច​ជា​កំពែង​ដែល​មិន​អាច​លោត​រំលង​បាន។ ប៉ុន្តែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​អាច​លោត​រំលង​ឬ​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ធំ​ៗ​ណា​ក៏​ដោយ​ដែល​ប្រៀប​ដូច​ជា​កំពែង! ពិត​មែន ពេល​ដែល​យើង​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា រំពឹង​គិត​អំពី​អ្វី​ទាំង​អស់​ដែល​លោក​បាន​ធ្វើ​ចំពោះ​យើង និង​ធ្វើ​តាម​ការ​ណែនាំ​ពី​លោក យើង​អាច​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​ផ្ដល់​កម្លាំង​និង​ប្រាជ្ញា​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចេះ​ស៊ូ​ទ្រាំ​នឹង​ការ​ខ្វល់​ចិត្ត!

^ វគ្គ 2 បុគ្គល​ដែល​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ។