លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៨

ចូរ«មើលចំទៅ»ពេលអនាគត

ចូរ«មើលចំទៅ»ពេលអនាគត

​«​ចូរ​ឲ្យ​ភ្នែក​ឯង​មើល​ចំ​ទៅ​មុខ​»។—សុភ. ៤:២៥

ចម្រៀង​លេខ​៧៧ ពន្លឺ​ក្នុង​ភព​ងងឹត

សេចក្ដី​សង្ខេប *

១​-​២. តើ​យើង​អាច​ធ្វើ​តាម​យោបល់​នៅ​សុភាសិត ៤:២៥ តាម​របៀប​ណា? សូម​លើក​ឧទាហរណ៍។

សូម​ស្រមៃ​គិត​អំពី​ឧទាហរណ៍​ទាំង​នេះ។ បង​ស្រី​វ័យ​ចាស់​ម្នាក់​នឹក​រឭក​អំពី​អនុស្សាវរីយ៍​ល្អ​ៗ​នៅ​អតីតកាល។ ទោះ​ជា​ឥឡូវ​នេះ​ជីវិត​របស់​គាត់​ពិបាក​ជាង​មុន គាត់​បន្ត​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា។ (​១កូ. ១៥:៥៨​) ជា​រៀង​រាល់​ថ្ងៃ គាត់​ស្រមៃ​ឃើញ​ខ្លួន​គាត់​និង​បុគ្គល​ជា​ទី​ស្រឡាញ់​របស់​គាត់​រស់​នៅ​ជា​មួយ​គ្នា​ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា។ បង​ស្រី​ម្នាក់​ទៀត ចាំ​ថា​បង​ប្អូន​ម្នាក់​បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចិត្ត ប៉ុន្តែ​គាត់​សម្រេច​ចិត្ត​មិន​ខឹង​ងំ​ទេ។ (​កូឡ. ៣:១៣​) បង​ប្រុស​ម្នាក់​នឹក​ចាំ​អំពី​កំហុស​របស់​ខ្លួន​គាត់ ប៉ុន្តែ​គាត់​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​នៅ​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​នា​ឥឡូវ​នេះ។—ទំនុក. ៥១:១០

តើ​បង​ប្អូន​ទាំង​បី​នាក់​នេះ​មាន​ភាព​ស្រដៀង​គ្នា​ត្រង់​ចំណុច​ណា? ពួក​គេ​ទាំង​អស់​គ្នា​នឹក​ចាំ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល ប៉ុន្តែ​ពួក​គេ​មិន​មែន​រស់​នៅ​ក្នុង​អតីតកាល​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មើល​ចំ​ទៅ​ពេល​អនាគត។—សូម​អាន សុភាសិត ៤:២៥

៣. ហេតុ​អ្វី​យើង​ត្រូវ​«​មើល​ចំ​ទៅ​»​ពេល​អនាគត?

ហេតុ​អ្វី​គឺ​សំខាន់​ឲ្យ​យើង​«​មើល​ចំ​ទៅ​»​ពេល​អនាគត? ដូច​ដែល​បុគ្គល​ម្នាក់​មិន​អាច​ដើរ​ត្រង់​ទៅ​មុខ​បាន បើ​គាត់​តែង​តែ​បែរ​ទៅ​មើល​ក្រោយ។ យើង​ក៏​មិន​អាច​ជឿន​ទៅ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​បាន​ដែរ បើ​យើង​តែង​តែ​គិត​អំពី​អតីតកាល។—លូក. ៩:៦២

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អន្ទាក់​បី​ដែល​អាច​នាំ​ឲ្យ​យើង​រស់​នៅ​ក្នុង​អតីតកាល។ * អន្ទាក់​ទាំង​នោះ​គឺ (​១​) ការ​នឹក​ស្រណោះ (​២​) ការ​ខឹង​ងំ និង​(​៣​) ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក។ ក្នុង​ករណី​ទាំង​បី​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​គោល​ការណ៍​គម្ពីរ​អាច​ជួយ​យើង​ឲ្យ​ប្រឹង​សំដៅ​ទៅ​«​អ្វី​ៗ​នៅ​ខាង​មុខ​»​ ជា​ជាង​គិត​ច្រើន​ពេក​អំពី​«​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​»។—ភី. ៣:១៣

អន្ទាក់​នៃ​ការ​នឹក​ស្រណោះ

តើ​អ្វី​អាច​រា​រាំង​យើង​ពី​ការ​មើល​ចំ​ទៅ​ពេល​អនាគត? (​សូម​មើល​វគ្គ​៥, ៩, ១៣​) *

៥. តើ​សាស្ដា ៧:១០​ព្រមាន​យើង​អំពី​អន្ទាក់​អ្វី?

សូម​អាន សាស្ដា ៧:១០សូម​កត់​សម្គាល់​ថា​ខ​នេះ​មិន​បាន​ចែង​ថា គឺ​ជា​ការ​ខុស​ឲ្យ​សួរ​ថា ​«​ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​គឺ​ល្អ?​»។ អនុស្សាវរីយ៍​ល្អ​ៗ​គឺ​ជា​អំណោយ​មក​ពី​ព្រះ​យេហូវ៉ា។ ផ្ទុយ​ទៅ​វិញ ខ​នោះ​ចែង​ថា​៖ ​«​កុំ​ឲ្យ​សួរ​ថា ‹ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាងសម័យ​សព្វ​ថ្ងៃ​នេះ?›​»។ ដូច្នេះ អន្ទាក់​គឺ​មក​ពី​ការ​ប្រៀប​ធៀប​ស្ថានភាព​នៅ​ឥឡូវ​នេះ​ជា​មួយ​នឹង​ស្ថានភាព​នៅ​សម័យ​មុន ហើយ​សន្និដ្ឋាន​ថា​អ្វី​ៗ​ទាំង​អស់​នៅ​សព្វ​ថ្ងៃ​នេះ​គឺ​អន់​ជាង។

តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ខុស​អ្វី​ក្រោយ​ពី​ចាក​ចេញ​ពី​ស្រុក​អេស៊ីប? (​សូម​មើល​វគ្គ​៦​)

៦. ហេតុ​អ្វី​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​យើង​បន្ត​គិត​ថា​ជីវិត​របស់​យើង​នៅ​អតីតកាល​គឺ​ប្រសើរ​ជាង? សូម​លើក​ឧទាហរណ៍​មួយ។

ហេតុ​អ្វី​គឺ​មិន​ប្រកប​ដោយ​ប្រាជ្ញា​ឲ្យ​យើង​បន្ត​គិត​ថា​ជីវិត​របស់​យើង​នៅ​អតីតកាល​គឺ​ប្រសើរ​ជាង? ការ​នឹក​ស្រណោះ​អំពី​អតីតកាល​អាច​នាំ​ឲ្យ​យើង​គិត​តែ​អ្វី​ល្អ​ៗ​ពី​គ្រា​នោះ​ប៉ុណ្ណោះ ឬ​អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​អំពី​ការ​ពិបាក​ដែល​យើង​ធ្លាប់​មាន។ ជា​ឧទាហរណ៍ សូម​គិត​អំពី​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ។ ក្រោយ​ពី​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ឆាប់​ភ្លេច​ថា​ជីវិត​នៅ​ទី​នោះ​គឺ​ពិបាក​យ៉ាង​ណា។ ពួក​គេ​បែរ​ជា​គិត​អំពី​អាហារ​ល្អ​ៗ​ដែល​ពួក​គេ​ធ្លាប់​មាន​នៅ​ទី​នោះ​ទៅ​វិញ។ ពួក​គេ​បាន​និយាយ​ថា​៖ ​«​យើង​នឹក​រឭក​ពី​ត្រី​ដែល​យើង​បាន​បរិភោគ​នៅ​ស្រុក​អេស៊ីប​ជា​ឥត​ថ្លៃ ហើយ​ពី​ត្រសក់ ឪឡឹក ខ្ទឹម​ខ្យល់ ខ្ទឹម​សំ​ឡ នឹង​ខ្ទឹម​ស​ផង!​»។ (​ជន. ១១:៥​) ប៉ុន្តែ តើ​ពួក​គេ​ពិត​ជា​បាន​បរិភោគ​អាហារ​នៅ​ទី​នោះ​ដោយ​«​ឥត​ថ្លៃ​»​ឬ​ទេ? មិន​មែន​ទេ។ នៅ​ពេល​នោះ ជន​ជាតិ​អ៊ីស្រាអែល​ជា​ខ្ញុំ​បម្រើ​ដែល​រង​ការ​ជិះ​ជាន់​យ៉ាង​ខ្លាំង​នៅ​ស្រុក​អេស៊ីប។ ដូច្នេះ ពួក​គេ​មិន​មែន​ទទួល​អាហារ​ដោយ​ទទេ​ៗ​ឡើយ។ (​និក្ខ. ១:១៣, ១៤; ៣:៦​-​៩​) ប៉ុន្តែ ក្រោយ​មក​ពួក​គេ​បាន​ភ្លេច​អំពី​ការ​ពិបាក​ទាំង​នោះ ហើយ​នឹក​ស្រណោះ​អំពី​អតីតកាល។ ពួក​គេ​សម្រេច​ចិត្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​នៅ​អតីតកាល ជា​ជាង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​ទើប​តែ​បាន​ធ្វើ​ចំពោះ​ពួក​គេ។ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ត​នឹង​ចិត្ត​គំនិត​របស់​ពួក​គេ​ទេ។—ជន. ១១:១០

៧. តើ​អ្វី​បាន​ជួយ​បង​ស្រី​ម្នាក់​ឲ្យ​ជៀស​វាង​ពី​ការ​ជាប់​អន្ទាក់​នៃ​ការ​នឹក​ស្រណោះ?

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​នឹក​ស្រណោះ? សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​ម្នាក់​ដែល​ចាប់​ផ្ដើម​បម្រើ​នៅ​បេតអែល​តំបន់​ប៊្រុគ្លីន នា​ឆ្នាំ​១៩៤៥។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ប្រុស​ម្នាក់​ដែល​បម្រើ​នៅ​បេតអែល​ដែរ ហើយ​ពួក​គាត់​បាន​បម្រើ​ជា​មួយ​គ្នា​នៅ​ទី​នោះ​អស់​ជា​ច្រើន​ឆ្នាំ។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧៦ ប្ដី​របស់​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ។ បង​ស្រី​នោះ​និយាយ​ថា ពេល​ប្ដី​គាត់​ដឹង​ថា​ខ្លួន​ជិត​ស្លាប់ គាត់​បាន​ឲ្យ​យោបល់​ល្អ​ដើម្បី​ជួយ​ប្រពន្ធ​ក្រោយ​ពី​គាត់​ស្លាប់។ ប្ដី​គាត់​បាន​និយាយ​ថា​៖ ​«​យើង​មាន​ជីវិត​អាពាហ៍ពិពាហ៍​ដ៏​សប្បាយ។ មនុស្ស​ជា​ច្រើន​មិន​មាន​បទ​ពិសោធន៍​នេះ​ទេ​»។ ប៉ុន្តែ​គាត់​ក៏​លើក​ទឹក​ចិត្ត​ប្រពន្ធ​ថា​៖ ​«​អូន​នៅ​តែ​ចង​ចាំ​អនុស្សាវរីយ៍​ល្អ​ៗ តែ​សូម​កុំ​រស់​នៅ​ក្នុង​អតីតកាល។ កាល​ដែល​ពេល​វេលា​កន្លង​ទៅ ការ​ឈឺ​ចាប់​របស់​អូន​នឹង​រសាយ​ទៅ។ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ពេក និង​អាណិត​ខ្លួន។ ចូរ​អរ​សប្បាយ​ចំពោះ​គ្រា​ល្អ​ៗ​ដែល​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ . . . អនុស្សាវរីយ៍​គឺ​ជា​អំណោយ​ពី​ព្រះ​សម្រាប់​យើង​»។ នេះ​គឺ​ជា​យោបល់​ដ៏​ល្អ​ណាស់ មែន​ទេ?

៨. តើ​បង​ស្រី​ម្នាក់​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​យោបល់​របស់​ប្ដី​គាត់?

បង​ស្រី​នោះ​បាន​ធ្វើ​តាម​យោបល់​ពី​ប្ដី​របស់​គាត់។ គាត់​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​គាត់​ស្លាប់​នៅ​អាយុ​៩២​ឆ្នាំ។ ប៉ុន្មាន​ឆ្នាំ​មុន​គាត់​ស្លាប់ គាត់​បាន​និយាយ​ថា​៖ ​«​ពេល​គិត​អំពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​អស់​៦៣​ឆ្នាំ ខ្ញុំ​អាច​និយាយ​ថា​ជីវិត​ខ្ញុំ​ពិត​ជា​មាន​ន័យ​ខ្លឹម​សារ​»។ ហេតុ​អ្វី? គាត់​ពន្យល់​ថា​៖ ​«​ជីវិត​មាន​ន័យ គឺ​អាស្រ័យ​លើ​ការ​មាន​បង​ប្អូន​រួម​ជំនឿ​ដែល​ជា​ក្រុម​គ្រួសារ​ដ៏​អស្ចារ្យ​របស់​យើង និង​ការ​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ក្នុង​សួន​ឧទ្យាន​នៅ​ផែនដី​ជា​មួយ​ពួក​គេ ដោយ​រួម​គ្នា​បម្រើ​អ្នក​បង្កើត​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​យើង​ជា​រៀង​រហូត ពោល​គឺ​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត​តែ​មួយ​»។ បង​ស្រី​នោះ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​បុគ្គល​ដែល​ផ្ដោត​អារម្មណ៍​ទៅ​លើ​ថ្ងៃ​អនាគត!

អន្ទាក់​នៃ​ការ​ខឹង​ងំ

៩. ដូច​បញ្ជាក់​នៅ​លេវីវិន័យ ១៩:១៨ តើ​ពេល​ណា​យើង​ប្រហែល​ជា​ពិបាក​ឈប់​ខឹង​ងំ​អ្នក​ណា​ម្នាក់?

សូម​អាន លេវីវិន័យ ១៩:១៨បើ​បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​នឹង​យើង​ជា​បង​ប្អូន​រួម​ជំនឿ ជា​មិត្ត​ជិត​ស្និទ្ធ ឬ​ជា​សាច់​ញាតិ នោះ​យើង​ច្រើន​តែ​ពិបាក​បំភ្លេច​រឿង​នោះ​ចោល និង​ឈប់​ប្រកាន់​ទោស​គាត់។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​បាន​ត្រូវ​បង​ប្អូន​រួម​ជំនឿ​ម្នាក់​ចោទ​ប្រកាន់​ថា​បង​ស្រី​នោះ​បាន​លួច​លុយ​របស់​គាត់ តែ​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ ក្រោយ​មក បង​ប្អូន​ដែល​បាន​ចោទ​ប្រកាន់​នោះ​បាន​មក​សុំ​ទោស​បង​ស្រី​នោះ ប៉ុន្តែ​គាត់​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​រឿង​នោះ។ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ដូច​បង​ស្រី​នោះ​ឬ​ទេ? ទោះ​ជា​យើង​មិន​ធ្លាប់​ស្ថិត​ក្នុង​ស្ថានភាព​ដូច​នេះ​ក្ដី យើង​ភាគ​ច្រើន​ធ្លាប់​ខឹង​ងំ ហើយ​គិត​ថា​យើង​មិន​អាច​អភ័យ​ទោស​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត​បាន​ទេ។

១០. តើ​អ្វី​អាច​ជួយ​យើង​ពេល​យើង​ខឹង​ងំ?

១០ តើ​អ្វី​អាច​ជួយ​យើង​ពេល​ដែល​យើង​ខឹង​ងំ? យើង​ត្រូវ​ចាំ​ថា​ព្រះ​យេហូវ៉ា​ឃើញ​អ្វី​ៗ​ទាំង​អស់។ លោក​ដឹង​អំពី​អ្វី​ទាំង​អស់​ដែល​យើង​ឆ្លង​កាត់ រួម​ទាំង​ពេល​យើង​រង​អំពើ​អយុត្តិធម៌​ផង​ដែរ។ (​ហេ. ៤:១៣​) លោក​អាណិត​យើង​ពេល​យើង​រង​ទុក្ខ​វេទនា ហើយ​លោក​សន្យា​ថា​នៅ​ទី​បំផុត​លោក​នឹង​បំបាត់​ការ​ឈឺ​ចាប់​ទាំង​អស់​ដែល​យើង​រង​ពី​អំពើ​អយុត្តិធម៌។—អេ. ៦៣:៩; បប. ២១:៣, ៤

១១. ពេល​យើង​លះ​ចោល​ការ​ខឹង​ងំ តើ​យើង​ទទួល​ប្រយោជន៍​អ្វី?

១១ យើង​ក៏​ចង់​ចាំ​ដែរ​ថា ពេល​យើង​លះ​ចោល​ការ​ខឹង​ងំ យើង​សប្បាយ​ចិត្ត​ជាង។ នេះ​ជា​អ្វី​ដែល​បង​ស្រី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​បាន​រៀន​ពី​បទ​ពិសោធន៍​របស់​គាត់។ យូរ​ៗ​ទៅ គាត់​អាច​លះ​ចោល​ការ​ខឹង​ងំ​នៅ​ក្នុង​ចិត្ត​របស់​គាត់។ គាត់​ទទួល​ស្គាល់​ថា ពេល​យើង​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ (​ម៉ាថ. ៦:១៤​) គាត់​ដឹង​ថា​អ្វី​ដែល​បង​ប្អូន​ម្នាក់​ទៀត​បាន​ធ្វើ​គឺ​ខុស តែ​គាត់​សម្រេច​ចិត្ត​លះ​ចោល​ការ​ខឹង​ងំ។ ជា​លទ្ធផល បង​ស្រី​នោះ​អរ​សប្បាយ​ជាង ហើយ​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា។

អន្ទាក់​នៃ​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក

១២. តើ​យើង​រៀន​អ្វី​ពី​យ៉ូហាន​ទី​១ ៣:១៩, ២០?

១២ សូម​អាន យ៉ូហាន​ទី​១ ៣:១៩, ២០ជួន​កាល យើងទាំង​អស់​គ្នា​បន្ទោស​ខ្លួន។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​បន្ទោស​ខ្លួន​ចំពោះ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​មុន​រៀន​សេចក្ដី​ពិត។ អ្នក​ខ្លះ​ទៀត​បន្ទោស​ខ្លួន​ចំពោះ​កំហុស​ដែល​ពួក​គេ​បាន​ធ្វើ​ក្រោយ​ពី​ទទួល​ការ​ជ្រមុជ​ទឹក។ ការ​មាន​អារម្មណ៍​បែប​នេះ​គឺ​ជា​រឿង​ធម្មតា។ (​រ៉ូម ៣:២៣​) ពិត​មែន​ថា​យើង​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ តែ​«​យើង​ទាំង​អស់​គ្នា​ជំពប់​ដួល​ជា​ញឹក​ញយ​»។ (​យ៉ា. ៣:២; រ៉ូម ៧:២១​-​២៣​) ទោះ​ជា​ការ​បន្ទោស​ខ្លួន​ធ្វើ​ឲ្យ​យើង​មិន​សប្បាយ​ចិត្ត​ក្ដី នោះ​អាច​មាន​ប្រយោជន៍​ចំពោះ​យើង។ ហេតុ​អ្វី? ពី​ព្រោះ​ការ​បន្ទោស​ខ្លួន​អាច​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ការ​កែ​ប្រែ​ក្នុង​ជីវិត​របស់​យើង ហើយ​តាំង​ចិត្ត​មិន​ធ្វើ​នោះ​ម្ដង​ទៀត។—ហេ. ១២:១២, ១៣

១៣. ហេតុ​អ្វី​យើង​ត្រូវ​ការ​ពារ​ចិត្ត​កុំ​ឲ្យ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក?

១៣ ក៏​ប៉ុន្តែ យើង​ប្រហែល​ជា​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេកក្នុង​ន័យ​ថា សូម្បី​តែ​ក្រោយ​ពី​យើង​បាន​ប្រែ​ចិត្ត ហើយ​ព្រះ​យេហូវ៉ា​បង្ហាញ​ថា​លោក​បាន​អភ័យ​ទោស​ឲ្យ​យើង ក៏​យើង​បន្ត​បន្ទោស​ខ្លួន។ ការ​បន្ទោស​ខ្លួន​បែប​នេះ​មិន​មាន​ប្រយោជន៍​ចំពោះ​យើង​ទេ។ (​ទំនុក. ៣១:១០; ៣៨:៣, ៤​) សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​ម្នាក់​ដែល​បន្ត​បន្ទោស​ខ្លួន​ចំពោះ​អំពើ​ខុស​ឆ្គង​នៅ​អតីតកាល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​ចាំ​បាច់​ខំ​ប្រឹង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ ដោយ​សារ​ខ្ញុំ​ទំនង​ជា​មិន​ត្រូវ​សង្គ្រោះ​ដដែល​ហ្នឹង​»។ យើង​ជា​ច្រើន​នាក់​ប្រហែល​ជា​មាន​អារម្មណ៍​ដូច​បង​ស្រី​នោះ។ ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​ការ​ពារ​ចិត្ត កុំ​ឲ្យ​ធ្លាក់​ចូល​អន្ទាក់​នៃ​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក។ ហេតុ​អ្វី? ពី​ព្រោះ​សាថាន​ពិត​ជា​សប្បាយ​ចិត្ត​បើ​យើង​ឈប់​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង​រួច​ហើយ​ក៏​ដោយ។—សូម​ពិនិត្យ​បន្ថែម កូរិនថូស​ទី​២ ២:៥​-​៧, ១១

១៤. តើ​យើង​អាច​ដឹង​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​យើង?

១៤ ប៉ុន្តែ យើង​ប្រហែល​ជា​ឆ្ងល់​ថា ‹តើ​ខ្ញុំ​អាច​ដឹង​ប្រាកដ​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​ខ្ញុំ?›។ ការ​ដែល​អ្នក​ឆ្ងល់​បែប​នេះ បង្ហាញ​ថា​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​អ្នក។ អស់​ជា​ច្រើន​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាមចែង​ថា​៖ ​«​យើង​[​ប្រហែល​ជា​]​ធ្វើ​ខុស​ដដែល​ៗ​ម្ដង​ហើយ​ម្ដង​ទៀត។ នេះ​អាច​មក​ពី​យើង​មិន​បាន​លះ​ចោល​ភាព​ទន់​ខ្សោយ​ដែល​យើង​មាន​មុន​យើង​ចាប់​ផ្ដើម​បម្រើ​ព្រះ។ . . . សូម​កុំ​អស់​សង្ឃឹម ហើយ​សូម​កុំ​គិត​ថា​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​ព្រះ​យេហូវ៉ា​មិន​អាច​អភ័យ​ទោស​ឲ្យ​ឡើយ។ សាថាន​ចង់​ឲ្យ​អ្នក​គិត​ដូច្នេះ។ ពេល​អ្នក​កើត​ទុក្ខ​និង​សោក​ស្ដាយ​ចំពោះ​កំហុស​ដែល​អ្នក​បាន​ធ្វើ នេះ​បង្ហាញ​ថា​អ្នក​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ ហើយ​ថា​ព្រះ​យេហូវ៉ា​អាច​អភ័យ​ទោស​ឲ្យ​អ្នក។ ចូរ​មាន​ចិត្ត​រាប​ទាប​ជា​និច្ច និង​បន្ត​អធិដ្ឋាន​សុំ​ព្រះ​ឲ្យ​អភ័យ​ទោស​ឲ្យ​អ្នក ជួយ​អ្នក​ឲ្យ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​ជួយ​អ្នក​ឲ្យ​ឈប់​ធ្វើ​ខុស​ដដែល​ៗ។ ទោះ​ជា​កូន​តូច​ជួប​រឿង​ណា​ក៏​ដោយ គាត់​តែង​តែ​សុំ​ជំនួយ​ពី​ឪពុក​របស់​គាត់។ ដូច​គ្នា​ដែរ ចូរ​បន្ត​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា ហើយ​ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក នោះ​លោក​នឹង​ជួយ​អ្នក​»។

១៥​-​១៦. តើ​បង​ប្អូន​ខ្លះ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ពួក​គេ​យល់​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​ពួក​គេ?

១៥ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ជា​ច្រើន​នាក់​ទទួល​ការ​សម្រាល​ទុក្ខ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​ចង់​អភ័យ​ទោស​ឲ្យ​ពួក​គេ។ ជា​ឧទាហរណ៍ ប៉ុន្មាន​ឆ្នាំ​មុន បង​ប្រុស​ម្នាក់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បទ​ពិសោធន៍​មួយ នៅ​ក្នុង​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»។ ក្នុង​អត្ថបទ​នោះ បង​ស្រី​ម្នាក់​និយាយ​ថា ដោយ​សារ​បទ​ពិសោធន៍​មិន​ល្អ​របស់​គាត់​នៅ​អតីតកាល គឺ​ពិបាក​ឲ្យ​គាត់​ជឿ​ថា​ព្រះ​យេហូវ៉ា​អាច​ស្រឡាញ់​គាត់។ គាត់​នៅ​តែ​មាន​អារម្មណ៍​បែប​នោះ​អស់​ជា​យូរ​ឆ្នាំ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ កាល​ដែល​គាត់​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​ថ្លៃ​លោះ នោះ​បាន​ជួយ​គាត់​ឲ្យ​ជឿ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​គាត់។

១៦ តើ​បទ​ពិសោធន៍​របស់​បង​ស្រី​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​បង​ប្រុស​ម្នាក់​នេះ? គាត់​បាន​សរសេរ​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ច្រើន​តែ​មើល​រូប​អាសអាភាស ហើយ​ខ្ញុំ​ពិបាក​ឈប់​មាន​ទម្លាប់​នោះ​ណាស់។ ថ្មី​ៗ​នេះ ខ្ញុំ​បាន​មើល​វា​ម្ដង​ទៀត។ ខ្ញុំ​បាន​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ ហើយ​ព្យាយាម​យក​ឈ្នះ​បញ្ហា​នោះ។ ពួក​អ្នក​ចាស់​ទុំ​បាន​ពង្រឹង​ទំនុក​ចិត្ត​ខ្ញុំ​អំពី​សេចក្ដី​ស្រឡាញ់​និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជួន​កាល​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ ហើយ​ថា​ព្រះ​យេហូវ៉ា​មិន​អាច​ស្រឡាញ់​ខ្ញុំ​បាន​ទេ។ ប៉ុន្តែ​បទ​ពិសោធន៍​របស់​បង​ស្រី​នេះ​ពិត​ជា​បាន​ជួយ​ខ្ញុំ។ ឥឡូវ ខ្ញុំ​យល់​ថា​ពេល​ខ្ញុំ​គិត​ថា​ព្រះ​មិន​អាច​អភ័យ​ទោស​ឲ្យ​ខ្ញុំ គឺ​ហាក់​ដូច​ជា​ខ្ញុំ​ថា គ្រឿង​បូជា​របស់​បុត្រ​លោក​មិន​គ្រប់​គ្រាន់​ដើម្បី​គ្រប​បាំង​ការ​ខុស​ឆ្គង​របស់​ខ្ញុំ។ ខ្ញុំ​បាន​កាត់​អត្ថបទ​នោះ​ទុក ដើម្បី​ខ្ញុំ​អាច​អាន​និង​រំពឹង​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​នោះ​នៅ​ពេល​ណា​ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​មិន​ស្រឡាញ់​ខ្ញុំ​»។

១៧. តើ​សាវ័ក​ប៉ូល​បាន​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​យ៉ាង​ដូច​ម្ដេច?

១៧ បទ​ពិសោធន៍​ដូច​នេះ រំលឹក​យើង​អំពី​សាវ័ក​ប៉ូល។ មុន​ដែល​គាត់​ទៅ​ជា​គ្រិស្ត​សាសនិក គាត់​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ ប៉ូល​នៅ​តែ​ចាំ​អំពី​អ្វី​ដែល​គាត់​បាន​ធ្វើ ប៉ុន្តែ​គាត់​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ទាំង​នោះ​ទេ។ (​១ធី. ១:១២​-​១៥​) គាត់​ចាត់​ទុក​ថ្លៃ​លោះ​ជា​អំណោយ​សម្រាប់​គាត់​ផ្ទាល់។ (​កាឡ. ២:២០​) យ៉ាង​នេះ ប៉ូល​បាន​ជៀស​វាង​ពី​អន្ទាក់​នៃ​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក ហើយ​ចាប់​ពី​ពេល​នោះ​ទៅ គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ឲ្យ​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដែល​ល្អ​បំផុត។

ចូរ​រស់​នៅ​សម្រាប់​ថ្ងៃ​អនាគត

ចូរ​យើង​តាំង​ចិត្ត​រស់​នៅ​សម្រាប់​ថ្ងៃ​អនាគត (​សូម​មើល​វគ្គ​១៨​-​១៩​) *

១៨. តើ​យើង​បាន​រៀន​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

១៨ តើ​យើង​បាន​រៀន​អ្វី​ពី​ការ​ពិចារណា​អំពី​អន្ទាក់​ផ្សេង​ៗ​ក្នុង​អត្ថបទ​នេះ? (​១​) អនុស្សាវរីយ៍​ល្អ​ៗ​ជា​ពរ​មួយ​ពី​ព្រះ​យេហូវ៉ា ប៉ុន្តែ​ទោះ​ជា​ជីវិត​របស់​យើង​នៅ​អតីតកាល​គឺ​ល្អ​យ៉ាង​ណា​ក្ដី អនាគត​របស់​យើង​ក្នុង​ពិភព​លោក​ថ្មី​នឹង​ល្អ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត។ (​២​) អ្នក​ឯ​ទៀត​ប្រហែល​ជា​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត ប៉ុន្តែ​ពេល​យើង​សម្រេច​ចិត្ត​អភ័យ​ទោស​ឲ្យ​ពួក​គេ យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ។ (​៣​) ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​មាន​អំណរ​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ដូច្នេះ ដូច​ប៉ូល យើង​ត្រូវ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង។

១៩. ហេតុ​អ្វី​យើង​ដឹង​ថា​នៅ​ពិភព​លោក​ថ្មី យើង​នឹង​មិន​ឈឺ​ចិត្ត​ដោយ​សារ​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល?

១៩ យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ជា​រៀង​រហូត។ នៅ​ពិភព​លោក​ថ្មី​របស់​ព្រះ យើង​នឹង​មិន​ឈឺ​ចិត្ត​ដោយ​សារ​សោក​ស្ដាយ​ចំពោះ​អ្វី​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល។ ស្ដី​អំពី​គ្រា​នោះ គម្ពីរ​ចែង​ថា​៖ ​«​របស់​ពី​មុន​ៗ នោះ​នឹង​គ្មាន​អ្នក​ណា​នឹក​ចាំ​ទៀត​»។ (​អេ. ៦៥:១៧​) សូម​គិត​ទៅ​មើល នៅ​សព្វ​ថ្ងៃ​នេះ​បង​ប្អូន​យើង​ខ្លះ​កាន់​តែ​ចាស់​ទៅ​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្តែ​ក្នុង​ពិភព​លោក​ថ្មី យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ជា​ក្មេង​វិញ។ (​យ៉ូប ៣៣:២៥​) ដូច្នេះ ចូរ​យើង​តាំង​ចិត្ត​កុំ​រស់​នៅ​ក្នុង​អតីតកាល។ ផ្ទុយ​ទៅ​វិញ សូម​យើង​មើល​ចំ​ទៅ​ពេល​អនាគត ហើយ​រស់​នៅ​សម្រាប់​អ្វី​ដែល​នៅ​ខាង​មុខ!

ចម្រៀង​លេខ​១៤២ ចូរ​រក្សា​សេចក្ដី​សង្ឃឹម​ជា​និច្ច

^ វគ្គ 5 ការ​នឹក​ចាំ​អំពី​អតីតកាល​អាច​មាន​ប្រយោជន៍។ ប៉ុន្តែ យើង​មិន​ចង់​គិត​ច្រើន​ពេក​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល រហូត​ដល់​លែង​បម្រើ​ព្រះ​យេហូវ៉ា​អស់​ពី​សមត្ថភាព​នៅ​បច្ចុប្បន្ន​នេះ​ទេ ឬ​រហូត​ដល់​យើង​ឈប់​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​អំពី​សួន​ឧទ្យាន។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អន្ទាក់​បី​ដែល​អាច​នាំ​ឲ្យ​យើង​រស់​នៅ​ក្នុង​អតីតកាល។ យើង​នឹង​គិត​អំពី​គោល​ការណ៍​គម្ពីរ​និង​គំរូ​របស់​បង​ប្អូន​នៅ​សម័យ​នេះ ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​អន្ទាក់​ទាំង​នេះ។

^ វគ្គ 4 ការ​ពន្យល់​ពាក្យ: ក្នុង​អត្ថបទ​នេះ​«​ការ​រស់​នៅ​ក្នុង​អតីតកាល​»​ មាន​ន័យ​ថា​យើង​តែង​តែ​គិត​អំពី​អតីតកាល ពោល​គឺ​និយាយ​ឥត​ឈប់ និង​នឹក​ស្រមៃ​អំពី​អតីតកាល ឬ​គិត​ថា​ជីវិត​នៅ​អតីតកាល​ល្អ​ប្រសើរ​ជាង​ជីវិត​នៅ​បច្ចុប្បន្នកាល។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ការ​នឹក​ស្រណោះ ការ​ខឹង​ងំ និង​ការ​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក​គឺ​ប្រៀប​ដូច​ជា​បន្ទុក​ដ៏​ធ្ងន់​ដែល​យើង​ទាញ​ទៅ​តាម​ខ្លួន ហើយ​ដែល​រា​រាំង​យើង​ពី​ការ​ដើរ​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត។

^ វគ្គ 63 ការ​ពណ៌នា​អំពី​រូប​ភាព: ក្រោយ​ពី​យើង​លះ​ចោល​អារម្មណ៍​ទាំង​នេះ យើង​ធូរ​ចិត្ត​និង​សប្បាយ​ចិត្ត ហើយ​យើង​មាន​កម្លាំង​ឡើង​វិញ។ យ៉ាង​នេះ យើង​អាច​មើល​ចំ​ទៅ​មុខ​ដល់​ថ្ងៃ​អនាគត​បាន។