បងប្អូនដែលត្រឡប់ទៅស្រុកកំណើតវិញទទួលពរជាបរិបូរ
បងប្អូនជាច្រើនដែលធ្លាប់ចំណាកស្រុកទៅប្រទេសអ្នកមាន ក្រោយមកបានត្រឡប់ទៅស្រុកកំណើតវិញ។ ហេតុអ្វីពួកគេបានធ្វើដូច្នេះ? សេចក្ដីស្រឡាញ់ចំពោះព្រះនិងមនុស្ស បានជំរុញចិត្តពួកគេឲ្យរើទៅតំបន់ដែលត្រូវការអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រច្រើនជាង។ (ម៉ាថ. ២២:៣៧-៣៩) តើពួកគេបានលះបង់អ្វី ហើយតើពួកគេបានទទួលពរអ្វីខ្លះ? ដើម្បីដឹងចម្លើយ សូមយើងគិតអំពីបទពិសោធន៍របស់បងប្អូនខ្លះនៅប្រទេសកាមេរូន នាទ្វីបអាហ្វ្រិកភាគខាងលិច។
«កន្លែងដ៏ស័ក្ដិសមដើម្បី‹នេសាទមនុស្ស›»
នៅឆ្នាំ១៩៩៨ បងប្រុសម្នាក់ឈ្មោះអូណេស៊ីមេបានចាកចេញពីប្រទេសកាមេរូន ដែលជាស្រុកកំណើតរបស់គាត់។ អស់១៤ឆ្នាំគាត់បានរស់នៅប្រទេសក្រៅ។ នៅថ្ងៃមួយនៅកិច្ចប្រជុំ គាត់បានឮឧទាហរណ៍មួយអំពីកិច្ចបម្រើផ្សាយ។ អ្នកថ្លែងបាននិយាយថា៖ «បើមិត្តភក្ដិពីរនាក់នេសាទត្រីនៅកន្លែងផ្សេងពីគ្នា ហើយម្នាក់ចាប់ត្រីបានច្រើនជាងម្នាក់ទៀត មិត្តភក្ដិដែលចាប់ត្រីបានតិចនឹងរើទៅកន្លែងដែលអាចចាប់ត្រីបានច្រើនជាង មែនទេ?»។
ឧទាហរណ៍នោះបាននាំឲ្យបងអូណេស៊ីមេគិតអំពីការត្រឡប់ទៅប្រទេសកាមេរូនដើម្បីជួយអ្នកផ្សាយនៅទីនោះ ដោយសារនោះជាកន្លែងដែលមានមនុស្សជាច្រើនចង់រៀនគម្ពីរ។ ប៉ុន្តែ គាត់មានការព្រួយបារម្ភ។ តើគាត់អាចសម្របខ្លួនតាមការរស់នៅក្នុងស្រុកកំណើតរបស់គាត់ក្រោយពីគាត់រស់នៅប្រទេសក្រៅអស់ជាច្រើនឆ្នាំឬទេ? ដើម្បីដឹងថាគាត់អាចរស់នៅបានឬយ៉ាងណា បងអូណេស៊ីមេបានទៅលេងប្រទេសកាមេរូនអស់៦ខែសិន។ ក្រោយមកនៅឆ្នាំ២០១២ គាត់បានរើទៅរស់នៅប្រទេសនោះវិញ។
បងអូណេស៊ីមេរៀបរាប់ថា៖ «ខ្ញុំត្រូវស៊ាំនឹងអាកាសធាតុក្ដៅ និងរបៀបរស់នៅក្នុងប្រទេសនោះ។ នៅសាលប្រជុំ ខ្ញុំត្រូវស៊ាំអង្គុយនៅលើកៅអីឈើដែលពិបាកអង្គុយម្ដងទៀត»។ គាត់និយាយទាំងញញឹមថា៖ «ប៉ុន្តែ កាលដែលខ្ញុំកាន់តែផ្ចង់អារម្មណ៍ទៅលើកម្មវិធី ខ្ញុំកាន់តែអាចបំភ្លេចអនុស្សាវរីយ៍ដែលខ្ញុំធ្លាប់អង្គុយនៅលើកៅអីពូក»។
នៅឆ្នាំ២០១៣ បងអូណេស៊ីមេរៀបការជាមួយបងជេរោលឌីន ដែលបានត្រឡប់ទៅប្រទេសកាមេរូនវិញ ក្រោយពីរស់នៅប្រទេសបារាំងអស់៩ឆ្នាំ។ តើប្ដីប្រពន្ធនេះបានទទួលពរអ្វីខ្លះ ដោយសារពួកគេបានផ្ដោតអារម្មណ៍ទៅលើកិច្ចបម្រើព្រះ? បងអូណេស៊ីមេនិយាយថា៖ «យើងបានចូលរួមសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ និងបម្រើនៅបេតអែលជាមួយគ្នា»។ ក្នុងមួយឆ្នាំកន្លងទៅនេះ សិស្សគម្ពីរ២០នាក់ក្នុងក្រុមជំនុំរបស់យើងបានទទួលការជ្រមុជទឹក។ ខ្ញុំមានអារម្មណ៍ថា ឥឡូវនេះខ្ញុំនៅកន្លែងដ៏ស័ក្ដិសមដើម្បី‹នេសាទមនុស្ស›»។ (ម៉ាក. ១:១៧, ១៨) បងជេរោលឌីនបន្ថែមថា៖ «ខ្ញុំបានទទួលពរច្រើនហួសពីការនឹកស្មាន»។
អំណរដែលមកពីការរកឃើញកូនៗក្នុងសេចក្ដីពិត
បងស្រីជូឌិតបានរើទៅសហរដ្ឋអាម៉េរិក ប៉ុន្តែគាត់ចង់បង្កើនកិច្ចបម្រើផ្សាយរបស់គាត់។ គាត់និយាយថា៖ «រាល់ដងដែលខ្ញុំទៅលេងក្រុមគ្រួសារនៅប្រទេសកាមេរូន ហើយហៀបនឹងត្រឡប់ទៅអាម៉េរិកវិញ ខ្ញុំយំដោយសារខ្ញុំត្រូវចាកចេញពីបុគ្គលមួយចំនួនដែលខ្ញុំចាប់ផ្ដើមបង្រៀនគម្ពីរ»។ ក៏ប៉ុន្តែបងជូឌិតស្ទាក់ស្ទើរត្រឡប់ទៅប្រទេសកាមេរូនវិញ។ គាត់មានការងារដែលមានប្រាក់ខែខ្ពស់ ហើយអាចឲ្យគាត់បង់ថ្លៃព្យាបាលដែលឪពុកគាត់ត្រូវការនៅប្រទេសកាមេរូន។ ប៉ុន្តែបងជូឌិតបានទុកចិត្តព្រះយេហូវ៉ា
ហើយរើទៅកាមេរូនវិញ។ គាត់សារភាពថា គាត់នឹកភាពស្រណុកសុខស្រួលខ្លះដែលគាត់ធ្លាប់មាន កាលដែលរស់នៅប្រទេសក្រៅ។ គាត់បានអធិដ្ឋានទៅព្រះយេហូវ៉ាឲ្យជួយគាត់ចេះសម្របខ្លួន ហើយគាត់ក៏បានទទួលការលើកទឹកចិត្តពីអ្នកត្រួតពិនិត្យប្រចាំមណ្ឌលនិងប្រពន្ធរបស់គាត់។បងជូឌិតនិយាយថា៖ «ក្នុងអំឡុងបីឆ្នាំ ខ្ញុំមានអំណរ ដោយសារខ្ញុំបានរកឃើញកូនបួននាក់ក្នុងសេចក្ដីពិត»។ ក្រោយមកបងជូឌិតបានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពិសេស។ សព្វថ្ងៃនេះ គាត់បម្រើជាមួយប្ដីគាត់ឈ្មោះសេមកាស្តិល ក្នុងកិច្ចការត្រួតពិនិត្យមណ្ឌល។ ប៉ុន្តែ តើអ្វីកើតឡើងចំពោះឪពុករបស់បងជូឌិត? បងជូឌិតនិងក្រុមគ្រួសាររបស់គាត់បានរកឃើញមន្ទីរពេទ្យមួយនៅប្រទេសក្រៅដែលសុខចិត្តវះកាត់ឪពុករបស់គាត់ដោយឥតបង់ថ្លៃ។ គួរឲ្យសប្បាយណាស់ ការវះកាត់នោះបានជោគជ័យ។
ពួកគេបានទទួលការគាំទ្រពីព្រះយេហូវ៉ា
បងប្រុសម្នាក់ឈ្មោះវីកទ័របានរើទៅប្រទេសកាណាដា។ ក្រោយពីគាត់បានអានអត្ថបទមួយក្នុងទស្សនាវដ្ដីប៉មយាមអំពីការរៀននៅសកលវិទ្យាល័យ គាត់បានគិតអំពីការអប់រំរបស់គាត់។ គាត់បានឈប់រៀននៅសកលវិទ្យាល័យ ហើយចាប់ផ្ដើមរៀនជំនាញវគ្គខ្លីវិញ។ គាត់និយាយថា៖ «នោះអាចឲ្យខ្ញុំទទួលបានការងារលឿនជាង ហើយធ្វើអ្វីដែលខ្ញុំចង់ធ្វើយូរមកហើយ គឺធ្វើជាអ្នកត្រួសត្រាយ»។ ក្រោយមក បងវីកទ័របានរៀបការជាមួយនឹងបងការ៉ូលេន ហើយពួកគាត់បានទៅលេងប្រទេសកាមេរូន។ ពេលនៅទីនោះ ពួកគាត់បានទៅលេងការិយាល័យសាខា ហើយបានទទួលការលើកទឹកចិត្តឲ្យគិតអំពីការបម្រើនៅប្រទេសកាមេរូន។ បងវីកទ័រនិយាយថា៖ «យើងគ្មានហេតុថាអត់ទៅទេ ហើយដោយសារយើងបានរក្សាជីវិតឲ្យសាមញ្ញ យើងអាចទៅបាន»។ ទោះជាបងការ៉ូលេនមានបញ្ហាសុខភាពខ្លះៗក្ដី ពួកគាត់បានសម្រេចចិត្តរើទៅប្រទេសកាមេរូន។
បងវីកទ័រនិងបងការ៉ូលេនចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេលដើម្បីជួយមនុស្សជាច្រើនដែលចាប់អារម្មណ៍រៀនគម្ពីរក្នុងតំបន់ផ្សាយ។ អស់មួយរយៈពេល ពួកគាត់មិនចាំបាច់ធ្វើការទេ ដោយសារពួកគាត់ប្រើលុយដែលពួកគាត់បានសន្សំ។ ក្រោយមក ពួកគាត់បានទៅធ្វើការនៅប្រទេសកាណាដាអស់ប៉ុន្មានខែ។ ដូច្នេះ ពួកគាត់អាចត្រឡប់ទៅប្រទេសកាមេរូនវិញ ហើយបន្តត្រួសត្រាយ។ តើពួកគាត់បានទទួលពរអ្វីខ្លះ? ពួកគាត់បានចូលរួមសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ បម្រើជាអ្នកត្រួសត្រាយពិសេស ហើយឥឡូវជាអ្នកបម្រើផ្នែកសាងសង់។ បងវីកទ័រនិយាយថា៖ «ការលះចោលជីវិតសុខស្រួល នាំឲ្យយើងទទួលការគាំទ្រពីព្រះយេហូវ៉ា»។
អំណរដែលមកពីការជួយមនុស្សឲ្យប្រគល់ខ្លួនជូនព្រះយេហូវ៉ា
នៅឆ្នាំ២០០២ បងប្រុសអាឡេនដែលជានិស្សិតនៅសកលវិទ្យាល័យមួយនាប្រទេសអាល្លឺម៉ង់ បានអានខិត្តប័ណ្ណមួយដែលមានចំណងជើងថា ប្អូនៗយុវវ័យ! តើអ្នកមានបំណងអ្វីចំពោះជីវិតរបស់អ្នក? ព័ត៌មានក្នុងខិត្តប័ណ្ណនោះបានជំរុញចិត្តគាត់ឲ្យមានគោលដៅថ្មី។ នៅឆ្នាំ២០០៦ គាត់បានចូលសាលាបង្ហាត់ខាងកិច្ចបម្រើ ហើយបានត្រូវចាត់ឲ្យបម្រើនៅប្រទេសកាមេរូនដែលជាស្រុកកំណើតរបស់គាត់។
នៅប្រទេសកាមេរូន បងអាឡេនបានរកឃើញការងារមិនពេញពេល។ ក្រោយមក គាត់បានរកឃើញការងារដែលមានប្រាក់ខែខ្ពស់ជាង ប៉ុន្តែគាត់បារម្ភថានោះនឹងនាំឲ្យគាត់ផ្សព្វផ្សាយមិនបានច្រើន។ ដូច្នេះ ពេលគាត់បានត្រូវអញ្ជើញឲ្យបម្រើជាអ្នកត្រួសត្រាយពិសេស គាត់បានយល់ព្រមដោយមិនស្ទាក់ស្ទើរ។ ថៅកែរបស់គាត់បានស្នើឲ្យគាត់នូវប្រាក់ខែខ្ពស់ជាង ប៉ុន្តែបងអាឡេនមិនផ្លាស់ប្ដូរការសម្រេចចិត្តរបស់គាត់ធ្វើជាអ្នកត្រួសត្រាយពិសេសទេ។ ក្រោយមក បងអាឡេនបានរៀបការជាមួយបងស្តេហ្វានី ដែលបានរស់នៅប្រទេសបារាំងអស់ប៉ុន្មានឆ្នាំ។ តើបងស្តេហ្វានីមានការពិបាកអ្វីខ្លះបន្ទាប់ពីរើទៅប្រទេសកាមេរូន?
បងស្តេហ្វានីនិយាយថា៖ «ខ្ញុំចាប់ផ្ដើមមានអាល្លែកហ្ស៊ី និងបញ្ហាសុខភាពតិចតួច តែខ្ញុំបានទទួលការព្យាបាលជារឿយៗ ហើយធូរស្បើយជាង»។ ពួកគាត់បានទទួលពរចំពោះការស៊ូទ្រាំ
របស់ពួកគាត់។ បងអាឡេននិយាយថា៖ «ពេលយើងបានទៅផ្សព្វផ្សាយនៅខតេ ដែលជាភូមិដាច់ស្រយាលមួយ យើងបានជួបបុគ្គលមួយចំនួនដែលចង់រៀនគម្ពីរ។ ក្រោយមក យើងអាចសិក្សាគម្ពីរជាមួយពួកគេតាមទូរស័ព្ទ។ សិស្សគម្ពីរពីរនាក់ក្នុងចំណោមពួកគេបានទទួលការជ្រមុជទឹក ហើយមានអ្នកផ្សព្វផ្សាយថ្មីមួយក្រុមនៅទីនោះ»។ បងស្តេហ្វានីបន្ថែមថា៖ «គ្មានអ្វីអរសប្បាយជាងការជួយមនុស្សរហូតដល់ពួកគេប្រគល់ខ្លួនជូនព្រះយេហូវ៉ាទេ។ ដោយសារយើងបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការ យើងបានទទួលអំណរនេះជាច្រើនដង»។ សព្វថ្ងៃនេះ បងអាឡេននិងបងស្តេហ្វានីបម្រើក្នុងកិច្ចការត្រួតពិនិត្យមណ្ឌល។«យើងបានធ្វើអ្វីដែលយើងត្រូវតែធ្វើ»
បងស្រីជីសេលបានទទួលការជ្រមុជទឹកកាលដែលគាត់រៀននៅសាលាពេទ្យ នាប្រទេសអ៊ីតាលី។ គាត់រៀនគម្ពីរជាមួយប្ដីប្រពន្ធមួយគូដែលជាអ្នកត្រួសត្រាយ ហើយគាត់កោតស្ងើចចំពោះជីវិតសាមញ្ញរបស់ពួកគេ។ នេះជំរុញចិត្តគាត់ឲ្យចង់ផ្សព្វផ្សាយច្រើនជាង។ ដូច្នេះ កាលដែលបងជីសេលជិតរៀនចប់ គាត់បានចាប់ផ្ដើមបម្រើជាអ្នកត្រួសត្រាយពេញពេល។
បងជីសេលចង់ត្រឡប់ទៅប្រទេសកាមេរូនវិញដើម្បីបម្រើព្រះយេហូវ៉ាឲ្យបានច្រើនជាង ប៉ុន្តែគាត់មានការព្រួយបារម្ភ។ គាត់និយាយថា៖ «ខ្ញុំត្រូវលះចោលសិទ្ធិរស់នៅ នៅប្រទេសអ៊ីតាលី ហើយត្រូវបែកពីមិត្តភក្ដិនិងក្រុមគ្រួសារដែលរស់នៅប្រទេសអ៊ីតាលី»។ ទោះជាយ៉ាងនោះក៏ដោយ នៅខែឧសភា ឆ្នាំ២០១៦ បងជីសេលបានរើទៅប្រទេសកាមេរូនវិញ។ មួយរយៈពេលក្រោយមក គាត់បានរៀបការជាមួយនឹងបងប្រុសឡេអន់ ហើយការិយាល័យសាខានៅប្រទេសកាមេរូនបានឲ្យយោបល់ដល់ប្ដីប្រពន្ធនោះរើទៅក្រុងអេយ៉ូស ជាក្រុងតូចមួយដែលត្រូវការអ្នកផ្សាយអំពីរាជាណាចក្រច្រើន។
តើជីវិតនៅក្រុងអេយ៉ូសមានសភាពបែបណា? បងជីសេលនិយាយថា៖ «នៅទីនោះច្រើនតែដាច់ភ្លើងអស់ជាច្រើនសប្ដាហ៍ ហើយយើងគ្មានអគ្គិសនីដើម្បីបញ្ចូលថ្មទូរស័ព្ទទេ។ ភាគច្រើន ទូរស័ព្ទយើងមិនសូវដំណើរការ។ ខ្ញុំរៀនចម្អិនម្ហូបដោយប្រើអុស ហើយយប់ឡើង ពេលដែលមិនសូវមានមនុស្ស យើងយកពិលនិងរទេះរុញដើម្បីទៅដងទឹក»។ តើអ្វីធ្វើឲ្យប្ដីប្រពន្ធនោះអាចស៊ូទ្រាំ? បងជីសេលនិយាយថា៖ «សកម្មពលរបស់ព្រះយេហូវ៉ា ការគាំទ្រពីគូអាពាហ៍ពិពាហ៍ និងការលើកទឹកចិត្ត ហើយជួនកាលជំនួយថវិកាពីក្រុមគ្រួសារនិងមិត្តភក្ដិបានជួយយើង»។
តើបងជីសេលសប្បាយចិត្តដែលគាត់ទៅស្រុកកំណើតរបស់គាត់វិញឬទេ? គាត់និយាយថា៖ «ខ្ញុំមិនស្ដាយក្រោយទាល់តែសោះ។ ដំបូង យើងមានការពិបាកនិងធ្លាក់ទឹកចិត្តដែរ។ ប៉ុន្តែពេលយើងយកឈ្នះបញ្ហាទាំងនោះ ខ្ញុំនិងប្ដីខ្ញុំមានអារម្មណ៍ថាយើងបានធ្វើអ្វីដែលយើងត្រូវតែធ្វើ។ យើងទុកចិត្តព្រះយេហូវ៉ា ហើយមានអារម្មណ៍ជិតស្និទ្ធជាងជាមួយលោក»។ បងឡេអន់ និងបងជីសេលបានចូលសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ ហើយឥឡូវពួកគាត់បម្រើជាអ្នកត្រួសត្រាយពិសេសបណ្ដោះអាសន្ន។
ដូចអ្នកនេសាទត្រីដែលបង្ហាញចិត្តក្លាហានដើម្បីចាប់ត្រីបានច្រើន ទោះជាពួកគេមានការពិបាកក្ដី បងប្អូនដែលត្រឡប់ទៅស្រុកកំណើតវិញ សុខចិត្តធ្វើការលះបង់ដើម្បីជួយមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវដែលស្ដាប់ដំណឹងអំពីរាជាណាចក្រ។ ព្រះយេហូវ៉ាប្រាកដជានឹកចាំពួកអ្នកផ្សព្វផ្សាយដ៏ខ្នះខ្នែងទាំងនេះ ដែលបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះនាមរបស់លោក។ (នេហ. ៥:១៩; ហេ. ៦:១០) បើអ្នកកំពុងរស់នៅប្រទេសក្រៅ ហើយស្រុកកំណើតរបស់អ្នកត្រូវការអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រច្រើនជាង តើអ្នកអាចត្រឡប់ទៅវិញឬទេ? បើអ្នកទៅ អ្នកនឹងទទួលពរជាបរិបូរ។—សុភ. ១០:២២