អត្ថបទសិក្សា ៤៧
តើអ្នកនឹងបន្តកែតម្រង់ខ្លួនឬទេ?
«ជាទីបញ្ចប់នេះ បងប្អូនអើយ ចូរបន្តអរសប្បាយ [និង]កែតម្រង់ខ្លួន»។—២កូ. ១៣:១១
ចម្រៀងលេខ៥៤ ‹គឺផ្លូវនេះហើយ›
សេចក្ដីសង្ខេប *
១. យោងទៅតាមម៉ាថាយ ៧:១៣, ១៤ តើយើងកំពុងធ្វើដំណើរតាមផ្លូវមួយក្នុងន័យយ៉ាងណា?
យើងទាំងអស់គ្នាកំពុងធ្វើដំណើរនៅលើផ្លូវមួយ។ ទិសដៅឬគោលដៅរបស់យើង គឺរស់នៅក្នុងពិភពលោកថ្មីក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ដែលប្រកបដោយសេចក្ដីស្រឡាញ់។ ជារៀងរាល់ថ្ងៃ យើងព្យាយាមដើរលើផ្លូវដែលនាំទៅឯជីវិត។ ប៉ុន្តែ ដូចលោកយេស៊ូបានមានប្រសាសន៍ ផ្លូវនោះគឺចង្អៀត ហើយជួនកាលពិបាកដើរ។ (សូមអាន ម៉ាថាយ ៧:១៣, ១៤) ម្យ៉ាងទៀត យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយយើងងាយវង្វេងចេញពីផ្លូវនោះ។—កាឡ. ៦:១
២. តើយើងនឹងពិចារណាអ្វីខ្លះក្នុងអត្ថបទនេះ? (សូមមើលផងដែរនូវប្រអប់ដែលមានចំណងជើងថា « ចិត្តរាបទាបជួយយើងឲ្យកែតម្រង់ជំហានរបស់យើង»)
២ បើយើងចង់បន្តដើរនៅលើផ្លូវចង្អៀតដែលនាំទៅឯជីវិត យើងត្រូវសុខចិត្តកែប្រែរបៀបគិតគូរ ចិត្តគំនិត និងការប្រព្រឹត្តរបស់យើង។ សាវ័កប៉ូលបានលើកទឹកចិត្តគ្រិស្តសាសនិកដែលរស់នៅក្រុងកូរិនថូសឲ្យបន្ត«កែតម្រង់ខ្លួន»។ (២កូ. ១៣:១១) យោបល់នោះក៏ជាប់ទាក់ទងនឹងយើងដែរ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលគម្ពីរអាចជួយយើងឲ្យកែតម្រង់ជំហានរបស់យើង និងអំពីរបៀបដែលមិត្តភក្ដិដែលមានភាពចាស់ទុំអាចជួយយើងឲ្យបន្តនៅលើផ្លូវដែលនាំទៅឯជីវិត។ យើងក៏នឹងពិចារណាអំពីអ្វីដែលអាចឲ្យយើងពិបាកធ្វើតាមការណែនាំពីអង្គការរបស់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត យើងនឹងរៀនអំពីរបៀបដែលចិត្តរាបទាបអាចជួយយើងឲ្យកែតម្រង់ខ្លួនដោយមិនបាត់បង់អំណរក្នុងការបម្រើព្រះយេហូវ៉ា។
ចូរឲ្យបណ្ដាំរបស់ព្រះកែតម្រង់អ្នក
៣. តើបណ្ដាំរបស់ព្រះអាចជួយអ្នកយ៉ាងដូចម្ដេច?
៣ ពេលយើងព្យាយាមពិនិត្យពិចារណាអំពីគំនិតនិងអារម្មណ៍របស់យើង យើងមានការពិបាកមួយ។ តើនោះជាអ្វី? ចិត្តរបស់យើងជាគ្រឿងបញ្ឆោត ហើយនេះអាចធ្វើឲ្យយើងពិបាកដឹងថាវានឹងជំរុញយើងឲ្យធ្វើអ្វី។ (យេ. ១៧:៩) គឺស្រួលឲ្យយើង បញ្ឆោតខ្លួន«តាមការវែកញែកខុស»។ (យ៉ា. ១:២២) ដូច្នេះ យើងត្រូវប្រើបណ្ដាំរបស់ព្រះដើម្បីពិនិត្យពិចារណាអំពីខ្លួនយើង។ បណ្ដាំរបស់ព្រះបង្ហាញថាយើងពិតជាមនុស្សបែបណា គឺឲ្យយើងដឹងអំពី«គំនិតនិងបំណងចិត្ត»របស់យើង។ (ហេ. ៤:១២, ១៣) ក្នុងន័យម្យ៉ាង បណ្ដាំរបស់ព្រះប្រៀបដូចជាម៉ាស៊ីនអេកូ ដែលអាចឲ្យយើងឃើញអ្វីនៅខាងក្នុងខ្លួនយើង។ ប៉ុន្តែយើងត្រូវមានចិត្តរាបទាប ដើម្បីយើងអាចអនុវត្តយោបល់ដែលយើងទទួលពីគម្ពីរ ឬពីបុគ្គលដែលជាតំណាងរបស់ព្រះ។
៤. តើអ្វីបង្ហាញថាស្ដេចសុលទៅជាមនុស្សមានអំណួត?
៤ គំរូរបស់ស្ដេចសុលបង្ហាញអំពីអ្វីដែលអាចកើតឡើង ពេលយើងខ្វះចិត្តរាបទាប។ សុលមានអំណួតខ្លាំងដល់ម្ល៉េះបានជាគាត់មិនព្រមទទួលស្គាល់ថារបៀបគិតគូរ និងការប្រព្រឹត្តរបស់គាត់ត្រូវការការកែប្រែ។ (ទំនុក. ៣៦:១, ២; ហាប. ២:៤) នេះសឲ្យឃើញពេលព្រះយេហូវ៉ាបានឲ្យការណែនាំជាក់លាក់ដល់សុល អំពីអ្វីដែលគាត់គួរធ្វើក្រោយពីគាត់យកឈ្នះជនជាតិអាម៉ាលេក។ ប៉ុន្តែ សុលមិនបានស្ដាប់បង្គាប់ព្រះយេហូវ៉ាឡើយ។ ម្យ៉ាងទៀត ពេលសាំយូអែលដែលជាអ្នកប្រកាសទំនាយបានប្រាប់គាត់អំពីរឿងនោះ សុលមិនបានទទួលស្គាល់កំហុសរបស់ខ្លួនទេ។ ផ្ទុយទៅវិញ គាត់ព្យាយាមដោះសាចំពោះការប្រព្រឹត្តរបស់គាត់ដោយនិយាយថា រឿងនោះមិនមែនធំដុំទេ ហើយថាបណ្ដាជនបានបង្ខំគាត់ឲ្យធ្វើដូច្នេះ។ (១សាំ. ១៥:១៣-២៤) មុននោះ សុលក៏បានធ្វើអ្វីដែលស្រដៀងនឹងនេះដែរ។ (១សាំ. ១៣:១០-១៤) គួរឲ្យស្ដាយ គាត់បានឲ្យចិត្តរបស់គាត់មានអំណួត។ គាត់មិនបានកែតម្រង់របៀបគិតគូររបស់គាត់ទេ ដូច្នេះព្រះយេហូវ៉ាបានប្រដៅគាត់ ហើយលែងទទួលស្គាល់គាត់។
៥. តើយើងអាចរៀនអ្វីពីគំរូរបស់សុល?
៥ ដើម្បីរៀនពីគំរូរបស់សុល យកល្អឲ្យយើងសួរខ្លួននូវសំណួរទាំងនេះថា ‹ពេលខ្ញុំអានយោបល់ពីបណ្ដាំរបស់ព្រះ តើខ្ញុំរកលេសមិនធ្វើតាមឬទេ? តើខ្ញុំគិតថាអ្វីដែលខ្ញុំកំពុងធ្វើ គឺមិនអាក្រក់ណាស់ណាឬ? តើខ្ញុំទម្លាក់កំហុសទៅលើអ្នកឯទៀត ចំពោះអ្វីដែលខ្ញុំធ្វើឬទេ?›។ បើយើងឆ្លើយថាមែនចំពោះសំណួរណាមួយក្នុងចំណោមសំណួរទាំងនេះ យើងត្រូវកែប្រែរបៀបគិតគូរនិងចិត្តគំនិតរបស់យើង។ បើពុំនោះទេ ចិត្តរបស់យើងអាចទៅជាមានអំណួតខ្លាំងដល់ម្ល៉េះបានជាព្រះយេហូវ៉ានឹងមិនព្រមទទួលស្គាល់យើងជាមិត្ត។—យ៉ា. ៤:៦
៦. សូមរៀបរាប់អំពីភាពខុសគ្នារវាងស្ដេចសុលនិងស្ដេចដាវីឌ។
៦ សូមកត់សម្គាល់ភាពខុសគ្នារវាងស្ដេចសុលនិងស្ដេចដាវីឌដែលជាស្ដេចបន្ទាប់ពីគាត់។ ដាវីឌជាបុរសដែលស្រឡាញ់«ក្រិត្យវិន័យរបស់ព្រះយេហូវ៉ា»។ (ទំនុក. ១:១-៣) ដាវីឌដឹងថាព្រះយេហូវ៉ាសង្គ្រោះបុគ្គលដែលមានចិត្តរាបទាប ប៉ុន្តែប្រឆាំងនឹងបុគ្គលដែលមានអំណួត។ (២សាំ. ២២:២៨) ដូច្នេះ ដាវីឌបានឲ្យច្បាប់របស់ព្រះកែតម្រង់របៀបគិតគូររបស់គាត់។ គាត់បានសរសេរថា៖ «ទូលបង្គំនឹងសរសើរដល់ព្រះយេហូវ៉ាដែលទ្រង់ជួយគំនិតទូលបង្គំ។ អើ ចិត្តក៏បង្គាប់ដល់ទូលបង្គំនៅវេលាយប់ដែរ»។—ទំនុក. ១៦:៧
៧. បើយើងមានចិត្តរាបទាប តើយើងនឹងធ្វើអ្វី?
៧ បើយើងមានចិត្តរាបទាប យើងនឹងឲ្យបណ្ដាំរបស់ព្រះកែតម្រង់របៀបគិតគូរមិនត្រឹមត្រូវរបស់យើង មុនចេញជាការប្រព្រឹត្ត។ បណ្ដាំរបស់ព្រះនឹងប្រៀបដូចជាសំឡេងមួយដែលប្រាប់យើងថា៖ «គឺផ្លូវនេះទេ ចូរដើរតាមនេះវិញ»។ បណ្ដាំរបស់លោកនឹងព្រមានយើងពេលយើងវង្វេងចេញពីផ្លូវ ដោយបែរទៅខាងស្ដាំឬខាងឆ្វេង។ (អេ. ៣០:២១) យើងនឹងទទួលប្រយោជន៍ច្រើនពេលយើងស្ដាប់តាមព្រះយេហូវ៉ា។ (អេ. ៤៨:១៧) ជាឧទាហរណ៍ យើងនឹងមិនខ្មាសគេ ដោយសារត្រូវទទួលការកែតម្រង់ពីអ្នកឯទៀត។ ម្យ៉ាងទៀត យើងនឹងចូលកាន់តែជិតព្រះយេហូវ៉ា ដោយសារយើងទទួលស្គាល់ថាលោកកំពុងប្រព្រឹត្តទៅលើយើងដូចជាកូនជាទីស្រឡាញ់។—ហេ. ១២:៧
៨. ដូចបានចែងនៅយ៉ាកុប ១:២២-២៥ តើយើងអាចប្រើបណ្ដាំរបស់ព្រះដូចជាកញ្ចក់តាមរបៀបណា?
៨ បណ្ដាំរបស់ព្រះអាចប្រដូចទៅនឹងកញ្ចក់។ (សូមអាន យ៉ាកុប ១:២២-២៥) រាល់ព្រឹកមុនចេញពីផ្ទះ យើងភាគច្រើនឆ្លុះកញ្ចក់ដើម្បីដឹងថាយើងស្អាតគ្រប់ជ្រុងជ្រោយហើយឬនៅ។ យ៉ាងនេះ យើងអាចដឹងថា យើងត្រូវកែអ្វីខ្លះមុនជួបអ្នកឯទៀត។ ស្រដៀងគ្នាដែរ ពេលយើងអានគម្ពីរជារៀងរាល់ថ្ងៃ យើងនឹងឃើញរបៀបដែលយើងអាចកែតម្រង់ចិត្តគំនិត និងរបៀបគិតគូររបស់យើង។ បងប្អូនជាច្រើនទទួលប្រយោជន៍ពីការអានបទគម្ពីរប្រចាំថ្ងៃរាល់ព្រឹកមុនពួកគេចេញទៅក្រៅ។ ពួកគេឲ្យអ្វីដែលពួកគេអានមានឥទ្ធិពលលើគំនិតរបស់ពួកគេ។ ក្រោយមកពេញមួយថ្ងៃនោះ ពួកគេរកឱកាសធ្វើតាមយោបល់ពីបណ្ដាំរបស់ព្រះ។ បន្ថែមទៅទៀត យើងត្រូវមានទម្លាប់សិក្សាគម្ពីរ ដែលរួមបញ្ចូលការអាននិងរំពឹងគិតអំពីបណ្ដាំរបស់ព្រះជារៀងរាល់ថ្ងៃ។ ការធ្វើដូច្នេះប្រហែលជាស្ដាប់ទៅស្រួល ប៉ុន្តែនេះគឺជាអ្វីដ៏សំខាន់បំផុតមួយដែលយើងអាចធ្វើ ដើម្បីជួយយើងឲ្យបន្តនៅលើផ្លូវចង្អៀតដែលនាំទៅដល់ជីវិត។
ចូរស្ដាប់មិត្តភក្ដិដែលមានភាពចាស់ទុំ
៩. ហេតុអ្វីមិត្តភក្ដិប្រហែលជាត្រូវកែតម្រង់អ្នក?
៩ តើអ្នកធ្លាប់ចាប់ផ្ដើមដើរតាមផ្លូវដែលនាំឲ្យអ្នកវង្វេងចេញពីព្រះយេហូវ៉ាឬទេ? (ទំនុក. ៧៣:២, ៣) បើមិត្តភក្ដិដែលមានភាពចាស់ទុំ មានចិត្តក្លាហានកែតម្រង់អ្នក តើអ្នកបានស្ដាប់គាត់នៅពេលនោះ ហើយធ្វើតាមយោបល់របស់គាត់ឬទេ? បើអ្នកបានធ្វើដូច្នេះ អ្នកបានធ្វើអ្វីដែលត្រឹមត្រូវ ហើយអ្នកទំនងជាសប្បាយចិត្តដែលមិត្តភក្ដិបានព្រមានអ្នក។—សុភ. ១:៥
១០. តើអ្នកគួរប្រព្រឹត្តយ៉ាងណាបើមិត្តកែតម្រង់អ្នក?
១០ បណ្ដាំរបស់ព្រះរំលឹកយើងថា៖ «របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់»។ (សុភ. ២៧:៦) តើនេះមានន័យយ៉ាងណា? សូមគិតអំពីឧទាហរណ៍មួយ៖ ឧបមាថា អ្នកកំពុងរង់ចាំឆ្លងផ្លូវដ៏មមាញឹកមួយ ហើយអ្នកចាប់ផ្ដើមមើលទូរស័ព្ទ។ បន្ទាប់មក អ្នកដើរឆ្លងផ្លូវ ដោយមិនមើលទៅមុខ។ ពេលនោះមិត្តភក្ដិចាប់ដៃរបស់អ្នក ហើយទាញអ្នកទៅចិញ្ចើមផ្លូវ។ គាត់ចាប់ដៃអ្នកខ្លាំងដល់ម្ល៉េះបានជាដៃរបស់អ្នកជាំ។ ប៉ុន្តែ ការប្រព្រឹត្តដ៏រហ័សរបស់គាត់សង្គ្រោះអ្នកមិនឲ្យឡានបុក។ ទោះជាគាត់ចាប់ដៃរបស់អ្នកឡើងជាំ ហើយនោះធ្វើឲ្យអ្នកឈឺចាប់អស់ប៉ុន្មានថ្ងៃក្ដី តើអ្នកនឹងខឹងដោយសារគាត់ធ្វើដូច្នេះឬទេ? ច្បាស់ជាមិនមែនទេ! អ្នកនឹងដឹងគុណគាត់ដែលគាត់បានជួយអ្នក។ ស្រដៀងគ្នាដែរ បើមិត្តភក្ដិព្រមានអ្នកថា ពាក្យសម្ដីឬការប្រព្រឹត្តរបស់អ្នកមិនសមស្របតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះ នៅដើមដំបូងអ្នកប្រហែលជាឈឺចិត្ត។ ប៉ុន្តែ សូមកុំខឹងឬទើសចិត្តដោយសារគាត់បានឲ្យឱវាទអ្នក។ នោះគឺមិនឈ្លាសវៃទេ។ (សាស្ដ. ៧:៩) ផ្ទុយទៅវិញ ចូរដឹងគុណមិត្តភក្ដិរបស់អ្នកដែលគាត់ហ៊ាននិយាយប្រាប់អ្នក។
១១. ហេតុអ្វីបុគ្គលម្នាក់ប្រហែលជាមិនព្រមទទួលឱវាទល្អពីមិត្តភក្ដិ?
១១ ហេតុអ្វីបុគ្គលម្នាក់ប្រហែលជាមិនព្រមទទួលឱវាទល្អពីមិត្តដែលស្រឡាញ់គាត់? គឺដោយសារអំណួត។ មនុស្សដែលមានអំណួតចូលចិត្ត«ឮអ្វីដែលពួកគេពេញចិត្តស្ដាប់»។ ពួកគេ«ឈប់ស្ដាប់សេចក្ដីពិត»។ (២ធី. ៤:៣, ៤) ពួកគេគិតថាពួកគេមិនត្រូវការយោបល់ ដោយសារពួកគេគិតថាពួកគេមានប្រាជ្ញាជាង ឬសំខាន់ជាងអ្នកឯទៀត។ ក៏ប៉ុន្តែ សាវ័កប៉ូលបានសរសេរថា៖ «ប្រសិនបើអ្នកណាគិតថាខ្លួនសំខាន់ តែតាមពិតខ្លួនមិនមែនជាអ្វីសោះ អ្នកនោះកំពុងបញ្ឆោតខ្លួនហើយ»។ (កាឡ. ៦:៣) ស្ដេចសាឡូម៉ូនបានពន្យល់យ៉ាងច្បាស់អំពីរឿងនេះ។ គាត់បានសរសេរថា៖ «មនុស្សកំឡោះដែលទាល់ក្រតែមានប្រាជ្ញា នោះវិសេសជាងស្ដេចដែលចាស់ជរា ហើយល្ងីល្ងើ ជាស្ដេចដែលមិនព្រមទទួលសេចក្ដីដាស់តឿនទៀត»។—សាស្ដ. ៤:១៣
១២. តើយើងរៀនអ្វីពីគំរូរបស់សាវ័កពេត្រុសដែលបានត្រូវកត់ទុកនៅកាឡាទី ២:១១-១៤?
១២ សូមគិតអំពីគំរូរបស់សាវ័កពេត្រុសពេលសាវ័កប៉ូលបានកែតម្រង់គាត់នៅមុខអ្នកឯទៀត។ (សូមអាន កាឡាទី ២:១១-១៤) ពេត្រុសអាចទើសចិត្តចំពោះការកែតម្រង់ពីប៉ូល ដោយផ្ដោតអារម្មណ៍ទៅលើរបៀបដែលប៉ូលនិយាយ និងទីកន្លែងដែលគាត់និយាយ។ ប៉ុន្តែ ពេត្រុសមានប្រាជ្ញា។ គាត់ព្រមទទួលយោបល់ ហើយមិនប្រកាន់ទោសនឹងប៉ូលទេ។ ផ្ទុយទៅវិញ ក្រោយមកគាត់បានហៅប៉ូលថា៖ «បងប្រុសជាទីស្រឡាញ់»។—២ពេ. ៣:១៥
១៣. តើយើងគួរគិតអំពីចំណុចអ្វីខ្លះពេលឲ្យយោបល់អ្នកឯទៀត?
១៣ បើអ្នកមានអារម្មណ៍ថាអ្នកត្រូវឲ្យយោបល់ទៅមិត្តភក្ដិ តើអ្នកគួរចាំចំណុចអ្វីខ្លះ? មុនអ្នកទៅជួបមិត្តភក្ដិរបស់អ្នក សូមសួរខ្លួនអ្នកថា ‹តើខ្ញុំជា«មនុស្សសុចរិតហួសល្បត់»ឬទេ?›។ (សាស្ដ. ៧:១៦) បុគ្គលដែលសុចរិតហួសល្បត់វិនិច្ឆ័យអ្នកឯទៀតតាមខ្នាតតម្រារបស់ខ្លួន មិនមែនតាមខ្នាតតម្រារបស់ព្រះ យេហូវ៉ាទេ ហើយគាត់ទំនងជាមិនសូវមានសេចក្ដីមេត្តាករុណាឡើយ។ បើអ្នកបានគិតយ៉ាងយកចិត្តទុកដាក់អំពីមូលហេតុដែលអ្នកចង់ឲ្យយោបល់ដល់មិត្ត ហើយអ្នកមានអារម្មណ៍ថាអ្នកនៅតែត្រូវធ្វើ សូមប្រាប់គាត់ថាគាត់បានធ្វើខុសអ្វី ហើយសួរសំណួរដើម្បីជួយគាត់ឲ្យយល់ថាអ្វីដែលគាត់បានធ្វើគឺខុស។ សូមធ្វើឲ្យប្រាកដថាអ្វីដែលអ្នកនិយាយមានមូលដ្ឋានលើបទគម្ពីរ ដោយចាំថាមិត្តជាអ្នកទទួលខុសត្រូវចំពោះព្រះយេហូវ៉ា មិនមែនចំពោះអ្នកទេ។ (រ៉ូម ១៤:១០) ចូរពឹងផ្អែកលើប្រាជ្ញាពីបណ្ដាំរបស់ព្រះ ហើយពេលឲ្យយោបល់ដល់បុគ្គលណាម្នាក់ សូមមានចិត្តមេត្តាករុណាដូចលោកយេស៊ូ។ (សុភ. ៣:៥; ម៉ាថ. ១២:២០) ហេតុអ្វី? ពីព្រោះព្រះយេហូវ៉ានឹងប្រព្រឹត្តចំពោះយើង ដូចដែលយើងប្រព្រឹត្តចំពោះអ្នកឯទៀត។—យ៉ា. ២:១៣
ចូរធ្វើតាមការណែនាំពីអង្គការព្រះ
១៤. តើអង្គការរបស់ព្រះផ្ដល់អ្វីខ្លះឲ្យយើង?
១៤ ព្រះយេហូវ៉ាណែនាំយើងឲ្យដើរនៅលើផ្លូវដែលនាំទៅដល់ជីវិត តាមរយៈអង្គការរបស់លោកផ្នែកនៅផែនដី ដោយផ្ដល់វីដេអូ សៀវភៅផ្សេងៗ និងកិច្ចប្រជុំដែលជួយយើងទាំងអស់គ្នាឲ្យធ្វើតាមយោបល់ពីបណ្ដាំរបស់ព្រះ។ ព័ត៌មាននេះគួរឲ្យទុកចិត្តដោយសារមានមូលដ្ឋានលើបទគម្ពីរ។ ពេលសម្រេចចិត្តអំពីរបៀបដែលកិច្ចការផ្សព្វផ្សាយអាចធ្វើឡើងឲ្យបានល្អបំផុត គណៈអភិបាលពឹងផ្អែកលើសកម្មពលបរិសុទ្ធ។ ទោះជាយ៉ាងនោះក៏ដោយ គណៈអភិបាលពិនិត្យមើលឡើងវិញជារឿយៗអំពីការសម្រេចចិត្ត ស្ដីអំពីរបៀបដែលកិច្ចការនោះបានត្រូវរៀបចំ។ ហេតុអ្វី? ពីព្រោះ«ស្ថានភាពពិភពលោកកំពុងប្រែប្រួល» ហើយអង្គការរបស់ព្រះត្រូវសម្របតាមស្ថានភាពថ្មី។—១កូ. ៧:៣១
១៥. តើអ្នកផ្សាយខ្លះជួបការពិបាកអ្វី?
១៥ ពេលអង្គការរបស់ព្រះផ្ដល់ឲ្យយើងនូវការពន្យល់ថ្មីស្ដីអំពីសេចក្ដីបង្រៀនពីគម្ពីរ ឬឲ្យយើងការណែនាំអំពីខ្នាតតម្រាសីលធម៌ យើងទទួលយក ហើយធ្វើតាម។ ប៉ុន្តែ តើយើងមានប្រតិកម្មយ៉ាងណាពេលអង្គការរបស់ព្រះធ្វើការផ្លាស់ប្ដូរផ្សេងទៀតដែលមានឥទ្ធិពលលើជីវិតរបស់យើង? ជាឧទាហរណ៍ ប៉ុន្មានឆ្នាំកន្លងមកនេះ តម្លៃនៃការសាងសង់និងការថែទាំកន្លែងគោរពប្រណិប័តន៍ បានឡើងថ្លៃណាស់។ ដូច្នេះ គណៈអភិបាលបានណែនាំឲ្យក្រុមជំនុំច្រើនបំផុតប្រើសាលប្រជុំមួយ។ ជាលទ្ធផលក្រុមជំនុំផ្សេងៗបានត្រូវបញ្ចូលគ្នា ហើយសាលប្រជុំខ្លះបានត្រូវលក់។ លុយសន្សំពីនោះបានត្រូវប្រើដើម្បីជួយសង់សាលប្រជុំនៅតំបន់ដែលមានសេចក្ដីត្រូវការច្រើនជាងគេ។ បើអ្នករស់នៅតំបន់ដែលសាលប្រជុំបានត្រូវលក់ ហើយក្រុមជំនុំបានត្រូវបញ្ចូលគ្នា អ្នកប្រហែលជាពិបាកសម្របខ្លួនទៅតាមស្ថានភាពថ្មី។ ឥឡូវអ្នកផ្សាយខ្លះ ត្រូវធ្វើដំណើរឆ្ងាយជាងដើម្បីចូលរួមកិច្ចប្រជុំ។ អ្នកឯទៀតដែលបានខំប្រឹងសាងសង់ឬថែទាំសាលប្រជុំប្រហែលជាឆ្ងល់ថា
ហេតុអ្វីឥឡូវសាលប្រជុំនោះបានត្រូវលក់។ ពួកគេប្រហែលជាមានអារម្មណ៍ថាពេលវេលានិងការខំប្រឹងរបស់ពួកគេគឺឥតប្រយោជន៍។ ទោះជាយ៉ាងនោះក្ដី ពួកគេទទួលយកការរៀបចំថ្មីនេះ ហើយនេះជាអ្វីដែលគួរឲ្យសរសើរ។១៦. តើការធ្វើតាមយោបល់នៅកូឡុស ៣:២៣, ២៤នឹងជួយយើងយ៉ាងណាឲ្យរក្សាអំណរ?
១៦ យើងនឹងរក្សាអំណរ បើយើងចាំថាអ្វីដែលយើងធ្វើគឺដើម្បីព្រះយេហូវ៉ា ហើយថាលោកកំពុងដឹកនាំអង្គការរបស់លោក។ (សូមអាន កូឡុស ៣:២៣, ២៤) ស្ដេចដាវីឌបានទុកគំរូល្អពេលធ្វើវិភាគទានដើម្បីសាងសង់វិហារ។ គាត់និយាយថា៖ «តើទូលបង្គំជាអ្វី ហើយរាស្ដ្ររបស់ទូលបង្គំនេះជាអ្វី ដែលយើងខ្ញុំរាល់គ្នាអាចនឹងថ្វាយដង្វាយយ៉ាងនេះដោយស្ម័គ្រពីចិត្តបាន? ដ្បិតគ្រប់របស់ទាំងអស់មកពីទ្រង់។ យើងខ្ញុំរាល់គ្នាបានយកតែពីព្រះហស្តទ្រង់ ថ្វាយដល់ទ្រង់វិញ»។ (១រប. ២៩:១៤) ពេលយើងធ្វើវិភាគទាន យើងក៏កំពុងឲ្យព្រះយេហូវ៉ានូវអ្វីដែលមកពីលោក។ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ាឲ្យតម្លៃចំពោះពេលវេលា កម្លាំង និងធនធានដែលយើងឲ្យដើម្បីគាំទ្រកិច្ចការដែលលោកចង់សម្រេច។—២កូ. ៩:៧
ចូរបន្តដើរនៅលើផ្លូវចង្អៀត
១៧. ហេតុអ្វីអ្នកមិនគួរធ្លាក់ទឹកចិត្តបើអ្នកត្រូវកែតម្រង់ខ្លួន?
១៧ ដើម្បីបន្តនៅលើផ្លូវចង្អៀតដែលនាំទៅឯជីវិត យើងទាំងអស់គ្នាត្រូវដើរតាមលំអានដានរបស់លោកយេស៊ូឲ្យបានដិតដល់។ (១ពេ. ២:២១) បើមើលទៅអ្នកត្រូវកែតម្រង់ខ្លួន សូមកុំធ្លាក់ទឹកចិត្តឡើយ។ នេះប្រហែលជាល្អ ដោយសារនេះបង្ហាញថាអ្នកចង់ធ្វើតាមការណែនាំរបស់ព្រះយេហូវ៉ា។ សូមចាំថាព្រះយេហូវ៉ាដឹងថាយើងជាមនុស្សមិនល្អឥតខ្ចោះ។ ដូច្នេះ លោកមិនតម្រូវឲ្យយើងធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងល្អឥតខ្ចោះទេ។
១៨. តើយើងត្រូវធ្វើអ្វីដើម្បីទៅដល់ទិសដៅរបស់យើង?
១៨ សូមយើងទាំងអស់គ្នាផ្ដោតអារម្មណ៍ទៅលើថ្ងៃអនាគត ហើយសុខចិត្តកែប្រែរបៀបគិតគូរ ចិត្តគំនិត និងការប្រព្រឹត្តរបស់យើង។ (សុភ. ៤:២៥; លូក. ៩:៦២) សូមយើងរក្សាចិត្តរាបទាប «បន្តអរសប្បាយ [និង]កែតម្រង់ខ្លួន»។ (២កូ. ១៣:១១) បើយើងធ្វើដូច្នេះ «ព្រះនៃសេចក្ដីស្រឡាញ់និងសន្តិភាព នឹងនៅជាមួយនឹង[យើង]» ហើយយើងនឹងមិនគ្រាន់តែទៅដល់ទិសដៅរបស់យើងប៉ុណ្ណោះទេ តែយើងក៏នឹងសប្បាយក្នុងការធ្វើដំណើរដែរ។
ចម្រៀងលេខ៣៤ ចូររក្សាចិត្តស្មោះគ្រប់លក្ខណៈជានិច្ច
^ វគ្គ 5 អ្នកខ្លះប្រហែលជាពិបាកផ្លាស់ប្ដូររបៀបគិតគូរ ចិត្តគំនិត និងការប្រព្រឹត្ត។ អត្ថបទនេះនឹងពន្យល់អំពីមូលហេតុដែលយើងទាំងអស់គ្នាត្រូវកែតម្រង់ខ្លួន និងរបៀបដែលយើងអាចរក្សាអំណរពេលធ្វើដូច្នេះ។
^ វគ្គ 76 ការពណ៌នាអំពីរូបភាព: កាលដែលបងប្រុសម្នាក់រៀបរាប់អំពីលទ្ធផលនៃការសម្រេចចិត្តមិនល្អ បងប្រុសដែលមានវ័យចាស់ជាង(នៅខាងស្ដាំ) ស្ដាប់ដោយស្ងប់អារម្មណ៍ ដើម្បីដឹងថាគាត់ត្រូវឲ្យយោបល់ឬយ៉ាងណា។